-
រុស្ស៊ីនឹងក្លាយជាអ្នកផ្តត់ផ្គង់ថាមពលលំដាប់ទី១ឲ្យចិននៅឆ្នាំ២០៣៥ខាងមុខ

រុស្ស៊ី៖ ក្រុមហ៊ុន ហ្គេសព្រុំ (Gazprom) របស់រុស្ស៊ី នឹងក្លាយជាអ្នកផលិតឧស្ម័នលំដាប់លេខមួយនៅលើទីផ្សាប្រទេសចិន បន្ទាប់ពីបញ្ចប់គម្រោងបំពង់បង្ហូរប្រេងទៅកាន់ប្រទេសចិន។ នៅទីក្រុងប៉េកាំង ក្នុងកិច្ចប្រជុំលើកទី២ស្តីពី «ខ្សែក្រវាត់មួយ និងផ្លូវមួយ» ប្រធានក្រុមហ៊ន Gazprom លោក មីល្លឺ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដោយផ្តោតសំខាន់លើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម។ ក្រោយកិច្ចប្រជុំនោះ ប្រធានក្រុមហ៊ុន Gazprom បានបញ្ចាក់ថា នៅក្នុងឆ្នាំ២០១៩នេះ គឺចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំនេះ ថាមពលឧស្ម័នហ្គាសរបស់រុស្ស៊ីនឹងបញ្ជូនទៅកាន់ចិនជាលើកដំបូង តាមរយៈបំពង់បង្ហូរឧស្ម័ន ស៊្បឺរៀ (Sberia) ហើយក្នុងរយៈពេល៣០ឆ្នាំខាងមុខ នឹងមានឧស្ម័នដល់ទៅជាង១ពាន់លានម៉ែត្រគូបត្រូវបញ្ជូនឆ្លងកាត់បំពង់បង្ហូរនេះទៅកាន់ចិន។ សូមរំលឹកថា កាលពីខែឧសភា ឆ្នាំ២០១៤ ក្រុមហ៊ុន Gazprom និង CNPC របស់ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គងប្រេងឲ្យចិន ដោយកិច្ចព្រមព្រៀងនោះមានរយៈពេល៣០ឆ្នាំ ហើយរុស្ស៊ីត្រូវផ្គត់ផ្គង់ឧស្ម័នហ្គាសឲ្យចិនដល់ទៅ៣៨ពាន់លានម៉ែត្រគូប៕ម.ន
-
លទ្ធផលបឋមនៃការស៊ើបអង្កេតបង្ហាញថា យានអវកាសអ៊ីស្រាអែលចុះចតបរាជ័យ នៅលើផ្ទៃព្រះចន្ទ ដោយសារបញ្ហាលេខកូដបញ្ជា

អ៊ីស្រាអែល៖ លទ្ធផលបឋមនៃការស៊ើបអង្កេតបានបង្ហាញថា មូលហេតុដែលបានបណ្តាលឲ្យយានអវកាសអ៊ីស្រាអែល ប៊ឺរ៉េសស៊ីត (Beresheet) ចុះចតបរាជ័យនៅលើផ្ទៃព្រះចន្ទ កាលពីថ្ងៃទី១១ ខែមេសាកន្លងទៅនេះ អាចមកពីបញ្ហាលេខកូដបញ្ជាមួយឃ្លា ដែលត្រូវបានវាយបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ សម្រាប់បញ្ជាយាននេះ។ សូមបញ្ជាក់ថា បើបេសកកម្មនាំយកយានអវកាស ប៊ឺរ៉េសស៊ីត ទៅចុះចតនៅផ្ទៃព្រះចន្ទ កាលពីថ្ងៃទី១១ ខែមេសាកន្លងទៅ ទទួលបានជោគជ័យវិញនោះ អ៊ីស្រាអែលនឹងក្លាយជាប្រទេសទី០៤ ដែលបានចុះទៅដល់ផ្ទៃរបស់ព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាម៉េរិក រុស្ស៊ី និងចិន។ មិនតែប៉ុណ្ណោះ អ៊ីស្រាអែលបានជាប់ជាប្រទេសទី០៧ ដែលបានទៅដល់គន្លងក្បែរឋានព្រះចន្ទ ជាមួយនឹងបេសកកម្មអវកាស ដែលបានចំណាយតិចបំផុត បើធៀបនឹងប្រទេសធំៗផ្សេងទៀត។ យ៉ាងណាមិញ អង្គការអវកាសអ៊ីស្រាអែល ស្ពេសអាយអិល (SpaceIL) និងក្រុមហ៊ុនអាកាសចរណ៍ និងអវកាសអ៊ីស្រាអែល IAI បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ប្រការខាងលើនេះ បានបង្កឡើងជាបណ្តាញប្រតិកម្មនៅក្នុងយាន ដែលអំឡុងពេលនោះម៉ាស៊ីនរបស់វាក៏ស្រាប់តែរលត់ និងមិនអាចដំណើរការឡើងវិញបាន រហូតធ្វើឲ្យវាធ្លាក់ទៅបុកផ្ទៃរបស់ព្រះចន្ទ ក្នុងពេលព្យាយាមចុះចតលើទីនោះ។ រហូតមកទល់ពេលនេះ ការស៊ើបអង្កេតនឹងបន្តប្រព្រឹត្តទៅឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីចេញផ្សាយលទ្ធផលចុងក្រោយ នាពេលខាងមុខនេះ៕ម.ន
-
ស្រីលង្កាទទួលស្គាល់ថា ក្រុមភេវរកររដ្ឋអ៊ីស្លាមពាក់ព័ន្ធការបំផ្ទុះគ្រាប់បែក ស្លាប់មនុស្សជាង២៥០នាក់

ស្រីលង្កា៖ ប្រធានាធិបតីស្រីលង្កាលោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា បានគូសបញ្ជាក់ថា បណ្តាស្ថាប័នស៊ើបការណ៍សម្ងាត់របស់ស្រីលង្កាជឿជាក់ថា ក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS ទំនងជាបានផ្តល់ការហ្វឹកហាត់មកឲ្យក្រុមជនដៃដល់នៃការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីចុងសប្តាហ៍កន្លងទៅ ហើយក្រុមនេះ និងពួកជ្រុលនិយមនៅស្រីលង្កា អាចនឹងមានចំណងទាក់ទងជាមួយគ្នាជាយូរឆ្នាំមកហើយ។ ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីស្រីលង្ការូបនេះ បានប្រកាសធ្វើការច្រានចោលនូវមតិមួយចំនួនដែលថា រូបលោកគួរតែចុះចេញពីតំណែង ដោយសារភាពបរាជ័យក្នុងការទប់ស្កាត់គម្រោងភេរវកម្មដ៏អាក្រក់ ដែលបានផ្តាច់ជីវិតមនុស្សជាង២៥០នាក់ និងបង្កឲ្យរបួសប្រមាណ៥០០នាក់ បើទោះបីជាបានទទួលដំណឹងសម្ងាត់មុនក៏ដោយ។ ម្យ៉ាងវិញទៀត លោក ស៊ីរីសេណា បាននិយាយវាយបកទៅលើការរិះគន់ដែលថា វិវាទផ្នែកនយោបាយរវាងលោក និងនាយករដ្ឋមន្រ្តីស្រីលង្កាបានបង្កើតឲ្យមានចន្លោះប្រហោងក្នុងរដ្ឋាភិបាល ដែលបើកផ្លូវឲ្យការវាយប្រហារបែបនេះ អាចកើតមានឡើងទៅបាន។ បន្ថែមលើនេះ លោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា ថែមទាំងបានស្តីបន្ទោសលើក្រុមមន្រ្តីក្នុងជួររដ្ឋាភិបាលរបស់លោក សម្រាប់ការអសមត្ថភាពនេះ ហើយថា រូបលោកមិនត្រូវបានមន្រ្តីទាំងនោះ ចែករំលែកឲ្យដឹងពីព័ត៌មានសម្ងាត់ដែលទទួលបានឡើយ៕ម.ន
-
ប្រទេសរុស្ស៊ី និងចិន ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា

ប្រទេសចិន និងរុស្ស៊ី បានចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធារួមមួយ នៅឯទីក្រុងឈីងតាវ នៃខេត្តសានទុង ភាគខាងកើតប្រទេសចិន ក្រោយមកដល់នៃកងនាវារបស់ប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩នេះ។ សមយុទ្ធខាងលើដែលមានឈ្មោះថា Joint Sea 2019 នឹងផ្តោតសំខាន់ទៅលើ ការធ្វើប្រតិបត្តិការរួមដើម្បីការពារដែនសមុទ្រ។ ក្នុងឱកាសនេះ កងទ័ពជើងទឹកនៃប្រទេសទាំងពីរ បានចល័តនាវាមុជទឹកសរុបចំនួន០២គ្រឿង នាវាចម្បាំង១៣គ្រឿង ព្រមទាំងយន្តហោះចម្បាំង និងកងទ័ពមួយចំនួនទៀត។ លំហាត់យោធានេះ នឹងបន្តប្រព្រឹត្តទៅរហូតដល់ថ្ងៃទី០៤ ខែឧសភាខាងមុខ។ មេបញ្ជារងនៃទ័ពជើងទឹកចិនលោក ឈី យ៉ានប៉េង បាននិយាយថា តាមរយៈការធ្វើសមយុទ្ធនេះ ភាគីទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ហើយមានប្រសិទ្ធភាពជាងមុនក្នុងការដោះស្រាយ ក៏ដូចជាទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខគ្រប់ប្រភេទ។ គួរជម្រាបថាផងដែរថា នេះគឺជាលើកទីពីរហើយកងនាវានៃប្រទេសទាំងពីរ បានជួបគ្នានៅទីក្រុងកំពង់ផែ ឈីងតាវ គិតចាប់តាំង តែពីពេលចាប់ផ្តើមការធ្វើសមយុទ្ធប្រចាំឆ្នាំនេះ កាលពីឆ្នាំ២០១២មក៕ធ.ដ
-
នគរបាលចិនរឹបអូសជើងមាន់៣២តោននាំចូលពីវៀតណាម ទៅបំផ្លាញចោល

កាលពីថ្ងៃទី២៩ មេសាម្សិលមិញ នគរបាលចិននៅខេត្តយុនណាន បានរឹបអូសជើងមាន់ក្លាសេទម្ងន់ ៣២តោន ដែលត្រូវបានគេលួចនាំចូលពីប្រទេសវៀតណាម នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានហ្ស៊ីនហួរ។ អាជ្ញាធរបញ្ជាក់ថា ជើងមាន់ក្លាសេទាំងនោះ ដែលមានការវេចខ្ចប់បញ្ជាក់ថា មកពីប្រទេសវៀតណាម ត្រូវគេអាជ្ញាធរប្រទះឃើញពីកន្លែងស្តុកទំនិញចំនួន០២ ដែលគ្មានអ្នកយាមកាម។ ពួកគេបានសម្រេចបំផ្លាញជើងមាន់ទាំងនោះចោល និងកំពុងស៊ើបអង្កេតលើករណីនេះ។ សូមរម្លឹកថា កាលពីមករាកន្លងទៅ អាជ្ញាធរចិនឈរជើងនៅទីតាំងជាប់ព្រំប្រទល់ប្រទេសវៀតណាម ក៏បានរឹបអូសជើងមាន់ក្លាសេជាង៣០តោន ដែលលួចនាំចូលពីវៀតណាមផងដែរ៕ធ.ដ
-
ក្រុមហ៊ុន Daimler ថា គេមិនបានលក់រថយន្តប្រភេទ Limos ទៅឲ្យមេដឹកនាំកូរ៉េខាងជើងទេ

ការជ្រើសរើសរថយន្ត S600 Pullman Guard ធ្វើជាយានជំនិះផ្ទាល់ខ្លួនរបស់មេដឹកនាំកូរ៉េខាងជើង មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ដោយសារវាជារថយន្តលំដាប់កំពូលមួយសម្រាប់មេដឹកនាំធំ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា កូរ៉េខាងជើង មិនមែនជាអតិថិជនរបស់ក្រុមហ៊ុន Daimler ដែលជាក្រុមហ៊ុនមេរបស់ Mercedes-Benz នោះឡើយ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុននេះផ្ទាល់។ កន្លងមក គេបានឃើញមេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានប្រើប្រាស់នូវរថយន្តតម្លៃថ្លៃៗដូចជា Rolls-Royce Phantom និង Mercedes-Maybach S600 Pullman Guard ជាដើម។ អ្នកនាំពាក្យរបស់ Daimler បាននិយាយថ្មីៗនេះថា ក្រុមហ៊ុនរបស់ខ្លួនគ្មានយោបល់ឡើយថា រថយន្ត Mercedes របស់ខ្លួនត្រូវបានដឹកទៅដល់កូរ៉េខាងជើងតាមវិធីណា។ អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ក្រុមហ៊ុនរបស់ខ្លួនមានគោលការណ៍គោរពច្បាប់ត្រឹមត្រូវ ក្នុងការលក់ផលិតផលរបស់ខ្លួន។ សូមបញ្ជាក់ថា ចែកចាយលក់រថយន្តនៅទូទាំងពិភពលោក លើកលែងតែកូរ៉េខាងជើង ខណៈដែលអង្គការសហប្រជាជាតិ បានហាមឃាត់មិនឲ្យលក់ផលិតផលប្រណីតដល់កូរ៉េខាងជើងនោះទេ រួមមានរថយន្តប្រភេទ Limos ដូចជា S600 Pullman Guard ជាដើម។…
-
ជប៉ុន សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង គ្រោងរៀបចំកិច្ចពិភាក្សាត្រីភាគី ស្តីពីបញ្ហាសន្តិសុខ

កូរ៉េខាងត្បូង៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកឡើងថា ខ្លួននឹងរៀបចំកិច្ចពិភាក្សាស្តីអំពីបញ្ហាសន្តិសុខជាមួយភាគីរដ្ឋាភិបាលជប៉ុន និងសហរដ្ឋអាម៉េរិកនាសប្តាហ៍ក្រោយនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោកស្រី ឆយ ហ៊ីយន់ ស៊ូ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃ ចន្ទ នេះថា ក្រុមមន្រ្តីជាន់ខ្ពស់ការពារជាតិមកពីប្រទេសទាំងបីនឹងត្រួវចូលរួមកិច្ចប្រជុំរួមគ្នាមួយនៅក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី០៩ ខែឧសភាខាងមុខ លោកស្រីថា ពួកគេត្រូវរំពឹងថា នឹងជជែកគ្នាដោយផ្តោតសំខាន់ ក្នុងការស្វែងរកមធ្យោបាយដោះស្រាយជាមួយកូរ៉េខាងជើង ក្នុងចំណោមបញ្ហាដែលពួកគេនឹងត្រូវលើកយកមកពិភាក្សាគ្នា។ លោកស្រី ឆយ ហ៊ីយន់ ស៊ូ បានគូសបញ្ជាក់ទៀតថា កិច្ចពិភាក្សាត្រីភាគីនាពេលខាងមុខនេះក៏ទំនងជានឹងមានជំនួបតទល់គ្នារវាងក្រុមមន្រ្តីជប៉ុន និងកូរ៉េខាងត្បូង នៅក្រៅកិច្ចប្រជុំនាសប្តាហ៍ក្រោយនេះផងដែរ លោកស្រីថា ការរៀបចំជំនួបនោះ បច្ចុប្បន្នបាននឹងកំពុងស្ថិតក្រោមការរៀបចំជាលក្ខណៈទ្វេភាគី៕ធ.ដ
-
ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស បើសិនជាភាពតានតឹង បន្តកើនឡើង

អ៊ីរ៉ង់៖ រដ្ឋាភិបាលក្រុង តេហេរ៉ង់ អាចនឹងបិទផ្លូវទឹកដឹកជញ្ជូនយុទ្ធសាស្ត្រហ័រមូស ប្រសិនបើខ្លួនប្រឈមនឹងអរិភាពកាន់តែច្រើនឡើង ស្របពេលដែលសហរដ្ឋអាម៉េរិករឹតបន្តឹងទណ្ឌកម្មជាច្រើន នេះបើតាមការព្រមានរបស់ឧត្តមសេនីយ៍កំពូលរបស់អ៊ីរ៉ង់។ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់លោក ម៉ូហាម៉ាត់ បាហ្គើរី បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា យើងមិនចង់បិទច្រកសមុទ្រហ័រមូសនោះទេ ប៉ុន្តែប្រសិនបើអរិភាពរបស់ពួកសត្រូវកើនឡើងនោះ យើងនឹងអាចធ្វើដូច្នេះ លោកថាប្រសិនបើប្រេងរបស់យើងមិនអាចឆ្លងកាត់ច្រកសមុទ្រនេះបាន ប្រេងរបស់ប្រទេសផ្សេងទៀតក៏មិនអាចឆ្លងកាត់ច្រកសមុទ្រនេះបានដូចគ្នា។ គួរបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់លោក ម៉ូហាម៉ាត់ បាហ្គើរី បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីដើមសប្តាហ៍មុនថា ខ្លួននឹងចាប់ផ្តើមដាក់ទណ្ឌកម្មទៅលើប្រទេសមួយចំនួនដូចជា ឥណ្ឌា ចិន និងតួកគី ដែលទិញប្រេងអ៊ីរ៉ង់៕ធ.ដ
-
សហរដ្ឋអាម៉េរិកបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រតៃវ៉ាន់ជាលើកទី០៤ បើទោះជាចិនប្រឆាំងជំទាស់

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក បានបញ្ជូនាវាចម្បាំងចំនួន២គ្រឿងនៃកងទ័ពជើងទឹករបស់ខ្លួនឲ្យបើកកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីចុងសប្តាហ៍មុន ដែលនេះគឺជាលើកទី០៤ហើយ ក្នុងរយៈពេល៤ខែកន្លងមក បើទោះជាចិនប្រឆាំងជំទាស់ក្តី។ នាវាពិឃាតចំនួន២គ្រឿងរបស់កងទ័ពជើងទឹកអាម៉េរិក ឈ្មោះថា William P. Lawrence និង Stethem បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហមួយ នេះបើតាមសេចក្តីថ្លែងការណ៍របស់កងនាវាទី៧របស់សហរដ្ឋអាម៉េរិក។ ដំណើរឆ្លងកាត់នេះ ត្រូវបានគេរំពឹងថា នឹងបង្កភាពតានតឹងថែមទៀតជាមួយចិន តែវាជាសញ្ញាគាំទ្ររបស់សហរដ្ឋអាម៉េរិក ចំពោះកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ខណៈទីក្រុងប៉េកាំងកាន់តែព្រមានប្រើកម្លាំងលើកោះផ្តាច់ខ្លួនរបស់ខ្លួនមួយនេះ បើសិនជារដ្ឋាភិបាលក្រុងតៃប៉ិះកាន់តែចាត់វិធានការឆ្ពោះទៅកាន់ឯករាជភាព៕ធ.ដ
-
ថៃគ្រោងចំណាយថវិកាជាង៣១លានដុល្លារ សម្រាប់ពិធីគ្រងរាជសម្បត្តិជាផ្លូវការ របស់ព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកន នាសប្តាហ៍ក្រោយនេះ

ថៃ៖ រដ្ឋាភិបាលគ្រប់គ្រងដោយយោធាថៃ បានរៀបចំថវិកាចំនួនមួយពាន់លានបាត ឬស្មើនឹង៣១,៣៤លានដុល្លារ សម្រាប់ពិធីគ្រងរាជសម្បត្តិចាប់ពីថ្ងៃទី០៤ ដល់ទី០៦ ខែឧសភាខាងមុខ ដែលស្មើនឹងប្រមាណមួយភាគបីនៃការចំណាយលើពិធីបុណ្យសពរបស់ស្តេចភូមិបុល។ ផ្លូវចំនួន៤០ ត្រូវបានបិទនៅទីក្រុងបាងកក ខណៈដែលក្រុមតន្ត្រី និងមន្ដ្រីយោធាជិះសេះដើរក្បួនឆ្លងកាត់ព្រះបរមរាជវាំង កាលពីចុងសប្តាហ៍មុននេះ ក្នុងការហាត់សម សម្រាប់ពិធីគ្រងរាជសម្បតិរបស់ព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកន នាសប្តាហ៍ក្រោយ ដែលជាការឡើងគ្រងរាជ្យលើកទីមួយរបស់ថៃក្នុងរយៈពេលប្រាំពីរទសវត្សរ៍មកនេះ។ ព្រះមហាក្សត្រ វិជ្ជរ៉ាឡុងកន ព្រះជន្ម៦៦វស្សា ដែលមានគោរមងារថា ស្តេចរាមាទី១០ បានក្លាយជាព្រះមហាក្សត្រតាមរដ្ឋធម្មនុញ្ញ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត កាលពីខែតុលា ឆ្នាំ២០១៦ ក្រោយគ្រងរាជ្យ៧០ឆ្នាំ។ ពិធីគ្រងរាជសម្បតិ្តជាផ្លូវការនាពេលឆាប់ៗនេះ នឹងធ្វើឡើងតាមបែបសាសនាព្រះពុទ្ធ និងព្រហ្មញ្ញសាសនា ដោយព្រះមហាក្សត្រថៃនឹងគ្រងរាជ្យនៅថ្ងៃទី០៤ ខែឧសភា ហើយក្បួនដង្ហែនឹងធ្វើឡើងនៅថ្ងៃបន្ទាប់។ ចំណែកនៅថ្ងៃទី០៦ ខែឧសភាខាងមុខ ដែលបានប្រកាសជាថ្ងៃឈប់សម្រាករបស់ជាតិ ទ្រង់នឹងជួបជាមួយឥស្សរជនថៃ និងបរទេស៕ធ.ដ