-
លោក អាបេ សន្យាជាជំហានៗ ក្នុងការដោះស្រាយបញ្ហាជម្លោះទឹកដីជាមួយរុស្ស៊ី

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃ ព្រហស្បត្តិ៍នេះ បានសន្យាថា នឹងចាត់វិធានការជាជំហានៗ ក្នុងការដោះស្រាយជម្លោះដែនដីជាមួយរុស្ស៊ី ដែលបានបន្សល់ទុកតាំងពីសង្គ្រាមលោកលើកទី២។ លោក អាបេ បាននិយាយថា ការដោះស្រាយជម្លោះលើអ្វីដែលជប៉ុនហៅថា ទឹកដីភាគខាងជើងរបស់ខ្លួនគឺពិបាក ប៉ុន្តែចាំបាច់ ហើយថា វាមិនងាយស្រួលទេ ក្នុងការដោះស្រាយភារកិច្ចនេះ ដែលបន្សល់ទុកជាង៧៣ឆ្នាំចាប់តាំងពីសង្គ្រាម ប៉ុន្តែយើងត្រូវតែដោះស្រាយបញ្ហានេះ។ សូមបញ្ជាក់ថា ការទាមទារត្រឡប់មកវិញនូវកោះភាគខាងជើងនៃកោះហុកកៃដូដ៏សំខាន់របស់ជប៉ុន គឺជាអាទិភាពមួយសម្រាប់លោក អាបេ និងមូលដ្ឋានអ្នកអភិរក្សនិយមរបស់លោក។ អស់រយៈពេល៧ទសវត្សរ៍មកនេះ ជម្លោះនេះបានរារាំង រដ្ឋាភិបាលជប៉ុន និងរុស្ស៊ី ពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព។ ជាក់ស្តែងកាលពីខែវិច្ឆិកាកន្លងទៅ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមព្រៀងគ្នាបង្កើនល្បឿនកិច្ចចរចាដោយផ្អែកលើសំណើសូវៀតឆ្នាំ១៩៥៦ ដើម្បីប្រគល់កោះចំនួនពីរឱ្យទៅជប៉ុនវិញ៕ធ.ដ
-
បុណ្យចូលឆ្នាំ៦ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស១១២នាក់ នៅវៀតណាម

អំឡុងរយៈពេល៦ថ្ងៃនៃពិធីបុណ្យចូលឆ្នាំវៀតណាម មានមនុស្ស១១២នាក់បានស្លាប់ ហើយ១៥០នាក់ផ្សេងទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង១១៧លើកទូទាំងប្រទេស។ នេះបើតាម លោក Nguyễn Trọng Thái អគ្គលេខាធិការនៃគណៈកម្មការសុវត្ថិភាពចរាចរណ៍ជាតិ ចេញផ្សាយក្នុងសារព័ត៌មាន Vietnamnews កាលពីម្សិលមិញ។ ជាមួយគ្នាដែរ កាលពីថ្ងៃទី៧ កុម្ភៈ ម្សិលមិញ មនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅវៀតណាមមាន១៥នាក់ ហើយរបួស៤០នាក់។ ប្រភពថា ចំនួនអ្នកស្លាប់ និងរបួសអំឡុងបុណ្យចូលឆ្នាំវៀតណាមនៅឆ្នាំ២០១៩ មានការធ្លាក់ចុះ បើប្រៀបធៀបនឹងឆ្នាំ២០១៨ ដោយកាលពីបុណ្យចូលឆ្នាំវៀតណាមកាលពីឆ្នាំមុន មានអ្នកស្លាប់ថយចុះ៦៧នាក់ ខណៈដែលអ្នករបួសធ្លាក់ចុះ៣៦នាក់។ ជាមួយគ្នានេះដែរ នគរបាលចរាចរណ៍ ក៏បានផាកពិន័យជនល្មើសច្បាប់ចរាចរណ៍ជាង២០៣០លើក ពិន័យជាប្រាក់៤២២៥០ដុល្លារអាម៉េរិកឬ ៩៨៥លានដុង រឹបអូសយានជំនិះចំនួន៤២៤គ្រឿងផងដែរ៕ធ.ដ
-
អាស៊ីប៉ាស៊ីហ្វិកទទួលបានទេសចរអន្តរជាតិ៦៨៨លាននាក់ កាលពីឆ្នាំ២០១៨

ទីភ្នាក់ងារ PATA ដែលធ្វើការលើចំនួនទេសចរអន្តរជាតិមកតំបន់អាស៊ីប៉ាស៊ីហ្វិក បានចេញផ្សាយរបាយការណ៍កាលពីម្សិលមិញថា ទេសចរអន្តរជាតិដែលបានមកទស្សនាកម្សាន្តនៅតំបន់ទេសចរណ៍នានា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកើនឡើង៧,៨ភាគរយ កាលពីឆ្នាំ២០១៨ ក្នុងនោះ មានចំនួនសរុប៦៨៨លាននាក់ ច្រើនជាងឆ្នាំ២០១៧ជិត៥០លាននាក់។ សារព័ត៌មាន The Nation បានចេញផ្សាយរបាយការណ៍របស់ PATA ឬ សមាគមធ្វើដំណើរអាស៊ីប៉ាហ្វិក ជារបាយការណ៍សង្ខេបស្តីពីការព្យាករណ៍ទេចរអាស៊ីប៉ាស៊ីហ្វិក ២០១៩-២០២៣។ យោងតាមរបាយការណ៍ថា គោលដៅទេសចរណ៍ចំនួន៤០ក្នុងប្លុកអាស៊ីប៉ាស៊ីហ្វិកត្រូវបានគេជឿជាក់ថា ទទួលកំណើនទេសចរកើនឡើងជាមធ្យម ៥,៥ភាគរយប្រចាំឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៨ ដល់២០២៣ ក្នុងនោះ ត្រៀមទទួលទេសចរអន្តរជាតិ៩០០លាននាក់ នៅឆ្នាំ២០២៣៕ធ.ដ
-
មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ៖ គ្មានឡើយផែនការអភិវឌ្ឍមីស៊ីលប្រភេទថ្មី ក្រោយសហរដ្ឋអាម៉េរិកដកខ្លួនចេញពីសន្ធិសញ្ញា INF ទេ

សហរដ្ឋអាម៉េរិក៖ ប្រធានគោលនយោបាយមន្ទីរបញ្ចកោណ លោក ចន រ៊ូត បាននិយាយថា ដោយសារតែសហរដ្ឋអាម៉េរិកបានអនុលោមពេញលេញ តាមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF ដូច្នេះទីក្រុងវ៉ាស៊ីនតោនគ្មានឡើយផែនការបង្កើត ឬក៏ដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនោះទេ។ ការលើកឡើងរបស់អនុរដ្ឋលេខាធិការគោលនយោបាយការពារជាតិរូបនេះ ត្រូវបានធ្វើឡើងនៅក្នុងសុន្ទករថារបស់លោក បន្ទាប់ពីរុស្ស៊ីបានប្រកាសនៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះថា ទីក្រុងម៉ូស្គូនឹងដើរចេញពីសន្ធិសញ្ញា INF ក្រោយសហរដ្ឋអាម៉េរិកដកខ្លួនចេញ ហើយថែមទាំងអះអាងថា នឹងរៀបចំផែនការអភិវឌ្ឍប្រព័ន្ធបាញ់បង្ហោះមីស៊ីលថ្មី ដែលមានមូលដ្ឋាននៅលើដីចំនួនពីរនៅឆ្នំា២០២១ ដើម្បីត្រៀមទប់ទល់នឹងការអភិវឌ្ឍសមត្ថភាពមីស៊ីលរបស់ទីក្រុងវ៉ាស៊ីនតោន។ យ៉ាងណាមិញ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានថ្លែងអះអាងថា ទ្វារសម្រាប់ការចរចានៅតែបើកចំហជានិច្ច។ សូមរំលឹកផងដែរថា សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យមINF ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាម៉េរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ សំដៅបិទបញ្ចប់សង្រ្គាមត្រជាក់រវាងមហាអំណាចទាំងពីរ។ សិន្ធសញ្ញានេះបានហាមឃាត់រាល់ការដាក់ពង្រាយ និងផលិតមីស៊ីលបាលិស្ទីកនុយក្លេអ៊ែរដែលអាចបាញ់បានរយៈចម្ងាយពី៤៩៨គីឡូម៉ែត្រ ដល់៥៤៧១គីឡូម៉ែត្រឡើងទៅ៕ម.ន
-
ផ្នូរចំណាស់មួយមានផ្ទុកសព Mummy ប្រមាណជា៥០សព ត្រូវបានក្រុមបុរាណវិទូអេហ្ស៊ីបរកឃើញ

អេហ្ស៊ីប៖ សារព័ត៌មាន CGTN បានចុះផ្សាយថា ក្រុមបុរាណវិទូនៃប្រទេសអេហ្ស៊ីបនាពេលថ្មីៗនេះ បានប្រកាសពីការរកឃើញផ្នូរបុរាណមួយ ដែលមានផ្ទុកវត្ត មានសាកសពម៉ាំមី ប្រមាណជា៥០សព ដោយក្នុងនោះ១២សព គឺជាកុមារ។ អត្តសញ្ញាណរបស់ ម៉ាំមី ទាំងនេះ ដែលមួយចំនួនស្ថិតក្នុងការរុំដោយក្រណាត់ទទេ និងខ្លះទៀតតម្កល់ក្នុងមឈូសថ្ម ឬឈើនោះ ពុំត្រូវបានគេដឹងឡើយ ប៉ុន្តែអ្នកបុរាណវិទូជឿជាក់ថា ពួកគេភាគច្រើនអាចជាបុគ្គលដែលមានឋានៈ ឬតួនាទីសំខាន់ៗ។ សព ម៉ាំមី ទាំងអស់ខាងលើដែលរកឃើញនៅក្នុងបុរាណឋាន ធូណា អែល-ជីបែល មានជម្រៅ០៩ម៉ែត្រនៅក្នុងខេត្តវាលខ្សាច់ មីនយ៉ា ភាគខាងត្បូងរដ្ឋធានីគែរ គឺបានបន្សល់ទុកតាំងពីសម័យអាណាចក្រ ផ្លូលេម៉ិច (៣០៥-៣០ឆ្នាំមុនគ្រឹស្តសករាជមកម្ល៉េះ)៕ធ.ដ
-
សមាគមបញ្ឈប់បម្រែបម្រួលអាកាសធាតុ (SGWA) និងប្រជាជនបាងកក ដាក់ពាក្យប្តឹងរដ្ឋាភិបាលថៃ ពាក់ព័ន្ធនឹងការបំពុលបរិយាកាស

ថៃ៖ នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងអភិបាលក្រុងបាងកកលោក អាស្វីន ក្វាន់ម៊ូអាង ព្រមទាំងក្រុមប្រឹក្សាបរិស្ថានជាតិ ត្រូវបានកោះហៅដើម្បីធ្វើសក្ខីកម្ម នៅឯតុលាការរដ្ឋបាលកណ្តាល អំពីវិបត្តិការបំពុលបរិយាកាសរហូតដល់កម្រិត PM2.5 ដែលបានប៉ះពាល់ដល់ទីក្រុងបាងកក អស់រយៈពេលជិតពីរខែមកនេះ។ បើតាមពាក្យបណ្តឹងខាងលើនេះ ការធ្វេសប្រហែសរបស់មន្ត្រីក្នុងការដោះស្រាយវិបត្តិបានបង្ខំឱ្យសាលារៀន និងក្រុមហ៊ុនជាច្រើន រួមទាំងរោងចក្រប្រហែល៦០០ ត្រូវបានបញ្ជាឱ្យបិទទ្វារជាបណ្តោះអាសន្ន ខណៈមនុស្សមួយចំនួនបានកើតជំងឺផ្លូវដង្ហើម និងសេដ្ឋកិច្ចថៃបានរងការខូចខាតយ៉ាងធ្ងន់។ លើសពីនេះទៀត អ្នកទេសចរមានការស្ទាក់ស្ទើរក្នុងការមកកាន់ប្រទេសថៃ ដោយសារបញ្ហាគុណភាពខ្យល់នេះ។ ជាមួយគ្នានេះ សភាពាណិជ្ជកម្មថៃបានព្រមានថា ប្រសិន បើវិបត្តិផ្សែងអព្ទត្រូវបានពន្យារពេលនោះ ការខូចខាតហិរញ្ញវត្ថុនឹងមានចំនួនពី១០ពាន់លានបាត ដល់ទៅ១៥ពាន់លានបាតក្នុងមួយខែ។ សូមបញ្ជាក់ថា បើតាមសារព័ត៌មាន The Nation ដែលចេញផ្សាយនៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ តុលាការរដ្ឋបាលកណ្តាលត្រូវបានគេរំពឹងថា នឹងធ្វើការសាកសួរលោក ប្រាយុទ្ធ និងលោក អាស្វីន ព្រមទំាងសមាជិកនៃក្រុមប្រឹក្សាភិបាល ដើម្បីឆ្លើយតបនឹងបណ្តឹងរបស់សមាគមបញ្ឈប់បម្រែបម្រួលអាកាសធាតុ (SGWA) និង ប្រជាជនបាងកកចំនួន៤១នាក់៕ធ.ដ
-
សហរដ្ឋអាម៉េរិកប្តេជ្ញាបន្តបោសសម្អាតក្រុមភេវរកររដ្ឋអ៊ីស្លាម និងស្នើឱ្យសម្ព័ន្ធមិត្តចូលរួមចំណែកបន្ថែមទៀត

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធនេះ បានសន្យាថា នឹងបន្តផ្តោតលើការបំផ្លាញក្រុមរដ្ឋអ៊ីស្លាមជាអចិន្ត្រៃយ៍ ប៉ុន្តែបានស្នើឱ្យសម្ព័ន្ធមិត្តពាក់ព័ន្ធចូលរួមចំណែកបន្ថែមទៀត ស្របពេលដែល លោក ដូណាល់ ត្រាំ បានអះអាងថាក្រុមភេវរករនេះ នឹងបាត់បង់ទឹកដីរបស់ពួកគេនៅស៊ីរីក្នុងពេលឆាប់ៗនេះ។ លោក ដូណាល់ ត្រាំ បានថ្លែងបែបនេះទៅកាន់មន្ត្រីនានាមកពីបណ្តាប្រទេសជាង៧០ ដែលបានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាគ្នាអំពីរបៀបនៃការប្រយុទ្ធនឹងក្រុមរដ្ឋអ៊ីស្លាម បន្ទាប់ពីលោក ត្រាំ បានបង្កការភ្ញាក់ផ្អើលដល់ពួកគេកាលពីខែធ្នូ ដោយប្រកាសជ័យជម្នះទាំងស្រុង និងបញ្ជាឱ្យដកកងទ័ពទាំង២,០០០នាក់ចេញពីប្រទេសស៊ីរី។ ថ្លែងនៅក្រសួងការបរទេស ប្រធានាធិបតីអាម៉េរិករូបនេះ បានគូសបញ្ជាក់ថា កងទ័ពដែលដឹកនាំដោយអាម៉េរិក និងសម្ព័ន្ធមិត្តឃឺដរបស់ពួកគេ បានរំដោះស្ទើរតែគ្រប់ទឹកដីទាំងអស់ ពីពួកសកម្មប្រយុទ្ធដែលធ្លាប់គ្រប់គ្រងភាគច្រើនលើប្រទេសស៊ីរី និងអ៊ីរ៉ាក់។ លោកបានសង្កត់ធ្ងន់ថា យើងត្រូវប្រាកដថា យើងនឹងធ្វើអ្វីដែលត្រូវធ្វើ ដើម្បីកម្ចាត់រាល់មនុស្សចុងក្រោយនៅក្នុងក្រុមរដ្ឋអ៊ីស្លាម និងការពារប្រជាជនរបស់យើង ពីអំពើភេរវកម្មរបស់ក្រុមជ្រុលនិយមអ៊ីស្លាមនេះ៕ធ.ដ
-
អ្នកកាសែតអាហ្វហ្កានីស្ថាន២នាក់បាត់បង់ជីវិត ដោយសារការវាយប្រហារលើស្ថានីយ៍វិទ្យុ

អាហ្វហ្កានីស្ថាន៖ ក្រុមមន្ត្រីអាហ្វហ្កានីស្ថានបានឱ្យដឹងនៅក្នុងថ្ងៃពុធនេះថា អ្នកកាសែតពីរនាក់ត្រូវបានបាញ់សម្លាប់ នៅពេលពួកខ្មាន់កាំភ្លើងបើកការវាយប្រហារស្ថានីយ៍វិទ្យុរបស់ពួកគេ ស្ថិតនៅភាគឦសានប្រទេស។ ប្រភពបន្តថា បុរសទាំងពីរនាក់នេះ ដែលមានអាយុប្រហែល២០ឆ្នាំ ត្រូវបានបាញ់សម្លាប់នៅខាងក្នុងស្ទូឌីយ៉ូវិទ្យុ Hamsada ដែលជាវិទ្យុផ្សាយឯកជនមានមូលដ្ឋាននៅទីក្រុងតាលូកាន ខេត្តតាខា។ រហូតមកទល់ពេលនេះ នៅពុំទាន់មានក្រុមជ្រុលនិយមណាមួយ ចេញមុខអះអាងទទួលខុសត្រូវនៅឡើយនោះទេ ស្របពេលដែលការស៊ើបអង្កេតបាននឹងកំពុងប្រព្រឹត្តទៅ។ គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណពីរនាក់បានចូលស្ថានីយ៍វិទ្យុមួយកន្លែង នៅម៉ោងប្រហែល៦ល្ងាចថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) ហើយពួកគេបានបើកការបាញ់ប្រហារទៅលើអ្នកយកព័ត៌មានពីរនាក់ ដែលកំពុងអត្ថាធិប្បាយព័ត៌មាន ក្នុងអំឡុងកម្មវិធីផ្សាយបន្តផ្ទាល់ ដោយអ្នកកាសែតទាំងពីរនាក់នេះបានស្លាប់នៅកន្លែងកើតហេតុ៕ធ.ដ
-
បាក់រលំអគារនៅប្រទេសតួកគី បណ្តាលឲ្យមនុស្សស្លាប់ និងរបួស៨នាក់

តួកគី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឱ្យដឹងថា មនុស្ស២នាក់បានបាត់បង់ជីវិត និង៦នាក់ផ្សេងទៀតទទួលរងរបួស ក្រោយអគារលំនៅដ្ឋានកម្ពស់៨ជាន់មួយកន្លែងបានដួលរលំនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅក្នុងថ្ងៃពុធនេះ។ គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗទេថា ហេតុអ្វីបានជាអគារនេះបានដួលរលំ។ អភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ali Yerlikaya បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា មនុស្ស៤៣នាក់ត្រូវបានចុះបញ្ជីថា បានរស់នៅផ្ទះល្វែងចំនួន១៤ នៅអាសយដ្ឋាននេះ ហើយថា ជាន់ទី៣នៃអគារនេះត្រូវបានសាងសង់ដោយខុសច្បាប់។ ដោយឡែកក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយតួកគីបាននិយាយដែរថា ការរុករុក និងការសង្គ្រោះត្រូវបានធ្វើឡើង ក្នុងគ្រាដែលក្រុមជួយសង្គ្រោះបានទាញអ្នកនៅរស់រានមានជីវិតយ៉ាងតិចណាស់ចំនួន៣នាក់ ពីគំនរបាក់បែកនៃអគារមួយនេះ៕ធ.ដ
-
បង់ក្លាដែសតវ៉ាទៅមីយ៉ាន់ម៉ា ស្របពេលមានការមកដល់ថ្មីបន្ថែមទៀតរបស់ក្រុមជនភៀសខ្លួនពីរដ្ឋរ៉ាឃីន

បង់ក្លាដែស៖ សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា រដ្ឋាភិបាលបង់ក្លាដែសបានធ្វើការតវ៉ាទៅរដ្ឋាភិបាលមីយ៉ាន់ម៉ា អំពីការហូរចូលនៃជនភៀសខ្លួនថ្មី ដែលរត់ចេញពីរដ្ឋរ៉ាឃីនដែលមានបញ្ហា បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមបះបោរ។ ជុំវិញបញ្ហានេះដែរ ក្រសួងការបរទេសបង់ក្លាដែសបានកោះហៅឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ដើម្បីតវ៉ាប្រឆាំងនឹងការមកដល់របស់ពួកភៀសខ្លួនមកពីរដ្ឋរ៉ាឃីន បន្ទាប់ពីការបង្ក្រាបរបស់យោធាទៅលើក្រុមជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា កាលពីខែសីហា ឆ្នាំ២០១៧ ដែលបានបញ្ជូនមនុស្សជាង៧០០,០០០នាក់ឆ្លងកាត់ព្រំដែន។ បើតាមមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់ម្នាក់ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មាន ដោយបានពុំផ្តល់តួលេខជាក់លាក់ថា អ្នកមកថ្មីទាំងនោះ គឺមកពីរដ្ឋរ៉ាឃីន និងក្រុមកុលសម្ព័ន្ធដទៃទៀត ហើយថា យើងបានសុំឱ្យមីយ៉ាន់ម៉ាចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់អំពើហិង្សា៕ធ.ដ