-
ក្រុមហ៊ុន Apple ខាតខ្លាំងពេក បង្ខំចិត្តបញ្ចុះតម្លៃលក់ iPhone នៅប្រទេសចិន

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Apple កំពុងតែព្យាយាមបង្កើនចំនួនលក់ iPhone ក្នុងប្រទេសចិន តាមរយៈការបញ្ចុះតម្លៃលក់។ សារព័ត៌មាន National Business Daily បានរាយការណ៍ថា ខ្លួនទទួលបានដំណឹងនេះ ក្រោយពីមានតម្រូវការទាបពេញមួយត្រីមាសទី៤ ឆ្នាំ២០១៨ ពេលនេះ Apple បានបន្ថយតម្លៃលក់ iPhone 8, iPhone 8 Plus, iPhone XR, iPhone XS និង iPhone XS Max ក្នុងប្រទេសចិន។ ជាមធ្យម iPhone ប៉ុន្មានម៉ូដែលខាងលើនេះត្រូវបានបន្ថយតម្លៃប្រមាណ៥៩ដុល្លារ (៤០០យ័ន)។ ម៉ូដែលដែលបន្ថយថ្លៃច្រើនជាងគេនោះគឺ iPhone XR ដែលបច្ចុប្បន្ននេះមានតម្លៃប្រមាណ ៧៧០ដុល្លារ ដែលថោកជាងពីមុនប្រមាណ៦៦ដុល្លារ។ ប្រភពបញ្ជាក់ថា ការបញ្ចុះតម្លៃនេះមិនមាននៅហាង Apple Store ឬ វិបសាយផ្លូវការរបស់ Apple នៅប្រទេសចិននោះទេ។ ផ្ទុយមកវិញអតិថិជនត្រូវរកទិញ…
-
រុស្ស៊ីប្រកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិតចំនួន០៤លើកនៅសមុទ្រមេឌីទែរ៉ាណេ ក្នុងខែមករានេះ

រុស្ស៊ី៖ ដើម្បីពង្រឹងសម្ថភាពកម្លាំងទាហានជើងទឹកឱ្យកាន់តែរឹងមំាខ្លាំងក្លានោះ នៅដើមឆ្នាំ២០១៩នេះ រុស្ស៊ីនឹងធ្វើការបង្កើនការធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាច្រើន ដោយនៅក្នុងខែមករានេះ មានសមយុទ្ធដល់ទៅ៤លើកបានឡើងគម្រោងរួចរាល់ហើយ។ មជ្ឈមណ្ឌលប្រកាសព័ត៌មានស្តីពីចរាចរណ៍ដែនអាកាសអន្តរជាតិ NOTAM បានផ្សាយថា ក្រុមនាវាចម្បាំងរបស់រុស្ស៊ីឈរជើងនៅដែនសមុទ្រមេឌីទែរ៉ាណេ នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតចំនួន៤លើកនៅក្នុងខែមករា ដើមឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ ជិតឆ្នេរសមុទ្រប្រទេសស៊ីរី។ បើតាមប្រភពដដែលបន្តថា កម្លាំងទាហានរុស្ស៊ីបានស្នើដល់បណ្តាមធ្យោបាយធ្វើដំណើរនៅតាមដែនសមុទ្រមេឌីទែរ៉ាណេបង្វែរទិសដៅ ដោយទាហានជើងទឹករុស្ស៊ីនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដល់ទៅ៤លើក គឺលើកទីមួយចាប់ពីថ្ងៃទី៩ ដល់ទៅ១០ លើកទីពីរចាប់ពីថ្ងៃទី១៦ ដល់ទី១៧ លើកទីបីចាប់ពីថ្ងៃទី២៣ ដល់ទី២៤ និងលើកទី៤ ចាប់ពីថ្ងៃទី៣០ ដល់ទី៣១ ខែមករានេះ។ សូមបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ីតែងតែប្រកាសឲ្យបិទតំបន់មួយចំនួននៅសមុទ្រមេឌីទែរ៉ានេ ដើម្បីធ្វើសមយុទ្ធ ជាក់ស្តែងកាលពីខែកញ្ញា ឆ្នាំ២០១៨ រុស្ស៊ី ក៏បានបិទផ្លូវសមុទ្រដ៏សំខាន់មួយនេះក្នុងរយៈពេល៨ថ្ងៃផងដែរ នៅពេលដែលទាហានជើងទឹក និងជើងអាកាសរុស្ស៊ីធ្វើសមយុទ្ធ៕
-
ប្រមុខការទូតតួកគី៖ ទីក្រុងអង់ការ៉ាអាចនឹងទិញប្រព័ន្ធមីស៊ីល Patriot របស់សហរដ្ឋអាម៉េរិក ក្នុងលក្ខខណ្ឌសមរម្យណាមួយ

តួកគី៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក ម៉េវលូត ខាវូសូគ្លូ បានថ្លែងអះអាងថា ប្រទេសរបស់លោកអាចនឹងពិចារណាក្នុងការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot របស់សហរដ្ឋអាម៉េរិក នៅក្នុងលក្ខខណ្ឌសមរម្យណាមួយ។ កាលពីពេលថ្មីៗនេះ ប្រតិភូរដ្ឋាភិបាលអាម៉េរិកមួយក្រុមត្រូវបានគេរាយការណ៍ថា បានព្យាយាមបញ្ចុះបញ្ចូលទីក្រុងអង់ការ៉ា ឲ្យបោះបង់ចោលការទិញប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី ហើយងាកមកទិញប្រព័ន្ធមីស៊ីល Patriot របស់ខ្លួនវិញ ប៉ុន្តែសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានតួកគីបដិសេធចោល។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ប្រមុខការទូតតួកគីរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងអង់ការ៉ាអាចនឹងបោះបង់ចោលគម្រោងទិញប្រព័ន្ធមីស៊ីល Patriot របស់សហរដ្ឋអាម៉េរិកគ្រប់ពេល បើសិនជាទីក្រុងវ៉ាស៊ីនតោននៅតែបង្ខំឱ្យទីក្រុងអង់ការ៉ា បញ្ឈប់គម្រោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីនោះ៕
-
ឡាវទទួលរថក្រោះទំនើប «ឥន្ទ្រីស T-72B1» និងទិញយន្តហោះប្រយុទ្ធពីប្រទេសរុស្ស៊ី

ឡាវ៖ នៅក្នុងកិច្ចព្រមព្រៀងត្រីភាគី ដែលក៏ពាក់ព័ន្ធនឹងវៀតណាមផងដែរនោះ រុស្ស៊ីបានទទួលទំនិញរថក្រោះសម័យសង្គ្រាមលោកលើកទី២ ធុន T-34/85 ចំនួន៣០គ្រឿងមកពីឡាវ ដែលត្រូវបានដាក់ប្រើក្នុងកងកម្លាំងប្រដាប់អាវុធឡាវចាប់តាំងពីឆ្នាំ១៩៨៧។ ពួកវានឹងចូលរួមក្នុងក្បួនព្យុហយាត្រាដាក់ក្នុងសារមន្ទីរ និងអាចត្រូវបានយកទៅថតខ្សែភាពយន្តដែលឧបត្ថម្ភគាំទ្រដោយរដ្ឋរុស្ស៊ី។ បើតាមក្រសួងការពារជាតិរុស្ស៊ី រថក្រោះ T-34s ដែលនៅលាបរូបទង់ជាតិឡាវនៅឡើយ បានមកដល់កំពុងផែ វ្ល៉ាឌីវ៉ូស្តុក របស់រុស្ស៊ីនៅថ្ងៃទៅ០៩ ខែមករានេះ ដោយពួកវានឹងត្រូវបញ្ជូនទៅកាន់ទីក្រុងណារ៉ូ-ហ្វូមីន ដែលជាទីតាំងកងពលរថក្រោះ។ រូបភាពក្នុងបណ្តាញសង្គមកាលពីខែមុនបង្ហាញថា រុស្ស៊ីបានបញ្ជូនចេញរថក្រោះទំនើបមួយក្រុមដំបូងហៅឥន្ទ្រីសធុន T-72B1 ទៅកាន់ឡាវ ដោយរថក្រោះមួយក្រុមនេះ ត្រូវបានគេឃើញនៅក្នុងនាវានៅកំពង់ផែមួយនៅវៀតណាមដែលគេបញ្ជូនចេញ និងដាក់លើរថយន្តសណ្តោងធំៗដឹកទៅកាន់ឡាវ ដែលនឹងត្រូវទទួលរថក្រោះរុស្ស៊ីបន្ថែមទៀត។ រុស្ស៊ីបានបញ្ចេញរថក្រោះទំនើបឥន្ទ្រីស T-72B1 នេះនៅឆ្នាំ២០១០ និងបានលក់មួយក្រុមដំបូងទៅកាន់ប្រទេសនីការ៉ាហ្គ័រ។ វាជាការកែកុនធ្វើឲ្យប្រសើរឡើងពីរថក្រោះធុន T-72Bs ដោយបន្ថែមបន្ទះលោហៈប្រឆាំងនឹងការផ្ទុះ Kontakt-1 កែវឆ្លុះស្វែងរកគោលដៅណាដែលមានកំដៅ និងឡាហ៊្សែរប្រភេទថ្មី កាំភ្លើងលើរថក្រោះបញ្ជាបាញ់ពីចម្ងាយ និងគ្រឿងបរិក្ខារទាក់ទងទំនើប៕
-
អាកាសយានដ្ឋានទី២នៅចក្រភពអង់គ្លេស ត្រូវផ្អាកការហោះហើរ ដោយសារការរំខានពីយន្តហោះគ្មានមនុស្សបើក ឬ Drone

អង់គ្លេស៖ បន្ទាប់ពីអាកាសយានដ្ឋាន Gatwick ធ្វើឲ្យជើងហោះហើរដល់ទៅ៧០០ជើងត្រូវពន្យារពេល និងអ្នកដំណើរជាង១៤ម៉ឺននាក់ជាប់គាំង បណ្តាលមកពីយន្តហោះគ្មានមនុស្សបើក (Drone) នោះ នៅពេលនេះដែរ អាកាសយានដ្ឋានដ៏មមាញឹកបំផុតនៅអឺរ៉ុបនេះ បន្តផ្អាកហោះហើរមួយទៀតដោយសារតែ UAV។ អាកាសយានដ្ឋានអន្តរជាតិ Heathrow ក្នុងទីក្រុងឡុដ៍ បានបន្តផ្អាកហោះហើរ ក្នុងរយៈពេលជាង១ម៉ោង ក្រោយពេលប្រទះឃើញយន្តហោះគ្មានមនុស្សបើក (Drone) នៅក្នុងអាកាសយានដ្ឋាន ខណៈកាលពី៣សប្តាហ៍កន្លងមក ក៏មានសកម្មភាពដូចគ្នានេះ កើតឡើងនៅក្នុងអាកាសយានដ្ឋាន Gatwick ផងដែរ។ បើតាមការបញ្ជាក់ពីក្រុមអ្នកគ្រប់គ្រងអាកាសយានដ្ឋានខាងលើ បានឲ្យដឹងថា យើងចំាបាច់ត្រូវតែបង្ខំចិត្តផ្អាករាល់ការហោះហើរទាំងអស់ ដើម្បីធានាដល់សុវត្ថិភាពអ្នកដំណើរ ចំណែកការចុះចតវិញ បានធ្វើឡើងធម្មតា។ ដោយឡែករដ្ឋមន្ត្រីក្រសួងចរាចរណ៍អង់គ្លេស លោក Chris Grayling បានប្រកាសថា កម្លាំងទាហានអង់គ្លេសត្រូវបានដាក់ពង្រាយឧបករណ៍តាមដានយន្តហោះគ្មានមនុស្សបើកនៅអាកាសយានដ្ឋាន Heathrow ក៏ដូចជាអាកាសយានដ្ឋាន Gatwick ។ គួរបញ្ជាក់ផងដែរថា ក្នុងមួយថ្ងៃៗអាកាសយានដ្ឋាន Heathrow ទទួលអ្នកដំណើរជាង២សែននាក់ ដោយមានក្រុមហ៊ុនហោះហើរ៨១ក្រុមហ៊ុន ចុះបញ្ជីនៅអាកាសយានដ្ឋាននេះ ដែលត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនមមាញឹកបំផុតនៅអឺរ៉ុប៕…
-
វៀតណាមប្រមូលប្រាក់បានជាង១ពាន់លានដុល្លារ ពីបទល្មើសសេដ្ឋកិច្ច និងពុករលួយ នៅឆ្នាំ២០១៨

វៀតណាម៖ វៀតណាមទទួលបានមកវិញនូវប្រាក់ជាង១ពាន់លានដុល្លារអាម៉េរិក ពីការរកឃើញអំពើពុករលួយ និងបទល្មើសសេដ្ឋកិច្ចនៅឆ្នាំ២០១៨។ នាយកដ្ឋាននគរបាលទទួលបន្ទុកការស៊ើបអង្កេតលើបទល្មើស និងការជួញដូរពាក់ព័ន្ធនឹងបទល្មើសេដ្ឋកិច្ច និងអំពើពុករលួយ នៃក្រសួងសន្តិសុខសាធារណៈប្រទេសវៀតណាមបានប្រកាសថា ខ្លួនបានប្រមូលប្រាក់បានពីបទឧក្រិដ្ឋទាំងនេះវិញជិត២៧ទ្រីលានដុង ឬ ១,១៦ពាន់លានដុល្លារអាម៉េរិក តាមរយៈការស៊ើបអង្កេតក្នុងឆ្នាំ២០១៨ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី១០ មករា ២០១៩នេះ។ ផ្អែកតាមប្រភពតួលេខនេះបង្ហាញថា ជិត៥០ភាគរយនៃទំហំសរុប បានពីការបំពានច្បាប់ ហើយបើធៀបនឹងឆ្នាំ២០១៧ ទឹកប្រាក់នេះកើនឡើងប្រមាណ១៨ភាគរយ។ នាយកដ្ឋាននគរបាលទទួលបន្ទុកការស៊ើបអង្កេតលើបទល្មើស និងការជួញដូរពាក់ព័ន្ធនឹងបទល្មើសេដ្ឋកិច្ច និងអំពើពុករលួយបានផ្សព្វផ្សាយរបាយការណ៍នេះ អំឡុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៨ និងត្រៀមទិសដៅឆ្នាំ២០១៩ របស់ខ្លួន កាលពីពេលថ្មីៗនេះ៕
-
ទីផ្សារលក់ស្មាតហ្វូននៅចិនធ្លាក់ចុះខ្លាំង ជិត៤០០លានគ្រឿងក្នុងឆ្នាំ២០១៨

ចិន៖ រដ្ឋាភិបាលចិនបានចេញផ្សាយរបាយការណ៍ថ្មីៗនេះថា ឆ្នាំ២០១៨ ទីផ្សារលក់ (Smart Phone) ស្មាតហ្វូននៅប្រទេសចិន មានការធ្លាក់ចុះប្រមាណ៣៩០លានគ្រឿង ក្នុងឆ្នាំ២០១៨ ដោយបានដាំក្បាលចុះខ្លាំងបំផុត នាខែធ្នូម្តង ដោយមិនមែនមានតែស្មាតហ្វូន Iphone ទេ។ កន្លងទៅ ក្រុមហ៊ុន Apple បានបង្ហាញតួលេខខាតបង់ចំណូលរាប់ពាន់លានដុល្លារនាត្រីមាស ចុងក្រោយ ដោយមូលហេតុចម្បងត្រូវបានលោក Tim Cook ចង្អុលថាមកពីកត្តាធ្លាក់ចុះការលក់ក្នុងទីផ្សារប្រទេសចិន។ យ៉ាងណាមិញ តាមស្ថិតិច្បាស់ការចេញពីរដ្ឋាភិបាលបានឲ្យដឹងថា មិនត្រឹមតែក្រុមហ៊ុន Apple មួយនោះទេ សូម្បីតែ Samsung និងទីផ្សារលក់ទាំងមូលក៏រងផលប៉ះពាល់ខ្លាំងដូចគ្នា។ ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ប្រទេសចិនបានរាយការណ៍ថាឆ្នាំ២០១៨ ទីផ្សារលក់ស្មាតហ្វូនមានការធ្លាក់ចុះប្រមាណ ១៥,៥ ភាគរយ ស្មើនឹងតួលេខជាក់ស្តែង ៣៩០លានគ្រឿង ដោយបានដាំក្បាលចុះខ្លាំងបំផុត នាខែធ្នូមានដល់ទៅ១៧ភាគរយ។ តាមការព្យាករណ៍នាឆ្នាំបន្ទាប់ ២០១៩ តួលេខនេះក៏នឹងបន្តធ្លាក់ចុះដល់៤០០លានគ្រឿង ពោលជាកំណត់ត្រាបរាជ័យដំបូងពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈពេល៥ឆ្នាំចុងក្រោយ។ កត្តាសេដ្ឋកិច្ចដែលកំពុងរងភាពតានតឹង ក្នុងប្រទេសចិន រួមនឹងកត្តានៃការអភិវឌ្ឍបច្ចេកវិទ្យារបស់ក្រុមហ៊ុនយក្សដូចជា Apple និង Samsung មានសភាពយឺត…
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកបំពេញទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅកាន់ប្រទេសអ៊ីរ៉ាក់ ដើម្បីពិភាក្សារឿងដកទ័ពចេញពីស៊ីរី

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានធ្វើដំណើរទស្សនកិច្ចដោយមិនប្រកាសឱ្យដឹងជាមុន ទៅកាន់ទឹកដីអ៊ីរ៉ាក់នៅថ្ងៃពុធសប្តាហ៍នេះ ដោយរូបលោកត្រូវគេរាយការណ៍ថា បានធ្វើកិច្ចពិភាក្សាជាមួយក្រុមមេដឹកនាំអ៊ីរ៉ាក់ ពាក់ព័ន្ធនឹងរឿងដកកងកម្លំាងចេញពីទឹកដីស៊ីរី។ លោក ប៉ុមប៉េអូ ដែលបច្ចុប្បន្នកំពុងធ្វើទស្សនកិច្ចនៅក្នុងតំបន់មជ្ឈិមបូព៌ានោះ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក អាឌែល អាប់ឌុល ម៉ាឌី និងប្រធានាធិបតីអ៊ីរ៉ាក់លោក បាហំា សាលី នៅក្នុងរដ្ឋធានីបាដដាដ។ បើតាមការបញ្ជាក់របស់ក្រសួងការបរទេសអាម៉េរិក លោក ប៉ុម ប៉េអូ បានធ្វើកិច្ចពិភាក្សាគ្នាស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆំាងនឹងក្រុមភេវរកររដ្ឋអ៊ីស្លាម ក៏ដូចជាការបង្ហាញគោលជំហរក្នុងការគំាទ្រដល់រដ្ឋាភិបាលអ៊ីរ៉ាក់។ ដោយឡែកការិយាល័យនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់បានឱ្យដឹងដែរថា ប្រមុខការទូតអាម៉េរិកបានចង្អុលបង្ហាញថា សហរដ្ឋអាម៉េរិកនឹងមិនប្រញាប់ក្នុងការដកកងទ័ពចេញពីប្រទេសស៊ីរីនោះទេ ប៉ុន្តែនឹងធ្វើវានៅក្នុងលក្ខណៈរៀបចំឱ្យបានល្អ តាមរយៈការទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់។ យ៉ាងណាមិញ មនុស្សជាច្រើនបានបង្ហាញការព្រួយបារម្ភថា ការដកកងទ័ពអាម៉េរិកអាចនឹងធ្វើឲ្យស្ថានភាពសន្តិសុខក្នុងតំបន់កាន់តែធ្លាក់ដុនដាបខ្លាំងឡើងនៅក្នុងប្រទេសស៊ីរី៕
-
មេដឹកនាំម៉ិកស៊ិកអះអាងថា នឹងមិនចូលរួមពិភាក្សាពីរឿងសង់ជញ្ជាំងព្រំដែនឡើយ

ម៉ិកស៊ិក៖ សារព័ត៌មានរ៉យទ័របានចុះផ្សាយថា ប្រធានាធិបតីម៉ិកស៊ិក លោក អង់ឌ្រេ មែននូអែល ឡុបប៉េស អូប្រាឌ័រ នៅថ្ងៃពុធនេះបានបញ្ជាក់ថា លោកមិនចូលរួមពិភាក្សាពីរឿងសាងសង់ជញ្ជាំងព្រំដែនជាមួយលោក ដូណាល់ ត្រាំ ឡើយ ដោយសំអាងថា វាគឺជាបញ្ហានយោបាយផ្ទៃក្នុងរបស់សហរដ្ឋអាម៉េរិក។ ប្រធានាធិបតីម៉ិកស៊ិកដែលទើបតែឡើងកាន់តំណែងកាលពីខែឆ្នូ ឆ្នាំ២០១៨កន្លងទៅ បានថ្លែងអះអាងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ និងបន្ទាប់ពីសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងថា វិបត្តិមនុស្សជាតិកាន់តែរីកធំឡើងនៅព្រំដែនភាគខាងត្បូងជាប់នឹងម៉ិកស៊ិក ហើយថែមទាំងបានទាមទារឲ្យសភាអនុម័តថវិកា ដើម្បីសាងសង់ជញ្ជាំងព្រំដែនជាបន្ទាន់។ សូមបញ្ជាក់បន្ថែមថា ចំនួនជនអន្តោប្រវេសន៍ដែលលួចឆ្លងចូលទឹកដីសហរដ្ឋអាម៉េរិកបានថយចុះពី១,៦លាននាក់នៅឆ្នាំ២០០០ មកនៅត្រឹមតិចជាង៤០០,០០០នាក់នៅឆ្នាំ២០១៨ ។ កាលពីចុងសប្តាហ៍មុន សេតវិមានបានអះអាងថា ភេរវកររាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ពេលកំពុងព្យាយាមឆ្លងព្រំដែនអាម៉េរិក-ម៉ិកស៊ិក ក៏ប៉ុន្តែតាមពិតទៅ មានតែប៉ុន្មាននាក់ប៉ុណ្ណោះត្រូវឃាត់ខ្លួន នៅឯព្រលានយន្តហោះនោះ៕
-
នាយកប្រតិបតិ្តក្រុមហ៊ុន Amazon និងភរិយាឈានដល់ការលែងលះគ្នា

សហរដ្ឋអាម៉េរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos បានបញ្ជាក់ថា រូបលោក និងភរិយារបស់លោក គឺអ្នកស្រី MacKenzie បានលែងលះគ្នាហើយ បន្ទាប់ពីបានរៀបការជាមួយគ្នារយៈពេល២៥ឆ្នាំ។ ជីវិតរៀបការរយៈពេល២៥ឆ្នាំកន្លងទៅនេះ ពួកគេមានកូនចំនួន៤នាក់ ក្នុងនោះមានកូនប្រុស៣នាក់ និងកូនស្រីម្នាក់ ប៉ុន្តែមិនទាន់មានការប្រាប់ឲ្យដឹងនោះទេថា ការលែងលះគ្នារបស់គូស្នេហ៍មហាសេដ្ឋីលំដាប់ពិភពលោកនេះ កើតឡើងដោយសារមូលហេតុអ្វី។ យ៉ាងណាមិញ លោក Jeff Bezos ដែលមានជាងគេបំផុតនៅលើពិភពលោក បច្ចុប្បន្នកំពុងមានទ្រព្យសម្បត្តិគិតជាទឹកប្រាក់១៣៧ពាន់លានដុល្លារអាម៉េរិករូបនេះ បានធ្វើការប្រកាសពីការលែងលះរបស់លោក នៅថ្ងៃពុធសប្តាហ៍នេះ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមធ្វីតធើ៕