-
ក្រុមហ៊ុន SpaceX នឹងធ្វើការកាត់បន្ថយបុគ្គលិក១០ភាគរយ ដោយសារបញ្ហាហរិញ្ញវត្ថុ

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនអវកាស ស្ពេសអ៊ិច របស់មហាសេដ្ឋីអាម៉េរិកលោក អេឡូន ម៉ាស់ កំពុងគ្រោងនឹងធ្វើការកាត់បន្ថយបុគ្គលិករបស់ខ្លួនប្រមាណ១០ភាគរយ ដោយសារតែបញ្ហាហិរញ្ញវត្ថុ ខណៈក្រុមហ៊ុនបានបញ្ជាក់ថា ការសម្រេចចិត្តនេះ ជារឿងដ៏លំបាកមួយ ប៉ុន្តែវាក៏ជាការចាំបាច់ដែលត្រូវធ្វើ។ បច្ចុប្បន្ន ស្ពេសអ៊ិច មានបុគ្គលិកបម្រើការប្រមាណ៦,០០០នាក់ ហើយក្រុមហ៊ុននឹងផ្តល់ឲ្យបុគ្គលិកដែលរងការប៉ះពាល់នូវប្រាក់ឈ្នួល៨សប្តាហ៍យ៉ាងតិច រួមជាមួយនឹងអត្ថប្រយោជន៍ដទៃៗទៀត ដូចជា ការបំពាក់បំប៉នបន្ថែម និងការជួយស្វែងរកការងារថ្មីជាដើម។ សូមបញ្ជាក់ផងដែរថា ស្ពេសអ៊ិច ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០២ ដោយក្រុមហ៊ុនអវកាសឯកជននេះ ភាគច្រើនរកចំណូលបានពីកិច្ចសន្យាដែលមានតម្លៃរាប់ពាន់លានដុល្លារជាមួយទីភ្នាក់ងារអវកាស ណាសា និងការបាញ់បង្ហោះផ្កាយរណបទាំងផ្នែកឯកជន និងរដ្ឋាភិបាល។ ការកាត់បន្ថយបុគ្គលិកនេះទៀតសោត គឺដោយសារមួយរយៈចុងក្រោយ ស្ពេសអ៊ិច បានជួបប្រទះបញ្ហាមួយចំនួន ក្នុងនោះក៏មានផ្នែកហិរញ្ញវត្ថុផងដែរ៕
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិក៖ ព្រំដែនខូចខាតយ៉ាងធ្ងន់ជាងការបិទរដ្ឋាភិបាលទៅទៀត

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យម្យិលមិញ បានអះអាងថា ការបំផ្លិចបំផ្លាញដែលកើតឡើងដោយសារតែព្រំដែនដែលខូចខាតយ៉ាងធ្ងន់នៅជាប់ប្រទេសម៉ិកស៊ិក គឺមានទំហំធំធេងខ្លាំងជាងផលប៉ះពាល់ដែលកើតឡើងដោយសារការបិទរដ្ឋាភិបាលមួយផ្នែករយៈពេលយូរបំផុតដែលមិនធ្លាប់មានពីមុនមកទៅទៀត។ សូមរំលឹកថា កាលពីសប្តាហ៍មុននេះ បុគ្គលិករដ្ឋាភិបាលសហព័ន្ធប្រមាណ៨សែននាក់ មិនបានបើកប្រាក់ខែទេ ដោយសារតែការបិទរដ្ឋាភិបាល ដែលបានប៉ះពាល់ដល់ប្រតិបត្តិការរដ្ឋាភិបាលអាម៉េរិកប្រមាណមួយភាគបួន។ ភាពចម្រូងចម្រាសគ្នានេះកើតឡើង ដោយសារតែការទាមទាររបស់លោក ត្រាំ ចំពោះប្រាក់៥ពាន់លានដុល្លារដើម្បីយកទៅសាងសង់ជញ្ជាំង នៅតាមបណ្តោយព្រំដែនជាមួយនឹងម៉ិកស៊ិក ដែលមានប្រវែង៣.២០០គីឡូម៉ែត្រ ក្នុងគោលបំណងបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ចូលមកសហរដ្ឋអាម៉េរិក។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ នៅពុំទាន់មានចំណាត់ការណាមួយនៅឡើយទេ រហូតទាល់តែសភាប្រជុំឡើងវិញនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈការបិទរដ្ឋាភិបាលអាមេរិកមួយផ្នែកបានឈានដល់ថ្ងៃទី២៣ហើយ៕ម.ន
-
លោក ម៉ៃ ប៉ុមប៉េអូ៖ សហរដ្ឋអាម៉េរិកនឹងស្វែងរកឃាតករសម្លាប់អ្នកកាសែតលោក ខាហ្សូកជី ឲ្យទទួលខុសត្រូវ

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃអាទិត្យម្សិលមិញ បានថ្លែងថា ប្រទេសរបស់លោកនឹងស្នើឲ្យព្រះរាជបុត្រទាយាទ អារ៉ាប៊ីសាអូឌីត Mohammed Bin Salman ធានាថា អ្នកដែលធ្វើឃាតអ្នកកាសែតអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខាហ្សូកជី ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន។ ក្នុងអំឡុងជំនួបនៅក្នុងទីក្រុង ដូហា ជាមួយនឹងរដ្ឋមន្រ្តីការបរទេសកាតា លោក ប៉ុមប៉េអូ បានបន្តថា យើងនឹងបន្តសន្ទនាជាមួយនឹងព្រះរាជបុត្រទាយាទ និងបណ្តាមេដឹកនាំអារ៉ាប៊ីសាអូឌីត អំពីការធានាថា នឹងមានការទទួលខុសត្រូវចំពោះមរណភាពដែលពិបាកទទួលយកចំពោះលោក ចាម៉ាល់ ខាហ្សូកជី។ សូមរំលឹកថា លោក ខាហ្សូកជី ត្រូវបានសម្លាប់នៅពេលដែលលោកចូលទៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីខែតុលា កន្លងទៅនេះ។ ក្រោយបញ្ចប់ការបំពេញទស្សនកិច្ចនៅប្រទេសកាតា ប្រមុខដឹកនំាអាម៉េរិករូបនេះ បានបន្តដំណើរទៅកាន់ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីលោកបានឈប់សំចតនៅក្នុងប្រទេសហ្សកដានី អ៊ីរ៉ាក់ អេហ្ស៊ីប បារ៉ែន និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលនៃទស្សនកិច្ចរយៈពេលមួយសប្តាហ៍ពេញរបស់លោកទៅកាន់តំបន់មជ្ឈិមបូព៌ា៕
-
ចំនួនអ្នកស្លាប់កើនជិត១០នាក់ ដោយសារព្យុះព្រិលទឹកកកវាយប្រហារសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ អាជ្ញាធរអាម៉េរិកក្នុងតំបន់បានរាយការណ៍ថា មនុស្ស៧នាក់បានបាត់បង់ជីវិត ដោយសារព្យុះព្រិលទឹកកកវាយប្រហារទៅលើរដ្ឋ Missouri និងរដ្ឋ Kansas។ ស្របពេលជាមួយគ្នានោះដែរ ប្រជាជនអាម៉េរិកច្រើនជាង៦៥លាននាក់ ត្រូវបានអាជ្ញាធរបង្គាប់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថា ព្យុះព្រិលទឹកកកអាចនឹងបង្កឱ្យមានអាកាសធាតុចុះត្រជាក់ខ្លាំង ក៏ដូចជាបង្កការរំខានដល់ការធ្វើដំណើរផងដែរ។ បើតាមអាជ្ញាធរឧតុនិយមអាម៉េរិកនោះ ព្យុះព្រិលទឹកកកបានបង្កការគំរាមគំហែងលើរដ្ឋ Kansas និងរដ្ឋ Missouri កាលពីសប្តាហ៍មុននេះ ហើយបានបន្តឆ្ពោះទៅកាន់រដ្ឋ Iowa, Illinois, Indiana និងរដ្ឋ Ohio កាលពីថ្ងៃសៅរ៍ ខណៈទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរំពឹងថា នឹងទទួលព្យុះព្រិលទឹកកមានកម្រាស់ពី១៥ ទៅ២០សង់ ទីម៉ែត្រនៅថ្ងៃអាទិត្យម្សិលមិញនេះ (ម៉ោងក្នុងតំបន់)៕
-
អ៊ីរ៉ង់ប្រកាសប្រឆាំងនឹងប៉ូឡូញ ទាក់ទិននឹងការរៀបចំជំនួបអន្តរជាតិស្ដីពីអ៊ីរ៉ង់ជាមួយសហរដ្ឋអាម៉េរិក

អ៊ីរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានកោះហៅមន្ត្រីជាន់ខ្ពស់ប៉ូឡូញម្នាក់ឱ្យចូលជួប ដើម្បីសម្ដែងការតវ៉ា និងជំទាស់ចំពោះការសម្រេចចិត្តរៀបចំជំនួបអន្តរជាតិរួមគ្នាជាមួយសហរដ្ឋអាម៉េរិក ដែលផ្ដោតសំខាន់លើអ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ា។ ប្រតិកម្មរបស់ក្រសួងការបរទេសអ៊ីរ៉ង់ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានអះអាងថា កិច្ចប្រជុំអន្តរជាតិមួយនឹងត្រូវប្រព្រឹត្តទៅនៅក្នុងទីក្រុង Warsaw ប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈខាងមុខ ដោយផ្តោតសំខាន់លើស្ថេរភាព និងសន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ា ព្រមទាំងមធ្យោបាយទប់ស្កាត់សកម្មភាពបង្កអស្ថេរភាពរបស់អ៊ីរ៉ង់ក្នុងតំបន់។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីការបរទេសអ៊ីរ៉ង់ម្នាក់បានប្រាប់មន្ត្រីទូតជាន់ខ្ពស់ប៉ូឡូញប្រចាំទីក្រុងតេហេរ៉ង់ថា ប្រទេសរបស់ខ្លួនយល់ឃើញថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលប៉ូឡូញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តជាតិ ដែលផ្ដោតសំខាន់លើអ៊ីរ៉ង់ជាមួយសហរដ្ឋអាម៉េរិក គឺជាសកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់ ហើយបានព្រមានថា នឹងចាត់វិធានឆ្លើយតប។ ប៉ុន្តែមន្ត្រីទូតប៉ូឡូញក៏បានផ្ដល់ការពន្យល់ជុំវិញកិច្ចប្រជុំអន្តរជាតិនេះដែរ ជាមួយការអះអាងថា វាមិនមែនធ្វើឡើងក្នុងគោលបំណងប្រឆាំងអ៊ីរ៉ង់នោះទេ៕
-
បុគ្គលិករដ្ឋប្រមាណ៨០ម៉ឺននាក់ខកខានបើកប្រាក់ខែលើកដំបូងនៅដើមឆ្នំានេះ ដោយសារការបិទរដ្ឋាភិបាលសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ បុគ្គលិករដ្ឋាភិបាលអាម៉េរិករាប់សែននាក់បានខកខានប្រាក់ខែលើកដំបូងរបស់ពួកគេនៅឆ្នាំ២០១៩នេះ ក្នុងនោះរួមមានឆ្មាំគុក បុគ្គលិកព្រលានយន្តហោះ និងភ្នាក់ងារ FBI ខណៈការបិទផ្នែកខ្លះនៃបណ្តាទីភ្នាក់ងារសហព័ន្ធជះផលប៉ះពាល់កាន់តែខ្លាំងឡើង។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបដិសេធមិនយល់ព្រមលើថវិកាសហព័ន្ធ លុះត្រាតែវារួមបញ្ចូលមូលនិធិសម្រាប់សង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក ប៉ុន្តែពួកប្រជាធិបតេយ្យបានច្រានចោលសំណើរបស់លោក ត្រាំ សម្រាប់ទឹកប្រាក់៥,៧ពាន់លានដុល្លារ។ សូមបញ្ជាក់ថា ប្រហែល១ភាគ៤នៃរដ្ឋាភិបាលសហព័ន្ធលែងដំណើរការ រហូតដល់ផែនការចំណាយត្រូវបានព្រមព្រៀង ដោយបណ្តាលឲ្យបុគ្គលិករដ្ឋប្រមាណ៨០ម៉ឺននាក់គ្មានប្រាក់ខែ។ ហើយគិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ បុគ្គលិកទាំងអស់នោះបានខកខានបើកប្រាក់ខែជាលើកដំបូងរបស់ខ្លួន ដោយអ្នកខ្លះបានបង្ហោះវិក្កយបត្រប្រាក់ខែទទេស្អាតនៅលើបណ្តាញសង្គម៕
-
សហរដ្ឋអាម៉េរិកចាប់ផ្តើមដកសម្ភារយោធាអត់ប្រយោជន៍ចេញពីស៊ីរី តែមិនមែនដកទ័ពទេ

សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យយោធាអាម៉េរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ បានបញ្ជាក់នៅថ្ងៃសុក្រសប្តាហ៍នេះថា យោធាអាម៉េរិកបានចាប់ផ្តើមបញ្ជូនគ្រឿងសម្ភារមិនសំខាន់ចេញពីប្រទេសស៊ីរីហើយ ប៉ុន្តែមិនបានដកកងទ័ពឥឡូវនេះទេ។ ជុំវិញការលើកឡើងនេះដែរ ក្រុមមន្ត្រីយោធាអាម៉េរិកបានចេញមកបញ្ជាក់ពីសម្តីរបស់អ្នកនាំពាក្យរូបនោះ ដោយសង្កត់ធ្ងន់ថា ការដកនេះ គឺមានតែប្រភេទសម្ភារមួយចំនួនប៉ុណ្ណោះ មិនមែនកងទ័ពនោះទេ ហើយថា យើងមិនដកកងទ័ពចេញនៅដំណាក់កាលនេះទេ។ សូមរំលឹកថា កាលពីខែមុន ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះ អាងថា ក្រុមរដ្ឋអ៊ីស្លាមបានរងបរាជ័យក្នុងប្រទេសស៊ីរី ហើយថា ទាហានអាម៉េរិកទាំងអស់កំពុងត្រឡប់មកវិញហើយនៅពេលនេះ។ ប៉ុន្តែនៅប៉ុន្មានសប្តាហ៍ចាប់តាំងពីលោកបានបញ្ជា និងមន្ទីរបញ្ចកោណបានចាប់ផ្តើមអនុវត្តវា លោក ត្រាំ ខ្លួនគាត់ផ្ទាល់ និងសមាជិករដ្ឋបាលរបស់លោកបានចេញសារផ្សេងៗគ្នាអំពីថាតើការដកកងទ័ពអាចនឹងកើតឡើងពិតប្រាកដនៅពេលណា៕
-
សហរដ្ឋអាម៉េរិកសម្រេចលុបចោលការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចប្រឆាំងនឹងក្រុមហ៊ុនចំនួន០៣របស់រុស្ស៊ី

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីក្រសួងរតនាគារអាម៉េរិក លោក ស្ទេវិន ម្ញូឈិន បាននិយាយថា ក្រុមហ៊ុនរុស្ស៊ីចំនួន៣បានរួចផុតពីការដាក់ទណ្ឌកម្ម ហើយនឹងលែងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកទៀតហើយ។ ប៉ុន្តែជាមួយគ្នានេះ លោក ស្ទេវិន ម្ញូឈិន បានព្រមានថា ប្រសិនបើក្រុមហ៊ុនទាំងនេះ មិនបានអនុវត្តទៅតាមលក្ខខណ្ឌ ដើម្បីបញ្ចប់ការដាក់ទណ្ឌកម្មនោះទេ ពួកគេនឹងប្រឈមផលវិបាកយ៉ាងខ្លាំង រួមមានការដាក់ទណ្ឌកម្មឡើងវិញ។ គួរបញ្ជាក់ថា លោក Oleg Deripaska ដែលជាមហាសេដ្ឋកិច្ចជនជាតិរុស្ស៊ី និងមានទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ផងនោះ នឹងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែក្រុមហ៊ុន៣ដែលលោកត្រួតត្រា គឺក្រុមហ៊ុនអាលុយមីញ៉ូម Rusal ក្រុមហ៊ុន អ៊ីអិនផ្លាស់ (En+) និងក្រុមហ៊ុនថាមពល យូរ៉ូអេសអិលប៊ី អ៊ីនណឺហ្គោ (EuroSlbEnergo) នឹងមិនទទួលការដាក់ទណ្ឌកម្មទេ។ លោក Oleg Deripaska ត្រូវបានក្រសួងរតនាគារអាម៉េរិកដាក់ទណ្ឌកម្មកាលពីខែមេសា ឆ្នាំ២០១៨ ចំពោះអ្វីដែលក្រសួងបានហៅថា «សកម្មភាពនិយាយមួលបង្កាច់» រួមមានការជ្រៀតជ្រែកការបោះឆ្នោត និងឧក្រិដ្ឋកម្មដែលលោកDeripaska បានធ្វើឡើងដោយខ្លួនឯង ដែលរួមមានការចោទប្រកាន់ពីការសូកប៉ាន់ ការគំរាមកំហែងយកប្រាក់…
-
ទីភ្នាក់ងារអវកាសចិន CNSA បង្ហាញរូបភាពថ្មីៗនៃយានអវកាសរបស់ខ្លួន ដែលកំពុងស្ថិតនៅលើតំបន់អាថ៌កំបាំងរបស់ព្រះចន្ទ

ចិន៖ ប្រទេសចិន បានប្រកាសនៅថ្ងៃសុក្រនេះថា បេសកកម្ម «ឆាងអឺ-៤» ដែលជាការបញ្ជូនយានទៅចុះចតនៅលើចំហៀងផ្ទៃព្រះចន្ទដែលបែរចេញពីផែនដីរបស់នោះ បានទទួលជោគជ័យទាំងស្រុង ខណៈទីភ្នាក់ងារអវកាសចិន CNSA ក៏បានបង្ហាញរូបភាពថ្មីៗនៃយានអវកាសរបស់ខ្លួន ដែលកំពុងស្ថិតនៅទីនោះផងដែរ។ បេសកកម្មរុករកឋានព្រះចន្ទរបស់ប្រទេសចិន បានចាប់ផ្តើមកាលពីឆ្នាំ២០០៤មកម្ល៉េះ ហើយជាច្រើនឆ្នាំកន្លងទៅនេះ ទីភ្នាក់ងារអវកាសចិន ធ្លាប់បានបញ្ជូនផ្កាយរណប (ឆាងអឺទី១ និងឆាងអឺទី២) ទៅកាន់គន្លងគោចររបស់ព្រះចន្ទ ក៏ដូចជាយាន Lander «ឆាងអឺទី៣» និងយាន Rover «ទន្សាយគជ់ទី១» ទៅចុះចតលើផ្ទៃព្រះចន្ទ។ សម្រាប់ការចុះចតនៅចំហៀងទៀតរបស់ព្រះចន្ទ ដែលគេហៅថាតំបន់ «Far Side ឬ Dark Side» នោះ គឺជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ក្នុងចំណោមរូបភាពដែលទីភ្នាក់ងារ CNSA បានបញ្ចេញនៅថ្ងៃសុក្រនេះ គឺមាន២សន្លឹក ដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវយាន «ឆាងអឺទី៤» ដែលជាប្រភេទ Lander មិនអាចចល័តបាន និងយានមួយទៀតដែលវានាំយកទៅជាមួយមានឈ្មោះថា «Yutu-2 ឬទន្សាយគជ់ទី២» ជាប្រភេទ Rover មានកង់អាចចល័តទៅមកបាន។ …
-
សាមសុងទើបចេញ Teaser ថ្មី ខណៈដែលកំពុងត្រៀមខ្លួនបង្ហាញរូបរាងទូរសព្ទដៃ Galaxy ស៊េរីថ្មីនៅខែក្រោយនេះ

នៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុនសាមសុង ទើបបង្ហោះចេញនូវវីដេអូ Teaser ថ្មីមួយ ដែលទំនងជាចង់បង្ហើបពីទូរសព្ទដៃស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើបដែលមិនទាន់បានដាក់បង្ហាញពីរូបរាងច្បាស់នៅឡើយទេ តែក៏នឹងមានគម្រោងបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះនៅក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក នៅថ្ងៃពុធ ទី២០ កុម្ភៈ ត្រូវនឹង ទី២១ កុម្ភៈនៅកម្ពុជា។ នៅក្នុងវីដេអូ Teaser ខ្លីនេះដែរបានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតភាគច្រើនបាននាំគ្នាទស្សន៍ទាយថាជាទូរសព្ទដៃស្មាតហ្វូនស៊េរី Galaxy ថ្មីមួយទៀតដែលគ្រោងនឹងបង្ហាញរូបរាងនាខែក្រោយនេះ ដោយបង្ហាញលេខ10 ធំៗ ដែលបញ្ជាក់ពីការអបអរសាទរខួប 10ឆ្នាំរបស់Samsung Galaxy ដូច្នេះអ្នកគាំទ្រសាមសុងកំពុងរងចាំមើលថាតើ ទូរសព្ទដៃស្មាតហ្វូន Galaxy ជំនាន់ថ្មីនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះ។ ចុះចំណែកអ្នកវិញ អ្នកយល់យ៉ាងណាដែរចំពោះរូបរាងទូរសព្ទដែលកំពុងបង្ហាញនៅក្នុងវីដេអូនេះ? ប្រសិនបើលោកអ្នកចង់ដឹងច្បាស់ ថាGalaxy ស៊េរីទំនើបនេះមានភាពអស្ចារ្យកម្រិណា សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ តាមរយៈwww.samsungmobilepress.com , www.samsung.com/galaxy ឫ www.samsung.com ៕