-
សិង្ហបុរីប្រកាសអនុម័តច្បាប់ជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

សង្ហិបុរី៖ សភាសិង្ហបុរីនៅថ្ងៃពុធនេះ បានសម្រេចអនុម័តច្បាប់ជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលនឹងអនុញ្ញាតឱ្យអាជ្ញាធរបញ្ជាឱ្យលុបចោលមាតិកាព័ត៌មានលើអ៊ីនធើណិត បើទោះបីមានការរិះគន់យ៉ាងខ្លាំងពីបណ្តាក្រុមហ៊ុនបច្ចេកវិជ្ជា និងអង្គការសិទ្ធិមនុស្ស។ច្បាប់ទាំងនោះ នឹងផ្តល់ឱ្យរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលនូវអំណាច ដើម្បីបញ្ជាឱ្យបណ្តាញសង្គមដូចជា Facebook និង Twitter ដាក់ការព្រមាននៅជាប់នឹងផុស (Post) ដែលអាជ្ញាធរចាត់ទុកថា ក្លែងក្លាយ ហើយក្នុងករណីធ្ងន់ គឺលុបចោលមាតិកាទាំងនោះចេញតែម្តង។ប្រសិនបើសកម្មភាពមួយត្រូវបានវិនិច្ឆ័យថា ក្លែងក្លាយ និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សិង្ហបុរីនោះ បណ្តាក្រុមហ៊ុនទាំងនោះអាចត្រូវបានពិន័យជាប្រាក់រហូតដល់១លានដុល្លារសិង្ហបុរី ឬស្មើនឹង៧៣៥,០០០ដុល្លារអាម៉េរិក ហើយបុគ្គលនីមួយៗអាចប្រឈមនឹងការជាប់ពន្ធធនាគាររហូតដល់១០ឆ្នាំ៕ម.ន
-
មនុស្ស៤នាក់របួសធ្ងន់ ក្នុងហេតុការណ៍យន្តហោះរអិលធ្លាក់ចេញពីផ្លូវ នៅប្រទេសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ អ្នកដំណើរ៣៣នាក់បានទទួលរងរបួស ក្នុងនោះមាន០៤នាក់របួសធ្ងន់ ដោយសារតែយន្តហោះបង់ក្លាដែសមួយគ្រឿងបានរអិលធ្លាក់ចេញពីផ្លូវនៅក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា នេះបើតាមការរបស់អាជ្ញាធរអាកាសចរណ៍មីយ៉ាន់ម៉ា។ ប្រភពបន្តថា យន្តហោះមួយគ្រឿងនេះបានព្យាយាមចុះចត ប៉ុន្តែមិនបានសម្រេចក៏ធ្លាក់ និងរអិលទៅលើវាលស្មៅនៅក្បែរផ្លូវហោះឡើង និងចុះចតរបស់អាកាសយានដ្ឋានខាងលើ ហើយមូលហេតុដែលបង្កគ្រោះថ្នាក់នេះឡើង ទំនងជាដោយសារកត្តាអាកាសធាតុ និងបច្ចេកទេស។គួរបញ្ជាក់បន្ថែមថា យន្តហោះមួយគ្រឿងនេះ គឺជារបស់អាកាសចរណ៍បង់ក្លាដែសប៊ីម៉ាន (Biman Bangladesh Airlines) បានធ្លាក់ចេញពីផ្លូវនៅអំឡុងពេលព្យាយាមចុះចតក្នុងអាកាសយានដ្ឋានអន្តរជាតិរ៉ង់ហ្គូន កាលពីយប់ថ្ងៃពុធនេះ មានគោលដៅធ្វើដំណើរពីបង់ក្លាដែស ឆ្ពោះទៅកាន់មីយ៉ាន់ម៉ា៕ម.ន
-
ព្រះមហាក្សត្រថៃបរិច្ចាគថវិកាជាង៧៥លានដុល្លារអាម៉េរិក ដល់មន្ទីរពេទ្យចំនួន២៧កន្លែង ទូទាំងប្រទេស

សារព័ត៌មាន Bangkok Post បានចុះផ្សាយនៅយប់ថ្ងៃទី៨ ខែឧសភា ២០១៩នេះថា ព្រះមហាក្សត្រថៃព្រះបាទ Maha Vajiralongkorn បានបរិច្ចាគថវិកាជាង២,៤ពាន់លានបាត ឬជាង៧៥លានដុល្លារអាម៉េរិកទៅកាន់មន្ទីរពេទ្យចំនួន២៧កន្លែង នៅទូទាំងប្រទេសថៃ សម្រាប់ទិញឧបករណ៍វេជ្ជសាស្ត្រថ្មី។ បន្ថែមពីការប្រើប្រាស់សម្រាប់ទិញសម្ភារ បរិក្ខារថ្មី ថវិកាបរិច្ចាគនេះក៏នឹងយកទៅប្រើប្រាស់ ដើម្បីជួយមន្ទីរពេទ្យ ក្នុងការសាងសង់អគារថ្មី ក្នុងផ្នែកវេជ្ជសាស្ត្រផងដែរ។គួរជម្រាបថា ផ្នែកមួយចំនួននៃថវិកា២,៤ពាន់លានបាតនេះ គឺបានមកពីការបរិច្ចាគ ដែលផ្តល់ដោយសាធារណជន នៅអំឡុងពេលពិធីបុណ្យសព ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែលបានសោយព្រះទិវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦៕ម.ន
-
សហរដ្ឋអាម៉េរិក បង្ហាញការគាំទ្រផែនការផ្តល់ជំនួយស្បៀងអាហាររបស់កូរ៉េខាងត្បូង ដល់ប្រទេសកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្តែងការគំាទ្រគម្រោងផ្តល់ជំនួយស្បៀងអាហាររបស់ទីក្រុងសេអ៊ូល ឲ្យដល់ប្រទេសកូរ៉េខាងជើង ដែលការប្រកាសនេះ ធ្វើឡើងក្នុងអំឡុងកិច្ចសន្ទនាតាមទូរសព្ទជាមួយសមភាគីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន។ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង បានបញ្ជាក់ថា លោក មូន និងលោក ត្រាំ បានជជែកគ្នាតាមទូរសព្ទរយៈពេល៣៥នាទីនៅថ្ងៃអង្គារ៍សប្តាហ៍នេះ ហើយបានពិភាក្សាគ្នាពីវិធីសាស្រ្តសម្រាប់ការបន្តធ្វើកិច្ចចរចាជាមួយកូរ៉េខាងជើង បើទោះបីជាទីក្រុងព្យុងយ៉ាង ទើបធ្វើតេស្តមីស៊ីលផ្លោងរយៈពេលចម្ងាយជិតកាលពីសប្តាហ៍មុនក៏ដោយ។ បើតាមសេចក្តីថ្លែងការណ៍នោះ មេដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងរបាយការណ៍នាពេលថ្មីៗនេះ របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ ដែលបានព្រមានពីការកើតឡើងនូវវិបត្តិមនុស្សធម៌ដ៏អាក្រក់នៅកូរ៉េខាងជើង។ នាឱកាសនោះដែរ លោក ដូណាល់ ត្រាំ បានកត់សម្គាល់ថា ការផ្តល់ស្បៀងអាហាររបស់កូរ៉េខាងត្បូងដល់កូរ៉េខាងជើង សម្រាប់ជាកិច្ចប្រឹងប្រែងផ្នែកមនុស្សធម៌នោះ នឹងក្លាយជាវិធានការទាន់ពេលវេលា និងវិជ្ជមានបំផុត ហើយរូបលោកសូមគំាទ្រយ៉ាងពេញទំហឹងចំពោះបញ្ហានេះ៕ធ.ដ
-
ប្រមុខការទូតសហរដ្ឋអាម៉េរិក បំពេញទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ីរ៉ាក់

អ៊ីរ៉ាក់៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានបំពេញដំណើរទស្សនកិច្ចដោយឥតព្រាងទុកទៅកាន់រដ្ឋធានីបាដដាដ នៅថ្ងៃអង្គារ៍សប្តាហ៍នេះ និងបានជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ ព្រមទំាងមន្រ្តីកំពូលៗដទៃទៀត ដើម្បីធ្វើកិច្ចពិភាក្សាពីសុវត្ថិភាពកងទ័ពអាម៉េរិកនៅអ៊ីរ៉ាក់ និងពន្យល់អំពីការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន ស្របពេលមានភាពតានតឹងខ្លាំងជាមួយអ៊ីរ៉ង់។ នាឱកាសនោះ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា សហរដ្ឋអាម៉េរិកចង់ឃើញអ៊ីរ៉ាក់ក្លាយជាប្រទេសឯករាជ្យ និងមិនរណបប្រទេសដទៃ។ ដោយឡែកមេដឹកនាំអ៊ីរ៉ាក់វិញ បានសន្យាដែរថា ទីក្រុងបាកដាដ នឹងធានាការពារផលប្រយោជន៍អាម៉េរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ប្រឈមមុខនឹងការកើនឡើងនៃសកម្មភាព និងឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា។ គួរបញ្ជាក់ថា ការបំពេញដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលនេះដែរ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាម៉េរិក បានបញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង និងកងកម្លាំងយន្ដហោះទម្លាក់គ្រាប់បែកទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងគោលបំណងការពារផលប្រយោជន៍អាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ ពីការគំរាមកំហែងណាមួយពីសំណាក់ទីក្រុងតេហេរ៉ង់៕ធ.ដ
-
មន្ត្រីសេដ្ឋកិច្ចកំពូលចិននឹងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីធ្វើកិច្ចចរចា ពាណិជ្ជកម្មជុំថ្មីទៀត

ចិន៖ អ្នកចរចាកំពូលរបស់ចិន នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីចូលរួមការចរចាពាណិជ្ជកម្មជុំថ្មីមួយទៀតនៅសប្ដាហ៍នេះ ទោះបីជាប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគំរាមនឹងយកពន្ធគយថ្មីខ្ពស់ជាងមុនលើទំនិញចិន ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ បន្ទាប់ពីលោកត្អូញត្អែរថា ដំណើរការចរចានេះមានការយឺតយ៉ាវខ្លាំង។ ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្ដីប្រកាសមួយនៅថ្ងៃអង្គារនេះថា ឧបនាយករដ្ឋមន្ត្រីចិន លោក លីវ ហេ ដែលជាទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងជួបជាមួយអ្នកតំណាងពិសេសអាម៉េរិកលោក រ៉ូប៊ឺត ឡាយធីហ្ស៊ឺ និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិកលោក ស្ទេវិន ម្ញូឈីន ដើម្បីធ្វើកិច្ចចរចាគ្នារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី០៩ និងទី១០ ខែឧសភានេះ។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា លោកនឹងបង្កើនការយកពន្ធគយថ្មីលើទំនិញចិន ដែលមានទឹកប្រាក់២០០ពាន់លានដុល្លារ ពោលគឺចាប់ពី១០ភាគរយទៅ២៥ភាគរយ។ លោក ត្រាំ បានបន្ថែមទៀតថា ទំនិញចិន៣២៥ពាន់លានដុល្លារទៀត ដែលមិនទាន់យកពន្ធក៏នឹងត្រូវយកពន្ធចំនួន២៥ភាគរយផងដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ពេលណានឹងយកពន្ធលើទំនិញទាំងនេះទេ៕ធ.ដ
-
ប្រធានាធិបតីស្រីលង្កាអំពាវនាវឲ្យប្រទេសទាំងអស់ ដកចេញបម្រាមធ្វើដំណើរ ក្រោយប្រទេសខ្លួនវិលទៅរកប្រក្រតីឡើងវិញ

ស្រីលង្កា៖ រដ្ឋាភិបាលស្រីលង្កាបានស្នើឲ្យប្រទេសនានា នៅជុំវិញពិភពលោកដកចេញបម្រាមធ្វើដំណើរវិញ ដែលបានប្រកាសដាក់បន្ទាប់មានករណីបំផ្ទុះគ្រាប់បែកយ៉ាងកក្រើកកាលពីថ្ងៃបុណ្យ អេសស្ទើ នៃសាសនាគ្រិស្ត ព្រោះថា ស្រីលង្កាមានសុវត្ថិភាពដូចដើមវិញហើយ។ ការអំពាវនាវបែបនេះរបស់ប្រធានាធិបតីស្រីលង្កា លោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា ធ្វើឡើងក្នុងឱកាសនៃការជូនដំណឹងដល់មន្រ្តីបម្រើការទូតរបស់បរទេស ព្រមទាំងអ្នកតំណាងនៃអង្គការអន្តរជាតិនានាប្រចាំនៅប្រទេសស្រីលង្កា ស្តីពីវឌ្ឍនភាពនៃប្រតិបត្តិការបង្រ្កាបក្រុមភេរវកររបស់កងកម្លាំងសន្តិសុខស្រីលង្កា នាពេលប៉ុន្មានសប្តាហ៍មកនេះ។ សូមរំលឹកថា ហេតុការណ៍វាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតផ្ទួនៗគ្នា បានកើតឡើងនៅស្រីលង្កា កាលពីថ្ងៃទី២១ ខែមេសាកន្លងទៅនេះ ដែលជាលទ្ធផលនោះ មានមនុស្សជាង២៥០នាក់ស្លាប់ និងប្រមាណ៥០០នាក់រងរបួស។ រីឯក្រុមដែលនៅពីក្រោយការវាយប្រហារទាំងនេះ គឺក្រុមភេរវករនៅស្រីលង្កាផ្ទាល់ រួមជាមួយក្រុមភេរវករ ISIS៕ធ.ដ
-
អ្នកវិទ្យាសាស្ត្រស្នើឲ្យ NASA បង្កើតបេសកកម្មថែមទៀត ទាក់ទិននឹងផ្នែកការពារ ភពផែនដីពីវត្ថុអវកាស

សហរដ្ឋអាម៉េរិក៖ ក្រុមអ្នកវិទ្យាសាស្រ្តបានជំរុញឲ្យអង្គការអវកាស NASA ផ្តល់មូលនិធិសម្រាប់បេសកកម្មថ្មីៗថែមទៀត ទាក់ទងនឹងកិច្ចការងាររុករក ក៏ដូចជាស្រាវជ្រាវអាចម៍ផ្កាយ ដែលនៅក្បែរៗភពផែនដីរបស់យើង។ ការអំពាវនាវបែបនេះរបស់ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើឡើងនាឱកាសដែលប្រធានអង្គការ NASA លោក ជីម ប្រៃដិនស្តាញ មានវត្តមានក្នុងសិក្ខាសាលាស្តីពីកិច្ចប្រឹងប្រែងការពារភពផែនដីពីអាចម៍ផ្កាយ ដែលប្រព្រឹត្តទៅនៅទីក្រុង ខូលីជផាក រដ្ឋ ម៉ារីឡេនដ៍ សហរដ្ឋអាម៉េរិកកាលពីពេលថ្មីៗនេះ។ ទន្ទឹមគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តទាំងនោះ ក៏បានស្នើឲ្យមានការអភិវឌ្ឍកែវយឺតអវកាសមួយ ដែលរចនាឡើងជាពិសេសសម្រាប់អង្កេតមើលអាចម៍ផ្កាយធំៗល្មម នៅក្បែរផែនដីដែលអាចមានលទ្ធផលបង្កគ្រោះថ្នាក់ដល់ផែនដី។ ក្រៅពីនេះ ក៏មានការជំរុញឲ្យមានបេសកកម្មសម្រាប់ត្រៀមទៅសិក្សាអាចម៍ផ្កាយ អាផូភីស (Apophis) ដែលនឹងហោះមកកៀកផែនដីខ្លាំងនៅខែមេសា ឆ្នាំ២០២៩ ផងដែរ៕ធ.ដ
-
បាញ់ប្រហារនៅសាលារៀនអាម៉េរិក ស្លាប់សិស្សម្នាក់ របួស៧នាក់

សារព័ត៌មានហ្ស៊ីនហួរបានចេញផ្សាយ នៅថ្ងៃនេះថា សិស្សប្រុសវ័យ១៨ឆ្នាំម្នាក់ បានបាត់បង់ជិវិត និង០៧នាក់ទៀតបានទទួលរងរបួស នៅក្នុងករណីបាញ់ប្រហារនៅសាលារៀនមួយកន្លែង ក្នុងទីក្រុង Denver នៃរដ្ឋ Colorado ភាគខាងលិចសហរដ្ឋអាម៉េរិក កាលពីថ្ងៃអង្គារ៍ម្សិលមិញ។ បើតាមអាជ្ញាធរក្នុងតំបន់កើតហេតុ ជនសង្ស័យចំនួន០២នាក់ បានដើរចូលក្នុងសាលារៀនខាងលើ ហើយបានធ្វើសកម្មភាពបាញ់ប្រហារទៅលើសិស្សសាលានោះ នៅទីតាំង០២កន្លែងផ្សេងគ្នា។ យ៉ាងណាមិញ ជនសង្ស័យទាំង០២នាក់ ក៏ត្រូវកម្លាំងប៉ូលិសឃាត់ខ្លួនបាន នៅពេលដែលសមត្ថកិច្ចអាម៉េរិក បានរួសរាន់មកដល់កន្លែងកើតហេតុទាន់ពេលវេលា។ គួរជម្រាបថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញកាំភ្លើងខ្លីមួយដើម ប៉ុន្តែមិនទាន់ដឹងច្បាស់ថាពីចេទនានៅពីក្រោយសកម្មភាពរបស់ក្រុមជនសង្ស័យ៕ធ.ដ
-
ការនាំចេញអង្កររបស់វៀតណាមទៅកាន់ប្រទេសចិនធ្លាក់ចុះខ្លាំង តាំងពីឆ្នាំ២០១៨

វៀតណាមកំពុងដាក់ចេញវិធានជំរុញការនាំចេញអង្ករទៅកាន់ប្រទេសចិន ឲ្យបានច្រើនបន្ថែមទៀត ក្រោយពេលទំហំនៃការនាំចេញទៅចិន បានធ្លាក់ចុះខ្លាំង តាំងពីឆ្នាំ២០១៨មក។ លោក Do Ha Nam អនុប្រធានសមាគមអាហារវៀតណាម បានលើកឡើងអំពីពាណិជ្ជកម្មអង្កររវាងវៀតណាម និងចិន ក្នុងទីក្រុងហូជីមីង កាលពីថ្ងៃចន្ទម្សិលមិញ ដោយបញ្ជាក់ថា ក្រុមអ្នកនាំចេញអង្កររបស់វៀតណាម កំពុងព្យាយាមស្វែងរកវិធីសាស្ត្របង្កើននាំចេញទៅចិន ខណៈដែលចិនមានតម្រូវដ៏ខ្ពស់សម្រាប់អង្ករ។ ចាប់តាំងពីឆ្នាំ២០១៨មក វៀតណាមបាននាំចេញអង្ករទៅប្រទេសចិនធ្លាក់ចុះ១.៣លានតោន ពោលគឺធ្លាក់ពី៣លានតោន។ លោកបានបង្ហាញពីការធ្លាក់ចុះនេះ ស្របពេលដែលគោលនយោបាយនាំចូលរបស់ចិន មានការផ្លាស់ប្តូរ ពោលគឺតម្រូវឲ្យក្រុមហ៊ុនទាំងនោះ ត្រូវមានអាជ្ញាប័ណ្ណនាំចូលទៅកាន់ទីផ្សារចិន។ ការនាំចេញអង្កររបស់វៀតណាម នៅចន្លោះពីខែមករា ដល់ខែមេសា មានប្រមាណ២,០៣លានដុល្លារអាម៉េរិក មានតម្លៃ៨៦៦លានដុល្លារអាម៉េរិក ធ្លាក់ចុះ៧,៩ភាគរយ ហើយចំណូលពីការនាំចេញក៏បានធ្លាក់ចុះ២១,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។ រីឯតម្លៃអង្ករនាំចេញវិញក៏បានធ្លាក់ចុះ៧២,៧ដុល្លារ ក្នុង១តោនដែរ។ ក្នុងរយៈពេលដូចគ្នានេះដែរ វៀតណាមនាំចេញអង្ករទៅចិនបានត្រឹមតែ៤៣៣០០តោន តម្លៃ២០,៨លានដុល្លារអាម៉េរិក ធ្លាក់ចុះ៨៩,៥ភាគរយ ហើយចំណូលធ្លាក់ចុះ៩០,៤ភាគរយ៕ធ.ដ