-
លក់មិនសូវដាច់ ក្រុមហ៊ុនទូរសព្ទកូរ៉េ LG គ្រោងដកខ្លួនចេញពីទីផ្សារប្រទេសហ្វីលីពីន

កូរ៉េខាងត្បូង៖ ក្រុមហ៊ុន LG ត្រូវបានគេដឹងថា កំពុងត្រៀមដកខ្លួនចេញពីទីផ្សារប្រទេសហ្វីលីពីន ពោលគឺ នឹងបញ្ឈប់ដំណើរការអាជីវកម្មតែម្ដង នេះបើតាមការចេញផ្សាយរបស់ gsmarena ថ្មីៗនេះ។ ប្រភពសារព័ត៌មានបានសង្កត់ធ្ងន់ថា ទីផ្សារទូរសព្ទចល័តរបស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះនឹងត្រូវបិទចោល ខណៈម៉ូឌែលចុងក្រោយដែលលេចមុខលើទីផ្សារហ្វីលីពីនគឺ G7 ThinQ។ ទីផ្សារស្មាតហ្វូនរបស់ LG ហាក់មានការធ្លាក់ចុះខ្លាំងក្នុងប្រទេសហ្វីលីន ដែលធ្វើឲ្យមានការខាតបង់ប្រាក់ចំណូលរួមរបស់ក្រុមហ៊ុន បើទោះត្រៀមប្រកាសស្មាតហ្វូនជំនាន់ថ្មី ក្នុងពិព័រណ៍ MWC ឆ្នាំ២០១៩ក៏ដោយ។ ពុំទាន់មានការប្រកាសផ្លូវការចេញពីក្រុមហ៊ុនទេ ពាក់ព័ន្ធនឹងបញ្ហានេះ ប៉ុន្តែប្រភពបន្តថា ប្រសិនបើអតិថិជនចង់ទិញស្មាតហ្វូនជំនាន់ក្រោយរបស់ LG គឺអាចរកទិញបានតាមរយៈឈ្មួញចែកចាយលក់បន្ត តែតម្លៃអាចខ្ពស់បន្តិច៕ធ.ដ
-
សហរដ្ឋអាម៉េរិក និងចិននឹងចាប់ផ្តើមបើកកិច្ចពិភាក្សាស្តីពីពាណិជ្ជកម្មនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីមកពីប្រទេសចិន និងសហរដ្ឋអាម៉េរិក នឹងត្រូវជួបប្រជុំគ្នានៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធសប្តាហ៍នេះ ស្ថិតក្នុងគោលបំណងធ្វើកិច្ចពិភាក្សាអំពីការរំលោភបំពានលើកម្មសិទ្ធិបញ្ញា និងបញ្ហាពាណិជ្ជកម្មផ្សេងៗទៀត។ អ្នកតំណាងជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអាម៉េរិក លោក Robert Lighthizer រដ្ឋមន្រ្តីរតនាគារជាតិអាម៉េរិក លោក Steven Mnuchin និងឧបនាយករដ្ឋមន្រ្តីចិន លោក Liu He នឹងត្រូវដឹកនាំក្រុមប្រតិភូចួលរួមក្នុងកិច្ចប្រជុំទ្វេភាគីនេះ។ គួរបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង និងវ៉ាស៊ីនតោន នៅសល់ពេលមួយខែទៀតប៉ុណ្ណោះ នៅក្នុងការផ្អាកសង្គ្រាមពាណិជ្ជកម្មបណ្តោះអាសន្ន ដែលបានប្រកាសកាលពីខែធ្នូកន្លងទៅ មុនពេលពន្ធរបស់អាម៉េរិកលើទំនិញនាំចូលរបស់ចិនតម្លៃរាប់ពាន់លានដុល្លារ គ្រោងនឹងកើនឡើងយ៉ាងខ្លាំង៕ធ.ដ
-
មេបក្សប្រឆាំងនៅវេណេស៊ុយអេឡា ត្រូវតុលាការកំពូលចេញបម្រាមហាមចេញពីប្រទេស និងបង្កកគណនីធនាគារទាំងអស់

វេណេស៊ុយអេឡា៖ លោក Juan Guaidó មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា ត្រូវបានតុលាការកំពូលសម្រេចដាក់ចេញបម្រាមហាមឃាត់ចេញពីប្រទេស និងបង្កកគណនីធនាគាររបស់លោកទាំងអស់ បើទោះជាមានការព្រមានពីសហរដ្ឋអាម៉េរិកក៏ដោយ។ ទាក់ទិននឹងការដាក់បម្រាមលើលោក Guaidó នេះ ក្រុមមន្ត្រីអាម៉េរិកបានព្រមានថា ជម្រើសដោះស្រាយបញ្ហាគ្រប់យ៉ាង គឺស្ថិតលើតុរួចជាស្រេច។ លោក Guaidó ត្រូវបានសហរដ្ឋអាម៉េរិក និងលោកខាងលិចគាំទ្រ រីឯលោក ម៉ាឌូរ៉ូ មានចិន និងរុស្ស៊ី ជាខ្នងបង្អែក។ ការសម្រេចចិត្តរបស់តុលាការកំពូល ដែលស្មោះស្ម័គ្រនឹងលោក ម៉ាឌូរ៉ូ ខាងលើនេះ ធ្វើឡើងនៅថ្ងៃអង្គារ៍ សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ក្រោយអគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡា លោក Tarek William Saab បានដាក់សំណើមួយឱ្យចាត់វិធានការប្រឆាំងនឹងលោក Guaidó ៕ធ.ដ
-
ក្រសួងការបរទេសចិន៖ ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកនឹងបំផ្លាញការរស់នៅរបស់ប្រជាជនវេណេស៊ុយអេឡា

ចិន៖ ប្រទេសចិន តាមរយៈក្រសួងការបរទេសរបស់ខ្លួន នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានសម្ដែងការជំទាស់យ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាម៉េរិកប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មនេះ មានតែបំផ្លាញការរស់នៅរបស់ប្រជាជនវេណេស៊ុយអេឡាប៉ុណ្ណោះ។ បើតាមក្រសួងរតនាគារជាតិអាម៉េរិក ផ្អែកលើទណ្ឌកម្មចុងក្រោយនេះ រាល់ទ្រព្យសម្បត្តិ ឬភាគហ៊ុនរបស់ PDVSA ដែលស្ថិតនៅក្រោមយុត្ថាធិការអាម៉េរិកនឹងត្រូវបង្កកទុក ហើយរាល់ប្រជាជនអាម៉េរិកទាំងអស់មិនអាចធ្វើពាណិជ្ជកម្ម ឬចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននេះបានឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានថ្លែងនៅក្នុងសន្និ សីទសារព័ត៌មានមួយថា ទីក្រុងប៉េកាំងនៅតែទទួលស្គាល់លោក នីកូឡាស់ ម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់តែមួយគត់របស់វេណេស៊ុយឡា ហើយថា ចិនជឿជាក់ថា ទណ្ឌកម្មអាម៉េរិកមានតែបំផ្លាញការរស់នៅរបស់ប្រជាជនវេណេស៊ុយអេឡាតែប៉ុណ្ណោះ ហើយទីក្រុងវ៉ាស៊ីនតោននឹងត្រូវទទួលខុសត្រូវលើផលវិបាកទាំងឡាយដែលកើតចេញពីការដាក់ទណ្ឌកម្មនេះ៕ធ.ដ
-
រដ្ឋាភិបាលប៉ាឡេស្ទីនប្រកាសជាផ្លូវការ អំពីការដាក់ពាក្យសុំលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តីទៅកាន់ប្រធានាធិបតី

ប៉ាឡេស្ទីន៖ យោងតាមសេចក្តីថ្លែងការណ៍របស់គណៈរដ្ឋមន្រ្តីបានបញ្ជាក់ថា រដ្ឋាភិបាលប៉ាឡេស្ទីនបានប្រកាសជាផ្លូវការ អំពីការលាលែងរបស់នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Rami Hamdallah ទៅកាន់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas នៅថ្ងៃអង្គារ៍នេះ ខណៈការសម្រេចចិត្តនេះ ត្រូវបានគេរំពឹងថានឹងបង្កភាពស្មុគស្មាញដល់ការផ្សះផ្សាជាមួយក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលប៉ាឡេស្ទីន លោក Hamdallah និងគណៈរដ្ឋមន្ត្រីរបស់លោកក៏បានស្វាគមន៍ផងដែរចំពោះការបង្កើតរដ្ឋាភិបាលថ្មី។ ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនរូបនេះ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោក Abbas បានស្នើឱ្យលោកចុះចេញពីតំណែង ប៉ុន្តែលោក និងគណៈរដ្ឋមន្ត្រីនឹងបន្តការងារដដែល រហូតដល់រដ្ឋាភិបាលថ្មីត្រូវបង្កើតឡើង។ គួរជម្រាបថា លោក Hamdallah បានកាន់ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ាឡេស្ទីនកាលពីឆ្នាំ២០១៥ ហើយលោកក៏ជាអ្នក ជាដឹកនាំកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាជាមួយក្រុមហាម៉ាស់ ដែលបានកាន់កាប់តំបន់ហ្កាហ្សាតាំងពីឆ្នាំ២០០៧មក៕ធ.ដ
-
ស៊ីរី និងអ៊ីរ៉ង់ ឯកភាពចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ច ដើម្បីស្តាហេដ្ឋារចនាសម្ព័ន្ធប្រទេសស៊ីរីឡើងវិញ

ស៊ីរី៖ ស្ថិតក្នុងគោលបំនងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើងនោះ រដ្ឋាភិបាលស៊ីរី និងអ៊ីរ៉ង់ បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាចំនួន១១ ក្នុងនោះរួមមានទាំងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រសេដ្ឋកិច្ចរយៈពេលវែង។ ការចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ចដំបូងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីស្ថានការណ៍នៅស៊ីរីកាន់តែល្អប្រសើរ ដោយសង្គ្រាមកាន់តែផុតរលត់ទៅបន្តិចម្តងៗ ហើយប្រជាជនដែលភៀសខ្លួននោះ ក៏បានចាប់ផ្តើមត្រឡប់មកស្រុកកំណើតពួកគេវិញជាបណ្តើរៗផងដែរ។ កិច្ចព្រមព្រៀងខាងលើ ត្រូវបានចុះហត្ថលេខាដោយអនុប្រធានាធិបតីទី១អ៊ីរ៉ង់លោក អ៊ីហ្សេក ហ្សាហានគីរី នៅអំឡុងពេលបំពេញទស្សនកិច្ចក្នុងទីក្រុងដាម៉ាស់ នៅថ្ងៃចន្ទនេះ ខណៈកិច្ចព្រមព្រៀងនេះទៀតសោត គឺផ្ដោតសំខាន់លើសេដ្ឋកិច្ច វប្បធម៌ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ និងលំនៅឋានជាដើម ហើយវាក៏នឹងចូលរួមចំណែកផងដែរ ក្នុងការស្ដាប្រទេសស៊ីរីឡើងវិញ៕ម.ន
-
គ្រោះរញ្ជួយដីក្នុងកម្រិត៥,៣រ៉ិកទ័រវាយប្រហារប្រទេសជប៉ុន ប៉ុន្តែមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិឡើយ

ជប៉ុន៖ គ្រោះរញ្ជួយដីកម្រិតមធ្យម៥,៣ រ៉ិកទ័របានធ្វើការវាយប្រហារប្រជុំកោះ ឈីបបា ប៉ុន្តែពុំមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិឡើយ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារអាកាសធាតុជប៉ុននៅក្នុងថ្ងៃ អង្គារ៍នេះ។ រហូតមកទល់ពេលនេះ ពុំទាន់មានសេចក្តីរាយការណ៍អំពីទំហំនៃការខូតខាត ឬមនុស្សរងរបួស ដោយសារគ្រោះមហន្តរាយការណ៍ខាងលើនៅឡើយទេ។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន JMA បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅម៉ោង១២និង៤២នាទីថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) នៅឯតំបន់ ឆ្នេរសមុទ្រភាគខាងកើតប្រជុំកោះ ឈីបបា ជាមួយនឹងជម្រៅ៤០គីឡូម៉ែត្រទៅក្នុងដី។ ស្របពេលជាមួយគ្នានេះដែរ ក្រុមឃ្លំាមើលថាមពលនុយក្លេអ៊ែររបស់ជប៉ុន ក៏មិនបានរាយការណ៍អំពីផលប៉ះពាល់ដល់រោងចក្រនុយក្លេអ៊ែរនៅក្នុងតំបន់ផងដែរ ក្នុងនោះរួមមានរោងចក្រថាមពលនុយក្លេអ៊ែរ ហាម៉ាអូកា នៅប្រជុំកោះ ស៊ីហ្ស៊ូកា ឬក៏រោងចក្រថាមពលនុយក្លេអ៊ែរ ត្កៃ នៅប្រជុំកោះ អ៊ីបារ៉ាគី ៕ធ.ដ
-
កូរ៉េខាងត្បូងបរាជ័យក្នុងការបង្កើតភ្លៀងសិប្បនិម្មិត ដោះស្រាយបញ្ហាការបំពុលខ្យល់

កូរ៉េខាងត្បូង៖ សារព័ត៌មាន scmp បានចេញផ្សាយកាលពីម្សិលមិញថា កូរ៉េខាងត្បូងបានព្យាយាមបង្កើតភ្លៀងសិប្បនិម្មិតដើម្បីដោះស្រាយបញ្ហាការបំពុលខ្យល់ក្នុងប្រទេសនេះ ប៉ុន្តែបែរជាទទួលបរាជ័យទៅវិញ។ ការសាកល្បង ខណៈដែលការបំពុលខ្យល់អាកាសបានបង្កឲ្យមានការព្រួយបារម្ភខ្លាំងសម្រាប់ប្រជាជនកូរ៉េខាងត្បូងដែលចាប់ផ្ដើមកើតឡើង កាលពីដើមខែមករា ២០១៩មកម្ល៉េះ។ ដើម្បីដោះស្រាយបញ្ហា រដ្ឋាភិបាលបានសម្រេចបង្កើតភ្លៀងសិប្បនិម្មិត ក្នុងនោះ អាជ្ញាធរជំនាញបានបញ្ជូនយន្ដហោះទៅកាន់អាកាសដើម្បីបាចសារធាតុម្យ៉ាង គេហៅថា silver iodide ឬ អ៊ីយ៉ូតប្រាក់ ហើយសង្ឃឹមថានឹងមានភ្លៀងធ្លាក់ ប៉ុន្តែទទួលបរាជ័យ ហើយត្រូវបានជូនដំណឹងពីបរាជ័យនេះ កាលពីម្សិលមិញ។ រដ្ឋាភិបាលកូរ៉េខាងត្បូង ក្រោមរដ្ឋបាលដឹកនាំរបស់លោកប្រធានាធិបតី Moon Jae-in កំពុងណែនាំឲ្យមន្ត្រីយកចិត្តទុកដាក់ខ្ពស់ដើម្បីរកវិធីដោះស្រាយបញ្ហានេះ ដោយលោកចាត់ទុកថាជាគ្រោះធម្មជាតិ។ សូមរម្លឹកថា កាលពីឆ្នាំមុន កូរ៉េខាងត្បូងបានបិទរោងចក្រថាមពលដើរដោយធ្យូងថ្មចំនួន៥ ដើម្បីចូលរួមពង្រឹងគុណភាពខ្យល់ក្នុងប្រទេស៕ធ.ដ
-
ប្រទេសថៃរំពឹងថា ទទួលទេសចរអន្តរជាតិជាង៤១លាននាក់ មានចំណូលជិត៧ម៉ឺនលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៩

ថៃ៖ ថៃរំពឹងថា ទេសចរអន្តរជាតិ៤១,១លាននាក់ នឹងមកកម្សាន្តនៅក្នុងប្រទេសនេះ សម្រាប់ឆ្នាំ២០១៩ ដោយនឹងទទួលចំណូលមានប្រមាណ២,២១ទ្រីលានបាត ឬ ៦៩៩៤៤ ២៩០ ០០០ ដុល្លារអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៩ មករា ២០១៩នេះ ដោយបានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីទេសចរ និងកីឡានៃប្រទេសថៃ។ លោក Weerasak Kowsurat បាននិយាយដែរថា ថៃគឺជាប្រទេសដែលទទួលបានការចាប់អារម្មណ៍មកលេងដ៏ធំលំដាប់ទី៤ នៅលើពិភពលោក ដោយកាលពីឆ្នាំ២០១៨ មានទេសចរអន្តរជាតិ៣៨,១លាននាក់ បានមកដល់ទឹកដីថៃ ដែលបាននាំចំណូកប្រមាណ២,០១ទ្រីលានបាត ហើយគ្រោងនឹងកើនឡើងពី ៧,៥ភាគរយ ទៅ១០ភាគរយ នៅឆ្នាំ២០១៩។ សារព័ត៌មានបាងកកប៉ុស្តិ៍បានឲ្យដឹងដែរថា ជាមួយនឹងចំណូលចូលជាតិជិត៧ម៉ឺនលានដុល្លារអាម៉េរិក ក្នុងវិស័យទេសចរណ៍នេះ ធ្វើឲ្យថៃនៅតែបន្តក្លាយជាប្រទេសរីកលូតលាស់សេដ្ឋកិច្ចពឹងលើវិស័យទេសចរណ៍ខ្លាំងទៀត ក្នុងឆ្នាំនេះ៕ម.ន
-
តំបន់ខ្លះនៅប្រទេសចិន ចាប់ផ្តើមតុបតែងលម្អអបអរសាទរបុណ្យចូលឆ្នាំថ្មីហើយ

ចិន៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិននានា បានឲ្យដឹងថា ពេលនេះ នៅតំបន់មួយចំនួនក្នុងប្រទេសចិនចាប់ផ្តើមតុបតែងលម្អផ្ទះ ឬនៅតាមទីតាំងផ្សេងៗ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន នាពេលខាងមុខនេះ។ តាមដងផ្លូវក្រុងហុងកុងត្រូវបានតុបតែងលម្អដោយរូបសត្វជ្រូកស្អាតៗ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតចូលមកដល់ អ្នកក្រុងChongqing ជាច្រើនបាននាំគ្នាទៅទិញទំនិញសម្រាប់អបអរបុណ្យចូលឆ្នាំថ្មី មានទាំងផ្ទាំងក្រដាសសរសេរពាក្យជូនពរ និងចង្កៀងគោមសម្រាប់តុបតែងជាដើម។ បន្ទាប់ពីបានចំណាយពេលអស់៣ខែ សួនទឹកផុសBaotuquan ក្រុង Jinan ត្រូវបានតុបតែងលម្អដោយចង្កៀងគោមគ្រប់ពណ៌ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន៕ម.ន