-
វេណេស៊ុយអេឡា សម្រេចយកថ្ងៃចុងសប្តាហ៍នេះ អនុញ្ញាតឱ្យអាជ្ញាធរសាធារណៈ ប្រាប់ពីអ្វីដែលចង់ឲ្យរដ្ឋាភិបាលផ្លាស់ប្តូរ

វេណេស៊ុយអេឡា៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការអនុម័តលើផែនការកំណែទម្រង់នានា ដើម្បីកែកំហុសគ្រប់យ៉ាង នេះបើតាមការប្រកាសរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ នៅថ្ងៃទិវាពលកម្មអន្តរជាតិក្នុងថ្ងៃពុធម្សិលមិញ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ បានថ្លែងអះអាងថា លោកសម្រេចចិត្តយកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍នេះ ជាទិវាជាតិនៃកិច្ចសន្ទនាដ៏អស្ចារ្យដោយអនុញ្ញាតឱ្យអាជ្ញាធរសាធារណៈទាំងអស់ ប្រាប់រដ្ឋាភិបាលពីអ្វីដែលត្រូវផ្លាស់ប្ដូរ ហើយលោកនឹងអនុម័តលើផែនការមួយស្ដីពីការធ្វើកំណែទម្រង់នានា ដើម្បីកែតម្រូវកំហុសគ្រប់យ៉ាងឡើងវិញ។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ាឌូរ៉ូ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានព្រមានជាថ្មីថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីធ្វើអន្តរាមន៍យោធានៅវេណេស៊ុយអេឡា ក្នុងករណីចាំបាច់ ស្របពេលមេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ្ស៊ាន ហ្គៃដូ ក៏បានទទួលស្គាល់ដែរពីការចាប់ផ្ដើមអនុវត្តដំណាក់កាលចុងក្រោយ នៃផែនការធ្វើរដ្ឋប្រហារទម្លាក់លោក ម៉ាឌូរ៉ូ ពីអំណាច៕ធ.ដ
-
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស ត្រូវបណ្តេញចេញពីតំណែង ដោយសារធ្វើឲ្យបែកធ្លាយរឿងសម្ងាត់

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ថេរ៉ាសា ម៉េ បានសម្រេចបណ្តេញរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក ហ្គេវីន វីលៀមសុន ចេញពីមុខតំណែង បន្ទាប់ពីលោកឡើងកាន់មុខតំណែងនេះចាប់តាំងពីឆ្នាំ២០១៧ ដោយសារការទម្លាយព័ត៌មានសម្ងាត់ដោយគ្មានការអនុញ្ញាត។ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស លោកស្រី ម៉េ នៅក្នុងថ្ងៃពុធនេះ បានស្នើឱ្យលោក ហ្គេវីន វីលៀមសុន ចុះចេញពីតំណែង ក្រោយធ្វើឱ្យលោកស្រីបាត់បង់ទំនុកចិត្តលើសមត្ថភាពរបស់លោក ក្នុងការបំពេញតួនាទីជារដ្ឋមន្ត្រីការពារជាតិ និងក្នុងនាមជាសមាជិកគណៈរដ្ឋមន្ត្រី បើទោះបីជាលោក វីលៀមសុន បានច្រានចោលរាល់ការចោទប្រកាន់ក៏ដោយ។ នៅក្រោយការលាលែងពីតំណែងរបស់លោក ហ្គេវីន វីលៀមសុន ហើយនោះលោកស្រី ភែននី ម៉ូរដនត៍ (Penny Mordaunt) ដែលនឹងក្លាយជារដ្ឋមន្ត្រីការពារជាតិអង់គ្លេស ជាស្ត្រីដំបូងគេបំផុត៕ធ.ដ
-
សហរដ្ឋអាម៉េរិកតម្រូវឲ្យ Facebook បង្កើតគណៈកម្មាធិការការពារទិន្នន័យឯកជន របស់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនបណ្តាញសង្គម Facebook អាចនឹងត្រូវគណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាម៉េរិកតម្រូវឲ្យបង្កើតគណៈកម្មាធិការឯករាជ្យមួយ ដែលមានតួនាទីត្រួតពិនិត្យទៅលើជំហាននានា ដើម្បីការពារទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់រាប់ពាន់លាននាក់នៅលើពិភពលោក។ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាម៉េរិក បាននិងកំពុងធ្វើការស៊ើបអង្កេតនានា ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ទៅលើ Facebook ដែលបានផ្តល់ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ប្រមាណ៨៧លាននាក់ទៅដល់ក្រុមហ៊ុនអង់គ្លេសមួយ ដែលមានឈ្មោះថា ខេមប្រ៊ីដ អាណលលីធីខល (Cambridge Analytical) ដើម្បីឲ្យក្រុមហ៊ុននេះប្រើប្រាស់ក្នុងការស្ទាបស្ទង់ផ្នែកនយោបាយ ។ សូមបញ្ជាក់ផងដែរថា ការស៊ើបអង្កេតកន្លងមកនេះ គឺធ្វើឡើងដើម្បីធ្វើឲ្យប្រាកដ ថាតើការផ្តល់ព័ត៌មានឯកជនទាំងនោះ បានរំលោភលើកិច្ចព្រមព្រៀងការពារទិន្ន ន័យឯកជនរបស់អ្នកប្រើប្រាស់រវាង Facebook និងគណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាម៉េរិកកាលពីឆ្នាំ២០១១ ដែរឬមួយក៏អត់ ៕ធ.ដ
-
យាន InSight របស់ NASA ស្ទាបស្ទង់ដឹងពីសញ្ញារញ្ជួយដីនៅលើ ភពអង្គារជាលើកដំបូង

សហរដ្ឋអាម៉េរិក៖ យានរុករក អ៊ីនសាយ (InSight) របស់ NASA បានធ្វើការស្ទាបស្ទង់ឃើញជាលើកដំបូងនូវបាតុភូតមួយ ដែលទំនងជាបាតុភូតរញ្ជួយដីនៅលើភពអង្គារ (Mars) ប៉ុន្តែវាមិនបានបញ្ជាក់ថា ស្ថិតក្នុងកម្រិតណាឲ្យប្រាកដនោះឡើយ។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ទីភ្នាក់ងារអវកាសអាម៉េរិកនេះ បានបញ្ជាក់ថា សញ្ញានៃកម្លាំងរំញ័រដែលមានកម្រិតខ្សោយ ត្រូវបានរកឃើញដោយឧបករណ៍ស្ទាបស្ទង់ផ្ទៃដីរបស់យាន អ៊ីនសាយ (InSight) ហៅកាត់ថា សេស (SEIS) កាលពីថ្ងៃទី០៦ ខែមេសាកន្លងទៅ ដោយវាគឺជាថ្ងៃទី១២៨ ដែលយានមិនអាចផ្លាស់ទីបាននេះ លែនឌើ (Lander) ស្ថិតនៅលើភពអង្គារ។ ឧបករណ៍ សេស ត្រូវបានយាន អ៊ីនសាយ ដាក់ទៅលើផ្ទៃរបស់ភពអង្គារ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីសិក្សាពីផ្ទៃផ្នែកខាងក្នុងរបស់ភពក្រហមនេះ ព្រោះអ្នកវិទ្យាសាស្រ្តសង្ឃឹមថា នឹងអាចស្វែងយល់ពីរបៀបកកើតនៃភពថ្ម ដែលក្នុងនោះរួម មានទាំងផែនដី និងព្រះចន្ទ។ យ៉ាងណាមិញ ក្រុមអ្នកវិទ្យាសាស្រ្តនៅតែកំពុងបន្តពិនិត្យមើលលើទិន្នន័យ ដើម្បីធ្វើការកំណត់ឲ្យច្បាស់ថា អ្វីដែលបានបង្កឡើងនូវសញ្ញាគួរឲ្យចាប់អារម្មណ៍នោះ៕ធ.ដ
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកបញ្ជាក់ថា ប្រទេសខ្លួនត្រៀមរួចរាល់ហើយ ក្នុងការធ្វើអន្តរាគមន៍យោធានៅវេណេស៊ុយអេឡា

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក បានប្រុងប្រៀបខ្លួនរួចជាស្រេច ដើម្បីធ្វើអន្តរាគមន៍យោធាដោះស្រាយវិបត្តិ និងភាពចលាចលនៅវេណេស៊ុយអេឡានាពេលបច្ចុប្បន្ន នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ ក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃពុធនេះ។ ការកត់សម្គាល់បែបនេះរបស់លោក បានកើតមានឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាម៉េរិកជាច្រើនរូប ជាពិសេសទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន ធ្លាប់បានព្រមានពីការធ្វើអន្តរាគមន៍យោធានៅវេណេស៊ុយអេឡា ដើម្បីទម្លាក់លោក ម៉ាឌូរ៉ូ ចេញពីអំណាចជាច្រើនដងរួចមកហើយ។ ប្រមុខការទូតអាម៉េរិករូបនេះ បាននិយាយថា ការធ្វើអន្តរាគមន៍យោធាអាចនឹងកើតមាន ហើយបើសិនជាវាតម្រូវត្រូវតែធ្វើ នោះសហរដ្ឋអាម៉េរិកនឹងធ្វើវាភ្លាម ហើយលោកនៅតែបញ្ជាក់ដដែលថា សហរដ្ឋអាម៉េរិកនៅតែចង់ឃើញមានការផ្លាស់ប្ដូរអំណាចដោយសន្តិវិធីនៅវេណេស៊ុយអេឡា៕ធ.ដ
-
អាជ្ញាធរបារាំងចាប់ខ្លួនមនុស្ស១៦០នាក់ ក្រោយប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ា ចំថ្ងៃទិវាពលកម្មអន្តរជាតិ

បារាំង៖ ប៉ូលិសបារាំងបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនៅថ្ងៃពុធនេះ ដើម្បីបំបែកហ្វូងបាតុករបិទម៉ាស់ ដែលនាំគ្នាធ្វើបាតុកម្មតវ៉ានៅកណ្ដាលទីក្រុងប៉ារីស ចំថ្ងៃទិវាពលកម្មអន្តរជាតិ០១ឧសភា ក្នុងគោលបំណងសម្ដែងការប្រឆាំងជំទាស់នឹងគោលនយោបាយរដ្ឋាភិបាល។ ស្របពេលជាមួយគ្នានេះដែរ អាជា្ញធរបារាំងមិនបានបញ្ជាក់លម្អិតពីចំនួនមនុស្សចូលរួមបាតុកម្មតវ៉ានៅថ្ងៃពុធម្សិលមិញទេ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍នោះ មនុស្សយ៉ាងហោចណាស់១៦០នាក់ត្រូវបានចាប់ខ្លួន។ ការធ្វើបាតុកម្មរបស់ក្រុមបាតុករដែលហៅខ្លួនឯងអាវកាក់ពណ៌លឿង បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេសបារាំងខាងលើនេះ បានកើតមានឡើងក្រោយលោក អែមម៉ានុយអែល ម៉ាក្រុង ធ្វើសេចក្ដីព្រាងលើសំណើគោលនយោបាយសេដ្ឋកិច្ចជាច្រើន ក្នុងនោះរួមមានការបន្ថយពន្ធ គិតជាទឹកប្រាក់ស្មើនឹង៥,៥៨ពាន់លានដុល្លារផងដែរ៕ធ.ដ
-
ព្រះមហាក្សត្រថៃតែងតាំងម្ចាស់ក្សត្រីរបស់ទ្រង់ មុនឡើងគ្រងរាជសម្បត្តិជាផ្លូវការ

ថៃ៖ ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន បានប្រកាសនៅថ្ងៃពុធនេះថា ព្រះអង្គបានរៀបអភិសេកជាមួយម្ចាស់ក្សត្រី ស៊ូធីដា វ៉ាច្ចរ៉ាឡុងកន ហើយក៏បានតែងតាំងទ្រង់ជាម្ចាស់ក្សត្រីស៊ូធីដាផងដែរ ខណៈការប្រកាសនេះ ធ្វើឡើងមុននឹងពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការនាចុងសប្ដាហ៍នេះ។ ព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន មានព្រះជន្ម៦៦ព្រះវស្សានឹងក្លាយជាព្រះមហាក្សត្រថ្មីនៃប្រទេសថៃ បន្ទាប់ពីអតីតព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែលជាព្រះបិតារបស់ទ្រង់បានសោយទិវង្គតកាលពីខែតុលា ឆ្នាំ២០១៦ ក្នុងមន្ទីរពេទ្យនៃទីក្រុងបាងកក បន្ទាប់ពីទ្រង់បានគ្រងរាជសម្បត្តិអស់រយៈកាល៧០ឆ្នាំ និងក្លាយជាស្តេចដែលគ្រងរាជ្យបានយូរជាងគេបំផុតនៅលើពិភពលោក ។ សូមជម្រាបថា ពិធីគ្រងរាជសម្បត្តិតាមប្រពៃណី នៃរាជវង្សថៃនាពេលខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាលាភសំណាងនៃប្រជាជាតិថៃទាំងមូល ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩៕ធ.ដ
-
ដំរីសមួយក្បាលនឹងក្លាយរាជអំណោយយ៉ាងស័ក្តិសម សម្រាប់ថ្វាយព្រះមហាក្សត្រថៃថ្មី

ថៃ៖ ដំរីសឈ្មោះ ផ្លៃ អេកាឆៃ មានអាយុ៣៣ឆ្នាំ ជាអំណោយយ៉ាងស័ក្តិសម សម្រាប់ថ្វាយព្រះមហាក្សត្រថៃថ្មី ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលនឹងត្រូវឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការក្នុងព្រះរាជពិធីជាឱឡារិកចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែឧសភាខាងមុខនេះ។ សូមរំលឹកថា ព្រះបិតារបស់ព្រះមហាក្សត្រព្រះបាទ មហា វិច្ឆិរ៉ាឡុងកន គឺទ្រង់ ភូមិបុល អាឌុលយ៉ាដេត ធ្លាប់ទទួលបានដំរីស១០ក្បាល នៅអំឡុងរាជ្យ៧០ឆ្នាំរបស់ព្រះអង្គ មុននឹងទ្រង់យាងចូលទិវង្គតកាលពីខែតុលា ឆ្នាំ២០១៦។ សម្រាប់ប្រទេសថៃ ដំរីសឈ្មោះ ផ្លៃ អេកាឆៃ ត្រូវបានគេគោរពដូចជាសត្វទេព បន្ទាប់ពីវាត្រូវបានគេបញ្ជាក់ថា ជាដំរីសដ៏មានតម្លៃ ដែលគេរកឃើញនៅក្រោមរជ្ជកាលព្រះមហាក្សត្ររាមាទី១០ ហើយដំរីទេពនេះ ក៏នឹងក្លាយជាអំណោយមួយផងដែរសម្រាប់ព្រះមហាក្សត្រថ្មី បន្ទាប់ពីពិធីឡើងគ្រងរាជសម្បត្តិនៅចុងសប្ដាហ៍នេះ៕ធ.ដ
-
ព្រះអង្គម្ចាស់ ណារុហ៊ីតុ ក្លាយជាអធិរាជថ្មីនៃប្រទេសជប៉ុនជាផ្លូវការហើយ

ជប៉ុន៖ ព្រះអង្គម្ចាស់ ណារុហ៊ីតុ (Naruhito) បានក្លាយជាព្រះចៅអធិរាជថ្មីនៃប្រទេសជប៉ុនជាផ្លូវការហើយ ខណៈការឡើងស្នងរាជ្យនេះ ធ្វើឡើងក្នុងពិធីមួយដែលរៀបចំនៅមហាវិមាននៃព្រះរាជវាំងជប៉ុន ក្នុងទីក្រុងតូក្យូ ជាទីដែលពិធីដាក់ រាជ្យរបស់អតីតព្រះចៅអធិរាជ អាគីហ៊ីតុ (Akihito) ត្រូវបានរៀបចំឡើងដូចគ្នា។ សករាជថ្មីនៅក្រោមការព្រះចៅអធិរាជ ណារុហ៊ីតុ ហៅថា រ៉ៃវ៉ា (Reiwa) ដែលបានចាប់ផ្តើមកាលពីយប់រំលងអធ្រាត្រថ្ងៃពុធនេះ ស្របពេលដែលសករាជចាស់ ហៃសេ (Heisei) បានបញ្ចប់ទៅកាលពីថ្ងៃអង្គារ៍ម្សិលមិញ ក្រោយរយៈពេល៣០ឆ្នាំ។ សូមជម្រាបថា ព្រះអង្គម្ចាស់ ណារុហ៊ីតុ គឺជាព្រះចៅអធិរាជទី១២៦នៃប្រទេសជប៉ុន ទ្រង់បានទទួលការអប់រំនៅសាកលវិទ្យាល័យដ៏ល្បីរបស់ចក្រភពអង់គ្លេស អុកហ្វ័ត និងបានក្លាយជាព្រះរាជទាយាទជប៉ុននៅព្រះជន្ម២៨ព្រះវស្សា ខណៈបច្ចុប្បន្នទ្រង់មានព្រះជន្ម៥៩ព្រះវស្សា។ មហេសីទ្រង់មានព្រះនាមថា ម៉ាសាកុអូវ៉ាដា (Masako Owada) ហើយទ្រង់ទាំងពីរមានបុត្រតែមួយអង្គប៉ុណ្ណោះ និងជាបុត្រី គឺព្រះនាងម្ចាស់ អៃកុ (Aiko) មានព្រះជន្ម១៧ព្រះវស្សា៕ធ.ដ
-
ហ្វីលីពីនប្តេជ្ញាបញ្ជូនកាកសំណល់ទៅកាណាដាវិញ

ហ្វីលីពីន៖ ទំនាក់ទំនងរវាងហ្វីលីពីន និងកាណាដា កំពុងមានភាពតានតឹងខ្លាំងក្រោយទីក្រុងអូតាវ៉ា បានបញ្ជូនសំរាមចំនួន១០៣កុងតាន័រ ដែលមានផ្លាកសញ្ញាក្លែងក្លាយដែលសរសេរថា អាចកែច្នៃឡើងវិញបាននោះ ទៅកាន់ទីក្រុងម៉ានីលនៅចម្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៤ ខណៈបច្ចុប្បន្នកាណាដាមិនអាចដោះស្រាយបញ្ហានេះបានឡើយ ដោយគ្រាន់តែសន្យាថា នឹងមិនធ្វើកំហុសដដែល។ ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានគំរាមកាណាដាម្ដងទៀតលើបញ្ហាកាកសំណល់ដែលមិនបានដោះស្រាយ ហើយលោក ឌូទ័រតេ ថែមទាំងបានប្តេជ្ញាថា នឹងបញ្ជូនសំរាមទាំងអស់ត្រឡប់ទៅឆ្នេរសមុទ្រស្រស់ស្អាតរបស់ប្រទេសកាណាដាវិញ។ សូមរំលឹកថា កាណាដាបានដឹកកាកសំណល់ចំនួន១០៣កុងទីន័រ ដោយបិទផ្លាកសញ្ញាថា សំរាមទាំងអស់នេះ នឹងត្រូវបានកែច្នៃឡើងវិញនោះ មកប្រទេសហ្វីលីពីនរវាងឆ្នាំ២០១៣ និងឆ្នាំ២០១៤ ប៉ុន្តែទីក្រុងអូតាវ៉ា មិនបាននាំយកសំរាមទាំងនោះ ត្រឡប់ទៅវិញនោះទេ ចាប់តាំងពេលនោះមក៕ធ.ដ