Category: ព័ត៌មានអន្តរជាតិ

  • ប្រធានាធិបតីហ្វីលីពីន៖ សង្គ្រាមប្រឆាំងគ្រឿងញៀននឹងកាន់តែក្តៅគគុកជាងមុន

    ប្រធានាធិបតីហ្វីលីពីន៖ សង្គ្រាមប្រឆាំងគ្រឿងញៀននឹងកាន់តែក្តៅគគុកជាងមុន

    ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសជាចំហថារូបលោកនឹងមិនលើកលែងឲ្យនរណាម្នាក់ឡើយ ដែលបំផ្លាញអនាគតប្រទេសហ្វីលីពីន ហើយលោកអះអាងថា យុទ្ធនាការប្រឆាំងគ្រឿងញៀននេះ នឹងបន្តធ្វើរហូត ទោះបីលោកអាចអស់តំណែង ឬជួបបញ្ហាផ្សេងៗដោយសាររឿងនេះក្ដី។ ថ្លែងនៅឯវិមានប្រធានាធិបតី Malacañang មេដឹកនាំហ្វីលីពីនរូបនេះ ប្រកាសថា យុទ្ធនាការបង្ក្រាបគ្រឿងញៀន នឹងរឹតបន្តឹងកាន់តែខ្លាំងទៀតនៅពេលខាងមុខ ហើយលោកក៏បានប្រាប់មនុស្សរាល់គ្នារួចរាល់ហើយពីរឿងនេះ។ លោកបានសង្កត់ធ្ងន់ថា លោកមិនឲ្យហ្វីលីពីនត្រូវបានបំផ្លាញដោយគ្រឿងញៀនរហូតធ្លាក់ខ្លួនជារដ្ឋមួយដែលបែកបាក់ដោយសារធាតុញៀននេះឡើយ។ សង្គ្រាមបោសសម្អាតគ្រឿងញៀន គឺជាគោលនយោបាយដ៏ធំ និងចម្រូងចម្រាសរបស់លោក ឌូទើតេ ខណៈដែលប្រធានាធិបតីហ្វីលីពីនរូបនេះ ទទួលរងនូវការរិះគន់ពីសហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្ស។ បើតាមរបាយការណ៍របស់ប៉ូលិសហ្វីលីពីន មនុស្សជាង៥ពាន់នាក់ហើយបានស្លាប់ ដោយសារយុទ្ធនាការកណ្ដាប់ដៃដែកនេះ ប៉ុន្តែក្រុមសិទ្ធិមនុស្សដែលរិះគន់ចំណាត់ការមួយនេះអះអាងថា តួលេខរបស់រដ្ឋាភិបាលនេះ មានចំនួនតិចជាងចំនួនជាក់ស្ដែងដែលអាចមានដល់មួយម៉ឺននាក់ឯណោះ៕ធ.ដ

  • ប្រធានាធិបតីបារាំងគ្រោងលើកយកច្បាប់ប្រឆាំងនឹងការរើសអើងលើអ៊ីនធើណិត ទៅជជែកដេញដោលក្នុងសភាជាតិបារាំង

    ប្រធានាធិបតីបារាំងគ្រោងលើកយកច្បាប់ប្រឆាំងនឹងការរើសអើងលើអ៊ីនធើណិត ទៅជជែកដេញដោលក្នុងសភាជាតិបារាំង

    បារាំង៖ សេចក្ដីព្រាងច្បាប់មួយ ដែលមានគោលបំណងប្រឆាំងនឹងការរើសអើងនៅលើបណ្ដាញអ៊ីនធើណិត នឹងត្រូវបានយកទៅជជែកដេញដោលនៅក្នុងសភាជាតិបារាំងនាពេលឆាប់ៗ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង។ គំនិតផ្ដួចផ្ដើមបង្កើតច្បាប់ប្រឆាំងនឹងការរើសអើងនៅលើអ៊ីនធើណិត បានកើតឡើង បន្ទាប់ពីមានរឿងអាស្រូវមួយផ្ទុះឡើង នៅក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយបារាំង ដោយសារតែមនុស្សប្រុសមួយក្រុមដែលបម្រើការឱ្យសារព័ត៌មានឆ្វេងនិយម ត្រូវបានគេចោទប្រកាន់ថា បានធ្វើយុទ្ធនាការតាមអនឡាញប្រឆាំងនឹងស្ត្រីជាអ្នកសារព័ត៌មាន និងសមាជិកក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។ នៅក្នុងសុន្ទរកថាមួយនៅឯសមាគមបារាំងនៃអង្គការជ្វីព លោក ម៉ាក្រុង បាននិយាយថា យើងគួរតែយកគម្រូតាមអាល្លឺម៉ង់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងហិង្សា ឬក៏ប្រើប្រាស់ភាសាញុះញង់នៅលើបណ្ដាញអ៊ីនធើណិត ដូច្នេះចាប់ពីឥឡូវរហូតដល់ខែឧសភាខាងមុខ សមាជិកសភាលោកស្រី Laetitia Avia នឹងធ្វើបទបង្ហាញនៅក្នុងសភាពីសេចក្ដីព្រាងច្បាប់មួយពាក់ព័ន្ធនឹងបញ្ហានេះ៕ធ.ដ

  • នាយករដ្ឋមន្រ្តីជប៉ុនសង្ឃឹមថា ជំនួបកំពូលរវាងសហរដ្ឋអាម៉េរិក-កូរ៉េខាងជើង នឹងនាំមកនូវសន្តិភាព និងស្ថិរភាពមកកាន់តំបន់អាស៊ីបូព៌ា

    នាយករដ្ឋមន្រ្តីជប៉ុនសង្ឃឹមថា ជំនួបកំពូលរវាងសហរដ្ឋអាម៉េរិក-កូរ៉េខាងជើង នឹងនាំមកនូវសន្តិភាព និងស្ថិរភាពមកកាន់តំបន់អាស៊ីបូព៌ា

    ជប៉ុន៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានជជែកគ្នាតាមទូរសព្ទ ដើម្បីពិភាក្សាលើបញ្ហាសន្តិភាព និងស្ថិរភាពនៅតំបន់អាស៊ីបូព៌ា មុនជំនួបកំពូលរបស់លោក ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នាសប្តាហ៍ក្រោយនេះ។ លោក អាបេ បាននិយាយប្រាប់សារព័ត៌មានថា ពួកយើងបានជជែកគ្នាពីបញ្ហាក្តីកង្វល់រៀងៗខ្លួនជាច្រើនពាក់ព័ន្ធនឹងកូរ៉េខាងជើង ដែលរួមទាំងការបញ្ជូនមកវិញនូវពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ពង្រាត់យកទៅដោយកូរ៉េខាងជើង និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះបានបន្ថែមថា ពួកយើងបានព្រមព្រៀងគ្នាផងដែរដើម្បីសន្ទនាគ្នាតាមទូរសព្ទម្តងទៀត ក្រោយជំនួបរវាងលោក ដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន នៅរដ្ឋធានីហាណូយ នៅថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈខាងមុខនេះ។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងផងដែរថា នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសជប៉ុន នាខែឧសភាខាងមុខ ដើម្បីជួបជាមួយព្រះចៅអធិរាជថ្មីរបស់ជប៉ុន ហើយនឹងវិលត្រឡប់មកវិញម្តងទៀត សម្រាប់កិច្ចប្រជុំបណ្តាប្រទេស G20៕ធ.ដ

  • វៀតណាមនាំចូលរថយន្តជិត១២០០០គ្រឿងក្នុងខែដំបូងនៃឆ្នាំ២០១៩

    វៀតណាមនាំចូលរថយន្តជិត១២០០០គ្រឿងក្នុងខែដំបូងនៃឆ្នាំ២០១៩

    វៀតណាមបាននាំចូលរថយន្តជិត១១៧០០គ្រឿង តម្លៃជិត២៧៣លានដុល្លារអាម៉េរិក កាលពីខែមករា ២០១៩ ជាចំនួនប្រហាក់ប្រហែលគ្នា ក្នុងប៉ុន្មានខែចុងក្រោយនេះ ដោយ១ខែ យ៉ាងតិចណាស់ នាំចូលបាន១០០០០គ្រឿង នេះបើតាមស្ថិតិរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយដោយសារព័ត៌មាន Vietnamnews កាលពីថ្ងៃទី២១ កុម្ភៈ ២០១៩។ ប្រភពថា រថយន្ត៦៧ភាគរយដែលត្រូវបាននាំចូលកាលពីខែមករា គឺជារថយន្តដែលមានកៅអី៩ ឬ តិចជាងនេះ។ សម្រាប់រថយន្តដឹកទំនិញមាន៣០ភាគរយ ក្រៅពីនេះគឺជារថយន្តដែលមានកៅអីច្រើនជាង៩កៅអី និងរថយន្តផ្សេងៗទៀត។ ថៃ និងឥណ្ឌូនេស៊ី នៅតែជាប្រទេសនាំរថយន្តចូលទៅប្រទេសវៀតណាមច្រើនជាងគេ ក្នុងនោះ កាលពីខែមករា ២០១៩ ថៃនាំចូលរថយន្តទៅវៀតណាមជិត៧៤០០គ្រឿង ស្មើនឹង៦៣ភាគរយ តម្លៃ១៥៣លានដុល្លារអាម៉េរិក។ យោងតាមសមាគមផលិតរថយន្តវៀតណាមថា ទីផ្សារក្នុងស្រុករកឃើញថា រថយន្តជិត៣៣៥០០គ្រឿងត្រូវបានលក់ កើនឡើង២៧ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕ធ.ដ

  • លោក ស៊ី ជិនពីង ប្តេជ្ញាលើកកម្ពស់បន្ថែមភាពជាដៃគូដ៏ល្អរវាងប្រទេសចិន-អ៊ីរ៉ង់

    លោក ស៊ី ជិនពីង ប្តេជ្ញាលើកកម្ពស់បន្ថែមភាពជាដៃគូដ៏ល្អរវាងប្រទេសចិន-អ៊ីរ៉ង់

    ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃពុធនេះ បានទទួលស្វាគមន៍ការបំពេញទស្សនកិច្ចរបស់អ្នកនាំពាក្យសភាអ៊ីរ៉ង់លោក អាលី ឡារីចានី និងបានធ្វើការអំពាវនាវឲ្យមានការពង្រឹងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នាឱកាសនោះដែរ លោក ស៊ី បានថ្លែងសរសើរមិត្តភាពយូរអង្វែងរវាងចិន-អ៊ីរ៉ង់ ដោយនិយាយថា ការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយជាមួយអ៊ីរ៉ង់នឹងមិនផ្លាស់ប្តូរ បើទោះបីជាមានការផ្លាស់ប្តូរនៅលើសកលលោក និងក្នុងតំបន់។ បន្ថែមលើនេះ លោក ស៊ី ក៏បានសម្តែងនូវការគាំទ្ររបស់ចិនចំពោះអ៊ីរ៉ង់ ដើមដើរតួនាទីស្ថាបនាមួយក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា និងមានឆន្ទៈរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់លើបញ្ហាក្នុងតំបន់ ។ ជាការឆ្លើយតប លោក អាលី ឡារីចានី បានអះអាងថា មិត្តភាពអ៊ីរ៉ង់ និងចិន មិនត្រឹមតែអនុលោមទៅតាមផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់សម្រាប់សន្តិភាព និងវិបុលភាពនៃតំបន់អាស៊ី និងពិភពលោកផងដែរ៕ធ.ដ

  • កងកម្លាំងយោធារុស្ស៊ីនឹងត្រូវហាមឃាត់មិនឲ្យប្រើទូរសព្ទស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិចផ្សេងទៀត

    កងកម្លាំងយោធារុស្ស៊ីនឹងត្រូវហាមឃាត់មិនឲ្យប្រើទូរសព្ទស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិចផ្សេងទៀត

    រុស្ស៊ី៖ កម្លាំងយោធារុស្ស៊ីនឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ទូរសព្ទដៃស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិចមួយចំនួនទៀត ដើម្បីការពារព័ត៌មានយោធាកុំឱ្យធ្លាក់ដល់ដៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស។ នេះបើតាមសភាជាន់ទាបរុស្ស៊ី (រដ្ឋសភា) បានបោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយ ដែលទទួលបានការគាំទ្រ៤០០សំឡេង ក្នុងចំណោមសមាជិកសភាជាន់ទាបរុស្ស៊ីទាំងអស់៤៥០រូបនៅថ្ងៃអង្គារ៍នេះ។ បច្ចុប្បន្នសេចក្ដីព្រាងច្បាប់នេះ ត្រូវបញ្ជូនបន្តទៅកាន់សភាជាន់ខ្ពស់ (ព្រឹទ្ធសភា) និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី មុននឹងត្រូវបានចុះហត្ថលេខាឱ្យវាក្លាយជាច្បាប់ផ្លូវការដោយប្រធានាធិបតីលោក វ៉ា្លឌីមៀ ពូទីន។ ឈានចូលដល់ឆ្នាំ២០១៩នេះ គេសង្កេតឃើញថា ប្រទេសរុស្ស៊ីហាក់ព្យាយាមបង្កើនសក្តានុពល និងកំណែទម្រង់ផ្ទៃក្នុងយោធាយ៉ាងខ្លាំង ជាពិសេសទៅការធ្វើទំនើបកម្មសព្វាវុធ និងសន្តិសុខព័ត៌មានវិទ្យា។ ផ្អែកលើសេចក្ដីព្រាងច្បាប់នេះដដែល កងកម្លាំងយោធារុស្ស៊ីទាំងអស់មិនអាចប្រើប្រាស់ទូរសព្ទដៃទាំងឡាយណា ដែលអាចថតរូប ថតវីដេអូ និងប្រើបា្រស់អ៊ីនធើណិតបាននោះទេ ហើយពួកគេក៏ត្រូវបានហាមឃាត់ផងដែរ ក្នុងការសរសេរ ឬនិយាយព័ត៌មានពាក់ព័ន្ធនឹងយោធាទៅកាន់អ្នកសារព័ត៌មាននានាជាដាច់ខាត៕ធ.ដ

  • អ្នកវិទ្យាសាស្ត្របកស្រាយអំពីវិធីសាស្ត្រក្នុងការកម្ទេចចោលផ្កាយរណប ឬយានអវកាសខូច

    អ្នកវិទ្យាសាស្ត្របកស្រាយអំពីវិធីសាស្ត្រក្នុងការកម្ទេចចោលផ្កាយរណប ឬយានអវកាសខូច

    សហរដ្ឋអាម៉េរិក៖ អ្នកវិទ្យាសាស្រ្តមានជម្រើសពីរក្នុងការកម្ទេចចោលផ្កាយរណប ឬយានអវកាសខូច ដោយអាស្រ័យទៅលើរយៈកម្ពស់នៃវត្ថុទាំងនោះ ជាពិសេស គឺផ្កាយរណប។ សម្រាប់ផ្កាយរណបដែលនៅគន្លងកម្រិតទាបរបស់ផែនដី អ្នកវិទ្យាសាស្រ្តនឹងប្រើប្រាស់ឥន្ធនៈ ដែលនៅសល់តិចតួចចុងក្រោយ ដើម្បីបញ្ជាពួកវាឲ្យធ្លាក់ចុះមកក្នុងបរិយាកាសផែនដីវិញ ហើយឆេះរលាយខ្លួនតែម្តង។ ឯជម្រើសមួយទៀត គឺបញ្ជូនផ្កាយរណបឲ្យទៅឆ្ងាយពីផែនដី ព្រោះថា ការប្រើសាំងដើម្បីឲ្យពួកវាធ្លាក់មកក្នុងបរិយាកាសវិញ អាចត្រូវចំណាយច្រើនជាងការបញ្ជូនពួកវាចេញពីផែនដី ជាពិសេសសម្រាប់ផ្កាយរណបដែលនៅកម្ពស់ខ្ពស់ៗពីផែនដី។ សម្រាប់រឿងនេះ អ្នកវិទ្យាសាស្រ្តអាចរៀបចំគោលដៅចុងក្រោយមួយ ដើម្បីធានាថា ពួកវា ព្រមទាំងកម្ទេចកម្ទីផ្សេងៗនឹងធ្លាក់នៅចំតំបន់គ្មានមនុស្សរស់នៅ។ តំបន់នេះត្រូវគេដាក់ឈ្មោះឲ្យថា ទីលានបញ្ចុះសពរបស់យានអវកាស ដោយវាស្ថិតនៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក។ គិតចាប់តាំងពីឆ្នាំ១៩៧១ ដល់ឆ្នាំ២០១៦ យានអវកាសប្រមាណ២៦៣គ្រឿងរបស់ប្រទេសចំនួន០៤ ត្រូវបានគេទម្លាក់ចោលនៅទីតាំងនេះ។ រីឯផ្កាយរណបនៅគន្លងកម្រិតខ្ពស់ ដែលគេបញ្ជាចេញឲ្យពីផែនដីក៏មានទីលានបញ្ចុះសពសម្រាប់ពួកវាដែរ ដែលគេហៅថា ក្រាវ៉េយ៉ាដ អរប៊ីត ស្ថិតនៅចម្ងាយ៣,៦០០គីឡូម៉ែត្រពីភពផែនដី ពោលគឺរាប់រយគីឡូម៉ែត្រផុតពីផ្កាយរណបនានា ដែលកំពុងធ្វើការនៅជុំវិញផែនដី និងធានាថា ពួកវាទាំងនោះនឹងមិនបង្កការរំខានដល់បេសកកម្មអវកាសនានានៅថ្ងៃអនាគតនោះឡើយ៕ធ.ដ

  • មុនជំនួបកំពូលលោក ដូណាល់ ត្រាំ នឹងលើកឡើងពីការបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង

    មុនជំនួបកំពូលលោក ដូណាល់ ត្រាំ នឹងលើកឡើងពីការបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង

    សហរដ្ឋអាម៉េរិក៖ មួយសប្តាហ៍ មុនចូលរួមជំនួបកំពូលលើកទី២ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងលើកឡើងពីការបន្ធូរបន្ថយទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង ប៉ុន្តែលោក ត្រាំ អះអាងថា រឿងនេះនឹងកើតឡើង ខណៈណាកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរដំណើរការទៅដោយរលូននោះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាននៅក្នុងថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ ថែមទាំងបង្ហាញការរំពឹងទុកដែរថា រូបលោកនឹងជួបជាមួយលោក គីម ជុងអ៊ុន ជាថ្មីម្តងទៀត បន្ទាប់ពីបញ្ចប់ជំនួបកំពូលលើកទី២របស់ពួកលោក ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈនេះ ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ សូមរំលឹកផងដែរថា ក្រុមមន្រ្តីមកពីអាម៉េរិក និងកូរ៉េខាងជើងបានធ្វើដំណើរទៅកាន់វៀតណាម ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ៕ធ.ដ

  • លោក ដូណាល់ ត្រាំ ព្រមានដំឡើងពន្ធលើការនាំចូលរថយន្តរបស់អឺរ៉ុប

    លោក ដូណាល់ ត្រាំ ព្រមានដំឡើងពន្ធលើការនាំចូលរថយន្តរបស់អឺរ៉ុប

    ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃទី២០ កុម្ភៈ ម្សិលមិញថា នឹងដំឡើងពន្ធលើការនាំចូលរថយន្តរបស់អឺរ៉ុប ប្រសិនបើលោកមិនអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយអឺរ៉ុបនោះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia នៅថ្ងៃទី២១ កុម្ភៈនេះ។ ឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងពន្ធថ្មី លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា «ពួកយើងកំពុងចរចា។ ប្រសិនបើពួកយើងគ្មានកិច្ចព្រមព្រៀងទេ ពួកយើងនឹងដំឡើងពន្ធ»។ ការគំរាមជាថ្មីរបស់លោកត្រាំ សំដៅលើឧស្សាហកម្មរថយន្តរបស់អឺរ៉ុបនេះ គឺជាជំហានថ្មី ខណៈដែលក្រសួងពាណិជ្ជកម្មចេញផ្សាយរបាយការណ៍ផ្អែកលើប្រភពផ្សេងៗថា ការនាំចូលរថយន្តរបស់អឺរ៉ុបធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ដោយចង់សំដៅលើឧស្សាហកម្មរថយន្តរបស់អាម៉េរិកនោះ។ របាយការណ៍នេះ អាចនាំឲ្យសេតវិភាពដំឡើងពន្ធក្នុងរយៈពេល៩០ថ្ងៃ ខណៈដែលភាគីទាំងពីរកំពុងចរចាគ្នា ប៉ុន្មានថ្ងៃមកនេះ។ កន្លងមក ក្រោមរដ្ឋបាលរបស់ត្រាំ អាម៉េរិកបានប្រើប្រាស់ការតវ៉ាសន្តិសុខជាតិ ក្នុងការដំឡើងពន្ធរួចមកហើយ លើការនាំចូលដែក និងអាលុយមីញ៉ូមពីក្រៅប្រទេស នាំឲ្យមានការសងសឹកវិញពីអឺរ៉ុប កាណាដា និងចិន៕ធ.ដ

  • អ៊ីស្រាអែលនឹងបង្កើតព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកដំបូងបំផុតមួយ តាមរយៈការបាញ់បញ្ជូនយានទៅចុះចតលើផ្ទៃព្រះចន្ទ

    អ៊ីស្រាអែលនឹងបង្កើតព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកដំបូងបំផុតមួយ តាមរយៈការបាញ់បញ្ជូនយានទៅចុះចតលើផ្ទៃព្រះចន្ទ

    អ៊ីស្រាអែល៖ អង្គការអវកាសអ៊ីស្រាអែល IAI និងអង្គការមូលនិធិអវកាស SpaceIL នៅថ្ងៃពុធម្សិលមិញ បានឱ្យដឹងថា នាចុងសប្តាហ៍នេះ អ៊ីស្រាអែលនឹងបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ខ្លួន តាមរយៈការបាញ់បង្ហោះគ្រឿងយន្តអវកាសជាលើកដំបូងបំផុតទៅកាន់ឋានព្រះចន្ទ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ទីភ្នាក់ងារអវកាសអ៊ីស្រាអែលបានបញ្ជាក់ថា យានអវកាសឈ្មោះ ប៊ែរែស៊ីត (Beresheet) គ្រោងនឹងត្រូវបាញ់បង្ហោះនៅថ្ងៃទី២២ ខែកុម្ភៈនេះ ជាមួយការរំពឹងថា នឹងទៅចុះចតនៅលើឋានព្រះចន្ទនៅថ្ងៃទី១១ ខែមេសាខាងមុខ ហើយថា យាននេះ នឹងត្រូវបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុនអវកាសអាម៉េរិក SpaceX ចេញពីរដ្ឋ Florida។ ប្រសិនបើបេសកកម្មខាងលើនេះជោគជ័យ១០០% នោះអ៊ីស្រាអែលនឹងក្លាយជាប្រទេសទី៤ ដែលអាចបញ្ជូនយានទៅចុះចតលើព្រះចន្ទ បន្ទាប់ពីរុស្ស៊ី សហរដ្ឋអាម៉េរិក និងចិន ខណៈក្រុមការងាររបស់អង្គការអវកាស IAI បានបង្ហាញមោទកភាព និងក្តីសង្ឃឹមខ្ពស់បំផុត ចំពោះអ្វីដែលខ្លួននឹងសម្រេចបាននាពេលខាងមុខ ដែលជាការលើកមុខមាត់អ៊ីស្រាអែលយ៉ាងភ្ញាក់ផ្អើលលើឆាកអន្តរជាតិ ៕ធ.ដ