-
អ៊ីរ៉ង់ដឹកនំាការធ្វើសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ ពីឈូងសមុទ្រពែកទៅមហាសមុទ្រឥណ្ឌា

អ៊ីរ៉ង់៖ សារព័ត៌មាន CGTN បានរាយការណ៍ថា កងកម្លំាងអ៊ីរ៉ង់ចាប់ផ្តើមធ្វើសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំមួយ ក្នុងរយៈពេល៣ថ្ងៃនាសប្តាហ៍នេះ នៅលើផ្ទៃទឹកទំហំប្រមាណ០២លានគីឡូម៉ែត្រក្រលារវាងឈូងសមុទ្រពែក និងមហាសមុទ្រឥណ្ឌា ។ ការធ្វើសមយុទ្ធយោធាមានឈ្មោះថា Velayat 97 នេះ កើតមានឡើង នៅចំពេលដែលភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកើនឡើងខ្លំាង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ កាលពីឆ្នាំមុន ហើយទម្លាក់កញ្ចប់ទណ្ឌកម្មមកលើទីក្រុងតេហេរ៉ង់សាជាថ្មីឡើងវិញ ។ បើតាមយោធាជើងទឹកអ៊ីរ៉ង់ សមយុទ្ធយោធាទ្រង់ទ្រាយធំខាងលើនេះ គឺជាការបង្ហាញឲ្យពិភពលោកបានឃើញពីអំណាចទ័ពជើងទឹករបស់អ៊ីរ៉ង់ ក៏ដូចជាសមត្ថភាពនៃសព្វាវុធ និងគ្រឿងបរិក្ខាយោធាផ្សេងៗ ក្នុងការប្រឈមមុខជាមួយការគំរាមកំហែងនានានៅក្នុងតំបន់ ៕ធ.ដ
-
អង្គការ NASA នឹងបញ្ជូនអ្នកអវកាសទៅភពព្រះចន្ទសាជាថ្មីវិញ ប៉ុន្តែលើកនេះទៅស្នាក់នៅតែម្តង

សហរដ្ឋអាមេរិក៖ អង្គការ NASA គ្រោងនឹងបញ្ជូនអ្នកអវកាសទៅកាន់ភពព្រះចន្ទសាជាថ្មីវិញ បន្ទាប់ពីអាក់ខានជាងប៉ុន្មានទសវត្សរ៍មក ប៉ុន្តែលើកនេះ គឺទៅស្នាក់នៅតែម្តង មិនមែនគ្រាន់តែជាន់ដីភពព្រះចន្ទ ហើយដោតទង់ជាតិរួចត្រឡប់មកវិញដូចគ្រាមុននោះទេ ។ អ្នកគ្រប់គ្រងមួយរូបរបស់អង្គការ NASA លោក Jim Bridenstine បានប្រាប់អ្នកសារព័ត៌មាននាពេលថ្មីៗនេះថា អង្គការ NASA គ្រោងនឹងបង្កើនល្បឿនគម្រោងបញ្ជូនមនុស្សទៅភពព្រះចន្ទ ដែលគាំទ្រដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នេះ តាមរយៈការប្រើប្រាស់ក្រុមហ៊ុនឯកជន ។ លោក Bridenstine បានគូសបញ្ជាក់ទៀតថា វាមានសារៈសំខាន់ណាស់ ដែលយើងត្រូវត្រឡប់ទៅភពព្រះចន្ទវិញ កាន់តែលឿនតាមដែលអាចធ្វើបាន ហើយលោកសង្ឃឹមថា អ្នកអវកាសនឹងអាចវិលទៅភពព្រះចន្ទវិញ នៅត្រឹមឆ្នាំ២០២៨ខាងមុខនេះ ។ សូមរំលឹកឡើងវិញថា លោក Neil Armstrong គឺជាមនុស្សដំបូងបំផុត ដែលបានជាន់ដីភពព្រះចន្ទ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៦៩ ក្នុងបេសកកម្មអាប៉ូឡូទី១១ ខណៈមនុស្សចុងក្រោយគេដែលបានទៅដល់ភពនេះ គឺលោក Eugene Cernan កាលពីខែធ្នូ…
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកស្នើក្រុមហ៊ុននានាអភិវឌ្ឍន៍ប្រព័ន្ធ៦G ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន

សហរដ្ឋអាម៉េរិក៖ តាមរយៈបណ្តាញសង្គមធ្វីតធើ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បត្តិ៍នេះ បានធ្វើការជំរុញឱ្យបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកនានា បង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រព័ន្ធទំនាក់ទំនងទូរសព្ទ ៦G ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ ការអំពាវនាវបែបនេះរបស់លោក បានកើតមានឡើងនៅមុនជំនួបពាណិជ្ជកម្មដ៏សំខាន់ជាមួយចិន ស្របពេលដែលសហរដ្ឋអាម៉េរិកកំពុងចាត់វិធានការជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់ផែនការអភិវឌ្ឍបណ្ដាញ ៥G របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ដូចចំណាត់ការក្តៅៗជាច្រើនដែលបានកើតមានឡើងរួចទៅហើយ។ ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាម៉េរិកនានា គួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ពីព្រោះយើងត្រូវតែនាំមុខគេគ្រប់រឿងទាំងអស់ ជាពិសេសខាងបច្ចេកវិទ្យា៕ធ.ដ
-
លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាម៉េរិកនឹងទុកកងទ័ព២០០នាក់ ដើម្បីរក្សាសន្តិភាពនៅស៊ីរីដដែល

សហរដ្ឋអាម៉េរិក៖ សេតវិមានបានលើកឡើងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងបន្តដាក់ពង្រាយកងកម្លាំងចំនួន២០០នាក់ សម្រាប់រក្សាសន្តិភាពនៅលើទឹកដីស៊ីរី ក្រោយការដកកងទ័ពរាប់ពាន់នាក់ចេញពីប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះទៅតាមផែនការ។ ការប្រកាសរបស់សេតវិមាននាពេលនេះ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាតាមទូរសព្ទជាមួយសមភាគីតួកគីលោក តាយយីប អឺដូហ្គាន់ នៅថ្ងៃព្រហស្បត្តិ៍នេះ ដោយមេដឹកនាំទាំងពីរបានឯកភាពគ្នាបន្តរក្សាកិច្ចសហប្រតិបត្តិការ ស្ដីពីការបង្កើតតំបន់សុវត្ថិភាពមួយនៅស៊ីរី។ យ៉ាងណាមិញ ខាងសេតវិមានមិនបានបញ្ជាក់ព័ត៌មានលម្អិតអំពីពេលវេលាដែលកងទ័ពអាម៉េរិក២០០នាក់ នឹងត្រូវស្ថិតនៅក្នុងប្រទេសស៊ីរី ឬក៏ទីតាំងឈរជើងពិតប្រាកដនោះឡើយ ៕ធ.ដ
-
លោក ត្រាំ និងលោក គីម នឹងជួបគ្នាមួយទល់មួយ មុនចូលរួមកិច្ចប្រជុំកំពូលជាផ្លូវការ

សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយ Channel News Asia បានរាយការណ៍ថា លោក ដូណាល់ ត្រាំ នឹងត្រូវចូលរួមក្នុងជំនួបមួយទល់នឹងមួយជាមួយលោក គីម ជុងអ៊ុន ក្នុងអំឡុងកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅក្នុងរដ្ឋធានីហាណូយប្រទេសវៀតណាម នាសប្ដាហ៍ក្រោយនេះ។ បើតាមមន្រ្តីអាម៉េរិកមួយរូបក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ បានឱ្យដឹងដែរថា ជំនួបកំពូលជាលើកទី២នាពេលឆាប់ៗខាងមុខនេះ អាចនឹងដំណើរការដូចជំនួបដែលធ្លាប់បានធ្វើនៅក្នុងប្រទេសសិង្ហបុរីដែរ។ ពោលគឺមេដឹកនាំទាំងពីរទំនងជាងជួបគ្នាក្នុងជំនួបទល់មុខ មុននឹងចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីនៃប្រទេសទាំងពីរ។ រហូតមកទល់ពេលនេះ មានអ្នកកាសែតអន្តរជាតិប្រមាណ២,៦០០នាក់ហើយ បានចុះឈ្មោះដើម្បីត្រៀមយកព័ត៌មាននៃកិច្ចប្រជុំកំពូលលើកទីពីររវាងមេដឹកនាំអាម៉េរិក និងកូរ៉េខាងជើង។ នេះបើតាមការឲ្យដឹងពីអនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក ឡេ ហុយទ្រុង៕ធ.ដ
-
វេណេស៊ុយអេឡាគ្រោងបិទព្រំដែនជាមួយប្រេស៊ីល ដើម្បីព្យាយាមបិទការផ្តល់ជំនួយមនុស្សធម៌របស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមហាអំណាចនេះ

វេណេស៊ុយអេឡា៖ ព្រំដែនវេណេស៊ុយអេឡាជាមួយប្រទេសប្រេស៊ីលនឹងត្រូវបិទ ខណៈទីក្រុងការ៉ាកាស់កំពុងតស៊ូប្រឆាំងនឹងការផ្ដល់មនុស្សធម៌របស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអាម៉េរិក នេះបើតាមការប្រកាសរបស់ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ នៅតាមកញ្ចក់ទូរទស្សន៍រដ្ឋនាថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។ នាឱកាសនោះដែរ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ បានអះអាងថា រូបលោកក៏កំពុងពិចារណាបិទព្រំដែនជាមួយកូឡុំប៊ីផងដែរ សំដៅកាត់ផ្ដាច់ការទទួលជំនួយពីបរទេសរបស់គណបក្សប្រឆាំង ហើយលោកនៅតែចោទប្រកាន់ដដែលថា ការផ្ដល់ជំនួយមនុស្សធម៌នេះ គឺជាលេសគាំទ្រគណបក្សប្រឆាំង និងចង់ឈ្លានពានទម្លាក់រូបលោកចេញពីតំណែង។ គួរកត់សម្គាល់ផងដែរថា លោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្លាប់បានបដិសេធថា វេណេស៊ុយអេឡាមិនមែនកំពុងស្ថិតនៅក្នុងវិបត្តិមនុស្សធម៌ ដូចដែលទីក្រុងវ៉ាស៊ីនតោនលើកឡើងនោះទេ ប៉ុន្តែលោក ម៉ាឌូរ៉ូ បែរជាអះអាងនៅក្នុងសប្ដាហ៍នេះថា វេណេស៊ុយអេឡានឹងបើកទ្វារទទួលជំនួយមនុស្សធម៌៣០០តោនពីប្រទេសរុស្ស៊ី៕ធ.ដ
-
យានអវកាសអ៊ីស្រាអែល នឹងទៅដល់ឋានព្រះចន្ទនាអំឡុងខែមេសា បន្ទាប់ពីការបាញ់បង្ហោះនៅសប្តាហ៍នេះ

សហរដ្ឋអាម៉េរិក៖ យានរុករកមួយគ្រឿងរបស់អ៊ីស្រាអែលឈ្មោះថា ប៊ែរែស៊ីត នឹងត្រូវធ្វើគោចរជាគន្លងរាងពងក្រពើព័ទ្ធជុំវិញផែនដីជាច្រើនជុំ រហូតដល់អាចទៅកៀក និងចុះចតលើផ្ទៃព្រះចន្ទ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ខាងមុខ ក្រោយត្រូវបានគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុនអាម៉េរិក SpaceX បាញ់បញ្ជូលឡើងទៅកាន់ទីអវកាសនៅសប្តាហ៍នេះ។ ប្រសិនបើបេសកកម្មនេះជោគជ័យ១០០% នោះអ៊ីស្រាអែលនឹងក្លាយជាប្រទេសទី៤ ដែលអាចបញ្ជូនយានទៅចុះចតលើព្រះចន្ទ បន្ទាប់ពីអតីតសហភាពសូវៀត សហរដ្ឋអាម៉េរិក និងចិន ខណៈក្រុមការងាររបស់អង្គការអវកាសអ៊ីស្រាអែល IAI បានបង្ហាញមោទនភាព និងក្តីសង្ឃឹមខ្ពស់បំផុត ចំពោះអ្វីដែលខ្លួននឹងសម្រេចបាននាពេលខាងមុខ ដែលជាការលើកមុខមាត់អ៊ីស្រាអែលយ៉ាងភ្ញាក់ផ្អើលលើឆាកអន្តរជាតិ។ សូមបញ្ជាក់ថា រ៉ុក្កែត Falcon 9 របស់ SpaceX បានដុតកម្តៅ និងរុញច្រានយានរុករកឋានព្រះច័ន្ទលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល ឡើងទៅកាន់ទីអវកាសកាលពីម៉ោង៨និង៤៥នាទីយប់ថ្ងៃព្រហស្បតិ៍ត(ម៉ោងក្នុងតំបន់) ចេញពីស្ថានីយបាញ់បង្ហោះ Cape Canaveral នៃកងទ័ពអាកាសអាម៉េរិក។ សម្រាប់រ៉ុក្កែត Falcon 9 ខាងលើនេះ មិនត្រឹមតែផ្ទុកយានរុករកឋានព្រះចន្ទរបស់អ៊ីស្រាអែលប៉ុណ្ណោះទេ តែវាថែមទាំងផ្ទុះផ្កាយរណបរបស់ឥណ្ឌូណេស៊ីមួយគ្រឿងទៀតមានឈ្មោះថា Nusantara Satu ទៅទម្លាក់នៅគន្លងគោចរជុំវិញភពផែនដីផងដែរ៕ធ.ដ
-
ក្រុមហ៊ុន Samsung បញ្ចេញស្មាតហ្វូនត្រកូល Galaxy ជំនាន់ថ្មីជាផ្លូវការ ជាមួយនឹងការបំពាក់កាម៉េរ៉ាចំនួន៦គ្រាប់

បរទេស៖ ដើម្បីអបអរសារទរខួប១០ឆ្នាំនៃស្មាតហ្វូន Galaxy ត្រកូល S ក្រុមហ៊ុន Samsung បានបញ្ចេញអាវុធធំៗមួយចំនួនមានដូចជា Galaxy S10, Galaxy S10+, Galaxy S10E, Samsung Galaxy Watch Active, Samsung Galaxy Buds និងអាវុធពិសេសចុងក្រោយ គឺ Samsung Galaxy Fold ។ នាឱកាសនោះដែរ អនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សារនៃផលិតផលរបស់ក្រុមហ៊ុន Samsung លោក Justin Denison បានដាក់បង្ហាញទូរសព្ទ Galaxy Fold ដែលជាទូរសព្ទបត់អេក្រង់ដំបូង គេបង្អស់របស់ Samsung ដែលកំពុងធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង។ លោកបន្តថា ជាមួយគ្នានេះ Samsung ក៏បានសហការជាមួយបណ្តាញសង្គម Instagram ដែលនឹងបំពាក់មុខងារពិសេសសនៅក្នុងកាមេរ៉ាសម្រាប់ការថតរូប Instagram Mode ចូលទៅក្នុងបណ្តាញសង្គមនេះបានយ៉ាងល្អឥតខ្ចោះ ដូច្នេះវាពិតជាសាកសមសម្រាប់ ហ្វេនដែលនិយមចូលចិត្តថតរូបដាក់ក្នុងបណ្តាញសង្គម…
-
អាជីវកម្មចុះបញ្ជីថ្មីនៅប្រទេសថៃកើនឡើង៧៨ភាគរយ ក្នុងខែដំបូងនៃឆ្នាំ២០១៩

ការចុះបញ្ជីអាជីវកម្មនៅប្រទេសថៃបានកើនឡើង៧៨ភាគរយ កាលពីខែមករា ២០១៩កន្លងទៅ ក្នុងនោះ អាជីវកម្មលើការដឹកជញ្ជូន នាំមុខគេ បន្ទាប់មកពីការវិនិយោគអេឡិចត្រូនិច និងភាពសកម្មនៃរបៀងសេដ្ឋកិច្ចភាគខាងកើត EEC នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២២ កុម្ភៈនេះ។ លោក Vuttikrai Leewiraphan អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍធុរកិច្ច បាននិយាយថា ការចុះបញ្ជីអាជីវកម្មថ្មីៗបានឈានដល់៧៣១១អាជីវកម្ម កាលពីខែមុន ប្រៀបធៀបនឹងខែធ្នូ ២០១៨ មានត្រឹម៤១០២អាជីវកម្ម ហើយកាលពីខែមករា ២០១៨ មាន៦៩៦៥អាជីវកម្ម។ លោកបន្តថា ការកើនឡើងខ្លាំងនេះ គឺដោយសារតែកំណើនខ្លាំងនៃគម្រោងហេដ្ឋារចនាសម្ពន្ធនានា ភាពប្រសើរឡើងវិញនៃទេសចរណ៍ និងជំនឿទុកចិត្តពីវិនិយោគិនកាន់តែធំ៕ធ.ដ
-
ចិនកាត់ទោសអតីតមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ទៀត ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងរឿងពុករលួយ

សារព័ត៌មាន BBC បានចេញផ្សាយ ថ្មីៗនេះថា អតីតមន្ត្រីជាន់ខ្ពស់របស់ចិនមួយរួប ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោយមានបញ្ហាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។គួរឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១២មក មន្ត្រីចិនជាង១លាននាក់ត្រូវបានទទួលទោសក្រោយការដឹកនាំរបស់ប្រធានាធិបតី Xi Jinping ក្រោមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ លោក Fang Fenhui វ័យ៦៧ឆ្នាំ អតីតប្រធាននៃកងទ័ពរំដោះប្រជាជនត្រូវបានរកឃើញថាជាប់ពាក់ព័ន្ធនឹងការសូកប៉ាន់ និងមានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ទទួលបានពីអំពើពុករលួយ។ គួរបញ្ជាក់ដែរថា លោក Fang ធ្លាប់បានអមដំណើរលោកប្រធានាធិបតីចិន ស៊ី ជីនភីង ក្នុងពេលទទួលជួបប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៧៕ធ.ដ