-
មជ្ឈមណ្ឌលអវកាសរុស្ស៊ី៖ ក្រុមផ្កាយរណបអង្កេតទីអវកាសរបស់សហរដ្ឋអាម៉េរិកកំពុងធ្វើការចល័តទ្រង់ទ្រាយធំមិនធ្លាប់មាននៅជុំវិញភពផែនដី

រុស្ស៊ី៖ ឯកសារមួយរបស់មជ្ឈមណ្ឌលអវកាសរុស្ស៊ី Astro Space Center បានឱ្យដឹងថា រុស្ស៊ីចាប់បានសញ្ញានៃការធ្វើចលនាយ៉ាងច្រើនសន្ធឹកសន្ធាប់ នៃក្រុមផ្កាយរណបយោធាក្នុងកម្មវិធីអង្កេតស្ថានភាពភូមិសាស្ត្រនៃទីអវកាសអាម៉េរិក ហៅកាត់ថា GSSAP ដែលស្ថិតនៅក្នុងគន្លងគោចរជុំវិញភពផែនដី។ បើតាមឯកសាររបស់មជ្ឈមណ្ឌលអវកាសរុស្ស៊ី ប្រព័ន្ធតាមដានសកម្មភាពផ្កាយរណបក្នុងទីអវកាសរបស់រុស្ស៊ី បានប្រទះឃើញសញ្ញាក្នុងទ្រង់ទ្រាយធំនៃការធ្វើចលនារបស់ផ្កាយរណប GSSAP ចំនួន០៤គ្រឿងរបស់សហរដ្ឋអាម៉េរិក។ មួយគ្រឿងក្នុងចំណោមនោះ ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០១៤ បានធ្វើចលនាគួរឲ្យកត់សម្គាល់ដល់ទៅ៤០០ លើកនៅមុនឆ្នាំ២០១៨។ ក្រៅពីនេះ ពេលខ្លះទៀត ផ្កាយរណបយោធាទាំងនេះ បានទៅត្រួតពិនិត្យផ្កាយរណបដទៃរបស់សហរដ្ឋអាម៉េរិក ។ សូមរំលឹកផងដែរថា កាលពីចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦ សហរដ្ឋអាម៉េរិកបានបញ្ជូនផ្កាយរណប០៤គ្រឿង នៅក្រោមកម្មវិធីអង្កេតស្ថានភាពភូមិសាស្ត្រនៃទីអវកាសអាម៉េរិក GSSAP ដែលមានគោលដៅគ្រប់គ្រងទីអវកាស ដើម្បីបម្រើផលប្រយោជន៍ឲ្យកងទ័ពអាកាសរបស់ខ្លួន៕ម.ន
-
វៀតណាមត្រៀមចែកបទពិសោធន៍កសាងជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីជួយកូរ៉េខាងជើងឲ្យរីកចម្រើន

កូរ៉េខាងជើង៖ ក្នុងជំនួបទ្វេភាគីនារដ្ឋធានីព្យុងយ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក ផាម ប៊ិនមិញ បានថ្លែងប្រាប់សមភាគីកូរ៉េខាងជើងថា វៀតណាមត្រៀមខ្លួនជាស្រេចហើយ ដើម្បីចែករំលែករាល់បទពិសោធន៍ល្អៗទាំងការកសាងជាតិ និងការកសាងសេដ្ឋកិច្ចសង្គម ក៏ដូចជាចូលរួមរស់ជាមួយសហគមន៍អន្តរជាតិដល់មិត្តកូរ៉េខាងជើង ដើម្បីរីកចម្រើនទាំងអស់គ្នា។ បើតាមទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើង ក្រៅពីបង្កើបពីបំណងចែករម្លែកបទពិសោធន៍ រដ្ឋមន្រ្តីការបរទេសវៀតណាមរូបនេះ ក៏បានបញ្ជាក់ផងដែរថា ទីក្រុងហាណូយក៏នឹងបន្តគាំទ្ររាល់កិច្ចសន្ទនានារវាងអាម៉េរិក និងកូរ៉េខាងជើងដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅឧបទ្វីបកូរ៉េដែរ ជាពិសេសការឈានទៅរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ទន្ទឹមគ្នានោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងវិញ រំពឹងថា កូរ៉េខាងជើង និងវៀតណាមនឹងអាចពង្រឹងចំណងមិត្តភាពទ្វេភាគីឲ្យរឹងមាំលើវិស័យជាច្រើនផ្សេងទៀត មុនខួបលើកទី៧០នៃការបង្កើតចំណងការទូតមកដល់។ ប្រមុខការទូតកូរ៉េខាងជើងរូបនេះ ក៏ឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីវៀតណាមដែលតែងតែយកចិត្តទុកដាក់បន្តជ្រោមជ្រែងដល់ដំណើរការកសាងសន្តិភាព នៅឧបទ្វីបកូរ៉េដូចគ្នា៕ម.ន
-
យន្តហោះខ្នាតយក្ស Airbus A380 ត្រូវបានក្រុមហ៊ុនប្រកាសឈប់ផលិត ដោយសារទីផ្សារធ្លាក់ចុះ

ក្រុមហ៊ុន Airbus បានប្រកាសថា នឹងឈប់ផលិតយន្តហោះ Airubs A380 ជាប្រភេទយន្តហោះខ្នាតយក្ស ផ្តល់ផាសុខភាពបំផុតដល់អ្នកដំណើរ លែងផលិតដោយសារតែពិបាកលក់ចេញ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១៤ ខែកុម្ភៈ។ លោក Tom Enders នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Airbus នៅប្រទេសបារាំងបានបញ្ជាក់ថា «យន្តហោះ Airbus A380 គឺធំជ្រុលពេកនាំឲ្យពិបាកលក់។ សម្រាប់ A380 គឺអាចផ្ទុកមនុស្សបាន៨០០នាក់ ដែលចំនួនពិតជាពិបាករកអតិថិជនមកជិះឲ្យពេញណាស់ ខណៈក្រុមហ៊ុនមួយចំនួនតូច ដែលបានទិញវាយកទៅបម្រើសេវាកម្ម ក៏បានពើបប្រទះបញ្ហានេះរួចទៅហើយ និងគ្រោងផ្អាកសេវាកម្មយន្តហោះនេះផងដែរ។ គួរបញ្ជាក់ថា យន្តហោះ Airbus A380 ត្រូវបានទទួលការបញ្ជាទិញ ពីក្រុមហ៊ុនល្បីៗល្បាញមួយចំនួនទូទាំងសកលលោក ដូចជាអាកាសចរណ៍អេមីរ៉ាត់ជាដើម ខណៈបើគិតទៅដល់ការបញ្ជាទិញចុងក្រោយរហូតដល់ឆ្នាំ២០២១នោះ យន្តហោះនេះត្រូវបានផលិតតែ១៧គ្រឿងប៉ុណ្ណោះ៕ម.ន
-
តុលាការធម្មនុញ្ញថៃទទួលយកសំណើរំលាយគណបក្ស Thai Raksa Chart

សារព័ត៌មាន The Nation បានចេញផ្សាយនៅថ្ងៃសុក្រទី១៥ កុម្ភៈនេះថា តុលាការធម្មនុញ្ញថៃបានទទួលយកពាក្យបណ្ដឹងសុំរំលាយគណបក្ស Thai Raksa Chart Party ហើយ ជាសំណើរបស់គណៈកម្មាការរៀបចំការបោះឆ្នោត ដោយសារតែបក្សនេះតែងតាំងព្រះនាងម្ចាស់ Ubolratana ព្រះរាម ព្រះមហាក្សត្រថៃ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជាតិ នាថ្ងៃទី២៤ មីនាខាងមុខនេះ ដោយទង្វើនេះត្រូវបានគេចោទប្រកាន់ថាជាការរំលោភបំពានលើប្រព័ន្ធរដ្ឋធម្មនុញ្ញរាជានិយមថៃ។ ការសម្រេចចិត្តខាងលើរបស់តុលាការធម្មនុញ្ញថៃ ធ្វើឡើងបន្ទាប់ពីបានពិចារណាលើសំណើរបស់គណៈកម្មាការរៀបចំការបោះឆ្នោត កាលពីម្សិលមិញ មុននឹងប្រកាសថាចៅក្រមទាំងអស់បានសម្រេចចិត្តជាឯកច្ឆ័ន ទទួលយកពាក្យបណ្ដឹងសុំរំលាយបក្ស១នេះ។ គណបក្ស Thai Raksa Chart Party មានរយៈពេល៧ថ្ងៃ ដើម្បីដាក់សក្ខីកម្មការពារខ្លួន ខណៈការសម្រេចចិត្តលើកចុងក្រោយលើជោគវាសនារបស់គណបក្ស នៅថ្ងៃទី២៧ ខែកុម្ភៈ៕ម.ន
-
សហរដ្ឋអាម៉េរិកទាមទារឱ្យអឺរ៉ុបបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ អនុប្រធានាធិបតីអាម៉េរិក លោក ម៉ៃ ផេន បានទាមទារឱ្យអឺរ៉ុបទម្លាក់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ហើយចូលរួមក្នុងការស្វែងរកយុទ្ធសាស្ត្រផ្តួលរំលំរបបទីក្រុងតេហេរ៉ង់។ មហាអំណាចអឺរ៉ុបមួយចំនួន បានបញ្ជូនតំណាងថ្នាក់ទាបទៅចូលរួមកិច្ចប្រជុំ ដែលផ្ដួចផ្ដើមដោយសហរដ្ឋអាម៉េរិក ខណៈពួកគេជឿជាក់ថា កិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលតម្រូវឱ្យអ៊ីរ៉ង់កាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននោះ គឺមានប្រសិទ្ធភាព។ ប៉ុន្តែអនុប្រធានាធិបតីអាម៉េរិក បានធ្វើការវាយប្រហារចំៗទៅលើសម្ព័ន្ធមិត្តអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដោយថ្កោលទោសគំនិតផ្តួចផ្តើមថ្មីរបស់ពួកគេ ដើម្បីឱ្យក្រុមហ៊ុនអឺរ៉ុបធ្វើប្រតិបត្តិការនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយមិនគោរពតាមទណ្ឌកម្មឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោន។ សូមបញ្ជាក់ថា សន្និសីទទីក្រុង Warsaw ក្នុងប្រទេសប៉ូឡួញ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិកក្នុងរយៈពេល២ថ្ងៃនេះ បានផ្តោតសំខាន់លើតំបន់មជ្ឈិមបូព៌ា ហើយវាត្រូវបានធ្វើឡើងចំពេលដែលរបបដឹកនាំអ៊ីរ៉ង់ប្រារព្ធខួប៤០ឆ្នាំ ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមបានផ្តួលរំលំរបបដែលគាំទ្រសហរដ្ឋអាម៉េរិក៕ធ.ដ
-
មេដឹកនាំរុស្ស៊ី អ៊ីរ៉ង់ និងតួកគី ធ្វើកិច្ចពិភាក្សាស្តីពីអនាគតរបស់ប្រទេសស៊ីរី

រុស្ស៊ី៖ រដ្ឋាភិបាលក្រុងម៉ូស្គូ នៅថ្ងៃព្រហស្បតិ៍តនេះ បានប្រាប់តួកគីត្រង់ៗថា មិនមានសិទ្ធិបង្កើតតំបន់សុវត្ថិភាពនៅស៊ីរីឡើយ បើសិនជាគ្មានការយល់ព្រមពីរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ។ ប្រតិកម្មរបស់រុស្ស៊ីនេះ បានកើតមានឡើងស្របពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរៀបចំកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍តនេះ ក្នុងទីក្រុង Sochi ប្រទេសរុស្ស៊ី ជាមួយសមភាគីតួកគី លោក អឺដូហ្កាន់ និងសមភាគីអ៊ីរ៉ង់ លោក ហាសាន់ រូហានី ដើម្បីពិភាក្សាគ្នាពីអនាគតប្រទេសស៊ីរី។ ទីក្រុងអង់ការ៉ា ចង់បង្កើតតំបន់សុវត្ថិភាពនៅភាគឦសានប្រទេសស៊ីរី ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិក រួមទាំងតំបន់ស្ថិតនៅក្បែរព្រំដែនតួកគី ដើម្បីងាយស្រួលបោសសំអាតក្រុមឧទ្ទាមឃើដ YPG ។ ប៉ុន្តែទីក្រុងម៉ូស្គូបានបញ្ជាក់ថា តួកគីត្រូវការការយល់ព្រមពីលោក អាសាដ ជាមុនសិនមុននឹងចង់បង្កើតតំបន់សុវត្ថិភាពនេះ៕ធ.ដ
-
អ៊ីស្រាអែល និងអារ៉ាប់ កំពុងចរចាគ្នាពីផលប្រយោជន៍រួមនៃសង្គ្រាមជាមួយអ៊ីរ៉ង់

អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានគូសបញ្ជាក់ថា អ៊ីស្រាអែល និងបណ្ដាប្រទេសអារ៉ាប់ កំពុងស្ថិតនៅក្នុងការចរចាពីផលប្រយោជន៍រួមនៃសង្រ្គាមជាមួយអ៊ីរ៉ង់ ស្របពេលដែលទំនាក់ទំនងរវាងភាគីទាំងពីរ ស្ថិតនៅក្នុងដំណាក់កាលមួយដ៏ប្រសើរ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានកត់សម្គាល់យ៉ាងដូច្នេះ ខណៈរូបលោកកំពុងស្ថិតនៅក្នុងប្រទេសប៉ូឡូញ ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយស្ដីពីតំបន់មជ្ឈិមបូព៌ា ក្រោមការចូលរួមពីបណ្ដាថ្នាក់ដឹកនាំមកពីសហរដ្ឋអាម៉េរិក អារ៉ាប់ និងសហភាពអឺរ៉ុប។ នាឱកាសនោះដែរ លោក Netanyahu បានលើកឡើងទៀតថា ចាប់ពីឥឡូវនេះទៅ ខ្ញុំនឹងពិភាក្សាជាមួយបណ្ដារដ្ឋមន្ត្រីការបរទេស និងបេសកជនពិសេសមកពី៦០ប្រទេសជុំវិញពិភពលោក។ អ្វីដែលសំខាន់នោះ ជំនួបនេះមិនមែនធ្វើឡើងជាសម្ងាត់នោះទេ ពីព្រោះវាមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអារ៉ាប់ដែលនឹងអង្គុយចរចាជាមួយអ៊ីស្រាអែល ក្នុងគោលបំណងស្វែងរកផលប្រយោជន៍រួមពីសង្រ្គាមជាមួយអ៊ីរ៉ង់៕ធ.ដ
-
បំផ្ទុះគ្រាប់បែកនៅតំបន់កាស្មៀ ផ្តាច់ជីវិតកងកម្លាំងសន្តិសុខឥណ្ឌា៤០នាក់

ឥណ្ឌា៖ សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា ករណីបំផ្ទុះគ្រាប់បែកដ៏អាក្រក់បំផុតមួយរបស់ក្រុមសកម្មយុទ្ធទៅលើក្បួនរថយន្ដដឹកកងសន្តិសុខឥណ្ឌា នៅឯតំបន់កាស្មៀ បានធ្វើឱ្យមនុស្ស៤០នាក់បាត់បង់ជីវិត និងរថយន្តចំនួន៥គ្រឿងក៏ត្រូវបានបំផ្លាញផងដែរ។ ប្រភពដដែលបានឱ្យដឹងថា ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅលើផ្លូវហាយវ៉េ Srinagar-Jammu ដែលសិ្ថតនៅចម្ងាយ២០គីឡូម៉ែត្រពីទីក្រុង Srinagar នៃតំបន់កាស្មៀ នៅក្នុងថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ។ បើតាមអាជ្ញាធរឥណ្ឌានោះ រថយន្ដមួយគ្រឿងផ្ទុកដោយគ្រឿងផ្ទុះបានបើកបំបុករថយន្ដក្រុងមួយគ្រឿងដឹកកងកម្លាំងសន្តិសុខឥណ្ឌា ឆ្ពោះទៅកាន់ទីក្រុង Srinagar។ ស្របពេលជាមួយគ្នានេះដែរ ក្រុមសកម្មប្រយុទ្ធ Jaish-e-Mohammad មានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថាន បានចេញមុខអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារដ៏អាក្រក់នេះ លើកងកម្លាំងសន្តិសុខឥណ្ឌានៅឯតំបន់កាស្មៀចាប់តាំងពីឆ្នាំ១៩៨៩មក៕ធ.ដ
-
វៀតណាមនឹងបង្កើនការនាំចេញបង្គាទៅកូរ៉េខាងត្បូងដល់តម្លៃ៥០០លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩

ការនាំចេញបង្គារបស់ប្រទេសវៀតណាមទៅប្រទេសកូរ៉េខាងត្បូងទំនងជាងនឹងកើនឡើង៣០ភាគរយ មានតម្លៃប្រមាណ៥០០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩ នេះបើយោងតាមសមាគមផលិតនិងនាំចេញអាហារសមុទ្រវៀតណាម ហៅកាត់ថា VASEP ចេញផ្សាយដោយសារព័ត៌មាន Vietnamnews កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។ ប្រភពបន្តថា ការព្យាករណ៍បែបនេះអាចធ្វើទៅបាន ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-កូរ៉េខាងត្បូង ក្នុងនោះ រក្សាបានស្ថិរភាពតម្រូវការតម្លៃនាំចូលខ្ពស់ និងអំណោយផលពន្ធនាំចូលល្អ។ វៀតណាមបាននាំចេញបង្គាទៅកូរ៉េខាងត្បូង៣៨៦លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០១៨ ខណៈដែលកូរ៉េខាងត្បូងជាប្រទេសលំដាប់ទី៥ ដែលទិញបង្គាពីវៀតណាមច្រើនជាងគេក្នុងឆ្នាំ២០១៨ មានតម្លៃ១១ភាគរយនៃតម្លៃនាំចូលបង្គាសរុបរបស់វៀតណាម៕ធ.ដ
-
លោក ដូណាល់ ត្រាំ នឹងថ្លែងពីវិបត្តិរបស់ប្រទេសវេណេស៊ុយអេឡានាសប្តាហ៍ក្រោយនេះ

សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន ម៉ៃអាមី ហឺរ៉ាល់ ផ្អែកលើប្រភពពីមន្រ្តីសេតវិមានម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងធ្វើសេចក្ដីថ្លែងការណ៍មួយស្ដីពីវិបត្តិក្នុងប្រទេសវេណេស៊ុយអេឡា នៅឯសកលវិទ្យាល័យអន្តរជាតិផ្លូរីដា នៃទីក្រុង Miami នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។ បើតាមប្រភពខាងលើ នាឱកាសនោះដែរ លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងបង្កើនការដាក់សម្ពាធផងដែរលើប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ឲ្យចាកចេញពីប្រទេស ដើម្បីផ្ទេរអំណាចឱ្យមេបក្សប្រឆាំង លោក ជូអាន ហ្គៃដូ ដោយសន្តិវិធី។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានជួបពិភាក្សាការងារជាមួយនឹងកូឡុំប៊ី លោក អ៊ីវ៉ាន ឌូកេ ម៉ាគែស នៅឯសេតវិមាន ដោយមេដឹកនាំទាំងពីរបានសន្យាថា នឹងប្រឹងប្រែងធ្វើយ៉ាងណាផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនវេណេស៊ុយអេឡា បើទោះជាមានការរារាំងពីរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ៕ម.ន