-
មេដឹកនាំអ៊ីរ៉ង់ទទួលស្គាល់ថា ប្រទេសខ្លួនកំពុងប្រឈមនឹងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកបំផុតក្នុងរយៈពេល៤០ឆ្នំា

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី នៅថ្ងៃពុធនេះ បានអះអាងថា ប្រទេសរបស់លោកបានប្រឈមនឹងសំពាធ និងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកបំផុតក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ។ ប្រធានាធិបតីរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា ថ្ងៃនេះ បញ្ហារបស់ពួកយើង ដោយសារតែសំពាធពីសហរដ្ឋអាម៉េរិក និងប្រទេសដើរតាមពួកគេ ហើយរដ្ឋាភិបាលអ៊ីស្លាមរបស់លោក មិនមែនជាអ្នកដែលត្រូវថ្កោលទោសនោះទេ។ សូមរំលឹកថា កាលពីឆ្នាំមុន ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិជាមួយអ៊ីរ៉ង់ ហើយថែមទាំងបានដាក់ទណ្ឌកម្មទាំងអស់ឡើងវិញ។ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មនេះដែរ ក្រុមកម្មករ ដែលរួមទាំងតៃកុងរថយន្តធំ កសិករ និងឈ្មួញចាប់តាំងពីពេលនោះមក បាននាំគ្នាតវ៉ាប្រឆាំងនឹងការលំបាកផ្នែកសេដ្ឋកិច្ចរបស់ពួកគេ ដែលនាំឲ្យមានការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខផងដែរ៕
-
បញ្ហាផ្សែងអព្ទពុល កំពុងបង្ខំឲ្យសាលារៀនជាច្រើននៅទីក្រុងបាងកក ត្រូវបិទទ្វារ

ថៃ៖ ផ្សែងអព្ទពុលបានបង្ខំឱ្យរដ្ឋបាលក្រុងបាងកក ចេញបទបញ្ជាដែលមិនធ្លាប់មានពីមុនមក គឺបិទសាលារៀនជិត៤៥០កន្លែងគិតចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលដែលក្រុមអាជ្ញាធរ កំពុងខំប្រឹងប្រែងដោះស្រាយវិបត្តិបរិយាកាសផ្សែងអព្ទពុល ដែលបានធ្វើឱ្យមានការព្រួយបារម្ភខ្លាំងឡើង។ បច្ចុប្បន្នទីក្រុងដែលជាបេះដូងរបស់ប្រទេសថៃនេះ ត្រូវបានគ្របដណ្ដប់ដោយផ្សែងអព្ទដ៏ក្រាស់អស់ជាច្រើនសប្ដាហ៍ ដោយបង្ខំប្រជាជនត្រូវពាក់ម៉ាស និងថែមទាំងបានធ្វើការរិះគន់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ចំពោះការឆ្លើយតបមិនបានល្អប្រសើររបស់រដ្ឋាភិបាល។ ហេតុផលជាច្រើនដែលបង្កឱ្យមានផ្សែងអព្ទអាក្រក់ និងអស់ពេលជាយូរមកនេះ គឺបណ្តាលមកពីផ្សែងចេញពីយានយន្តដែលធ្វើចរាចរ ការសាងសង់ច្រើនគ្មានសណ្តាប់ធ្នាប់ ការដុតស្មៅតាមស្រែចម្ការ និងបរិយាកាសពុលចេញពីរោងចក្រនានានៅក្នុងទីក្រុងបាងកក រួមទាំងផ្សែងមកពីការបូជ្ញាសពផងដែរ៕ធ.ដ
-
ប្រជាជនចិនចំណាយប្រាក់កាន់តែច្រើនៗឡើង នាឱកាសពិធីបុណ្យចូលឆ្នាំចិនជិតឈានចូលមកដល់

ចិន៖ កម្មវិធីពិព័រណ៍ជាច្រើនប្រភេទ សម្រាប់ពិធីបុណ្យចូលឆ្នាំចិន នឹងមានរៀបចំឡើងនៅទូទាំងប្រទេសចិន ហើយវានឹងទាក់ទាញអ្នកដើរទិញទំនិញជាច្រើននាក់ ដែលកំពុងត្រៀមខ្លួនអបអរសាទរពិធីបុណ្យរយៈពេល១៥ថ្ងៃនេះ ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នំា២០១៩តទៅ។ ក្រៅពីទំនិញដែលគេតែងទិញសម្រាប់អបអរចូលឆ្នាំចិនទៅ គេក៏ឃើញមានគេលក់ទំនិញនាំចូលជាច្រើនប្រភេទផងដែរ។ ជាក់ស្ដែងនៅឯផ្សារ យីវូ នៅខេត្តជឺជាំង មានផលិតផលប្រហែល៩ម៉ឺនប្រភេទមកពីជាង១០០ប្រទេស និងតំបន់ មានដាក់លក់។ កាលពីពេលថ្មីៗនេះ ពិព័រណ៍រយៈពេល១០ថ្ងៃមួយដែលសម្រាប់ផ្សព្វផ្សាយលក់ទំនិញនាំចូលនៅក្រុងនេះ អាជីវករអាចលក់ទំនិញបានប្រាក់ដល់ទៅ១៩៨លានដុល្លារអាម៉េរិកឯណោះ។ បើនិយាយអំពីការជួបជុំញុំាអាហារពេលល្ងាចវិញ ពលរដ្ឋចិនខ្លះនិយមទៅភោជនីយដ្ឋាន ហើយខ្លះក៏ទិញជាលក្ខណៈខ្ចប់សម្រាប់យកមកពិសារនៅឯផ្ទះជាមួយគ្រួសារ នាឱកាសបុណ្យចូលឆ្នាំចិននេះ៕ធ.ដ
-
ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពាក់ព័ន្ធនឹងករណីបាក់ទំនប់ទឹកនៅប្រទេសប្រេស៊ីល ដែលផ្តាច់ជីវិតមនុស្សកើនដល់៨៤នាក់ និង២៧៦នាក់បន្តបាត់ខ្លួន

ប្រេស៊ីល៖ អាជ្ញាធរប្រេស៊ីលបានធ្វើការចាប់ខ្លួនជនសង្ស័យ០៥នាក់ ដែលមានជាប់ទាក់ទិនទៅនឹងហេតុការណ៍បាក់ទំនប់ទឹកនៅកន្លែងរុករករ៉ែមួយកន្លែង ក្នុងទីក្រុង ប៊្រូម៉ាឌីញ៉ូ រដ្ឋ មីណាស់ ហ្គែរ៉េស ស្របពេលដែលតួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះមហន្តរាយនេះ បានបន្តកើនឡើងដល់៨៤នាក់ និង២៧៦នាក់ផ្សេងទៀតបន្តបាត់ខ្លួន។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឱ្យដឹងថា ទំនប់ខាងលើនេះ ដែលមានផ្ទុកកាកសំណល់គីមីយ៉ាងហោចណាស់១៣លានម៉ែត្រគូបត្រូវគេវាយតម្លៃថា បានបង្កការបំផ្លិចបំផ្លាញលើផ្ទៃដីទំហំប្រហែល១២៥ហិកតា។ ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរប្រស៊ីលក្នុងតំបន់កើតហេតុបានបង្ហាញក្តីព្រួយបារម្ភថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើងខ្ពស់ថែមទៀត ដោយសារតែជនរងគ្រោះប្រមាណ២៧៦នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន បើទោះជាក្រុមសង្រ្គោះក៏បានរកឃើញអ្នកនៅរស់រាន្តមានជីវិតចំនួន១៩២នាក់ផងដែរ៕ធ.ដ
-
ចំនួនមនុស្សស្លាប់កើនជិត១២០នាក់ ក្នុងហេតុការណ៍ផ្ទុះឆេះបំពង់ប្រេងដ៏សម្បើមនៅប្រទេសម៉ិកស៊ិក

ម៉ិកស៊ិក៖ រដ្ឋាភិបាលម៉ិកស៊ិកបានរាយការណ៍នៅថ្ងៃអង្គារ៍នេះថា ចំនួននៃអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះឆេះបំពង់ប្រេងដ៏ធំសម្បើមមួយ នៅឯភាគកណ្តាលប្រទេស ចាប់តាំងពីថ្ងៃទី១៨ ខែមករា កន្លងមកនេះ បានបន្តកើនឡើងដល់១១៧នាក់ហើយ។ ហេតុការណ៍ផ្ទុះបំពង់ប្រេងខាងលើនេះ កើតឡើងនៅចំពេលមនុស្សជាង៨០០នាក់ក្នុងទីក្រុងថ្លា ហឺលីលផេន បាននាំគ្នាប្រមូលប្រេង ដែលធ្លាយចេញពីបំពង់ប្រេង។ ចំពោះមូលហេតុផ្ទុះកំពុងស្ថិតក្រោមការស៊ើបអង្កេត ខណៈមានសេចក្ដីរាយការណ៍ថា ហេតុការផ្ទុះបំពង់ប្រេងនៅឯទីក្រុង ថ្លាហឺលីលផេន នេះ កើតឡើងដោយសារតែក្រុមឧក្រិដ្ឋជនលួចទម្លុះបំពង់ប្រេង ដើម្បីលួចបូមយកប្រេង។ បច្ចុប្បន្នរដ្ឋាភិបាលម៉ិកស៊ិក បាននឹងកំពុងប្តេជ្ញាបង្ក្រាបក្រុមលួចប្រេងរដ្ឋ ដែលបាននាំឲ្យប្រទេសអាម៉េរិកខាងជើងមួយនេះ ខាតបង់ថវិការាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗនោះ៕ធ.ដ
-
សហរដ្ឋអាម៉េរិកបង្ហើបថា រុស្ស៊ីសន្យាផ្តល់រោងចក្រថាមពលនុយក្លេអ៊ែរ បើកូរ៉េខាងជើងព្រមលុបបំបាត់អាវុធប្រល័យលោក

សហរដ្ឋអាម៉េរិក៖ ក្រុមមន្ត្រីអាម៉េរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់កាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍ ថា រុស្ស៊ីបានដាក់សំណើសម្ងាត់មួយទៅកាន់កូរ៉េខាងជើង ដើម្បីដោះស្រាយភាពជាប់គាំងនៃកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ ជុំវិញរឿងនេះដែរ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាម៉េរិក នៅថ្ងៃអង្គារ៍នេះ ក៏បានចេញផ្សាយរបាយការណ៍មួយដែរថា កូរ៉េខាងជើងទំនងជានឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរទាំងស្រុងនោះទេ បើទោះជារដ្ឋបាលលោក ដូណាល់ ត្រាំ អះអាងជាច្រើនលើកថា កិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយលោក គីម ជុងអ៊ុន មានភាពរីកចម្រើនទៅមុខក៏ដោយ។ បើតាមការបញ្ជាក់របស់ក្រុមមន្ត្រីអាម៉េរិកខាងលើនេះ នៅក្នុងសំណើសម្ងាត់នោះ ក្រុមមន្ត្រីរុស្ស៊ីបានសន្យាផ្ដល់រោងចក្រថាមពលនុយក្លេអ៊ែរមួយដល់កូរ៉េខាងជើង ជាថ្នូរនឹងការបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីប។ យ៉ាងណាមិញ ខាងសេតវិមាន និងក្រសួងការបរទេសអាម៉េរិក ក៏ដូចជាភាគីរុស្ស៊ីផ្ទាល់ មិនបានធ្វើអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះទេ៕ធ.ដ
-
មេដឹកនាំវេណេស៊ុយអេឡាចោទថា ប្រធានាធិបតីសហរដ្ឋអាម៉េរិកជាអ្នកបញ្ជាកូឡុំប៊ី និងក្រុមម៉ាហ្វយ៉ាឲ្យធ្វើឃាតខ្លួន

វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ នៅថ្ងៃពុធនេះ បានគូសបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យរដ្ឋាភិបាលកូឡុំប៊ី និងពួកម៉ាហ្វយ៉ា (ក្រុមជនពាល) សម្លាប់រូបលោក។ ការលើកឡើងរបស់លោក ម៉ាឌូរ៉ូ បែបនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា សហរដ្ឋអាម៉េរិក មានគម្រោងបញ្ជូនកងទ័ព៥,០០០នាក់ទៅកូឡុំប៊ី ខណៈមានពាក្យចចាមអារ៉ាមកាន់តែច្រើនថា ក្រុមមន្ត្រីសន្តិសុខអាម៉េរិកជាច្រើន កំពុងពិភាក្សាគ្នាពីផែនការដាក់ពង្រាយយោធា ទៅកាន់បណ្ដាប្រទេសតំបន់អាម៉េរិកឡាទីន ដែលមានព្រំដែនជាប់ និងជុំវិញវេណេស៊ុយអេឡា។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ នៅតែប្រកាន់គោលជំហរថា រូបលោកនឹងបានទទួលការការពារយ៉ាងល្អបំផុតពីប្រជាជនវេណេស៊ុយអេឡា និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់លោក៕ធ.ដ
-
អាកាសយានដ្ឋានអន្តរជាតិឌូបៃ នៅតែទទួលបានអ្នកដំណើរច្រើនជាងគេបង្អស់លើពិភពលោក

អេមីរ៉ាប់អារ៉ាប់រួម៖ អាកាសយានដ្ឋានអន្តរជាតិឌូបៃ នៅតែជាអាកាសយានដ្ឋានអន្តរជាតិជាប់លំដាប់ថ្នាក់លេខ១ ដែលទទួលបានអ្នកដំណើរអន្តរជាតិច្រើនបំផុតលើពិភពលោក ក្នុងនោះកាលពីឆ្នាំ២០១៨ មានមនុស្ស៨៩,១លាននាក់ បានធ្វើដំណើរតាមរយៈអាកាសយានដ្ឋានអន្តរជាតិស្ថិតក្នុងប្រទេសអេមីរ៉ាប់ អារ៉ាប់រួមមួយនេះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីម្សិលមិញ។ បើទោះបីជាមិនសម្រេចគោលដៅក៏ដោយចុះ ការធ្វើដំណើររបស់អ្នកដំណើរឆ្លងកាត់ចំណតអាកាសយានដ្ឋានអន្តរជាតិឌូបៃបានកើនឡើង១ភាគរយ កាលពីឆ្នាំ២០១៨ ប៉ុន្តែគោលដៅរបស់ខ្លួនកំណត់ថា ឲ្យបានដល់ទៅ៩០,១លាននាក់ ជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូង ក្នុងរយៈពេលប្រមាណ១០ឆ្នាំមកនេះ នេះបើតាមការបញ្ជាក់របស់ចំណតអាកាសយានដ្ឋាន។ សូមបញ្ជាក់ថា ចំណតអាកាសយានដ្ឋានអន្តរជាតិឌូបៃ បានជាប់ជាចំណតទទួលបានអ្នកដំណើរតាមយន្តហោះច្រើនជាងគេបង្អស់លើពិភពលោក តាំងតែពីឆ្នាំ២០១៤មកម្ល៉េះ៕ធ.ដ
-
ក្នុងខែមករានេះ វៀតណាមទទួលបានទេសចរអន្តរជាតិ១លាន៥សែននាក់

វៀតណាម៖ វៀតណាមទទួលបានទេសចរអន្តរជាតិប្រមាណ១,៥លាននាក់ ក្នុងខែមករា ២០១៩ នេះបើតាមការិយាល័យស្ថិតិទូទៅ ហៅកាត់ថា GSO ចេញផ្សាយដោយសារព័ត៌មានវៀតណាម នៅថ្ងៃទី៣០ មករានេះ។ ប្រភពថា ទេសចរបរទេសប្រមាណ១លាន៥សែននាក់បានមកដល់ប្រទេសវៀតណាម ក្នុងខែដំបូងនៃឆ្នាំ២០១៩ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនកើនឡើង៥ភាគរយ។ ចំនួនទេសចរអន្តរជាតិក្នុងខែមករានេះ ក៏បង្ហាញពីការកើនឡើង ៩,៣ភាគរយដែរ បើធៀបនឹងកាលពីខែធ្នូ ២០១៨ កើនឡើងខ្លាំង ដោយសារតែជនជាតិវៀតណាមរស់នៅក្រៅប្រទេសច្រើន ដូចជាអឺរ៉ុប អាម៉េរិក និងតំបន់អូសេអានីជាដើម ដោយពួកគេត្រូវត្រលប់មកប្រទេសវិញ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម ឬគេហៅថា Tet។ ម្យ៉ាងទៀត ជាពេលវេលាដែលប្រជាជនក្នុងទ្វីបអឺរ៉ុប និងអាម៉េរិក ត្រូវឈប់សម្រាក ក្នុងសិសិររដូវដែរ៕ធ.ដ
-
រដ្ឋបាលក្រុងញ៉ូវយ៉កពិន័យធនាគារអង់គ្លេសមួយ៤០លានដុល្លារអាម៉េរិក ពាក់ព័ន្ធនឹងផ្សាររូបិយប័ណ្ណបរទេស

សហរដ្ឋអាម៉េរិក៖ នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុនៃរដ្ឋបាលក្រុងញ៉ូវយ៉កនៃសហរដ្ឋអាម៉េរិក ហៅកាត់ថា DFS កាលពីថ្ងៃអៃង្គារម្សិលមិញ បានសម្រេចពិន័យក្រុមហ៊ុនអង់គ្លេសមួយ ក្នុងទំហំទឹកប្រាក់៤០លានដុល្លារអាម៉េរិក ពីបទប៉ុនប៉ងផ្តល់កិច្ចព្រមព្រៀងក្នុងផ្សាររូបិយប័ណ្ណបរទេសដែលខុសច្បាប់ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia។ ស្ថាប័ននេះ បានចេញផ្សាយសេចក្តីថ្លែងការណ៍ថា ខ្លួនបានសម្រេចពិន័យក្រុមហ៊ុន Standard Chartered Plc ដែលគេស្គាល់ថា មានមូលដ្ឋាននៅប្រទេសអង់គ្លេស ក្នុងទំហំទឹកប្រាក់៤០លានដុល្លារអាម៉េរិក ក្រោយរកឃើញថា ក្រុមហ៊ុននេះចង់មានគម្រោងផ្តល់កិច្ចសន្យាមួយពាក់ព័ន្ធនឹងទីផ្សាររូបិយប័ណ្ណបរទេស នៅចន្លោះពីឆ្នាំ២០០៧ ដល់២០១៣។ ជាមួយគ្នានេះដែរ ធនាគារ Standard Chartered Plc មួយនេះបានអះអាងថា ខ្លួនបានព្រមព្រៀងលើសេចក្តីសម្រេចអនុញ្ញាត ឲ្យមានពាណិជ្ជកម្មប្តូរប្រាក់បរទេស និងអាជីវកម្មទិញលក់ តាមរយៈសាច់ប្រាក់បែបនេះមែន ក្នុងអំឡុងពេលពីឆ្នាំ២០០៧ ដល់ ២០១៣មែន ប៉ុន្តែទទួលបរាជ័យ៕ធ.ដ