Category: ព័ត៌មានអន្តរជាតិ

  • ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណិចិនឆ្នាំនេះ អាកាសយានដ្ឋានសុវណ្ណភូមិរបស់ថៃ រំពឹងទទួលបានអ្នកធ្វើដំណើរ២,៦លាននាក់

    ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណិចិនឆ្នាំនេះ អាកាសយានដ្ឋានសុវណ្ណភូមិរបស់ថៃ រំពឹងទទួលបានអ្នកធ្វើដំណើរ២,៦លាននាក់

    ថៃ៖ សារព័ត៌មាន បាងកក ប៉ុស្តិ៍ បានចុះផ្សាយថា អាកាសយានដ្ឋានសុវណ្ណភូមិ ត្រូវបានគេព្យាករណ៍ថា នឹងទទួលបានក្រុមអ្នកធ្វើដំណើរឆ្លងកាត់ប្រមាណ២,៦លាននាក់ នៅអំឡុងពេលនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នាពេលខាងមុខនេះ។ ប្រភពដដែលបានឱ្យដឹងទៀតថា នឹងមានជើងហោះហើរចំនួន១៤,៧០៥ជើង នឹងហោះហើរចេញ និងចូលអាកាសយានដ្ឋានសុវណ្ណភូមិ នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិននាពេលខាងមុខ ឬក៏មានការកើនឡើង៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ជាមួយគ្នានេះ លោក Suthirawat Suwannawat ប្រធានអាកាសយានដ្ឋានសុវណ្ណភូមិ បានបញ្ជាក់ថា ការប៉ាន់ស្មាននេះ បានបង្ហាញថា នឹងមានការកើនឡើង៣,៣ភាគរយ នៅក្នុងចរាចរនៃអ្នកធ្វើដំណើរនៅអាកាសយាន្តដ្ឋាន នាអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ លោកបានបន្ថែមទៀតថា ដើម្បីឆ្លើយតបនឹងកំណើនក្រុមអ្នកធ្វើដំណើរនោះ រូបលោកបានស្នើឲ្យក្រុមអ្នកធ្វើដំណើរប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យ ចូល (Check-In) ដោយស្វ័យប្រវត្តិ ដែលបានដាក់ឲ្យដំណើរការនៅអាកាសយានដ្ឋាននោះស្រាប់៕ធ.ដ

  • ហេតុការណ៍បាក់ទំនប់ទឹកនៅប្រទេសប្រេស៊ីល ចំនួនអ្នកស្លាប់កើនដល់៩៩នាក់ និង២៥៩នាក់ទៀតបន្តបាត់ខ្លួន

    ហេតុការណ៍បាក់ទំនប់ទឹកនៅប្រទេសប្រេស៊ីល ចំនួនអ្នកស្លាប់កើនដល់៩៩នាក់ និង២៥៩នាក់ទៀតបន្តបាត់ខ្លួន

    ប្រេស៊ីល៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារហេតុការណ៍បាក់ទំនប់ទឹកនាតំបន់រុករករ៉ែមួយកន្លែង នៅរដ្ឋ មីណាស់ ហ្គែរេស ភាគអាគ្នេយ៍ប្រទេស បានបន្តកើនឡើងដល់៩៩នាក់ហើយ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរប្រេស៊ីល នៅក្នុងថ្ងៃពុធម្សិលមិញ។ ស្របពេលជាមួយគ្នានោះដែរ មនុស្សសរុប២៥៩នាក់ផ្សេងទៀតនៅតែបន្តស្ថិតក្នុងបញ្ជីនៃជនបាត់ខ្លួន ខណៈចំនួនមនុស្សបាត់បង់កន្លែងជ្រកកោនបានកើនឡើងពីចំនួន១៣៥នាក់ ទៅដល់១៧៥នាក់ ហើយជនរងគ្រោះភាគច្រើនក្នុងមហន្តរាយដ៏អាក្រក់នេះ គឺជាបុគ្គលិកនៃក្រុមហ៊ុនរុករករ៉ែ វ៉ាល់ ដែលជាម្ចាស់ទំនប់ខាងលើ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ទំនប់រ៉ែដែលមានផ្ទុកកាកសំណល់គីមីយ៉ាងហោចណាស់១៣លានម៉ែត្រគូប ត្រូវគេវាយតម្លៃថា បានបង្កការបំផ្លិចបំផ្លាញលើផ្ទៃដីទំហំប្រហែល១២៥ហិកតា។ ដោយឡែកនៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ ប៉ូលិសប្រេស៊ីលក៏បានចាប់ខ្លួនមនុស្សចំនួន០៥នាក់ផងដែរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ជុំវិញការទទួលខុសត្រូវលើករណីបាក់ទំនប់ទឹកនេះ៕ធ.ដ

  • ព្រះមហាក្សត្រថ្មីរបស់ម៉ាឡេស៊ី នឹងប្រារព្ធពិធីឡើងគ្រងរាជសម្បត្តិជាផ្លូវការនៅថ្ងៃព្រហស្បត្តិ៍នេះ

    ព្រះមហាក្សត្រថ្មីរបស់ម៉ាឡេស៊ី នឹងប្រារព្ធពិធីឡើងគ្រងរាជសម្បត្តិជាផ្លូវការនៅថ្ងៃព្រហស្បត្តិ៍នេះ

    ម៉ាឡេស៊ី៖ សារព័ត៌មាន ឆាណែល ញ៊ូអេស៊ា បានចុះផ្សាយថា ព្រះមហាក្សត្រថ្មីរបស់ម៉ាឡេស៊ីនឹងឡើងគ្រងរាជសម្បត្តិជាផ្លូវការហើយ នៅក្នុងថ្ងៃព្រហស្បតិ៍តនេះ សម្រាប់មួយអាណត្តិរបស់ទ្រង់ ដែលមានរយៈពេល៥ឆ្នាំ។ ព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ ស៊ុលតង់ អាម៉េដ ហ្សាហ៍ នឹងចូលរួមពិធីស្បថឡើងគ្រងរាជ្យនៅព្រះរាជវាំង ដោយមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាំម៉ាត់ ជាអ្នកអានពាក្យសម្បថនៅព្រឹកថ្ងៃព្រហស្បតិ៍តនេះ។ ព្រះចៅ អាប់ឌុលឡាហ៍ មានព្រះជន្មាយុ៥៩ព្រះវស្សា ត្រូវឡើងគ្រងរាជ្យបន្តពីព្រះមហាក្សត្រ មូហាំម៉េដទី៥ មកពីរដ្ឋខេឡាន់តាន់ ក្រោយការសោយរាជ្យបានតែ០២ឆ្នាំ និងជាព្រះមហាក្សត្រដំបូងគេ ដែលបានដាក់រាជ្យក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី។ សូមជម្រាបផងដែរថា ព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ ស៊ុលតង់ អាម៉េដ ហ្សាហ៍ មកពីរដ្ឋ ផាហាង ត្រូវបានបោះឆ្នោតជ្រើសតាំងជាព្រះមហាក្សត្រម៉ាឡេស៊ីថ្មី កាលពីសប្ដាហ៍មុន ដោយសមាជិកគ្រួសាររាជវង្សនៃប្រទេស បន្ទាប់ពីការប្រកាសដាក់រាជ្យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ព្រះមហាក្សត្រអង្គមុន កាលពីពេលថ្មីៗកន្លងទៅនេះ៕ធ.ដ

  • ប្រមុខការទូតសហរដ្ឋអាម៉េរិកបង្ហើបថា ជំនួបកំពូលលើកទី០២របស់លោក ត្រាំ និងលោក គីម គ្រោងរៀបចំធ្វើឡើងនៅក្នុងតំបន់អាស៊ី

    ប្រមុខការទូតសហរដ្ឋអាម៉េរិកបង្ហើបថា ជំនួបកំពូលលើកទី០២របស់លោក ត្រាំ និងលោក គីម គ្រោងរៀបចំធ្វើឡើងនៅក្នុងតំបន់អាស៊ី

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយនៅថ្ងៃពុធនេះថា រូបលោកបានបញ្ជូនក្រុមការងារទៅធ្វើការរៀបចំសម្រាប់កិច្ចប្រជុំកំពូលលើកទី០២រវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលគ្រោងធ្វើឡើងនៅក្នុងតំបន់អាស៊ី នាចុងខែកុម្ភៈខាងមុខ។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន ហ្វុកញ៊ូ ឆាណែល លោក ប៉ុមប៉េអូ បាននិយាយថា ខាងភាគីកូរ៉េខាងជើងបានព្រមព្រៀងគ្នារួចរាល់ហើយថា ជំនួបកំពូលលើកទី០២រវាងមេដឹកនំាប្រទេសទាំងពីរ នឹងត្រូវធ្វើឡើងនៅដំណាច់ខែកុម្ភៈ ឆ្នាំ២០១៩នេះ ហើយថា ពួកយើងនឹងរៀបចំវានៅក្នុងប្រទេសនៅតំបន់អាស៊ី ប៉ុន្តែប្រមុខការទូតអាម៉េរិករូបនេះ បានមិនបញ្ជាក់ថាតើប្រទេសអាស៊ីណាមួយនោះទេ។ យ៉ាងណាមិញ ប្រទេសវៀតណាម តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី លី ធី ធូ ហាង បានបញ្ជាក់កាលពីសប្តាហ៍មុនថា ទីតាំង និងពេលវេលាសម្រាប់កិច្ចប្រជុំកំពូលនេះ នឹងត្រូវសម្រេចដោយប្រទេសទាំងពីរ ក៏ប៉ុន្តែវៀតណាមរីករាយក្នុងការចូលរួមចំណែកវិជ្ជមាន ដើម្បីលើកកម្ពស់កិច្ចសន្ទនា ព្រមទាំងរក្សាសន្តិសុខ សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ៕ធ.ដ

  • លោក ដូណាល់ ត្រាំ ជំរុញឲ្យបញ្ចប់ការចូលរួមរបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសយ៉េមែន

    លោក ដូណាល់ ត្រាំ ជំរុញឲ្យបញ្ចប់ការចូលរួមរបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសយ៉េមែន

    សហរដ្ឋអាម៉េរិក៖ សមាជិកសភាអាម៉េរិកនៅថ្ងៃពុធនេះ បាននិយាយថា ពួកគេរំពឹងថា សភានឹងអនុម័តលើដំណោះស្រាយបញ្ចប់ការចូលរួមរបស់សហរដ្ឋអាម៉េរិក នៅក្នុងវិបត្តិសង្គ្រាមយ៉េមែន ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងចេញការជំទាស់លើកដំបូងរបស់លោក ដើម្បីបន្តគាំទ្រកងកម្លាំងចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ សមាជិកព្រឹទ្ធសភា និងអ្នកតំណាងមកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ បានបញ្ជាក់នៅក្នុងថ្ងៃពុធនេះថា ពួកគេបានណែនំាឡើងវិញនូវដំណោះស្រាយបញ្ចប់សង្គ្រាម ដែលបានអនុម័តដោយព្រឹទ្ធសភាក្នុងសំឡេង៥៦ ទល់នឹង៤១សំឡេង កាលពីខែធ្នូកន្លងទៅ និងបានស្តីបន្ទោសលោក ត្រាំ ពាក់ព័ន្ធនឹងការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតនៅយ៉េមែន ដែលផ្តាច់ជីវិតមិនត្រឹមតែពួកឧទ្ទាមនោះទេ តែថែមទាំងជនស៊ីវិលស្លូតត្រង់ផងដែរ ជាពិសេសការស្លាប់របស់លោក ចាម៉ាល់ ខាហ្សូកជី នៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំប្រទេសតួកគី។ ទន្ទឹមគ្នានោះដែរ សមាជិកសភាដែលជាសម្ព័ន្ធមិត្តរបស់គណបក្សប្រជាធិបតេយ្យ និងអ្នកអភិរក្សរដ្ឋធម្មនុញ្ញនិយមនៃគណបក្សសាធារណរដ្ឋ បានបង្ហាញការព្រួយបារម្ភអំពី គ្រោះមហន្តរាយមនុស្សធម៌ ដែលអាចនឹងកើតឡើងនៅក្នុងប្រទេសយ៉េមែន ប៉ុន្តែបានបញ្ជាក់ថា ពួកគេចង់ឱ្យសភាធ្វើការអះអាងឡើងវិញនូវសិទ្ធិអំណាចរបស់ខ្លួន ដើម្បីសម្រេចថាតើសហរដ្ឋអាម៉េរិកគួរតែចួលរួមនៅក្នុងជម្លោះយោធា ឬយ៉ាងណា៕ធ.ដ

  • ថៃនឹងហាមមិនឲ្យមានការបង្កើតរោងចក្រផលិតដែកបន្ថែម

    ថៃនឹងហាមមិនឲ្យមានការបង្កើតរោងចក្រផលិតដែកបន្ថែម

    ថៃ៖ សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយថា គម្រោងបង្កើតរោងចក្រផលិតដែកថ្មីៗនឹងត្រូវហាមឃាត់មិនឲ្យមាននៅក្នុងប្រទេសថៃ សម្រាប់រយៈពេល៥ឆ្នាំទៀត ដើម្បីកាត់បន្ថយការប្រើប្រាស់ក្នុងស្រុក នេះបើតាមសេចក្តីព្រាងច្បាប់មួយរបស់ក្រសួងឧស្សាហកម្ម ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តហើយ កាលពីពេលថ្មីៗនេះ។ សូមបញ្ជាក់ថា រោងចក្រផលិតដែកនៅប្រទេសថៃអាចផលិតបានដែក៩លានតោន ក្នុង១ឆ្នាំ ខណៈដែលតម្រូវការប្រើប្រាស់ក្នុងប្រទេសមានប្រមាណ៣,៤៥លានតោន ក្នុង១ឆ្នាំ។ លោក Somchai Harnhirun រដ្ឋមន្រ្តីស្តីទីក្រសួងឧស្សាហកម្មបាននិយាយថា ក្រសួងនឹងប្រកាសច្បាប់នេះ ជាផ្លូវការ ឆាប់ៗខាងមុខនេះ។ ក្រសួងសង្ឃឹមថា ច្បាប់នេះនឹងជួយដល់ឧស្សាហកម្មដែកក្នុងស្រុក។ កាលពីប៉ុន្មានឆ្នាំមុន សហគ្រាសផលិតដែកក្នុងស្រុករបស់ថៃ បានទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហារោងចក្រផលិតដែកលើសលុប ខណៈដែលឧស្សាកម្មនេះ កំពុងស្ថិតក្រោមការគម្រាមកំហែងពីការនាំចូលដែកដ៏មានឥទ្ធិពលរបស់ចិន៕ធ.ដ

  • ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla រំពឹងថានឹងចំណេញច្រើននៅឆ្នាំ២០១៩

    ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla រំពឹងថានឹងចំណេញច្រើននៅឆ្នាំ២០១៩

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc ថ្វីត្បិតទទួលបានចំណេញតិចតួច កាលពីឆ្នាំ២០១៨ក៏ដោយ ខ្លួនបានបង្ហាញពីក្តីសង្ឃឹមកាលពីម្សិលមិញថា នឹងចំណេញច្រើនវិញ នៅគ្រប់ត្រីមាសក្នុងឆ្នាំ២០១៩នេះ ប៉ុន្តែទទួលស្គាល់ថា ការកាត់បន្ថយឥណទានពន្ធរបស់អាម៉េរិកនៅឆ្នាំ២០១៩ នឹងកាត់បន្ថយការលក់។ ភាគហ៊ុនរបស់ក្រុមហ៊ុនអាម៉េរិកដែលដឹកនាំដោយ លោក Elon Musk មួយនេះបានធ្លាក់ចុះ២,១ភាគរយ ក្រោយពេលប៉ុន្មានម៉ោង មានការបញ្ជាក់ថា ការចំណេញនៅត្រីមាសទី៤របស់ខ្លួនបានខុសពីការរំពឹងទុករបស់កាសែត Wall Street។ ក្រុមហ៊ុននេះ កំពុងបោះជំហានដឹកជញ្ជូន Model 3 របស់ខ្លួនទៅអឺរ៉ុប និងអាស៊ី ពីរដ្ឋកាលីហ្វ័រញ៉ា។ ដើម្បីកាត់បន្ថយការចំណាយ និងពេលវេលាដឹកញ្ជូននោះ Tesla មានគម្រោងបង្កើតរោងចក្រមួយ នៅប្រទេសចិន ដោយសង្ឃឹមថា នឹងផលិតរថយន្តបាន៥០ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ៕ធ.ដ

  • ចំណូលរបស់ក្រុមហ៊ុន Apple ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៨ ធ្លាក់ចុះ៥%

    ចំណូលរបស់ក្រុមហ៊ុន Apple ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៨ ធ្លាក់ចុះ៥%

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Apple បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសចុងក្រោយឆ្នាំ២០១៨ ហើយក៏ជារបាយការណ៍ក្នុងត្រីមាសដំបូងសម្រាប់ឆ្នាំ២០១៩ ក្នុងនោះ រកចំណូលបានសរុប៨៤,៣ ពាន់លានដុល្លារ ធ្លាក់ចុះ ៥% បើធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន នេះបើតាមការចេញផ្សាយរបស់គេហទំព័ររបស់ Apple ផ្ទាល់។ ប្រភពឲ្យដឹងដែរថា ចំណូលបានពីការលក់ iPhone មានការធ្លាក់ចុះ ១៥% ដោយលក់បាន ៥១,៩ ពាន់លានដុល្លារ ធៀបនឹងឆ្នាំមុនលក់បាន ៦១,១ ពាន់លានដុល្លារ។ ដោយឡែកចំណូលបានពីការលក់ផលិតផលដទៃ និងសេវាកម្មមានការកើនឡើងគួរឲ្យកត់សម្គាល់។ ចំណូលពីការលក់ iPad បានកើនឡើង១៧%, ចំណូលពីការលក់កុំព្យូទ័រ Mac កើនឡើង ៩% និងចំណូលពីការលក់ផលិតផលផ្សេងទៀតកើនឡើង៣៣%។ មើលលើប្រាក់ចំណេញវិញ នៅត្រីមាសដដែលនេះ Apple អាចរកបាន ១៩,៩៦ ពាន់លានដុល្លារ ខណៈឆ្នាំកន្លងទៅអាចរកបាន ២០,០៦ ពាន់លានដុល្លារ៕ធ.ដ

  • សហរដ្ឋអាម៉េរិក បង្ហាញការគាំទ្រដល់មេដឹកនាំបក្សប្រឆាំងវ៉េណេហ្ស៊ូអេឡា

    សហរដ្ឋអាម៉េរិក បង្ហាញការគាំទ្រដល់មេដឹកនាំបក្សប្រឆាំងវ៉េណេហ្ស៊ូអេឡា

    សហរដ្ឋអាម៉េរិក៖ សេតវិមានបានលើកឡើងថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើកិច្ចសន្ទនាតាមទូរសព្ទជាមួយលោក Juan Guaido មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា នៅថ្ងៃពុធនេះ ដើម្បីបង្ហាញការគាំទ្រចំពោះការប្រកាសរបស់លោក Guaido ក្នុងតំណែងជាប្រធានាធិបតី។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានទទួលស្គាល់សេចក្តីប្រកាសរបស់លោក Guaido ដើម្បីដឹកនាំប្រទេសវេណេហ្សូអេឡា ប៉ុន្តែប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ដែលនៅតែបន្តគ្រប់គ្រងលើកម្លាំងយោធា និងប៉ូលិស បាននិយាយថា លោក Guaido គឺជាផ្នែកមួយនៃផែនការរដ្ឋប្រហារ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក។ ស្របពេលជាមួយគ្នានេះដែរ តុលាការជាន់ខ្ពស់គាំទ្ររដ្ឋាភិបាលបានហាមឃាត់សកម្មភាពលោក Juan Guaido ដែលកំពុងអំពាវនាវឱ្យមានការតវ៉ាទ្រង់ទ្រាយធំតាមដងផ្លូវប្រឆាំងលោក Maduro នៅសប្ដាហ៍នេះ ប្រសើរជាងរត់ចេញទៅក្រៅប្រទេស៕ធ.ដ

  • ជប៉ុននឹងមានប្រព័ន្ធប្រឆាំងមីស៊ីលដ៏ទំនើបចំនួន២គ្រឿង ក្រោយសហរដ្ឋអាម៉េរិកយល់ព្រមលក់ក្នុងតម្លៃ២,១៥ពាន់លានដុល្លារ

    ជប៉ុននឹងមានប្រព័ន្ធប្រឆាំងមីស៊ីលដ៏ទំនើបចំនួន២គ្រឿង ក្រោយសហរដ្ឋអាម៉េរិកយល់ព្រមលក់ក្នុងតម្លៃ២,១៥ពាន់លានដុល្លារ

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងតូក្យូនឹងមានប្រព័ន្ធប្រឆាំងមីស៊ីល ដែលហៅថា AEGIS Ashore ចំនួន២គ្រឿង បន្ទាប់ពីក្រសួងការបរទេសអាម៉េរិក បានផ្តល់ភ្លើងខៀវដល់គម្រោងលក់វា ក្នុងតម្លៃ២,១៥ពាន់លានដុល្លារ។ ប្រព័ន្ធ AEGIS Ashore គឺជាប្រភេទដាក់ពង្រាយនៅលើដីគោកនៃប្រព័ន្ធប្រឆាំងមីស៊ីលស្នូលរបស់ទ័ពជើងទឹកអាម៉េរិក ដែលជប៉ុនមានរួចស្រេចទៅហើយ នៅលើនាវាពិឃាតមួយចំនួនរបស់ខ្លួន។ ប្រព័ន្ធនេះដែរ នឹងមានសមត្ថភាពបាញ់មីស៊ីលប្រភេទ SM-3 Block IIA/Block IB នៅពេលពួកវាត្រូវដាក់ពង្រាយនៅអំឡុងឆ្នាំ២០២៣ ហើយនឹងមានការប្រើមីស៊ីលប្រភេទល្បឿនលឿនជាងសំឡេង SM-6 តាមក្រោយថែមទៀត ខណៈខេត្ត Akita និង Yamaguchi ត្រូវគេរំពឹងថា នឹងជាទីតាំងសម្រាប់បំពាក់ប្រព័ន្ធនេះ៕ធ.ដ