-
កិច្ចព្រមព្រៀងពាណិជ្ជសេរីធ្វើឲ្យភាគហ៊ុនក្រុមហ៊ុនអាហារសមុទ្រ និងផលិតផលកាត់ដេរនៅវៀតណាមកើនឡើងខ្លាំង

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាមជាមួយប្រទេសផ្សេងៗកំពុងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ប្រទេសនេះ ក្នុងនោះ ភាគហ៊ុនផលិតផលអាហារសមុទ្រ និងផលិតផលវាយនភណ្ឌរបស់វៀតណាម កាលពីឆ្នាំមុន មានកំណើនខ្លាំង នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews ថ្មីៗនេះៗ។ ភាគហ៊ុនក្រុមហ៊ុន ACL មានទំហំប្រមាណ១ម៉ឺនដុង ក្នុងមួយភាគហ៊ុន កាលពីខែមេសា ២០១៨។ គិតមកដល់ថ្ងៃទី១០ មេសា ២០១៩នេះ កើនដល់៣៩៥៥០ដុងក្នុងមួយហ៊ុន។ ជាក់ស្តែង កាលពីឆ្នាំ២០១៨ ក្រុមហ៊ុននាំចេញត្រី ACL បានប្រមូលផលចំណេញដុល ២៣០ពាន់លានដុង កើនឡើងប្រមាណ១១ដង បើធៀបនឹងឆ្នាំ២០១៧។ ក្រុមហ៊ុននេះរំពឹងថា នឹងមានផលចំណេញកើនឡើង៣២០ភាគរយ នៃផែនការចំណេញឆ្នាំ២០១៨។ ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិនកើនកម្តៅ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវបានចុះហត្ថលេខារួចហើយនោះបានជំរុញឱកាសទទួលបានការបញ្ជាទិញបន្ថែមទៀត ក្នុងនោះ ឧស្សាហកម្មវាយនភណ្ឌនឹងទទួលបានអត្ថប្រយោជន៍ធំធេង។ ភាគហ៊ុននៃក្រុមហ៊ុនវិនិយោគនិងពាណិជ្ជកម្ម TNG បានកើនឡើងពី១ម៉ឺនដុង ក្នុង១ភាគហ៊ុន កាលពីដើមឆ្នាំ២០១៨ ដល់២៣១០០ដុងក្នុងមួយភាគហ៊ុន ថ្មីៗនេះ ជាការកើនឡើងច្រើនជាង១០០ភាគរយ។ កាលពីចុងឆ្នាំ២០១៨ TNG ទទួលបានផលចំណេញដុល១៨០ពាន់លានដុង កើនឡើង៦០ភាគរយ បើធៀបនឹងឆ្នាំ២០១៧៕ធ.ដ
-
ប្រមុខការទូតបារំាងព្រមានថា ពិភពលោកកំពុងស្ថិតនៅមាត់ជ្រោះនៃភាពចលាចល

បារំាំង៖ ភាពតានតឹង និងការប្រឈមមុខដាក់គ្នារវាងប្រទេសមួយចំនួននាពេលបច្ចុប្បន្ន កំពុងរុញច្រានឲ្យពិភពលោកធ្លាក់ចូលក្នុងភាពចលាចល នេះបើតាមការព្រមានរបស់រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-អ៊ីវេស ឡឺ ទ្រីយ៉ុង ។ លោក ហ្សង់-អ៊ីវេស ឡឺ ទ្រីយ៉ុង បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ទំនាក់ទំនងរវាងប្រទេសជាច្រើននាពេលបច្ចុប្បន្ន លែងផ្អែកលើកិច្ចសហប្រតិបតិ្តការ ទៀតហើយ ហើយថា វាគឺផ្អែកលើការប្រជែងកម្លាំងដាក់គ្នាទៅវិញទៅមក ដែលនេះកំពុងរុញច្រានឲ្យពិភពលោកធ្លាក់ចូលក្នុងភាពចលាចល ។ ការកត់សម្គាល់ដូច្នេះរបស់ប្រមុខការទូតបារំាំងរូបនេះ ទំនងជាមានបំណងចង់សំដៅពាក់ព័ន្ធនឹងភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងចិន រួមទាំងជាមួយរុស្ស៊ីផងដែរ ៕ធ.ដ
-
មន្រ្តីជាន់ខ្ពស់អ៊ីស្រាអែល ៖ ប្រទេសខ្លួនអាចនឹងរងការវាយប្រហារពីអ៊ីរ៉ង់ ខណៈមានភាពតានតឹងខ្លំាងនៅតំបន់មជ្ឈិមបូព៌ា

អ៊ីស្រាអែល៖ អ៊ីរ៉ង់អាចនឹងបើកការវាយប្រហារដោយប្រយោល ឬដោយផ្ទាល់លើអ៊ីស្រាអែល ប្រសិនបើភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់នៅតែបន្តកើតមាន នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែល លោក Yuval Steinitz នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ។ បច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់មានភាពតានតឹងនឹងគ្នាកាន់តែខ្លាំង រហូតដល់ក្រុមអ្នកជំនាញខ្លះយល់ថា ជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរអាចនឹងផ្ទុះឡើង ស្របពេលដែលអាម៉េរិកបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង កងកម្លាំងយន្ដហោះទម្លាក់គ្រាប់បែក និងប្រព័ន្ធមីស៊ីលការពារដែនអាកាសទៅកាន់តំបន់មជ្ឈិមបូព៌ា ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហាខាងលើ រដ្ឋមន្ត្រីថាមពលអ៊ីស្រាអែលរូបនេះ មិនបានបញ្ជាក់លម្អិត ថាតើប្រទេសរបស់លោកនឹងចាត់វិធានការដូចម្ដេច បើរឿងបែបនេះកើតឡើងមែននោះ ៕ធ.ដ
-
ការបោះឆ្នោតសកលជុំទី៦នៅក្នុងប្រទេសឥណ្ឌា បានចាប់ផ្តើមនៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ

ឥណ្ឌា៖ ប្រជាជនឥណ្ឌានៅក្នុងទីក្រុងញូដេលី និងបណ្ដារដ្ឋភាគខាងជើងនៃប្រទេសបានធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដើម្បីទម្លាក់សន្លឹកឆ្នោតរបស់ពួកគេនៅក្នុងជុំចុងក្រោយនៃការបោះឆ្នោតសកល ដែលចែកចេញជា៧ដំណាក់កាល ។ ការបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌា ដែលត្រូវបានគេចាត់ទុកថា គឺជាដំណើរការលទ្ធិប្រជាធិបតេយ្យធំជាងគេបំផុតនៅលើពិភពលោក ចែកចេញជា៧ដំណាក់កាល ដោយចាប់ផ្ដើមពីថ្ងៃទី១១ ខែមេសា រហូតដល់ថ្ងៃទី១៩ ខែឧសភា ខណៈការរាប់សន្លឹកឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភាខាងមុខ ។ គួរបញ្ជាក់ថា បើតាមគណៈកម្មាការរៀបចំការបោះឆ្នោតឥណ្ឌានោះ ប្រជាជនច្រើនជាង១០០លាននាក់នៅទូទាំងរដ្ឋចំនួន ៧ ដែលមានសិទ្ធិបោះឆ្នោត បានចូលរួមក្នុងការបោះឆ្នោតជុំទី៦ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ សម្រាប់អសនៈចំនួន៥៩ ក្នុងនោះរាប់បញ្ចូលទាំងទីក្រុងញូដេលីផងដែរ ៕ធ.ដ
-
សហរដ្ឋអាម៉េរិកអំពាវនាវសារជាថ្មីម្តងទៀតឲ្យឥណ្ឌាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រទេសខ្លួន

សហរដ្ឋអាម៉េរិក ៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាថ្មីម្តងទៀតបានស្នើឱ្យរដ្ឋាភិបាលទីក្រុងញូដេលី លុបចោលការបញ្ជាទិញប្រព័ន្ធ S-400 របស់រុស្ស៊ី ហើយងាកមកទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស THAAD និង Patriot របស់សហរដ្ឋអាម៉េរិកវិញ ប៉ុន្តែឥណ្ឌាមិនទាន់បញ្ចេញប្រតិកម្មណាមួយ ជុំវិញសេចក្ដីរាយការណ៍នេះនៅឡើយទេ នេះបើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុករបស់ឥណ្ឌា ។ ប្រទេសឥណ្ឌាបានព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីកាលខែតុលា ឆ្នាំ២០១៨ ក្នុងតម្លៃ៥.៤៣ពាន់លានដុល្លារ ហើយការប្រគល់ប្រព័ន្ធមីស៊ីលនេះ គ្រោងនឹងចាប់ផ្ដើមនៅចន្លោះខែតុលា ឆ្នាំ២០២០ និងខែមេសា ឆ្នាំ២០២៣ ។យ៉ាងណាមិញបើសិនជាឥណ្ឌានៅតែបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400របស់រុស្ស៊ីនោះ ទីក្រុងញូដេលីអាចនឹងប្រឈមមុខជាប់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ខណៈការលើកលែងការដាក់ទណ្ឌកម្មអស់សុពលភាពកាលពីដើមខែ ឧសភា កន្លងទៅ ៕ធ.ដ
-
លោក ត្រាំ៖ ការបាញ់សាកល្បងមីស៊ីលថ្មីៗនេះរបស់កូរ៉េខាងជើង ជាសកម្មភាពធម្មតាៗប៉ុណ្ណោះ

សហរដ្ឋអាម៉េរិក៖ ការធ្វើតេស្តបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង មិនមែនជាការរំលោភលើទំនុកចិត្តរវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងនោះឡើយ ពោលគឺគ្រាន់តែជារឿងធម្មតាៗប៉ុណ្ណោះ។ នេះបើតាមប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ ការអះអាងបែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងស្របពេលដែលមានសេចក្តីរាយការណ៍ថា ការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ត្រូវបានធ្វើឡើងចំថ្ងៃតែមួយដែលសហរដ្ឋអាម៉េរិក បានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប (ICBM) របស់ខ្លួនផងដែរ។ គួរបញ្ជាក់ថា ការធ្វើតេស្តមីស៊ីល ICBM របស់សហរដ្ឋអាម៉េរិក ដែលត្រូវបានគ្រោងទុកជាមុនតាំងតែពីយូរមកហើយនោះ គឺធ្វើឡើងក្រោមគោលបំណងផ្ទៀងផ្ទាត់សមត្ថភាពនៃការកំណត់គោលដៅវាយប្រហារ និងប្រព័ន្ធហោះហើររបស់មីស៊ីលផ្លោងនេះ ថាតើវាស្ថិតនៅសភាល្អដូចដើមដែរ ឬយ៉ាងណា ។ មីស៊ីលផ្លោងឆ្លងទ្វីប Minuteman III បានក្លាយជាអាវុធនុយក្លេអ៊ែរស្នូលរបស់ សហរដ្ឋអាម៉េរិកចាប់តាំងពីឆ្នាំ១៩៧០មក ហើយបច្ចុប្បន្នអាម៉េរិកអាចមានមីស៊ីលនេះប្រហែល៤៤០គ្រាប់នៅក្នុងឃ្លាំងរបស់ខ្លួន៕ធ.ដ
-
លោក ម៉ៃ ប៉ុមប៉េអូ គ្រោងជួបពិភាក្សាជាមួយមេដឹកនំា និងមន្រ្តីជាន់ខ្ពស់របស់រុស្ស៊ី អំឡុងពេលធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូនាសប្តាហ៍ក្រោយ

សហរដ្ឋអាម៉េរិក៖ ក្រសួងការបរទេសអាម៉េរិក បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើដំណើរទស្សនកិច្ចរយៈពេល០៣ថ្ងៃទៅកាន់ប្រទេសរុស្ស៊ីនាសប្តាហ៍ក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែឧសភាខាងមុខ។ បើតាមការគ្រោងទុកនោះ ប្រមុខការទូតអាម៉េរិករូបនេះ នឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ព្រមទាំងសមភាគីរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ អំពីបញ្ហារវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាអន្តរជាតិក៏ក្តៅគគុកជាច្រើនទៀត។ សូមជម្រាបផងដែរថា អ្វីដែលគួរកត់សម្គាល់នោះ ដំណើរទស្សនកិច្ចរបស់លោក ម៉ៃ ប៉ុមប៉េអូ នាសប្តាហ៍ក្រោយនេះ បានកើតមានឡើងក្នុងគ្រាដែលសហរដ្ឋអាម៉េរិក-រុស្ស៊ី បាននិងកំពុងមានបញ្ហាជាមួយគ្នាជុំវិញបញ្ហាជាច្រើន ដោយក្នុងនោះរួមទាំងបញ្ហាក្នុងប្រទេសស៊ីរី និងវេណេស៊ុយអេឡា ជាពិសេសរឿងអាស្រូវរុស្ស៊ី លូកដៃដំណើរការបោះឆ្នោតអាម៉េរិកឆ្នាំ២០១៦៕ធ.ដ
-
ស្ថានភាពនៅមជ្ឈិមបូព៌ាកើនឡើងកំដៅបន្ថែមទៀត ស្របពេលដែលសហរដ្ឋអាម៉េរិក គ្រោងបញ្ជូនប្រព័ន្ធការពារមីស៊ីលដ៏មានឥទ្ធិពលទៅកាន់ទីនោះ

សហរដ្ឋអាម៉េរិក៖ ទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងរៀបចំបញ្ជូនប្រព័ន្ធការពារមីស៊ីលទៅដាក់ពង្រាយនៅទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីបង្កើនកិច្ចការពារសម្ព័ន្ធមិត្តអាម៉េរិកពីការវាយប្រហារណាមួយរបស់អ៊ីរ៉ង់។ ការបញ្ជូនប្រព័ន្ធការពារមីស៊ីលទៅកាន់តំបន់មជ្ឈិមបូព៌ានេះ គឺជាការបង្ហាញអំពីសមត្ថភាព ក៏ដូចជាបញ្ចេញសាច់ដុំដាក់អ៊ីរ៉ង់ ខណៈទីក្រុងវ៉ាស៊ីនតោនថ្មីៗនេះបានរកឃើញថា ទីក្រុងតេហេរ៉ង់កំពុងត្រៀមអនុវត្តន៍ផែនការសម្ងាត់ ដោយធ្វើការវាយប្រហារមកលើតំបន់យុទ្ធសាស្ត្ររបស់អាម៉េរិក និងសម្ព័ន្ធមិត្តខ្លួននៅមជ្ឈិមបូព៌ា។ បើតាមក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកស្តីទី លោក ផាទ្រីក សាណាហាន បានសម្រេចបញ្ជូនប្រព័ន្ធការពារគ្រាប់មីស៊ីល USS Arlington Patriot ទៅកាន់ទីបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក (CENTCOM) ដើម្បីចូលរួមជាមួយកងនាវាដឹកយន្តហោះចម្បាំង និងក្បួនយន្តហោះទម្លាក់គ្រាប់បែក B-52 ក្នុងប្រតិបត្តិការទប់ទល់ការបង្កហេតុដោយអ៊ីរ៉ង់៕ធ.ដ
-
កំពូលមហាសេដ្ឋីពិភពលោក Jeff Bezos បញ្ចេញយាន «Blue Moon» សម្រាប់ចុះចតលើផ្ទៃព្រះចន្ទ

សហរដ្ឋអាម៉េរិក៖ យាន Lander គំរូមួយមានឈ្មោះថា Blue Moon សម្រាប់បេសកកម្មឆ្ពោះទៅកាន់ឋានព្រះចន្ទ ត្រូវបានស្ថាបនិកក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon និងក្រុមហ៊ុនអវកាស Blue Origin លោក Jeff Bezos បើកបង្ហាញជាផ្លូវការក្នុងកម្មវិធីមួយនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីខិតខំប្រឹងប្រែងអភិវឌ្ឍន៍ឡើងអស់រយៈពេល០៣ឆ្នាំ។ យានអវកាស Blue Moon នឹងអាចចុះទៅជាន់លើផ្ទៃភពអង្គារនៅឆ្នាំ២០២៤ខាងមុខនេះ ដោយស្របទៅតាមគោលដៅដែលរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានកំណត់ឲ្យទីភ្នាក់ងារអវកាស NASA សម្រេចឲ្យបាន។ បើតាមលោក Jeff Bezos យានអវកាស Blue Moon នឹងប្រើប្រាស់សារធាតុអ៊ីដ្រូសែនរាវ ធ្វើជាឥន្ធនៈរបស់វា ដែលប្រការនេះ អនុញ្ញាតឲ្យយានអវកាសនេះ អាចបញ្ជូលឥន្ធនៈនៅលើផ្ទៃរបស់ព្រះចន្ទផ្ទាល់ តាមរយៈសារធាតុអ៊ីដ្រូសែនរាវ ដែលបានមកពីប្រភពទឹកនៅឋានព្រះចន្ទ៕ធ.ដ
-
បណ្តាប្រទេសចំនួន៧០ជុំវិញពិភពលោក ចុះហត្ថលេខារួមគ្នាលើសំណើមួយទៅកាន់ កូរ៉េខាងជើង ឲ្យបោះបង់អាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិក

កូរ៉េខាងជើង៖ បណ្តាប្រទេសចំនួន៧០នៅទូទំាងពិភពលោកនៅថ្ងៃសុក្រសប្តាហ៍នេះ បានស្នើឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ព្រមទំាងកម្មវិធីអាវុធផ្សេងទៀត ដោយពួកគេចាត់ទុកអាវុធទាំងនេះថា ជាការគំរាមកំហែងដល់សន្តិសុខតំបន់ និងសន្តិភាពពិភពលោក។ ប្រទេសមកពីអាហ៊្វ្រិក អាស៊ី អឺរ៉ុប និងអាម៉េរិកឡាទីនប្រមាណ៧០ បានរួមគ្នាចុះហត្ថលេខាលើសំណើមួយទៅកាន់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ខណៈសំណើនេះ បានកើតមានឡើងក្រោយពេលដែលកូរ៉េខាងជើង បានបាញ់តេស្តមីស៊ីលចំនួនពីរដងក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ផង ដែលក្នុងនោះក៏មានមីស៊ីលផ្លោងរយៈចម្ងាយខ្លីប្រើបច្ចេកវិទ្យាបាលីស្ទិកផងដែរ។ ក្នុងលិខិតនោះ ប្រទេសហត្ថលេខីទាំងអស់បង្ហាញជំហរបារម្ភ ចំពោះការគំរាមដ៏ខ្លាំងក្លាលើសន្តិភាពតំបន់ និងពិភពលោក ដែលបង្កដោយកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ហើយប្រទេសទាំងអស់ បានប្រាប់ឲ្យកូរ៉េខាងជើងបញ្ចៀសសកម្មភាពបង្កហេតុណាមួយ និងបន្តចរចាជាមួយអាម៉េរិកលើការរំសាយនុយក្លេអ៊ែរ។ ដោយឡែកសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ដែលជាភាគីកំពុងចរចាជាមួយកូរ៉េខាងជើងនោះ ក៏បានចុះហត្ថលេខាលើលិខិតដែលរៀបរៀងដោយបារាំងផងដែរ ខណៈរុស្ស៊ី និងចិនដែលជាខ្នងបង្អែកការទូតដ៏សំខាន់របស់របបដឹកនាំលោក គីម ជុងអ៊ុន មិនបានចុះហត្ថលេខាឡើយ៕ធ.ដ