-
ក្រុមរដ្ឋអ៊ីស្លាមចេញមុខអះអាងថា ខ្លួនជាអ្នកនៅក្រោយការប្រយុទ្ធគ្នាជាមួយប៉ូលិសស្រីលង្កា និងបង្កឲ្យមនុស្ស១៥នាក់ បាត់បង់ជីវិត

ស្រីលង្កា៖ ក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS បានចេញមុខអះអាងថា ជនសង្ស័យ៣នាក់ដែលបានបំផ្ទុះខ្លួនឯង នាអំឡុងការប៉ះទង្គិចគ្នាជាមួយប៉ូលិសស្រីលង្កានៅភាគខាងកើតប្រទេស គឺជាអ្នកប្រយុទ្ធរបស់ពួកគេ។ តាមរយៈទីភ្នាក់ងារព័ត៌មានរបស់ខ្លួន Amaq News ពួកជ្រុលនិយមដ៏ផ្សៃព្រៃនេះបានអះអាងថា បុរស០៣នាក់នោះ គឺពិតជាសមាជិករបស់ពួកគេ ហើយជនទាំង០៣បានបំផ្ទុះខ្លួនឯង ក្រោយអស់គ្រាប់កាំភ្លើងក្នុងការប្រយុទ្ធគ្នាដ៏យូរជាមួយប៉ូលិសស្រីលង្កា ហើយការប៉ះទង្គិចគ្នានេះ មានមនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់ ក្នុងនោះមានស្រី្ត០៣នាក់ និងកុមារ០៦នាក់។ សូមរំលឹកថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ក្នុងប្រតិបត្តិការចុះឆែកឆេរមួយ បន្ទាប់ពីករណីបំផ្ទុះគ្រាប់បែកយ៉ាងកក្រើកកាលពីថ្ងៃអាទិត្យកន្លងទៅ មានការប៉ះទង្គិចគ្នាដោយអាវុធបានកើតឡើងនៅទីក្រុង Kalmunai ភាគខាងកើតប្រទេស រវាងកម្លាំងប៉ូលិសស្រីលង្កា និងជនមួយក្រុមដែលគេសង្ស័យជាបណ្តាញក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS ហើយប្រហែលមួយម៉ោងក្រោយមក ជនសង្ស័យជាបុរសចំនួន០៣នាក់ក៏បានសម្រេចបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបំពាក់នៅលើខ្លួនពួកគេ៕ធ.ដ
-
ចំនួនអ្នកស្លាប់កើនដល់១៧នាក់ និង៩នាក់បាត់ខ្លួន ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដីនៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដីវាយសង្គ្រប់រដ្ឋធានី ហ្សាកាតា ព្រមទាំងខេត្ត Bengkulu នៅឯតំបន់ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី បានបន្តកើនឡើងដល់១៧នាក់ និង០៩នាក់បាត់ខ្លួន ខណៈប្រជាជនប្រហែល១២,០០០ ត្រូវបានជម្លៀសខ្លួន។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបានបញ្ជាក់ថា មនុស្ស និងបាត់ខ្លួនខាងលើនេះ សុទ្ធតែស្ថិតក្នុងខេត្ត Bengkulu ដែលបានទទួលរងការវាយប្រហារពីគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីបន្តបន្ទាប់ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុននេះ ក្រោយមានការធ្លាក់ភ្លៀងយ៉ាងជោគជាំ។ ប្រភពដដែលបន្តទៀតថា ក្រៅពីមនុស្សបាត់បង់ជីវិត គ្រោះធម្មជាតិទាំងនេះក៏បានបង្កការបំផ្លិចបំផ្លាញដល់លំនៅឋាន១៨៤ខ្នង សាលារៀន០៤ខ្នង និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត រួមមានផ្លូវថ្នល់ និងស្ពានជាដើមផងដែរ៕ធ.ដ
-
មេដឹកនាំសហរដ្ឋអាម៉េរិក និងជប៉ុន ធ្វើកិច្ចពិភាក្សាទ្វេភាគីផ្តោតសំខាន់លើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ

សហរដ្ឋអាម៉េរិក៖ នាយករដ្ឋមន្រី្តជប៉ុន លោក ស៊ីនហ្សូ អាបេ បានជួបពិភាក្សាជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅឯសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ស្ថិតក្នុងគោលបំណងជជែកគ្នាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងបញ្ហាមួយចំនួនទៀត ដែលនៅមានការខ្វែងគំនិតគ្នានៅឡើយ។ ថ្លែងប្រាប់សារព័ត៌មានមុនពេលជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងជប៉ុន កំពុងស្ថិតនៅក្នុងដំណើរការនៅឡើយ ហេតុដូច្នេះហើយទើបលោក អាបេ បង្ហាញវត្ត មាននៅទីនេះ លោកថា ជប៉ុនបានស្នើយកពន្ធក្នុងកម្រិតខ្ពស់ខ្លំាងលើទំនិញកសិកម្មរបស់យើង ហើយយើងចង់ឲ្យមានការបន្ធូរបន្ថយពន្ធទាំងអស់នោះ។ ជាការឆ្លើយតបទៅកាន់ប្រធានាធិបតីអាម៉េរិក លោក ស៊ីនហ្សូ អាបេ បានអះអាងថា ជប៉ុនមិនបានយកពន្ធលើការនាំចូលរថយន្តអាម៉េរិកនោះឡើយ ខណៈដែលទីក្រុងវ៉ាស៊ីនតោនវិញ យកពន្ធ ២.៥% លើរថយន្តជប៉ុន ហេតុដូច្នេះភាគីទាំងពីរត្រូវការពេលបន្ថែមទៀត ដើម្បីចរចាឈានទៅរកកិច្ចព្រមព្រៀង៕ធ.ដ
-
ប្រមុខដឹកនំាកំពូលចិនអំពាវនាវមេដឹកនំាប្រទេសទំាងឡាយ រួមគ្នាប្រឆំាងនឹងគំនិត ឬនយោបាយគាំពារនិយម

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានស្នើឲ្យបណ្តាមេដឹកនាំប្រទេសទាំង ឡាយ ដែលកំពុងមានវត្តមានចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ ក្នុងរដ្ឋធានីប៉េកាំង រួមគ្នាប្រឆាំងនឹងគំនិត ឬនយោបាយគាំពារនិយម ។ ការកត់សម្គាល់បែបនេះលោក ស៊ី ធ្វើឡើងនៅចំពោះមុខបណ្តាមេដឹកនាំមកពីប្រទេសចំនួន៣៧នៃទ្វីបអឺរ៉ុប អាស៊ី និងអាមេរិកឡាទីន នៅក្នុងថ្ងៃសៅរ៍នេះ ដែលត្រូវជាថ្ងៃចុងក្រោយនៃវេទិកាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវលើកទីពីរ (BRI) ដែលមានរយៈពេល០៣ថ្ងៃ ។ លោក ស៊ី ក៏បានធ្វើការសន្យាផងដែរ ក្នុងនាមជាមេដឹកនាំនៃប្រទេសចិន ដើម្បីធ្វើការជាមួយដៃគូនៃទីក្រុងប្រកបដោយនិរន្តរភាពនានា និងការចូលរួមសម្ព័ន្ធភាពគ្នាជាលក្ខណៈអន្តរជាតិ សម្រាប់ការអភិវឌ្ឍបៃតង ស្ថិតនៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។ ប្រធានាធិបតីចិនរូបនេះ ថែមទំាងបានសង្កត់ធ្ងន់ទៀតថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនមែនជារបស់ចិនផ្តាច់មុននោះឡើយ ដោយបណ្តាប្រទេសនានានៅលើពិភពលោក ត្រូវបានស្វាគមន៍ដើម្បីកសាងអនាគតរួម ៕ធ.ដ
-
សហរដ្ឋអាម៉េរិកប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាពាណិជ្ជកម្មអាវុធអង្គការសហប្រជាជាតិ

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់សច្ចាប័នលើសន្ធិសញ្ញាពាណិជ្ជកម្មអាវុធរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (ATT) ហើយថែមទាំងនឹងដកខ្លួនចេញពីសន្ធិសញ្ញានេះក្នុងពេលឆាប់ៗខាងមុខ នេះបើតាមការប្រកាសរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ។ ATT គឺជាសន្ធិសញ្ញាស្ដីពីការគ្រប់គ្រងអាវុធ និងពាណិជ្ជកម្មអាវុធអន្តរជាតិ ហើយវាត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៣ តែមិនទាន់ផ្ដល់សច្ចាប័នពីព្រឹទ្ធសភាឱ្យកា្លយជាច្បាប់នៅឡើយទេ ខណៈប្រទេសចំនួន១៣០បានចុះហត្ថលេខាលើសន្ធិសញ្ញានេះ ។ ប៉ុន្តែសម្រាប់លោក ដូណាល់ ត្រាំ ATT ជាសន្ធិសញ្ញាមួយដ៏អាក្រក់ និងគំរាមកំហែងដល់សេរីភាពរបស់សហរដ្ឋអាម៉េរិកក្នុងការធ្វើពាណិជ្ជកម្មអាវុធ ។ នាឱកាសថ្លែងសុន្ទរកថានៅឯសមាគមគំាទ្រសិទ្ធិប្រើប្រាស់កាំភ្លើងអាម៉េរិក NRA ក្នុងទីក្រុង Indianapolis រដ្ឋ Indiana នៅថ្ងៃសុក្រនេះ លោក ដូណាល់ ត្រាំ បានកត់សម្គាល់ថា អង្គការសហប្រជាជាតិនឹងទទួលបានកំណត់ទូតផ្លូវការមួយពីការដកខ្លួនរបស់សហរដ្ឋអាម៉េរិកក្នុងពេលឆាប់ៗនេះហើយ លោកនឹងចុះហត្ថលេខានៅពេលនេះតែម្ដង នៅចំពោះមុខអ្នកទាំងអស់គ្នា និងជាសារមួយផ្ញើជូនព្រឹទ្ធ សភាឱ្យបញ្ឈប់នីតិវិធីផ្ដល់សច្ចាប័ន ព្រមទាំងបញ្ជូនវាត្រឡប់មកឱ្យលោកវិញ ៕ធ.ដ
-
អ្នកវិទ្យាសាស្ត្របញ្ជាក់ថា ភពអង្គារធ្លាប់មានដងទន្លេធំៗជាងលើភពផែនដី

សហរដ្ឋអាម៉េរិក៖ យោងតាមប្រភពពីគេហទំព័រព័ត៌មាន Space បានឱ្យដឹងថា ការសិក្សាថ្មីមួយបង្ហាញថា ភពអង្គារ (Mars) ធ្លាប់មានទន្លេធំៗ ហើយវែងៗ ក្រោយពេលដែលភពនេះ បានបាត់ស្រទាប់បរិយាកាសភាគច្រើនបំផុតរបស់វាទៅក្នុងទីអវកាសក៏ដោយ ។ បើយោងតាមលទ្ធផលសិក្សាថ្មីមួយ ដងទន្លេរបស់ភពដែលបច្ចុប្បន្នមានពណ៌ក្រហមនេះ គឺទំនងជាមិនបានរីងស្ងួតភ្លាមៗឡើយ រហូតទាល់តែមកដល់ប្រមាណតិចជាង០១ពាន់លានឆ្នាំមុន ហើយផ្លូវទឹកទាំងនោះ ជាមធ្យមមានទំហំធំៗជាងទន្លេនៅលើភពរបស់យើងទៅទៀត ។ គិតមកទល់ពេលនេះ អ្នកវិទ្យាសាស្រ្តនៅតែត្រូវខិតខំសិក្សាស្វែងយល់ច្រើនថែមទៀត អំពីដំណើរវិវត្តន៍នៃអាកាសធាតុរបស់ភពអង្គារ តួយ៉ាងនៅខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ទីភ្នាក់ងារអវកាសអាម៉េរិក NASA និងបញ្ជូនយានរុករកថ្មីមួយគ្រឿងទៀត ដើម្បីទៅសិក្សាលើអតីតតំបន់ដីសណ្តរចំណាស់មួយ ដែលស្ថិតនៅក្នុងរណ្តៅចេហ្សែរ៉ូ (Jezero) របស់ភពអង្គារ ៕ធ.ដ
-
អ្នកជំនាញអ៊ីរ៉ង់និយាយថា ក្រុមភេវរកររដ្ឋអ៊ីស្លាម IS បង្កើនទីតាំងថ្មីនៅអាម៉េរិកឡាទីន បន្ទាប់ពីបាត់បង់ទីតាំងនៅតំបន់មជ្ឈឹមបូព៌ា

អាម៉េរិកឡាទីន៖ តំបន់អាម៉េរិកឡាទីននឹងក្លាយទៅជាទីតាំងថ្មីរបស់ក្រុមរដ្ឋអ៊ីស្លាម IS បន្ទាប់ពីក្រុមភេវរកម្មនេះ បានបរាជ័យនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ង់ ហើយបើតាមក្រុមអ្នកឯកទេសរបស់អ៊ីរ៉ង ការបង្កើតទីតាំងនៅតំបន់នោះ នឹងជួយឲ្យក្រុមជ្រុលនិយមនេះមានសុវត្ថិភាពជាងដើម្បីបង្កើតសកម្មភាព ។ នៅក្នុងអំឡុងកិច្ចប្រជុំស្តីពីសន្តិសុខជាតិនៅទីក្រុងមូស្គួល នាពេលថ្មីៗនេះ មេបញ្ជាការក្រុមចារកម្មរុស្ស៊ី លោក Igor Kostyukov បានព្រមានថា ក្រុមភេរវកម្មរដ្ឋអ៊ីស្លាម IS និងក្រុមអាល់កៃដាបានបង្កើតទីតាំងថ្មីនៅក្នុងតំបន់អាម៉េរិកឡាទីន ខណៈបច្ចុប្បន្នក្រុមភេរវកម្មកំពុងតែជ្រើសរើសទាហាន និងបណ្តុះទស្សនជ្រុលនិយមនៅក្នុងសហគមន៍អ៊ីស្លាម ។ មេបញ្ជាការក្រុមចារកម្មរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ចំណុចដែលចាប់អារម្មណ៍បំផុត នោះគឺក្រុមភេរវកម្មបានបង្កើតទីតាំង និង រូងក្រោមដី ដើម្បីលាក់ខ្លួននៅតំបន់អាម៉េរិកឡាទីន លោកថា ក្រុមភេរវកម្មបានជ្រើសរើសខ្មាន់កាំភ្លើង ដើម្បីបញ្ជូនទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិក សំដៅធ្វើសកម្មភាពបញ្ចុះបញ្ជូល គៀងគរ ក៏ដូចជារួមចំណែកថវិការជួយដល់ក្រុម ។ នៅតំបន់អាមេរិកឡាទីន មានអ្នកកាន់សាសនាអិស្លាមប្រមាណជាង៦លាននាក់ ៕ធ.ដ
-
មនុស្សស្លាប់១៥នាក់ ក្នុងនោះមានកុមារ៦នាក់ នៅក្នុងហេតុការណ៍បាញ់ប្រហារគ្នានៅភាគខាងកើតប្រទេសស្រីលង្កា

ស្រីលង្កា៖ មនុស្ស១៥នាក់ ក្នុងនោះមានកុមារ០៦នាក់ ត្រូវបានគេរកឃើញបាត់បង់ជីវិត នៅឯកន្លែងទើបមានការបាញ់តបតគ្នាមួយ នៅឯតំបន់ឆ្នេរភាគខាងកើតនៃប្រទេស នេះបើតាមសេចក្តីរាយការណ៍ពីអាជ្ញារធរស្រីលង្កា នៅថ្ងៃសៅរ៍នេះ ។ ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុក អ្នកនាំពាក្យយោធាស្រីង្កាម្នាក់បានបញ្ជាក់ថា ក្នុងចំណោមសាកសពមនុស្សទាំង១៥នាក់ខាងលើនេះ ក្នុងនោះរួមមានកុមារ០៦នាក់ រួមទាំងជនសង្ស័យជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ០៣នាក់ផងដែរ ខណៈហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីករណីបំផ្ទុះគ្រាប់អត្តឃាតសម្លាប់មនុស្សច្រើនជាង២៥០នាក់ និងរបួសប្រមាណ៥០០នាក់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ។ បើតាមប្រភពប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ការបាញ់តបតគ្នារវាងកងកម្លាំងស្រីលង្កា និងជនសង្ស័យជាក្រុមសកម្មប្រយុទ្ធ ISIS បានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ នៅក្នុងតំបន់ សេនថាម៉ារូធូ ទីក្រុងអាំផារ៉ា រហូតដល់ទីក្រុង បាត់ធីខាឡាវ ស្ថិតនៅភាគខាងត្បូងប្រទេស ជាទីតាំងមួយដែលរងការវាយប្រហារភេរវកម្ម ដោយបំផ្ទុះគ្រាប់កាលពីថ្ងៃអាទិត្យកន្លងទៅ ៕ធ.ដ
-
តាក់ស៊ីហោះក្នុងផ្ទៃមេឃនឹងបង្កើនបន្ថែមទៀត បន្ទាប់ពីកិច្ចសហការរវាងសិង្ហបុរី ជាមួយក្រុមហ៊ុន Volocopter

សង្ហិបុរី៖ ក្រុមហ៊ុនតាក់ស៊ីហោះរបស់អាល្លឺម៉ង់ Volocopter កំពុងធ្វើការជាមួយអាជ្ញាធរសិង្ហបុរី ដើម្បីណែនាំរថយន្តតាក់ស៊ីហោះនៅរដ្ឋទីក្រុងមួយនេះ ជាមួយការហោះសាកល្បងគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០១៩នេះ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បានបង្ហាញព័ត៌មានលម្អិតនៅពិព័រណ៍ពាណិជ្ជកម្ម Rotorcraft Asia ថា ការសាកល្បងហោះហើរនឹងធ្វើឡើងនៅភាគខាងត្បូងនៃប្រទេសសិង្ហបុរី ហើយនឹងហោះលើផ្ទៃទឹកដើម្បីធានាសុវត្ថិភាពអតិបរមាអំឡុងពេលហោះហើរសាកល្បង។ សិង្ហបុរីតែងតែនាំមុខគេក្នុងការដឹកជញ្ចូននាពេលអនាគត ខណៈអនុម័តច្បាប់នានាដែលធ្វើឱ្យការដឹកជញ្ជូននៅក្នុងប្រទេសមានភាពរលូន និងមានរបៀបរៀបរយ។ បើតាមរបាយការណ៍មួយកាលពីឆ្នាំមុន សិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមទីក្រុងធំៗចំនួន២៤នៅជុំវិញពិភពលោក ទាក់ទងនឹងប្រព័ន្ធដឹកជញ្ជូនតាមទីក្រុងដែលមានរបៀបបំផុតមិនតែប៉ុណ្ណោះ សិង្ហបុរីក៏នាំមុខទីក្រុងដទៃទៀតផងដែរ ខាងលទ្ធភាពអាចរកមធ្យោបាយធ្វើដំណើរបានគ្រប់ប្រភេទ ភាពធូរថ្លៃ ប្រសិទ្ធភាពខ្ពស់ ចីរភាព និងភាពងាយស្រួល៕ធ.ដ
-
ក្រុមហ៊ុន LG សម្រេចផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសវៀតណាមវិញ ក្រោយបិទបិទរោងចក្រផលិតទូរសព្ទនៅកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ LG នឹងបញ្ឈប់ការផលិតទូរសព្ទដៃស្មាតហ្វូននៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយនឹងផ្លាស់ប្តូររោចក្ររបស់ខ្លួនទៅកាន់ប្រទេសវៀតណាមវិញ ស្ថិតក្នុងគោលបំណងស្ដាផលិតកម្មឡើងវិញ ស្របពេលដែលក្រុមហ៊ុនខ្លួនកំពុងប្រឈមមុខនឹងការថយចុះនៃតម្រូវការជាសកល នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន LG Electronics។ បើតាមសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុន LG បានបញ្ជាក់ថា ការផ្លាស់ប្ដូរផលិតកម្មនឹងជួយបង្កើនសមត្ថភាពផលិតទូរសព្ទដៃស្មាតហ្វូនប្រចាំឆ្នាំនៅក្នុងប្រទេសវៀតណាមប្រមាណ៨៣ភាគរយ ឬ ផលិតបានទូរសព្ទដៃ១១លានគ្រឿងចាប់ពីឆមាសទី២ នៃឆ្នាំ២០១៩នេះ ខណៈកម្មករ៧៥០នាក់នៅឯរោងចក្រប្រចាំប្រទេសកូរ៉េខាងត្បូង នឹងត្រូវបានផ្លាស់ប្ដូរទៅកាន់រោងចក្រផលិតសម្ភារអេឡិចត្រូនិកប្រើប្រាស់នៅក្នុងផ្ទះវិញ។ សូមបញ្ជាក់ថា LG គឺជាក្រុមហ៊ុនអេឡិចត្រូនិកធំមួយ ដែលជាប់ចំណាប់ថ្នាក់លេខ៣ នៅក្នុងទីផ្សារស្មាតហ្វូននៅសហរដ្ឋអាម៉េរិក កាលពីត្រីមាសទី៣ ឆ្នាំ២០១៨ ប៉ុន្តែពាណិជ្ជកម្មទូរសព្ទដៃស្មាតហ្វូនបានធ្វើឱ្យក្រុមហ៊ុនមួយនេះ ខាតបង់ប្រាប់ជាច្រើននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕ធ.ដ