-
កិច្ចប្រជុំកំពូលសហភាពអាហ៊្វ្រិកលើកទី៣២ ចាប់ផ្តើមបើកជាផ្លូវការ ដោយផ្តោតសំខាន់លើបញ្ហាជនអន្តោប្រវេសន៍

អេត្យូពី៖ ប្រមុខរដ្ឋជិត៤០រូបនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ បាននិងកំពុងស្ថិតនៅក្នុងទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី សម្រាប់កិច្ចប្រជុំកំពូលសហភាពអាហ៊្វ្រិកលើកទី៣២។ របៀបវារៈនៅក្នុងឆ្នាំនេះ បានយកចិត្តទុកដាក់យ៉ាងសំខាន់លើវិបត្តិជនអន្តោប្រវេសន៍ ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន និងជនភៀសខ្លួននៅក្នុងស្រុក។ ក្រុមមេដឹកនាំដែលចូលរួមទាំងអស់បានកំណត់ ដើម្បីធ្វើកិច្ចពិភាក្សាពីរបៀបក្នុងការគាំទ្រជនភៀសខ្លួនរាប់ពាន់នាក់ ដែលបាននិងកំពុងរស់នៅលើទ្វីបមួយនេះ ។ ជំនួបកំពូលនេះ ត្រូវបានគេរំពឹងទុកថា នឹងធ្វើការសម្រេចចិត្តសំខាន់ៗជាច្រើន ដើម្បីពង្រឹងរបៀបវារៈនៃការអភិវឌ្ឍទ្វីបអាហ៊្វ្រិក៕ម.ន
-
គ្រោះអគ្គិភ័យឆាបឆេះសណ្ឋាគារនៅឥណ្ឌា បន្តផ្តាច់ជីវិតមនុស្សកើនដល់១៧នាក់ហើយ

ឥណ្ឌា៖ សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារអគ្គីភ័យលេបត្របាក់សណ្ឋាគារមួយកន្លែងក្នុងរដ្ឋធានី ញ៊ួដេលីនៅក្នុងថ្ងៃអង្គារ៍នេះ បានបន្តកើនឡើងដល់១៧នាក់ហើយ ខណៈមនុស្ស០៥នាក់ទៀតរងរបួសធ្ងន់ ។ ទន្ទឹមគ្នានោះដែរ មូលហេតុនៅពីក្រោយគ្រោះអគ្គីភ័យដ៏កំណាចនេះ នៅមិនទាន់ត្រូវបានបញ្ជាក់ ឬកំណត់ច្បាស់នៅឡើយទេ ប៉ុន្តែមានការសង្ស័យថា វាអាចបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី ។ បើតាមប្រភពបានឱ្យដឹងថា ក្រុមពន្លត់អគ្គីភ័យជាច្រើនបានសម្រុកទៅកាន់កន្លែងកើតហេតុ តាំងតែពីពេលទៀបភ្លឺថ្ងៃអង្គារ៍នេះមកម្ល៉េះ ហើយរហូតដល់ពេលព្រឹកព្រលឹម ទើបអគ្គីភ័យត្រូវបានពន្លត់ទាំងស្រុងនៅសណ្ឋាគារ អាភីត ផាឡេស លំដាប់ផ្កាយបី ស្ថិតនៅក្នុងសង្កាត់ ខារ៉ូល បេក ។ ដោយឡែកមនុស្សប្រមាណ ៣០នាក់ត្រូវបានសង្គ្រោះដោយសុវត្ថិភាពចេញពីសណ្ឋាគារ និងអ្នករងរបួសទាំងឡាយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕ធ.ដ
-
មនុស្សស្លាប់ និងរបួស១៦នាក់ ក្នុងគ្រោះអគ្គិភ័យឆាបឆេះសណ្ឋាគារមួយនៅប្រទេសឥណ្ឌា

ឥណ្ឌា៖ សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា មនុស្ស៩នាក់បានបាត់បង់ជីវិត ក្នុងនោះមានស្រ្តី និងកុមារ ហើយ០៧នាក់ទៀតរងរបួសធ្ងន់ ក្រោយគ្រោះអគ្គីភ័យបានឆាបឆេះនៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងរដ្ឋធានីញូដេលី ប្រទេសឥណ្ឌា នៅថ្ងៃអង្គារ៍នេះ។ ស្របពេលជាមួយគ្នានោះដែរ មូលហេតុនៅពីក្រោយគ្រោះអគ្គីភ័យខាងលើនេះ មិនទាន់ត្រូវបានបញ្ជាក់ ឬកំណត់ច្បាស់នៅឡើយទេ ប៉ុន្តែមានការសង្ស័យថា វាអាចបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី។ បើតាមការបញ្ជាក់ពីប្រធានទីភ្នាក់ងារពន្លត់អគ្គីភ័យនៅក្នុងតំបន់ លោក ស៊ូនីល ឈួដារី មនុស្ស០៩នាក់បានស្លាប់ នៅក្នុងហេតុការណ៍ភ្លើងឆេះសណ្ឋាគារ អាភីត ផាឡេស នៅក្នុងសង្កាត់ ខារ៉ូល បេក ខណៈអគ្គិភ័យក៏ត្រូវបានពន្លត់ឲ្យរលត់ហើយដែរ។ ប្រធានទីភ្នាក់ងារពន្លត់អគ្គីភ័យរូបនេះ បានឱ្យដឹងទៀតថា មនុស្ស២៥នាក់ត្រូវបានជម្លៀសចេញពីសណ្ឋាគារលំដាប់ផ្កាយបីនេះ រីឯមនុស្ស២នាក់ បានលោតចុះមកក្រោម ដោយសារការភ័យស្លន់ស្លោពេក៕ធ.ដ
-
មន្ត្រីជាន់ខ្ពស់ពីររូបរបស់ក្រុមហ៊ុន Facebook ប្រកាសលាឈប់ពីតំណែង

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia បានឲ្យដឹងថា ប្រធានជាន់ខ្ពស់ពីររូបរបស់ក្រុមហ៊ុន Facebook បានប្រកាសព្រមគ្នាពីការលាលែងពីតំណែង ក្រោយចំណាយពេលច្រើនឆ្នាំជួយជ្រោមជ្រែងបណ្តញសង្គមយក្សឲ្យជោគជ័យទល់សព្វថ្ងៃ។ អ្នកស្រី Caryn Marooney បានប្រកាសកាលពីថ្ងៃពុធលាឈប់ពីតំណែងជាប្រធានផ្នែកទំនាក់ទំនង បន្ទាប់ពីចាយពេល៨ឆ្នាំនៅ Facebook និងបច្ចុប្បន្នកំពុងសិក្សាជាមួយនាយកប្រតិបត្តិលោក Mark Zuckerberg ដើម្បីរកអ្នកថ្មីមកជំនួស។ ជាមួយគ្នានេះដែរ អនុប្រធានជាន់ខ្ពស់ផ្នែកទំនាក់ទំនងសកល និងកិច្ចការសាធារណៈអ្នកស្រី Debbie Forst ក៏បញ្ជាក់ពីការលាឈប់ជាមួយបំណងត្រៀមចាកចេញនាខែមីនាខាងមុខ ក្រោយចំណាយពេលជិត១១ឆ្នាំជាមួយក្រុមការងារ៕ធ.ដ
-
បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ព្រះរាមព្រះមហាក្សត្រថៃ ត្រូវបានដកចេញ

គណៈកម្មការជាតិរៀបចំការបោះឆ្នោតនៅប្រទេសថៃ កាលពីម្សិលមិញ បានប្រជុំសម្រេចដកបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ព្រះនាងម្ចាស់ Ubolratana ជាព្រះរាម ព្រះមហាក្សត្រចេញពីការបោះឆ្នោតជាតិ នាថ្ងៃទី២៤ មីនា ខាងមុខនេះ។ គណៈកម្មការបានចេញផ្សាយបញ្ជីផ្លូវការនៃបេក្ខភាពឈរឈ្មោះនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោត ដោយមិនមានឈ្មោះ ព្រះនាងម្ចាស់រូបនេះទេ ដោយគេបញ្ជាក់ហេតុផលថា រាល់សមាជិករាជ្យវង្ស សានុវង្ស ត្រូវឈរលើជំហរអព្យាក្រឹត្យ។ ព្រះនាងម្ចាស់បានទទួលយកការតែងតាំងរបស់គណបក្ស Thai Raksa Chart ក្នុងការឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីថៃ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ប៉ុន្តែក្រោយមក ព្រះមហាក្សត្រថៃបានចេញព្រះរាជក្រឹត្យជំទាស់ ទើបគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានសម្រេចប្រជុំច្រានចោល។ ជាការច្រានចោល ទោះបីជាព្រះនាងម្ចាស់ធ្លាប់បានបោះបង់ចោលឱកាសឡើងសោយរាជ្យ ដោយសារតែបានរៀបការជាមួយបុរសជនជាតិអាម៉េរិកាំងក៏ដោយ៕ធ.ដ
-
អាម៉េរិកនឹងអនុញ្ញាតឲ្យមានការហោះហើរត្រង់ពីវៀតណាមឆាប់ៗនេះ

សហរដ្ឋអាម៉េរិកគ្រោងនឹងសម្រេចអនុញ្ញាតឲ្យមានការហោះហើរត្រង់ពីប្រទេសវៀតណាម ក្នុងពេលឆាប់ៗ បើតាមការចេញផ្សាយរបស់ Straits Times កាលពីពេលថ្មីៗនេះ។ រដ្ឋបាលអាកាសចរស៊ីវិលសហព័ន្ធរបស់អាម៉េរិកត្រូវបានរំពឹងថា នឹងផ្តល់ភ្លើងខៀវ សម្រាប់ជើងហោះហើរពីវៀតណាមទៅអាម៉េរិក និងហោះហើរពីអាម៉េរិកទៅវៀតណាមវិញ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមជាតិ ឈ្មោះថា Vietnam Airlines ក្រុមហ៊ុន Vietjet Air និង Bamboo Airways បានបង្ហាញពីមហិច្ចតាចង់ឲ្យមានជើងហោះហើរត្រង់ទៅសហរដ្ឋអាម៉េរិក ខណៈដែលបច្ចុប្បន្ន មិនទាន់មានការហោះហើរត្រង់នៅឡើយទេ។ អ្នកដំណើរត្រូវធ្វើដំណើរទៅសហរដ្ឋអាម៉េរិក ត្រូវឆ្លងកាត់បណ្តាប្រទេសនៅអាស៊ីជាមុនសិន ដូចជាចិន និងជប៉ុនជាដើម។ អាកាសចរណ៍ស៊ីវិលវៀតណាមថា ការកើនឡើងនៃទីផ្សារអាកាសចរណ៍កំពុងមានកំណើនខ្លាំង ពោលគឺកើន១៦ភាគរយ ជាមធ្យម រៀងរាល់ឆ្នាំ នៅចន្លោះពីឆ្នាំ២០១០ដល់២០១៧៕ធ.ដ
-
បង់ក្លាដែសរារាំងដំណើរដ៏គ្រោះថ្នាក់របស់ជនរ៉ូហ៊ីងយ៉ា ទៅកាន់ប្រទេសម៉ាឡេស៊ី

បង់ក្លាដែស៖ ក្រុមមន្ត្រីបង់ក្លាដែស នៅក្នុងថ្ងៃច័ន្ទនេះ បានគូសបញ្ជាក់ថា កងកម្លាំងសន្តិសុខបង់ក្លាដែសបានរារាំងក្រុមជនមូស្លីមរ៉ូហ៊ីងយ៉ាចំនួន២២នាក់ មិនឲ្យធ្វើដំណើរតាមទូករត់ពន្ធមនុស្សទៅកាន់ប្រទេសម៉ាឡេស៊ី ដែលនេះជាក្រុមទី២ ក្នុងរយៈពេល៣ថ្ងៃដែលត្រូវបានរារាំងមិនឱ្យចាកចេញពីជំរំជនភៀសខ្លួន។ កងទ័ពការពារព្រំដែនបង់ក្លាដែសបានរកឃើញស្ត្រី១១នាក់ ក្មេង១០នាក់ និងបុរសម្នាក់នៅភូមិមួយនៅឆកសមុទ្រ ប៊េនហ្គាល់ នៅជិតព្រំដែនម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ បើតាមមន្ត្រីព្រំដែនម្នាក់បាននិយាយថាមនុស្ស២២នាក់នេះ បានបង់ប្រាក់ទៅឱ្យពួកអ្នករត់ពន្ធមនុស្សចំនួន១,២០០ដុល្លារក្នុងម្នាក់ៗ ដើម្បីបានជិះទូកតូចមួយសម្រាប់ការធ្វើដំណើរដ៏គ្រោះនេះ។ ពួកអ្នករត់ពន្ធមនុស្សបានរត់គេចខ្លួន នៅមុនពេលកងកម្លាំងសន្តិសុខបានទៅដល់។ សូមបញ្ជាក់ផងដែរថា ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាប្រហែល៧៤០,០០០នាក់ បានរត់ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាទៅប្រទេសបង់ក្លាដែស បន្ទាប់ពីមានការបង្ក្រាបដោយយោធានៅប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនានេះ កាលពីខែសីហា ឆ្នាំ២០១៧កន្លងទៅ៕ធ.ដ
-
ចិនជំរុញឲ្យសហរដ្ឋអាម៉េរិកឈប់បង្កភាពតានតឹង និងបំផ្លាញសន្តិភាពក្នុងតំបន់

ចិន៖ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសធ្វើការរិះគន់លើសហរដ្ឋអាម៉េរិក បន្ទាប់ពីនាវាពិឃាតអាម៉េរិក២គ្រឿងនៅក្នុងថ្ងៃច័ន្ទនេះ បានធ្វើដំណើរមកក្បែរប្រជុំកោះនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហ័រ ឈន់យីង បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនកំពុងតែតាំងចិត្តសំដៅបង្កបញ្ហានៅសមុទ្រចិនខាងត្បូង និងបង្កើតភាពតានតឹងកាន់តែខ្លាំង ព្រមទាំងបំផ្លាញសុខសន្តិភាពនៅក្នុងតំបន់ ហើយលោកស្រីបានស្នើឲ្យអាម៉េរិក បញ្ឈប់សកម្មភាពបង្កហេតុនានាជាបន្ទាន់។ គួរបញ្ជាក់ថា នាវាពិឃាតអាម៉េរិក USS Spruance និង USS Preble បានធ្វើនាវាចរនៅចម្ងាយ២២គីឡូម៉ែត្រពីតំបន់ថ្មប៉ប្រះទឹក Mischief Reef ក្នុងតំបន់ភាគខាងកើតនៃប្រជុំកោះ Spratly ដែលមានបញ្ហាវិវាទនៅដែនសមុទ្រចិនខាងត្បូង ហើយប្រតិបត្តិការរបស់នាវាទាំងគ្រឿងនេះ គឺជាសកម្មភាពថ្មីចុងក្រោយគេបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់នូវអ្វីដែលខ្លួនមើលឃើញថា ជាការខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការដាក់កំហិតលើសេរីភាពនាវាចរ នៅក្នុងតំបន់ផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ៕ធ.ដ
-
អ៊ីរ៉ង់ព្រមានវាយប្រហារអ៊ីស្រាអែល បើសិនសហរដ្ឋអាម៉េរិកវាយប្រហារលើប្រទេសខ្លួន

អ៊ីរ៉ង់៖ មេបញ្ជាការម្នាក់នៃកងឆ្មាំការពារជាតិអ៊ីរ៉ង់ (IRGC) លោក Yadollah Javani បានព្រមាននៅក្នុងថ្ងៃច័ន្ទនេះថា ប្រទេសរបស់ខ្លួននឹងកម្ទេចទីក្រុងតែលអាវីវ និងហៃវ៉ា របស់ប្រទេសអ៊ីស្រាអែល បើសិនសហរដ្ឋអាម៉េរិកហ៊ានបើកការវាយប្រហារមកលើអ៊ីរ៉ង់។ សូមរំលឹកថា យោធាអ៊ីរ៉ង់កាលពីខែមករាកន្លងទៅក៏ធ្លាប់បានព្រមានលុបប្រទេសអ៊ីស្រាអែលទាំងមូលចេញពីផែនទីពិភពលោកផងដែរ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើមូលដ្ឋានទ័ពអ៊ីរ៉ង់ជាច្រើនកន្លែង នៅក្នុងប្រទេសស៊ីរី។ ចំណែកការព្រមានសាជាថ្មីខាងលើនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលប្រជាជនអ៊ីរ៉ង់រាប់សែននាក់ប្រមូលផ្តុំគ្នានៅទូទាំងផ្ទៃប្រទេស ដើម្បីអបអរខួប៤០ឆ្នាំនៃជ័យជម្នះបដិវត្តន៍អ៊ីស្លាម ដែលបានប្រែក្លាយប្រទេសអ៊ីរ៉ង់ពីរបបរាជានិយម មកជាសាធារណរដ្ឋអ៊ីស្លាមដូចសព្វថ្ងៃ៕ធ.ដ
-
ការបិទរដ្ឋាភិបាលអាម៉េរិកអាចកើតឡើងជាលើកទី២ ខណៈកិច្ចព្រមព្រៀងសន្តិសុខព្រំដែនកំពុងជាប់គាំង

សហរដ្ឋអាម៉េរិក៖ ការជជែកពិភាក្សារបស់សភាសហរដ្ឋអាម៉េរិក លើកិច្ចព្រមព្រៀងសន្តិសុខព្រំដែនបានជាប់គាំងសាជាថ្មី ជាហេតុធ្វើឲ្យមានក្តីកង្វល់ពីការបិទរដ្ឋាភិបាលអាម៉េរិកជាលើកទី២។ ក្រុមចរចាបានសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងមួយនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដើម្បីផ្តល់ពេលដល់សភា ក្នុងការអនុម័តច្បាប់នៅក្នុងថ្ងៃសុក្រខាងមុខនេះ ជាពេលដែលកិច្ចព្រមព្រៀងផ្តល់មូលនិធិសហព័ន្ធផុតកំណត់។ ពួកគេនៅតែមានការបែងចែកថា តើជនអន្តោប្រវេសន៍ខុសច្បាប់នឹងត្រូវឃាត់ខ្លួន ឬយ៉ាងណា ឬមួយក៏ត្រូវផ្តល់មូលនិធិដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីកសាងកំផែងព្រំដែនសហរដ្ឋអាម៉េរិក និងម៉ិកស៊ិក។ សូមបញ្ជាក់ថា ការបិទរដ្ឋាភិបាលលើកមុន ដែលមានរយៈពេល៣៥ថ្ងៃ គឺជារយៈពេលយូរជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាម៉េរិក ដោយក្រុមកម្មករសហព័ន្ធរាប់ម៉ឺននាក់បានឈប់សម្រាកពីការងារ ខណៈដែលកម្មករផ្សេងទៀត នៅក្នុងសេវាកម្មសំខាន់ៗដូចជានៅឯមន្ទីរពេទ្យ អាកាសយានដ្ឋាន និងស្ថាប័នពង្រឹកច្បាប់ធ្វើការដោយគ្មានប្រាក់ខែ៕ធ.ដ