-
ក្រុមហ៊ុន Facebook វិនិយោគ៣០០លានដុល្លារអាម៉េរិក ក្នុងវិស័យសារព័ត៌មាន ជាពិសេស ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

សហរដ្ឋអាម៉េរិក៖ Facebook កាលពីម្សិលមិញ បានប្រកាសថាខ្លួននឹងវិនិយោគប្រាក់ជាង៣០០លានដុល្លារ នៅក្នុងវិស័យសារព័ត៌មាន ជាការវិនិយោគ ស្របពេលដែលក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមដ៏ធំនៅអាម៉េរិកមួយនេះ កំពុងបន្តយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ក្រុមហ៊ុនហ្វេសបុកនឹងធ្វើការវិនិយោគប្រាក់ជាង៣០០លានដុល្លារនៅក្នុងវិស័យសារព័ត៌មាន សម្រាប់រយៈពេល៣ឆ្នាំ ដោយប្រាក់មួយចំនួននៃមូលធិនិវិនិយោគនេះ នឹងត្រូវប្រគល់ឱ្យដោយផ្ទាល់ដល់អង្គការក្រៅរដ្ឋាភិបាលមិនស្វែងរកប្រាក់កម្រៃមួយចំនួន។ លើសពីនេះទៅទៀត មូលិនិធិនេះនឹងពង្រីកកិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់ Facebook ដើម្បីជួយគេហទំព័រព័ត៌មានទើបបង្កើតថ្មីៗក្នុងការ ប្រែក្លាយអ្នកអានទៅជាអតិថិជនបង់ប្រាក់វិញ នេះបើតាមសេចក្តីថ្លែងការណ៍របស់ហ្វេសប៊ុក។ សូមរម្លឹកថា កាលពីឆ្នាំមុន ក្រុមហ៊ុន Facebook ក៏បានប្រកាសពីការវិនិយោគប្រាក់៦លានដុល្លារផងដែរ សម្រាប់អ្នកបោះពុម្ពផ្សាយនៅក្នុងស្រុក នៅចក្រភពអង់គ្លេសដែរ៕
-
គ្រាប់ពូជដែលនាំយកទៅឋានព្រះចន្ទដោយបេសកកម្ម Chang’e-4 (ឆាងអឺ-ទី៤) របស់ប្រទេសចិន បានដុះពន្លកហើយ

ចិន៖ រដ្ឋបាលអវកាសចិនបានប្រកាសថ្មីៗនេះថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលមានរូបធាតុជីវសាស្ត្រដុះលើឋានព្រះចន្ទ ហើយជាការបោះជំហានធំមួយសម្រាប់ដំណើររុករកក្នុងលំហអាកាស។បេសកកម្ម Chang’e-4 (ឆាងអឺ-ទី៤) ជាបេសកកម្មដំបូងដែលបានចុះចត និងរុករកនៅលើតំបន់ឆ្ងាយនៃឋានព្រះចន្ទ ដែលបែរមុខចេញពីផែនដី។ យានរបស់ប្រទេសចិនមានផ្ទុកនូវដីដែលមានបណ្ដុះដោយកប្បាស គ្រាប់ពូជដំឡូង និងផ្សិតដំបែ។ រុក្ខជាតិទាំងនោះត្រូវបានផ្ទុកនៅក្នុងប្រអប់បិទជិត ហើយវានឹងព្យាយាមបង្កើតនូវតំបន់មានជីវិតតូចមួយ ជាបរិស្ថានសិប្បនិមិត្តដើម្បីទ្រទ្រង់ខ្លួនឯង។ ការដាំដុះលើឋានព្រះចន្ទនេះ មានន័យថាអវកាសយានិកអាចប្រមូលផលនៅលំហអាកាស មិនចាំបាច់ត្រឡប់មកផែនដី ដើម្បីយកគ្រឿងផ្គត់ផ្គង់នោះទេ៕
-
ជប៉ុនចាត់ទុកវៀតណាមជាប្រទេសគួរឲ្យវិនិយោគបំផុតក្នុងអាស៊ី

ជប៉ុន៖ បណ្តាក្រុមហ៊ុនជប៉ុន បានចាត់ទុកវៀតណាម គឺជាតំបន់វិនិយោគទាក់ទាញបំផុតក្នុងតំបន់អាស៊ី ដោយសារតែការរីកចម្រើនសេដ្ឋកិច្ចដ៏ខ្ពស់នៃប្រទេសនេះ។ នេះបើតាមការការស្រាវជ្រាវមួយ ចេញផ្សាយដោយសារព័ត៌មាន Vietnam.vn។ ការស្រាវជ្រាវរបស់ NNA ឬ បណ្តាញព័ត៌មានអាស៊ីដែលត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី២៦ វិច្ឆិកា ដល់ ៩ ធ្នូ ២០១៨នោះ ដោយសារតែវៀតណាមជាតំបន់ផលិតកម្ម ហើយនឹងទីផ្សារអ្នកប្រើប្រាស់ដ៏ធំនោះ បណ្តាវិនិយោគគិនជប៉ុនបានចាត់ទុកថា វៀតណាមគឺជាតំបន់វិនិយោគទាក់ទាញបំផុត ក្នុងតំបន់អាស៊ី។ តាមការសាកសួរក្រុមហ៊ុនជប៉ុន នៅអាស៊ីខាងកើត អាស៊ីអាគ្នេយ៍ ឥណ្ឌា និងអូស្ត្រាលី មាន៣៥,៧ភាគរយថា លទ្ធផលបង្ហាញថា វៀតណាមគឺជាប្រទេសដែលគួរតែជំរុញសេដ្ឋកិច្ចបំផុត សម្រាប់ការវិនិយោគ៕
-
ថៃទទួលបានការកាត់បន្ថយពន្ធនាំចូលផលិផលរបស់ខ្លួនទៅក្នុងប្រទេសចិន តាមការគ្រោងទុក

ថៃ៖ សារព័ត៌មានក្នុងស្រុករបស់ថៃបានចេញផ្សាយកាលពីម្សិលមិញថា ប្រទេសចិនបានសម្រេចកាត់បន្ថយពន្ធនាំចូល ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការនាំចេញរបស់ថៃ។ គេហទំព័រ The Nation បានចេញផ្សាយដោយផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃថា ប្រទេសចិនបានកាត់បន្ថយពន្ធនាំចូលផលិផលរបស់ថៃលើផលិតផល១៥៨៥មុខ ដោយកាត់បន្ថយជាមធ្យមពី១០,៥ភាគរយ មកនៅត្រឹមតែ៧,៨ភាគរយ ដោយប្រភពបញ្ជាក់ថា ការបន្ថយពន្ធនេះបានចាប់ផ្តើមមានសុពលភាព តាំងពីថ្ងៃទី១ វិច្ឆិកា ២០១៨ មកម្ល៉េះ។ ប្រភពបានបន្ថែមទៀតថា ការសម្រេចបន្ថយពន្ធនាំចូល ដើម្បីជំរុញការនាំចេញរបស់ថៃទៅក្នុងប្រទេសចិននេះ ផ្តោតលើផលិតផលរួមមានដូចជា សម្លៀកបំពាក់ កុលាលភាជន៍ ដែលគេស្គាល់ភាគច្រើនថាជា ចាន ឆ្នាំង ឬថូ ដែលធ្វើពីដីអិដ្ឋ ព្រមទាំង មានផលិតផលដែក និងគ្រឿងម៉ាស៊ីនជាដើម៕
-
ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិកមានបំណងដកប្រទេសខ្លួនចេញពីអង្គការ NATO

សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន New York Times ផ្អែកលើប្រភពពីអតីត និងមន្ត្រីជាន់ខ្ពស់អាម៉េរិកបច្ចុប្បន្នបានរាយការណ៍ថា កាលពីឆ្នាំ២០១៨ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញពីបំណងម្ដងហើយម្ដងទៀត ក្នុងការដកសហរដ្ឋអាម៉េរិកចេញពីអង្គការ NATO។ ប្រភពបន្តថា ពួកគេមិនប្រាកដ១០០ភាគរយថា លោក ត្រំា ពិតជាមានបំណងដកសហរដ្ឋអាម៉េរិកចេញពីអង្គការណាតូក៏ដោយ ប៉ុន្តែពួកគេនៅតែបង្ហាញការព្រួយបារម្ភដដែលថា ប្រធានាធិបតីអាម៉េរិករូបនេះ អាចនឹងរិះគន់បណ្ដាប្រទេសសមាជិកអង្គការណាតូមួយចំនួនសាជាថ្មី ជុំវិញការបរាជ័យក្នុងការបង្កើនប្រាក់ឧបត្ថម្ភដល់អង្គការណាតូ ក៏ដូចជាការបង្កើនការចំណាយលើកញ្ចប់ថវិកាការពារជាតិ ដែលកំណត់ដោយប្លុកយោធាមួយនេះ។ ប្រភពខាងលើនេះ បានឱ្យដឹងទៀតថា ក្រុមទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកក៏បានបង្កើនការព្រួយបារម្ភរបស់ខ្លួនផងដែរ ចំពោះភាពអាចទៅរួច ដែលលោក ដូណាល់ ត្រាំ នឹងប្រកាសដកសហរដ្ឋអាម៉េរិកចេញពីអង្គការណាតូ ខណៈកន្លងមក លោក ត្រាំ បានដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិជាច្រើន ក្នុងនោះរួមមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កិច្ចព្រមព្រៀងស្ដីពីបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ជាដើម៕
-
អ៊ីរ៉ង់បង្ហោះផ្កាយរណបថ្មីមួយទៀត នៅចំពោះមុខការព្រមានពីសហរដ្ឋអាម៉េរិក

អ៊ីរ៉ង់៖ យោងតាមប្រភពពីសារព័ត៌មាន CGTN របស់ចិនបានចុះផ្សាយថា ប្រទេសអ៊ីរ៉ង់បានធ្វើការបាញ់បង្ហោះផ្កាយរណបមួយគ្រឿង ដែលត្រូវបានផលិតនៅក្នុងស្រុកឈ្មោះ ផេយ៉ាម (Payam) កាលពីពេលថ្មីៗនេះ ប៉ុន្តែបានបរាជ័យ ដោយវាមិនអាចហោះចូលទៅដល់គន្លងគោចរនៃភពផែនដីឡើយ។ ការបាញ់បង្ហោះផ្កាយរណបរបស់អ៊ីរ៉ង់នេះដែរ បានកើតមានឡើងក្រោយប្រមុខការទូតអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ ធ្លាប់បានព្រមានទីក្រុងតេហេរ៉ង់ថា អ៊ីរ៉ង់អាចនឹងប្រឈមមុខជាមួយការដាក់ទណ្ឌកម្ម បើសិនជាមិនព្រមលុបចោល គម្រោងបាញ់បង្ហោះផ្កាយរណបនេះទេ ដោយទីក្រុងវ៉ាស៊ីនតោនបានអះ អាងថា វាគឺជាទង្វើរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការបាញ់បង្ហោះផ្កាយរណបខាងលើនេះដែរ រដ្ឋមន្រ្តីទូរគមនាគមន៍អ៊ីរ៉ង់ លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ អាហ្សារី ហ្សារ៉ូមី (Mohammad-Javad Azari Jahromi) បានថ្លែងថា ការបាញ់បង្ហោះផ្កាយរណប ផេយ៉ាម (Payam) ដោយគ្រាប់រ៉ុក្កែត បានទទួលជោគជ័យនៅដំណាក់កាលទី១ និងទី២ ប៉ុន្តែវាបានបរាជ័យនៅដំណាក់កាលទី ៣ ដោយមិនអាចចូលទៅគន្លងគោចរនៃផែនដីបាន៕
-
មហាក្សត្រថ្មីនៃប្រទេសម៉ាឡេស៊ី ឡើងសោយរាជ្យសម្បត្តិជាផ្លូវការហើយ

ម៉ាឡេស៊ី៖ បន្ទាប់ពីមហាក្សត្រម៉ាឡេស៊ីព្រះចៅ មូហាម៉ាត់ ទីប្រាំ បានសម្រេចព្រះទ័យដាក់រាជ្យជាផ្លូវការកាលពីថ្ងៃទី០៦ ខែមករារួចមក ពេលនេះប្រទេសម៉ាឡេស៊ីបានធ្វើការប្រកាសជាសាធារណៈ អំពីការឡើងសោយរាជ្យសម្បត្តិរបស់មហាក្សត្រថ្មី ដែលទ្រង់មានព្រះនាម អាប់ឌុលឡា ស៊ុលតាន់ អាម៉េដ ហ្សា (Abdullah Sultan Ahmad Shah) ដែលជាក្សត្រទី៦នៃប្រទេសម៉ាឡេស៊ី។ ថ្លែងសុន្ទរកថាក្នុងពិធីប្រកាសជ្រើសតាំងមហាក្សត្រថ្មីនៃប្រទេសម៉ាឡេស៊ី ព្រះអង្គម្ចាស់ អាប់ឌុលឡា បានសន្យាយ៉ាងមុតមាំថា នឹងបម្រើក្តីសុខប្រជារាស្ត្រម៉ាឡេស៊ីទាំងមូល ក៏ដូចជាកែតម្រូវនូវកំហុសខុសឆ្គងផ្សេងៗផងដែរ។ ព្រះអង្គបន្តថា មហាក្សត្រ និងប្រជារាស្ត្រម៉ាឡេស៊ី គឺមិនអាចញែកដាច់ពីគ្នាឡើយ។ ពួកយើងមានបេះដូង និងដួងព្រលឹងដូចគ្នា។ សូមជម្រាបផងដែរថា ស្តេចស៊ុលតង់ អាប់ឌុលឡា បានប្រសូតនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៥៩ ជាបុត្រាទី៤របស់ព្រះអង្គម្ចាស់ ស៊ុលតង់ អាម៉េដ ហ្សា។ ភ្ញៀវកិត្តិយសប្រហែលជា១,៦០០នាក់ រាប់បញ្ជូលទាំងគ្រួសាររាជវង្ស មេដឹកនាំរដ្ឋ និងរដ្ឋមន្ត្រីធំៗក្នុងប្រទេសម៉ាឡេស៊ី បានមកចូលរួមធ្វើជាសាក្សី ក្នុងពិធីប្រកាសនៃការឡើងសោយរាជ្យសម្បត្តិរបស់មហាក្សត្រថ្មីរូបនេះ៕
-
ក្រុមមន្រ្តីថៃ៖ ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ ត្រូវតែពន្យារពេលជាថ្មីរហូតដល់ខែមីនាខាងមុខ

ថៃ៖ សារព័ត៌មាន Channel News Asia របស់សង្ហិបុរី បានចុះផ្សាយថា មន្ត្រីថៃពីររូបមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអង្គារ៍នេះបានបញ្ជាក់ថា ការបោះឆ្នោតសកលដើម្បីបិទបញ្ចប់ការដឹកនាំដោយរបបយោធា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ អាចនឹងត្រូវពន្យារពេលរហូតដល់ខែមីនាខាងមុខ។ យ៉ាងណាមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅក្នុងប្រទេសថៃ មិនទាន់ធ្វើសេចក្ដីប្រកាសជាផ្លូវការណាមួយ ពីការពន្យារពេលការរៀបចំការបោះឆ្នោតនោះទេ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ពីររូបខាងលើ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ថ្ងៃទី២៤ ខែកុម្ភៈ មិនអាចជាថ្ងៃរៀបចំការបោះឆ្នោតឡើយ ព្រោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនមានពេលវេលាគ្រប់គ្រាន់។ ដូច្នេះកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនេះ អាចមានពីរជម្រើសគឺថ្ងៃទី១០ ឬថ្ងៃទី២៤ ខែមីនាខាងមុខនេះ។ សូមជម្រាបផងដែរថា របបយោធាថៃដែលបានដឹកនាំប្រទេសអស់ពេលជិត៥ឆ្នាំមកនេះ បានធ្វើការពន្យារពេលការបោះឆ្នោតជាបន្តបន្ទាប់ បើទោះជាមានការរិះគន់ពីសំណាក់ក្រុមសកម្មជនសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិក៏ដោយ៕
-
លោក ដូណាល់ ត្រាំ ថ្លែងអះអាងថា លោកមិនដែលធ្វើការឲ្យប្រទេសរុស្ស៊ីឡើយ

សហរដ្ឋអាម៉េរិក៖ ឆ្លើយតបទៅនឹងបណ្ដាសារព័ត៌មានអាម៉េរិកធំៗមួយចំនួន ដែលបានចុះផ្សាយថា ប៉ូលិស FBI បានបើកការស៊ើបអង្កេតជាសម្ងាត់លើទំនាក់ទំនងរវាងលោក និងរដ្ឋាភិបាលរុស្ស៊ីនោះ លោក ដូណាល់ ត្រាំ បានថ្លែងអះអាងថា រូបលោកមិនមែនជាភ្នាក់ងារ ហើយក៏មិនដែលធ្វើការងារឱ្យរុស្ស៊ីម្ដងណាដែរ។ សូមរំលឹកថា កាលពីសប្ដាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកមួយបានចុះផ្សាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបិទបាំងព័ត៌មានមួយចំនួន នៅក្នុងកិច្ចប្រជុំជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីឆ្នាំ២០១៨។ ដោយឡែកសារព័ត៌មានអាម៉េរិកមួយទៀតបានរាយការណ៍ដែរថា ប៉ូលិស FBI បានបើកការស៊ើបអង្កេតជាសម្ងាត់មួយលើលោក ត្រាំ ដើម្បីស្វែងរកការពិតថា តើលោកធ្លាប់បានធ្វើការងារឱ្យរុស្ស៊ីដែរ ឬមួយក៏អត់។ ទាក់ទិននឹងរឿងនេះដែរ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាន កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា លោកមិនមែនជាភ្នាក់ងារ ហើយក៏មិនដែលធ្វើការងារឱ្យរុស្ស៊ីម្ដងណាដែរ។ ដូច្នេះវាគឺជារឿងដ៏អាម៉ាស់បំផុត ដែលអ្នកទាំងអស់គ្នាសួរសំណួរទាំងនេះ ហើយថា វាគឺជាព័ត៌មានមិនពិតទាំងអស់៕
-
សារព័ត៌មានកូរ៉េខាងត្បូងចុះផ្សាយថា សហរដ្ឋអាម៉េរិក-កូរ៉េខាងជើង នឹងបើកកិច្ចពិភាក្សាក្នុងសប្តាហ៍នេះ ខណៈការចរចានុយក្លេអ៊ែរហាក់នៅជាប់គំាង

កូរ៉េខាងត្បូង៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង នៅថ្ងៃអង្គារ៍នេះ បានរាយការណ៍ថា សហរដ្ឋអាម៉េរិក-កូរ៉េខាងជើង គ្រោងនឹងរៀបចំធ្វើកិច្ចពិភាក្សាជាន់ខ្ពស់រួមគ្នាមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នាពេលឆាប់ៗក្នុងសប្តាហ៍នេះ ដើម្បីជជែកគ្នាស្តីពីការរៀបចំជំនួបកំពូលលើកទី០២ រវាងមេដឹកនាំប្រទេសទាំងពីរ។ ប្រភពបន្តថា កិច្ចប្រជុំខាងលើនេះ នឹងដឹកនំាដោយរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ ជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង លោក គីម យ៉ុង ចុល ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ត ឬនៅថ្ងៃសុក្រសប្ដាហ៍នេះ។ បើតាមប្រភពខាងលើនេះ លោក គីម យ៉ុងចុល អាចនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប៉ុន្តែនៅពេលត្រូវបានសាកសួរពីព័ត៌មាននេះ មន្ត្រីក្រសួងការបរទេសអាម៉េរិកម្នាក់បានអះអាងថា ខាងក្រសួងមិនទាន់មានកិច្ចប្រជុំណាមួយត្រូវប្រកាសនៅឡើយទេ ខណៈសេតវិមានបានបដិសេធឆ្លើយតបនឹងសំណួរបស់អ្នកសារព័ត៌មាន៕