-
Apple សម្រេចឲ្យទិញ iPhone បង់រំលស់មិនយកការប្រាក់នៅចិន

បើទោះបីជា ថ្មីៗនេះ Apple ត្រូវបង្ខំចិត្តទម្លាក់តម្លៃ iPhone ជាច្រើនម៉ូដែលដែលលក់នៅក្នុងប្រទេសចិន ដើម្បីជួយបង្កើនចំនួនលក់ក្នុងទីផ្សារដ៏ធំមួយនេះក៏ដោយ Apple បានបញ្ចេញយុទ្ធសាស្ត្រថ្មីបន្ថែមទៀត ដើម្បីទាក់ទាញអតិថិជនក្នុងប្រទេសចិន។ ជាយុទ្ធសាស្ត្រដែល Apple បានចាប់ដៃគ្នាជាមួយក្រុមហ៊ុនចិន Ant Financial Services Group ដើម្បីផ្ដល់នូវការបង់រំលស់ដោយមិនគិតការប្រាក់សម្រាប់ iPhone ដោយចាប់ផ្តើមកាលពីចុងសប្តាហ៍កន្លងទៅ។ គួរដឹងថា Apple បានធ្វើបែបនេះយូរមកហើយនៅទឹកដីសហរដ្ឋអាម៉េរិក ដែលឲ្យអតិថិជនបង់រំលស់ iPhone មិនគិតការប្រាក់ ក្នុងរង្វង់២៤ខែ។ ប៉ុន្តែសម្រាប់ប្រទេសចិន នេះជាលើកដំបូងបំផុតដែល Apple មានការផ្ដល់ជូនបែបនេះ៕ម.ន
-
ការស្ទង់មតិបង្ហាញថា លោក ប្រាយុទ្ធ ចាន់អូចា ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃដដែល

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ទទួលបានការគាំទ្រខ្លាំងជាងគេ ក្នុងការឲ្យបន្តធ្វើជានាយករដ្ឋមន្ត្រី ខណៈដែលគណបក្ស ភឿថៃ ទទួលបានសំឡេងឆ្នោតច្រើនជាងគេ នេះបើតាមការស្ទង់មតិមួយ ចេញផ្សាយសារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីចុងសប្តាហ៍។ យ៉ាងណាក៏ដោយ ចំនួនអ្នកបោះឆ្នោតដែលបោះបង់មិនចូលរួមការបោះឆ្នោតមានអត្រាខ្ពស់ជាងមុន នេះបើតាមការប្រភពដដែល។ ការស្ទង់មតិប្រចាំសប្តាហ៍របស់ Bangkok Poll ត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ដោយបានសាកសួរអ្នកបោះឆ្នោត ជាង១៥០៦នាក់ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៨ ដល់ ២០ កុម្ភៈ។ គួរបញ្ជាក់ថា ប្រទេសថៃនឹងរៀបចំការបោះឆ្នោតសកល នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ខាងនេះ នឹងក្លាយជាការបោះឆ្នោតដំបូង ចាប់តាំងពីប្រទេសនេះកើតមានរដ្ឋប្រហារយោធាទម្លាក់នាយករដ្ឋមន្ត្រីស្របច្បាប់ កាលពីឆ្នាំ២០១៤៕ម.ន
-
លោក ដូណាល់ ត្រាំ ប្រកាសផ្អាកគម្រោងដំឡើងពន្ធលើផលិតផលចិនជាង២០០លានដុល្លារអាម៉េរិក

សហរដ្ឋអាម៉េរិកនឹងផ្អាកផែនការដំឡើងពន្ធលើទំនិញចិនក្នុងតម្លៃជាង២០០លានដុល្លារអាម៉េរិក ក្រោយការចរចាមានលទ្ធផលផ្លែផ្កាល្អ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៤ កុម្ភៈ។ លោកត្រាំបានបញ្ជាក់ដែរថា លោកមានគម្រោងជួបផ្ទាល់ជាមួយប្រធានាធិបតីចិន នៅរដ្ឋហ្វ្ល័ររីដា ដើម្បីកិច្ចព្រមព្រៀងទៀតផង។ តាមរយៈបណ្តាញសង្គម Twitter លោក ត្រាំបានរៀបរាប់ថា«ខ្ញុំរីករាយរាយការណ៍ថា អាម៉េរិកបានធ្វើឲ្យមានការរីកចម្រើន ក្នុងកិច្ចចរចាពាណិជ្ជកម្មរបស់ពួកយើង ជាមួយចិន ស្តីពីបញ្ហាស្ថាបនាមានសារៈសំខាន់ រួមមានទាំងកិច្ចការពារកម្មសិទ្ធិបញ្ហា ការបញ្ជូនបច្ចេកវិទ្យា កសិកម្ម សេវាកម្ម រូបិយប័ណ្ណ និងមានវិស័យជាច្រើនទៀត»។ លោកបន្តថា «ជាលទ្ធផលនៃការចរចាដ៏មានផ្លែផ្កានេះ ខ្ញុំនឹងពន្យារពេលគម្រោងដំឡើងពន្ធរបស់អាម៉េរិក ដែលធ្លាប់បានគ្រោងថា នឹងសម្រេចដាក់ចេញនៅថ្ងៃទី១ មីនា។ ដោយសារតែភាគីទាំងពីរបន្តការពិភាក្សាដ៏ល្អ ពួកយើងនឹងគម្រោងជំនួបកំពូលរវាងខ្ញុំ និងលោកប្រធានាធិបតីស៊ី ដើម្បីកិច្ចព្រមព្រៀងរួមគ្នា។ ជាចុងសប្តាហ៍ដ៏ល្អ សម្រាប់អាម៉េរិកនិងចិន»៕ម.ន
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកមានសុទិដ្ឋិនិយម ចំពោះជំនួបកំពូលជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា លោកមានសុទិដ្ឋិនិយមចំពោះជំនួបកំពូលរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលជាកិច្ចខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិក ដើម្បីបញ្ចប់ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ តាមរយៈបណ្តាញសង្គម Twitter លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនថា យើងទាំងពីររំពឹងថា នឹងមានការវិវត្តជាបន្តពីជំនួបកំពូលលើកដំបូងនៅប្រទេសសិង្ហបុរី ដែលនោះគឺការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េទាំងមូល។ នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា កូរ៉េខាងជើងនៅតែជាការគំរាមកំហែងនុយក្លេអ៊ែរដដែល បើទោះជាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ធ្លាប់អះអាងថា ទីក្រុងព្យុងយ៉ាងលែងមានការគំរាមកំហែងអ្វីដល់សហរដ្ឋអាម៉េរិកទៀតក៏ដោយ៕ម.ន
-
លោក គីម ធ្វើដំណើរតាមរថភ្លើងទៅចូលរួមកិច្ចប្រជុំជាមួយនឹងលោក ត្រាំ នៅប្រទេសវៀតណាម

កូរ៉េខាងជើង៖ រដ្ឋាភិបាលកូរ៉េខាងជើងបានបញ្ជាក់ជាលើកដំបូងនៅថ្ងៃអាទិត្យសប្តាហ៍មុនថា លោក គីម ជុងអ៊ុន នឹងចូលរួមជំនួបលើកទីពីរជាមួយនឹងលោក ដូណាល់ ត្រាំ ដែលការអះអាងនេះ ធ្វើឡើងមុនពេលដែលជំនួបនេះ នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាកចេញពីទីក្រុងព្យុងយ៉ាង តាមរថភ្លើងកាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ។ លោក គីម ត្រូវបានអមដំណើរដោយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយចំនួន រួមទាំងអ្នកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់លោកផងដែរ។ លោក ត្រាំ និងលោក គីម នឹងជួបគ្នានៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម សាជាថ្មីម្តងទៀត បន្ទាប់ពីមេដឹកនំាទំាងពីរបានជួបគ្នាជាប្រវត្តិសាស្ត្រលើកដំបូងនៅប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំមុន។ នៅពេលនោះ មេដឹកនាំទាំងពីរ បានសន្យាប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ។ ដោយសារតែមានការវិវឌ្ឍទៅមុខតែបន្តិចបន្តួចប៉ុណ្ណោះតាំងពីពេលនោះមក មេដឹកនាំទាំងពីរត្រូវគេរំពឹងថា នឹងផ្ដោតលើផ្នែកណាមួយនៃកម្មវិធីនុយក្លេអ៊ែរ ដែលកូរ៉េខាងជើងអាចចាប់ផ្ដើមលុបបំបាត់ ជាថ្នូរនឹងការធ្វើសម្បទានមួយចំនួនពីសហរដ្ឋអាម៉េរិក៕ម.ន
-
អ៊ីរ៉ង់ប្រកាសអំពីការទទួលជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីល ចេញពីនាវាមុជទឹក

អ៊ីរ៉ង់៖ កងទ័ពអ៊ីរ៉ង់បានទទួលជោគជ័យទំាងស្រុង ក្នុងការធ្វើតេស្តប្រភេទមីស៊ីលបាញ់ចេញពីនាវាមុជទឹក នៅអំឡុងធ្វើសមយុទ្ធយោធាជើងទឹកនៅឯច្រកសមុទ្រ Hormuz ស្របពេលកំពុងមានភាពតានតឹងជាមួយសហរដ្ឋអាម៉េរិក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យម្សិលមិញ។ ផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្រ្តីយោធាម្នាក់ សារព័ត៌មានរដ្ឋអ៊ីរ៉ង់បានឱ្យដឹងទៀតថា នៅថ្ងៃទី៣នៃការធ្វើសមយុទ្ធយោធាជើងទឹកនេះ នាវាមុជទឹកអ៊ីរ៉ង់ Ghadir បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលស៊េរីថ្មីបំផុតរបស់ខ្លួន ខណៈនាវាមុជទឹក Tareq និង Fateh សុទ្ធតែបានបង្ហាញពីសមត្ថភាពក្នុងការការពារទឹកដីប្រឆាំងនឹងការឈ្លានពានពីសត្រូវតាមផ្លូវទឹក។ សូមជម្រាបផងដែរថា នាវាចម្បាំងអ៊ីរ៉ង់ប្រមាណជាង១០០គ្រឿង បាននិងកំពុងចូលរួមក្នុងការធ្វើសមយុទ្ធកងទ័ពជើងទឹករយៈពេល៣ថ្ងៃ ដែលបានប្រព្រឹត្តទៅចាប់ពីតំបន់ច្រកសមុទ្រ Hormuz រហូតដល់មហាសមុទ្រឥណ្ឌា៕ម.ន
-
ជនប្រដាប់អាវុធម្នាក់បានបាត់បង់ជីវិត ក្រោយប៉ុនប៉ងប្លន់យន្តហោះនៅបង់ក្លាដែស មិនបានសម្រេច

បង់ក្លាដែស៖ ជើងហោះហើរមួយ ដែលគ្រោងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានធ្វើចុះចតជាបន្ទាន់ នៅព្រលានយន្តហោះទីក្រុង Chittagong ប្រទេសបង់ក្លាដែស បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ជនសង្ស័យម្នាក់មានបំណងប្លន់យន្តហោះនេះនៅកណ្តាលអាកាស។ យន្តហោះនេះ មានជើងហោះហើរលេខ BG 147 ជាកម្មសិទ្ធិរបស់អាកាសចរណ៍បង់ក្លាដែស Biman ដែលបានគ្រោងហោះហើរពីរដ្ឋធានីដាកា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ ប៉ុន្តែវាត្រូវបានចុះចតនៅទីក្រុង Chittagong ប្រទេសបង់ក្លាដែសវិញ បន្ទាប់ពីកើតមានករណីប៉ុនប៉ងប្លន់យន្តហោះ។ ប៉ូលិសនៃព្រលានយន្តហោះ Chittagong បានអះអាងថា ក្រោយយន្តហោះចុះចត វាត្រូវបានឡោមព័ទ្ធភ្លាមៗដោយកងកម្លាំងមានសមត្ថកិច្ច ហើយអ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចុះពីលើយន្តហោះដោយសុវត្ថិភាព។ ប្រភពបានឱ្យដឹងថា នៅពេលត្រូវបានគេស្រែកឲ្យប្រគល់ខ្លួន ជនសង្ស័យសញ្ជាតិបង់ក្លាដែសនេះ បាញ់មកលើសមត្ថកិច្ច ជាហេតុនាំឲ្យមានការបាញ់តបវិញ។ ប្រភពបន្តថា បុរសនេះមានកាំភ្លើងខ្លី និងបានសុំនិយាយទៅកាន់ប្រពន្ធ និងនាយករដ្ឋមន្ត្រី តែបានស្លាប់មុនពេលត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយបើតាមមន្ត្រីអាកាសចរណ៍នោះ ជនសង្ស័យទំនងជាមានស្មារតីមិននឹងនរ៕ម.ន
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកគំរាមច្រានចោលសេចក្តីព្រាងរបស់សភា ដែលចង់រារាំងការប្រកាសភាពអាសន្នថ្នាក់ជាតិនៅព្រំដែន

សហរដ្ឋអាម៉េរិក៖ សភាតំណាងរាស្រ្តអាម៉េរិកគ្រោងធ្វើការបោះឆ្នោតសម្រេចនាថ្ងៃអង្គារសប្តាហ៍ក្រោយ លើសេចក្តីព្រាងច្បាប់មួយសំដៅរារាំងការប្រកាសភាពអាសន្ន ដែលលោក ត្រាំ បានដាក់ចេញកាលពីថ្ងៃទី១៥ ខែកុម្ភៈនេះ សម្រាប់ព្រំដែនអាម៉េរិក-ម៉ិកស៊ិក ខណៈសភាជាតិអាម៉េរិកនៅតែមិនព្រមប្រគល់ថវិកា៥,៧ពាន់លានដុល្លារ។ ជាការឆ្លើយតប ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថា រូបលោកនឹងទាត់ចោលសេចក្តីព្រាងច្បាប់របស់សភាតំណាងរាស្រ្ត ដែលមានគោលដៅរារាំងការប្រកាស អាសន្នថ្នាក់ជាតិ នៅព្រំដែនភាគខាងត្បូង។ ហើយតាមរយៈការប្រកាសភាពអាសន្នថ្នាក់ជាតិ លោក ដូណាល់ ត្រាំ នឹងអាចប្រមូលលុយបានសរុបរហូតដល់០៨ពាន់លានដុល្លារ ពីគម្រោងមូលនិធិសហព័ន្ធផ្សេងៗ ជាពិសេសពីក្នុងគម្រោងរបស់យោធា ដើម្បីយកទៅកសាងជញ្ជាំងព្រំដែនតាមការចង់បានរបស់លោក៕ធ.ដ
-
ប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក គ្រោងជួបគ្នានៅចុងខែមីនាខាងមុខ ក្នុងគោលបំណងពិភាក្សាបញ្ហាសង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសទំាងពីរ

សហរដ្ឋអាមេរិក៖ ជំនួបជាមួយនឹងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ទំនងជាធ្វើឡើងនៅកំឡុងចុងខែមិនាខាងមុខនេះ នៅក្នុងរម្មណីយដ្ឋាន ម៉ាអេឡាហ្គោ ស្ថិតនៅក្នុងរដ្ឋផ្លូរីដា សហរដ្ឋអាមេរិក ពីព្រោះមានរឿងច្រើនណាស់ត្រូវពិភាក្សាគ្នា នេះបើតាមការលើកឡើងរបស់លោក ដូណាល់ ត្រាំ ប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាន ។ កិច្ចពិភាក្សាជាបន្តបន្ទាប់នេះ បានកើតមានឡើងក្រោយលោក ស៊ី និងលោក ត្រាំ បានជួបពិភាក្សានៅទីក្រុងប៊ុយណូអ៊ែរ៉េស ប្រទេសអាហ្សង់ទីន ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូល G-20 ដោយក្នុងនោះមេដឹកនំាទំាងពីរបានព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មរហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ និងបើកឱកាសចរចាគ្នាឡើងវិញ ។ គួរបញ្ជាក់ផងដែរថា កន្លងមកនេះ ប្រទេសចិនក៏បានប្តេជ្ញាទិញទំនិញពីសហរដ្ឋអាមេរិក ឲ្យដល់ទំហំទឹកប្រាក់១.២ទ្រីលានតោនផងដែរ ដើម្បីបន្ធូរបន្ថយគម្លាតពាណិជ្ជកម្មរវាងគ្នា ដូចដែលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់កន្លងមក ៕ធ.ដ
-
ឆ្លើយតបនឹងផែនការយកពន្ធកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុបព្រមានបញ្ចប់ការចរចាពាណិជ្ជកម្មវិញ

អឺរ៉ុប៖ ឧត្តមស្នងការពាណិជ្ជកម្មអឺរ៉ុប លោកស្រី Cecilia Malmstrom បានថ្លែងអះអាងថា សហភាពអឺរ៉ុបនឹងបញ្ចប់កិច្ចប្រឹងប្រែងចរចាផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បើសិនទីក្រុងវ៉ាស៊ីនតោនសម្រេចអនុវត្តន៍ការយកពន្ធកម្រិតខ្ពស់លើរថយន្តដែលនាំចូលទៅពីអឺរ៉ុប ។ ការព្រមានរបស់ឧត្តមស្នងការពាណិជ្ជកម្មអឺរ៉ុបរូបនេះ ត្រូវបានធ្វើឡើងនៅមុនកិច្ចប្រជុំមិនផ្លូវការមួយនាថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) រវាងរដ្ឋមន្រ្តីពាណិជ្ជកម្មនៃបណ្តារដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប ដែលនឹងត្រូវជជែកគ្នាទាក់ទិននឹងកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈលោកស្រី Malmstrom បានសង្កត់ធ្ងន់ថា កិច្ចចរចានឹងត្រូវបញ្ចប់ភ្លាមៗ បើទីក្រុងវ៉ាស៊ីនតោនសម្រេចយកពន្ធកម្រិតខ្ពស់លើរថយន្តរបស់អឺរ៉ុប ។ សូមរំលឹកឡើងវិញថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាលពីឆ្នំាមុនថា នឹងអនុវត្តន៍ចំណាត់ការទារពន្ធក្នុងអត្រាខ្ពស់ គឺ២៥ភាគរយទៅលើរថយន្តនាំចូលពីអឺរ៉ុប ដើម្បីស្តាតុល្យភាពពាណិជ្ជកម្មឡើងវិញ ហើយលោកបានអះអាងថា បើដល់ថ្ងៃផុតកំណត់ គឺថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ សហភាពអឺរ៉ុបនៅតែមិនអាចសម្រេចកិច្ចព្រមព្រៀងសមរម្យមួយ ជាមួយអាមេរិកទេនោះ ការយកពន្ធថ្មីនេះនឹងត្រូវអនុវត្តន៍ ៕ធ.ដ