-
ប្រមុខការទូតសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងពិភាក្សាគ្នាតាមទូរសព្ទ ស្តីអំពីបញ្ហាកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានធ្វើកិច្ចពិភាក្សាគ្នាតាមទូរសព្ទជាមួយនឹងសមភាគីកូរ៉េខាងត្បូងលោកស្រី កាង ឃ្យុងវ៉ា នៅក្នុងថ្ងៃច័ន្ទនេះ ដើម្បីជជែកអំពីការចូលរួមរបស់ពួកគេជាមួយកូរ៉េខាងជើង។ បើតាមក្រសួងការបរទេសកួរ៉េខាងត្បូង លោក ប៉ុមប៉េអូ និងលោកស្រី កាង បានធ្វើកិច្ចពិភាក្សាគ្នាក្នុងរយៈពេល៣០នាទី គិតចាប់ពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃច័ន្ទ (ម៉ោងក្នុងតំបន់) ដោយប្រមុខការទូតប្រទេសទំាងពីរបានធ្វើបច្ចុប្បន្នភាពគ្នាទៅវិញទៅមក លើការទទួលខុសត្រូវរៀងៗខ្លួនទៅនឹងបញ្ហាកូរ៉េខាងជើង ក៏ដូចជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះសម្ព័ន្ធភាពរវាងសហរដ្ឋអាម៉េរិកនិងកូរ៉េខាងត្បូង។ សូមបញ្ជាក់ថា ការសន្ទនាគ្នាតាមទូរសព្ទរបស់អ្នកទំាងពីរខាងលើនេះ បានកើតមានឡើង បន្ទាប់ពីអនុប្រធានគណៈកម្មាធិការកណ្តាលរបស់គណបក្សពលករកូរ៉េខាងជើងលោក គីម យ៉ុងចុល បានជួបជាមួយលោក ម៉ៃ ប៉ុមប៉េអូ និងបានប្រគល់សំបុត្ររបស់មេដឹកនាំកំពូលខ្លួនជូនដល់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ នៅក្នុងទីក្រុងវ៉ាស៊ីនតោន៕
-
មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិបញ្ជាក់ថា មូលដ្ឋានមីស៊ីលមិនទាន់ប្រកាសរបស់កូរ៉េខាងជើងមួយ ជាទីបញ្ជាការកណ្ដាលមីស៊ីល

បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិ បានឱ្យដឹងនៅថ្ងៃច័ន្ទនេះថា នៅក្នុងចំណោមមូលដ្ឋានប្រតិបត្តិការមីស៊ីលផ្លោងមិនទាន់ប្រកាសចំនួន២០កន្លែងរបស់កូរ៉េខាងជើង មានមួយកន្លែងគឺត្រូវបានទីក្រុងព្យុងយ៉ាង ប្រើជាទីបញ្ជាការកណ្ដាលមីស៊ីល។ សេចក្តីរាយការណ៍ដដែលនោះ បានបញ្ជាក់ថា មូលដ្ឋានប្រតិបត្តិការមីស៊ីល ស៊ីណូ-រី (Sino-ri) និងមីស៊ីល ណូដុង (Nodong) ដែលដាក់ពង្រាយនៅទីតាំងនោះ សាកសមទៅនឹងយុទ្ធសាស្ត្រយោធានុយក្លេអ៊ែរបស់កូរ៉េខាងជើង ដោយផ្តល់ឲ្យនូវសមត្ថភាពវាយប្រហារដំបូងរបស់នុយក្លេអ៊ែរលំដាប់ប្រតិបត្តិការ ឬក៏ការវាយប្រហារមីស៊ីលធម្មតា។ ការរកឃើញទីបញ្ជាការកណ្ដាលមីស៊ីលដែលនៅមិនទាន់បានប្រកាសនេះ បានកើតមានឡើងក្រោយ០៣ថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា លោកទន្ទឹងរង់ចាំជំនួបកំពូលមួយទៀតជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅចុងខែកុម្ភៈខាងមុខ ដើម្បីបន្តពិភាក្សាគ្នាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕
-
មេដឹកនាំរុស្ស៊ី និងជប៉ុនធ្វើកិច្ចពិភាក្សាទ្វេភាគីផ្តោតសំខាន់លើការដោះស្រាយជម្លោះប្រជុំកោះ Kuril រាប់ទសវត្សរ៍មកនេះ

រុស្ស៊ី៖ ជំនួបពិភាក្សាគ្នារវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានចាប់ផ្តើមប្រព្រឹត្តទៅហើយ នៅក្នុងរដ្ឋធានីម៉ូស្គូ នាថ្ងៃអង្គារនេះ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសមស្របមួយ ពាក់ព័ន្ធនឹងជម្លោះប្រជុំកោះ ឃើរៀល ដែលទីក្រុងតូក្យូ និងម៉ូស្គូ សុទ្ធតែអះអាងកម្មសិទ្ធិដូចៗគ្នា។ បញ្ហាជម្លោះជុំវិញកោះចំនួន០៤នៅភាគខាងត្បូងទីប្រជុំកោះ ឃើរៀល គឺជាឧបសគ្គនៃការចុះសន្ធិសញ្ញាដើម្បីបញ្ចប់សង្រ្គាមលោកលើកទីពីរជាផ្លូវការរវាងប្រទេសរុស្ស៊ី និងជប៉ុន។ នៅមុននៃការជួបពិភាក្សាគ្នានេះប្រារព្ធឡើងលោក អាបេ បានអះអាងថា លោកកំពុងពិចារណាចុះសន្ធិសញ្ញាសន្តិភាពជាមួយ រុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូយល់ព្រមប្រគល់កោះចំនួន០២នៃទីប្រជុំកោះឃើរៀល ឲ្យមកខ្លួនវិញ ប៉ុន្តែនៅប៉ុន្មានថ្ងៃមុននេះទៀត រុស្ស៊ីក៏ធ្លាប់បានបង្ហើបប្រាប់ទីក្រុងតូក្យូរួចហើយដែរថា រុស្ស៊ីចង់បានប្រជុំកោះ ឃើលរៀល ទាំងអស់ ទើបខ្លួនព្រមចុះសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន។ គួរបញ្ជាក់ថា ការជួបពិភាក្សារវាងលោក អាបេ និងលោក ពូទីន នាពេលនេះ គឺជាលើកទី២៥ហើយ គិតចាប់តាំងពីឆ្នាំ២០១៣ ដែលជម្លោះប្រជុំកោះឃើលរៀល នៅតែជាគោលចម្បងនៃប្រធានបទ ដែលមេដឹកនាំប្រទេសធំៗទាំងពីរ តែងតែបានលើកយកមកពិភាក្សាគ្នា៕
-
ឆេះកប៉ាល់ដឹកទំនិញ២គ្រឿង បណ្តាលឲ្យស្លាប់មនុស្ស១១នាក់

រុស្ស៊ី៖ កប៉ាល់ដឹកទំនិញចំនួនពីរគ្រឿងត្រូវភ្លើងឆាបឆេះ នៅច្រកសមុទ្រ Kerch ដែលតភ្ជាប់សមុទ្រខ្មៅ និងសមុទ្រ Azov ដែលស្ថិតនៅភាគខាងកើតសហភាពអឺរ៉ុប បណ្តាលឲ្យមនុស្ស១១នាក់បានបាត់បង់ជីវិត កាលពីម្សិលមិញ នេះបើតាមសារព័ត៌មានរុស្ស៊ី។ សមុទ្រ Azov នេះក៏ជាព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។ នាវិកសរុប៣១នាក់ ក្នុងនោះមានទាំងជនជាតិតួកគី និងឥណ្ឌា ត្រូវគេរាយការណ៍ថា មានវត្តមាននៅលើកប៉ាល់ទាំងពីរគ្រឿងខាងលើ ដែលមានដោតទង់ជាតិប្រទេសតង់ហ្សានី។ តួលេខចុងក្រោយបំផុតបានបញ្ជាក់ថា មនុស្ស១១នាក់បានស្លាប់ និង១២នាក់នៅមានជីវិត ខណៈប្រតិបត្តិការរុករក និងជួយសង្រ្គោះកំពុងតែបន្ត។ តាមព័ត៌មានបឋម ហេតុការណ៍ផ្ទុះបានកើតមានឡើងលើកប៉ាល់មួយគ្រឿង និងបង្កជាអណ្តាតភ្លើង ដែលក្រោយមករីករាលដាលទៅដល់កប៉ាល់មួយគ្រឿង ក្នុងអំឡុងពេលកប៉ាល់ទាំងពីរកំពុងផ្ទេរឧស្ម័ន LNG៕ម.ន
-
អង្គការសហប្រជាជាតិ៖ សេដ្ឋកិច្ចពិភពលោកនឹងរក្សាកំណើនថេរ ក្នុងអត្រា៣ភាគរយ ពីឆ្នាំ២០១៩-២០២០

បរទេស៖ សេដ្ឋកិច្ចពិភពលោកនឹងបន្តមានកំណើនថេរ ប្រមាណ៣ភាគរយ ក្នុងឆ្នាំ២០១៩ និង ២០២០ ជាសញ្ញាមួយបង្ហាញថា កំណើនសេដ្ឋកិច្ចពិភពលោកបានឈានដល់ចំណុចកំពូល នេះបើតាមអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ មករា ម្សិលមិញ។ យ៉ាងណាក៏ដោយ ការបញ្ចូលគ្នានៃកង្វល់លើការប្រកួតប្រជែងដើម្បីការអភិវឌ្ឍអាចប៉ះពាល់ដល់ការរីកចម្រើនសេដ្ឋកិច្ចបន្ថែមទៀត នេះបើតាមវេទិការស្តីពីស្ថានភាព និងលទ្ធភាពសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៩ របស់អង្គការសហប្រជាជាតិ ដែលត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នាបុរីញ៉ូវយ៉ក កាលពីម្សិលមិញ។ ប្រភពថា ការលូតលាស់សេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងថា នឹងរក្សាបានអត្រា៣ភាគរយ ក្នុងឆ្នាំ២០១៩ និង២០២០ ខណៈដែលកាលពីឆ្នាំ២០១៨ មានអត្រា៣,១ភាគរយ។ ការលូតលាស់សេដ្ឋកិច្ចនៅអាម៉េរិកត្រូវបានរំពឹងថា នឹងរក្សាកំណើនបាន២,៥ភាគរយ នៅឆ្នាំ២០១៩ និង ២ភាគរយ ក្នុងឆ្នាំ២០២០ ខណៈដែលសហភាពអឺរ៉ុបនឹងមានអត្រា២ភាគរយ។ រីឯប្រទេសចិនវិញ នឹងមានកំណើនត្រឹម ៦,៣ភាគរយ ធ្លាក់ចុះពី៦,៦ភាគរយ ក្នុងឆ្នាំ២០១៨ ជាការធ្លាក់ចុះ ពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម៕ម.ន
-
ទេសចរចិនជាង១ម៉ឺននាក់ ចូលរួមក្នុងពិធីជប់លៀងបាយដំណើបជាមួយនឹងស្វាយ នៅប្រទេសថៃ

ថៃ៖ សារព័ត៌មាន coconut បានចេញផ្សាយកាលពីម្សិលមិញថា មានភ្ញៀវទេសចរជនជាតិចិនជាង១ម៉ឺននាក់ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីជប់លៀងមួយនៅក្នុងប្រទេសថៃ បំបែកកំណត់ត្រាពិភពលោក Guinness World Record សម្រាប់ការបម្រើបាយដំណើប ជាមួយនឹងស្វាយធំបំផុត។ ព្រឹត្តិការណ៍បំបែកកំណត់ត្រាពិភពលោក «We Care About You» នេះ ត្រូវបានរៀបចំដោយសមាគមភ្នាក់ងារទេសចរណ៍ថៃ នៅស្រុក Pak Kret ខេត្ត Nonthaburi ក្នុងគោលបំណងដើម្បីទទួលបានការជឿទុកចិត្តពីភ្ញៀវទេសចរចិន។ ពីធីជប់លៀងដែលត្រូវបានរៀបចំឡើងកាលពីសប្តាហ៍មុនខាងលើនេះ បានបម្រើបាយដំណើបប្រហែល ១ ៣៦០គីឡូក្រាម រួមជាមួយនឹងស្វាយ៦០០០ផ្លែ សរុបទម្ងន់ប្រហែល ៤០០០ ទៅ ៤៥០០ពាន់គីឡូក្រាម។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ប្រទេសថៃទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣៨ ក្នុងនោះ ចិនមានប្រមាណ១១លាននាក់ កើនឡើង ៧,២% បើធៀបនឹង២០១៧៕ម.ន
-
លោក ដូណាល់ ត្រាំ និងលោក ម៉ៃ ផែន ធ្វើទស្សនកិច្ចទៅកាន់ស្តូបរំឭកវិញ្ញាណក្ខន្ធរបស់មេដឹកនាំសិទ្ធិពលរដ្ឋនៅថ្ងៃបុណ្យជាតិរបស់សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផែន បានធ្វើទស្សនកិច្ចនៅស្តូបរំឭកវិញ្ញាណក្ខន្ធលោក Martin Luther King, Jr នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីដាក់កម្រផ្កា និងសម្តែងការគោរពវិញ្ញាណក្ខន្ធរបស់មេដឹកនាំសិទ្ធិពលរដ្ឋរូបនេះ ដែលជាថ្ងៃបុណ្យជាតិរបស់សហរដ្ឋអាម៉េរិក។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននាឱកាសនោះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃដ៏សំខាន់មួយ។ ក៏ប៉ុន្តែលោកមិនបានឆ្លើយនឹងសំណួរអំពីការបិទទ្វាររដ្ឋាភិបាលនោះទេ។ ការបិទទ្វារនេះស្ទើរតែបណ្តាលឲ្យលុបចោលពិធីគោរពខួបលោក Martin Luther King ដែលត្រូវរៀបចំឡើងនៅឯវិហារគ្រិស្តសាសនានៅទីក្រុងអាត្លង់តា។ វិហារនេះគឺជាផ្នែកមួយនៃឧទ្យានជាតិប្រវត្តិសាស្ត្រ Martin Luther King និងត្រូវបានបិទទ្វារដោយសារការបិទទ្វាររដ្ឋាភិបាល។ ពិធីគោរពខួបប្រចាំឆ្នាំនេះ ស្ថិតក្នុងភាពស្រពេចស្រពិល រហូតដល់ពេលដែលក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ដែលមានទីស្នាក់ការធំនៅទីក្រុងអាត្លង់តា ផ្តល់ថវិកាដើម្បីឲ្យសេវាកម្មឧទ្យានជាតិនេះ បើកទ្វារឡើងវិញ។ ជាមួយគ្នានេះ លោកស្រី Bernice King ដែលជាកូនស្រីរបស់លោក Martin Luther…
-
ជនជាតិរុស្ស៊ីជាច្រើននាក់ ទទួលរងការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុបពាក់ព័ន្ធនឹងសំណុំរឿងបំពុលសម្លាប់អតីតចារកម្មរុស្ស៊ីនៅលើទឹកដីចក្រភពអង់គ្លេស

បែលហ្ស៊ិក៖ ទីបំផុតសហភាពអឺរ៉ុប នៅថ្ងៃច័ន្ទនេះ បានសម្រេចដាក់ទណ្ឌកម្មលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី៤នាក់ ដោយចោទថា មានជាប់ទាក់ទិននឹងការរៀបចំ ក៏ដូចជាដឹកនាំការវាយប្រហារដោយអាវុធគីមីពុលលើអតីតចារកម្មរុស្ស៊ីម្នាក់នៅលើទឹកដីអង់គ្លេសកាលពីឆ្នាំ២០១៨កន្លងទៅ ។ សូមរំលឹកថា អតីតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី លោក សឺហ្គៃ ស្គីសផាល់ (Sergei Skripal) និងកូនស្រី ត្រូវបានគេព្យាយាមបំពុលសម្លាប់ដោយប្រើប្រាស់ សារធាតុគីមីពុលនៅទីក្រុង Salisbury ប្រទេសអង់គ្លេសកាលពីឆ្នាំ២០១៨។ ជុំវិញរឿងនេះដែរ សហរដ្ឋអាម៉េរិក អង់គ្លេស និងបណ្ដាប្រទេសលោកខាងលិចសុទ្ធតែចោទប្រកាន់ថា រុស្ស៊ីគឺជាអ្នកទទួលខុសត្រូវលើទង្វើដ៏សាហាវនេះ តែវិមានក្រឹមឡាំងបានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយ។ ការសម្រេចចិត្តដាក់ទណ្ឌកម្មខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអឺរ៉ុបនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដោយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សហភាពអឺរ៉ុបក៏បានបញ្ជាក់ដែរថា ប្រធាន និងអនុប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី GRU រួមទាំងមន្ត្រី២នាក់ទៀតត្រូវបានបញ្ចូលទៅក្នុងបញ្ជីដាក់ទណ្ឌកម្ម៕
-
ការវាយប្រហាររបស់ក្រុមភេរវករតាលីប៉ង់នៅអាហ្វហ្កានីស្ថាន ផ្តាច់ជីវិតកងកម្លាំងរដ្ឋាភិបាលជាង១២៦នាក់

អាហ្វហ្កានីស្ថាន៖ ពួកឧទ្ទាមជ្រុលនិយម បានសម្លាប់សមាជិកកងកម្លាំងសន្តិសុខរដ្ឋាភិបាលអាហ្វហ្កានីស្ថានប្រមាណ១២៦នាក់ និងជាច្រើនទៀតទទួលរងរបួស នៅក្នុងការវាយប្រហារដោយបំផ្ទុះរថយន្ដនៅឯមូលដ្ឋានយោធាមួយកន្លែង ស្ថិតនៅខេត្ត Maidan Wardak ភាគខាងត្បូងប្រទេស។ ស្របពេលជាមួយគ្នានោះដែរ ក្រុមសកម្មប្រយុទ្ធតាលីបង់បានចេញមុខអះអាងថា ខ្លួនគឺជាអ្នកនៅពីក្រោយការវាយប្រហារខាងលើនេះ ដែលធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមភេរវករមួយនេះ បានបដិសេធចូលរួមកិច្ចចរចាស្វែងរកសន្តិភាពជាមួយសហរដ្ឋអាម៉េរិក។ ការវាយប្រហារលើមូលដ្ឋានយោធាអាហ្វហ្កានីស្ថាននេះដែរ បានកើតឡើង នៅពេលដែលក្រុមសកម្មប្រយុទ្ធតាលីបង់ជាច្រើនបានបំផ្ទុះរថយន្ដមួយគ្រឿង ខណៈខ្មាន់កាំភ្លើង២នាក់ទៀត សម្រុកចូលបើកការបាញ់រះនៅបរិវេណមូលដ្ឋានយោធានេះ។ ប៉ុន្តែខាងមន្ត្រីអាហ្វហ្កានីស្ថានមិនទាន់ទទួលស្គាល់សេចក្ដីរាយការណ៍ខាងលើនៅឡើយទេ បន្ទាប់ពីបានអះអាងថា កងកម្លាំងសន្តិសុខតែ១២នាក់ប៉ុណ្ណោះបានស្លាប់៕
-
គ្រោះរញ្ជួយដីកម្រិត៦.២រ៉ិចទ័រ វាយប្រហារលើកោះភាគកណ្ដាលប្រទេសឥណ្ឌូណេស៊ី មិនបង្កជារលកយក្សស៊ូណាមិឡើយ

ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិក USGS បានបញ្ជាក់ថាគ្រោះរញ្ជួយដីក្នុងកម្រិត៦.២រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងត្បូងទីក្រុង Raba កោះ Sumbawa ស្ថិតនៅភាគកណ្ដាលប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃអង្គារ៍នេះ។ បើតាមភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិកដដែលនេះ គ្រោះរញ្ជួយដីខាងលើ មានជម្រៅ២៥គីឡូម៉ែត្រទៅក្នុងដី និងស្ថិតនៅចម្ងាយ២១៩គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Raba។ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ ហើយក៏មិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិដែរ។ សូមរំលឹកផងដែរថា កាលពីឆ្នាំ២០១៨ ប្រទេសឥណ្ឌូណេស៊ីធ្លាប់បានទទួលរងគ្រោះយ៉ាងធ្ងន់ ដោយសារគ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមិជាបន្តបន្ទាប់ ដែលបានធ្វើឱ្យមនុស្សប្រមាណជាង៣,០០០នាក់បាត់បង់ជីវិត៕