Category: ព័ត៌មានអន្តរជាតិ

  • ខ្លារខិនមួយក្បាលវង្វេងចូលក្នុងភូមិ ខាំមនុស្ស៤នាក់របួសនៅប្រទេសឥណ្ឌា

    ខ្លារខិនមួយក្បាលវង្វេងចូលក្នុងភូមិ ខាំមនុស្ស៤នាក់របួសនៅប្រទេសឥណ្ឌា

    ឥណ្ឌា៖ យោងតាមប្រភពពីអ្នកអភិរក្សព្រៃម្នាក់បាននិយាយថា ខ្លារខិនមួយក្បាលបានវង្វេងព្រៃចូលក្នុងតំបន់លំនៅដ្ឋានមួយនៅប្រទេសឥណ្ឌាភាគខាងជើង កាលពីថ្ងៃព្រហស្បតិ៍ត បានធ្វើឱ្យរបួសមនុស្ស៤នាក់ មុនពេលវាត្រូវបានចាក់សោនៅក្នុងបន្ទប់មួយ ដោយក្រុមអ្នកការពារព្រៃ។ ប្រភពដដែលបន្តថា ពួកមន្ត្រីរុក្ខាប្រមាញ់មួយក្រុមបានស្វែងរកខ្លារខិននៅតំបន់ខាងលើនេះ ក្នុងទីក្រុង ចាលែនហា រដ្ឋ ពន់ចាប បន្ទាប់ពីពួកអ្នកស្រុកបានរាយការណ៍ទៅប៉ូលិស។ គាត់បាននិយាយថា ខ្លារខិននេះ បានខាំរបួសមន្ត្រីព្រៃឈើ៤នាក់ នៅពេលពួកគេបានតាមដេញចាប់វាដោយប្រើសំណាញ់។ ខ្លានេះ ក៏ខាំរបួសអ្នកស្រុកម្នាក់ផងដែរ ដែលបានចោលដុំថ្មលើវា។ តែពួកអ្នករបួសទាំងនេះ មិនគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ គួរបញ្ជាក់ផងដែរថា ការប៉ះទង្គិចគ្នារវាងមនុស្ស និងសត្វ កំពុងកើនឡើងនៅប្រទេសឥណ្ឌា ដែលជាកន្លែងដែលប្រជាជនបានចាប់ផ្តើមរស់នៅក្នុងតំបន់ ដែលនៅជិត និងនៅក្នុងតំបន់ព្រៃដែលរក្សាទុកសម្រាប់ការអភិរក្ស៕ធ.ដ

  • នាយករដ្ឋមន្ត្រីថៃអំពាវនាវឲ្យប្រជាជនប្រើសេវាកម្មដឹកជញ្ជូនសាធារណៈ ស្របពេលដែលផ្សែងអព្ទគ្របដណ្តប់លើទីក្រុងបាងកក

    នាយករដ្ឋមន្ត្រីថៃអំពាវនាវឲ្យប្រជាជនប្រើសេវាកម្មដឹកជញ្ជូនសាធារណៈ ស្របពេលដែលផ្សែងអព្ទគ្របដណ្តប់លើទីក្រុងបាងកក

    ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កំពុងជំរុញពលរដ្ឋនៅទីក្រុងបាងកក ផ្អាកការប្រើរថយន្តផ្ទាល់ខ្លួន ហើយងាកមកប្រើប្រាស់សេវាកម្មដឹកជញ្ជូនសាធារណៈវិញ ដោយសំអាងថា ផ្សែងអព្ទខ្លាំងដែលបានគ្របដណ្តប់លើទីក្រុងនេះ គឺបណ្តាលមកពីយានយន្ត។ ដោយសំដៅទៅលើសំណើដែលគួរតែហាមឃាត់រថយន្តចាស់ អាយុកាលលើសពី១០ឆ្នាំនោះ នាយករដ្ឋមន្រ្តីថៃរូបនេះ បាននិយាយថា បញ្ហានេះត្រូវតែពិចារណាយ៉ាងហ្មត់ចត់ ព្រោះវាពាក់ព័ន្ធនឹងក្រុមមនុស្សខុសៗគ្នា។ ពាក់ព័ន្ធនឹងការត្រួតពិនិត្យរថយន្តដឹកទំនិញ និងរថយន្តក្រុងដែលបានចាប់ផ្តើមនាពេលថ្មីៗនេះ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា បញ្ហាផ្សែងអព្ទនេះភាគច្រើនកើតឡើងពីយានយន្ត ហើយថា រថយន្តក្រុងប្រហែលពី៨,០០០ទៅ៩,០០០គ្រឿង ត្រូវបានត្រួតពិនិត្យជារៀងរាល់ថ្ងៃ ហើយក្រដាស់បម្រាមត្រូវបានបិទលើរថយន្តដែលត្រូវបានហាមឃាត់៕ធ.ដ

  • លោក ដូណាល់ ត្រាំ នឹងប្រកាសអំពីកាលបរិច្ឆេទ និងទីតាំងនៃជំនួបកំពូលលើកទី២ជាមួយលោក គីម នាសប្តាហ៍ក្រោយនេះ

    លោក ដូណាល់ ត្រាំ នឹងប្រកាសអំពីកាលបរិច្ឆេទ និងទីតាំងនៃជំនួបកំពូលលើកទី២ជាមួយលោក គីម នាសប្តាហ៍ក្រោយនេះ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បត្តិ៍ បាននិយាយថា ពេលវេលា និងទីតាំងរៀបចំកិច្ចប្រជុំកំពូលលើកទី២ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានកំណត់រួចរាល់ហើយ ហើយនឹងធ្វើការប្រកាសជាផ្លូវការនាសប្តាហ៍ក្រោយនេះ។ យោងតាមប្រភពព័ត៌មានជិតស្និទ្ធនឹងការរៀបចំកិច្ចប្រជុំកំពូលនេះ បានឱ្យដឹងថា ជំនួបកំពូលលើកទី២រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវធ្វើឡើងនៅប្រទេសវៀតណាម នៅចុងខែកុម្ភៈ ឆ្នាំ២០១៩នេះ ខណៈរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ ក៏បានបង្ហើបឲ្យដឹងផងដែរថា កិច្ចប្រជុំកំពូលខាងលើនឹងប្រព្រឹត្តទៅនៅក្នុងតំបន់អាស៊ី។ កន្លងមកនេះ វៀតណាមត្រូវមនុស្សភាគច្រើនសន្និដ្ឋានថា គឺជាទីតាំងដែលកិច្ចប្រជុំកំពូលលើកទីពីររវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងរៀបចំឡើង ខណៈសេតវិមានអាម៉េរិកបានប្រកាសឲ្យដឹងពីជំនួបកំពូលនេះ កាលពីពាក់កណ្តាលខែមករា ក្រោយពីប្រធានកិច្ចចរចានុយក្លេអ៊ែរកូរ៉េខាងជើង លោក គីម យ៉ុងចុល បានមកទស្សនកិច្ចនៅវ៉ាស៊ីនតោន៕ធ.ដ

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្រ្តីចិន ផ្តោតសំខាន់លើការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្រ្តីចិន ផ្តោតសំខាន់លើការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បត្តិ៍នេះ បានជួបជាមួយឧបនាយករដ្ឋមន្រ្តីចិន លោក លីវ ហឺ នៅឯសេតវិមាន ដើម្បីធ្វើកិច្ចពិភាក្សាគ្នាដោយផ្តោតសំខាន់លើការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ នាឱកាសនោះដែរ លោក ត្រាំ បានគូសបញ្ជាក់ថា រូបលោកកំពុងទន្ទឹងរង់ចាំកិច្ចជំនួបជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង ហើយបើតាមសារព័ត៌មានស៊ីនហួរនោះ តំណាងពាណិជ្ជកម្មអាម៉េរិក លោក រ៉ូបឺត ឡៃធីហ្ស៊ឺ និងរដ្ឋមន្ត្រីរតនាគារជាតិអាម៉េរិក លោក ស្ទេវិន ម្ញូឈីន នឹងដឹកនំាក្រុមមន្រ្តីចរចាទៅកាន់ទីក្រុងប៉េកំាង នៅចន្លោះពាក់កណ្តាលខែកុម្ភៈ ឆ្នំា២០១៩នេះ ខណៈខណៈមហាអំណាចសេដ្ឋកិច្ចទាំងពីរ កំពុងព្យាយាមស្វែងរកដំណោះស្រាយសម្រាប់ជម្លោះពាណិជ្ជកម្ម ដែលកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ គួរបញ្ជាក់ថា ជំនួបរវាងមេដឹកនាំទាំងពីរនាពេលនេះ បានកើតមានឡើងបន្ទាប់ពីលោក លីវ ហឺ បានដឹកនំាក្រុមប្រតិភូជាន់ខ្ពស់ចិន មកចូលរួមប្រជុំជាមួយតំណាងពាណិជ្ជកម្មអាម៉េរិក លោក រ៉ូបឺត ឡៃធីហ្ស៊ឺ និងរដ្ឋមន្ត្រីរតនាគារជាតិអាម៉េរិក លោក ស្ទេវិន ម្ញូឈីន ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍តដដែលនេះ (ម៉ោងក្នុងតំបន់)។…

  • iPhone នឹងបន្តបញ្ចុះតម្លៃ ក្រោយចំណូលពីការលក់ធ្លាក់ចុះខ្លាំង

    iPhone នឹងបន្តបញ្ចុះតម្លៃ ក្រោយចំណូលពីការលក់ធ្លាក់ចុះខ្លាំង

    សហរដ្ឋអាម៉េរិក៖ លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បាននិយាយថ្មីៗនេះ ដោយទទួលស្គាល់ថា ដោយសារតែតម្លៃថ្លៃ សម្រាប់សេរី iPhone XS, XS Max និង iPhone XR ជាដើមនោះ ទើបការលក់ជួបហានិភ័យ។ អំឡុងការប្រកាសពីចំណូលប្រចាំត្រីមាសចុងក្រោយនេះ Apple ក៏បានសម្រេចថា នឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រកំណត់តម្លៃ iPhone លើទីផ្សារអន្តរជាតិ ដោយអាចមានជាការទម្លាក់តម្លៃនៅលើទីផ្សារប្រទេសឥណ្ឌា ឬ ប្រេស៊ីលជាដើម។ កន្លងមក Apple បានបញ្ចុះតម្លៃ iPhone លើទីផ្សារពីររួចមកហើយ រួមមានប្រទេសចិន និងប្រទេសជប៉ុន។ ចំណូលពីការលក់ iPhone ប្រចាំត្រីមាសចុងក្រោយនៃឆ្នាំ២០១៨ មានការធ្លាក់ចុះ១៥% ធៀបនឹងឆ្នាំមុន ទើបលោក Tim Cook ត្រូវបានគេចោទសួរក្នុងអំឡុងការប្រកាស ទាក់ទងនឹងតម្លៃ iPhone បែបនេះ៕ធ.ដ

  • ជប៉ុនខ្វះកម្លាំងពលកម្មខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល៤៥ឆ្នាំមកនេះ

    ជប៉ុនខ្វះកម្លាំងពលកម្មខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល៤៥ឆ្នាំមកនេះ

    ជប៉ុន៖ នៅប្រទេសជប៉ុនជាមធ្យម មានការងារខាងប្រើប្រាស់កម្លាំងពលកម្មខ្លាំង១៦១កន្លែង សម្រាប់អ្នកស្វែងរកការងារ១០០នាក់ កាលពីឆ្នាំមុន ជាអត្រាខ្វះកម្លាំងពលកម្មដ៏ខ្លាំងមិនធ្លាប់មានក្នុងប្រទេសនេះ ចាប់តាំងពីឆ្នាំ១៩៧៣ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia។ ក្រសួងការងារបង្ហាញរបាយការណ៍នៅថ្ងៃទី១ កុម្ភៈនេះថា អត្រាខ្វះកម្លាំងពលកម្មខ្លាំងនេះក៏មានដែរ កាលពីខែធ្នូ ក្នុងនោះ ការងារមាន១៦៣កន្លែងឯណោះ សម្រាប់ផ្តល់ឲ្យអ្នកស្វែងរកការងារធ្វើ ត្រឹម១០០នាក់។ ទីផ្សារការងារនៅជប៉ុនតានតឹងខ្លាំង ក្នុងរយៈពេលជាច្រើនឆ្នាំ ខណៈដែលកម្លាំងពលកម្មថយចុះ ស្របពេលដែលប្រជាពលរដ្ឋមានតែវ័យកាន់តែចាស់ ហើយអត្រាកំណើតទារកថ្មីៗក៏ទាប។ ក្រសួងមហាផ្ទៃប្រទេសនេះថា អត្រាគ្មានការងារធ្វើនៅតែទាបខ្លាំង គិតត្រឹមខែធ្នូ ក្នុងនោះ មាន២,៤ភាគរយ ធ្លាក់ចុះ០,១ភាគរយ បើធៀបនឹងខែវិច្ឆិកា៕ធ.ដ

  • វៀតណាមនាំចេញផលិតផលឈើកើនឡើងខ្ពស់ដល់៩០៣លានដុល្លារអាម៉េរិក ក្នុងខែមករានេះ

    វៀតណាមនាំចេញផលិតផលឈើកើនឡើងខ្ពស់ដល់៩០៣លានដុល្លារអាម៉េរិក ក្នុងខែមករានេះ

    វៀតណាម៖ វៀតណាមបានបង្កើនទំហំនាំចេញផលិតផលបានពីព្រៃឈើ ដែលមានទាំងឈើសម្រាប់ការធ្វើផ្ទះផងដែរនោះចំនួន១១ភាគរយ ក្នុងខែមករា ២០១៩ ក្នុងនោះ មានតម្លៃ៩០៣លានដុល្លារអាម៉េរិក នេះបើតាមការចេញផ្សាយរបស់រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទប្រទេសវៀតណាម ចេញផ្សាយដោយសារសព័ត៌មាន Vietnamnews នៅថ្ងៃទី១ កុម្ភៈ ២០១៩នេះ។ ប្រភពថា ប្រទេសដែលទិញឈើពីវៀតណាមសំខាន់ៗ មានដូចជា អាម៉េរិក ជប៉ុន អឺរ៉ុប ចិន និងកូរ៉េខាងត្បូង ពោលគឺមានតម្លៃប្រមាណ៨៧ភាគរយនៃតម្លៃនាំចេញសរុបរបស់ក្រសួងកសិកម្ម។ សូមបញ្ជាក់ថា វៀតណាមបានកំណត់គោលដៅថា នឹងនាំចេញឈើទៅក្រៅប្រទេសឲ្យបានក្នុងតម្លៃ ១០,៥ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩។ វៀតណាមមានសហគ្រាសចំនួន៤៥០០ បាននិងកំពុងផលិត និងនាំចេញផលិតផលបានពីព្រៃឈើ ក្នុងនោះ ក្រុមហ៊ុននាំចេញមានចំនួន១៨៦៣។ ក្រុមហ៊ុនទាំងនេះមានទុនវិនិយោគពីបរទេសប្រមាណ៧០០ក្រុមហ៊ុន ជាមួយនឹងផលិតកម្មដ៏ធំ និងទំនើប៕ធ.ដ

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិក គ្រោងជួបពិភាក្សាជាមួយសមភាគីចិន បន្ទាប់ពីការចរចារពាណិជ្ជកម្មវាងប្រទេសទាំងពីរបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង

    ប្រធានាធិបតីសហរដ្ឋអាម៉េរិក គ្រោងជួបពិភាក្សាជាមួយសមភាគីចិន បន្ទាប់ពីការចរចារពាណិជ្ជកម្មវាងប្រទេសទាំងពីរបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បត្តិ៍នេះ បាននិយាយពីការប្តេជ្ញាចិត្តរបស់ចិន ក្នុងការទិញសណ្តែកសៀងអាម៉េរិកបន្ថែមទៀត។ ប៉ុន្តែបញ្ហាដ៏លំបាកបំផុត ដែលកំពុងបែងចែកប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក នៅតែមិនទាន់ដោះស្រាយបាន បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃរវាងក្រុមមន្រ្តីចរចាសហរដ្ឋអាម៉េរិក និងចិន។ លោក ដូណាល់ ត្រាំ បានអះអាងថា រូបលោករំពឹងថា នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីព្យាយាមឈានទៅរកដំណោះស្រាយចុងក្រោយ ចំពោះការប្រឈមមុខគ្នាខាងពាណិជ្ជកម្មក្នុងរយៈពេល៦ខែមកនេះ៕ធ.ដ

  • សភាអឺរ៉ុបទទួលស្គាល់មេបក្សប្រឆាំងវេណេស៊ុយអេឡា ជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា

    សភាអឺរ៉ុបទទួលស្គាល់មេបក្សប្រឆាំងវេណេស៊ុយអេឡា ជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា

    បែលហ្ស៊ិក៖ ក្រុមសមាជិកសភានៃសហភាពអឺរ៉ុបបានមូលមតិគ្នាបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចមួយ ដើម្បីទទួលស្គាល់លោក ចូអាន ហ្គៃដូ ជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡា ហើយថែមទាំងបានអំពាវនាវឲ្យរដ្ឋាភិបាលនៃប្រទេសដែលជាសមាជិករបស់ខ្លួនធ្វើបែបនេះដែរ។ ជុំវិញវិបត្តិនយោបាយដ៏តានតឹងនៅក្នុងប្រទេសវេណេស៊ុយអេឡា បណ្តាប្រទេសអឺរ៉ុបមួយចំនួនធំ ដូចជាបារាំង អេស៉្បាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងហូឡង់ជាដើម បានទុកពេល៨ថ្ងៃឲ្យប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ា់ឌូរ៉ូ រៀបចំការបោះឆ្នោតឡើងវិញ។ ថែមទាំងបានព្រមានដែរថា បើលើសពីរយៈពេលនេះ ហើយលោក ម៉ាឌូរ៉ូ នៅតែមិនព្រមធ្វើតាមនោះ ពួកគេនឹងទទួលស្គាល់លោក ហ្គៃដូ ជាប្រធានាធិបតីស្របច្បាប់របស់វេណេស៊ុយអេឡា ដូចទៅនឹងសហរដ្ឋអាម៉េរិក ព្រមទាំងសម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោនផងដែរ៕ធ.ដ

  • អាកាសធាតុត្រជាក់ខុសពីធម្មតា កំពុងវាយប្រហារតំបន់កណ្តាលភាគខាងជើងសហរដ្ឋអាម៉េរិក

    អាកាសធាតុត្រជាក់ខុសពីធម្មតា កំពុងវាយប្រហារតំបន់កណ្តាលភាគខាងជើងសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា អាកាសធាតុដ៏ត្រជាក់ខ្លាំងខុសពីធម្មតា កំពុងធ្វើឲ្យតំបន់កណ្តាលភាគខាងជើងនៃសហរដ្ឋអាម៉េរិកធ្លាក់ចុះសីតុណ្ហភាពដល់កម្រិតទាប ដូចទៅនឹងតំបន់ប៉ូលខាងត្បូងផែនដី។ នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) សីតុណ្ហភាពបានចុះដល់ជាងដក៣០ទៅជិតដក៥០អង្សាសេ ដែលវាជាកម្រិតសីតុណ្ហភាពប្រៀបដូចជានៅទ្វីបអង់តាកទិកនៅប៉ូលខាងត្បូងផែនដី។ ជាមួយគ្នានេះ មជ្ឈមណ្ឌលផ្តល់កម្តៅរាប់រយកន្លែងត្រូវបានបើកសម្រាប់អ្នកដែលងាយរងគ្រោះដូចជា ជនចាស់ជរាគ្មានទីពឹងជាដើម ចំណែកឯជើងហោះហើរជាច្រើនត្រូវបានលុបចោល ហើយសាលារៀន និងហាងលក់ដូរត្រូវបានបិទទ្វារ ស្របពេលដែលមនុស្ស៨នាក់ហើយបានស្លាប់ ដោយគេសន្និដ្ឋានថា គឺបណ្តាលមកពីអាកាសធាតុដ៏ត្រជាក់នេះ។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរអាម៉េរិកនៃបណ្តារដ្ឋក្នុងតំបន់កណ្តាលភាគខាងជើងនៃសហរដ្ឋអាម៉េរិក បានជំរុញឲ្យប្រជាជនស្ថិតនៅក្នុងលំនៅឋាន ប្រសិនបើគ្មានករណីចាំបាច់ គឺគួរតែកុំចេញទៅខាងក្រៅ ខណៈការចុះត្រជាក់ខ្លាំងត្រូវគេរំពឹងថា នឹងបន្តមកពីថ្ងៃពុធរហូតដល់ថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ៕ធ.ដ