Category: ព័ត៌មានអន្តរជាតិ

  • បំណុលជាតិរបស់សហរដ្ឋអាម៉េរិក កើនឡើងលើសពី២២ទ្រីលានដុល្លារជាលើកដំបូង

    បំណុលជាតិរបស់សហរដ្ឋអាម៉េរិក កើនឡើងលើសពី២២ទ្រីលានដុល្លារជាលើកដំបូង

    សហរដ្ឋអាម៉េរិក៖ ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា បំណុលជាតិរបស់សហរដ្ឋអាម៉េរិកបានកើនឡើងលើសពី២២ទ្រីលានដុល្លារ ឬ២២ពាន់ពាន់លានដុល្លារជាលើកដំបូង។ កន្លងមក ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ជាច្រើនលើកច្រើនសាទៅលើអតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា សម្រាប់ការធ្វើឲ្យបំណុលជាតិកើនឡើងខ្ពស់ ក្នុងអំឡុងអាណត្តិកាន់អំណាចរយៈពេល៨ឆ្នាំរបស់លោក។ បច្ចុប្បន្ននេះ បំណុលជាតិសរុបរបស់សហរដ្ឋអាម៉េរិកមានចំនួន ២២,០១២ ទ្រីលានដុល្លារ ដែលវាបង្ហាញពីការកើនឡើងបន្ថែមដល់ទៅជាង៣០ពាន់លានដុល្លារ បើធៀបនឹងប្រាក់បំណុលសរុបកាលពីដើមខែកុម្ភៈ ហើយបើគិតក្នុងអំឡុងពេល១១ខែចុងក្រោយនេះ បំណុលជាតិសហរដ្ឋអាម៉េរិកបានកើនដល់ទៅប្រមាណ០១ទ្រីលានដុល្លារបន្ថែមលើបំណុលចាស់៕ធ.ដ

  • ប្រធានាធិបតីចិននឹងជួបជាមួយក្រុមប្រតិភូជាន់ខ្ពស់សហរដ្ឋអាម៉េរិកនៅទីក្រុងប៉េកំាង នៅថ្ងៃសុក្រសប្តាហ៍នេះ

    ប្រធានាធិបតីចិននឹងជួបជាមួយក្រុមប្រតិភូជាន់ខ្ពស់សហរដ្ឋអាម៉េរិកនៅទីក្រុងប៉េកំាង នៅថ្ងៃសុក្រសប្តាហ៍នេះ

    ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងត្រូវជួបប្រជុំជាមួយសមាជិកក្រុមប្រតិភូអាម៉េរិក ដែលធ្វើដំណើរមកកាន់រដ្ឋធានីប៉េកាំង ដើម្បីបន្តធ្វើកិច្ចពិភាក្សាបន្ថែមទៀត ពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សារព័ត៌មានក្នុងតំបន់ផ្អែកលើប្រភពដែលខ្លួនទទួលបានឱ្យដឹងថា តំណាងពាណិជ្ជកម្មអាម៉េរិក លោក រ៉ូបឺត ឡាយធីហ្ស៊ឺ និងរដ្ឋមន្រ្តីក្រសួងរតនាគារជាតិអាម៉េរិក លោក ស្ទេវិន ម៊្ញូឈីន ត្រូវបានគេរំពឹងថា នឹងជួបជាមួយលោក ស៊ី ជិនពីង នៅ រដ្ឋធានីប៉េកាំង នៅថ្ងៃសុក្រសប្តាហ៍នេះ។ បើតាមក្រសួងពាណិជ្ជកម្មចិននោះ សហរដ្ឋអាម៉េរិក-ចិននឹងរៀបចំកិច្ចប្រជុំពាណិជ្ជកម្មកម្រិតខ្ពស់ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈនេះ នៅក្នុងរដ្ឋធានីប៉េកាំង ដើម្បីចរចាដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំង២ ឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីចុងខែមករា ក្នុងរដ្ឋធានី វ៉ាស៊ីនតោន៕ធ.ដ

  • សភាសហរដ្ឋអាម៉េរិកយល់ព្រមផ្តល់ថវិកាជិត១,៤ពាន់លានដុល្លារ ក្នុងការសាងសង់របងដែកធម្មតា ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលជាថ្មីម្តងទៀត

    សភាសហរដ្ឋអាម៉េរិកយល់ព្រមផ្តល់ថវិកាជិត១,៤ពាន់លានដុល្លារ ក្នុងការសាងសង់របងដែកធម្មតា ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលជាថ្មីម្តងទៀត

    សហរដ្ឋអាម៉េរិក៖ ក្រុមអ្នកចរចានៃសភាអាម៉េរិកបានឈានដល់កិច្ចព្រមព្រៀងមួយហើយ ដោយសម្រេចផ្តល់ថវិកាជិត១,៤ពាន់លានដុល្លារ ក្នុងការដំឡើងរបងខណ្ឌចែកព្រំដែនបន្ថែម ដើម្បីបញ្ចៀសការបិទទ្វាររដ្ឋាភិបាលជាថ្មីម្តងទៀត។ តាមរយៈកិច្ចព្រមព្រៀងនេះ សភាអាម៉េរិកបានឯកភាពគ្នាផ្តល់ថវិកា ដើម្បីទ្រទ្រង់រដ្ឋាភិបាលដល់ចុងខែកញ្ញាខាងមុខ ព្រមទាំងថវិកា១,៣៧ពាន់លានដុល្លារ ដើម្បីសង់របងព្រំដែនបន្ថែមប្រវែងជិត៩០គីឡូម៉ែត្រនៅតំបន់ រីយ៉ូ ហ្គ្រេន វ៉ាល់ឡេ ក្នុងរដ្ឋតិចសាស់។ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះទៀតសោត ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនសប្បាយចិត្តនោះទេ តែមិនបានបញ្ជាក់ថា តើលោកនឹងចុះហត្ថលេខា ឬក៏ទាត់ចោលកិច្ចព្រមព្រៀងនេះឡើយ ប៉ុន្តែលោកបញ្ជាក់ថា សេតវិមាននឹងបើកកិច្ចប្រជុំមួយ ដើម្បីជជែកអំពីបញ្ហានេះនាពេលក្រោយទៀត៕ធ.ដ

  • រុស្ស៊ីមានគម្រោងបង្កើតសព្វាវុធប្រភេទថ្មី និងប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត ដើម្បីលើកកម្ពស់សមត្ថភាពយោធារបស់ខ្លួនឲ្យកាន់តែខ្លាំងក្លា

    រុស្ស៊ីមានគម្រោងបង្កើតសព្វាវុធប្រភេទថ្មី និងប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត ដើម្បីលើកកម្ពស់សមត្ថភាពយោធារបស់ខ្លួនឲ្យកាន់តែខ្លាំងក្លា

    រុស្ស៊ី៖ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក យូរូ បូរីសូវ បានលើកឡើងថា ស្ថាប័នស្រាវជ្រាវបច្ចេកវិទ្យាសម្រាប់យោធារុស្ស៊ី នឹងចាប់ផ្តើមធ្វើការទៅលើការបង្កើតសព្វាវុធ និងប្រព័ន្ធយោធាដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើឲ្យយោធារុស្ស៊ីកាន់តែមានសមត្ថភាពខ្លាំងក្លាបន្ថែមទៀតទៅថ្ងៃអនាគត។ សូមរំលឹកថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ បានផ្តល់ការវាយតម្លៃខ្ពស់ទៅលើស្ថាប័ននៃវិស័យការពារជាតិថ្មីហៅថា សម័យកាលធ្វើរបកគំហើញបច្ចេកវិទ្យាយោធា ហៅកាត់ថា មីត ដែលស្ថិតនៅទីក្រុង អាណាផា ហើយស្ថាប័ននេះត្រូវបានកំណត់ពេលវេលាថា នឹងចាប់ផ្តើមធ្វើការពេញសមត្ថភាពទាំងស្រុងនៅចុងឆ្នាំ២០១៩នេះ ខណៈលោក ពូទីន ក៏បានបង្គាប់ឲ្យក្រុមហ៊ុនឧស្សាហកម្មយោធានានា បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយស្ថាប័នថ្មីនេះផងដែរ។ បើតាមការិយាល័យរបស់ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី ដែលមានតួនាទីគ្រប់គ្រងលើឧស្សាហកម្មវិស័យការពារជាតិរុស្ស៊ី ស្ថាប័នខាងលើនឹងផ្តោតសំខាន់ចំពោះការបង្កើតយានអវកាសខ្នាតតូច អាវុធដែលផ្អែកលើគោលការណ៍រូបវន្តថ្មីៗ ប្រព័ន្ធផ្តល់ព័ត៌មានសម្រាប់យោធាដែលផ្អែកលើបច្ចេកវិទ្យា ហៅកាត់ថា ជីអាយអេស ប្រព័ន្ធសម្រាប់ចាប់សញ្ញាវត្ថុនៅខាងក្រោមផ្ទៃទឹក និងការអភិវឌ្ឍបច្ចេកវិទ្យា អេអាយ ជាដើម៕ធ.ដ

  • ឆ្នាំ២០១៨ ប្រទេសឡាវទទួលទេសចរបរទេសកើនឡើង៨,២% បើធៀបនឹងឆ្នាំ២០១៧

    ឆ្នាំ២០១៨ ប្រទេសឡាវទទួលទេសចរបរទេសកើនឡើង៨,២% បើធៀបនឹងឆ្នាំ២០១៧

    ឡាវ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ លោក Bosengkham Vongdara បានថ្លែងកាលពីពេលថ្មីៗនេះថា ឆ្នាំ២០១៨ ប្រទេសឡាវបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន៤លាន១សែន៨ម៉ឺននាក់ បានកើនឡើង៨,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧។ ចំណូលសរុបនៃមុខរបរទេសចរណ៍លើសពី៧៥០លានដុល្លារអាម៉េរិក ដែលបានកើនឡើង១៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧។ ឆ្នាំ២០១៨ ចំនួនអ្នកទេសចរចិនដែលបានធ្វើទេសចរណ៍នៅប្រទេសឡាវលើសពី៨សែននាក់។ លោកបានថ្លែងទៀតថា រដ្ឋាភិបាលឡាវបានព្យាករណ៍ថា ឆ្នាំ២០១៩នេះ នឹងមានអ្នកទេសចរចិនលើសពី១លាននាក់នឹងធ្វើទេសចរណ៍នៅប្រទេសឡាវ៕ធ.ដ

  • ព្រះរាម ព្រះមហាក្សត្រថៃប្រកាសសុំទោសចំពោះបំណងចង់ធ្វើជានាយករដ្ឋមន្ត្រី

    ព្រះរាម ព្រះមហាក្សត្រថៃប្រកាសសុំទោសចំពោះបំណងចង់ធ្វើជានាយករដ្ឋមន្ត្រី

    ថៃ៖ ព្រះរាម ព្រះមហាក្សត្រថៃ ព្រះនាងម្ចាស់ Ubolratana បានប្រកាសកាលពីយប់មិញ ដោយមានព្រះបន្ទូលសុំទោស ចំពោះព្រះរាជបំណងល្អក្នុងការធ្វើការសម្រាប់ប្រទេសជាតិ ខណៈដែលនយោបាយមានស្ថានភាពមិនសូវល្អ។ ជាការសុំទោស ស្របពេលដែលគណបក្ស Thai Raksa Chart ដែលអនុញ្ញាតឲ្យព្រះនាងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីនោះ ប្រឈមនឹងការមិនឲ្យចូលរួមការបោះឆ្នោតផងដែរ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៣ កុម្ភៈ ២០១៩។ ការតែងតាំងបេក្ខភាពព្រះនាងម្ចាស់រូបនេះដោយបក្ស Thai Raksa Chart ត្រូវបានគណៈកម្មការជាតិរៀបចំការបោះឆ្នោតដកចេញវិញ ក្រោយពេលមានការជំទាស់ពីព្រះមហាក្សត្រ។គណៈកម្មការជាតិរៀបចំការបោះឆ្នោតពេលនេះ ក៏កំពុងជំរុញឲ្យមានការលុបគណបក្សនេះចេញពីការបោះឆ្នោតជាតិ នៅថ្ងៃទី២៤ មីនា ២០១៩ដែរ ដោយសារតែបញ្ហាតែងតាំងបេក្ខភាពរបស់ព្រះនាងម្ចាស់។ ព្រះនាងម្ចាស់បានរៀបរាប់ថា « ខ្ញុំសុំទោស ដែលនាងខ្ញុំមានទឹកចិត្តស្មោះត្រង់ក្នុងការធ្វើការដើម្បីប្រទេសជាតិ ហើយប្រជាជនថៃបានបានបង្កបញ្ហាដែលមិនគួរកើតមានក្នុងពេលវេលារបស់ពួកយើងទេ»។ គួរបញ្ជាក់ថា ក្រោយពេលរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤នោះ ប្រទេសថៃត្រូវរៀបចំការបោះឆ្នោតសកល នាថ្ងៃទី២៤ មីនា ២០១៩ ជាការបោះឆ្នោតដែលបញ្ចប់ភាពជាប់គាំង៕ធ.ដ

  • ប្រមុខការទូតសហរដ្ឋអាម៉េរិកប្តេជ្ញាបញ្ឈប់បំពង់បង្ហូរប្រេងរបស់រុស្ស៊ីមកកាន់ទ្វីបអឺរ៉ុប

    ប្រមុខការទូតសហរដ្ឋអាម៉េរិកប្តេជ្ញាបញ្ឈប់បំពង់បង្ហូរប្រេងរបស់រុស្ស៊ីមកកាន់ទ្វីបអឺរ៉ុប

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃអង្គារ៍នេះ បានថ្លែងថា ប្រទេសរបស់លោកនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ឈប់បំពង់បង្ហូរប្រេងនិងឧស្ម័ន Nord Stream 2 របស់រុស្ស៊ីទៅកាន់ទ្វីបអឺរ៉ុប ខណៈការអះអាងនេះ ធ្វើឡើងស្របពេលលោកចូលរួមជាមួយប៉ូឡូញដើម្បីព្រមានអំពីហានិភ័យនានា។ លោក ប៉ុមប៉េអូ បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានរួមគ្នាមួយជាមួយរដ្ឋមន្រ្តីការបរទេសប៉ូឡូញ លោក ចាសេក សាពូតូវិក ថា បំពង់បង្ហូរប្រេងពីរុស្ស៊ីដែលចាប់ផ្តើមសាងសង់កាលពីឆ្នាំមុននោះ បានបង្ហូរលុយឱ្យទៅប្រទេសរុស្ស៊ីនៅក្នុងរបៀបមួយ ដែលទីបំផុតនឹងធ្វើឱ្យប៉ះពាល់ដល់ទ្វីបអឺរ៉ុប។ នាឱកាសនោះដែរ លោក សាពូតូវិក បានបញ្ជាក់ដែរថា យើងចែករំលែកទស្សនៈដូចគ្នាថា គម្រោងបំពង់បង្ហូរប្រេង North Stream 2 មិនបម្រើដល់សន្តិសុខថាមពលរបស់អឺរ៉ុបឡើយ ហើយថា យើងចាត់ទុកវាជាគម្រោងបរាជ័យ និងថែមទាំងប៉ះពាល់ដល់សន្តិសុខថាមពលនៅទ្វីបអឺរ៉ុបផងដែរ៕ធ.ដ

  • មេដឹកនាំវៀតណាមបង្ហាញសុទិដ្ឋិនិយម ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលលើកទី២រវាងលោក ត្រាំ និងលោក គីម

    មេដឹកនាំវៀតណាមបង្ហាញសុទិដ្ឋិនិយម ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលលើកទី២រវាងលោក ត្រាំ និងលោក គីម

    វៀតណាម៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ្វុក បានថ្លែងថា ជម្រើសនៃការយកវៀតណាមធ្វើជាទីតាំងរៀបចំកិច្ចប្រជុំកំពូលនាចុងខែនេះ រវាង លោក ត្រាំ និង លោក គីម បានសបញ្ជាក់ឲ្យឃើញថា ប្រទេសវៀតណាមកំពុងឆ្ពោះទៅរកទិសដៅត្រឹមត្រូវមួយ។ ការថ្លែងបែបនេះរបស់លោក ង្វៀន សួនហ្វុក បានកើតមានឡើងស្របពេលដែលរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh កំពុងស្ថិតនៅប្រទេសកូរ៉េខាងជើង ដើម្បីបំពេញទស្សនកិច្ចរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃអង្គារ៍ដល់ថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ខណៈវៀតណាមកំពុងត្រៀមលក្ខណៈដើម្បីរៀបចំជំនួបកំពូលរវាងមេដឹកនាំអាម៉េរិក និងកូរ៉េខាងជើង។ ថ្លែងទៅកាន់មន្រ្តីរដ្ឋាភិបាលនៅឯទីផ្សារមូលបត្រទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមរូបនេះ បានសង្កត់ធ្ងន់ថា វៀតណាមនឹងក្តាប់យកឱកាសនេះ បង្ហាញឲ្យពិភពលោកបានឃើញអំពីតួនាទីលើឆាកអន្តរជាតិរបស់ខ្លួន ហើយនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព៕ធ.ដ

  • ប្រធានាធិបតីហ្វីលីពីនចង់ប្តូរឈ្មោះប្រទេស ដើម្បីលុបដានអាណានិគមកាលពីអតីតកាល

    ប្រធានាធិបតីហ្វីលីពីនចង់ប្តូរឈ្មោះប្រទេស ដើម្បីលុបដានអាណានិគមកាលពីអតីតកាល

    ហ្វីលីពីន៖ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានសារព័ត៌មានបាងកកប៉ុស្តិ៍ដកស្រង់សម្តីឲ្យដឹងថា រូបលោកចង់ប្តូរឈ្មោះប្រទេសហ្វីលីពីន នៅថ្ងៃណាមួយទៅជា «Maharlika (មហាលីកា)» ដើម្បីលុបដានអាណានិគមកាលពីអតីតកាល។ សូមរំលឹកឡើងវិញថា ហ្វីលីពីនដែលស្ថិតក្រោមអាណានិគមអេស៉្បាញជាង៣០០ឆ្នាំ ទទួលបានឈ្មោះថា «ហ្វីលីពីន» នេះ ពីព្រះនាមរបស់ស្តេច Philip (ហ្វីលីព) ទី២នៃប្រទេសអេស៉្បាញ។ គោលបំណងរបស់លោក ឌូតឺតេ គឺដូចទៅនឹងអតីតមេដឹកនាំផ្តាច់ការលោក Ferdinand Marcos ដែរ ដែលបានហៅប្រទេសហ្វីលីពីនថា «Maharlika» ដែលភាសាក្នុងតំបន់មានន័យថា «អភិជនខ្ពង់ខ្ពស់» ខណៈអ្នកជំនាញមួយចំនួនបានអះអាងថា ពាក្យនេះតាមពិតបកប្រែខុស ដោយវាមានន័យត្រឹមតែជា «ជនសាមញ្ញដែលមានសិទ្ធិសេរីភាពប៉ុណ្ណោះ» ។ យ៉ាងណាមិញ ប្រធានព្រឹទ្ធសភាហ្វីលីពីន លោក Tito Sotto បានលើកឡើងថា បំណងរបស់លោក ឌូតឺតេ នឹងតម្រូវឲ្យមានការធ្វើវិនិសោធនរដ្ឋធម្មនុញ្ញ ហើយនឹងទាមទារឲ្យមានការកែសម្រួលជាច្រើន៕ធ.ដ

  • អាជ្ញាធរថៃសម្រេចបិទប៉ុស្តិ៍ទូរទស្សន៍មួយមានទំនាក់ទំនងជាមួយលោក ថាក់ស៊ីន មុនការបោះឆ្នោតសកលមកដល់

    អាជ្ញាធរថៃសម្រេចបិទប៉ុស្តិ៍ទូរទស្សន៍មួយមានទំនាក់ទំនងជាមួយលោក ថាក់ស៊ីន មុនការបោះឆ្នោតសកលមកដល់

    ថៃ៖ ប៉ុស្តិ៍ទូរទស្សន៍មួយដែលមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្រ្តីថៃធ្លាក់ពីអំណាច លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅថ្ងៃអង្គារនេះ ត្រូវបានអាជ្ញាធរនិយ័តករទូរគមនាគមន៍ថៃសម្រេចផ្អាកអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ ក្រោមហេតុផលបញ្ហាសន្តិសុខជាតិ ក្នុងគ្រាដែលការបោះឆ្នោតសាកលនឹងប្រព្រឹត្តនាខែក្រោយ។ ប៉ុស្តិ៍ទូរទស្សន៍នេះ កន្លងមកក៏ធ្លាប់ត្រូវបានបិទ២ដងមកហើយ ដោយលើកទីមួយនៅពីរថ្ងៃមុនរដ្ឋប្រហារយោធាឆ្នាំ២០១៤ ដែលបានធ្វើឲ្យប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន គឺលោកស្រី យីងឡាក់ ដែលបច្ចុប្បន្នកំពុងស្ថិតនៅឯក្រៅប្រទេសថៃដូចគ្នា ជ្រុះចេញពីកៅអីនាយករដ្ឋមន្រ្តី ហើយមួយលើកទៀតនៅឆ្នាំ២០១៧។ បើតាមគណៈកម្មការត្រួតពិនិត្យសេវាទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយជាតិថៃ (NBTC) កម្មវិធីធំៗពីរបស់ប៉ុស្តិ៍ទូរទស្សន៍ Voice TV រួមមាន Tonight Thailand និង Wake Up News បានចែកចាយព័ត៌មានដែលបង្កឲ្យសាធារណជនមានការភ័ន្តច្រឡំ និងខ្វែងគំនិតគ្នា ក៏ប៉ុន្តែពុំមានការបញ្ជាក់លម្អិតច្បាស់ឡើយ។ ដោយសារតែហេតុផលនេះ NBTC បានសម្រេចផ្អាកអាជ្ញាបណ្ណធ្វើប្រតិបត្តិការរបស់ Voice TV សម្រាប់រយៈពេល១៥ថ្ងៃ ដើម្បីឲ្យប៉ុស្តិ៍ទូរទស្សន៍នេះកែខ្លួនឲ្យត្រឹមត្រូវ៕ធ.ដ