-
សមាជិកក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS ជាង៨០០នាក់ អាចនឹងត្រូវកាត់ទោសនៅអឺរ៉ុប ក្រោយមានការអំពាវនាវពីសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ តាមរយៈបណ្តាញសង្គមធ្វីតធើ នៅថ្ងៃសៅរ៍សប្តាហ៍មុននេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអំពាវនាវទៅកាន់អង់គ្លេស អាល្លឺម៉ង់ និងបារាំង ព្រមទាំងបណ្តាសម្ព័ន្ធមិត្តឯទៀតៗនៅអឺរ៉ុប ឲ្យទទួលយកទៅកាត់ទោសនូវសមាជិកពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIS ៨០០នាក់ ដែលអាម៉េរិកចាប់ខ្លួនបាននៅក្នុងទឹកដីស៊ីរី។ ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងដោះលែងសមាជិកក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS ទាំងនោះ ប្រសិនបើសម្ព័ន្ធរបស់ខ្លួននៅអឺរ៉ុបបដិសេធចំពោះសំណើនេះ។ សូមរំលឹកផងដែរ បណ្តាប្រទេសអឺរ៉ុបបានជួបប្រទះសកម្មភាពវាយប្រហារដោយភេរវកម្មដ៏ប្រល័យមួយចំនួនកាលពីបណ្តាឆ្នំាមុនៗ ក្នុងនោះរួមមានករណីបំផ្ទុះគ្រាប់បែកក្នុងការប្រគុំតន្រ្តីនៅក្នុងទីក្រុង Manchester កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលបានផ្តាច់ជីវិតមនុស្ស២៣នាក់ ៕ធ.ដ
-
ទីក្រុងបាងកកនៅតែជាតំបន់ពេញនិយមសម្រាប់ភ្ញៀវទេសចរចិន

សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយថ្មីៗនេះថា រាជធានីបាងកកនៃប្រទេសថៃនៅតែជាតំបន់ទេសចរអន្តរជាតិដ៏ល្បីល្បាញ សម្រាប់ភ្ញៀវទេសចរចិន អំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុន Airbnb។ ប្រភពថា បាងកករកចំណូលបាន១៨៦លានបាត អំឡុងបុណ្យចូលឆ្នាំចិន ពីភ្ញៀវទេសចរ៤៤០០០នាក់ កើនឡើង៥០ភាគរយ កាលពីបុណ្យចូលឆ្នាំចិន នៅឆ្នាំ២០១៨ ហើយបើនិយាយពីទេសចរចិនមកបាងកកវិញ កើនឡើង១០០ភាគរយ។ សូមបញ្ជាក់ថា Airbnb គឺជាក្រុមហ៊ុនអន្តរជាតិមានទីតាំងនៅអាម៉េរិក ដោយផ្តល់សេវាកម្មស្នាក់នៅ និងកន្លែងទេសចរ តាមរយៈអ៊ីនធើណិត ដូចជា គេហទំព័រ និង Apps ទូរសព្ទ៕ធ.ដ
-
វៀតណាមកំណត់ផែនការនាំចេញផលិតផលនេសាទ១០ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩នេះ

រដ្ឋបាលជលផលវៀតណាម បានដាក់ផែនការនាំចេញផលិតផលជលផលឲ្យបានក្នុងតម្លៃ១០ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩នេះ ជាគោលដៅកំណត់ដោយរដ្ឋាភិបាលត្រឹមឆ្នាំ២០២០ នេះបើតាមសមាគមផលិត និងនាំចេញអាហារសមុទ្ររបស់វៀតណាម ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នៅថ្ងៃទី១៨ កុម្ភៈ ២០១៩។ ថ្លែងនៅក្នុងសន្និសីទស្តីពីការផែនការនាំចេញនៅក្រុងហូជីមីញ កាលពីចុងសប្តាហ៍កន្លងទៅ ប្រធានសមាគមផលិតនិងនាំចេញអាហារសមុទ្ររបស់វៀតណាម លោក Ngô Văn Ích បាននិយាយថា ការនាំចេញផលិផលជលផលកាលពីឆ្នាំ២០១៨មានតម្លៃ៩ពាន់លានដុល្លារអាម៉េរិក កើនឡើង៦ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ហើយក៏សម្រចតាមគោលដៅកំណត់ដែរ។ លោកថា គ្រាន់តែការនាំចេញត្រីប្រា បានកើនឡើង២៦ភាគរយ ពោលគឺមានតម្លៃ២,២៦ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ កើនដោយសារតែកំណើនបញ្ជាទិញរបស់អាម៉េរិកនិងចិន ព្រមទាំងភាពប្រសើរឡើងវិញ នៃទីផ្សារអឺរ៉ុប៕ធ.ដ
-
សហរដ្ឋអាម៉េរិកដឹកនាំធ្វើសមយុទ្ធទ័ពអាកាសនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីបង្ហាញយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកជាច្រើន

សហរដ្ឋអាម៉េរិក៖ មន្ទីរបញ្ចកោណនាពេលថ្មីៗនេះ ក្នុងសមយុទ្ធយោធាអាម៉េរិកនៅលើតំបន់មហាសមុទ្រប៉ាស៊ីហ្វិក បានបញ្ចេញយន្តហោះចម្បាំងដ៏មានអានុភាពប្រភេទ F-22 និងយន្តហោះចម្បាំង-បំបាំងកាយ F-35 ព្រមទំាងយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit ផងដែរ។ ការបញ្ចេញយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកជាច្រើនខាងលើនេះ គឺជារឿងដែលថ្មី និងជាចេតនាកំញើញឥទ្ធិពលមួយនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ខណៈយន្តហោះទាំងនេះ សុទ្ធតែមានបំពាក់មីស៊ីល-គ្រាប់បែកនៅជាប់តួខ្លួនវា ក្នុងនោះយន្តហោះ B-2 Spirit ត្រូវបានគេដឹងថា មានសមត្ថភាពផ្ទុក និងទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដែលមួយគ្រាប់ប៉ុណ្ណោះ មានកម្លាំងខ្លាំងជាងម៉ែគ្រាប់បែក ឬ Mother of All Bombs រហូតទៅដល់១,៥ដងឯណោះ។ គួរបញ្ជាក់ថា ក្រោយពីការចោទចិន រឿងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល ប្រព័ន្ធរ៉ាដា និងប្រព័ន្ធសព្វាវុធជាច្រើនទៀតនៅតាមកោះក្នុងសមុទ្រចិនខាងត្បូង សហរដ្ឋអាម៉េរិកក៏បានចាប់ផ្តើមសមយុទ្ធដែលទើបត្រូវបានបញ្ចប់ទៅនេះតែម្តង ស្របពេលដែលអង់គ្លេសនាពេលថ្មីៗនេះ ក៏បានប្រកាសបញ្ជូននាវាចម្បាំងរបស់ខ្លួន មកកាន់តំបន់សមុទ្រចិនខាងត្បូងផងដែរ ក្នុងន័យបង្ហាញការគាំទ្រដល់សហរដ្ឋអាម៉េរិក៕ម.ន
-
មនុស្ស៥នាក់ស្លាប់ នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា មនុស្ស៥នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតទទួលរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារ នៅឯសួនឧស្សាហកម្មមួយកន្លែងក្នុងរដ្ឋ អ៊ីលីនណយ។ ជាមួយគ្នានេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសរសេរសារមួយបង្ហោះក្នុងបណ្តាញសង្គមធ្វីតធើ ដោយបង្ហាញនូវការចូលរួមរំលែកទុក្ខដល់ជនរងគ្រោះទាំងអស់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ ហើយថែមទាំងកោតសរសើរការបំពេញការងារដ៏ល្អរបស់កងកម្លាំងសន្តិសុខក្នុងតំបន់។ បើតាមក្រុមមន្រ្តីប៉ូលិសក្នុងតំបន់ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅក្នុងថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) នៅតំបន់ Aurora ស្ថិតនៅចម្ងាយ៦៥គីឡូម៉ែត្រពីភាគខាងលិចទីក្រុង Chicago។ ជាមួយគ្នានោះ ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់ភ្លាមៗ ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាមួយពីមូលហេតុនៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ ខណៈបុរសជាខ្មាន់កាំភ្លើងត្រូវបានគេកំណត់អត្តសញ្ញាណថា មានឈ្មោះ Gary Martin អាយុ៤៥ឆ្នាំ និងជាបុគ្គលិកក្រុមហ៊ុនម្នាក់៕ម.ន
-
វេណេស៊ុយអេឡាគ្រោងបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅតំបន់ព្រំដែនជាប់កូឡុំប៊ី ដើម្បីបង្កើនសន្តិសុខ

វេណេស៊ុយអេឡា៖ ថ្លែងក្នុងពិធីបញ្ចប់ការធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅថ្ងៃសុក្រសប្ដាហ៍នេះ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបញ្ជាឱ្យកងទ័ពត្រៀមខ្លួនអនុវត្តផែនការឈរជើងជាអចិន្ត្រៃយ៍នៅឯតំបន់ព្រំដែនជាប់ប្រទេសកូឡុំប៊ី។ លោក ម៉ាឌូរ៉ួ បានគួសបញ្ជាក់ថា ការពង្រឹងសន្តិសុខនៅឯតំបន់ព្រំដែនជាមួយកូឡុំប៊ី គឺជារឿងចាំបាច់សំដៅការពារសុវត្ថិភាព និងសន្តិភាព ហើយថា ប្រធានា ធិបតីកូឡុំប៊ី លោក Ivan Duque មានផែនការឈ្លានពានប្រឆាំងវេណេស៊ុយអេឡាក្រោមការគំាទ្រពីសហរដ្ឋអាម៉េរិក។ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ បានសង្កត់ធ្ងន់ថា ការដាក់ពង្រាយកងទ័ពនៅតាមតំបន់ព្រំដែនជាប់កូឡុំប៊ី នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ស្របពេលមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា សហរដ្ឋអាម៉េរិកមានគម្រោងបញ្ជូនកងទ័ព៥,០០០នាក់ទៅកាន់ប្រទេសកូឡុំប៊ី ដើម្បីធ្វើអន្តរាគមន៍យោធាផ្ដួលរំលំរដ្ឋាភិបាលវេណេស៊ុយអេឡា៕ម.ន
-
ប៉ាគីស្ថានប្រកាសច្រានចោលការចោទប្រកាន់របស់ឥណ្ឌាដែលថា ខ្លួនជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែកសម្លាប់កងសន្តិសុខឥណ្ឌា៤០នាក់នៅកាស្មៀ

ប៉ាគីស្ថាន៖ ប៉ាគីស្ថានបានប្រកាសទាត់ចោលទាំងស្រុង ចំពោះពាក្យចោទប្រកាន់ពីឥណ្ឌា ដែលថា ទីក្រុងអ៊ីស្លាម៉ាបាដ គឺជាអ្នកស្ថិតនៅពីក្រោយការបំផ្ទុះគ្រាប់ បែកលើរថយន្តក្រុងនៅតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌា ដែលបានបណ្តាលឲ្យនាយទាហានឥណ្ឌា៤០នាក់ស្លាប់។ សូមរំលឹកថា មនុស្ស៤០នាក់បានបាត់បង់ជីវិត ដោយសារការវាយប្រហារបំផ្ទុះគ្រាប់បែករបស់ក្រុមសកម្មយុទ្ធ លើក្បួនរថយន្ដដឹកកងកម្លាំងសន្តិសុខឥណ្ឌានៅឯតំបន់កាស្មៀ។ បើតាមអាជ្ញាធរឥណ្ឌានោះ រថយន្ដមួយគ្រឿងផ្ទុកដោយគ្រឿងផ្ទុះបានបើកបំបុករថយន្ដក្រុងមួយគ្រឿង ដែលកំពុងដឹកកងកម្លាំងសន្តិសុខឥណ្ឌា ឆ្ពោះទៅកាន់ទីក្រុងស្រ៊ីណាហ្គា។ ក្រោយការវាយប្រហារខាងលើ ក្រុមសកម្មប្រយុទ្ធ ហ្សេសអ៊ីមូហាំម៉េដ ដែលមានមូលដ្ឋាននៅប៉ាគីស្ថាន បានចេញមុខអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារដ៏អាក្រក់នេះ នៅលើផ្លូវហាយវ៉េ Srinagar-Jammu ដែលសិ្ថតនៅចម្ងាយ២០គីឡូម៉ែត្រពីទីក្រុង Srinagar នៃតំបន់កាស្មៀ នៅក្នុងថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ៕ម.ន
-
ក្រុមអ្នកវិទ្យាសាស្រ្តរកឃើញរណ្តៅអាចម៍ផ្កាយធំមួយ នៅលើកោះទឹកកកយក្សនៃប៉ូលខាងជើងផែនដី

សហរដ្ឋអាម៉េរិក៖ ក្រុមអ្នកវិទ្យាសាស្រ្តកាលពីឆ្នាំមុនបានរកឃើញថា តាមពិតផ្ទាំងទឹកកកដ៏ក្រាស់នៅកោះគ្រីនលែន ដែលស្ថិតក្បែរតំបន់ប៉ូលខាងជើង បានបិទបាំងស្នាមរបួសធំមួយរបស់ផែនដី ហើយឥឡូវនេះ ពួកគេបានរកឃើញភ័ស្តុតាងថ្មីបន្ថែមទៀត។ ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានបញ្ជាក់ថា រណ្តៅថ្មីទីពីរទំនងជាត្រូវបានរកឃើញនៅជម្រៅប្រហែល១,៦គីឡូម៉ែត្រ ស្ថិតនៅពីក្រោមផ្ទាំងទឹកកក នៅភាគពាយ័ព្យកោះគ្រីនលែន។ របកគំហើញនេះកើតឡើងក្រោយការរកឃើញរណ្តៅយក្សមួយទៀត ដែលមានមុខកាត់៣០គីឡូម៉ែត្រនៅពីក្រោមផ្ទាំងទឹកកក ហៃយ៉ាវ៉ាថា នៅគ្រីនលែន កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដែលវាគឺជារណ្តៅអាចម៍ផ្កាយដំបូងគេបង្អស់ ដែលត្រូវបានរកឃើញកប់នៅក្រោមផ្ទាំងទឹកកករបស់ភពផែនដី។ យ៉ាងណាមិញ ក្រុមអ្នកវិទ្យាសាស្រ្តក៏មិនទាន់ប្រាកដនោះដែរ អំពីរណ្តៅយក្សទីពីរនេះ ថាតើវាបានកើតឡើងដោយរបៀបណា ប៉ុន្តែបើវាត្រូវគេផ្ទៀតផ្ទាត់ឃើញថា រណ្តៅអាចម៍ផ្កាយនោះ វានឹងក្លាយជារណ្តៅយក្សធំបំផុតទី២២ ដែលត្រូវបានរកឃើញនៅលើភពផែនដីទាំងមូល និងមានអាយុកាលខ្ទង់រាប់សិបលានឆ្នាំឡើងទៅ៕ម.ន
-
មន្ត្រីសេតវិមាន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកនឹងប្រកាសអាសន្នផ្នែកសន្តិសុខ ដើម្បីទទួលបានមូលនិធិសម្រាប់ជញ្ជាំងព្រំដែន

សហរដ្ឋអាម៉េរិក៖ មន្រ្តីសេតវិមានក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណនិយាយថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវរំពឹងថា នឹងប្រើអំណាចប្រតិបត្តិរបស់លោក ប្រកាសអាសន្នផ្នែកសន្តិសុខ ដើម្បីចំណាយប្រាក់៧ពាន់លានដុល្លារក្នុងការសាងសង់ជញ្ជំាងព្រំដែន។ បើតាមមន្រ្តីសេតវិមានដដែលនេះ ស្របពេលដែលលោក ត្រាំ ត្រៀមនឹងចុះហត្ថលេខាលើសេចក្តីព្រាងកញ្ចប់ថវិកា ដើម្បីបញ្ចៀសការបិទទ្វាររដ្ឋាភិបាលសាជាថ្មីនោះ រូបលោកអាចនឹងប្រើប្រាស់អំណាចប្រតិបត្តិ ក្នុងការប្រមូលមូលនិធិពីស្ថាប័នចម្រុះរបស់រដ្ឋាភិបាល ដើម្បីរួមគ្នាជួយផ្តល់លុយសម្រាប់ការសាងសង់ជញ្ជាំងនៅតាមព្រំដែនអាម៉េរិក និងម៉ិកស៊ិក ក្នុងនោះរួមមានទាំងការប្រកាសភាពអាសន្នផ្នែកសន្តិសុខផងដែរ។ សូមរំលឹកឡើងវិញថា សភាទាំងពីររបស់សហរដ្ឋអាម៉េរិកបានបោះឆ្នោតអនុម័តកញ្ចប់ថវិកាសហព័ន្ធ ដែលសំដៅបញ្ចៀសការបិទទ្វាររដ្ឋាភិបាលរហូតដល់ចុងខែកញ្ញាខាងមុខ ក្នុងនោះមានការផ្ដល់ថវិកា១,៣៧ពាន់លានដុល្លារដល់គម្រោងពង្រឹងសន្តិសុខព្រំដែនរបស់លោក ដូណាល់ ត្រាំ ដោយរួមមានទាំងការសាងសង់របងព្រំដែនបន្ថែមជាមួយផ្នែកខ្លះនៃតំបន់ព្រំដែនជាប់ប្រទេសម៉ិកស៊ិក ក៏ប៉ុន្តែវាមិនមែនជាកញ្ចប់ថវិកា៥,៧ពាន់លានដុល្លារដែលលោក ត្រាំ ចង់បាននោះឡើយ៕ម.ន
-
សហរដ្ឋអាម៉េរិកគំរាមដាក់ទណ្ឌកម្មប្រទេស និងក្រុមហ៊ុនប្រេងទាំងឡាយណា ដែលហ៊ានទិញប្រេងពីប្រទេសវេណេស៊ុយអេឡា

សហរដ្ឋអាម៉េរិក៖ បណ្ដាប្រទេស និងក្រុមហ៊ុនទាំងអស់នៅលើពិភពលោក នឹងជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាម៉េរិក បើសិនហ៊ានទិញទិញប្រេងពីប្រទេសវេណេស៊ុយអេឡា នេះបើតាមការព្រមានរបស់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បួលតុន នៅក្នុងថ្ងៃព្រហស្បត្តិ៍ម្សិលមិញ តាមរយៈបណ្តាញសង្គមធ្វីតធើ។ យ៉ាងណាមិញ ការព្រមានរបស់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិករូបនេះ គឺមិនបានបង្ហាញពីចំណាត់ការដែលខ្លួនត្រូវធ្វើ ក្នុងករណីដែលបណ្តាប្រទេស និងក្រុមហ៊ុនបរទេសណាមួយ ហ៊ានទិញប្រេងពីវេណេស៊ុយអេឡានោះឡើយ។ សូមរំលឹកថា សារព័ត៌មានឥណ្ឌាកាលពីខែមករាកន្លងទៅបានចុះផ្សាយថា ឥណ្ឌានឹងក្លាយជាប្រទេសទិញប្រេងពីវេណេស៊ុយអេឡាដ៏ធំបំផុត ស្របពេលដែលឥណ្ឌាកំពុងរក្សាការទិញប្រេងច្រើនជាង៤០០,០០០បារ៉ែលក្នុងមួយថ្ងៃ ពីប្រទេសវេណេស៊ុយអេឡា៕ម.ន