Category: ព័ត៌មានអន្តរជាតិ

  • តុលាការកំពូលសហរដ្ឋអាម៉េរិកសម្រេចតម្កល់ទុកបម្រាមលើមនុស្សភេទទីបី ដែលចេញដោយរដ្ឋបាលលោក ដូណាល់ ត្រាំ

    តុលាការកំពូលសហរដ្ឋអាម៉េរិកសម្រេចតម្កល់ទុកបម្រាមលើមនុស្សភេទទីបី ដែលចេញដោយរដ្ឋបាលលោក ដូណាល់ ត្រាំ

    សហរដ្ឋអាម៉េរិក៖ តុលាការកំពូលអាម៉េរិកបានចេញសេចក្តីសម្រេចនៅថ្ងៃអង្គារ៍នេះថា រដ្ឋបាលលោក ដូណាល់ ត្រាំ អាចពង្រឹងការរឹតត្បិតមិនឲ្យមនុស្សភេទទីបី ចូលបម្រើការងារក្នុងវិស័យយោធា ខណៈតុលាការជាន់ទាបនៅតែបន្តប្រឆាំងនឹងការសម្រេចនេះនៅឡើយ។   តុលាការកំពូលបានលុបចោលការសម្រេចរបស់តុលាការជាន់ទាប ដែលបានរារាំងមិនឲ្យក្រសួងការពារជាតិអនុវត្តតាមបម្រាមរឹតត្បិតនេះ ប៉ុន្តែឥឡូវនេះ ក៏បានបដិសេធក្នុងការពិចារណាលើភាពស្របច្បាប់ នៃការរក្សារទុកមនុស្សភេទទីបី មិនឲ្យធ្វើការនៅជួរកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាម៉េរិកផងដែរ។ សូមរំលឹកថា កាលពីប៉ុន្មានឆ្នាំកន្លងទៅ ទីបញ្ជាការបញ្ចកោណបានហាមឃាត់មិនឲ្យមនុស្សភេទទីបីចូលមប្រើការងារកងទ័ព ប៉ុន្តែរដ្ឋបាលរបស់អតីតលោក បារ៉ាក់ អូបាម៉ា បានប្រកាសថា មនុស្សភេទទីបីដែលបានចូលធ្វើជាកងទ័ពរួចហើយអាចប្រកាសបើកចំហបាន និងបានដាក់ថ្ងៃបរិចេ្ឆទសម្រាប់ឲ្យក្រុមមនុស្សភេទទីបី អាចចុះឈ្មោះនៅក្នុងកងកម្លាំងប្រដាប់អាវុធបានទៀតផង។ ក៏ប៉ុន្តែរដ្ឋបាលលោកដូណាល់ ត្រាំ បានពិនិត្យគោលនយោបាយនេះឡើងវិញ និងបានស្នើឲ្យដាក់បម្រាមមិនឲ្យក្រុមមនុស្សភេទទីបីធ្វើការក្នុងវិស័យនេះ ខណៈការសម្រេចនេះ នឹងអនុវត្តចំពោះអ្នកដែលកំពុងបម្រើការងារក្នុងវិស័យកងទ័ព៕

  • ស៊ីរីព្រមានវាយប្រហារអ៊ីស្រាអែលវិញ បើសិនមិនបញ្ឈប់ការឈ្លានពានមកលើប្រទេសខ្លួន

    ស៊ីរីព្រមានវាយប្រហារអ៊ីស្រាអែលវិញ បើសិនមិនបញ្ឈប់ការឈ្លានពានមកលើប្រទេសខ្លួន

    ស៊ីរី៖ ប្រទេសស៊ីរី តាមរយៈតំណាងអចិន្ត្រៃយ៍របស់ខ្លួនប្រចាំអង្គការសហប្រជាជាតិ គឺលោក បាហ្ស៊ា អាល់ ចាអាហ្វារី (Bashar al-Jaafari ) បានព្រមានថា ទីក្រុងដាម៉ាស់អាចនឹងបើកការវាយប្រហារលើអាកាសយានដ្ឋានទីក្រុង តែល អាវីវ បើសិនជាក្រុមបឹ្រក្សាសន្តិសុខយូអិន មិនអាចបញ្ឈប់ការឈ្លានពានរបស់យោធាអ៊ីសា្រអែលចូលក្នុងដែនអាកាសស៊ីរីទេនោះ។ ស្របពេលជាមួយគ្នានោះដែរ តាមរយៈតំណាងអចិន្ត្រៃយ៍ស៊ីរីប្រចាំអង្គការសហប្រជាជាតិរូបនេះ ក៏បានធ្វើការចោទប្រកាន់បារាំង អង់គ្លេស និងសហរដ្ឋអាម៉េរិកដែរថា បានគាំទ្រឲ្យអ៊ីស្រាអែលឈ្លានពានលើស៊ីរី ដែលនេះគឺជាទង្វើរំលោភលើទំនួលខុសត្រូវរបស់ខ្លួន ក្នុងការថែរក្សាការពារសន្តិភាព និងសន្តិសុខពិភពលោកស្របតាមច្បាប់អន្តរជាតិ។ គួរបញ្ជាក់ថា ការព្រមាននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីយោធាអ៊ីសា្រអែលបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងសន្ធាប់ លើគោលដៅជាច្រើនកន្លែងនៅក្បែរអាកាសយានដ្ឋានទីក្រុងដាម៉ាស់ ដោយផ្ដាច់ជីវិតកងទ័ពស៊ីរី៤នាក់ កាលពីថ្ងៃច័ន្ទកន្លងទៅ៕

  • ផែនការដកសហរដ្ឋអាម៉េរិកចេញពីអង្គការ NATO របស់លោក ដូណាល់ ត្រាំ ត្រូវបានសភាព្យាយាមរារាំង

    ផែនការដកសហរដ្ឋអាម៉េរិកចេញពីអង្គការ NATO របស់លោក ដូណាល់ ត្រាំ ត្រូវបានសភាព្យាយាមរារាំង

    សហរដ្ឋអាម៉េរិក៖ គម្រោងដកសហរដ្ឋអាម៉េរិកចេញពីអង្គការណាតូរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងត្រូវបានរាំងខ្ទប់ បន្ទាប់ពីសភាអាមេរិកគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានអនុម័តលើសេចក្ដីព្រាងច្បាប់មួយ។ សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាគ្រប់គ្រងគណបក្សសាធារណរដ្ឋ ប៉ុន្តែទន្ទឹមគ្នាគេទាន់មិនប្រាកដឡើយថា សមាជិកព្រឹទ្ធសភាយល់ព្រមអនុម័តដែរ ឬយ៉ាងណានោះទេ? សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ខាងលើ ត្រូវបានអនុម័តនៅថ្ងៃអង្គារ៍នេះ ដោយសំឡេងគាំទ្រ ៣៥៧ ទល់នឹង ២២សំឡេង តែមិនមានសំឡេងគាំទ្រណាមួយពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋនោះឡើយ៕

  • ក្រុមហ៊ុនផលិតរថយន្តធំមួយនៅអាម៉េរិក គ្រោងកាត់បន្ថយបុគ្គលិក៧ភាគរយ ប្រមាណ៣ពាន់នាក់ ដោយសារបញ្ហាហិរញ្ញវត្ថុ

    ក្រុមហ៊ុនផលិតរថយន្តធំមួយនៅអាម៉េរិក គ្រោងកាត់បន្ថយបុគ្គលិក៧ភាគរយ ប្រមាណ៣ពាន់នាក់ ដោយសារបញ្ហាហិរញ្ញវត្ថុ

    សហរដ្ឋអាម៉េរិក៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Tesla កំពុងរៀបចំកាត់បន្ថយបុគ្គលិកប្រមាណ៧% នេះបើតាមសារអេឡិចត្រូនិកមួយដែលលោកបានផ្ញើទៅកាន់បុគ្គលិកជាច្រើន។ បើតាមសារនោះ នឹងធ្វើឲ្យបុគ្គលិកច្រើនជាង៣០០០នាក់ បាត់បង់ការងារធ្វើ។ លោក Musk លើកឡើងថា សំពាធលើប្រាក់ចំណេញ និងមហិច្ឆតាចង់បញ្ចេញរថយន្ត Model 3 តម្លៃទាបតម្រូវតាមគ្រប់ទីផ្សារ ដែលផ្លូវខាងមុខមានការលំបាកខ្លាំង។ ផលិតផលក្រុមហ៊ុន Tesla នៅតែថ្លៃសម្រាប់មនុស្សភាគច្រើន។ លោកបន្ថែមថា មិនមានជម្រើសនោះទេក្នុងការកាត់បន្ថយចំនួនបុគ្គលិកធ្វើការពេញម៉ោង ដោយរក្សាទុកអ្នកពាក់ព័ន្ធក្នុងការផលិតចាំបាច់ប៉ុណ្ណោះ។ សូមបញ្ជាក់ថា Tesla គឺជាក្រុមហ៊ុនថាមពល និងផលិតរថយន្តអ៉េមេរិក មានទីតាំងនៅក្រុង Palo Alto រដ្ឋកាលីហ្វ័រញ៉ា។ ក្រុមហ៊ុននេះផ្តោតលើការផលិតរថយន្តអេឡិចត្រូនិក៕

  • អ៊ីនធើណិតនឹងទៅដល់គ្រប់ភូមិទាំងអស់ក្នុងប្រទេសថៃ ត្រឹមចុងឆ្នាំ២០១៩

    អ៊ីនធើណិតនឹងទៅដល់គ្រប់ភូមិទាំងអស់ក្នុងប្រទេសថៃ ត្រឹមចុងឆ្នាំ២០១៩

    ថៃ៖ ថៃនឹងក្លាយជាប្រទេសដែលមានអ៊ីនធើណិតប្រើប្រាស់ពេញផ្ទៃប្រទេស នៅត្រឹមចុងឆ្នាំ២០១៩ តាមរយៈការផ្តល់ច្រកអ៊ីនធើណិត ទៅកាន់៥ម៉ឺនភូមិបន្ថែមទៀត ក្នុងឆ្នាំ២០១៩នេះ នេះបើតាមរដ្ឋមន្ត្រីសង្គម និងសេដ្ឋកិច្ចឌីជីថលថៃ Pichet Durongkaveroj ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។ លោក Pichet បានថ្លែងបែបនេះ ក្នុងពេលចូលរួមសិក្ខាសាលាហេដ្ឋារចនាសម្ព័ន្ធឌីជីថលអាស៊ាន រៀបចំឡើងដោយក្រុមប្រឹក្សាផ្តល់ប្រឹក្សាអាជីវកម្មអាស៊ាននៃប្រទេសថៃ ហៅកាត់ថា Asean BAC-Thailand នៅថ្ងៃទី២២ មករា ២០១៩។ លោក Pichet បាននិយាយថា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានឯកភាពសហការក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងតំបន់។ លោកថា «ក្នុងឆ្នាំ២០១៧ ពួកយើងដឹងថា ភូមិដល់ទៅ៧៥០០០ភូមិក្នុងប្រទេសថៃ ដែលគ្មានអ៊ីនធើណិតប្រើប្រាស់។ តាមរយៈគម្រោងអ៊ីនធើណិតតាមភូមិ ពួកយើងបានបញ្ចប់ការដំឡើងបង្គោលខ្សែកាបបាន២៥០០០ភូមិហើយ។ គោលដៅរបស់ពួកយើងគឺក្លាយជាប្រទេសដែលមានអ៊ីនធើណិតប្រើប្រាស់គ្រប់កន្លែង នៅត្រឹមចុងឆ្នាំនេះ ដោយត្រូវបំពេញបន្ថែមដល់ភូមិននៅសល់ប្រមាណ៥០០០០ម៉ឺនភូមិទៀត៕

  • ការលក់ស្មាតហ្វូនរបស់កូរ៉េខាងត្បូងធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេល១៦ឆ្នាំចុងក្រោយនេះ

    ការលក់ស្មាតហ្វូនរបស់កូរ៉េខាងត្បូងធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេល១៦ឆ្នាំចុងក្រោយនេះ

    កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងដែលជាប្រទេសផលិតស្មាតហ្វូន ឬទូរសព្ទឆ្លាតវៃល្បីល្បាញលើពិភពលោកដែរនោះ មានដូចជា LG និង Samsung ជាដើម ត្រូវបានគេរាយការណ៍ថា មានការធ្លាក់ចុះខ្លាំងសម្រាប់ទីផ្សារលក់ស្មាតហ្វូន។ ការធ្លាក់ចុះក៏ស្របពេលដែលទីផ្សារស្មាតហ្វូនទូទាំងសកលលោកហាក់មានការធ្លាក់ចុះខ្លាំងដែរ។ ទីផ្សារស្មាតហ្វូននាំចេញនាឆ្នាំ២០១៨ សរុបមានទំហំ១៤,៦១ពាន់លានដុល្លារធ្លាក់ចុះ ២៣ភាគរយ ឬស្មើ ៤,៤ ពាន់លានដុល្លារ ធៀបនឹងឆ្នាំ២០១៧។ នេះជាតួលេខធ្លាក់ចុះខ្លាំងបំផុតតាំងពីឆ្នាំ២០០២ ពោលជាឆ្នាំដ៏អាក្រក់បំផុតមួយសម្រាប់ស្មាតហ្វូនកូរ៉េ។ យ៉ាងណាមិញ ឆ្នាំ២០១៩ ក្រុមហ៊ុនកូរ៉េខាងត្បូងនៅតែបន្តបោះជំហានលើទីផ្សារស្មាតហ្វូនជំនាន់ក្រោយដោយសម្រាប់ Samsung រំពឹងនឹងមាន Galaxy S10 និង Galaxy Fold ត្រៀមដាក់បង្ហាញនាថ្ងៃទី ២០ មករា នៅទីក្រុង San Francisco ខណៈក្រុមហ៊ុន LG ក៏ត្រៀមខ្លួនបង្ហាញខ្លួន G8 ThinQ ផងដែរ៕

  • ប្រមុខដឹកនាំបារាំង និងអាល្លឺម៉ង់សន្យាការពារគ្នាទៅវិញទៅមក ក្រោមសន្ធិសញ្ញាថ្មីមួយ

    ប្រមុខដឹកនាំបារាំង និងអាល្លឺម៉ង់សន្យាការពារគ្នាទៅវិញទៅមក ក្រោមសន្ធិសញ្ញាថ្មីមួយ

    រុស្ស៊ី៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល និងប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានប្តេជ្ញាការពារគ្នាទៅវិញទៅមក ដូចដែលប្រទេសទាំងពីរបានធ្វើកន្លងមក ក្នុងនាមជាសមាជិកអង្គការ NATO។ ការប្ដេជ្ញាចិត្តរបស់ប្រមុខដឹកនាំប្រទេសទាំងពីរ ធ្វើឡើងនៅក្រោមសន្ធិសញ្ញាថ្មីមួយ ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃអង្គារ៍នេះ នៅក្នុងទីក្រុង Aachen ប្រទេសអាល្លឺម៉ង់។ ថ្លែងនាឱកាសនោះដែរ លោកស្រី មឺគែល ក៏បានបង្ហាញពីការគាំទ្រឱ្យអឺរ៉ុបបង្កើតកងទ័ពរួមមួយរបស់ខ្លួន ដើម្បីគេចចេញពីការពឹងផ្អែកទាំងស្រុងទៅលើសហរដ្ឋអាម៉េរិកផងដែរ។ អធិការបតីអាល្លឺម៉ង់រូបនេះ បានសង្កត់ធ្ងន់ថា មាត្រា៤នៃសន្ធិសញ្ញានេះបានចែងថា អាល្លឺម៉ង់ និងបារាំងមានកតាព្វកិច្ចគំាទ្រ និងការពារគ្នាទៅវិញទៅមក ក្នុងនោះរួមមានការប្រើប្រាស់កម្លាំងយោធា ក្នុងករណីមានការគំរាមកំហែងដល់ដែនអធិបតេយ្យភាពរបស់ប្រទេសទាំងពីរ៕

  • លោក មូន ចេអ៊ីន ស្នើឲ្យមានកិច្ចសហប្រតិបត្តិការជាមួយចិន ដើម្បីដោះស្រាយបញ្ហាបំពុលបរិយាកាស

    លោក មូន ចេអ៊ីន ស្នើឲ្យមានកិច្ចសហប្រតិបត្តិការជាមួយចិន ដើម្បីដោះស្រាយបញ្ហាបំពុលបរិយាកាស

    កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នៅថ្ងៃអង្គារ៍នេះ បានអំពាវនាវយ៉ាងទទូចឲ្យសមាជិកគណៈរដ្ឋមន្រ្តីរបស់លោក ចូលរួមកិច្ចសហប្រតិបត្តិការជាមួយចិន ដើម្បីដោះស្រាយបញ្ហាបំពុលបរិយាកាស។ សូមបញ្ជាក់ថា ប្រហែលជា៤៨ភាគរយនៃការបំពុលបរិស្ថាននៅកូរ៉េខាងត្បូង កើតឡើងពីប្រទេសជិតខាង ក្នុងនោះ៣៤ភាគរយកើតចេញពីប្រទេសចិន។ បើតាមលោក មូន ចេអ៊ីន ប្រទេសកូរ៉េខាងត្បូង និងចិន ត្រូវការធ្វើការរួមគ្នា សំដៅកាត់បន្ថយបញ្ហាបរិយាកាស តាមរយៈវិធានការជាច្រើន ដូចជាការបង្កើតប្រព័ន្ធប្រកាសអាសន្នឆាប់រហ័សពីបញ្ហាធូលី។ ឆ្លើយតបនឹងបញ្ហានេះដែរ នៅថ្ងៃអង្គារ៍ដដែលនោះ ក្រសួងបរិស្ថានកូរ៉េខាងត្បូងក៏នឹងរៀបចំជំនួបជាមួយសមភាគីចិន ដឹកនាំដោយលោក កាវ ជីង អគ្គនាយកនាយកដ្ឋានកិច្ចសហប្រតិបត្តិការប្រចាំនៅក្រសួងបរិស្ថាន និងអេកូឡូស៊ី ក្នុងទីក្រុងសេអ៊ូល ដើម្បីពិភាក្សាលើបញ្ហាបរិស្ថាន ដែលរួមទាំងការបំពុលបរិយាកាសផងដែរ៕

  • សហរដ្ឋអាម៉េរិកបញ្ជាក់ថា ចិនកំពុងផលិតយន្តហោះទម្លោះគ្រាប់បែកបំបាំងកាយថ្មីពីរគ្រឿង

    សហរដ្ឋអាម៉េរិកបញ្ជាក់ថា ចិនកំពុងផលិតយន្តហោះទម្លោះគ្រាប់បែកបំបាំងកាយថ្មីពីរគ្រឿង

    សហរដ្ឋអាម៉េរិក៖ របាយការណ៍ស៊ើបការណ៍សម្ងាត់ថ្មីមួយរបស់សហរដ្ឋអាម៉េរិកបានបញ្ជាក់ថា កងកម្លាំងជើងអាកាសរបស់ចិន កំពុងផលិតយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយថ្មីចំនួនពីរគ្រឿង ដើម្បីជំនួសយន្តហោះទម្លាក់គ្រាប់បែកចាស់សម័យសូវៀតរបស់ខ្លួនឈ្មោះ Xian H-6។ ឧបសម្ព័ន្ធរបាយការណ៍របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក (DIA) ដែលចេញផ្សាយកាលពីសប្តាហ៍មុន បាននិយាយថា កងកម្លាំងជើងអាកាសនៃកងកម្លាំងរំដោះប្រជាជនចិន កំពុងអភិវឌ្ឍន៍យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយចម្ងាយមធ្យម និងចម្ងាយឆ្ងាយ ដើម្បីវាយប្រហារគោលដៅក្នុងតំបន់ និងពិភពលោក។ បច្ចេកវិជ្ជាបំបាំងកាយនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍយន្តហោះទម្លាក់គ្រាប់បែកថ្មីទាំងនេះ ដែលប្រហែលជាអាចឈានទៅដល់ប្រតិបត្តិការដំបូងមិនលើសពីឆ្នាំ២០២៥នោះឡើយ៕

  • អ៊ីស្រាអែលទទួលជោគជ័យ ក្នុងការធ្វើតេស្តប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងArrow3

    អ៊ីស្រាអែលទទួលជោគជ័យ ក្នុងការធ្វើតេស្តប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងArrow3

    អ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលប្រកាសទទួលជោគជ័យ ក្នុងការធ្វើតេស្តប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងមានឈ្មោះថា អ៊ែររ៉ូ ស្រ៊ី (Arrow3) ដែលជាស្នាដៃអភិវឌ្ឍន៍ និងផលិតរួមគ្នាជាមួយសហរដ្ឋអាម៉េរិក។ ប្រព័ន្ធ Arrow ឬ Hetz ស្ថិតក្នុងចំណោមនៃក្រុមប្រព័ន្ធប្រឆាំងមីស៊ីលផ្លោង ដែលផលិតឡើងដើម្បីបំពេញតម្រូវការរបស់អ៊ីស្រាអែល ដែលស្នើចង់បានប្រព័ន្ធការពារមីស៊ីលដ៏មានអានុភាពមួយ សំដៅទប់ទល់នឹងមីស៊ីលផ្លោង ICBM ។ ភាពជោគជ័យនេះ គឺជាការផ្តល់ទំនុកចិត្តកាន់តែរឹងមាំថែមទៀត នៅក្នុងសមត្ថភាពរបស់ប្រទេសអ៊ីស្រាអែល ក្នុងការការពារខ្លួនពីការគំរាមកំហែងនានានៅក្នុងតំបន់៕