-
វៀតណាមប្រកាសស្វាគមន៍គម្រោងជំនួបកំពូលអាម៉េរិក-កូរ៉េខាងជើង លើកទី២

វៀតណាមបានប្រកាសស្វាគមន៍គម្រោងជួបប្រជុំគ្នាជាលើកទី២ រវាងប្រធានាធិបតីអាម៉េរិក និងប្រធានាធិបតីកូរ៉េខាងជើង ដែលត្រូវរៀបចំឡើងនៅលើទឹកដីវៀតណាម នាចុងខែកុម្ភៈ ២០១៩នេះ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានប្រកាសពីការស្វាគមន៍នេះ កាលពីថ្ងៃពុធម្សិលមិញ ដោយបញ្ជាក់ថា វៀតណាមសូមគាំទ្រពេញទំហឹងចំពោះការសន្ទនាមានចេតនារក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ឧបទ្វីបកូរ៉េ ដែលត្រូវរៀបចំឡើងនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះបានលើកឡើងទៀតថា វៀតណាមបានត្រៀមជាស្រេចក្នុងការចែករំលែក និងសហការជាមួយបណ្តាភាគីពាក់ព័ន្ធ ក្នុងការធានាជោគជ័យនៃកិច្ចប្រជុំកំពូលអាម៉េរិក-កូរ៉េខាងជើង ដើម្បីសម្រេចបានគោលដៅផ្លូវការរួមគ្នា៕ធ.ដ
-
រថយន្ត Volvo ចំនួន១៦៧០០០គ្រឿង ត្រូវបានប្រមូលមកជួសជុលវិញ ដោយសារបញ្ហាទ្វារក្រោយ

ក្រុមហ៊ុនផលិតរថយន្ត Volvo បានឲ្យដឹងកាលពីថ្ងៃពុធម្សិលមិញថា ក្រុមហ៊ុនបានប្រកាសប្រមូលយកមកវិញនូវរថយន្តរបស់ខ្លួនដែលបានដាក់លក់លើទីផ្សាររួចហើយនោះ ដល់ទៅ១៦៧០០០គ្រឿង ទូទាំងពិភពលោក ដោយសារតែបញ្ហាទ្វារខាងក្រោយ។ ការប្រកាសនេះបានធ្វើឡើង ត្រឹម២សប្តាហ៍ ក្រោយពេលក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសស៊ុយអែត និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chinese Group Geely មួយនេះ បានប្រកាសប្រមូលមកវិញដែរនូវរថយន្តរបស់ខ្លួន២១៩០០០គ្រឿង ដោយសារតែបញ្ហាលេចប្រេង កើតចេញពីសំណុំម៉ាស៊ីន។ ក្រុមហ៊ុនបញ្ជាក់ថា នេះគឺជាសកម្មភាពទប់ស្កាត់មុន បញ្ចៀសនឹងបញ្ហានៅពេលក្រោយ។ អតិថិជនដែលបានទិញរថយន្តទាំងនេះ គឺទទួលបានលិខិតពីក្រុមហ៊ុន ដើម្បីទាក់ទងទៅភ្នាក់ងារធ្វើការជួសជុលដោយមិនគិតថ្លៃ៕ធ.ដ
-
ជប៉ុនត្រូវកូរ៉េខាងជើងរារាំងមិនឲ្យចូលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ជប៉ុន៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃអង្គារ៍ សប្តាហ៍នេះ បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងបានបង្ហាញនូវការជំទាស់ដ៏ខ្លាំងក្លា មិនឲ្យជប៉ុនចូលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅលើគេហទំព័រក្រសួងការបរទេសរបស់កូរ៉េខាងជើង បានបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើការបញ្ជាក់អំពីការជំទាស់ប្រឆាំងជាផ្លូវការរបស់ខ្លួន ចំពោះបេក្ខភាពរបស់ជប៉ុន កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅនេះ នៅក្នុងកិច្ចប្រជុំមួយដែលរៀបចំឡើងនៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញ៊ូយ៉ក។ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក គីម ស៊ុង បាននិយាយនៅក្នុងកិច្ចប្រជុំនោះថា ប្រវត្តិសាស្ត្រ និងការខ្វះការលាងទោសខ្លួនឯងរបស់ជប៉ុន សម្រាប់ឧក្រិដ្ឋកម្មសង្គ្រាមនាពេលអតិត គឺជាហេតុផលដែលទីក្រុងតូក្យូ មិនគួរអនុញ្ញាតឲ្យចូលរួមក្រុមប្រឹក្សាសន្តិសុខ៕ម.ន
-
សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង គ្រោងនឹងប្រកាសពីពេលវេលានៃការធ្វើសមយុទ្ធយោធារួមគ្នា

កូរ៉េខាងត្បូង៖ មន្រ្តីកូរ៉េខាងត្បូងក្នុងលក្ខខណ្ឌមិនបញ្ជាក់ឈ្មោះ នៅថ្ងៃអង្គារ៍នេះ បាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកកំពុងពិភាក្សាគ្នាអំពីពេលណា ដែលត្រូវប្រកាសអំពីកាលបរិច្ឆេទនៃការធ្វើសមយុទ្ធយោធារួមគ្នា។ ប្រភពបានឱ្យដឹងទៀតថា ប្រទេសសម្ព័ន្ធមិត្តទាំងពីរបានសម្រេចចិត្តរួចហើយ លើកាលវិភាគ និងវិសាលភាពនៃលំហាត់សមយុទ្ធរួមគ្នា ដែលត្រូវបានកំណត់សម្រាប់ឆមាសទី១ នៃឆ្នាំ២០១៩នេះ។ដោយឡែកបើតាមមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ភាគីទាំងពីរបានបញ្ចប់ការសម្របសម្រួលគ្នាលើវិធីសាស្រ្តសមយុទ្ធយោធារបស់ប្រទេសទាំងពីរ ហើយថា ភាគីទាំងពីរនឹងធ្វើការសម្រេចចិត្តលើកាលបរិច្ឆេទ ក៏ដូចជាការប្រកាសជាផ្លូវការ៕ម.ន
-
យានអវកាស Yutu-2 របស់ចិន ចាប់ផ្តើមបេសកម្មលើកទី២របស់ខ្លួន ដែលស្ថិតនៅចំហៀងផ្ទៃម្ខាងទៀតរបស់ព្រះចន្ទ

ចិន៖ យានអវកាសឈ្មោះថា យូធូ-២ ឬទន្សាយគជ់ទី២ ជាប្រភេទ រ៉ូវើ មានកង់អាចចល័តទៅមកបាន ចាប់ផ្តើមបេសកម្មលើកទី២របស់ខ្លួននៅដើមសប្តាហ៍នេះ ដែលស្ថិតនៅចំហៀងផ្ទៃម្ខាងទៀតរបស់ព្រះចន្ទ បន្ទាប់ពីបានផ្អាកដោយសារតែរលកវិទ្យុព្រះអាទិត្យ បានបង្កើនសីតុណ្ហភាពលើផ្ទៃព្រះច័ន្ទដល់ជាង១០០អង្សាសេ។ សូមបញ្ជាក់ថា យាន «ឆាងអឺទី៤» បានចុះទៅដល់តំបន់រណ្តៅ វុន ខាម៉ាន់ ដែលស្ថិតនៅចំហៀងផ្ទៃម្ខាងទៀតរបស់ព្រះចន្ទ កាលពីថ្ងៃទី០៣ ខែមករាកន្លងទៅនេះ ហើយយាន យូធូ-២ ឬ «ទន្សាយគជ់ទី២» បានចាកចេញពីវា ដើម្បីរត់លើដីព្រះចន្ទនៅប៉ុន្មានម៉ោងក្រោយ នៅក្នុងថ្ងៃជាមួយគ្នា។ ក្រោយមក យានរ៉ូវើ នេះ បានសម្រាកមួយរយៈ ដោយសារតែរលកវិទ្យុសកម្មព្រះអាទិត្យ បានបង្កើនសីតុណ្ហភាពលើផ្ទៃព្រះចន្ទដល់ជាង១០០អង្សាសេ និងទើបចាប់ផ្តើមការងារឡើងវិញនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ បេសកកម្មរុករកឋានព្រះចន្ទរបស់ប្រទេសចិន បានចាប់ផ្តើមកាលពីឆ្នាំ២០០៤មកម្ល៉េះ ហើយជាច្រើនឆ្នាំកន្លងទៅនេះ ទីភ្នាក់ងារអវកាសចិនធ្លាប់បានបញ្ជូនផ្កាយរណប (ឆាងអឺទី១ និងឆាងអឺទី២) ទៅកាន់គន្លងគោចររបស់ព្រះចន្ទ ក៏ដូចជាយាន លែនឌើ «ឆាងអឺទី៣» និងយាន រ៉ូវើ «ទន្សាយគជ់ទី១» ទៅចុះចតលើផ្ទៃព្រះចន្ទ។ សម្រាប់ការចុះចតនៅចំហៀងទៀតរបស់ព្រះចន្ទ ដែលគេហៅថាតំបន់ «Far Side ឬ Dark Side»…
-
ដូណាល់ ត្រាំ និងគីម ជុងអ៊ុន សម្រេចជួបគ្នាលើកទី២នៅវៀតណាមពីថ្ងៃទី២៧-២៨ កុម្ភៈ

មេដឹកនាំអាម៉េរិក និងមេដឹកនាំកូរ៉េខាងជើងនឹងជួបគ្នាលើកទី២ នៅក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ នេះជាការប្រកាសផ្ទាល់របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ក្នុងពេលលោកចូលរួមកិច្ចប្រជុំមួយ កាលពីម្សិលមិញ ចេញផ្សាយដោយសារព័ត៌មាន Channelnewsasia។ លោក ត្រាំ បាននិយាយថា «ប្រសិនបើខ្ញុំមិនជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកទេនោះ ពេលនេះ គំនិតខ្ញុំគឺថា នឹងមានសង្គ្រាមដ៏ធំជាមួយកូរ៉េខាងជើង»។ គួររម្លឹកថា លោកត្រាំ និង គីម ជុងអ៊ុន មេដឹកនាំវ័យក្មេងកូរ៉េខាងជើងបានជួបប្រជុំគ្នាលើកទី១ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១២ មិថុនា ២០១៨ ដោយផ្តោតលើលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលគេជឿថា គំរាមកំហែងដល់សហរដ្ឋអាម៉េរិកខ្លាំងនោះ៕ធ.ដ
-
Apple ក្លាយជាក្រុមហ៊ុនមានទ្រព្យច្រើនជាងគេបង្អស់លើពិភពលោក

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Apple ទ្រព្យសរុបប្រមាណ៨២៣,៥ពាន់លានដុល្លារអាម៉េរិក ក្លាយជាក្រុមហ៊ុនដែលមានទ្រព្យច្រើនជាងគេបង្អស់ លើពិភពលោកជាថ្មីម្តងទៀត នេះបើតាមការការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៦ កុម្ភៈនេះ។ ប្រភពថា ក្រុមហ៊ុនដែលតាមពីក្រោយ Apple រួមមានដូចជា Microsoft មានតម្លៃប្រមាណ៨២០ពាន់លានដុល្លារអាម៉េរិក បន្ទាប់មកទៀត គឺក្រុមហ៊ុន Amazon មានតម្លៃប្រមាណ៨១៥ពាន់លានដុល្លារអាម៉េរិក។ ភាគហ៊ុនរបស់ Apple នៅតែបន្តកើនឡើង ក្នុងនោះ ក្រុមហ៊ុនផលិត iPhone មួយនេះបង្កើនភាគហ៊ុនប្រមាណជាង១២ភាគរយ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple ក៏បានបាត់បង់ចំណូលច្រើនដែរ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាពិសេស ព្រមានពីតម្រូវការយឺតលើផលិតផលទូរសព្ទ iPhone នៅប្រទេសចិន នាដើមឆ្នាំ២០១៩៕ធ.ដ
-
ក្រោយដកខ្លួនចេញពីសន្ធិសញ្ញា INF រុស្ស៊ីមានផែនការបង្កើតប្រព័ន្ធកាំជ្រួចនុយក្លេអ៊ែរថ្មី

រុស្ស៊ី៖ រដ្ឋាភិបាលរុស្ស៊ីបានលើកឡើងថា ខ្លួនគ្រោងនឹងអភិវឌ្ឍន៍ប្រព័ន្ធកាំជ្រួចថ្មីបន្ទាប់ពីរុស្ស៊ី និងសហរដ្ឋអាម៉េរិកបានសម្រេចផ្អាកការចូលរួម នៅក្នុងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម (INF) ខណៈសន្ធិសញ្ញានេះ បានហាមឃាត់ប្រទេសទាំងពីរ ពីការប្រើប្រាស់កាំជ្រួចនុយក្លេអ៊ែររយៈចម្ងាយខ្លី និងមធ្យម។ កាលពីសប្តាហ៍មុន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងចាកចេញពីសន្ធិសញ្ញា (INF) ដែលខ្លួនបានចោទប្រកាន់ជាយូរមកហើយថា រុស្ស៊ីបានរំលោភបំពាន ហើយបន្ទាប់មក រុស្ស៊ីបានចោទប្រកាន់អាម៉េរិកដូចគ្នានេះដែរ។ ចំណាត់ការនេះ បានបង្កើនការព្រួយបារម្ភអំពីការប្រណាំងប្រជែងសព្វាវុធថ្មីមួយ។ សូមរំលឹកផងដែរថា សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម (INF) ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧ នាអំឡុងសង្គ្រាមត្រជាក់ ដើម្បីបន្ធូរបន្ថយវិបត្តិ៕ធ.ដ
-
សភា និងមេបក្សកាន់អំណាចរបស់វេណេស៊ុយអេឡាជំរុញឲ្យមានការបោះឆ្នោតរៀងៗខ្លួន

វេណេស៊ុយអេឡា៖ សភាគ្រប់គ្រងដោយបក្សប្រឆាំងវេណេស៊ុយអេឡានៅថ្ងៃអង្គារ៍នេះ បានបញ្ជាក់ថា ខ្លួននឹងរៀបចំការបោះឆ្នោតថ្មី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងរយៈពេលមួយឆ្នាំ នៅពេលណាដែលលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ត្រូវបានបណ្តេញចេញពីអំណាច។ ជាមួយគ្នានេះ មេបក្សសង្គមនិយមរបស់វេណេស៊ុយអេឡាលោក ឌីអូសដាដូ ខាបែលឡូ បានគំរាមធ្វើការបោះឆ្នោតសភាមុនកំណត់ ដែលអាចនឹងរំលាយសភា ដែលជាមែកធាងតែមួយគត់របស់រដ្ឋាភិបាល ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង ដោយលោកស្រីបានចោទប្រកាន់គណបក្សប្រឆាំងថា ទទួលបញ្ជាពីសហរដ្ឋអាម៉េរិក។ ការតស៊ូអំណាចនៅវេណេស៊ុយអេឡាបានលេចឡើងនៅក្នុងឆ្នាំនេះ នៅពេលដែលមេដឹកនាំបក្សប្រឆាំងលោក ហ្គៃដូ បានប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡា ដោយនិយាយថា ការជាប់ឆ្នោតឡើងវិញរបស់លោក ម៉ាឌូរ៉ូ កាលពីខែឧសភា គឺជាការក្លែងបន្លំ។ ប្រទេសជាច្រើនរាប់បញ្ចូលទាំងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បានប្រកាសទទួលស្គាល់លោក ហ្គៃដូ ជាប្រធានាធិបតីបណ្ដោះអាសន្នរបស់វេណេស៊ុយអេឡា ដោយលើកហេតុផលថា ការជាប់ឆ្នោតឡើងវិញរបស់លោក ម៉ាឌូរ៉ូ មិនមានសុពលភាព ព្រោះគូប្រជែងខ្លាំងបំផុតរបស់គាត់ត្រូវបានរារាំងមិនឲ្យចូលរួមប្រជែងការបោះឆ្នោត៕ធ.ដ
-
កូរ៉េខាងជើងនៅតែព្យាយាមការពារសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន

កូរ៉េខាងជើង៖ កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅតែមានដដែល ហើយប្រទេសនេះ កំពុងធ្វើឱ្យប្រាកដថា សមត្ថភាពទាំងនោះមិនអាចត្រូវបានបំផ្លាញ ដោយការវាយប្រហារដោយយោធាណាមួយឡើយ។ ព័ត៌មាននេះ ត្រូវបានបញ្ចេញឱ្យដឹងតាមរយៈរបាយការណ៍សម្ងាត់របស់ក្រុមអ្នកតាមដានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ របាយការណ៍ដែលត្រូវបានដាក់ទៅគណៈកម្មាធិការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅដើមសប្តាហ៍នេះ បានកើតឡើងនៅមុនកិច្ចជំនួបកំពូលលើកទី២ដែលបានគ្រោងទុក រវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅចុងខែនេះ។ នៅពេលដែលលោក ដូណាល់ ត្រាំ បានអបអរសាទរការរីកចម្រើនខ្លាំងក្នុងទំនាក់ទំនងរបស់លោកជាមួយកូរ៉េខាងជើងនោះ របាយការណ៍របស់អង្គការសហប្រជាជាតិនេះ បានរកឃើញថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងប្រើប្រាស់រោងចក្រស៊ីវិល ដោយរួមទាំងព្រលានយន្តហោះសម្រាប់ការផលិតមីស៊ីលឆ្លងទ្វីប និងការធ្វើតេស្តជាមួយគោលដៅនៃការទប់ស្កាត់ការវាយប្រហារមកលើទីតាំងផលិតនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ របាយការណ៍នេះ បាននិយាយថាខ្លួនបានរកឃើញភ័ស្តុតាងដែលកូរ៉េខាងជើងបង្កើនការផលិតអាវុធ ការស្តុកទុកគ្រឿងអាវុធ និងទីតាំងសាកល្បងអាវុធ។ យ៉ាងណាមិញ ក្រុមបេសកកម្មការទូតកូរ៉េខាងជើងនៅអង្គការសហប្រជាជាតិ មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំធ្វើអត្ថាធិប្បាយ ជុំវិញរបាយការណ៍របស់អង្គការសហប្រជាជាតិ ” 317-page U.N ” ដែលត្រូវបានដាក់ទៅសមាជិកក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃ សុក្រ កន្លងទៅនោះទេ៕ធ.ដ