-
អ្នកប្រើប្រាស់ទាំងអស់នឹងអាចលុបសារបាននៅក្នុងកម្មវិធី Messager ក្រោយមានការអនុញ្ញាតពីក្រុមហ៊ុន Facebook

សហរដ្ឋអាម៉េរិក៖ អ្នកប្រើប្រាស់ទាំងអស់ អាចលុបការបញ្ជូនសារ តាមរយៈកម្មវិធីផ្ញើសារ Messenger បានហើយ បន្ទាប់ពីក្រុមហ៊ុន Facebook បានធ្វើតាមការសន្យារបស់ខ្លួន។ ជម្រើសថ្មីនេះ នឹងធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលបន្ថែមទៀត នៅក្នុងការសន្ទនាក្នុងកម្មវិធី Messenger ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចពិចារណាម្តងទៀតនូវអ្វីដែលពួកគេបានផ្ញើចេញទៅ។ ចំណុចនេះ ដើម្បីជួយឲ្យអ្នកប្រើប្រាស់អាចលុបចោលវិញ នូវសារអាក្រក់ សារគួរឲ្យខ្មាន់អៀន ឬក៏សារផ្សេងៗទៀតជាដើម។ សូមបញ្ជាក់ថា មានរយៈពេលរហូតដល់១០នាទី បន្ទាប់ពីសារត្រូវបានបញ្ជូនទៅ ក្នុងកម្មវិធី Messenger អ្នកផ្ញើអាចចុចលើសារ ហើយពួកគេនឹងឃើញនូវប៊ូតុងលុប ដែលត្រូវបានជំនួសដោយប៊ូតុងលុបចោល សម្រាប់អ្នក «Remove for you» ប៉ុន្តែនៅពេលនេះ វាក៏បានបន្ថែមនូវប៊ូតុងមួយទៀត គឺលុបចោលសម្រាប់អ្នកគ្រប់គ្នា «Remove for everyone» ដោយវាអាចលុបចេញពីប្រអប់សាររបស់អ្នកទទួលបាន។ បន្ទាប់ពីអ្នកលុបចោល វានឹងបង្ហាញនូវសារប្រាប់ដំណឹងមួយថា អ្នកបានលុបចោលសារនៅក្នុងនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Techcrunch នៅយប់ថ្ងៃអង្គារ៍សប្តាហ៍នេះ៕ធ.ដ
-
ជំងឺមហារីក សម្លាប់មនុស្សជិត១០លាននាក់កាលពីឆ្នាំ២០១៨

កាលពីថ្ងៃទី៤ កុម្ភៈ ២០១៩ម្សិលមិញនេះ គឺជាថ្ងៃរម្លឹកទិវាជំងឺមហារីកពិភពលោក។ ទីភ្នាក់ងារអន្តរជាតិស្រាវជ្រាវជំងឺមហារីក ហៅកាត់ថា IARC បានចេញផ្សាយរបាយការណ៍មួយបញ្ជាក់ថា អ្នកផ្ទុកជំងឺមហារីកថ្មីកើនដល់១៨,១លាននាក់ ក្នុងនោះ មានអ្នកស្លាប់ដោយសារមហារីក៩,៦លាននាក់ កាលពីឆ្នាំ២០១៨។ ប្រភពថា ជំងឺមហារីក គឺជាប្រភេទជំងឺមួយក្នុងចំណោមជំងឺផ្សេងៗទៀត ដែលគួរឲ្យខ្លាច និងប្រឈមនឹងកាត់បាត់បង់ជីវិត នៅទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា នីហ្សេរីយ៉ាជាប្រទេសមានមហារីកច្រើនជាងគេ ក្នុងនោះ ជនជាតិនីហ្សេរីយ៉ា៤១០០០នាក់បានស្លាប់ ដោយសារតែជំងឺមហារីក កាលពីឆ្នាំ២០១៨ ហើយមានអ្នកផ្ទុកប្រមាណ១៦៦០០០នាក់៕ធ.ដ
-
ចិនផ្គត់ផ្គង់អាហារដល់អ្នកដំណើរតាមរថភ្លើងល្បឿនលឿន ក្នុងឱកាសចូលឆ្នាំថ្មី

ប្រទេសចិនបានចូលយុគសម័យនៃរថភ្លើងល្បឿនលឿនហើយ។ ការផ្គត់ផ្គង់គ្រឿងបរិភោគសម្រាប់អ្នកដំណើរតាមរថភ្លើងល្បឿនលឿន ត្រូវដើរដល់ស្តង់ដារដូចនឹងស្តង់ដារតាមយន្តហោះដែរ។ រូបភាពទាំងនេះ បង្ហាញពីបុគ្គលិកនៃក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិភោគនៅលើរថភ្លើងល្បឿនលឿនក្រុងQingdao ខេត្តShandong កំពុងធ្វើការយ៉ាងមមាញឹក និងមានសណ្តាប់ធ្នាប់ដើម្បីបំពេញតម្រូវការអ្នកដំណើរតាមរថភ្លើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន៕ធ.ដ
-
ទំហំអាជីវកម្មអនឡាញនៅប្រទេសថៃ កើនដល់ជាង១សែនលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៨

ទំហំពាណិជ្ជកម្មអេឡិចត្រូនិចនៅប្រទេសថៃ បានកើនឡើង១៤ភាគរយ កាលពីឆ្នាំ២០១៨ ពោលគឺមានរហូតដល់ទៅ៣,២ទ្រីលានបាត ឬ ១០២,២៨៤,៨០០,០០០ ដុល្លារអាម៉េរិក (មួយសែន២ពាន់២រយប៉ែតសិបបួនលាន ៨សែនដុល្លារអាម៉េរិក) ហើយត្រូវបានរំពឹងថា នឹងកើនឡើង២០ភាគរយ ក្នុងឆ្នាំ២០១៩នេះ នេះបើតាមទីភ្នាក់ងារអភិវឌ្ឍការផ្ទេរតាមអេឡិចត្រូនិក ឬ Online ហៅកាត់ថា ETDA ចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី៥ កុម្ភៈ នេះ។ កំណើននេះ បានធ្វើឲ្យថៃក្លាយជាប្រទេសដែលមានទំហំពាណិជ្ជកម្មអនឡាញធំជាងគេ នៅក្នុងប្លុកអាស៊ាន។ មូលហេតុគឺដោយសារតែឥរិយាបថរបស់អតិថិជនទិញទំនិញ។ កាលពីឆ្នាំ២០១៧ មានទំហំប្រមាណ២,៧ទ្រីលានបាត កើនឡើងពី២,៥ទ្រីលានបាត កាលពីឆ្នាំ២០១៦ ខណៈដែលកាលពីឆ្នាំ២០១៥ មាន២,២៤ទ្រីលានបាត។ ទីភ្នាក់ងារអភិវឌ្ឍន៍ការផ្ទេរតាមអេឡិចត្រូនិចបន្ថែមទៀតថា ចំនួនអ្នកប្រើប្រាស់អ៊ីនធើណិតបានកើនឡើងខ្លាំង ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្នុងនោះ អាជីវកម្មតាមអនឡាញក៏កើនឡើង ខណៈដែលការទូទាត់ប្រាក់តាមអេឡិចត្រូនិចក៏មានកំណើន ជាមួយនឹងការដឹកជញ្ជូនឆាប់រហ័ស៕ធ.ដ
-
វៀតណាមគ្រោងនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ ឲ្យបាន៤០ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០១៩

វៀតណាមបានកំណត់គោលដៅថា នឹងនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌទៅក្រៅប្រទេស ឲ្យបានតម្លៃ៤០ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៩នេះ ជាការកើនឡើង១០,៨ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews កាលពីថ្ងៃទី៤ កុម្ភៈ ម្សិលមិញ ដោយផ្អែកតាមប្រភពពីសមាគមសម្លៀកបំពាក់ និងវាយនភ័ណ្ឌវៀតណាម ហៅកាត់ថា VITAS។ ប្រភពពី VITAS បានឲ្យដឹងថា ទំហំពាណិជ្ជកម្មនៃឧស្សាហកម្មនេះត្រូវបានរំពឹងថា នឹងឈានដល់២០ពាន់លានដុល្លារអាម៉េរិក។ ការងារនឹងត្រូវធានាបង្កើន ហើយចំណូលរបស់កម្មករជិត៣លាននាក់ធ្វើការលើវិស័យនេះនឹងត្រូវបង្កើនថែមទៀត។ គោលដៅទាំងនេះ ត្រូវបានកំណត់ឡើង យោងតាមឆ្នាំជោគជ័យឆ្នាំ២០១៨ ពោលគឺទំហំនៃនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ ដែលត្រូវបាននាំចេញមានជាង៣៦ពាន់លានដុល្លារអាម៉េរិក កើនឡើង១៦ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ អ្វីដែលសំខាន់នោះ កំណើនបែបនេះនឹងធ្វើឲ្យវៀតណាមក្លាយជាប្រទេសនាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ និងវាយនភណ្ឌច្រើនជាងគេមួយ ក្នុងចំណោម៣ប្រទេស នៅលើពិភពលោក៕ធ.ដ
-
ថៃបិទរោងចក្រចំនួន៦០០កន្លែង ពាក់ព័ន្ធនឹងការបំពុលបរិយាកាស

នាយករដ្ឋមន្ត្រីថៃ បានបញ្ជាឲ្យរោងចក្រប្រមាណ៦០០កន្លែង បិទបណ្តោះអាសន្ន ដើម្បីចូលរួមកាត់បន្ថយការសាយភាយឧស្ម័នពុល។ នេះបើការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៩នេះ។ ថ្លែងពីវិធានការទប់ទល់អព្ទ និងខ្យល់ពុលដែលកំពុងវាយប្រហារក្រុងបាងកក និងបណ្តាខេត្តមួយចំនួននោះ លោក ប្រាយុទ្ធ បាននិយាយថា រោងចក្រច្រើនបន្ថែមទៀត នឹងស្នើឲ្យផ្អាកប្រតិបត្តិការ មួយរយៈ។ លោកថា រោងចក្រ១០ម៉ឺនកន្លែងត្រូវបានត្រួតពិនិត្យក្នុងនោះ មាន១៧០០កន្លែងរកឃើញថា មានហានិភ័យបំពុលខ្ពស់។ លោកបានចេញបទបញ្ជាឲ្យផ្អាកដំណើរការរោងចក្រប្រមាណ៦០០កន្លែង រហូតដល់រោងចក្រទាំងនោះមានភាពល្អប្រសើរវិញ ចំពោះបញ្ហាបរិស្ថាន៕ធ.ដ
-
នៅឆ្នាំ២០១៩នេះ ចិនមានគម្រោងបញ្ជូនយានអវកាសចំនួន៥០គ្រឿងទៅកាន់ទីអវកាស

ចិន៖ នៅក្នុងឆ្នំា២០១៩នេះ ប្រទេសចិននឹងបញ្ជូនយានអវកាសចំនួន៥០គ្រឿងបន្ថែមទៀតទៅកាន់ទីអវកាស តាមរយៈការបាញ់ចំនួន៣០លើក។ នេះបើតាមការការអះអាងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអវកាសចិន (CASC) ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន អនុប្រធានក្រុមហ៊ុន CASC លោក យ៉ាង ប៉ាវហួ បានគួសបញ្ជាក់ថា បេសកកម្មដ៏សំខាន់នេះ នឹងរួមបញ្ចូលទាំងរ៉ុក្កែតដឹកយានអវកាសខ្នាតធំ Long March-5 ទី៣ នឹងត្រូវបាញ់នៅខែកក្កដា ខាងមុខ ហើយថាដំបូង យើងមានគម្រោងបាញ់យានទៅកាន់ទីលំហរជាង៣០លើក នៅក្នុងឆ្នាំនេះ និងទី២ ការបាញ់នឹងអនុវត្តន៍នៅលើទីតាំងជាច្រើនកន្លែង។ សូមរំលឹកថា កាលពីឆ្នាំមុន ការបាញ់យានអវកាសត្រូវបានធ្វើឡើងនៅលើទីតាំងតែ៣កន្លែងប៉ុណ្ណោះ គឺទីតាំង Jiuquan, Taiyuan និង Xichang តែក្នុងឆ្នាំនេះ ការបាញ់យានអវកាស២លើកទៀត នឹងធ្វើឡើងលើទីតាំង Wenchang ហើយការបាញ់មួយលើកទៀត នឹងធ្វើឡើងនៅក្នុងសមុទ្រ។ ចំណែក រ៉ុក្កែត Chang’e-5 នឹងត្រូវបាញ់នៅដំណាច់ឆ្នាំនេះ ហើយការបាញ់រ៉ុក្កែត Long March-5 Y3 នឹងត្រូវធ្វើឡើងនៅខែកក្កដា ខណៈរ៉ុក្កែតសង្កេតការណ៍ភពព្រះចន្ទ Chang’e-5 ត្រូវបានគេកំណត់ឲ្យបាញ់ទៅកាន់ភពព្រះចន្ទផងដែរ ដើម្បីនាំយកគំរូភពព្រះចន្ទ មកកាន់ផែនដីជាលើកដំបូង៕ម.ន …
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកនឹងទៅចូលរួមកិច្ចប្រជុំមួយនៅកាណាដា ក្នុងគោលបំណងដោះស្រាយវិបត្តិនៅវេណេស៊ុយអេឡា

ម៉ូស្គូ៖ ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា លោក ម៉ៃ ប៉ុមប៉េអូ នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយ ស្ដីពីការដោះស្រាយវិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលរៀបចំឡើងនៅក្នុងទីក្រុងអូតាវ៉ា ប្រទេសកាណាដា។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាម៉េរិក ប្រមុខការទូតអាម៉េរិករូបនេះ នឹងត្រូវធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលីម៉ា (Lima Group) លើកទី១០ នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា តាមរយៈវីដេអូ Conference ចេញពីក្រសួងការបរទេសអាម៉េរិក។ សូមជម្រាបផងដែរថា Lima Group គឺស្ថាប័នមួយដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧ នៅទីក្រុង Lima ប្រទេសប៉េរូ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសន្តិភាពឲ្យប្រទេសវេណេស៊ុយអេឡា៕ម.ន
-
លោក ដូណាល់ ត្រាំ៖ គ្មានឡើយគម្រោងដកកងទ័ពអាម៉េរិកចេញពីប្រទេសកូរ៉េខាងត្បូង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា គ្មានឡើយផែនការសម្រាប់ពេលនេះ ក្នុងការកាត់បន្ថយ ឬក៏ដកកងទ័ពអាម៉េរិកចេញពីទឹកដីកូរ៉េខាងត្បូងត្រឡប់មកវិញ មុនពេលឈានដល់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយទូរទស្សន៍ CBS លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា កូរ៉េខាងជើងអាចនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចដ៏ខ្លាំងក្លា ប៉ុន្តែលោក ត្រាំ បានអះអាងថា វាមិនមែនជាការទាមទារឲ្យផ្លាស់ប្តូររបបដឹកនំាបច្ចុប្បន្នរបស់កូរ៉េខាងជើងនោះឡើយ។ សូមបញ្ជាក់ថា ជំនួបកំពូលលើកទី២រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈនេះ ខណៈមានការព្រួយបារម្ភថា លោក ត្រាំ អាចនឹងលើកយកការកាត់បន្ថយ ឬ ដកកងទ័ពអាម៉េរិកនៅកូរ៉េខាងត្បូង មកពិភាក្សានៅក្នុងកិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង៕ម.ន
-
ប្រធានាធិបតីចិនបង្ហាញពីមោទនភាពសេដ្ឋកិច្ចជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ចិន៖ ប្រធានាធិបតីចិន ស៊ី ជីនភីង បានផ្ញើសារជូនពរដល់ប្រជាជនចិនទាំងអស់ក្នុងប្រទេស និងកំពុងរស់នៅក្រៅប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំជ្រូកឬឆ្នាំកុរ។លោក ស៊ី បានលើកកោតសរសើរពីភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ ដោយបញ្ជាក់រដ្ឋាភិបាលចិនបានជំរុញគោលនយោបាយកំណែទម្រង់និងបើកចំហរ នៅរយៈពេលប៉ុន្មានឆ្នាំមកនេះ។ លោកបន្ថែមទៀតថា ចិនសម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន ក្នុងដំណើរការលុបបំបាត់និងកាត់បន្ថយភាពក្រីក្រ។ លោកក៏បានអំពាវនាវឲ្យនាំគ្នាថែរក្សាស្ថិរភាពសង្គមនិងការអភិវឌ្ឍប្រកបដោយចិរភាព៕ធ.ដ