Category: ព័ត៌មានអន្តរជាតិ

  • អូស្រា្តលីប្រកាសទទួលស្គាល់ថា ប្រព័ន្ធកុំព្យូទ័ររដ្ឋសភាធ្លាប់ត្រូវបានវាយប្រហារដោយក្រុម Hacker

    អូស្រា្តលីប្រកាសទទួលស្គាល់ថា ប្រព័ន្ធកុំព្យូទ័ររដ្ឋសភាធ្លាប់ត្រូវបានវាយប្រហារដោយក្រុម Hacker

    អូស្រា្តលី៖ រដ្ឋាភិបាលអូស្ត្រាលី បានអះអាងនៅថ្ងៃច័ន្ទនេះថា ក្រុម Hacker បានលួចយកទិន្នន័យពីគណបក្សនយោបាយ និងទិន្នន័យសំខាន់ៗរបស់រដ្ឋសភា របស់អូស្រា្តលី ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ នៅមុនពេលបោះឆ្នោត។ ថ្លែងប្រាប់សមាជិកសភា នាយករដ្ឋមន្រ្តីអូស្រា្តលីលោក Scott Morrison បានគូសបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតកំពុងសម្លឹងរកមើលការលួចចូលប្រព័ន្ធកុំព្យូទ័រ ដែលបានបង្ហាញកាលពី២សប្តាហ៍មុន បានឲ្យដឹងថា បណ្តាញនៃគណបក្សនយោបាយមួយចំនួនត្រូវបានគេរំលោភបំពាន ។ នាយករដ្ឋមន្រ្តីអូស្រា្តលីរូបនេះ បានបន្ថែមថា អ្នកជំនាញការខាងអ៊ីនធើណិតរបស់យើងជឿជាក់ថា ក្រុមដែលមានសកម្មភាពដ៏ស្មុគស្មាញជាអ្នកទទួលខុសត្រូវ ចំពោះសកម្មភាពដ៏គ្រោះថ្នាក់នេះ។ បើតាមភ្នាក់ងារសន្តិសុខអូស្ត្រាលីបាននិយាយថា ពួកគេមិនបានដឹងថា នរណានៅពីក្រោយនៃការវាយប្រហារនេះ ឬក៏គោលបំណងរបស់ពួកគេនោះទេ៕ម.ន

  • ក្រុមអ្នកវិទ្យាសាស្ត្រចិនប្រកាសដាក់ឈ្មោះទីតាំង និងភូមិសាស្រ្តនៅលើផ្ទៃព្រះចន្ទ ដែលខ្លួនខំធ្វើការសិក្សាស្រាវជ្រាវ

    ក្រុមអ្នកវិទ្យាសាស្ត្រចិនប្រកាសដាក់ឈ្មោះទីតាំង និងភូមិសាស្រ្តនៅលើផ្ទៃព្រះចន្ទ ដែលខ្លួនខំធ្វើការសិក្សាស្រាវជ្រាវ

    ចិន៖ ក្រុមអ្នកវិទ្យាសាស្រ្តចិនបានចាប់ផ្តើមធ្វើការដាក់ឈ្មោះទីតាំងចុះចតរបស់យាន ឆាងអឺ-៤ (Chang’e-4) ព្រមទាំងតំបន់ភូមិសាស្រ្តមួយចំនួនទៀត នៅលើផ្ទៃព្រះចន្ទមួយចំហៀងទៀតដែលខ្លួនខំធ្វើការសិក្សាស្រាវជ្រាវ។ នៅក្នុងអំឡុងសន្និសីទសារព័ត៌មានរួមមួយរបស់ទីភ្នាក់ងារអវកាសជាតិចិន CNSA និងបណ្ឌិតសភាវិទ្យាសាស្រ្តចិន ព្រមទាំងសហភាពអវកាសអន្តរជាតិ IAU បានបញ្ជាក់ថា កន្លែងចុះចតនៃយានអវកាស ឆាងអឺ-៤ (Chang’e-4) ត្រូវបានគេប្រកាសថា មានឈ្មោះ ស្តាទីអូ ធានហឺ «Statio Tianhe» ។ ចំណែកឯរណ្តៅខ្នាតតូចចំនួន៣ ដែលនៅក្បែរកន្លែងចុះចត ត្រូវបានដាក់ឈ្មោះថា ហ្ស៊ីនយូ «Zhinyu» ហឺហ៊្គួ «Hegu» និង ធានជីន «Tianjin» ខណៈចំណុចខ្ពស់មួយនៅកណ្តាលរណ្តៅអាចម៍ផ្កាយ វុន ខាម៉ាន់ (Von Karman) ត្រូវបានហៅថា ម៉ុន តៃ «Mons Tai»៕ម.ន

  • អ៊ីរ៉ង់សម្ពោធដាក់ឲ្យប្រើប្រាស់នាវាមុជទឹកបំពាក់មីស៊ីលស៊េរីថ្មីជាផ្លូវ

    អ៊ីរ៉ង់សម្ពោធដាក់ឲ្យប្រើប្រាស់នាវាមុជទឹកបំពាក់មីស៊ីលស៊េរីថ្មីជាផ្លូវ

    អ៊ីរ៉ង់៖ រដ្ឋាភិបាលក្រុតេហេរ៉ង់បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវនាវាមុជទឹកបំពាក់មីស៊ីល ផលិតនៅក្នុងស្រុកស៊េរីថ្មីចុងក្រោយបំផុត ស្របពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាម៉េរិក។ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី ថ្លែងនៅក្នុងពិធីបើកសម្ពោធតាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃអាទិត្យសប្តាហ៍មុនថា ចាប់ពេលនេះតទៅ នាវាមុជទឹកបំពាក់មីស៊ីល ហ្វាតេ (Fateh) នឹងត្រូវចូលរួមជាមួយកងទ័ពជើងទឹកអ៊ីរ៉ង់តាមបទបញ្ជារបស់លោក។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ នាវាមុជទឹកបំពាក់មីស៊ីល ហ្វាតេ (Fateh) នេះ មានទម្ងន់៦០០តោន ហើយវាមានសមត្ថភាពបំពាក់មីស៊ីល និងអាវុធទំនើបៗជាច្រើនទៀតដែលអាចបាញ់ចេញពីតាំងនៅក្រោមផ្ទៃទឹក៕ម.ន

  • ជនអន្តោប្រវេសន៍រាប់ពាន់នាក់នៅព្រំដែនសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក ចាប់ផ្តើមវិលត្រឡប់ទៅវិញបណ្តើរៗហើយ

    ជនអន្តោប្រវេសន៍រាប់ពាន់នាក់នៅព្រំដែនសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក ចាប់ផ្តើមវិលត្រឡប់ទៅវិញបណ្តើរៗហើយ

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា ជនភៀសខ្លួនរាប់ពាន់នាក់ ដែលបានធ្វើដំណើរក្នុងលក្ខណៈជាទ្រង់ទ្រាយធំមកកាន់ព្រំដែនអាម៉េរិក-ម៉ិកស៊ិក ទីបំផុតបានសម្រេចបោះបង់ចោលការព្យាយាមឈានជើងចូលមកកាន់ទឹកដីរបស់សហរដ្ឋអាម៉េរិកហើយ ដោយសារតែកន្លងមកនេះ បានប្រឈមមុខនឹងចំណាត់ការរឹតបន្តឹងសន្តិសុខយ៉ាងរឹងមាំរបស់លោក ដូណាល់ ត្រាំ នៅឯព្រំដែនអាម៉េរិកភាគខាងត្បូង។ ជនអន្តោប្រវេសន៍ប្រមាណ៦,០០០នាក់ បានមកកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាម៉េរិក ជាមួយក្តីប្រាថ្នាថា នឹងទទួលបានលក្ខខណ្ឌរស់នៅល្អប្រសើរជាងមុន ប៉ុន្តែក្តីស្រមៃរបស់ពួកគេនៃការចូលមកកាន់ទឹកដីអាម៉េរិកដោយងាយៗនោះ បានសាបសូន្យទៅវិញ នៅពេលជនអន្តោប្រវេសន៍ទាំងនោះ បានជួបប្រទះវិធានការតឹងរ៉ឹង ដូចជាការដាក់កំហិតខ្លាំងលើចំនួនមនុស្ស ដែលអាចស្នើសុំជ្រកកោននៅអាម៉េរិកក្នុងមួយថ្ងៃៗ និងការពង្រឹងស្តង់ដារនៃលក្ខខណ្ឌជាដើម។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានប្រកាសអាសន្នថ្នាក់ជាតិ ដើម្បីប្រមែប្រមូលថវិកាពីស្ថាប័នរដ្ឋាភិបាល ជាពិសេសពីកញ្ចប់ថវិកាសម្រាប់គម្រោងសាងសង់របស់ក្រសួងការពារជាតិ ដើម្បីយកទៅកសាងជញ្ជាំងព្រំដែនដ៏រឹងមាំមួយ បន្ទាប់ពីសភាអាម៉េរិកមិនព្រមផ្តល់លុយចំនួន៥,៧ពាន់លានដុល្លារ សម្រាប់គោលបំណងនេះតាមការទាមទាររបស់លោក៕ម.ន

  • ក្រុមមន្រ្តីសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីត្រៀមរៀបចំជំនួបកំពូលរបស់មេដឹកនាំប្រទេសទាំងពីរ

    ក្រុមមន្រ្តីសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីត្រៀមរៀបចំជំនួបកំពូលរបស់មេដឹកនាំប្រទេសទាំងពីរ

    វៀតណាម៖ ក្រុមមន្រ្តីមកពីអាម៉េរិក និងកូរ៉េខាងជើងធ្វើដំណើរទៅកាន់វៀតណាម ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ ដែលគ្រោងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ ក្រុមគណៈប្រតិភូកូរ៉េខាងជើង ដឹកនាំដោយលោក គីម ឆាងស៊ុន ដែលជាជំនួយការកំពូលមួយរូបរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ មុនពេលដែលជំនួបកំពូលធ្វើឡើងនៅថ្ងៃទី២៧ ដល់ទី២៨ ខែកុម្ភៈនេះ។ នាឱកាសនោះដែរ លោក គីម ឆាង ស៊ុន បានជួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់វៀតណាម ព្រមទាំងធ្វើទស្សនកិច្ចសណ្ឋាគារ ជាទីតំាងដែលមេដឹកនាំខ្លួនទំនងជាស្នាក់នៅទីនោះ ។ ដោយឡែកក្រុមមន្រ្តីអាម៉េរិកក៏បានធ្វើការត្រួតពិនិត្យការស្នាក់នៅ ដែលស័ក្តិសមបំផុត សម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ ហើយក្រុមប្រតិភូទាំងពីរត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នាដើម្បីសម្របសម្រួលព័ត៌មានលម្អិតនៃជំនួបកំពូលនេះ៕ម.ន

  • ប្រធានាធិបតីរុស្ស៊ី និងសមភាគីបារាំងព្រមព្រៀងបន្តកិច្ចសហការលើដំណើរការស្វែងរកសន្តិភាពនៅស៊ីរី

    ប្រធានាធិបតីរុស្ស៊ី និងសមភាគីបារាំងព្រមព្រៀងបន្តកិច្ចសហការលើដំណើរការស្វែងរកសន្តិភាពនៅស៊ីរី

    រុស្ស៊ី៖ វិមានក្រឹមឡំាងបានលើកឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងសមភាគីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានព្រមព្រៀងគ្នាក្នុងអំឡុងពេលសន្ទនាតាមប្រព័ន្ធទូរសព្ទ ដើម្បីបន្តកិច្ចសហការគ្នារវាងប្រទេសទាំងពីរ ក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយសន្តិភាពនៅស៊ីរី។ បើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡំាង មេដឹកនាំទាំងពីរបានធ្វើការកត់សម្គាល់ពីភាពចាំបាច់ ក្នុងការលើកកម្ពស់កិច្ចចរចាផ្នែកនយោបាយអន្តរស៊ីរី និងការចាប់ផ្តើមការងាររបស់គណៈកម្មាធិការធម្មនុញ្ញ អោយបានឆាប់តាមដែលអាចធ្វើទៅបាន។ ស្របពេលជាមួយគ្នានោះដែរ លោក ពូទីន និងលោក ម៉ាក្រុង ថែមទំាងបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីពន្លឿនការដោះស្រាយបញ្ហាជម្លោះផ្ទៃក្នុងរបស់ប្រទេសអ៊ុយក្រែនផងដែរ៕ម.ន

  • ឥណ្ឌូនេស៊ីនឹងមានរថភ្លើងក្រោមដីលើកដំបូង នៅខែក្រោយនេះ

    ឥណ្ឌូនេស៊ីនឹងមានរថភ្លើងក្រោមដីលើកដំបូង នៅខែក្រោយនេះ

    សារព័ត៌មាន Channelnewsasia បានចេញផ្សាយថា នៅខែមីនា ២០១៩ខាងមុខនេះ ប្រទេសឥណ្ឌូនេស៊ីនឹងដាក់ដំណើរការរថភ្លើងក្រោមដីសម្រាប់ដឹកអ្នកដំណើរ ជាលើកដំបូងក្នុងប្រទេសនេះ ដោយគេដឹងថា ក្នុងគោលដៅចម្បងកាត់បន្ថយការកកស្ទះចរាចរ។ ប្រភពថា ទីក្រុងហ្សាកាតាមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយក្នុងនោះ គ្រាន់តែធ្វើដំណើរពីអាកាសយានដ្ឋានទៅកណ្តាលក្រុងអាចនឹងត្រូវចំណាយពេលរាប់ម៉ោង បើស្ទះខ្លាំង។ ប៉ុន្តែចាប់ពីខែក្រោយទៅរថភ្លើងក្រោមដី (Mass Rapid Transit ឬហៅកាត់ MRT) ចំនួន១៤នឹងដាក់ដំណើរការក្នុងប្រទេសនេះ បើកចាប់ពីម៉ោង៥ព្រឹកដល់កណ្តាលអាធ្រាត្រ លាតលើផ្លូវដែកប្រវែង ១៥,៧ គីឡូម៉ែត្រ។ គេត្រូវធ្វើដំណើរប្រហែល៩០នាទីដើម្បីចូលដល់កណ្តាលក្រុង ប៉ុន្តែជាមួយ MTR គេការធ្វើដំណើរនឹងត្រូវចំណាយប្រមាណ៣០នាទីប៉ុណ្ណោះ៕ធ.ដ

  • រាជទាយាទអារ៉ាប៊ីសាអូឌីតចាប់ផ្តើមទស្សនកិច្ចនៅទ្វីបអាស៊ី ជាមួយកិច្ចព្រមព្រៀងវិនិយោគ២០ពាន់លានដុល្លារនៅប៉ាគីស្ថាន

    រាជទាយាទអារ៉ាប៊ីសាអូឌីតចាប់ផ្តើមទស្សនកិច្ចនៅទ្វីបអាស៊ី ជាមួយកិច្ចព្រមព្រៀងវិនិយោគ២០ពាន់លានដុល្លារនៅប៉ាគីស្ថាន

    អារ៉ាប៊ីសាអូឌីត៖ អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថានបានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនជាច្រើន កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដែលមានតម្លៃរហូតដល់ទៅ២០ពាន់លានដុល្លារសម្រាប់ប្រទេសប៉ាគីស្ថាន។ កិច្ចព្រមព្រៀងនេះ បានកើតមានឡើងស្របពេលដែលរាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េត ប៊ីន សាល់ម៉ាន់ ចាប់ផ្តើមទស្សនកិច្ចនៅទ្វីបអាស៊ីរបស់ទ្រង់ ដើម្បីស្វះស្វែងងើបចេញឱ្យផុតពីរឿងរ៉ាវ ទាក់ទិននឹងការធ្វើឃាតអ្នកកាសែតលោក ចាម៉ាល់ ខាហ្សូកជី។ ប៉ាគីស្ថានកំពុងប្រឈមនឹងវិបត្តិសាច់ប្រាក់យ៉ាងធ្ងន់ និងសង្ឃឹមថា កិច្ចព្រមព្រៀងទាំងប្រាំពីរ និងអនុសារណៈយោគយល់គ្នាមួយនឹងផ្តល់នូវជំនួយសង្គ្រោះដល់សេដ្ឋកិច្ចរង្គោះរង្គើរបស់ប្រទេសមួយនេះ ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ បានអរគុណដល់សម្ព័ន្ធមិត្តយូរអង្វែងអារ៉ាប៊ីសាអូឌីតសម្រាប់ការគាំទ្រ ហើយបន្ថែមថា ប៉ាគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីតពេលនេះ កំពុងនាំយកទំនាក់ទំនងនេះ ទៅដល់កម្រិតមួយ ដែលពួកគេមិនធ្លាប់មានពីមុនមក។ គួរបញ្ជាក់ថា បន្ទាប់ពីការបំពេញទស្សនកិច្ចនៅប៉ាគីស្ថាន រាជទាយាទអារ៉ាប៊ីសាអូឌីតរូបនេះ នឹងបន្តយាងទៅកាន់ប្រទេសឥណ្ឌា និងចិន ជាបន្តបន្ទាប់ទៀតរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ៕ធ.ដ

  • កិច្ចប្រជុំរវាងសហរដ្ឋអាម៉េរិក និងក្រុមតាលីបង់នៅប៉ាគីស្ថានត្រូវលុបចោល

    កិច្ចប្រជុំរវាងសហរដ្ឋអាម៉េរិក និងក្រុមតាលីបង់នៅប៉ាគីស្ថានត្រូវលុបចោល

    ប៉ាគីស្ថាន៖ កិច្ចប្រជុំក្នុងប្រទេសប៉ាគីស្ថាននាពេលខាងមុខ រវាងគណៈប្រតិភូអាម៉េរិក និងតំណាងក្រុមតាលីបង់ត្រូវសម្រេចលុបចោលហើយ នេះបើតាមព័ត៌មានដែលចេញពីប្រភពភាគីទាំងពីរ។ មេដឹកនាំតាលីបង់ម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថា កិច្ចប្រជុំនេះ ត្រូវលុបចោលដោយភាគីអាម៉េរិក។ សេចក្តីប្រកាសព័ត៌មានមួយបន្ទាប់ពីការលុបចោលនោះ បានបញ្ជាក់ថា កិច្ចប្រជុំត្រូវលើកពេលដោយសារថា សមាជិកជាច្រើនក្នុងចំណោម១៤រូប ដែលជាក្រុមចរចាមិនអាចចេញទៅបរទេសបាន ដោយសារថា ពួកគេស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក និងអង្គការសហប្រជាជាតិ។ សមាជិកជាច្រើនទៀតក្នុងចំណោមពួកគេផងដែរ ក៏ជាប់ទណ្ឌកម្មក្នុងបញ្ជីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលរារាំងពួកគេមិនឲ្យធ្វើដំណើរទៅអន្តរជាតិបាន។ ដោយឡែកទីក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ខ្លួនមិនបានទទួលលិខិតអញ្ជើញជាផ្លូវការពីរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីចូលរួមកិច្ចប្រជុំ ដែលត្រូវប្រកាសដំបូងដោយអ្នកនាំពាក្យតាលីបង់ Zabiullah Mujahid ប៉ុន្មានថ្ងៃមុននោះទេ។ ការប្រកាសនោះ បានបញ្ជាក់ថា ថ្ងៃទី១៨ ខែកុម្ភៈ ជាថ្ងៃប្រជុំ ហើយលិខិតអញ្ជើញជាផ្លូវការបានចេញដោយប៉ាគីស្ថានរួចហើយដែរ៕ធ.ដ

  • សេតវិមានការពារការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរបស់លោក ត្រាំ ក្នុងការសាងសង់ជញ្ជំាងព្រំដែនសហរដ្ឋអាម៉េរិក និងម៉ិកស៊ិក

    សេតវិមានការពារការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរបស់លោក ត្រាំ ក្នុងការសាងសង់ជញ្ជំាងព្រំដែនសហរដ្ឋអាម៉េរិក និងម៉ិកស៊ិក

    សហរដ្ឋអាម៉េរិក៖ សេតវិមាន នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានចេញមុខការពារការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរបស់លោក ដូណាល់ ត្រាំ ក្នុងការកសាងជញ្ជាំងតាមបណ្តោយព្រំដែនសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក ដើម្បីរារាំងជនអន្តោប្រវេសន៍ខុសច្បាប់។ លោក Stephen Miller ជាទីប្រឹក្សាប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលមានគំនិតតឹងតែងខាងកិច្ចការអន្តោប្រវេសន៍ បានថ្លែងប្រាប់បណ្តាញទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យថា វិធានការលោក ត្រាំ គឺកំពុងការពារព្រំដែនរបស់យើងខ្លួនឯង‍ ហើយបានហៅបញ្ហាអន្តោប្រវេសន៍ថា ជាការគំរាមរបស់ប្រទេសយើង។ លោកបន្ថែមទៀតថា លោក ត្រាំ ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននេះ គឺដើម្បីចៀសវាងសភា ដែលបដិសេធសំណើថវិកា៥ពាន់៧រយលានរបស់លោកក្នុងការកសាងជញ្ជាំង បើទោះជាសភាបានយល់ព្រមផ្តល់ថវិកាចំនួន១ពាន់៣រយលានសម្រាប់សាងសង់របងព្រំដែនចម្ងាយ៩០គីឡូម៉ែត្រ ក្នុងចម្ងាយសរុប៣២០គីឡូម៉ែត្រក្តី៕ធ.ដ