-
មនុស្សស្លាប់២នាក់ ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៦.៧រ៉ិកទ័ រវាយប្រហារភាគខាងជើងប្រទេសឈីលី

ឈីលី៖ យោងតាមប្រភពពីការិយាល័យសង្គ្រោះបន្ទាន់ជាតិរបស់ប្រទេសឈីលី ហៅកាត់ថា អូអិនអ៊ីអឹមអាយ (ONEMI) បានរាយការណ៍ថា មានមនុស្ស២នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីក្នុងកម្រិត៦.៧រ៉ិកទ័រ វាយប្រហារលើតំបន់ កូហ្គីមបូ (Coquimbo) ភាគខាងជើងប្រទេស កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់)។ គ្រោះមហន្តរាយការណ៍ធម្មជាតិខាងលើនេះ បានកើតឡើងនៅម៉ោង១០និង៣២នាទីយប់ថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) មានចម្ងាយ១៣គីឡូម៉ែត្រភាគខាងកើតតំបន់ តុងហ្គយ និងមានចម្ងាយប្រហែល៤២៨គីឡូម៉ែត្រភាគខាងជើងរដ្ឋធានី សាន់ទីហ្គោ ក្នុងជម្រៅដី៥០,១គីឡូម៉ែត្រ នេះបើតាមប្រភពពីជម្ឈមណ្ឌលគ្រោះរញ្ជួយដីជាតិនៃសាកលវិទ្យាល័យរបស់ប្រទេសឈីលី។ ជនរងគ្រោះបាត់បង់ជីវិតទំាងពីរនាក់នេះ ត្រូវបានគេរាយការណ៍ថា ម្នាក់អាយុ៧៤ឆ្នំា និងម្នាក់ទៀតអាយុ៦៤ឆ្នំាបានស្លាប់ដោយសារជម្ងឺគំាងបេះដូង ស្របពេលដែលសំណង់អគារជាច្រើនត្រូវទទួលរងការបំផ្លិចបំផ្លាញ ហើយបើតាមមន្រ្តីក្នុងតំបន់បានបញ្ជាក់ថា លំនៅដ្ឋានប្រជាជនប្រមាណ១១,២៦៧ខ្នងគ្មានអគ្គិសនីប្រើប្រាស់៕ម.ន
-
បុរសជប៉ុនមានអាយុវែងជាងគេបំផុតលើពិភពលោក បានទទួលមរណភាពហើយក្នុងវ័យ១១៣ឆ្នាំ

ជប៉ុន៖ បុរសមានអាយុវែងជាងគេបំផុតលើពិភពលោក បានទទួលមរណភាពហើយ នៅក្នុងលំនៅដ្ឋានរបស់លោក ស្ថិតនៅភាគខាងជើងប្រទេសជប៉ុន ក្នុងវ័យ១១៣ឆ្នាំ។ លោកតា ម៉ាសាហ្សូ ណូណាកា (Masazo Nonaka) បានស្លាប់ដោយសារតែភាពចាស់ជរាខ្លាំង ទើបធ្វើលោកតាបានបាត់បង់ជីវិតនៅពេលលង់លក់នឹងដំណេក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅតំបន់ អាហ្សូរ៉ូ (Ashoro) នៃកោះហុកកៃដូ (Hokkaido) ដែលជាដែនកោះដ៏សំខាន់មួយស្ថិតនៅភាគខាងជើងប្រទេសជប៉ុន នេះបើតាមការបញ្ជាក់របស់ក្រុមគ្រួសារលោកតា។ សូមបញ្ជាក់ថា លោកតា ម៉ាសាហ្សូ ណូណាកា (Masazo Nonaka) បានបំបែកកំណត់ត្រាជាមនុស្សមានអាយុវែងជាងគេបំផុតលើពិភពលោកកាលពីឆ្នំាមុន ជាមួយនឹងកំណត់ត្រាថ្មីបំផុត គឺមានអាយុ១១២ឆ្នាំ និង២៥៩ថ្ងៃ៕ម.ន
-
ប្រទេសឡាវបង្ហាញសព្វាវុធទំនើបទើបទទួលបានពីរុស្ស៊ី ក្នុងអំឡុងព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយក្នុងរដ្ឋធានីវៀងច័ន្ទ

ឡាវ៖ ក្បួនព្យុហយាត្រាយោធាដ៏ធំមួយរបស់កងយោធាប្រទេសឡាវ នៅថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវបានប្រារព្ធឡើងនៅក្នុងរដ្ឋធានីវៀងច័ន្ទ ដើម្បីអបអរខួបទី៧០ឆ្នាំនៃការបង្កើតកងទ័ពប្រជាជនឡាវ។ ក្នុងអំឡុងពិធីនេះ ក៏មានការបង្ហាញនូវសព្វាវុធជាច្រើនប្រភេទ ក្នុងនោះរួមមាន រថក្រោះ T-72 និងរថពាសដែក ប៊ីអរឌីអឹម (BRDM-2M) របស់ប្រទេសរុស្ស៊ីផងដែរ ខណៈបច្ចុប្បន្នរុស្ស៊ីកំពុងធ្វើការផ្គត់ផ្គង់បរិក្ខាយោធា និងសព្វាវុធមកឲ្យឡាវនៅក្រោមកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក ស៊ឺហ្គៃ សយហ្គូ (Sergey Shoigu) មកកាន់ប្រទេសឡាវកាលពីខែមករា ឆ្នាំ២០១៨។ រដ្ឋាភិបាលរុស្ស៊ី និងឡាវ បានផ្សារភ្ជាប់ទំនាក់ទំនងល្អនឹងគ្នាតាំងតែពីសម័យអតីតសហភាពសូវៀតមកម្ល៉េះ នៅពេលប្រទេសទាំងពីរបានបង្កើតចំណងទាក់ទងជិតស្និទ្ធដំបូងក្នុងអំឡុងសម័យសង្រ្គាមត្រជាក់៕ម.ន
-
សហរដ្ឋអាម៉េរិក និងចិនសម្លឹងឃើញកិច្ចសហប្រតិបត្តិការ ក្នុងបេសកកម្មរុករកនៅលើឋានព្រះចន្ទ

សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាម៉េរិក ឬ NASA បានឱ្យដឹងកាលពីចុងសប្តាហ៍ថា NASA និងចិន កំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងបេសកកម្មរុករកនៅលើឋានព្រះចន្ទ។ នៅលើ Twitter នាយកបេសកកម្មវិទ្យាសាស្រ្តអង្គការ NASA លោក Thomas Zurbuchen បានបញ្ជាក់ទៀតថាដោយមានការយល់ព្រមពីសភាអាម៉េរិក NASA បានបើកកិច្ចពិភាក្សាជាមួយចិនដើម្បីស្វែងរកលទ្ធភាពលើការចុះកិច្ចព្រមព្រៀងមួយស្ដីពីការចុះចតរបស់យាន Chang’e 4 (ឆាងអឺ-ទី៤) ដោយប្រើប្រាស់ឧបករណ៍យានអវកាស NASA។ ការលើកឡើងបែបនេះរបស់លោក Zurbuchen គឺដូចគ្នាទៅនឹងសេក្ដីថ្លែងការណ៍កាលពីថ្ងៃចន្ទរបស់នាយរងរដ្ឋបាលអវកាសជាតិចិន លោក Wu Yanhua។ បន្ថែមពីលើនេះ លោក Zurbuchen ក៏បានអះដែរថា អង្គការ NASA នឹងចែករំលែកព័ត៌មានពីផ្កាយរណបអាម៉េរិក ខណៈចិននឹងប្រាប់អាមេរ៉េកវិញពីរយៈទទឹង រយៈបណ្ដោយ និងពេលវលា នៃការចុះចតរបស់យាន Chang’e 4 (ឆាងអឺ-ទី៤)។ ប៉ុន្តែ ការប្រកាសនេះធ្វើឡើងនៅចំពេលរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងរឹតត្បិតការផ្ទេរបច្ចេកវិទ្យាទៅឱ្យចិន៕ម.ន
-
សកម្មជនថៃបន្តធ្វើបាតុកម្មទាមទារឲ្យមានការបោះឆ្នោតឲ្យបានលឿន

ថៃ៖ កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមបាតុករថៃរាប់រយនាក់បានប្រមូលផ្ដុំធ្វើបាតុកម្ម ទាមទារឱ្យការបោះឆ្នោតសកលត្រូវធ្វើឡើងក្នុងពេលឆាប់ៗ ដើម្បីបញ្ចប់ការដឹកនាំប្រទេសដោយរបបយោធា។ នៅក្នុងបាតុកម្មតវ៉ាធ្វើឡើងនៅទីក្រុងបាងកក ក្រុមបាតុករទាំងអស់បាននាំគ្នាស្រែកទាមទារឱ្យរដ្ឋាភិបាលយោធាថៃបច្ចុប្បន្ន រៀបចំការបោះ ឆ្នោតសកលនៅថ្ងៃទី១០ ខែមីនាខាងមុខនេះ។ ការទាមទារនេះទៀតសោត កើតមានឡើងក្រោយកាលបរិច្ឆេទបោះឆ្នោតត្រូវបានពន្យារពេលជាបន្តបន្ទាប់។ ជាក់ស្ដែង ការបោះឆ្នោតដែលដំបូងឡើយ ត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកុម្ភៈត្រូវបានលុបចោលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃប្រកាសយកថ្ងៃទី១០ ឬថ្ងៃទី២៤ ខែមីនា ជាថ្ងៃបោះឆ្នោតជំនួសវិញ។ របបយោធាថៃធ្លាប់បញ្ជាក់ថាការពន្យារពេលការបោះឆ្នោត គឺដោយសារតែការពិបាកក្នុងការរៀបចំកាលវិភាគកុំឱ្យប៉ះពាល់ដល់ ថ្ងៃឡើងសោយរាជ្យជាផ្លូវការរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn ដែលគ្រោងនឹងធ្វើឡើងនៅដើមខែឧសភា ឆ្នាំ២០១៩នេះ។ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការកំណត់បរិច្ឆេទជាក់លាក់ណាមួយនៅឡើយទេ៕ម.ន
-
វៀតណាមបើកការដ្ឋានសាងសង់រោងចក្រថាមពលសូឡា តម្លៃ១៥០លានដុល្លារអាម៉េរិក

វៀតណាម៖ រោងចក្រថាមពលសូឡាតម្លៃ៣,៥៥ទ្រីលានដុង ឬ ច្រើនជាង១៥០លានដុល្លារអាម៉េរិកត្រូវបានបើកការដ្ឋានសាងសង់ហើយ នៅក្នុងទីក្រុងកំពង់ផែ Duyen Hai នៃខេត្ត Tra Vinh កាលពីចុងសប្តាហ៍កន្លងទៅ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews.vn ។ រោងចក្ររបស់ក្រុមហ៊ុន Trung Nam Trà Vinh Solar Power JSC សាងសង់លើផ្ទៃដីទំហំ១៧១ហិកតា ដោយគេជឿជាក់ថា នឹងអាចផ្តល់ប្រភពថាមពលច្រើនជាង២៥០លានគីឡូវ៉ាត់ម៉ោង បន្ថែមលើប្រភពអគ្គិសនីផ្គត់ផ្គង់ជាតិ ជាប្រចាំឆ្នាំ។ ការសាងសង់រោងចក្រនេះមិនត្រឹមតែចូលរួមចំណែកបន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការងារច្រើនជាង១៥០០នាក់ និងចូលរួមអភិវឌ្ឍន៍សុខមាលភាពសង្គមក្នុងតំបន់ទៀតផង នេះបើតាមលោក Đỗ Văn Kiên អគ្គនាយកក្រុមហ៊ុន។ យោងតាមការអ្នកជំនាញថា វៀតណាមមានប្រភពដ៏ធំក្នុងការអភិវឌ្ឍថាមពលសូឡា ឬ ថាមពលពន្លឺព្រះអាទិត្យ ជាមួយនឹងសក្តានុពលបច្ចេកទេសប្រមាណ៣០០ជីហ្គាវ៉ាត់។ រដ្ឋាភិបាលបានកំណត់គោលដៅថា នឹងដំឡើងថាមពលសូឡាឲ្យបាន១២ជីហ្គាវ៉ាត់ នៅត្រឹមឆ្នាំ២០៣០៕ម.ន
-
ចំនួនអ្នកស្លាប់កើនដល់៧៩នាក់ នៅក្នុងហេតុការណ៍ផ្ទុះបំពង់ឧស្ម័ននៅប្រទេសម៉ិកស៊ិក

ម៉ិកស៊ិក៖ អភិបាលរដ្ឋ ហ៊ីដាលហ្គោ លោក អូម៉ា ហ្វេយ៉ាដ បានថ្លែងឱ្យដឹងនៅក្នុងសន្និសិទសារមួយថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារករណីផ្ទុះបំពង់ឧស្ម័នប្រេងក្នុងតំបន់កណ្តាលប្រទេស បានបន្តកើនឡើងដល់៧៩នាក់ហើយ។ អាជ្ញាធរក្នុងតំបន់បានអះអាងថា ការលិចឧស្ម័ន ហើយបណ្តាលឲ្យផ្ទុះនេះ គឺត្រូវបានបង្កឡើងដោយក្រុមចោរលួចប្រេង ដែលបូមប្រេងខុសច្បាប់ក្នុងបំពង់ឧស្ម័នក្នុងរដ្ឋ ហ៊ីដាលហ្គោ។ បើតាមខ្សែអាត់វីដេអូបានបង្ហាញថា ប្រេងដែលលិចបានបាញ់ចេញទៅលើមេឃ ហើយមនុស្សម្នាបាននាំគ្នាប្រមូលប្រេងដាក់ក្នុងធុង និងធុងសំរាម ហើយនឹងកំប៉ុងផ្សេងៗមុនពេលផ្ទុះ។ ទាក់ទិននឹងបញ្ហានេះដែរ លោកអភិបាលរដ្ឋ ហ៊ីដាលហ្គោ បានថ្លែងថា ខ្ញុំសូមអំពាវនាវឲ្យពលរដ្ឋទាំងអស់មិនត្រូវចូលរួមលួចឧស្ម័នទេ ហើយថា មួយផ្នែកក្រៅពីរឿងខុសច្បាប់ វាក៏ធ្វើឲ្យជីវិតលោកអ្នក ហើយនឹងក្រុមគ្រួសារលោកអ្នកប្រឈមមុខនឹងគ្រោះថ្នាក់ទៀតផង។ ដោយឡែកប្រធានាធិបតីម៉ិកស៊ិក លោក Lopez Obrador ក៏បានបើកយុទ្ធនាការបង្ក្រាបចំពោះរឿងលួចឧស្ម័ន ដោយបានជំរុញឱ្យរដ្ឋាភិបាលរបស់លោក ទាំងមូលជួយពលរដ្ឋនៅតំបន់ផ្ទុះឧស្ម័ន ខណៈរដ្ឋាភិបាលបានបញ្ជាក់ថា ការលួចឧស្ម័ននេះ បានធ្វើឲ្យប្រទេសជាតិបាត់បង់ថវិកា៣ពាន់លានដុល្លារក្នុងមួយឆ្នាំ៕ម.ន
-
កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ១០នាក់ ត្រូវបានសម្លាប់នៅប្រទេសម៉ាលី

ម៉ាលី៖ ជនប្រដាប់អាវុធជីហាដមួយក្រុម បានសម្លាប់កងកម្លំាងរក្សាសន្តិភាពជនជាតិឆាដរបស់អង្គការសហប្រជាជាតិចំនួន១០នាក់ និងបង្ករបួសយ៉ាងហោចណាស់២៥នាក់ នៅក្នុងការវាយប្រហារនៅជំរុំកងទ័ពថែរក្សាសន្តិភាពយូអិននៅប្រទេសម៉ាលីភាគខាងជើង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ស្របពេលជាមួយគ្នានោះ ក្រុមជនសកម្មប្រយុទ្ធអ៊ីស្លាម AQIM បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយនិយាយថា វាជាប្រតិកម្មតបទៅនឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊នចាមីន ណឺតាន់យ៉ាហ៊ូ ទៅកាន់ប្រទេសឆាដ។ ពាក់ព័ន្ធនឹងការវាយប្រហារនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស បានថ្កោលទោសយ៉ាងខ្លាំងនូវអ្វីដែលលោកបានពិពណ៌នាថា ជាការវាយប្រហារដ៏អាក្រក់នៅជំរុំកងកម្លំាងរក្សាសន្តិភាពនៅឃុំ Aguelhok នៅក្នុងតំបន់ Kidal ហើយថែមទាំងបានអំពាវនាវឱ្យនាំខ្លួនពួកអ្នកវាយប្រហារទាំងនោះទៅកាន់តុលាការ៕ម.ន
-
ប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ស៊ីរី បាញ់ទម្លាក់មីស៊ីលទាំងអស់របស់អ៊ីស្រាអែលដែលបាញ់ចូលទឹកដីខ្លួន

អ៊ីស្រាអែល៖ កងកម្លាំងអាកាសអ៊ីស្រាអែលបានធ្វើការវាយប្រហារប្រឆាំងនឹងអាកាសយានដ្ឋានអន្តរជាតិក្រុងដាម៉ាស់ នៅថ្ងៃអាទិត្យម្សិលមិញនេះ ដោយអ្នកនាំពាក្យយោធារុស្ស៊ីម្នាក់បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលការពារអាកាសរបស់ស៊ីរី បានបំផ្លាញមីស៊ីលអ៊ីស្រាអែលចំនួន៧គ្រាប់ ដោយវាយបកទៅលើវាយប្រហារនោះវិញដោយជោគជ័យ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ស៊ីរី កងកម្លាំងការពារអាកាសរបស់ស៊ីរី កាលពីរសៀលថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានប្រើប្រព័ន្ធមីស៊ីលការពារដែនអាកាស Buk-M2 ថ្មីបំផុត ដើម្បីរុញច្រានការវាយប្រហាររបស់អ៊ីស្រាអែល។ ប្រភពបន្តថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង៣២នាទីរសៀលថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ចេញពីសមុទ្រមេឌីទែរ៉ាណេ ដោយយន្តហោះចម្បាំង F-16 របស់អ៊ីស្រាអែល ដែលបានបាញ់មីស៊ីលជាច្រើនគ្រាប់៕ម.ន
-
លោក ដូណាល់ ត្រាំ រិះគន់ការបដិសេធរបស់ប្រធានរដ្ឋសភាខាងបក្សប្រជាធិបតេយ្យ ចំពោះការសម្របសម្រួលរបស់លោកដើម្បីបញ្ចប់ការបិទរដ្ឋាភិបាល

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងរិះគន់ប្រធានរដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យ អ្នកស្រី Nancy Pelosi នៅថ្ងៃអាទិត្យម្សិលមិញនេះ ចំពោះការបដិសេធទៅលើអ្វីដែលលោកបានហៅថា ជាការសម្របសម្រួលដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលមួយផ្នែក។ លោក ត្រាំ បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមធ្វីតធើតថា អ្នកស្រី Nancy Pelosi និងសមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួន បានច្រានចោលសំណើរបស់ខ្ញុំកាលពីម្សិលមិញ គឺសូម្បីតែមុនពេលដែលខ្ញុំលើកឡើងពីសំណើទាំងនោះទៅទៀត។ លោកបន្តថា ពួកគេមើលមិនឃើញឧក្រិដ្ឋកម្ម និងការជួញដូរថ្នាំញៀនទេ ហើយថា ពួកគេគួរតែធ្វើរឿងត្រឹមត្រូវសម្រាប់ប្រទេស និងអនុញ្ញាតឲ្យប្រជាពលរដ្ឋត្រឡប់ទៅធ្វើការងាររបស់ពួកគេវិញ។ អ្នកស្រី Pelosi បានឆ្លើយតបទៅនឹងសារតាមបណ្តាញសង្គមធ្វីតធើ របស់លោក ត្រាំ វិញថា ប្រជាពលរដ្ឋអាម៉េរិក៨សែននាក់នឹងមិនទទួលបានប្រាក់ខែទេ ហើយបុគ្គលិករដ្ឋាភិបាល និងមន្ត្រីរាជការនានា ត្រូវបានបង្ខំឲ្យធ្វើការដោយមិនទទួលបានប្រាក់ខែ។ លោកស្រីបន្ថែមថា សូមបើករដ្ឋាភិបាលឡើងវិញ សូមអនុញ្ញាតឲ្យពួកគេទទួលបានប្រាក់ខែ ហើយបន្ទាប់មក យើងអាចពិភាក្សាគ្នាទៅលើថាតើយើងអាចសហការគ្នាការពារព្រំដែនរបស់យើងដោយរបៀបណា។ គួរបញ្ជាក់ថា ការបិទរដ្ឋាភិបាលអាម៉េរិកមួយផ្នែក បានឈានចូលដល់ថ្ងៃទី៣០ហើយ ហើយក៏ជារយៈពេលបិទរដ្ឋាភិបាលយូរបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាម៉េរិកផងដែរ៕ម.ន