Category: ព័ត៌មានអន្តរជាតិ

  • កូរ៉េខាងជើងធ្វើតេស្តមីស៊ីលសាជាថ្មីទៀត ក្រោយជំនួបកំពូលលើកទី២ ជាមួយសហរដ្ឋអាម៉េរិកបរាជ័យ

    កូរ៉េខាងជើងធ្វើតេស្តមីស៊ីលសាជាថ្មីទៀត ក្រោយជំនួបកំពូលលើកទី២ ជាមួយសហរដ្ឋអាម៉េរិកបរាជ័យ

    សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានទទួលព័ត៌មានហើយ អំពីការធ្វើតេស្តមីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង ហើយទីក្រុងវ៉ាស៊ីនតោនកំពុងតែតាមដានស្ថានការណ៍នេះបន្តទៅមុខទៀត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា កូរ៉េខាងជើងនាព្រឹកថ្ងៃសៅរ៍ នេះបានបាញ់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ចេញពីទីក្រុង Wonsan ដែលស្ថិតនៅឆ្នេរខាងកើតប្រទេស ឆ្ពោះទៅកាន់សមុទ្រជប៉ុន ហើយបើតាមយោធាកូរ៉េខាងត្បូង ការធ្វើតេស្តមីស៊ីលនេះបានប្រព្រឹត្តទៅនៅម៉ោងប្រមាណ៩ព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់)។ រហូតមកទល់ពេលនេះ ក្រុមមន្រ្តីយោធាកូរ៉េខាងត្បូង និងអាជ្ញាធរអាម៉េរិក កំពុងតែសហការគ្នាធ្វើការវិភាគ ដើម្បីកំណត់ព័ត៌មានលម្អិតរបស់គ្រាប់មីស៊ីលដែលទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងខាងលើនេះ៕ម.ន

  • ប្រមុខការទូតសហរដ្ឋអាម៉េរិក និងរុស្ស៊ី ត្រូវរំពឹងថានឹងធ្វើកិច្ចពិភាក្សាទ្វេភាគី នៅប្រទេសហ្វាំងឡង់ ផ្តោតសំខាន់លើបញ្ហាវេណេស៊ុយអេឡា និងអ៊ុយក្រែន

    ប្រមុខការទូតសហរដ្ឋអាម៉េរិក និងរុស្ស៊ី ត្រូវរំពឹងថានឹងធ្វើកិច្ចពិភាក្សាទ្វេភាគី នៅប្រទេសហ្វាំងឡង់ ផ្តោតសំខាន់លើបញ្ហាវេណេស៊ុយអេឡា និងអ៊ុយក្រែន

    សហរដ្ឋអាម៉េរិក៖ ក្រសួងការបរទេសអាម៉េរិក បានបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះថា រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ និងសមភាគីរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ ត្រូវគេរំពឹងថា នឹងធ្វើកិច្ចពិភាក្សាទ្វេភាគីនៅប្រទេសហ្វំាងឡង់ ពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ក្នុងនោះរួមមានវិបត្តិនៅវេណេស៊ុយអេឡា និងអ៊ុយក្រែន។ ការលើកឡើងបែបនេះរបស់ក្រសួងបរទេសអាម៉េរិក បានកើតមានឡើងស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានចេញផ្សាយអំពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក ម៉ៃ ប៉ុមប៉េអូ ទៅកាន់ទីក្រុង Rovaniemi ប្រទេសហ្វំាងឡង់ នៅថ្ងៃទី០៦ ខែឧសភានេះ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១១ នៃក្រុមប្រឹក្សាតំបន់អាក់ទិក ហើយបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងបរទេសអាម៉េរិកនោះ លោក ឡាវរូវ នឹងមានវត្តមាននៅទីនោះផងដែរ។ សូមរំលឹកថា លោក ម៉ៃ ប៉ុមប៉េអូ កាលពីថ្ងៃពុធសប្តាហ៍នេះ បានអំពាវនាវឱ្យលោក ឡាវរូវ ធ្វើកិច្ចពិភាក្សាគ្នាស្តីពីបញ្ហានៅវេណេស៊ុយអេឡា និងជំរុញឱ្យរុស្ស៊ីបញ្ឈប់ការគំាទ្រដល់រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។ ប៉ុន្តែជាការឆ្លើយតបវិញនោះ លោក ឡាវរូវ បានព្រមានអំពីផលវិបាកយ៉ាងធ្ងន់នៃជំហានឈ្លានពានលើរដ្ឋាភិបាលក្រុងការ៉ាកាស់៕ធ.ដ

  • ប្រេសិតពិសេសនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងធ្វើកិច្ចសន្ទនា តាមទូរសព្ទស្តីពីស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ

    ប្រេសិតពិសេសនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងធ្វើកិច្ចសន្ទនា តាមទូរសព្ទស្តីពីស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ

    កូរ៉េខាងត្បូង៖ ប្រធានបេសកជនពិសេសទទួលបន្ទុកកិច្ចការនុយក្លេអ៊ែរកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកធ្វើកិច្ចពិភាក្សាគ្នានៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ដោយផ្តោតសំខាន់លើស្ថានភាពនាពេលបច្ចុប្បន្ននៅលើតំបន់ឧបទ្វីបកូរ៉េ នេះបើតាមប្រភពពីក្រសួងការបរទេសកូរ៉េខាងត្បូង។ តំណាងពិសេសកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការសន្តិសុខ និងសន្តិភាពតំបន់ឧបទ្វីបកូរ៉េលោក Lee Do-hoon បានធ្វើការសន្ទនាគ្នាតាមទូរសព្ទជាមួយតំណាងពិសេសសហរដ្ឋអាម៉េរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើងលោក Stephen Biegun នាពេលថ្មីៗនេះ។ នាឱកាសនោះ លោក Lee និងលោក Biegun បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ ខណៈការជជែកគ្នានេះ បានកើតមានឡើងក្រោយពេលដែលមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន និងបន្ទាប់ពីជំនួបកំពូលលើកទី២ រវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងលោក គីម នៅប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅ ត្រូវបរាជ័យ៕ធ.ដ

  • ក្នុងឆ្នាំ២០១៩នេះ ចិនមានគម្រោងអភិវឌ្ឍន៍យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ និងបំពាក់យន្តហោះបំបាំងកាយឲ្យកងទ័ពអាកាសខ្លួន

    ក្នុងឆ្នាំ២០១៩នេះ ចិនមានគម្រោងអភិវឌ្ឍន៍យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ និងបំពាក់យន្តហោះបំបាំងកាយឲ្យកងទ័ពអាកាសខ្លួន

    រុស្ស៊ី៖ នៅឆ្នំា២០១៩នេះ ប្រទេសចិនទំនងជានឹងបំពាក់យន្ដហោះចម្បាំងបំបាយកាយ ចេងទូ ចេ-20 (Chengdu J-20) ឱ្យកងទ័ពអាកាសរបស់ខ្លួនប្រើប្រាស់ សម្រាប់ប្រតិបត្តិការនានា នេះបើតាមការបញ្ជាក់របស់មេបញ្ជាការកងទ័ពអាកាសអាម៉េរិកប្រចាំតំបន់ប៉ាស៊ីហ្វិកលោក ឆាឡេស ប្រោន ។ លោក ឆាឡេស ប្រោន បានអះអាងថា ផែនការរបស់ទីក្រុងប៉េកាំងខាងលើ អាចនឹងក្លាយជាការគំរាមកំហែងមួយដ៏ធំ ព្រោះយន្ដហោះចម្បាំងបំបាយកាយនេះ នឹងជួយបង្កើនសមត្ថភាពដល់កងទ័ពអាកាសចិនក្នុងការដឹកនាំប្រតិបត្តិការនានានៅក្នុងតំបន់ ហើយថា ចិនក៏កំពុងមានគម្រោងអភិវឌ្ឍន៍យន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរផងដែរ។ មេបញ្ជាការកងទ័ពអាកាសអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងព្យាយាមទប់ទល់ជាមួយយន្ដហោះចម្បាំងដ៏ទំនើបរបស់ចិន តាមរយៈការបង្កើនការដាក់ពង្រាយយន្ដហោះចម្បាំងបំបាំងកាយ F-35 ទៅកាន់តំបន់ប៉ាស៊ីហ្វិក ជាពិសេសគឺតំបន់សមុទ្រចិនខាងត្បូង៕ធ.ដ

  • ប៉ាគីស្ថានមានផែនការបញ្ជាទិញមីស៊ីលបាញ់ពីដីទៅអាកាស និងអាវុធប្រឆាំងកាំភ្លើងធំ របស់រុស្ស៊ី ដើម្បីបង្កើនសមត្ថភាពការពារជាតិ

    ប៉ាគីស្ថានមានផែនការបញ្ជាទិញមីស៊ីលបាញ់ពីដីទៅអាកាស និងអាវុធប្រឆាំងកាំភ្លើងធំ របស់រុស្ស៊ី ដើម្បីបង្កើនសមត្ថភាពការពារជាតិ

    ប៉ាគីស្ថាន៖ រដ្ឋាភិបាលប៉ាគីស្ថានមានផែនការបញ្ជាទិញមីស៊ីលបាញ់ពីដីទៅអាកាសរបស់រុស្ស៊ី ស្ថិតក្នុងគោលបំណងលើកកម្ពស់សមត្ថភាពការពារជាតិរបស់ប្រទេសខ្លួន ខណៈគម្រោងទិញប្រព័ន្ធការពារអាកាសថ្មីនេះ បានកើតឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ឥណ្ឌាទៅលើទីប្រជុំជន Balakot។ ក្នុងអំឡុងការវាយប្រហារនោះ យន្តហោះចម្បាំង Mirage 2000 ចំនួន១២គ្រឿងរបស់កងទ័ពអាកាសឥណ្ឌា បានហោះឆ្លងកាត់ព្រំដែន និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភេរវករនៅក្នុងប្រទេសប៉ាគីស្ថាន។ មន្ត្រីការពារជាតិឥណ្ឌាម្នាក់ត្រូវបានអ្នកយកព័ត៌មានដកស្រង់សម្តីចុះផ្សាយថា ប៉ាគីស្ថាននឹងសម្រេចកិច្ចព្រមព្រៀងអំពីការទិញអាវុធតម្លៃច្រើនលានដុល្លារជាមួយនឹងរុស្ស៊ី ដែលនៅក្នុងនោះ ទីក្រុងអ៊ីស្លាមម៉ាបាដ អាចនឹងទិញមីស៊ីលបាញ់ពីដីទៅអាកាស និងអាវុធប្រឆាំងកាំភ្លើងធំ។ សេចក្តីរាយការណ៍នេះ បានបន្ថែមទៀតថា ក្រុមមន្ត្រីការពារជាតិប៉ាគីស្ថាននឹងធ្វើការពិនិត្យ ក៏ដូចជាសម្រេចទៅលើផែនការនៃការបញ្ជាទិញប្រព័ន្ធមីស៊ីល Pantsir ដែលផលិតនៅប្រទេសរុស្ស៊ីនេះ ៕ធ.ដ

  • រយៈពេល៣ខែ ឆ្នាំ២០១៩នេះ សហរដ្ឋអាម៉េរិកលក់មីស៊ីលបានជាង១ពាន់លានដុល្លារ

    រយៈពេល៣ខែ ឆ្នាំ២០១៩នេះ សហរដ្ឋអាម៉េរិកលក់មីស៊ីលបានជាង១ពាន់លានដុល្លារ

    សហរដ្ឋអាម៉េរិក៖ ក្នុងរយៈពេល០៣ខែចុងក្រោយនេះ សហរដ្ឋអាម៉េរិក បានចុះកិច្ចសន្យាថ្មីៗពាក់ព័ន្ធនឹងមីស៊ីលសរុបទឹកប្រាក់ជាង១ពាន់លានដុល្លារ បន្ទាប់ពីការប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ INF នេះបើតាមការប្រភពពីក្រុមយុទ្ធនាការសំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរអន្តរជាតិ ICAN។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីខែតុលា ឆ្នាំមុនថា ប្រទេសលោកនឹងដើរចេញពីសន្ធិសញ្ញា INF ដែលត្រូវបានព្រមព្រៀងគ្នាដោយអាម៉េរិក និងអតីតសហភាពសូវៀត (រុស្ស៊ី) កាលពីឆ្នាំ១៩៨៧ ហើយបានចាប់ផ្តើមនិតីវិធីនេះ ជាផ្លូវការកាលពីដើមខែកុម្ភៈ ដោយត្រូវចំណាយពេលសរុប០៦ខែ។ ទាក់ទិននឹងបញ្ហានេះដែរ ប្រធានអង្គការ ICAN ដែលជាស្ថាប័នធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាពលោកស្រី ប៊ីតរ៉ៃស៍ ហ្វីន បានព្រមានថា ការដកខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោនចេញពីសន្ធិសញ្ញា INF គឺប្រៀបដូចជាការចាប់ផ្តើមនូវសង្រ្គាមត្រជាក់ថ្មី។ សូមបញ្ជាក់ថា បើតាមរបាយការណ៍ខាងលើ កាលពីចន្លោះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ និងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចុះកិច្ចសន្យាមីស៊ីលថ្មីៗជាមួយក្រុមហ៊ុនអាម៉េរិកចំនួន០៦ ដោយក្នុងចំណោមនោះ ក្រុមហ៊ុន Raytheon និង Lockheed Martin ទទួលបានកិច្ចសន្យាច្រើនជាងគេ៕ធ.ដ

  • ស្ថាបនិកគេហទំព័រ WikiLeaks បដិសេដការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាម៉េរិក

    ស្ថាបនិកគេហទំព័រ WikiLeaks បដិសេដការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាម៉េរិក

    អង់គ្លេស៖ នៅអំឡុងសវនាការមួយស្ដីពីសំណើធ្វើបត្យាប័នរបស់សហរដ្ឋអាម៉េរិក នៅឯតុលាការ Westminster Magistrates ស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange បានប្រាប់តុលាការថា លោកមិនចង់ប្រឈមមុខនឹងការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាម៉េរិកឡើយ ជាទីដែលលោកត្រូវបានគេរំពឹងថា នឹងជាប់ពន្ធនាគារពីបទធ្វើឱ្យបែកធ្លាយព័ត៌មានសម្ងាត់ជាតិ។ មេវែបសាយទម្លាយព័ត៌មានសម្ងាត់រូបនេះ ត្រូវបានអាជ្ញាធរអង់គ្លេសចាប់ខ្លួនចេញពីស្ថានទូតអេក្វាឌ័រ ប្រចាំទីក្រុងឡុងដ៍ កាលពីថ្ងៃទី១១ ខែមេសា ហើយកាលពីថ្ងៃពុធកន្លងទៅ ពលរដ្ឋអូស្ត្រាលីរូបនេះក៏ត្រូវបានតុលាការអង់គ្លេសកាត់ទោសដាក់ពន្ធនាគារ៥០សប្ដាហ៍ផងដែរ ពីបទមិនព្រមប្រគល់ខ្លួនឱ្យអាជ្ញាធរ។ ប៉ុន្តែរហូតមកទល់នឹងពេលនេះ គេមិនទាន់ដឹងច្បាស់ថា ស្ថាបនិកគេហទំព័រ WikiLeaks លោក Julian Assange អាចនឹងត្រូវធ្វើបត្យាប័នទៅកាន់សហរដ្ឋអាម៉េរិកដែរ ឬយ៉ាងណានោះទេ ស្របពេលដែលរូបលោកត្រូវបានប៉ូលិសអង់គ្លេសចាប់ខ្លួនតាមសំណើពីទីក្រុងវ៉ាស៊ីនតោន៕ធ.ដ

  • ប្រធានាធិបតីវេណេស៊ុយអេឡា អំពាវនាវឲ្យយោធាបន្តបង្រ្កាបរាល់ក្រុមចង់ធ្វើរដ្ឋប្រហារ

    ប្រធានាធិបតីវេណេស៊ុយអេឡា អំពាវនាវឲ្យយោធាបន្តបង្រ្កាបរាល់ក្រុមចង់ធ្វើរដ្ឋប្រហារ

    វេណេស៊ុយអេឡា៖ កងកម្លាំងប្រដាប់អាវុធវេណេស៊ុយអេឡា នឹងបន្តប្រយុទ្ធប្រឆាំងរាល់ក្រុមទាំងឡាយណា ដែលមានបំណងរៀបចំផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល បន្ទាប់ពីការមានអំពាវនាវរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ នៅថ្ងៃព្រហស្បតិ៍តនេះ។ ស្ថានការណ៍នៅវេណេស៊ុយអេឡា បានកើនឡើងកំដៅថែមមួយកម្រិតទៀត ក្នុងសប្តាហ៍នេះ ស្របពេលដែលមេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ៊្សាន ហ្គៃដូ បានប្រកូកប្រកាសឲ្យយោធាងើបបះបោរប្រឆាំងលោក ម៉ាឌូរ៉ូ ហើយក៏មានសេចក្តីរាយការណ៍ថា ក្រុមយោធាមួយក្តាប់តូចបានអនុវត្តន៍ផែនការធ្វើរដ្ឋប្រហារ។ ប៉ុន្តែរដ្ឋមន្រ្តីការពារជាតិវេណេស៊ុយអេឡា បានអះអាងថា រដ្ឋប្រហារនោះត្រូវបានបង្រ្កាប ខណៈបាតុកររាប់សិបនាក់រងរបួស ក្នុងការប៉ះទង្គិចដ៏ហិង្សាជាមួយកងកម្លាំងសន្តិសុខរដ្ឋាភិបាល។ ក្នុងអំឡុងព្រឹត្តិការណ៍មួយតាមកញ្ចប់ទូរទស្សន៍ លោក ម៉ាឌូរ៉ូ បានប្រកាសថា ជាការពិត ពួកយើងកំពុងស្ថិតក្នុងសមរភូមិ ដូច្នេះហើយត្រូវរក្សាស្មារតី ភាពជឿជាក់ និងវិន័យឲ្យបានល្អនៅក្នុងការប្រយុទ្ធនេះ ដើម្បីទប់ទល់ជាមួយក្រុមជនក្បត់ដែលមានផែនការអាក្រក់ចង់ធ្វើរដ្ឋប្រហារ៕ធ.ដ

  • ខ្យល់ព្យុះដ៏កំណាច Fani ត្រូវគេព្យាករណ៍ថា នឹងបង្កការគំរាមកំហែងធ្ងន់ នៅភាគខាងកើតប្រទេសឥណ្ឌានាសប្តាហ៍នេះ

    ខ្យល់ព្យុះដ៏កំណាច Fani ត្រូវគេព្យាករណ៍ថា នឹងបង្កការគំរាមកំហែងធ្ងន់ នៅភាគខាងកើតប្រទេសឥណ្ឌានាសប្តាហ៍នេះ

    ឥណ្ឌា៖ ស្របពេលដែលខ្យល់ព្យុះឈ្មោះថា Fani ដែលបាននឹងកំពុងបក់បោកមកកាន់តំបន់ឆ្នេរភាគខាងកើតប្រទេសឥណ្ឌានោះ រដ្ឋាភិបាលក្រុងញ៉ូដេលី បានចាត់វិធានការដាក់ពង្រាយក្រុមសង្រ្គោះបន្ទាន់ ហើយថែមទាំងបង្គាប់ឱ្យកងនាវាត្រៀមខ្លួន ដើម្បីទប់ទល់នឹងព្យុះស៊ីក្លូនត្រូពិចដ៏កំណាចមួយនេះ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ព្យុះស៊ីក្លូនត្រូពិច ហ្វានី ត្រូវបានគេកំណត់ទីតាំងនៅឯតំបន់ឆ្នេរ ប៊ិងហ្គាល់ និងកំពុងធ្វើដំណើរជាមួយល្បឿនខ្យល់២០៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាត្រូវគេរំពឹងថា នឹងវាយប្រហារលើតំបន់ដីគោកក្នុងរដ្ឋ អូឌីសា នៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។ ទន្ទឹមគ្នានោះ រដ្ឋនៅក្បែរខាង គឺអាន់ដ្រាប្រាដែស និងតាមិលណាឌូ ក៏ត្រូវបានដាក់ឱ្យក្នុងការប្រុងប្រយ័ត្នខ្ពស់ផងដែរ ខណៈអាជ្ញាធរកំពុងត្រៀមខ្លួនជម្លៀសប្រជាជនរាប់ពាន់នាក់ និងត្រៀមតង់ស្នាក់នៅបណ្ដោះអាសន្នជាងច្រើន៨៥០៕ធ.ដ

  • ទីប្រឹក្សាជាន់ខ្ពស់សហរដ្ឋអាម៉េរិក ត្រូវរំពឹងថា នឹងធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង នៅក្នុងខែឧសភានេះ

    ទីប្រឹក្សាជាន់ខ្ពស់សហរដ្ឋអាម៉េរិក ត្រូវរំពឹងថា នឹងធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង នៅក្នុងខែឧសភានេះ

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន NHK បានរាយការណ៍ថា ការរៀបចំ បាននិងកំពុងប្រព្រឹត្តទៅ សម្រាប់ដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន ដែលគ្រោងនឹងរៀបចំឡើងនៅចុងខែឧសភា ខាងមុខនេះ។ សារព័ត៌មាន NHK ផ្អែកលើប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានចុះផ្សាយថា លោក ចន បូលតុន បាននិងកំពុងរៀបចំផែនការបំពេញទស្សនកិច្ចរបស់លោកនៅថ្ងៃទី២៨ ខែឧសភាខាងមុខនេះ ស្ថិតក្នុងគោលបំណងធ្វើកិច្ចពិភាក្សាជាមួយប្រធានការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង លោក ឆុង អ៊ីវយ៉ុង។ បើទោះជាមិនមានការបញ្ជាក់ក្តី ក៏គេដឹងថា របៀបវារៈនៃដំណើរទស្សនកិច្ចរបស់លោក បូលតុន នឹងផ្តោតសំខាន់លើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ចន បូលតុន ទៅកាន់ប្រទេសកូរ៉េខាងត្បូងនាពេលខាងមុខ នឹងក្លាយជាការបំពេញទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក ចាប់តាំងពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង នៅទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីចុងខែកុម្ភៈកន្លងទៅ បានបរាជ័យ៕ធ.ដ