-
យន្តហោះផ្ទុកមនុស្ស១៣៦នាក់ ធ្លាក់ចូលទន្លេពេលចុះចត តែពុំមានអ្នកស្លាប់

យន្ដហោះមួយគ្រឿងប្រភេទ Boeing 737 បានរអិលធ្លាក់ចូលទៅក្នុងទន្លេក្រោយពេលចុះចតនៅក្នុងទីក្រុង Jacksonville រដ្ឋហ្លររីដា កាលពីចុងសប្តាហ៍មុន។អាជ្ញាធរបានឲ្យដឹងថា យន្ដហោះនេះធ្វើដំណើរពីស្ថានីយ៍កងទព័ជើងទឹកក្នុងប្រទេសគុយបាជាមួយអ្នកដំណើរ ១៣៦នាក់និងបុគ្គលិក ៧នាក់។ យន្ដហោះបានចុះចតនៅម៉ោង ៩:៤០នាទីយប់ថ្ងៃសុក្រ ទី៣ ឧសភា ហើយក៏រអិលធ្លាក់ទៅក្នុងទន្លេហ្លររីដាតែម្ដង ប៉ុន្តែសំណាងល្អមិនមានអ្នកបាត់បង់ជីវិតនោះទេ។យ៉ាងណាមិញ មនុស្សចំនួន២០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដើម្បីព្យាបាលរបួស។ គួរបញ្ជាក់ថា នេះគឺជាលើកទីបីហើយដែលយន្ដហោះប្រភេទ Boeing 737-800 ជួបប្រទះបញ្ហាដែលបណ្ដាលឲ្យមានការពិភាក្សាយ៉ាងចម្រូងចម្រាស់ពីបញ្ហាបច្ចេកទេស ខណៈពេលដែលក្រុមហ៊ុន Boeing កំពុងបើកការស៊ើបអង្កេតបន្ដ៕
-
នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាឲ្យស៊ើបអង្កេត ករណីថ្លៃអគ្គិសនីឡើងថ្លៃខុសធម្មតា

ក្រុមមន្ត្រីជំនាញរបស់រដ្ឋាភិបាលវៀតណាមនឹងស៊ើបអង្កេត ករណីតម្លៃថាមពលអគ្គិសនីចុងក្រោយនេះ ដែលឡើងថ្លៃ៨,៣៦ភាគរយ ឬស្មើនឹងតម្លៃ១៨៦៤ដុង ឬ ៨,០៣សេនដុល្លារអាម៉េរិក ក្នុងមួយគីឡូវាត់ម៉ោង ចាប់តាំងពីថ្ងៃទី២០ មីនា ២០១៩ ពោលគឺក្រោយពេលមានក្តីកង្វល់ផ្ទុះចេញពីសាធារណជន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី៦ ឧសភា ២០១៩នេះ។យោងតាមឯកសារដែលត្រូវបានបញ្ជូនមកពីការិយាល័យរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក បានស្នើដល់ក្រុមអធិការកិច្ចចុះទៅធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ ឲ្យសិក្សាអំពីវិធីសាស្ត្រគណនាតម្លៃ លើវិកិយប័ត្រអគ្គិសនី ព្រមទាំងការប្រមូលថ្លៃប្រើប្រាស់ផងដែរ។ប្រភពថា ក្រុមអធិការកិច្ច និងរដ្ឋមន្ត្រី២រូបនេះ នឹងត្រូវបញ្ជាក់ឡើងវិញ ថាតើតម្លៃថាមពលអគ្គិសនីនេះឡើងថ្លៃត្រឹមត្រូវ ឬខុស ហើយធ្វើរបាយការណ៍ទៅឲ្យនាយករដ្ឋមន្ត្រីវិញ នាខែក្រោយ។ ចំណាត់ការនេះធ្វើឡើង ក្រោយពេលអ្នកប្រើប្រាស់ជាច្រើន បានរិះគន់អំពីការតម្លៃដែលឡើងថ្លៃ ឃើញមានក្នុងវិកិយបត្រ កាលពីខែមេសា៕ម.ន
-
មនុស្សស្លាប់ និងរបួសជិត៣០នាក់ ដោយសាររ៉ុក្កែតរាប់រយគ្រាប់ បាញ់ពីតំបន់ហ្កាហ្សា ចូលទឹកដីអ៊ីស្រាអែល

អ៊ីស្រាអែល៖ កងទ័ពអ៊ីស្រាអែលនិយាយថា គ្រាប់រ៉ុក្កែតជាង៦០០គ្រាប់ ត្រូវបានបាញ់ចូលក្នុងទឹកដីប្រទេសរបស់ខ្លួនចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក ស្របពេលដែលកងកម្លាំងអ៊ីស្រាអែលបានវាយប្រហារលើគោលដៅចំនួន៣២០ ដើម្បីជាការឆ្លើយតបវិញ។ នៅក្នុងថ្ងៃអាទិត្យម្សិលមិញនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហូ បាននិយាយថា លោកបានបញ្ជាឱ្យកងទ័ពបន្តការវាយប្រហារដ៏ខ្លាំងរបស់ខ្លួន លើក្រុមភេរវករនៅតំបន់ហ្កាហ្សា ហើយថា កងទ័ពរបស់ខ្លួននៅតំបន់នោះ នឹងបង្កើកម្លាំងជាមួយនឹងរថគ្រោះកាំភ្លើងធំ និងទាហានថ្មើរជើង។ បើតាមកងកម្លាំងអ៊ីស្រាអែល កងទ័ពការពារដែនអាកាសរបស់ខ្លួនបាញ់កម្ទេចគ្រាប់រ៉ុក្កែតច្រើនជាង១៥០គ្រាប់រហូតមកទល់ពេលនេះ ។ នៅក្នុងថ្ងៃអាទិត្យដដែលនេះ សហគមន៍អន្តរជាតិ រួមមានទំាងអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ ខណៈមានសេចក្តីរាយការណ៍កាលពីថ្ងៃអាទិត្យថា អង្គការសហប្រជាជាតិ ប្រទេសកាតា និងអេហ្ស៊ីបកំពុងព្យាយាមសម្របសម្រួលឱ្យមានបទឈប់បាញ់មួយ៕ម.ន
-
សហរដ្ឋអាម៉េរិក គ្រោងបញ្ជូនកងកម្លាំងនាវាផ្ទុកយន្ដហោះចម្បាំងទៅតំបន់មជ្ឈិមបូព៌ា

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក មានគម្រោងបញ្ជូនកងកម្លាំងនាវាផ្ទុកយន្ដហោះចម្បាំង និងកងអង្គភាពយន្ដហោះទម្លាក់គ្រាប់បែកទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលនេះ ជាសារព្រមានមួយផ្ញើជូនប្រទេសអ៊ីរ៉ង់ នេះបើតាមការបញ្ជាក់របស់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក John Bolton។ បច្ចុប្បន្នទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់បានជួបភាពតានតឹងយ៉ាងខ្លាំង ក្រោយសហរដ្ឋអាម៉េរិកចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាអង្គការភេរវកម្ម និងព្រមានបិទខ្ទប់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ផងដែរ ខណៈទីក្រុងតេហេរ៉ង់បានអះអាងថា នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីការពារជាតិ និងផលប្រយោជន៍របស់ខ្លួន ប្រឈមមុខនឹងមុខនឹងការគំរាមកំហែងពីទីក្រុងវ៉ាស៊ីនតោន។នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ លោក បូលតុន បានកត់សម្គាល់ទៀតថា សហរដ្ឋអាម៉េរិកមិនមែនកំពុងចង់ធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់នោះទេ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបដោយកម្លាំងយោធា បើសិនជាទីក្រុងតេហេរ៉ង់បើកការវាយប្រហារលើសម្ព័ន្ធមិត្ត ឬបំផ្លាញផលប្រយោជន៍អាម៉េរិកនៅក្នុងតំបន់៕ម.ន
-
ហេតុការណ៍ឆេះយន្តហោះមួយគ្រឿងនៅរុស្ស៊ី ផ្តាច់ជីវិតមនុស្ស៤១នាក់

រុស្ស៊ី៖ គ្រោះថ្នាក់ភ្លើងឆេះយន្តហោះមួយគ្រឿង ក្នុងអំឡុងពេលធ្វើការចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋាន Sheremetyevo ក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានបណ្តាលឲ្យមនុស្ស៤១នាក់បាត់បង់ជីវិត នេះបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធររុស្ស៊ីក្នុងតំបន់។ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធររុស្ស៊ីមិនទាន់បញ្ជាក់លម្អិតពីចំនួនអ្នករងរបួសនោះទេ រីឯការស៊ើបអង្កេតកំពុងធ្វើឡើង ខណៈការរំលោភបំពានលើបទដ្ឋានសុវត្ថិភាពទំនងជាមូលហេតុដែលឈានទៅបង្កគ្រោះថ្នាក់នេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN យន្ដហោះ Sukhoi Superjet 100 មានផ្ទុកអាកាសយានិក៦នាក់ និងអ្នកដំណើរ៧៣នាក់បានហោះចេញពីអាកាសយានដ្ឋាន Sheremetyevo នៅម៉ោង១៨និង០២នាទីល្ងាចថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង Murmansk។ ប៉ុន្តែភ្លាមៗនោះ ក្រុមពីឡុតបានជូនដំណឹងថា យន្ដហោះមានបញ្ហា និងត្រូវធ្វើការចុះជាបន្ទាន់ ហើយក្រោយមកស្រាប់តែមានភ្លើងឆេះចេញពីម៉ាស៊ីន នៅអំឡុងពេលចុះចតនោះ៕ម.ន
-
ស្ត្រីវៀតណាមដែលសង្ស័យសម្លាប់បងប្រុសមេដឹកនំាកូរ៉េខាងជើង ធ្វើដំណើរទៅដល់ប្រទេសកំណើតវិញហើយ

វៀតណាម៖ ស្ត្រីវៀតណាមម្នាក់ដែលរងការចោទប្រកាន់ពីបទធ្វើឃាតបងប្អូនប្រុសម្តាយទីទៃរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺលោក គីម ជុងណាម បានវិលត្រឡប់មកដល់ប្រទេសកំណើតវិញហើយ កាលពីសប្តាហ៍មុននេះ។បន្ទាប់ពីជំនំជម្រះទោសជាច្រើនលើកមកនោះ ស្រី្តវៀតណាមឈ្មោះ ឌ័ន ធី ហឿង (Doan Thi Huong) អាយុ៣១ឆ្នាំនេះ ត្រូវបានដោះលែងពីមន្ទីរឃុំឃំាងមួយនៅប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន ហើយនាងបានមកដល់ប្រទេសវៀតណាម នៅពេលយប់ថ្ងៃដដែលនោះ ដោយត្រូវបានអមដំណើរដោយក្រុមអ្នកការទូតវៀតណាម។នៅថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានលើកឡើងថា ការដោះលែងនាង ឌ័ន ធី ហឿង និងការវិលត្រឡប់មកវៀតណាមវិញនេះ គឺជាលទ្ធផលនៃការខំប្រឹងប្រែងរួមគ្នា ដើម្បីកាពារពលរដ្ឋដោយរដ្ឋាភិបាល ក្រសួងការបរទេស ក្រុមអ្នកច្បាប់របស់វៀតណាម និងក្រុមមេធាវីម៉ាឡេស៊ី ព្រមទាំងអង្គការផ្សេងៗទៀត៕ម.ន
-
មេដឹកនាំសហរដ្ឋអាម៉េរិក និងរុស្ស៊ី ធ្វើកិច្ចពិភាក្សាទ្វេភាគីផ្តោតសំខាន់លើបញ្ហា កូរ៉េខាងជើង និងវេណេស៊ុយអេឡា

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានថ្លែងអះអាងរួមគ្នាសាជាថ្មីម្តងទៀតថា ប្រទេសរបស់លោកនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការគ្នា ដើម្បីខិតខំព្យាយាមសម្រេចឱ្យបាននូវការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។នាឱកាសធ្វើកិច្ចសន្ទនាគ្នាតាមទូរសព្ទមានរយៈពេលមួយម៉ោង នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ លោក ពូទីន បានរាយការណ៍ដោយសង្ខេបប្រាប់ទៅកាន់លោក ត្រាំ ពាក់ព័ន្ធនឹងកិច្ចប្រជុំលើកដំបូងរបស់លោកជាមួយនឹងប្រមុខដឹកនំាកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែមេសាកន្លងទៅនេះ ។ ទន្ទឹមគ្នានោះដែរ មេដឹកនាំទាំងពីរ ថែមទាំងបានធ្វើកិច្ចពិភាក្សាគ្នាទាក់ទិននឹងស្ថានភាពតានតឹងនៅក្នុងប្រទេសវេណេស៊ុយអេឡាផងដែរ។គួរបញ្ជាក់ថា កិច្ចសន្ទនាគ្នាតាមទូរសព្ទរបស់មេដឹកនាំប្រទេសទាំងពីរខាងលើ បានកើតមានឡើងស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនរាយការណ៍ថា កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលរយៈចម្ងាយខ្លីសារជាថ្មីម្តងទៀត នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់)៕ម.ន
-
ប្រជាជនបង់ក្លាដែសប្រមាណ២,៥លាននាក់ ត្រូវអាជ្ញាធរឱ្យភៀសខ្លួនជាបន្ទាន់ ខណៈព្យុះដ៏កំណាច Fani នឹងវាយប្រហារឆ្នេរភាគខាងត្បូងនៃប្រទេស

បង់ក្លាដែស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានចេញផ្សាយថា អាជ្ញាធរបង់ក្លាដែសបានចាប់ផ្តើមធ្វើការជម្លៀសប្រជាជនខ្លួនប្រមាណ២,៥លាននាក់ ទៅកាន់តំបន់មានសុវត្ថិភាពជាបណ្តោះអាសន្ន ស្របពេលដែលខ្យល់ព្យុះស៊ីក្លូនដ៏គ្រោះថ្នាក់បំផុត Fani បាននឹងកំពុងរំកិលខ្លួនមកកាន់តែកៀកតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេស។ចំណាត់ការរបស់អាជ្ញាធរបង់ក្លាដែសខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីមនុស្សចំនួន០៩នាក់ហើយបានបាត់បង់ជីវិត ក្រោយព្យុះស៊ីក្លូនដ៏មានឥទ្ធិពលនេះ បានបោកបក់សង្រ្គប់មកលើរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ។ក្រៅពីបង្កឲ្យមានមនុស្សស្លាប់ ព្យុះដ៏កំណាច Fani ក៏បានបណ្តាលឲ្យដើមឈើជាច្រើនដួលរលំ ព្រមទាំងកាត់ផ្តាច់បណ្តាញផ្គត់ផ្គង់អគ្គិសនី ទឹកប្រើប្រាស់ និងទូរ គមនាគមន៍ ហើយបង្កឲ្យមានទឹកជន់ថែមទៀតផង។ រីឯប្រជាជនឥណ្ឌា និងបង់ក្លាដែសជាច្រើននាក់ដែលរស់នៅតាមតំបន់រងឥទ្ធិពល សុទ្ធតែត្រូវបានជម្លៀសចេញទៅកាន់ទីជ្រកកោនសុវត្ថិភាព៕ម.ន
-
យន្តហោះដឹកអ្នកដំណើរជាង១៤០នាក់របស់សហរដ្ឋអាម៉េរិកមួយគ្រឿង ចុះចតខុសបច្ចេកទេសធ្លាក់ចូលទឹកទន្លេ

សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរច្រើនជាង១៤០នាក់របស់សហរដ្ឋអាម៉េរិកមួយគ្រឿង ប្រភេទ ប៊ូអ៊ីង បានរត់ហួសផ្លូវ ហើយក៏ធ្លាក់ចូលទៅក្នុងទឹកទន្លេ នៅឯព្រលានយន្តហោះរដ្ឋ ផ្លូរីដា។ ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរអាកាសចរណ៍អាម៉េរិក FAA បានបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះ គឺជាយន្តហោះ Boeing 737 ហើយហេតុការណ៍នេះបានកើតឡើង នៅពេលដែលយន្តហោះកំពុងចុះចតនៅឯអាកាសយានដ្ឋានមួយកន្លែងក្នុងទីក្រុង Jacksonville ដោយមានគោលដៅចេញមកពីទីក្រុង Miami។ រហូតមកទល់នឹងពេលនេះ មនុស្សជាង១៤០នាក់ និងសហសេវិកយន្តហោះពុំបានជួបគ្រោះថ្នាក់ធ្ងន់អ្វីឡើយ ដោយគ្រាន់តែភ័យតក់ស្លុត និងរងរបួសបន្តិចបន្តួចមួយចំនួនប៉ុណ្ណោះ៕ម.ន
-
ព្រះរាជពិធីឡើងគ្រងរាជសម្បត្តិនៃព្រះមហាក្សត្រថៃថ្មី ចាប់ផ្តើមជាផ្លូវការហើយ មានរយៈពេល០៣ថ្ងៃ

ថៃ៖ ព្រះរាជពិធីឡើងគ្រងរាជសម្បត្តិជាផ្លូវការរបស់មហាក្សត្រថៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន បានចាប់ផ្តើមប្រពឹ្រត្តទៅហើយ នៅម៉ោង១០៖០០នាទីព្រឹកថ្ងៃសៅរ៍នេះ មានរយៈពេល០៣ថ្ងៃ នៅក្នុងព្រះបរមរាជវាំងថៃ ក្នុងទីក្រុងបាងកក។ ក្នុងចំណោមថ្ងៃទាំង០៣ គឺថ្ងៃសៅរ៍នេះជាថ្ងៃដែលសំខាន់ជាងគេបង្អស់ ព្រោះវាគឺជាការចាប់ផ្តើមដំបូងនៃកម្មវិធីរាជាភិសេករបស់ព្រះបាទ វិជ្ជិរ៉ាឡុងកន ដើម្បី ក្លាយជាព្រះមហាក្សត្រពេញបរិបូណ៌នៃព្រះរាជាណាចក្រថៃ។ ព្រះរាជពិធីនេះ នឹងរៀបចំឡើងតាមបែបពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដោយចាប់ផ្តើមជាមួយរាជពិធីបន្សុទ្ធ ដោយត្រូវយកទឹកពិសិដ្ឋដែលបានប្រមែប្រមូលយកមកពីតាមបណ្តាខេត្តថៃ កាលពីដើមខែមេសាកន្លងទៅ ដើម្បីប្រោះព្រំទៅលើព្រះកាយរបស់ព្រះបាទ វិជ្ជិរ៉ាឡុងកន ។ ចំណែកនៅល្ងាចថ្ងៃអាទិត្យស្អែក ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន នឹងយាងចេញពីព្រះរាជវាំង ដើម្បីធ្វើព្រះរាជទស្សនកិច្ចនៅក្នុងរាជធានីបាងកក ដោយឆ្លងកាត់តំបន់មួយចំនួន ដើម្បីឲ្យប្រជានុរាស្តរបស់ទ្រង់សម្តែងការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះព្រះមហាក្សត្រថ្មីរបស់ពួកគេ។ រីឯនៅថ្ងៃចុងក្រោយគឺថ្ងៃចន្ទវិញ នាវេលាល្ងាចដូចគ្នា ព្រះបាទ វិជ្ជិរ៉ាឡុងកន នឹងបង្ហាញព្រះរាជវត្តមាននៅលើវេទិកាមួយនៃប្រាសាទ ស៊ូដដៃសាវ៉ារីយ៉ា ដើម្បីអនុញ្ញាតឲ្យសាធារណជនអបអរដល់ការឡើងគ្រងរាជ្យជាផ្លូវការរបស់ទ្រង់៕ម.ន