-
សិង្ហបុរីសម្រេចបង្កើនកញ្ចប់លុយការពារជាតិជិត១៧ពាន់លានដុល្លារ ដើម្បីពង្រឹងសន្តិសុខជាតិ

សង្ហិបុរី៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុសង្ហិបុរីលោក ហេង ស្វីគៀត បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ស្តីពីកញ្ចប់ថវិកាជាតិនាដើមសប្តាហ៍នេះថា រដ្ឋាភិបាលសិង្ហបុរីកំណត់ថវិកាប្រមាណ១៦,៧ពាន់លានដុល្លារ ឬស្មើ៣០ភាគរយនៃកញ្ចប់ថវិកាជាតិសរុប សម្រាប់វិស័យសំខាន់ចំនួនបី រួមមាន ការពារជាតិ សន្តិសុខ និងការទូតសម្រាប់ឆ្នាំ២០១៩។ ក្នុងថវិកាសរុបប្រមាណ១៦,៧ពាន់លានដុល្លារនេះ សិង្ហបុរីគ្រោងនឹងចំណាយ១១,៤ពាន់លានដុល្លារលើវិស័យការពារជាតិ ខណៈការចំណាយលើសន្តិសុខមានទំហំ៤,៩ពាន់លានដុល្លារ និងកិច្ចការបរទេសក្នុងទំហំទឹកប្រាក់៣៦៨លានដុល្លារ។ នាឱកាសនោះដែរ លោក ស្វីគៀត បានសង្កត់ធ្ងន់ថា ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើ គឺពិតជាមានសារៈសំខាន់ដោយមិនអាចខ្វះបានឡើយ ហើយថា យើងនឹងវិនិយោគបន្ថែមទៀត ប្រសិនបើចាំបាច់ដើម្បីការពារអធិបតេយ្យភាពរបស់សិង្ហបុរី និងសុខមាលភាពរបស់ប្រជាជនសិង្ហបុរី។ គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុសង្ហិបុរីរូបនេះ ត្រូវបានធ្វើឡើងស្របពេលដែលសិង្ហបុរី និងម៉ាឡេស៊ីកំពុងពិភាក្សាអំពីបញ្ហាទ្វេរភាគីមួយចំនួន រួមមានជម្លោះជុំវិញបញ្ហាព្រំដែនទឹក ការគ្រប់គ្រងផ្លូវអាកាស និងតម្លៃទឹកជាដើម៕ធ.ដ
-
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងទំនងជាជិះរថភ្លើងកាត់ចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទីពីរជាមួយលោក ត្រាំ នៅវៀតណាម

កូរ៉េខាងជើង៖ បុគ្គលពីររូបដែលមានចំណេះដឹងផ្ទាល់ ជុំវិញការរៀបចំផែនការផ្នែកសន្តិសុខ និងមធ្យោបាយធ្វើដំណើរសម្រាប់ជំនួបកំពូលនៅវៀតណាម បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងប្រើប្រាស់រថភ្លើងជាយានជំនិះ សម្រាប់ការធ្វើដំណើរមកកាន់ទីក្រុងហាណូយ ដើម្បីបើកកិច្ចប្រជុំកំពូលលើកទី០២នាសប្តាហ៍ក្រោយនេះ ជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ ដោយឡែកបើតាមប្រភពព័ត៌មានពីបុគ្គលបីរូបផ្សេងទៀត ទីតាំងអំណោយផលដែលទំនងជាកន្លែងបើកកិច្ចប្រជុំថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈនេះ រវាងលោក ត្រាំ និងលោក គីម គឺវិមានទទួលភ្ញៀវរបស់រដ្ឋាភិបាលវៀតណាម ដែលជាអគារសម័យអាណានិគម ស្ថិតនៅចំកណ្តាលទីក្រុងហាណូយ រីឯសណ្ឋាគារប្រណិត Metropole ដែលនៅទល់មុខគ្នានោះ នឹងជាទីតាំងបម្រុងសម្រាប់កិច្ចប្រជុំ ខណៈសណ្ឋាគារមួយទៀតឈ្មោះថា Melia ដែលស្ថិតនៅកណ្តាលក្រុងហាណូយដូចគ្នា អាចនឹងជាកន្លែងលោក គីម ស្នាក់នៅក្នុងអំឡុងដំណើរទស្សនកិច្ចនេះ។ យ៉ាងណាមិញ ក្រុមបុគ្គលដែលសុំមិនបញ្ចេញអត្តសញ្ញាណខាងលើនេះ បានបញ្ជាក់ផងដែរថា ផែនការទាំងនេះ អាចនឹងមានប្រែប្រួលជាបន្តបន្ទាប់ទៀតក៏ថា បានដែរ៕ធ.ដ
-
ប្រធានាធិបតីរុស្ស៊ីព្រមានថា អាវុធស៊េរីថ្មីរបស់ទីក្រុងម៉ូស្គូនឹងតម្រង់ក្បាលទៅរកសហរដ្ឋអាម៉េរិក បើហ៊ានដាក់ពង្រាយមីស៊ីលលើទ្វីបអឺរ៉ុប

រុស្ស៊ី៖ រុស្ស៊ីនឹងតម្រង់ក្បាលមីស៊ីលលឿនជាងសំឡេងស៊េរីថ្មីចុងក្រោយបំផុតរបស់ខ្លួនទៅរកសហរដ្ឋអាម៉េរិក បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមជាថ្មីនៅលើទ្វីបអឺរ៉ុប បន្ទាប់ពីដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ (INF)។ នេះបើតាមការព្រមានរបស់លោកប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន នាអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជនរុស្ស៊ី ក្នុងថ្ងៃពុធម្សិលមិញ ដោយមីស៊ីលស៊េរីថ្មីដែលប្រធានាធិបតីរុស្ស៊ីរូបនេះ បានលើកឡើងមានឈ្មោះថា Zircon ដែលប្រភេទមីស៊ីលរយៈចម្ងាយមធ្យម និងល្បឿនលឿនជាសំឡេង៩ដង ហើយអាចបាញ់បានចម្ងាយ៦២០ miles ឬជាង៩៩៧គីឡូម៉ែត្រ។ នាអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជនរុស្ស៊ី នៅក្នុងថ្ងៃពុធនេះ លោក ពូទីន ថែមទាំងបានអះអាងដែរថា បើសិនជាសហរដ្ឋអាម៉េរិកដាក់ពង្រាយមីស៊ីលជាថ្មីនៅតាមបណ្ដាប្រទេសអឺរ៉ុប នោះរុស្ស៊ីនឹងចាត់វិធានការឆ្លើយតបដូចគ្នា ហើយអាវុធ និងមីស៊ីលថ្មីទាំងអស់មិនមែនតម្រង់ទៅរកតែប្រទេសទទួលមីស៊ីលអាម៉េរិកឡើយ ពោលគឺតម្រង់ទៅរកសហរដ្ឋអាម៉េរិកតែម្ដង៕ធ.ដ
-
វិនិយោគិនបរទេសបន្តដកភាគហ៊ុនចេញពីទីផ្សារហ៊ុនរបស់ថៃ

ក្រុមអ្នកវិនិយោគបរទេសបានដកភាគហ៊ុនមានតម្លៃ ១០,៥ពាន់លានបាត ចេញពីទីផ្សារហ៊ុន នៅប្រទេសថៃ ក្នុងដំណាក់កាលចុងក្រោយនេះ ជាការបាត់បង់ដ៏ច្រើន ក្នុងរយៈពេលជាង២ខែ ខណៈដែលមានការព្រួយបារម្ភពីអស្ថិរភាពនយោបាយ មុនពេលការបោះឆ្នោតថ្នាក់ជាតិនឹងមកដល់ នាខែមីនា ២០១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkokpost នៅថ្ងៃម្សិលមិញ។ ផ្សារហ៊ុនថៃឬ The Stock Exchange of Thailand ទាំងមូលបានខាតបង់ប្រមាណ១៧៥ពាន់លានបាត នៃតម្លៃទីផ្សាររបស់ខ្លួន ចាប់តាំងពីមានការប៉នប៉ុងធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោត របស់ព្រះនាងម្ចាស់ Ulobrotana ជាព្រះរាម របស់ព្រះមហាក្សត្រថៃនោះ ចាប់ពីពេលនោះមក បណ្តាអ្នកវិនិយោគបរទេសបានលក់ភាគហ៊ុន១០,៥ពាន់លានបាត នៅចន្លោះពីថ្ងៃទី១ មករា ដល់ ៧ កុម្ភៈ។ កាលពីថ្ងៃទី៨ កុម្ភៈ ព្រះនាងម្ចាស់ Ubolrotana ត្រូវបានគណបក្ស Raksa Chart គាំទ្រឲ្យឈរឈ្មោះជានាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោត ដែលគ្រោងធ្វើឡើង នៅថ្ងៃទី២៤ មីនា ខាងមុខ។ ប៉ុន្តែក្រោយមក ព្រះមហាក្សត្រទ្រង់ជំទាស់ ទើបគណៈកម្មការជាតិរៀបចំការបោះឆ្នោតសម្រេចដកបេក្ខភាពព្រះនាងវិញ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សមួយនេះក៏ប្រឈមនឹងការលុបចេញពីការបោះឆ្នោតដែរ…
-
វៀតណាមរំពឹងនាំចេញអង្ករឲ្យបានពី៦ទៅ៧លានតោន នៅឆ្នាំ២០១៩

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាមបានចេញផ្សាយថា វៀតណាមគ្រោងនឹងធ្វើការនាំចេញអង្ករឲ្យបានពី០៦ ទៅ០៧លានតោន ក្នុងឆ្នាំ២០១៩នេះ ដោយកាលពីឆ្នាំ២០១៨ នាំចេញបានប្រមាណ៦,១លានតោនគិតជាទឹកប្រាក់ជិត ៣,១ពាន់លានដុល្លារអាម៉ររិក។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងទៀតថា កាលពីខែមករាកន្លងទៅ វៀតណាមបាននាំចេញអង្ករ៤០០០០០តោនគិតជាតម្លៃ ១៨០លានដុល្លារទៅកាន់ទីផ្សារនានានៅឯក្រៅប្រទេស។ នាយករដ្ឋមន្រ្តីវៀតណាមបានស្នើក្រសួងកសិកម្មក៏ដូចជាក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ព្យាយាមស្វែងរកទីផ្សារនាំចេញរយៈពេលវែង និងកាន់តែធំសម្រាប់អង្ករវៀតណាម។ បរិមាណនៃការនាំចូលអង្ករពីប្រទេសវៀតណាម បានកើនឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី អ៊ីរ៉ាក់ ទីក្រុងហុងកុង និងហ្វីលីពីន កាលពីឆ្នាំ២០១៨៕ធ.ដ
-
សហរដ្ឋអាម៉េរិក អាចនឹងពន្យារពេលដំឡើងពន្ធជាមួយចិនរហូតដល់ខែមីនា

សហរដ្ឋអាម៉េរិក៖ ស្របពេលដែលកិច្ចចរចាលើវិវាទពាណិជ្ជកម្មជាមួយប្រទេសចិន បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរនោះ សហរដ្ឋអាម៉េរិកកអាចនឹងពន្យារពេលវេលានៃការផ្អាកសង្រ្គាមដំឡើងពន្ធឲ្យហួសពីថ្ងៃទី០១ ខែមីនាខាងមុខ នេះបើតាមការបញ្ជាក់របស់លោក ដូណាល់ ត្រាំ។ ការអះអាងរបស់ប្រធានាធិបតីអាម៉េរិករូបនេះ បានកើតមានឡើង បន្ទាប់ពីប្រតិភូមន្រ្តីអាម៉េរិកបានធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីប៉េកាំង កាលពីសប្តាហ៍មុន ដើម្បីចូលរួមការពិភាក្សានៃកិច្ចចរចាពាណិជ្ជកម្មអាមេរិក-ចិន ខណៈការកិច្ចពិភាក្សាជាបន្ទាប់ទៀតនឹងត្រូវប្រព្រឹត្តទៅនៅក្នុងទីក្រុងវ៉ាស៊ីនតោន នាថ្ងៃព្រហស្បតិ៍ត និងថ្ងៃសុក្រសប្តាហ៍នេះ។ សហរដ្ឋអាម៉េរិក និងចិន បានបង្កសង្រ្គាមពាណិជ្ជកម្មដាក់គ្នា ចាប់តាំងពីពេលដែលលោក ដូណាល់ ត្រាំ បានប្រកាសកាលពីខែមិថុនា ឆ្នាំ២០១៨ថា ទំនិញចិនគិតជាទឹកប្រាក់ស្មើនឹង៥០ពាន់លានដុល្លារ ដែលនាំចូលមកកាន់សហរដ្ឋអាម៉េរិកនឹងត្រូវជាប់ពន្ធ២៥ភាគរយ សំដៅព្យាយាមស្រោចស្រង់ឡើងវិញ នូវឱនភាពពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង៕ធ.ដ
-
សមាជិកព្រឹទ្ធសភាអាម៉េរិកលោក Bernie Sanders ប្រកាសធ្វើជាបេក្ខភាពប្រធានាធិបតីម្តងទៀតនៅឆ្នាំ២០២០

សហរដ្ឋអាម៉េរិក៖ សមាជិកព្រឹទ្ធសភាអាម៉េរិកលោក ប៊ឺនី សេនដឺស៍ (Bernie Sanders) បានប្រកាសនៅថ្ងៃអង្គារ៍នេះថា រូបលោកនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាឆ្នាំ២០២០ខាងមុខនេះ។ សូមរំលឹកថា លោក ប៊ឺនី សេនដឺស៍ ក៏ធ្លាប់ចូលរួមប្រកួតប្រជែងយកតំណែងជាបេក្ខភាពប្រធានាធិបតីអាម៉េរិក តំណាងឱ្យគណបក្សប្រជាធិបតេយ្យកាលពីឆ្នាំ២០១៦ផងដែរ តែត្រូវបរាជ័យក្រោមដៃលោកស្រី ហ៊ីលឡារី គ្លីនតុន។ ឆ្លើយតបនឹងរបស់លោក សេនដឺស៍ នេះដែរ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា លោកពិតចូលចិត្តលោក ប៊ឺនី ហើយលោកសង្ឃឹមថា គាត់នឹងធ្វើបានល្អ ប៉ុន្តែជាគំនិតផ្ទាល់ខ្លួនរបស់លោក គឺលោក ប៊ឺនី បានបាត់បង់ឱកាសទៅហើយ និងមានតែរង់ចាំមើលថា គាត់ធ្វើបានល្អដល់កម្រិតណា៕ធ.ដ
-
ជនសង្ស័យម្នាក់ត្រូវប៉ូលិសបារាំងបាញ់សម្លាប់ ក្រោយវាយប្រហារដោយកាំបិតរបួសមនុស្សជាច្រើន

បារាំង៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា បុរសម្នាក់ដែលមានកាន់កាំបិត ស្ថិតនៅក្នុងបញ្ជីឈ្មោះដែលត្រូវបានចង់ចាប់ខ្លួនបំផុតនោះ ត្រូវបានបាញ់សម្លាប់ដោយមន្រ្តីប៉ូលិស នៅថ្ងៃអង្គារនេះ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើឱ្យរបួសមនុស្ស៤នាក់នៅតាមផ្លូវធំមួយនៅទីក្រុងម៉ាកសី។ រដ្ឋអាជ្ញាមូលដ្ឋាន លោក Xavier Tarabeux បាននិយាយថា ជនសង្ស័យបានព្យួរទោសជាប់ពន្ធនាគារ៦ខែកាលពីឆ្នាំមុន ប៉ុន្តែគាត់មិនបានគោរពតាមលក្ខខណ្ឌនៃការជាប់ទោសនេះទេ ហើយថា ដូច្នេះនៅថ្ងៃទី០៧ ខែមករា បុរសនេះត្រូវបានដាក់នៅក្នុងបញ្ជីសម្រាប់ការចាប់ខ្លួន។ យ៉ាងណាមិញ ក្រុមអ្នកស៊ើបអង្កេតមិនបានបង្ហាញអត្តសញ្ញាណរបស់ជនសង្ស័យនោះឡើយ ហើយក៏មិនបាននិយាយផងដែរ អ្វីដែលជាមួលហេតុនៃការវាយប្រហារនេះទេ៕ធ.ដ
-
ការស៊ើបអង្កេតមួយកំពុងដំណើរការ ខណៈលេចឮព័ត៌មានថា អាម៉េរិកចង់លក់បច្ចេកវិទ្យានុយក្លេអ៊ែរឲ្យទៅអារ៉ាប៊ីសាអូឌីត

សហរដ្ឋអាម៉េរិក៖ គណៈកម្មាធិការមួយគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ កំពុងបានបើកការស៊ើបអង្កេតលើព័ត៌មានទាក់ទិននឹងផែនការរបស់សេតវិមានក្រោមការដឹកនំារបស់លោក ដូណាល់ ត្រាំ មានបំណងលក់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរឱ្យទៅអារ៉ាប៊ីសាអូឌីត នេះបើតាមរបាយការណ៍ថ្មីមួយរបស់សភាអាម៉េរិក។ កន្លងមក អារ៉ាប៊ីសាអូឌីត ធ្លាប់បានបង្ហាញជាច្រើនលើកពីបំណងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដើម្បីពីពិពិធកម្មវិស័យថាមពលរបស់ខ្លួន កុំឱ្យពឹងផ្អែក ទៅលើប្រេងតែមួយមុខ។ ប៉ុន្តែទន្ទឹមគ្នាមជ្ឈដ្ឋានខ្លះនៅតែមានការព្រួយបារម្ភ ដោយខ្លាចក្រែងមហាសេដ្ឋីប្រេងអារ៉ាប់ អាចនឹងបំលែងបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ ទៅជាការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរនៅថ្ងៃអនាគត ដូចអ្វីដែលសហរដ្ឋអាម៉េរិកបានចោទ និងដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។ យ៉ាងណាមិញ ការចេញផ្សាយរបាយការណ៍របស់សភាអាមេរិកខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយក្រុមអ្នកអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរជាច្រើននាក់នៅឯសេតវិមាន កាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅនេះ ដើម្បីពិភាក្សាគ្នាលើគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅតាមបណ្ដាប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមមានទាំងអារ៉ាប៊ីសាអូឌីតផងដែរ៕ធ.ដ
-
វិនិយោគបរទេសក្នុងក្រុងហូជីមីញមានទំហំ៦ពាន់លានដុល្លារអាម៉េរិក តាមរយៈប្រតិបត្តិការ M&A កាលពីឆ្នាំ២០១៨

អាជ្ញាធរក្រុងហូជីមីញបានឲ្យដឹងកាលពីថ្ងៃទី១៩ កុម្ភៈម្សិលមិញថា ទីក្រុងរបស់វៀតណាមួយនេះបានផ្តល់អាជ្ញាប័ណ្ណវិនិយោគបរទេសក្នុងទំហំទឹកប្រាក់៦ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០១៨ ក្នុងនោះ តាមរយៈប្រតិបត្តិការ M&A ឬ សកម្មភាពច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា និងការទិញយកក្រុមហ៊ុន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ។ ហូជីមីញ បច្ចុប្បន្ននេះ មានគម្រោងវិនិយោគបរទេស៨១១២គម្រោង ជាមួយនឹងទុនវិនិយោគចុះបញ្ជីជិត៤៥ពាន់លានដុល្លារអាម៉េរិក។ កាលពីខែមករា វៀតណាមបានផ្តល់អាជ្ញាប័ណ្ណវិនិយោគបរទេសចំនួន២២៦គម្រោង ជាមួយនឹងទុន៨០៥លានដុល្លារអាម៉េរិកមកពីជាងប្រទេស និងតំបន់ ចំនួន២០ បន្តកើនឡើងជាង៣៦ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំកន្លងទៅ នេះបើតាមទីភ្នាក់ងារវិនិយោគបរទេសរបស់វៀតណាម៕ធ.ដ