-
ក្រុមហ៊ុនដំឡើង iPhone បន្តចាកចេញពីចិន ទៅសាងសង់រោងចក្រថ្មីនៅវៀតណាម

វៀតណាម៖ រោងចក្រ Pegatron ដែលជាប់កុងត្រាដំឡើងផលិត Apple នឹងចាកចេញពីប្រទេសចិន ដើម្បីទៅសង់រោងចក្រថ្មីនៅវៀតណាម និងប្រទេសចំនួន២ទៀត។ ជាការចាកចេញ ក្រោយពេល រោងចក្រ Foxconn ជារោងចក្រដំឡើង iPhone ដ៏ធំមួយ បានសម្រេចលើការសាងសង់រោងចក្រថ្មីនៅប្រទេសវៀតណាម ដើម្បីជៀសផុតពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៨ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន កាលពីពេលថ្មីៗនេះ។ ប្រភពថា រោងចក្រ Pegatron ដែលជាប់កុងត្រាដំឡើងផលិត Apple ក៏នឹងបោះជំហានចេញពីប្រទេសចិនដូចជា Foxconn ដែរ។ Pegatron នឹងសាងសង់រោងចក្រនៅក្នុងប្រទេសថ្មីចំនួនបី រួមមានឥណ្ឌា ឥណ្ឌូណេស៊ី និងវៀតណាម។ បច្ចុប្បន្ននេះ Pagatron មានដំឡើងផលិត Apple ប្រមាណ៣០% ដោយដំឡើងនៅក្នុងរោងចក្រនៅឯប្រទេសចិន។ យ៉ាងណាក៏ដោយ ជាមួយផែនការបោះជំហានចេញពីប្រទេសចិននេះ ប្រធានក្រុមហ៊ុន Pegatron នឹងឲ្យប្រកាសដំណឹងលម្អិតនៅពេលឆាប់ៗខាងមុខនេះ៕ម.ន
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកនឹងជួបជាមួយឧបនាយករដ្ឋមន្រ្តីចិន ដើម្បីចរចាផ្នែកពាណិជ្ជកម្ម

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាម៉េរិក លោក ស្ទេហ្វិន ម៊្ញូជីន បានថ្លែងនៅថ្ងៃចន្ទនេះថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបពិភាក្សាជាមួយបេសកជនពាណិជ្ជកម្មរបស់ចិននៅសប្តាហ៍នេះ ក្នុងអំឡុងកិច្ចចរចាមួយក្នុងគោលបំណងដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។ ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហឺ នឹងដឹកនាំក្រុមគណៈប្រតិភូចំនួន៣០នាក់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើការចរចាគ្នានៅក្នុងថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍ សប្តាហ៍នេះ ស្របពេលដែលសម្ពាធកំពុងកើនឡើងលើភាគីទាំងពីរ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។ លោក ម៊្ញូជីន បានប្រាប់អ្នកសារព័ត៌មានថា រូបលោករំពឹងថា នឹងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចចរចាទាំងនេះ ហើយថា លោកនឹងចូលរួមក្នុងកិច្ចចរចាជាមួយតំណាងពាណិជ្ជកម្មអាម៉េរិកលោក រ៉ូបឺត ឡៃធីសហ្ស័រ (Robert Lighthizer) និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក វីលបួ រ៉ូស (Wilbur Ross) ក្នុងចំណោមអ្នកដទៃទៀត។ គួរបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង និងវ៉ាស៊ីនតោន នៅសល់ពេលមួយខែទៀតប៉ុណ្ណោះ នៅក្នុងការផ្អាកសង្គ្រាមពាណិជ្ជកម្មបណ្តោះអាសន្ន ដែលបានប្រកាសកាលពីខែធ្នូកន្លងទៅ មុនពេលពន្ធរបស់អាម៉េរិកលើទំនិញនាំចូលរបស់ចិនតម្លៃរាប់ពាន់លានដុល្លារ គ្រោងនឹងកើនឡើងយ៉ាងខ្លាំង៕ម.ន
-
ក្រុមហ៊ុនប្រេងរដ្ឋរបស់វេណេស៊ុយអេឡា ទទួលរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនប្រេងរដ្ឋរបស់ប្រទេសវេណេស៊ុយអេឡា PDVSA ដែលនេះជាការដាក់គំនាបផ្នែកហិរញ្ញវត្ថុដ៏តឹងរ៉ឹងបំផុតរបស់សហរដ្ឋអាម៉េរិក ចំពោះលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។ ការដាក់ទណ្ឌកម្មនេះ នឹងបង្កើនសម្ពាធលើលោក ម៉ាឌូរ៉ូ ឲ្យលាឈប់ពីតំណែង ហើយប្រគល់អំណាចឱ្យទៅលោក ហ្វ័ន ក្វាយដូ ដែលជាមេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា ដែលប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្នកាលពីសប្ដាហ៍មុន និងត្រូវបានទទួលស្គាល់ភ្លាមៗដោយសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសដទៃទៀត។ ការបញ្ជារបស់លោក ដូណាល់ ត្រាំ គឺនឹងត្រូវបង្កកទ្រព្យសកម្មរបស់ក្រុមហ៊ុន ប្រេង PDVSA នៅសហរដ្ឋអាម៉េរិក ដែលជាប្រភពចំណូលដ៏ធំបំផុតរបស់វេណេស៊ុយអេឡា និងម្ចាស់ក្រុមហ៊ុនប្រេងកាតអាម៉េរិក Citgo Petroleum ដែលជាទ្រព្យសកម្មបរទេសដ៏សំខាន់បំផុតរបស់អង្គការ OPEC ។ បើតាមទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន បាននិយាយថា ការប្រកាសទណ្ឌកម្មខាងលើនេះ នឹងរារាំងលោក ម៉ាឌូរ៉ូ ពីការទទួលបានទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនប្រេង PDVSA ដែលមានតម្លៃ៧ពាន់លានដុល្លារ និងធ្វើឱ្យគាត់ខាតបង់ទឹកប្រាក់ចំនួន១១ពាន់លានដុល្លារក្នុងដំណើរការនាំចេញប្រេងនៅឆ្នាំក្រោយ៕ម.ន
-
នាយករដ្ឋមន្ត្រីជប៉ុនប្តេជ្ញាជួបជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ដើម្បីលុបបំបាត់ការមិនទុកចិត្តគ្នា

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះ បានប្តេជ្ញាបំបែកស្នូកនៃការមិនជឿទុកចិត្តគ្នាទៅវិញទៅមកជាមួយកូរ៉េខាងជើង នៅក្នុងជំនួបជាមួយលោក គីម ជុងអ៊ុន ដោយផ្ទាល់ និងស្តាទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ។ ថ្លែងទៅកាន់សភា លោក អាបេ ក៏បានអះអាងថា នឹងជំរុញចំណងទាក់ទងចិន-ជប៉ុនឱ្យទៅក្នុងដំណាក់កាលថ្មីមួយ ហើយថែមទាំងបានសន្យាផ្តល់ថវិកាជាច្រើនដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដែលមានការខូចខាតនៅប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតទី៣របស់ពិភពលោកនេះ។ យ៉ាងណាមិញ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះ មិនបានប្រាប់ពេលវេលាសម្រាប់ជំនួប ដែលអាចកើតឡើងជាមួយមេដឹកនាំកូរ៉េខាងជើងនោះទេ ប៉ុន្តែការលើកឡើងនេះ បានកើតឡើងស្របពេលដែលលោក គីម ជុងអ៊ុន បានបញ្ជាឱ្យត្រៀមរៀបចំសម្រាប់ជំនួបកំពូលលើកទី២ជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលទំនងជានឹងធ្វើនៅដំណាច់ខែក្រោយនេះ៕ម.ន
-
បេសកជនពិសេសរបស់រុស្ស៊ីធ្វើដំណើរទៅកាន់ប៉ាគីស្ថាន ដោយផ្តោតសំខាន់លើការស្វែងរកសន្តិភាពនៅអាហ្វហ្កានីស្ថាន

រុស្ស៊ី៖ អ្នកការទូតកំពូលរុស្ស៊ីមួយរូបបានធ្វើដំណើរទៅប្រទេសប៉ាគីស្ថាន ដើម្បីពិភាក្សាអំពីកិច្ចខំប្រឹងប្រែង ក្នុងការជំរុញឲ្យមានការចរចាសន្តិភាពដោយផ្ទាល់រវាងភាគីពាក់ព័ន្ធនានាក្នុងវិបត្តិនៅអាហ្វហ្កានីស្ថានដែលជាប្រទេសជិតខាង។ បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី ទទួលបន្ទុកកិច្ចការអាហ្វហ្កានីស្ថាន លោក Zamir Kabulov កំពុងធ្វើទស្សនកិច្ចនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ បន្ទាប់ពីកិច្ចចរចារវាងតំណាងពិសេសរបស់អាម៉េរិក លោក Zalmay Khalilzad និងក្រុមតាលីបង់ នៅប្រទេសកាតា សម្រាប់ការផ្សះផ្សាសង្គ្រាមនៅអាហ្វហ្កានីស្ថាន។ បើតាមមន្ត្រីសុំមិនបញ្ជាក់អត្តសញ្ញាណម្នាក់ បាននិយាយថា បេសកជនរុស្ស៊ី នឹងចាប់ផ្តើមកិច្ចប្រជុំជាផ្លូវការជាមួយក្រសួងការបរទេសប៉ាគីស្ថាន ចាប់ពីថ្ងៃអង្គារ៍នេះទៅ។ សូមបញ្ជាក់ថា រុស្ស៊ីបាននឹងកំពុងបង្កើតកិច្ចខំប្រឹងប្រែងរបស់ខ្លួន ដើម្បីព្យាយាមនាំយកក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្កានីស្ថានមកតុចរចា ដោយបារម្ភថា អស្ថិរភាពដែលបន្តកើតឡើងនៅប្រទេសអាហ្វហ្កានីស្ថាន នឹងគំរាមកំហែងដល់សម្ព័ន្ធមិត្តនៅតំបន់អាស៊ីកណ្តាល ដែលចែកព្រំដែនជាមួយនឹងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ៕ម.ន
-
សហរដ្ឋអាម៉េរិក និងក្រុមតាលីបង់ ព្រមព្រៀងគ្នាពន្លត់ភ្លើងសង្គ្រាមរយៈពេល១៧ឆ្នាំ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន៖ តំណាងក្រុមតាលីបង់បាននិយាយថា ក្រុមអ្នកចរចាអាម៉េរិកនៅថ្ងៃសៅរ៍ សប្តាហ៍មុននេះ បានព្រមព្រៀងលើសេចក្តីព្រាងសន្តិភាពមួយ ដែលមានគោលបំណងដកកងទ័ពបរទេសចេញពីទឹកដីប្រទេសអាហ្វហ្កានីស្ថានក្នុងរយៈពេល១៨ខែ ដែលចំណាត់ការនេះ គឺជាសក្តានុពលបញ្ចប់ភ្លើងសង្គ្រាមដ៏រុំារ៉ៃកន្លងមកនោះ។ ព័ត៌មានលម្អិតនៃសេចក្តីព្រាងនេះ ត្រូវបានផ្តល់ឱ្យដោយសារព័ត៌មាន រ៉យទ័រ ដោយដកស្រង់ប្រភពពីក្រុមតាលីបង់ ដែលបានបញ្ចប់កិច្ចចរចាគ្នាក្នុងរយៈពេល៦ថ្ងៃកន្លងមកនេះ ជាមួយនឹងបេសកជនពិសេសទទួលបន្ទុកកិច្ចការសន្តិភាពលោក ហ្សាល់ម៉េ ខាលីហ្ស៊ាដ នៅប្រទេសកាតា ក្នុងគោលបំណងពន្លត់ភ្លើងសង្គ្រាម ដែលបានអូសបន្លាយពេលជាង១៧ឆ្នាំកន្លងមក ចាប់តាំងពីកងកម្លាំងដឹកនាំដោយអាម៉េរិក បានចូលលុកលុយប្រទេសអាហ្វហ្កានីស្ថាន។ បើទោះបីជាមិនមានការចេញសេចក្តីថ្លែងការណ៍ក៏ដោយ ប៉ុន្តែលោក ខាលីហ្ស៊ាដ បានសរសេរសារបង្ហោះតាមបណ្តាញសង្គម ធ្វីតធើ ថា កិច្ចចរចាបានធ្វើឱ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយនឹងបន្តឡើងវិញក្នុងពេលឆាប់ៗនេះ ដោយបន្ថែមថា រូបលោកគ្រោងនឹងធ្វើដំណើរទៅកាន់អាហ្វហ្កានីស្ថាន ដើម្បីជួបមន្ត្រីរដ្ឋាភិបាលប្រទេសនេះ៕
-
អង្គការសហប្រជាជាតិអំពាវនាវឲ្យមានកិច្ចចរចាបន្ធូរបន្ថយភាពតានតឹង នៅក្នុងប្រទេសវេណេស៊ុយអេឡា

បរទេស៖ មន្រ្តីគោលនយោបាយកំពូលនៃអង្គការសហប្រជាជាតិ បានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃសៅរ៍សប្តាហ៍មុននេះថា កិច្ចចរចា និងកិច្ចសហប្រតិបត្តិការ គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបញ្ចប់វិបត្តិនៅវេណេស៊ុយអេឡា។ លោកស្រី រូស៊ីម៉ារី ឌីខាឡូ ដែលជាអនុអគ្គលេខាធិការទទួលបន្ទុកកិច្ចការកសាងសន្តិភាព និងគោលនយោបាយរបស់អង្គការសហប្រជាជាតិ បានលើកឡើងបែបនេះ ក្នុងអំឡុងការថ្លែងសុន្ទរកថាខ្លីមួយរបស់លោកស្រី នៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៃសមាជិកទាំង១៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា។ កិច្ចប្រជុំខាងលើនេះ ត្រូវបានស្នើឡើងដោយបណ្តាប្រទេសមួយចំនួន ក្នុងនោះក៏មានសហរដ្ឋអាម៉េរិកផងដែរ ស្របពេលមានការប្រឆាំងតវ៉ានៅវេណេស៊ុយអេឡាកំពុងរីករាលដាលកាន់តែខ្លំាង ចាប់តាំងពីលោក ហ្គៃដូ បានប្រកាសខ្លួនឯងជាប្រធានាធិបតីវេណេស៊ុយអេឡាស្តីទី និងទាមទារឱ្យធ្វើការបោះឆ្នោតឡើងវិញនៅប្រទេសអាម៉េរិកឡាទីនមួយនេះ ប៉ុន្តែត្រូវបានលោក ម៉ាឌូរ៉ូ ច្រានចោល៕ម.ន
-
សហរដ្ឋអាម៉េរិកខាតបង់សេដ្ឋកិច្ច៥,៧ពាន់លានដុល្លារ ដោយសារតែបិទរដ្ឋាភិបាលជិត១ខែមកនេះ

សហរដ្ឋអាម៉េរិក៖ យោងតាមស្ថាប័នស្រាវជ្រាវឲ្យដឹងថា ការខាតបង់សេដ្ឋកិច្ចពីការបិទរដ្ឋាភិបាលមួយផ្នែក ដ៏យូរបំផុតមិនធ្លាប់មានក្នុងប្រវត្ថិសាស្ត្រអាម៉េរិកនោះ មានប្រមាណ៥,៧ពាន់លានដុល្លារអាម៉េរិក។ ការខាតបង់នេះដោយសារតែប្រធានាធិបតីអាម៉េរិកបានទាមទារឲ្យអនុម័តគម្រោងជញ្ជាំងព្រំដែន។ ស្ថាប័នពិភពលោក S&P បានបង្ហាញពីតម្លៃប្រចាំសប្តាហ៍ដោយផ្ទាល់ និងដោយប្រយោលពីការបិទរដ្ឋាភិបាលថ្មីៗនេះ ដែលបានឈានដល់១,២ពាន់លានដុល្លារអាម៉េរិក។ ផលប៉ះពាល់ផ្ទាល់រួមមានទាំងខាតបង់ផលិតភាពរបស់បុគ្គលិករាប់ម៉ឺននាក់ ដែលគ្មានប្រាក់ឈ្នួល ចាប់តាំងពីខែធ្នូ ២០១៨មក បើទោះបីជាការបិទរដ្ឋាភិបាលត្រៀមបញ្ចប់ថ្មីៗនេះខាងមុខនេះក៏ដោយ។ អ្នកវិភាគសេដ្ឋកិច្ចធ្លាប់ព្រមានថា ការបិទរដ្ឋាភិបាលនេះ បានធ្វើឲ្យខាតបង់ការងារប្រមាណ៥០ម៉ឺនកន្លែង ក្នុងខែមករា ហើយធ្វើឲ្យអត្រាមនុស្សគ្មានការងារធ្វើបានកើនដល់ជាង៤ភាគរយ។ នៅក្នុងការប្រឹងប្រែងដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលសហរដ្ឋអាម៉េរិកមួយផ្នែក ដែលបានអូសបន្លាយអស់រយៈពេលជិតមួយខែកន្លងមកនេះ លោកប្រធានាធិបតី Donald Trump កាលពីចុងសប្តាហ៍កន្លងទៅនេះបានស្នើនូវការសម្របសម្រួលមួយដល់គណបក្សប្រជាធិបតេយ្យទាក់ទិននឹងគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងតែងរបស់លោក៕
-
វិនិយោគិនបរទេសបណ្តាក់ទុនកាន់តែច្រើនក្នុងឧស្សាហកម្មភេសជ្ជៈ និងអាហារនៅវៀតណាម

វៀតណាម៖ ឧស្សាហកម្មភេសជ្ជៈ និងអាហារ នៅប្រទេសវៀតណាមរក្សាបានកំណើន៧ភាគរយ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្រុមវិនិយោគិនបរទេសបានបង្កើនការវិនិយោគលើឧស្សាហកម្មនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃចន្ទ ទី២៨ មករា ២០១៩នេះ។ លោក Phạm Thành Kiên អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មនិងឧស្សាហកម្ម ហូជីមីញ ត្រូវបានសារព័ត៌មានដកស្រង់សម្តីថា «ផ្នែកអាហារ និងភេសជ្ជៈ ពេលនេះកំពុងក្លាយជាទីផ្សារដ៏ធំប្រចាំខែសម្រាប់វៀតណាម ពោលគឺប្រមាណ៣៥ភាគរយនៃការចំណាយរបស់ជនជាតិវៀតណាម។» នៅក្រុងហូជីមីញ អាហារ និងភេសជ្ជៈ មានទំហំវិនិយោគ១៧ភាគរយ ក្នុងចំណោមការវិនិយោគទាំងអស់ កាលពីឆ្នាំមុន។ ទំហំនៃការនាំចេញផលិតផលកសិកម្ម និងអាហាររបស់វៀតណាមមានច្រើនជាង៤០ពាន់លានដុល្លារអាម៉េរិកកាលពីឆ្នាំមុន។ វៀតណាមបានទទួលជោគជ័យលើការផលិតស្របតាមស្តង់ដាបច្ចេកទេស និងការរក្សាបានបរិមាណគ្រប់គ្រាន់ ដោយកំពុងផ្គត់ផ្គង់ទៅបណ្តាប្រទេស២០០ រួមមានទាំងអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុប។ បច្ចុប្បន្ន វៀតណាមមានសហគ្រាសផលិតអាហារ និងភេសជ្ជៈចំនួន៥៥០០កន្លែងទូទាំងប្រទេស ខណៈដែល២ពាន់កន្លែង មានទីតាំងក្នុងក្រុងហូជីមីញ៕
-
ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមប្រកាសទទួលខុសត្រូវ ចំពោះហេតុការណ៍បំផ្ទុះគ្រាប់បែកនៅក្នុងព្រះវិហារនៅប្រទេសហ្វីលីពីន

ហ្វីលីពីន៖ យោងតាមប្រភពពីក្រុមចារកម្មឃ្លាំមើលសកម្មភាពក្រុមប្រយុទ្ធជីហាដ បានឱ្យដឹងថា ក្រុមភេរវកររដ្ឋអ៊ីស្លាមបានចេញមុខប្រកាសអះអាងទទួលខុសត្រូវទាំងស្រុង នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅក្នុងព្រះវិហារគ្រីស្ទមួយកន្លែង ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ រហូតមកទល់ពេលនេះ ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅក្នុងវិហារគ្រីស្ទមួយកន្លែង ស្ថិតនៅខាងត្បូងប្រទេសហ្វីលីពីននេះ បានបន្តកើនឡើងដល់២៧នាក់ហើយ ស្របពេលដែលជនរងគ្រោះប្រមាណ៧៧នាក់ផ្សេងទៀតបានទទួលរងរបួសធ្ងន់ និងស្រាល។ បើតាមការបញ្ជាក់របស់អាជ្ញាធរហ្វីលីពីននោះ គ្រាប់បែកបានផ្ទុះឡើង២លើក បន្ទាប់ពីពិធីជួបជុំគ្នាមួយនៅម៉ោងប្រមាណ៨ព្រឹកថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) នៅឯវិហារគ្រីស្ទ Jolo Cathedral ក្នុងទីក្រុង Jolo ខេត្ត Sulu។ ជនរងគ្រោះភាគច្រើន គឺជាអ្នកដែលតែងតែមកបន់ស្រន់នៅវិហារមួយនេះ ហើយយោធា៧នាក់ ក៏ស្ថិតនៅក្នុងចំណោមអ្នកបាត់បង់ជីវិតដែរ៕