Category: ព័ត៌មានអន្តរជាតិ

  • ម៉ុងហ្គោលីទទួលចំណូលបានជាង១៦៩លានដុល្លារអាម៉េរិក ពីការនាំចេញធ្យូងទៅចិនកាលពីខែមករា

    ម៉ុងហ្គោលីទទួលចំណូលបានជាង១៦៩លានដុល្លារអាម៉េរិក ពីការនាំចេញធ្យូងទៅចិនកាលពីខែមករា

    ប្រទេសម៉ុងហ្គោលីរកចំណូលបាន១៦៩,២លានដុល្លារអាមេរិក ពីការនាំចេញធ្យូងទៅប្រទេសចិន កាលពីខែមករា ២០១៩ នេះបើតាមរដ្ឋបាលគយរបស់ម៉ុងហ្គោលី កាលពីថ្ងៃទី១៩ កុម្ភៈ ម្សិលមិញ។ ប្រទេសស្ថិតក្នុងទ្វីបអាស៊ីមួយនេះបានចាំចេញធ្យូង២,១លានតោន កាលពីខែមករា ក្នុងនោះ ភាគច្រើនលើសលប់ទៅប្រទេសចិន ហើយកើនឡើងប្រមាណ១៩២០០០តោន បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨។ ធ្យូងគឺជាផលិតផលនាំចេញដ៏សំខាន់របស់ម៉ុងហ្គោលី ដោយប្រទេសនេះបាននាំចេញបាន៣៦,៥កានតោន កាលពីឆ្នាំ២០១៨ ឈានដល់ចំណុចកំពូលគ្រប់ពេល។ ប្រទេសម៉ុងហ្គោលីបានកំណត់ផែនការថា នឹងបង្កើនការនាំចេញធ្យូងឲ្យបាន៤០លានតោន ចាប់ពីឆ្នាំ២០១៩នេះទៅ៕ធ.ដ

  • ក្រុមហ៊ុនផលិតរថយន្តជប៉ុន ហុងដា សម្រេចបិទរោងចក្រនៅអង់គ្លេស

    ក្រុមហ៊ុនផលិតរថយន្តជប៉ុន ហុងដា សម្រេចបិទរោងចក្រនៅអង់គ្លេស

    កាលពីថ្ងៃទី១៩ កុម្ភៈ ម្សិលមិញ ក្រុមហ៊ុនផលិតរថយន្តនៃប្រទេសជប៉ុនឈ្មោះថា Honda បានប្រកាសជាផ្លូវការអំពីការសម្រេចចិត្តបិទរោងចក្រដំឡើងរថយន្តនៅក្រុង Swindon នៃចក្រភពអង់គ្លេសនៅឆ្នាំ២០២១ ដែលទង្វើនេះទំនងជានឹងត្រូវនាំឲ្យអង់គ្លេស ប្រឈមការបាត់បង់ការងារចំនួន៣៥០០កន្លែង។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honda លោក Takahiro Hachigo បានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ក្រោមក្របខណ្ឌនៃផែនការរៀបចំរចនាសម្ព័ន្ធថ្មីជាលក្ខណៈជាសកលរបស់ក្រុមហ៊ុន ប៉ុន្តែ Honda នឹងនៅតែបន្តរក្សាទីស្នាក់ការប្រចាំតំបន់អឺរ៉ុបរបស់ខ្លួន នៅអង់គ្លេសដដែល។ រដ្ឋាភិបាលអង់គ្លេសបានសម្តែងការសោកស្តាយ និងខកចិត្តជាខ្លាំង ជុំវិញការសម្រេចចិត្តរបស់ក្រុមហ៊ុន Honda ជុំវិញគម្រោងបិទទ្វាររោងចក្ររថយន្តតែមួយគត់របស់ក្រុមហ៊ុននេះនៅអង់គ្លេសនោះ។ ការសម្រេចបិទទ្វាររោងចក្ររថយន្តរបស់ក្រុមហ៊ុនជប៉ុននេះ ត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងបញ្ហា ដកចក្រភពអង់គ្លេសចេញពីអឺរ៉ុប៕ធ.ដ

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកចុះហត្ថលេខាលើសារាចរណែនាំមួយ ស្តីពីការបង្កើតកងទ័ពអវកាស

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកចុះហត្ថលេខាលើសារាចរណែនាំមួយ ស្តីពីការបង្កើតកងទ័ពអវកាស

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ៍នេះបានចុះហត្ថលេខាលើសារាចរណែនាំមួយ ដោយរៀបរាប់ពីចក្ខុវិស័យរបស់លោកសម្រាប់កងទ័ពអវកាសថ្មីមួយ ដែលថ្ងៃណាមួយអាចនឹងក្លាយជាមែកធាងយោធាដាច់ដោយឡែកមួយទៀត ដែលស្មើគ្នាទៅនឹងកងទ័ពជើងគោក និងជើងទឹក។ លោក ត្រាំ ចង់បង្កើតកងទ័ពអវកាសមួយនេះឡើង ដើម្បីការពារផ្កាយរណប ដោះស្រាយភាពងាយរងគ្រោះនៅក្នុងលំហអាកាស និងអះអាងពីឥទ្ធិពលរបស់សហរដ្ឋអាម៉េរិកនៅដងតារាវិថី។ គួរបញ្ជាក់ថា សារាចរណែនាំខាងលើនេះ អំពាវនាវឱ្យសភាធ្វើសេចក្ដីព្រាងច្បាប់ ដែលនឹងធ្វើឱ្យកងទ័ពអវកាសក្លាយជាមែកធាងមួយ ដែលស្ថិតនៅក្រោមចំណុះកងទ័ពអាកាស គឺស្រដៀងទៅនឹងរបៀបដែលកងទ័ពជើងទឹកត្រួតត្រាលើកងទ័ពម៉ារីនដែរ៕ធ.ដ

  • ចិនមានផែនការសាងសង់ស្ថានីយស្រូបថាមពលព្រះអាទិត្យនៅទីអវកាស នាឆ្នាំ២០២១ខាងមុខ

    ចិនមានផែនការសាងសង់ស្ថានីយស្រូបថាមពលព្រះអាទិត្យនៅទីអវកាស នាឆ្នាំ២០២១ខាងមុខ

    ចិន៖ ប្រទេសចិនមានគម្រោងប្រកបដោយមហិច្ឆតាធំធេងបំផុតមួយ នោះគឺការសាងសង់បណ្តាញស្ថានីយទាញយកថាមពលពន្លឺព្រះអាទិត្យ ដែលនឹងត្រូវបញ្ជូនទៅកាន់ទីអវកាស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបច្ចេកវិទ្យា និងវិទ្យាសាស្រ្តចិន។ ប្រសិនបើគម្រោងខាងលើទទួលបានជោគជ័យ វានឹងអាចជួយបំពេញតម្រូវការផ្នែកថាមពលនៅក្នុងប្រទេសចិន ដែលកំពុងតែកើនឡើងខ្លាំង ក៏ដូចជាផ្តល់ឲ្យវិស័យអវកាសចិននូវធនធានច្រើនគ្រប់គ្រាន់ សម្រាប់កិច្ចប្រឹងប្រែងសិក្សាស្រាវជ្រាវ និងរុករកនៅក្នុងទីអវកាស។ ប្រភពបន្តថា ស្ថានីយទាញយកថាមពលពន្លឺព្រះអាទិត្យដំបូងគេ បានចាប់ផ្តើមដំណើរការសាងសង់កាលពីប៉ុន្មានសប្តាហ៍មុន នៅឯទីក្រុង Chongqing ភាគនិរតី ហើយនៅចន្លោះឆ្នាំ២០២១ និងឆ្នាំ២០២៥ ចិនរំពឹងថា នឹងអាចបញ្ជូនស្ថានីយខ្នាតតូច និងមធ្យមឡើងទៅកាន់ទីអវកាស ព្រមទាំងស្ថានីយដែលមានកម្រិតផលិតអគ្គីសនីទំហំ១មេហ្គាវ៉ាត់នៅអំឡុងឆ្នាំ២០៣០ ឬយូរជាងនេះ ដើម្បីផ្គត់ផ្គង់ថាមពលសម្រាប់ការប្រើប្រាស់នៅលើផែនដី៕ធ.ដ

  • អារ៉ាប៊ីសាអូឌីតមានគោលបំណងបន្ធូរបន្ថយភាពតានតឹងនៅតំបន់កាស្មៀរ រវាងប៉ាគីស្ថាន និងឥណ្ឌា

    អារ៉ាប៊ីសាអូឌីតមានគោលបំណងបន្ធូរបន្ថយភាពតានតឹងនៅតំបន់កាស្មៀរ រវាងប៉ាគីស្ថាន និងឥណ្ឌា

    អារ៉ាប៊ីសាអូឌីត៖ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានលើកឡើងថា ខ្លួននឹងខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន មុនការយាងមកដល់របស់រាជទាយាទ មហាម៉េដ ប៊ីន សាល់ម៉ាន់ នៅទីក្រុងញ៊ូដេលី ប្រទេសឥណ្ឌា។ ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន់ កំពុងយាងបំពេញទស្សនកិច្ចនៅអាស៊ី ហើយទ្រង់ទើបតែបានយាងមកដល់ប្រទេសប៉ាគីស្ថាន។ ជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន បានផ្ទុះឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅក្នុងតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌា ដែលជាលទ្ធផលនោះបានសម្លាប់ទាហានឆ័ត្រយោងឥណ្ឌា៤០នាក់ ខណៈក្រុមជីវពល ចៃ អេ មហាម៉ាដ ដែលមានមូលដ្ឋាននៅប៉ាគីស្ថាន បានអះអាងថា ពួកគេគឺជាអ្នកឈរនៅពីក្រោយការវាយប្រហារមួយនេះ។ ទន្ទឹមគ្នានោះដែរ ប៉ាគីស្ថានបានធ្វើការច្រានចោលរាល់ការរួមចំណែកណាមួយនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ប៉ុន្តែឥណ្ឌាបានចោទប្រកាន់រដ្ឋមួយនេះថា បានជាប់ពាក់ព័ន្ធ ហើយពួកគេបានប្តេជ្ញាថា នឹងធ្វើឲ្យប្រទេសជិតខាងមួយនេះឯកកោនៅលើឆាកអន្តរជាតិ៕ធ.ដ

  • រដ្ឋាភិបាលឡាវ និងក្រុមអ្នកវិនិយោគចាប់ផ្តើមការចរចាផ្តល់ប្រាក់សំណងដល់ជនរងគ្រោះ នៃឧបទ្ទវហេតុបាក់ទំនប់វារីអគ្គិសនីកាលពីឆ្នាំមុន

    រដ្ឋាភិបាលឡាវ និងក្រុមអ្នកវិនិយោគចាប់ផ្តើមការចរចាផ្តល់ប្រាក់សំណងដល់ជនរងគ្រោះ នៃឧបទ្ទវហេតុបាក់ទំនប់វារីអគ្គិសនីកាលពីឆ្នាំមុន

    ឡាវ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា រដ្ឋាភិបាលឡាវ និងក្រុមអ្នកវិនិយោគបានចាប់ផ្តើមការចរចាជាមួយក្រុមគ្រួសារដែលរងគ្រោះ ក្នុងហេតុការណ៍បាក់ទំនប់វារីអគ្គិសនី Xe Pian-Xe Nam Noy កាលពីឆ្នាំមុន ពាក់ព័ន្ធនឹងចំនួនលុយសំណង ក្នុងនោះរាប់បញ្ចូលទាំងការខូចខាតយានយន្ត ទ្រព្យសម្បត្តិ និងលំនៅដ្ឋានរបស់ប្រជាជន។  អភិបាលស្រុក Sanamxay លោក Bunhom Pommasan បាននិយាយថា ការចរចាត្រូវបានប្រព្រឹត្តទៅ ដើម្បីផ្តល់សំណងដល់ប្រជាជន ដែលមានយានយន្តត្រូវបានបំផ្លិចបំផ្លាញ។ រីឯសំណងលើការខូចខាតផ្ទះសម្បែង ដំណាំ និងទ្រព្យសម្បតិ្តផ្សេងទៀតនឹងត្រូវពិភាក្សានាពេលក្រោយទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ជនរងគ្រោះក្នុងហេតុការណ៍បាក់ទំនប់វារីអគ្គិសនីទទួលបានជំនួយជាប្រាក់ប្រមាណជាង១២ដុល្លារជាប្រចាំខែ លុយប្រចាំថ្ងៃចំនួន០,៦៥ដុល្លារ ព្រមទាំងអង្ករចំនួន២០គីឡូក្រាមជារៀងរាល់ខែផងដែរពីរដ្ឋាភិបាលឡាវ។ ក្រៅពីនេះ ក្រុមអ្នកវិនិយោគិនបរទេសក្នុងទំនប់វារីអគ្គិសនីឡាវ កាលខែមុន បានយល់ព្រមផ្តល់សំណងជាប្រាក់ទៅដល់សាច់ញាតិអ្នកស្លាប់ ឬបាត់ខ្លួនចំនួន៧១នាក់ក្នុងម្នាក់មួយម៉ឺនដុល្លារ។ ទន្ទឹមនឹងគ្នានេះដែរ អ្នកវិយោគិនទាំងនោះក៏បានផ្តល់ចំនួនមនុស្សធម៌ និងបរិច្ចាគប្រាក់ដល់ជនរងគ្រោះថែមទៀតផង៕ធ.ដ

  • អាម៉េរិកសម្រេចនាំចូលស្វាយពីវៀតណាម ក្រោយចរចាអស់ពេល១០ឆ្នាំ

    អាម៉េរិកសម្រេចនាំចូលស្វាយពីវៀតណាម ក្រោយចរចាអស់ពេល១០ឆ្នាំ

    ក្រោយការចរចា១០ឆ្នាំ ស្វាយរបស់វៀតណាមត្រូវបានផ្តល់អាជ្ញាប័ណ្ណនាំចេញទៅសហរដ្ឋអាម៉េរិកហើយ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews។ ថ្លែងក្នុងពិធីប្រកាសពីអាជ្ញាប័ណ្ណនេះ រៀបចំឡើងក្នុងក្រុងហាណូយ អនុរដ្ឋមន្ត្រីកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាមលោក Le Quoc Doanh បាននិយាយថា ការនាំចូលស្វាយពីវៀតណាមទៅអាម៉េរិកនេះ បង្ហាញពីកិច្ចសហប្រតិបតិ្តការមានប្រសិទ្ធិភាព រវាងប្រទេសទាំងពីរ ក្នុងវិស័យកសិកម្ម។ លោកថា «ផ្លែស្វាយគឺជាប្រភេទផ្លែឈើសម្បូរនៅវៀតណាម។ ការផ្តល់អាជ្ញាប័ណ្ណពីអាម៉េរិកសម្រាប់ការនាំចូលនេះបង្ហាញពីដំណឹងល្អសម្រាប់ឧស្សាហកម្មកសិកម្ម និងកសិករនៅប្រទេសវៀតណាម ក៏ដូចជាបញ្ជាក់ពីភាពវិជ្ជមាននៃផ្លែឈើរបស់វៀតណាមផងដែរ»។ សូមបញ្ជាក់ថា ស្វាយរបស់វៀតណាមត្រូវបាននាំចេញទៅ៤០ប្រទេស រួមមានទាំងកូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី អូស្ត្រាលី ញ៉ូវហ្សេឡែន ចិន និងប្រទេសថៃ ជាដើម។ បើតាមមន្ត្រីក្រសួងកសិកម្មវៀតណាមថា អាម៉េរិកគឺជាទីផ្សារដ៏មានឥទ្ធិពល ដោយគេដឹងថា ១ឆ្នាំៗ អាម៉េរិកនាំចូលស្វាយប្រមាណ៤០ម៉ឺនតោន ពីម៉ិកស៊ិក ប៉េរូ អេក្វាឌ័រ ប្រេស៊ីល និងក្វាតេម៉ាឡា៕ម.ន

  • ធនាគារកសិកម្មរបស់ថៃផ្តល់កម្ចីទិញរថយន្តដឹកសំណល់អំពៅ បញ្ចៀសការដុតនៅចម្ការនាំឲ្យបំពុលបរិស្ថាន

    ធនាគារកសិកម្មរបស់ថៃផ្តល់កម្ចីទិញរថយន្តដឹកសំណល់អំពៅ បញ្ចៀសការដុតនៅចម្ការនាំឲ្យបំពុលបរិស្ថាន

    ធនាគារកិច្ចសហប្រតិបត្តិការកសិកម្មរបស់ថៃ ហៅកាត់ថា BAAC បានសម្រេចផ្តល់កម្ចី៦ពាន់លានបាត សម្រាប់សហគ្រាសសហគម និងកិច្ចសហការលើវិស័យកសិកម្ម ដើម្បីទិញរថយន្តសម្រាប់ដឹកជញ្ជូនសំណល់កសិផលពីវាលស្រែ បញ្ចៀសការដុតសំណល់ទាំងនោះ នាំឲ្យមានការបំពុលបរិស្ថាន។ រថយន្តដែលត្រូវទិញទាំងនោះ សម្រាប់ដំណាំអំពៅជាដើម ដោយមានតម្លៃប្រមាណជាង១០លានបាត ក្នុងមួយគ្រឿង ហើយធនាគារគ្រប់គ្រងដោយក្រសួងហិរញ្ញវត្ថុថៃមួយនេះត្រូវផ្តល់កម្ចីសម្រាប់ការសម្រួលបញ្ជាទិញ នេះបើតាមលោក Apirom Suprasert ប្រធានធនាគារ។ លោកបញ្ជាក់ដែរថា សម្រាប់លក្ខខណ្ឌសម្រាប់ការខ្ចីនេះ អ្នកខ្ចីត្រូវតែមានរោងចក្រអំពៅ ហើយត្រូវគិតការប្រាក់៤ភាគរយ ក្នុង១ឆ្នាំ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវជួយ២ភាគរយ សម្រាប់រយៈពេល៣ឆ្នាំ។ កម្ចីនេះត្រូវបានគេជឿជាក់ថា នឹងជួយកាត់បន្ថយការដុតសំណល់ដើមអំពៅ និងសំណល់កសិផលផ្សេងៗទៀត នៅទីវាលដំណាំ ព្រោះថា ការដុតនេះកំពុងបំពុលបរិយាកាសធ្ងន់៕ធ.ដ

  • ប្រធានាធិបតីស៊ីរីថ្លែងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ ដើម្បីផ្តាំផ្ញើសារទៅកាន់ក្រុមប្រឆាំងក្នុងប្រទេសខ្លួន

    ប្រធានាធិបតីស៊ីរីថ្លែងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ ដើម្បីផ្តាំផ្ញើសារទៅកាន់ក្រុមប្រឆាំងក្នុងប្រទេសខ្លួន

    ស៊ីរី៖ ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ បានផ្ដាំផ្ញើទៅកាន់ក្រុមសកម្មប្រយុទ្ធទាំងឡាយនៅស៊ីរី ដែលកំពុងពឹងផ្អែកលើសហរដ្ឋអាម៉េរិកថា ទីក្រុងវ៉ាស៊ីនតោននឹងបង់បោះចោលពួកគេ ហើយគ្មាននរណាផ្សេងការពារពួកគេក្រៅស៊ីរីនោះឡើយ។ បើទោះបីជាមិនបានលើកចំឈ្មោះក៏ដោយ តែគេដឹងថា ប្រធានាធិបតីស៊ីរីរូបនេះ ចង់និយាយសំដៅទៅលើកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមអ្នកប្រយុទ្ធឃើដ ដែលមានសហរដ្ឋអាម៉េរិកគាំទ្រនៅពីក្រោយខ្នង។ កងកម្លាំង SDF កំពុងគ្រប់គ្រងតំបន់ភាគឦសាននៃប្រទេសស៊ីរី ប៉ុន្តែបច្ចុប្បន្នជោគវាសនារបស់កងកម្លាំងមួយនេះ កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដកកងទ័ពចេញពីស៊ីរី៕ម.ន

  • ចិននឹងបាញ់បង្ហោះរ៉ុក្កែតលើកដំបូង សម្រាប់បេសកកម្មពាណិជ្ជកម្មនៅត្រីមាសទី១

    ចិននឹងបាញ់បង្ហោះរ៉ុក្កែតលើកដំបូង សម្រាប់បេសកកម្មពាណិជ្ជកម្មនៅត្រីមាសទី១

    ចិន៖ មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអវកាសចិន ហៅកាត់ថា CASC បានឱ្យដឹងថា ទីក្រុងប៉េកាំងនឹងចាប់ផ្តើមបាញ់បង្ហោះរ៉ុក្កែតដំបូងរបស់ខ្លួន សម្រាប់បេសក កម្មពាណិជ្ជកម្មឈ្មោះថា Jielong (Smart Dragon) 1 នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ អនុប្រធានគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអវកាសចិន លោក Yang Baohua បាននិយាយថា ប្រទេសចិនបានបំពេញ បេសកកម្មអវកាសចំនួន៣៩កាលពីឆ្នាំកន្លងទៅ ដែលជាចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបេសកកម្មអវកាសសរុបចំនួន១១៤ ដែលត្រូវបានដាក់ពង្រាយនៅទូទាំងពិភពលោក បង្ហាញពីលទ្ធភាពនៃការបាញ់បង្ហោះអវកាសបន្ថែមទៀត។ បើតាមប្រធានក្រុមហ៊ុន Chinarocket Co Ltd នៅ CASC លោក Tang Yagang បានបញ្ជាក់ថា ការពិសោធន៍ដំបូងបង្អស់សម្រាប់បច្ចេកវិទ្យាប្រើថ្មត្រូវបានបញ្ចប់ ហើយថា ក្រុមហ៊ុនកំពុងពន្លឿនការអភិវឌ្ឍនៃបច្ចេកវិទ្យាប្រើគ្រាប់រ៉ុក្កែតឡើងវិញ រួមទាំងការទាញយករ៉ុកកែត តាមរយៈការបញ្ឈរ និងការចុះចតដោយផ្ដេកផងដែរ៕ម.ន