-
សមាជិកសភាបក្សប្រជាធិបតេយ្យ៧រូប ជួបជាមួយលោក ដូណាល់ ត្រាំ ជុំវិញបញ្ហាបិទរដ្ឋាភិបាលអាម៉េរិក

សហរដ្ឋអាម៉េរិក៖ មួយថ្ងៃបន្ទាប់ពីតំណាងរាស្រ្តមកពីគណបក្សប្រជាធិបតេយ្យរបស់សភាអាម៉េរិកបានបដិសេធមិនជួបជាមួយលោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលនោះ យ៉ាងហោចណាស់មានអ្នកប្រជាធិបតេយ្យក្នុងសភា៧រូបផងដែរ បានចូលរួមក្នុងកិច្ចប្រជុំនៅសេតវិមាន ក្នុងគោលបំណងបើករដ្ឋាភិបាល ដែលត្រូវបានបិទផ្នែកមួយចំនួនអស់រយៈពេលជាងបីសប្តាហ៍មកនេះ។ សារព័ត៌មាន CNN នៅថ្ងៃព្រហស្បត្តិ៍នេះ បានរាយការណ៍ថា តំណាងរាស្រ្តបក្សប្រជាធិបតេយ្យមកពីរដ្ឋ New Jersey , New York , Texas , Minnesota និង រដ្ឋ Virginia ផងនោះ បានចូលរួមប្រជុំនៅសេតវិមាន ដោយសមាជិកសភាទាំង៧រូបនេះ មិនមែនជាផ្នែកមួយនៃការដឹកនាំរបស់គណកប្សប្រជាធិបតេយ្យ ដែលបានដឹកនាំការចរចារបស់សភា ហើយជាសមាជិកសភាធម្មតា ដែលភាគច្រើនជាអ្នក ប្រកាន់យកផ្លូវកណ្តាល។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កំពុងតែព្យាយាមដើម្បីធ្វើឱ្យគណបក្សប្រជាធិបតេយ្យក្នុងសភាអាម៉េរិកយល់ព្រម ដើម្បីលោកទទួលបានថវិកាចំនួន៥ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ការសន្យាដែលបានចុះហត្ថលេខាក្នុងយុទ្ធនាការរបស់លោក អំពីការសាងសង់ជញ្ជាំងនៅតាមបណ្តោយព្រំដែនអាម៉េរិក-ម៉ិកស៊ិក។ មេដឹកនាំប្រជាធិបតេយ្យមិនបានយល់ព្រមលើបញ្ហានេះទេដោយនាំឱ្យអ្នកចរចារបស់សេតវិមាន ព្យាយាមកំណត់គោលដៅសមាជិក ប្រកាន់យកផ្លូវកណ្តាល ដើម្បីដាក់សម្ពាធលើប្រធានសភាជាតិ លោកស្រី Nancy Pelosi…
-
វៀតណាមត្រៀមទទួលដំណើរទស្សនកិច្ចរបស់មេដឹកនាំដឹកនាំកំពូលកូរ៉េខាងជើង ស្របពេលមានការចុះផ្សាយអំពីជំនួបលើកទី២ជាមួយលោក ដូណាល់ ត្រាំ

វៀតណាម៖ សារព័ត៌មានរ៉យទ័របានចុះផ្សាយថា រដ្ឋាភិបាលក្រុងហាណូយកំពុងត្រៀមខ្លួនទទួលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយ ខណៈដែលមន្ត្រី និងអ្នកការទូតបាននិយាយថា វៀតណាមចង់ផ្តល់ទីតាំងសម្រាប់ជំនួបកំពូលលើកទី២រវាងលោក គីម និងលោក ត្រាំ។ ប្រភពដដែលបានឱ្យដឹងទៀតថា លោក គីម ជុងអ៊ុន នឹងធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ចាប់ពីថ្ងៃ០៤ ដល់ទី០៨ ខែកុម្ភៈខាងមុខនេះ ស្របពេលដែលប្រភពមួយទៀតបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក គីម នៅមិនទាន់កំណត់កាលបរិច្ឆេទនៅឡើយទេ ។ ទន្ទឹមគ្នានោះដែរ មន្រ្តីជាន់ខ្ពស់អាម៉េរិក និងកូរ៉េខាងជើង ក៏កំពុងធ្វើកិច្ចពិភាក្សាគ្នានៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីនិយាយអំពីជំនួបលើកទី២របស់មេដឹកនាំបប្រទេសទាំងពីរ សំដៅជំរុញកិច្ចពិភាក្សាអំពីការលុបបំបាត់នុយក្លេអ៊ែរនៅលើតំបន់ឧបទ្វីបកូរ៉េ។ ប្រទេសវៀតណាមដែលមានទំនាក់ទំនងល្អទាំងជាមួយអាម៉េរិក និងកូរ៉េខាងជើង ត្រូវបានគេសរសើរជាយូរមកហើយថា ជាកន្លែងស័ក្តិសមបំផុតសំរាប់ជំនួបកំពូលលើកទី២ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក៏ចង់ទទួលរៀបចំធ្វើជំនួបនេះផងដែរ ៕
-
ប្រេសិតសន្តិភាពសហរដ្ឋអាម៉េរិកទៅប៉ាគីស្ថាន ដើម្បីស្វែងរកការបញ្ចប់សង្គ្រាម១៧ឆ្នាំនៅប្រទេសអាហ្វហ្កានីស្ថាន

សហរដ្ឋអាម៉េរិក៖ បេសកជនសន្តិភាពអាម៉េរិក លោក Zalmay Khalilzad បានមកដល់ប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍តនេះ ក្នុងដំណើរទស្សនកិច្ចចុងក្រោយនៅក្នុងតំបន់ ដើម្បីស្វែងរកការចរចាបញ្ចប់សង្គ្រាមរយៈពេល១៧ឆ្នាំនៅអាហ្វហ្កានីស្ថាន ដែលនឹងបញ្ចប់ការចូលពាក់ព័ន្ធយោធាដ៏យូរបំផុតរបស់សហរដ្ឋអាម៉េរិក។ លោក Zalmay Khalilzad ត្រូវបានគេរាយការណ៍ថា បានទៅប្រទេសប៉ាគីស្ថានដើម្បីស្វែងរកជំនួយរបស់រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ សំដៅនាំក្រុមមេដឹកនាំតាលីបង់ធ្វើការចរចាផ្ទាល់ ជាមួយក្រុមអ្នកតំណាងរបស់ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani ។ រដ្ឋាភិបាលប៉ាគីស្ថាននិយាយថា ឥទ្ធិពលរបស់ខ្លួនលើក្រុមតាលីបង់ត្រូវបានគេពន្លើស ប៉ុន្តែការចាប់ខ្លួនមេដឹកនាំតាលីបង់លោក Hafiz Mohibullah កាលពីដើមសប្តាហ៍នេះ នៅក្នុងទីក្រុង Peshawar ប្រទេសប៉ាគីស្ថាន នៅមុនពេលដំណើរទស្សនកិច្ចរបស់លោក Zalmay Khalilzad ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដាក់សម្ពាធទៅលើក្រុមឧទ្ទាមនេះ ឱ្យចូលទៅក្នុងកិច្ចចរចា។ លោក Hafiz Mohibullah គឺជាសមាជិកម្នាក់នៃគណៈកម្មាធិការនយោបាយរបស់តាលីបង់នៅប៉ាគីស្ថាន និងជាអតីតមេបញ្ជាការយោធាតាលីបង់ ដែលដឹកនាំប្រតិបត្តិការនៅ១៨ខេត្តរបស់ប្រទេសអាហ្វហ្កានីស្ថានភាគខាងកើត និងខាងជើងនៃប្រទេសនេះ។ យ៉ាងណាមិញ ក្រុមតាលីបង់បានបដិសេធមិននិយាយជាមួយរដ្ឋាភិបាល ដោយពួកគេបានចេញសេចក្តីថ្លែងការណ៍មួយនៅដើមសប្តាហ៍នេះ ដោយគំរាមបញ្ឈប់ការចរចាជាមួយសហរដ្ឋអាម៉េរិក៕
-
កោះតៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ស្របពេលមានការគំរាមគំហែងជាថ្មីពីប្រទេសចិន

តៃវ៉ាន់៖ យោធាកោះតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយ នៅតាមឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ចំពេលមានការគំរាមកំហែងជាថ្មីពីចិន ដើម្បីឱ្យកោះនេះស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួន ដោយប្រើកម្លាំងទ័ពប្រសិនបើចាំបាច់នោះ។ កាំភ្លើងធំ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងបានបាញ់ទៅលើគោលដៅ នៅឯឆ្នេរសមុទ្រនៃទីក្រុង Taichung ខណៈដែលយន្តហោះចម្បាំង Mirage ដែលផលិតនៅបារាំងជាច្រើនគ្រឿងបានហោះឡើងចេញពីមូលដ្ឋានកងទ័ពអាកាស នៅទីក្រុងHsinchu ទៅកាន់តំបន់ភាគខាងជើង។ សមយុទ្ធនេះគឺជាលើកទីមួយរបស់តៃវ៉ាន់ចាប់តាំងពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃទី០២ ខែមករាកន្លងមកនេះ បានបញ្ជាក់ពីបំណងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការប្រើកម្លាំងយោធាដើម្បីដាក់កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងនេះ នៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិន។ ការធ្វើសមយុទ្ធនេះក៏ត្រូវបានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍របស់មន្ទីរបញ្ចកោណដែលបង្ហាញពីការព្រួយបារម្ភរបស់សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងកម្លាំងយោធាកើនឡើងរបស់ចិន ដែលឱ្យមានការព្រួយបារម្ភខ្លាំងឡើងអំពីការវាយប្រហារដែលអាចកើតមានប្រឆាំងនឹងកោះតៃវ៉ាន់៕
-
សហរដ្ឋអាម៉េរិក និងរុស្ស៊ី បរាជ័យក្នុងការរក្សាបន្តសន្ធិសញ្ញាកងកម្លំាងនុយក្លេអ៊ែរកម្រិតមធ្យម INF ឆ្នាំ១៩៨៧

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនៅថ្ងៃពុធសប្ដាហ៍នេះ បានច្រានចោលសំណើ រុស្ស៊ី ដែលសុំរក្សាសន្ធិសញ្ញាមិនឲ្យដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែនៅអឺរ៉ុប ព្រោះតែវាមិនអាចពិនិត្យផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ ធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន កំណត់ពេលដកខ្លួនចេញពីសន្ធិសញ្ញា INF នេះ នៅខែក្រោយ ។ បន្ទាប់ពីការជួបគ្នារវាងមន្ត្រីរុស្ស៊ី និងមន្ត្រីអាម៉េរិកនៅទីក្រុងហ្សឺណែវ ប្រទេសបែលហ្ស៊ិក អនុរដ្ឋមន្ត្រីអាម៉េរិកទទួលបន្ទុកលើការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ លោក អេនឌ្រា ថមសុន (Andrea Thompson) បាននិយាយថា ទីក្រុងម៉ូស្គូកំពុងតែបដិសេធមិនអនុញ្ញាតឲ្យមានការត្រួតពិនិត្យ លើប្រព័ន្ធមីស៊ីលរុស្ស៊ីថ្មី ដែលទីក្រុងវ៉ាស៊ីនតោននិយាយថា ល្មើសនឹងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែកម្រិតមធ្យមឆ្នាំ១៩៨៧។ យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បានអះអាងថា ប្រទេសរបស់លោកនៅតែមានឆន្ទៈដើម្បីសង្គ្រោះសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែកម្រិតមធ្យម INF បើទោះជាសហរដ្ឋអាម៉េរិកព្យាយាមលុបបំបាត់វាចោលក៏ដោយ៕ម.ន
-
ក្រុម ISIL អះអាងទទួលខុសត្រូវករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅស៊ីរី ដែលផ្តាច់ជីវិតមនុស្សអស់១៨នាក់ ក្នុងនោះមានទាហានអាម៉េរិក៤នាក់

ស៊ីរី៖ ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយបានសម្លាប់ទាហានអាម៉េរិក៤នាក់នៅភាគខាងជើងស៊ីរី ក្នុងថ្ងៃពុធម្សិលមិញ ដែលនេះជាការបាត់បង់កងកម្លាំងរបស់ទីក្រុងវ៉ាស៊ីនតោនដ៏អាក្រក់បំផុតមួយ នៅក្នុងប្រទេសដែលហែកហួរដោយសារសង្គ្រាមចាប់តាំងពីឆ្នាំ២០១៤មកនេះ និងចំពេលដែលសហរដ្ឋអាម៉េរិកកំពុងត្រៀមខ្លួនដកកងទ័ពចេញ។ សារព័ត៌មាន CGTN បានចុះផ្សាយថា នៅក្នុងហេតុការណ៍វាយប្រហារខាងលើនេះ ពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIL បានចេញមុខអះអាងទទួលខុសត្រូវទាំងស្រុង ខណៈករណីបំផ្ទុះគ្រាប់បែកអត្តឃាតនេះដែរ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើការប្រកាសកាលពីចុងខែមុនថា រូបលោកនឹងដាក់ចេញនូវបទបញ្ជាដកកងទ័ពទាំងអស់ចេញពីទឹកដីប្រទេសស៊ីរី ដោយសំអាងថា ក្រុមជ្រុលនិយមជីហាដត្រូវបានកម្ទេចទាំងស្រុងហើយ។ បើតាមក្រុមឃ្លំាមើលសិទ្ធិមនុស្សស៊ីរីបានបញ្ជាក់ថា កងទាហានអាម៉េរិក២នាក់ ជនស៊ីវិលស៊ីរី៩នាក់ និងក្រុមយុទ្ធជនគំាទ្រដោយអាម៉េរិក៥នាក់ទៀតបានបាត់ បង់ជីវិត ដោយសារហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនេះ ដែលបានកើតឡើងនៅឯភោជនីយដ្ឋានមួយកន្លែង ភាគខាងជើងទីក្រុងម៉ាន់ប៊ី ស្ថិតនៅក្បែរព្រំដែនប្រទេសតួកគី៕ម.ន
-
អង់គ្លេស និងសហរដ្ឋអាម៉េរិក ដឹកនាំការធ្វើសមយុទ្ធយោធាទ្វេភាគីនៅលើដែនសមុទ្រចិនខាងត្បូង

សហរដ្ឋអាម៉េរិក៖ កងនាវាចម្បាំងរបស់ចក្រភពអង់គ្លេស និងអាម៉េរិក បានធ្វើដំណើររួមគ្នាជាលើកដំបូងនៅសមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធារយៈពេលជិតមួយសប្តាហ៍។ នេះគឺជាសមយុទ្ធយោធាទ្វេភាគីលើកដំបូងរវាងប្រទេសទាំងពីរ នៅសមុទ្រចិនខាងត្បូង គិតចាប់តាំងពីចិនបានសាងសង់មូលដ្ឋានយោធានៅទីនោះ ដោយកាលពីចុងខែធ្នូកន្លងទៅ ក៏មានការធ្វើសមយុទ្ធយោធាត្រីភាគីរវាងទ័ពជើងទឹកអាម៉េរិក អង់គ្លេស និងជប៉ុនផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន កងទ័ពជើងទឹកអាម៉េរិកបានបញ្ជាក់ថា នាវាចម្បាំង យូអេសអេស ម៉ាកខំាបែល (USS McCampbell) និង នាវាចម្បាំងអង់ គ្លេស អេដអឹមអេស អាក់ជីធូ (HMS Argyll) បានធ្វើសមយុទ្ធយោធានៅលើតំបន់ផ្លូវទឹកយុទ្ធសាស្រ្តនេះរយៈពេល០៦ថ្ងៃ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន រហូតមកដល់ថ្ងៃពុធសប្តាហ៍នេះ៕ម.ន
-
មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនឹងចេញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក នាសប្តាហ៍នេះ ដើម្បីពិភាក្សាស្តីពីជំនួបកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ

កូរ៉េខាងជើង៖ សារព័ត៌មាន CGTN បានចុះផ្សាយថា កូរ៉េខាងជើងគ្រោងបញ្ជូនមន្ត្រីជាន់ខ្ពស់ចំនួន០៣រូបទៅកាន់សហរដ្ឋអាម៉េរិកនាសប្ដាហ៍នេះ ស្របពេលដែលប្រទេសទាំងពីរបាននិងកំពុងបំបែកភាពទាល់ច្រក ដើម្បីបោះជំហានទៅរកការរំសាយអាវុធនុធក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ ប្រភពដដែលបានឱ្យដឹងទៀតថា លោក គីម យ៉ុងចុល និងមន្ត្រីកូរ៉េខាងជើង០២រូបទៀត នឹងត្រូវចាកចេញដំណើរពីទីក្រុងប៉េកាំងឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅម៉ោង៦និង២៥នាទីថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់)។ ជាមួយគ្នានេះ លោក គីម យ៉ុងចុល ត្រូវបានគេរំពឹងថា នឹងបំពេញដំណើរទស្សនកិច្ចរយៈពេល០២ថ្ងៃទីក្រុងវ៉ាស៊ីនតោន ហើយនៅអំឡុងដំណើរទស្សនកិច្ចនេះដែរ លោក គីម នឹងត្រូវជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ ពាក់ព័ន្ធនឹងការរៀបចំជំនួបកំពូលអាម៉េរិក-កូរ៉េខាងជើងជាលើកទី០២៕ម.ន
-
ឆ្អឹងមនុស្សមានអាយុកាលរហូតដល់១០,១១៣ឆ្នាំ ត្រូវបានអ្នកវិទ្យាសាស្ត្រ រកឃើញនៅភាគខាងជើងប្រទេសចិន

ចិន៖ សារព័ត៌មានស៊ីនហួរបានចុះផ្សាយថា លលាដ៍ឆ្អឹងមនុស្សដែលអ្នកវិទ្យាសាស្រ្តរកឃើញនៅភាគខាងជើងប្រទេសចិន ក្បែរព្រំដែនជាមួយម៉ុងហ្គោលី និងរុស្ស៊ីនោះ ត្រូវបានផ្ទៀងផ្ទាត់ដឹងច្បាស់ថា ពិតជាមានអាយុកាលដល់ទៅជាង ១០,០០០ឆ្នាំ។ តាមរយៈការសិក្សាដើម្បីផ្ទៀងផ្ទាត់អាយុកាល ទៅលើគំរូលលាដ៍ឆ្អឹងចំនួន០៤ ដែលរកឃើញនៅសង្កាត់ ចាឡៃនួរ (Jalainur) ក្នុងទីក្រុង ម៉ាន់ជូលី (Manzhouli) នៃតំបន់ស្វយ័តម៉ុងហ្គោលីបានរកឃើញថា គំរូដែលមានអាយុកាលចាស់បំផុតគឺប្រហែល១០,១១៣ឆ្នាំ ខណៈគំរូ០៣ទៀតមានចំណាស់ចាប់ពី៧,៤០០ឆ្នាំ ១,៦០០ឆ្នាំ និង១,០០០ឆ្នាំ។ លទ្ធផលដែលត្រូវបានរកឃើញទាំងអស់នេះ គឺជាភ័ស្តុតាងបញ្ជាក់ថា មនុស្សលោកយើងពិតជាបានមករស់នៅតំបន់ ចាឡៃនួរ (Jalainur) នេះ តាំងតែពីជាង១០,០០០ឆ្នាំមុន ឬអាចមុននេះផងក៏ថាបានដែរ ហើយនេះជាលទ្ធផលធំមួយ ដែលនឹងជួយគាំទ្រដល់ការសិក្សាផ្នែកបុរាណវិទ្យា និងការជីកកកាយអាថ៌កំបាំងទឹកដីចិនពីបុរាណអោយកាន់តែប្រសើរជាងមុនទៀត៕ម.ន
-
ការព្យាករណ៍របស់ធនាគារពិភពលោក៖ សេដ្ឋកិច្ចរបស់ថៃនឹងមានកំណើន៣,៨ភាគរយនៅឆ្នាំ២០១៩

ថៃ៖ ក្នុងពេលមានភាពយឺតយ៉ាវជាលក្ខណៈសកល និងភាពតានតឹងពាណិជ្ជកម្មនោះ សេដ្ឋកិច្ចថៃត្រូវបានព្យាកណ៍ថា នឹងកើនឡើង៣,៨ភាគរយ នៅឆ្នាំ២០១៩ ហើយ៣,៩ នៅឆ្នាំ២០២០ នេះបើតាមទីភ្នាក់ងារតាមដានសេដ្ឋកិច្ចថៃរបស់ធនាគារពិភពលោក (World Bank) កាលពីម្សិលមិញ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation។ ការនេះបង្ហាញពីភាពធន់នឹងបញ្ហាពាណិជ្ជកម្មសកល ដោយសារតែការពង្រឹងតម្រូវការក្នុងស្រុក តាមរយៈការកើនឡើងនៃការប្រើប្រាស់ និងវិនិយោគឯកជន។ ធនាគារពិភពលោកបានឲ្យដឹងថា ការវិនិយោគលើធនធានមនុស្ស និងបន្តកែទម្រង់សេដ្ឋកិច្ចគឺជាចំណុចសំខាន់សម្រាប់ប្រទេសថៃ ក្នុងការដែលក្លាជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងឱកាសស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប។យ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចរបស់ថៃកាលពីឆ្នាំ២០១៨ រក្សាបានកំណើន៤,១ភាគរយ៕