Category: ព័ត៌មានអន្តរជាតិ

  • ខ្មាន់កាំភ្លើង២នាក់ដែលសង្ស័យជាបណ្តាញក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS ត្រូវប៉ូលិសស្រីលង្កាបាញ់សម្លាប់

    ខ្មាន់កាំភ្លើង២នាក់ដែលសង្ស័យជាបណ្តាញក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS ត្រូវប៉ូលិសស្រីលង្កាបាញ់សម្លាប់

    ស្រីលង្កា៖ ខ្មាន់កំាភ្លើង០២នាក់ដែលសង្ស័យជាបណ្តាញក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS ត្រូវបានកម្លាំងយោធាស្រីលង្កាបាញ់សម្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកមួយនៅលើប្រទេសដីកោះមួយនេះ បន្ទាប់ពីកើតមានករណីវាយប្រហារភេរវកម្មដោយបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ផ្តាច់ជីវិតមនុស្ស២៥៣នាក់នៅសណ្ឋាគារ និងវិហារគ្រិស្ដជាច្រើនក្នុងទីក្រុងកូឡុំបូ និងនៅទីក្រុងបាត់ធីខាឡាវ។ គិតមកទល់ពេលនេះ ជនសង្ស័យសរុប៧៤នាក់ ត្រូវបានចាប់ខ្លួនដើម្បីសួរចម្លើយ ហើយបច្ចុប្បន្នអាជ្ញាធស្រីលង្កាកំពុងបន្តការស៊ើបអង្កេតថាតើក្រុមភេរវករ ISIS ពិតជានៅពីក្រោយសកម្មភាពវាយប្រហារកាលពីថ្ងៃអាទិត្យ ដូចការអះអាងរបស់ពួកគេដែរ ឬយ៉ាងណា? ខណៈពួកឧទ្ទាមក្នុងតំបន់ហៅថា ហ្សាម៉ាអាត ថូវីត ត្រូវបានរដ្ឋាភិបាលស្រីលង្កាចោទប្រកាន់ថា ជាអ្នកប្រព្រឹត្ត។ យ៉ាងណាមិញ ការបង្ក្រាបយ៉ាងក្តៅគគុកខាងលើនេះ ធ្វើឡើងនៅអំឡុងដែលប៉ូលិស និងយោធាស្រីលង្កាត្រូវបានបញ្ជាឲ្យសហការគ្នា ដើម្បីតាមប្រមាញ់ជនសង្ស័យទាំងអស់ដែលមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម ដែលបានបង្កចលាចលក្នុងប្រទេស និងប៉ះពាល់យ៉ាងធ្ងន់ដល់ផ្នែកសន្តិសុខ និងវិស័យសេដ្ឋកិច្ច-ទេសចរណ៍ថែមទៀតនោះ៕ធ.ដ

  • នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងប្រាប់ពិភពលោកនូវផលប្រយោជន៍របស់កម្ពុជាទទួលបានពីផ្លូវមួយ ខ្សែក្រវាត់មួយ

    នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងប្រាប់ពិភពលោកនូវផលប្រយោជន៍របស់កម្ពុជាទទួលបានពីផ្លូវមួយ ខ្សែក្រវាត់មួយ

    ចិន៖  វេទិកាខ្សែក្រវាត់និងផ្លូវ ដែលជាយុទ្ធសាស្ត្រក្នុងការពង្រីកទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងប៉េកាំងជាមួយ នឹងសកលលោក បានចាប់ដំណើរការហើយនៅថ្ងៃទី២៦មេសា។វេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២នៅទីក្រុង ប៉េកាំងនាពេលនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ, រៀបចំអនាគតចែក រំលែកនិងកាន់តែភ្លឺស្វាង»។  គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ One Belt, One Road គឺជាគំនិតផ្តួចផ្តើមនៃ ខ្សែយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់ចេញដោយ រដ្ឋាភិបាលចិនពាក់ព័ន្ធនឹងគម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅក្នុង ប្រទេសចំនួន ១៥២ និងអង្គការអន្តរជាតិជាច្រើននៅទ្វីបអឺរ៉ុប, អាស៊ី, អាស៊ីបូព៌ា, អាមេរិកឡាទីន និងអាហ្រ្វិក។ ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន​ឯកឧត្តម ស៊ី ជីនភីង បានប្រកាស​ពីយុទ្ធ សាស្រ្តនេះលើកដំបូងក្នុង អំឡុងពេលធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឥណ្ឌូនេស៊ីនិងប្រទេសកាហ្សាក់ស្ថាននៅក្នុងឆ្នាំ២០១៣។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ក្នុងសុន្ទរកថា​បើកក្នុង​ថ្ងៃដំបូងនេះ បានមានប្រសាសន៍ថាកោតសរសើរចំពោះ គម្រោងផ្លូវនិងខ្សែក្រវាត់ដាកចេញដោយមេដឹកនាំនៃប្រទេសចិន ដែលបានធ្វើអោយប្រទេសដែលស្ថិតក្នុងរបត់ នៃយុទ្ធសាស្ត្រសេដ្ឋកិច្ចនេះ មានការរីកចំរើន ជាក់ស្តែងគឺកម្ពុជា (ពី៦និង៥២ដល់១០និង៣៣) សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅក្នុងយុគសម័យឌីជីថល ពិភពលោកទាំងមូលលែងបែង ចែក ជាទ្វីបទៀតហើយៗ យើងទាំងអស់គ្នារស់នៅយ៉ាងកៀកបង្កើយ…

  • សារព័ត៌មានកូរ៉េខាងជើងផ្សាយថា ទីក្រុងព្យុងយ៉ាងត្រៀមខ្លួនជានិច្ច ដើម្បីប្រឈមមុខនឹងគ្រប់ស្ថានការណ៍ដែលអាចនឹងកើតឡើង

    សារព័ត៌មានកូរ៉េខាងជើងផ្សាយថា ទីក្រុងព្យុងយ៉ាងត្រៀមខ្លួនជានិច្ច ដើម្បីប្រឈមមុខនឹងគ្រប់ស្ថានការណ៍ដែលអាចនឹងកើតឡើង

    កូរ៉េខាងជើង៖ ក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនថា សន្តិភាពនៅលើឧបទ្វីបកូរ៉េ គឺអាស្រ័យទំាងស្រុងលើអាកប្បកិរិយារបស់សហរដ្ឋអាម៉េរិកនាពេលអនាគត ប៉ុន្តែកូរ៉េខាងជើងបានត្រៀមខ្លួនជានិច្ច ដើម្បីប្រឈមមុខនឹងគ្រប់ស្ថានការណ៍ដែលអាចនឹងកើតឡើង។ បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ផ្អែកលើការស្រង់ម្ដីរបស់លោក គីម ជុងអ៊ុន បានចុះផ្សាយនៅថ្ងៃសុក្រនេះថា បច្ចុប្បន្នស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េកំពុងជាប់គាំង និងស្ថិតនៅក្នុងកាលៈទេសៈមួយដ៏សំខាន់ ហើយថា សហរដ្ឋអាម៉េរិកមិនមានចេតនាល្អឡើយ នៅក្នុងកិច្ចប្រជុំកំពូលនៅឯប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅ។ ប្រភពដដែលបានឱ្យដឹងទៀតថា លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា វាអាចត្រឡប់ទៅរកស្ថានភាពតានតឹងដូចពេលមុនវិញគ្រប់ពេលវេលា ខណៈសហរដ្ឋអាម៉េរិកមិនមានចេតនាល្អឡើយ នៅក្នុងកិច្ចប្រជុំកំពូលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងនាពេលកន្លងទៅនេះ៕ធ.ដ

  • ប្រធានាធិបតីបារាំងសន្យាកាត់បន្ថយពន្ធដល់កម្មករនិយោជិត ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយក្រុមបាតុករ

    ប្រធានាធិបតីបារាំងសន្យាកាត់បន្ថយពន្ធដល់កម្មករនិយោជិត ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយក្រុមបាតុករ

    បារាំង៖ នៅទីបំផុតប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានប្រកាសកាត់បន្ថយពន្ធសម្រាប់កម្មករនិយោជិតថ្នាក់កណ្តាល និងផែនការសម្រាប់សភាតំណាងរាស្ត្របន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍តនេះ ដែលជាផ្នែកមួយនៃការឆ្លើយតបតាមការសន្យា ចំពោះការតវ៉ាអាវកាក់ពណ៌លឿងប្រចាំសប្តាហ៍ ដែលធ្វើឱ្យប៉ះពាល់ដល់តំណែងរបស់លោក។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិ ប្រធានាធិបតីបារាំងរូបនេះ បាននិយាយថា ទីក្រុងប៉ារីស និងសហភាពអឺរ៉ុប ត្រូវតែធ្វើចំណាត់ការបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់ ខណៈការថ្លែងបែបនេះបានកើតមានឡើង បន្ទាប់ពីលោកបានកោះប្រជុំទូទាំងប្រទេស ដើម្បីជជែកវែកញែកអំពីរបៀបដោះស្រាយកង្វល់សេដ្ឋកិច្ច ដែលបានលើកឡើងដោយក្រុមចលនាអាវកាក់ពណ៌លឿង ក្នុងនោះរួមមាន ពន្ធខ្ពស់ ភាពអត់ការងារធ្វើ និងប្រាក់ឈ្នួលថេរជាដើម។ ជាមួយគ្នានោះ លោក ម៉ាក្រុង បានបង្ហាញវិធានការជាច្រើន ដើម្បីបង្កើនប្រាក់សោធន៍ក្រោម២,០០០អឺរ៉ូ ឬស្មើនឹង២,២២៦ដុល្លារអាម៉េរិក ហើយបាននិយាយថាលោកនឹងស្នើរុះរើប្រព័ន្ធចូលនិវត្តន៍របស់បារាំងឡើងវិញនៅរដូវក្តៅផងដែរ។ ប៉ុន្តែលោកអះអាងថា “ដំណោះស្រាយដ៏ល្អបំផុត” សម្រាប់ការខ្វែងគំនិតគ្នាអំពីហិរញ្ញវត្ថុគឺការ“កាត់បន្ថយពន្ធសម្រាប់ប្រជាពលរដ្ឋក្នុងចំនួនអតិបរិមា ជាពិសេសគឺអ្នកដែលកំពុងធ្វើការងារ តួយ៉ាងដូចជាជនថ្នាក់កណ្តាល(ដែលមានជីវភាពមធ្យម)៕ធ.ដ

  • រុស្ស៊ីបង្ហាញនាវាមុជទឹកថ្មី ដែលបំពាក់ជាមួយដ្រូននុយក្លេអ៊ែរដ៏មានអនុភាពខ្លាំងក្លា

    រុស្ស៊ីបង្ហាញនាវាមុជទឹកថ្មី ដែលបំពាក់ជាមួយដ្រូននុយក្លេអ៊ែរដ៏មានអនុភាពខ្លាំងក្លា

    រុស្ស៊ី៖ រុស្ស៊ីបានបង្ហាញនាវាមុជទឹកនុយក្លេអ៊ែរថ្មីចុងក្រោយបំផុតរបស់ខ្លួន មានឈ្មោះថា Belgorod ដែលចាប់ផ្តើមចាកចេញពីរោងចក្រ Sevmash នៅភាគពាយ័ព្យប្រទេស នាសប្តាហ៍នេះ ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីនបានសង្កេតមើលតាមរយៈ Teleconference។ នាវាមុជទឹក Belgorod ត្រូវបានបង្កើតឡើងដើម្បីដឹកដ្រូននុយក្លេអ៊ែរ Poseidon ដែលជាអាវុធប្រល័យលោកមួយប្រភេទ ដែលរុស្ស៊ីនិយាយថា នឹងមានសមត្ថភាពបំផ្លាញទីក្រុងធំៗជាច្រើន ដោយបង្កជារលកយក្សស៊ូណាមី។ នាវាមុជទឹកនេះ នឹងសង់រួចជាស្ថាពរនៅពេលដាក់ចុះក្នុងទឹក ហើយបើតាមទីភ្នាក់ងារសារព័ត៌មាន TASS ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរនឹងត្រូវធ្វើតេស្តនៅចុងឆ្នាំនេះ ជាមួយការសាកល្បងក្នុងសមុទ្រនៅឆ្នាំ២០២០ និងដាក់ឱ្យប្រើជាផ្លូវការនៅចុងឆ្នាំនោះតែម្តង។ សូមរំលឹកថា លោក វ៉្លាឌីមៀរ ពូទីន បានលើកឡើងជាលើកដំបូងអំពីដ្រូនបំពាក់អាវុធនុយក្លេអ៊ែរ ក្នុងចំណោមអាវុធថ្មីៗដទៃទៀតនៅក្នុងការថ្លែងសុន្ទរកថាថ្នាក់រដ្ឋកាលពីឆ្នាំមុនថា អាវុធទាំងនោះ នឹងធ្វើឱ្យប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកគ្មានប្រយោជន៍។ លោកបន្ថែមថា ដ្រូនទាំងនោះត្រូវបានផលិតឡើងមានរូបរាងប្រហាក់ប្រហែលនឹងគ្រាប់ Torpedo ប៉ុន្តែមានទំហំធំជាងអាវុធសាមញ្ញនេះ ដោយមានប្រវែងរហូតដល់២៤ម៉ែត្រ ដែលហេតុនេះហើយ ទើបវាត្រូវការដឹកតាមនាវាមុជទឹកដែលសង់ឡើងយ៉ាងពិសេសនេះ៕ធ.ដ

  • បារាំងផ្តល់ជំនួយកែលម្អអាកាសយានដ្ឋាន Noi Bai របស់វៀតណាម ឲ្យទទួលអ្នកដំណើរកើនដល់២៥លាននាក់ នៅឆ្នាំក្រោយ

    បារាំងផ្តល់ជំនួយកែលម្អអាកាសយានដ្ឋាន Noi Bai របស់វៀតណាម ឲ្យទទួលអ្នកដំណើរកើនដល់២៥លាននាក់ នៅឆ្នាំក្រោយ

    ចំណតអាកាសយានដ្ឋានអន្តរជាតិ Noi Bai ស្ថិតក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម គ្រោងនឹងបង្កើតការទទួលអ្នកដំណើរឲ្យបានពី៨០ទៅ១០០លាននាក់ ត្រឹមឆ្នាំ២០៥០ ជាផ្នែកមួយនៃគម្រោងពង្រីក ត្រូវបានចុះហត្ថលេខាព្រមព្រៀងរវាងអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម និងក្រុមហ៊ុនបារាំង។ អាកាសចរណ៍ស៊ីវិលវៀតណាម និងក្រុមហ៊ុន ADPi របស់បារាំង បានចុះអនុស្សារណៈយោគយល់ឯកភាពបែបនេះ នៅទីក្រុងហាណូយ កាលពីថ្ងៃពុធ សប្តាហ៍នេះ ពោលគឺពាក់ព័ន្ធនឹងការពង្រីកចំណតអាកាសយានដ្ឋានអន្តរជាតិរបស់វៀតណាមមួយនេះ។ ជាមួយនឹងទុនវិនិយោគប្រមាណ៣៤.៧ពាន់លានដុង ឬ ១.៤៨លានដុល្លារអាម៉េរិកនោះ។ ផែនការនេះត្រូវបានរំពឹងថា នឹងអនុវត្តជាង១២ខែ ក្នុងគោលបំណងបង្កើនចំនួនអ្នកដំណើរចន្លោះពី២០ទៅ២៥លាននាក់ នៅឆ្នាំក្រោយ និង ៥០លាននាក់បន្ទាប់ពីឆ្នាំ២០៣០។ ភាគីបារាំងបានផ្តល់ជំនួយឥតសំណងប្រមាណ៣០.៨ពាន់លានដុង ឬ១.៣១លានដុល្លារអាម៉េរិក។ ចំណតអាកាសយានដ្ឋានរបស់វៀតណាមួយនេះ ទទួលបានអ្នកដំណើរ៦លាន៧សែន៤ម៉ឺននាក់ កាលពីត្រីមាសដំបូងនៃឆ្នាំ២០១៩ ប្រៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨ មានកំណើន៩.៤ភាគរយ៕ធ.ដ

  • នាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាចិត្តជំរុញគម្រោងកសាងផ្លូវដែកល្បឿនលឿនជាមួយចិន

    នាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាចិត្តជំរុញគម្រោងកសាងផ្លូវដែកល្បឿនលឿនជាមួយចិន

    នាយករដ្ឋមន្ត្រីថៃបានថ្លែងថា ប្រទេសរបស់លោកបានប្តេជ្ញាចិត្តចំពោះដំណើរការនៃគម្រោងកសាងផ្លូវដែកល្បឿនលឿនរវាងប្រទេសថៃ និងប្រទេសចិន ហើយលោកក៏ចង់ឲ្យគម្រោងនេះ បញ្ចប់ទៅឲ្យបានលឿនបំផុត តាមដែលអាចទៅរួចផងដែរ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានហ្ស៊ីនហួរ នាថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។ ការថ្លែងរបស់លោក ប្រាយុទ្ធ ចាន់អូចា ខាងលើនេះ ត្រូវបានធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មាននានា កាលពីថ្ងៃព្រហស្បតិ៍តម្សិលមិញ មុននឹងលោកត្រូវឡើងយន្តហោះធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ ជាមួយមេដឹកនាំប្រទេសចំនួន៣៧ រួមទាំងភ្ញៀវកិត្តិយសមកពីបណ្តាប្រទេសចំនួន១៥០ និងអង្គការអន្តរជាតិ៩០ សរុបប្រមាណ៥០០០នាក់។ លោក ប្រាយុទ្ធ បានលើកឡើងពីសុភាសិតចិនមួយថា សាមគ្គីភាពនាំឲ្យអ្វីៗទាំងអស់សម្រេចជោគជ័យ។ លោកសង្ឃឹមថា គម្រោងនេះគឺក្លាយជាដំណើរដ៏ល្អប្រសើរ ដើម្បីជាឱកាសធ្វើការសិក្សាបន្ថែមទៀតអំពីផ្លូវដែកល្បឿនលឿន និងបច្ចេកវិទ្យាដែលពាក់ព័ន្ធ។ ជាមួយគ្នានេះដែរ លោក ប្រាយុទ្ធ បានបង្ហើបឲ្យដឹងថា វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ ក៏នឹងក្លាយជាពេលវេលានៃការចុះអនុស្សរណនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសថៃ ឡាវ និងចិន ទៅលើការអភិវឌ្ឍផ្លូវដែករួមគ្នារវាងតំបន់Nongkhai ប្រទេសថៃ និងទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវផងដែរ៕ធ.ដ

  • គីម ជុងអ៊ុន ប្រហារជីវិតមន្ត្រី៤នាក់ ព្រោះធ្វើឲ្យជំនួបកំពូលកូរ៉េខាងជើង-អាម៉េរិក នៅវៀតណាមទទួលបរាជ័យ

    គីម ជុងអ៊ុន ប្រហារជីវិតមន្ត្រី៤នាក់ ព្រោះធ្វើឲ្យជំនួបកំពូលកូរ៉េខាងជើង-អាម៉េរិក នៅវៀតណាមទទួលបរាជ័យ

    មន្ត្រីកូរ៉េខាងជើងចំនួន៤នាក់ ត្រូវបានរាយការណ៍ថា ទទួលទោសប្រហារជីវិតក្រោយពេលដែលជំនួបរវាង គីម ជុងអ៊ុន និងដូណាល់ ត្រាំ មេដឹកនាំអាម៉េរិកក្នុងទីក្រុងហាណូយបរាជ័យ កាលពីខែកុម្ភៈ ២០១៩កន្លងទៅ។ យោងតាមសារព័ត៌មានរដ្ឋព្យុងយ៉ាងឲ្យដឹងថា មន្ត្រីទាំង៤នាក់ សុទ្ធតែមកពីក្រសួងការបរទេសដោយពួកគេត្រូវបានបាញ់ដោយកាំភ្លើងដើម្បីប្រហារជីវិត។ ពួកគេត្រូវបានចោទប្រកាន់ថា ធ្វើឲ្យបែកធ្លាយព័ត៌មានទៅឲ្យអាម៉េរិកមុនថ្ងៃនៃជំនួបកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ នេះបើតាមមេដឹកនាំកូរ៉េខាងជើង វ័យ៣៥ឆ្នាំ គីម ជុងអ៊ុន។ ការកាត់ទោសប្រហារជីវិតនេះ ត្រូវបានធ្វើឡើងនៅកណ្ដាលក្រុងព្យុងយ៉ាង និងឃ្លាំមើលដោយផ្ទាល់ពីសំណាក់សមាជិកគណបក្សពលករកូរ៉េ និងកងទ័ពប្រជាជាតិកូរ៉េផងដែរ។ ដំណឹងនៃការប្រហារជីវិតនេះកើតមានឡើង ក្រោយពេលប្អូនស្រីរបស់គីម ជុង អ៊ុន គឺនាង គីម យ៉ូជុង ត្រូវបានដកតំណែងពីជួរគណបក្ស ពាក់ព័ន្ធនឹងរឿងជំនួបកំពូលនៅវៀតណាមដែរ។ លោក Kim Yong Chol ទីប្រឹក្សាជាន់ខ្ពស់របស់ គីម ជុងអ៊ុន និងជាមន្ត្រីចរចាដ៏សំខាន់ជាមួយអាម៉េរិក ក៏ត្រូវបានដកតំណែងផងដែរ កាលពីដើមខែមេសា៕ធ.ដ

  • អតីតអនុប្រធានាធិបតីអាម៉េរិកប្រកាសឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២០

    អតីតអនុប្រធានាធិបតីអាម៉េរិកប្រកាសឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២០

    សហរដ្ឋអាម៉េរិក៖ អតីតអនុប្រធានាធិបតីអាម៉េរិកលោក Joe Biden បានប្រកាសជាផ្លូវការថា រូបលោកនឹងឈរឈ្មោះបោះឆ្នោត ធ្វើជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅឆ្នាំ២០២០ខាងមុខ។ ការប្រកាសនេះ ធ្វើឲ្យលោកក្លាយជាបេក្ខជននៅថ្នាក់កំពូល ក្នុងចំណោមបេក្ខជនឈរឈ្មោះខាងគណបក្សប្រជាធិបតេយ្យដើម្បីប្រកួតប្រជែងនឹងលោក Donald Trump។ លោក Biden គឺជាអតីតសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Delaware ខាងគណបក្សប្រជាធិបតេយ្យ និងធ្លាប់ធ្វើជាអនុប្រធានាធិបតីអាម៉េរិកពីរអាណត្តិក្រោមរដ្ឋបាលលោក Barack Obama។ លោកក៏នឹងធ្វើការប្រកួតប្រជែងជាមួយនឹងលោក Bernie Sanders មកពីរដ្ឋ Vermont និងបេក្ខជនផ្សេងទៀតៗនៅក្នុងគណបក្សប្រជាធិបតេយ្យផងដែរ។ គេមិនទាន់ដឹងច្បាស់ទេថា តើលោកអាចរ៉ៃអង្គាសប្រាក់ សម្រាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតបានច្រើនដូចបេក្ខជនផ្សេងៗទៀតឬយ៉ាងណានោះទេ ប៉ុន្តែគ្មានបេក្ខជនណាមានបទពិសោធន៍ច្រើនក្នុងវិស័យការបរទេស វិស័យតុលាការខាងបទឧក្រិដ្ឋ និងគោលនយោបាយក្នុងស្រុកដូចជារូបលោកនោះទេ៕ធ.ដ

  • ប្រធានាធិបតីរុស្ស៊ីអះអាងថា បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េអាចដោះស្រាយបាន មានតែតាមរយៈផ្លូវទូត និងនយោបាយតែមួយគត់

    ប្រធានាធិបតីរុស្ស៊ីអះអាងថា បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េអាចដោះស្រាយបាន មានតែតាមរយៈផ្លូវទូត និងនយោបាយតែមួយគត់

    រុស្ស៊ី៖ បញ្ហាអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េអាចដោះស្រាយទៅបាន មានតែតាមរយៈមធ្យោបាយការទូត និងដោយសន្តិវិធីតែមួយគត់ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្រោយជួបពិភាក្សាការងារជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងថ្ងៃព្រហស្បតិ៍តនេះ នៅកោះរ៉ាស់ស្កាយ ទីក្រុងវ្ល៉ាឌីវ៉ូស្តូក ស្ថិតនៅភាគខាងកើតបំផុតនៃប្រទេសរុស្ស៊ី។ ស្របពេលជាមួយគ្នានោះដែរ លោក គីម ជុងអ៊ុន ក៏បានសង្កត់ធ្ងន់ដែរថា រូបលោក និងលោក ពូទីន បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា ស្តីអំពីមធ្យោបាយដោះស្រាយបញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េដោយសន្តិវិធី និងការពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ជាមួយការរំពឹងថា កិច្ចចរចារបស់មេដឹកនាំទាំងពីរ នឹងបន្តទៅមុខប្រកបដោយលក្ខណៈស្ថាបនា។ សូមរំលឹកថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងទៅដល់កោះរ៉ាស់ស្កាយ ទីក្រុងវ្ល៉ាឌីវ៉ូស្តូក កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយជំនួបរវាងលោក និងលោក ពូទីន គឺជាជំនួបលើកដំបូងបំផុត ក៏ដូចជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោក មកកាន់ប្រទេសរុស្ស៊ី ខណៈឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ធ្លាប់បានមកទស្សនកិច្ច០៣ដងនៅរុស្ស៊ី ដោយលើកចុងក្រោយកាលពីឆ្នាំ២០១១៕ធ.ដ