-
មេដឹកនាំសហរដ្ឋអាម៉េរិក និងជប៉ុន គ្រោងជួបពិភាក្សាគ្នាស្ដីពីបញ្ហាកូរ៉េខាងជើង និងពាណិជ្ជកម្មទ្វេភាគីនាចុងខែឧសភាខាងមុខនេះ

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ទំនងជានឹងធ្វើកិច្ចចរចាជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី២៧ ខែឧសភាខាងមុខនេះ ហើយបញ្ហាកូរ៉េខាងជើង និងពាណិជ្ជកម្មទ្វេភាគី ត្រូវរំពឹងថា ប្រហែលជាស្ថិតនៅក្នុងរបៀបវារៈកំពូលរវាងមេដឹកនាំទាំងពីរ។ បើតាមទីភ្នាក់ងារសារព័ត៌មាន ក្យូដូ របស់ជប៉ុន ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ លោក អាបេ នឹងពន្យល់ទៅកាន់លោក ត្រាំ ថា រូបលោកបានប្តេជ្ញាក្នុងការស្វែងរកកិច្ចចរចាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយគ្មានបុរេលក្ខខណ្ឌ។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងជំទាវទី១ របស់លោក នឹងក្លាយជាភ្ញៀវរដ្ឋលើកដំបូង ចាប់តាំងពីសម័យអធិរាជថ្មីរបស់ជប៉ុន ហើយលោក និងភរិយា ត្រូវបានរំពឹងថា នឹងជួបជាមួយព្រះចៅអធិរាជ និងព្រះមហាក្សត្រម៉ាសាកូ នៅថ្ងៃទី២៧ ខែឧសភាផងដែរ៕ធ.ដ
-
បេសកកម្មយាន Chang’e-4 របស់ប្រទេសចិន រកឃើញវត្ថុធាតុមួយចំនួន មានប្រភពពីក្រោមផ្ទៃព្រះចន្ទ

ចិន៖ យានរុករកចិន Yutu-2 បានរកឃើញវត្ថុធាតុមួយចំនួន ដែលមានប្រភពមកពីខាងក្រោមផ្ទៃរបស់ព្រះចន្ទ ហើយការរកឃើញនេះ ត្រូវបានអ្នកវិទ្យាសាស្រ្តចិនសង្ឃឹមថា នឹងអាចជួយដល់ការ ទម្លាយអាថ៌កំបាំងនៅពីក្រោយដំណើរវិវត្តន៍របស់ព្រះចន្ទក៏ដូចជាភពផែនដី។ លទ្ធផលខាងលើនេះ គឺជារបកគំហើញផ្នែកវិទ្យាសាស្រ្តដ៏សំខាន់មួយដំបូងគេរបស់បេសកកម្ម Chang’e-4។ តាមរយៈការប្រើទិន្នន័យដែលទទួលបានពីឧបករណ៍បំពាក់នៅលើយាន Yutu-2 អ្នកស្រាវជ្រាវចិនមួយក្រុមបានរកឃើញថា ដីនៅលើឋានព្រះចន្ទនៅកន្លែងដែលយាន Chang’e-4 ចុះចត មានផ្ទុកនូវវត្ថុធាតុ Olivine និង Pyroxene ដែលមានប្រភពមកពីស្រទាប់ជ្រៅនៅផ្នែកខាងក្នុងរបស់ព្រះចន្ទ ក្នុងបរិមាណយ៉ាងច្រើន។ សូមរំលឹកផងដែរថា បន្ទាប់ពីយាន Chang’e-4 ដែលជាប្រភេទ Lander បានចុះចតនៅរណ្តៅ Von Karman នៅផ្ទៃម្ខាងទៀតរបស់ព្រះចន្ទ កាលពីថ្ងៃទី០៣ ខែមករាដើមឆ្នាំនេះ យាន Yutu-2 ប្រមូលបានទិន្នន័យល្អៗជាច្រើននៅទីតាំងចំនួនពីរ៕ធ.ដ
-
ឥណ្ឌូណេស៊ីគ្រោងចំណាយកញ្ចប់ថវិកា២,១ពាន់លានដុល្លារ ដើម្បីប្តូររដ្ឋធានីចេញពី ទីក្រុងហ្សាកាតា

ឥណ្ឌូណេស៊ី៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ចេញដំណឹងអំពីកញ្ចប់ថវិកាប្រមាណ៣០,៩ទ្រីលានរ៉ូពី ឬស្មើនឹង២,១ពាន់លានដុល្លារអាម៉េរិក ដែលនឹងត្រូវប្រើប្រាស់សម្រាប់ទ្រទ្រង់ដំណើរការទាំងមូល ពាក់ព័ន្ធនឹងផែនការប្តូររដ្ឋធានីចេញពីទីក្រុងហ្សាកាតា ទៅរកកន្លែងថ្មីមួយទៀត ដោយនឹងមានការរួមសហការគ្នារវាងក្រុមរដ្ឋ និងឯកជន។ សូមរំលឹកថា កាលពីខែមេសាកន្លងទៅនេះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានប្រកាសអំពីផែនការផ្លាស់ប្តូររដ្ឋធានីថ្មី ពីទីក្រុងហ្សាកាតាបច្ចុប្បន្ន ដែលតែងតែកកស្ទះជាប្រចាំ ទៅកាន់ទីកន្លែងថ្មីមួយទៀត ដែលអាចស្ថិតនៅក្នុងខេត្ត Kalimantan ភាគខាងលិច ឬកណ្តាល ហើយវានឹងមានទំហំយ៉ាងហោចណាស់ ៤០,០០០ហិកតា។ ការបង្កើតរដ្ឋធានី ឬទីក្រុងរដ្ឋបាលថ្មីនេះ គឺជាបង្កើតរចនាសម្ព័ន្ធថ្មីដែលប្រកបដោយសក្តានុពល និងបរិស្ថានល្អប្រសើរជាងមុន ជាមួយនឹងទស្សនវិស័យវែងឆ្ងាយ។ ដោយឡែក ទាក់ទិននឹងដំណឹងអំពីកញ្ចប់ថវិកាខាងលើនេះ រដ្ឋមន្ត្រីអភិវឌ្ឍន៍ផែន ការឥណ្ឌូណេស៊ីលោក Bambang Brodjonegoro បានថ្លែងថា ការប្តូរទីក្រុងនឹងត្រូវប្រើប្រាស់ថវិកាជាតិដើម្បីទ្រទ្រង់ទាំងស្រុង ហើយវានឹងត្រូវបញ្ចប់ក្នុងរយៈពេល០៥ឆ្នាំ ហើយថា រដ្ឋាភិបាលនឹងត្រូវចំណាយយ៉ាងហោចណាស់៤១៥លានដុល្លារក្នុងមួយឆ្នាំ ដើម្បីអនុវត្តន៍គម្រោងរយៈពេល០៥ឆ្នាំ៕ធ.ដ
-
រុស្ស៊ីអះអាងថា ខ្លួនអាចនឹងធ្វើការឆ្លើយតបចំពោះការដាក់ទណ្ឌកម្មថ្មីរបស់អ៊ុយក្រែន

រុស្ស៊ី៖ រដ្ឋាភិបាលរុស្ស៊ីអាចនឹងចាត់វិធានការឆ្លើយតប ចំពោះការដាក់ទណ្ឌកម្មថ្មីរបស់ប្រទេសអ៊ុយក្រែនលើទំនិញរបស់ទីក្រុងម៉ូស្គូ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យវិមានក្រឹមឡំាង លោក ឌីមីតទ្រី ផេស្គូវ នៅក្នុងថ្ងៃពុធ សប្តាហ៍នេះ។ការកត់សម្គាល់ដូច្នេះរបស់អ្នកនាំពាក្យវិមានក្រឹមឡំាងរូបនេះ ត្រូវបានធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលទីក្រុងគៀវ នៅថ្ងៃពុធសប្តាហ៍នេះ បានសម្រេចអនុម័តលើការហាមឃាត់ការនាំចូលស៊ីម៉ង់ត៍ និងក្តារបន្ទះរបស់ប្រទេសរុស្ស៊ី នេះបើយោងតាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចអ៊ុយក្រែន។នៅក្នុងសេចក្តីថ្លែងការណ៍មួយទៀត ក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចអ៊ុយក្រែន បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលទីក្រុងគៀវ ក៏បានសម្រេចអនុម័តការដាក់កំហិតកាតព្វកិច្ចពិសេសលើទំនិញទាំងអស់ ដែលមានប្រភពចេញពីរុស្ស៊ីផងដែរ ចាប់ពីថ្ងៃទី០១ ខែសីហាខាងមុខនេះ លើកលែងតែធ្យូងថ្ម ភេសជ្ជៈកូកាកូឡា ប្រេងសាំង ឧស្ម័ន ប្រេង និងឱសថ៕ម.ន
-
ក្រុមហ៊ុនសំណង់ចំនួនពីរ ទទួលសិទ្ធិសាងសង់ព្រំដែនសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនសំណង់អាម៉េរិកចំនួនពីរ ទទួលបានថវិកាសរុបចូលគ្នាជាង៧៨៧លានដុល្លារ ដើម្បីសាងសង់ជញ្ជាំងព្រំដែននៅភាគខាងត្បូងប្រទេសជាប់ជាមួយម៉ិកស៊ិក ស្របពេលដែលច្បាប់ទប់ទល់លំហូរជនចំណាកស្រុកថ្មី នឹងត្រូវប្រកាសចេញនាពេលឆាប់ៗខាងមុខ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក។ សូមរំលឹកថា កាលពីសប្តាហ៍មុន ក្រសួងការពារជាតិអាម៉េរិក បានបង្វិលលុយប្រមាណ១,៥ពាន់លានដុល្លារពីកញ្ចប់ថវិកាជាតិរបស់ខ្លួន ដើម្បីយកទៅជួយដល់គម្រោងសាងសង់ជញ្ជាំងព្រំដែនអាម៉េរិក-ម៉ិកស៊ិក ប្រវែងសរុបជិត១៣០គីឡូ ម៉ែត្រផងដែរ ហើយប្រការនេះ វាមានន័យថា ថវិកាដែលទទួលបានទាំងនេះ ត្រូវបានចំណាយអស់៧៨៧លានដុល្លារ ក្នុងចំណោមថវិកា១,៥ពាន់លានដុល្លារ។បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិអាម៉េរិក ក្រុមហ៊ុនសំណង់ សោតវែសត៍ វ៉ាលឡេយ៍ នៅទីក្រុង អាល់ប៊ូខ្វេក រដ្ឋញូម៉ិចស៊ីកូ ទទួលបានកិច្ចសន្យាទំហំ៦៤៦លានដុល្លារសម្រាប់ការរចនា និងសាងសង់កំណាត់ជញ្ជាំងព្រំដែនក្រុង ធូកសុន នៅរដ្ឋ អារីហ្សូណា។ រីឯក្រុមហ៊ុន BFBC LLC នៅរដ្ឋ ម៉ុនថាណា ទទួលបានថវិកាជិត១៤២លានដុល្លារសម្រាប់ការរចនា និងសាងសង់នៅទីក្រុងអ៊ែលសេនត្រុន រដ្ឋកាលីហ្វរញ៉ា និងទីក្រុង យូម៉ា នៅរដ្ឋអារីហ្សូណា៕ម.ន
-
សេតវិមានបញ្ជាក់ថា លោក ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នៅក្នុងខែមិថុនា ខាងមុខ

សហរដ្ឋអាម៉េរិក៖ សេតវិមានសហរដ្ឋអាម៉េរិកនៅក្នុងថ្ងៃពុធ សប្តាហ៍នេះ បានលើកឡើងថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង នាខែមិថុនាខាងមុខនេះ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ទីក្រុងសេអូល ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ដែលនេះជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោក ឆ្ពោះទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅចុងខែមិថុនា ខាងមុខនេះ។ បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ លោក ត្រាំ និងលោក មូន គ្រោងធ្វើកិច្ចពិភាក្សាគ្នាស្តីពីមធ្យោបាយដើម្បីពង្រឹងសម្ព័ន្ធភាពទ្វេភាគី និងមិត្តភាពរវាងអាម៉េរិក-កូរ៉េខាងត្បូង ជាពិសេសមេដឹកនាំទាំងពីរក៏កំពុងបន្តធ្វើការរឹតបន្តឹងកិច្ចសហប្រតិបត្តិការរបស់ពួកលោក ក្នុងការខិតខំប្រឹងប្រែងឈានឱ្យដល់គោលដៅសម្រេចចុងក្រោយ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅលើតំបន់ឧបទ្វីបកូរ៉េ៕ធ.ដ
-
សហរដ្ឋអាម៉េរិកចេញបញ្ជាឱ្យផ្អាករាល់ជើងហោះហើរទាំងទៅ និងមក ជាមួយវេណេស៊ុយអេឡា

សហរដ្ឋអាម៉េរិក៖ ក្រសួងដឹកជញ្ជូនសហរដ្ឋអាម៉េរិក នៅក្នុងថ្ងៃពុធសប្តាហ៍នេះ បានសម្រេចដាក់ចេញនូវបទបញ្ជាឱ្យផ្អាករាល់ជើងហោះហើរទាំងអស់ រវាងអាម៉េរិក និងវេណេស៊ុយអេឡា ដោយសារបារម្ភពីបញ្ហាសន្តិសុខ និងសុវត្ថិភាពនៅក្នុងប្រទេសអាម៉េរិកឡាទីនមួយនេះ។ សូមរំលឹកថា កាលពីដើមខែឧសភានេះ រដ្ឋបាលសហព័ន្ធអាកាសចរណ៍អាម៉េរិក (FAA) ក៏បានប្រកាសផងដែរ ពីការហាមឃាត់យន្ដហោះនៃក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកទាំងអស់ ធ្វើការហោះហើរនៅរយៈកម្ពស់ក្រោម៨គីឡូម៉ែត្រពីលើដែនអាកាសប្រទេសវេណេស៊ុយអេឡា ដោយសារបញ្ហាសុវត្ថិភាព។ យ៉ាងណាមិញការប្រកាសពីការផ្អាករាល់ជើងហោះហើរសាជាថ្មីទៀតនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការអនុម័តពីក្រសួងការបរទេសអាម៉េរិក ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសន្តិសុខមាតុភូមិ។ ដូច្នេះចាប់ពីពេលនេះតទៅ ជើងហោះហើរទាំងទៅ និងមកប្រទេសវេណេស៊ុយអេឡា ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ទាំងអស់មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក នឹងត្រូវផ្អាកជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី៕ធ.ដ
-
អ៊ីរ៉ង់អះអាងថាប្រុងប្រៀបខ្លួនរួចរាល់ហើយ ដើម្បីទប់ទល់នឹងការគំរាមកំហែងខាងយោធា

អ៊ីរ៉ង់៖ សាធារណរដ្ឋអ៊ិស្លាម បានប្រុងប្រៀបខ្លួនរួចរាល់ហើយ ដើម្បីត្រៀមទប់ទល់នឹងការគំរាមកំហែងខាងយោធាណាមួយប្រឆាំងជាមួយប្រទេសខ្លួន នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់ លោក អាមី ហាតាមី នៅក្នុងថ្ងៃពុធ សប្តាហ៍នេះ។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានដកស្រង់សម្តីរបស់លោក ហាតាមី បញ្ជាក់ថា ថ្ងៃនេះ សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ឈរនៅចំណុចកំពូល នៃការត្រៀមខ្លួនការពារជាតិ ដើម្បីទប់ទល់នឹងការគំរាមកំហែងណាមួយ ឬអំពើហិង្សាណាមួយ បើទោះបីជាស្ថិតនៅក្រោមទណ្ឌកម្មក្តី។ ប្រភពដដែលបន្តថា លោក ហាតាមី បានបន្ថែមទៀតថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បានបរាជ័យ ក្នុងការរារាំងការបង្កើនកម្លាំងរបស់ទីក្រុងតេហេរ៉ង់។ គួរបញ្ជាក់ថា ការកត់សម្គាល់ដូច្នេះរបស់ប្រមុខការពារជាតិអ៊ីរ៉ង់រូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតុលា អាលី ខាមិនណេ នៅក្នុងថ្ងៃអង្គារ៍នេះ បានអះអាងថា សង្គ្រាមរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក នឹងមិនផ្ទុះឡើងនោះទេ បើទោះបីជាមានភាពតានតឹងខ្លាំង ដែលអាចនឹងឈានដល់ការប៉ះទង្គិចគ្នាដោយកម្លាំងយោធារវាងប្រទេសទំាងពីរក៏ដោយនោះ៕ធ.ដ
-
វៀតណាមនាំចេញត្រីប្រាទៅជប៉ុន បានចំណូលជាង១១លានដុល្លារ ត្រឹម៤ខែមកនេះ

អំឡុងរយៈពេល៤ខែដំបូង ឆ្នាំ២០១៩ វៀតណាមបានចេញត្រីប្រាទៅក្នុងប្រទេសជប៉ុន គិតជាប្រាក់មាន១១,៥៤លានដុល្លារអាម៉េរិក កើនឡើង៦១,៥ភាគរយ ជាហេតុនាំឲ្យជប៉ុនគឺជាទីផ្សារត្រីប្រាដ៏ធំលំដាប់ទី១០របស់វៀតណាម នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី១៦ ឧសភានេះ ដោយដកស្រង់របាយការណ៍របស់សមាគមផលិត និងនាំចេញអាហារសមុទ្រវៀតណាម។ ប្រភពថា កាលពីឆ្នាំ២០១៨ ត្រីប្រារបស់វៀតណាមត្រូវបាននាំចូលទៅក្នុងប្រទេសជប៉ុន កើនឡើង១២ដង ពោលគឺតាំងពីមានតម្លៃត្រឹម២,៥៦លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០១១។ សមាគមបានឲ្យដឹងដែរថា វៀតណាមបានចេញត្រីប្រា សរុបចំណូលបាន៦០៩លានដុល្លារអាម៉េរិក ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០១៩ កើនឡើង៤,២ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ ចាប់តាំងពីខែមេសា ២០១៩មក ជប៉ុនសម្រេចមិនយកពន្ធនាំចេញលើផលិតផលខ្លះៗ ពីសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP ក្នុងនោះ រួមមានទាំងវៀតណាមដែរ៕ធ.ដ
-
សេដ្ឋកិច្ចប្រទេសថៃមានកំណើនយឺតយ៉ាវ ដោយសារអស្ថេរភាពនយោបាយ

កំណើនសេដ្ឋកិច្ចប្រទេសថៃ ត្រូវបានរំពឹងថានឹងយឺតយ៉ាវ នៅក្នុងឆ្នាំ២០១៩ ដោយសារតែអស្ថេរភាពនយោបាយក្នុងប្រទេស និងភាពតានតឹងពាណិជ្ជកម្មពិភពលោកកើនឡើង ដោយក្នុងនោះ បណ្តាក្រុមហ៊ុនក្នុងស្រុករងផលប៉ះពាល់ពីភាពអវិជ្ជមានពីជម្លោះអាម៉េរិក-ចិន។ នេះបើតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីថៃ Somkid Jatusripitak ថ្មីៗនេះ ចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៦ ឧសភា ២០១៩នេះ។ លោកឧបនាយករដ្ឋមន្ត្រី Somkid គ្រោងនឹងជួបបណ្តាមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងខែឧសភានេះ ដើម្បីសម្រេចគោលដៅកំណើននាំចេញ សម្រាប់ឆ្នាំ២០១៩ ដោយគេដឹងថា នឹងថយចុះ៨ភាគរយ។ជម្លោះពាណិជ្ជកម្មអាម៉េរិក-ចិន កំពុងប៉ះពាល់ដល់សេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មរបស់ថៃ ខណៈដែលស្ថានភាពបច្ចុប្បន្ន ធ្វើឲ្យអ្នកវិនិយោគិនចាកចេញ។ សូមបញ្ជាក់ថា ថៃបានរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៤ មីនា ប៉ុន្តែរដ្ឋាភិបាលបន្ទាប់ ក្រោយការបោះឆ្នោតមិនទាន់ត្រូវបានប្រកាសឲ្យដឹងនៅឡើយទេ៕ធ.ដ