Category: ព័ត៌មានអន្តរជាតិ

  • រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកចាប់ផ្តើមទស្សនកិច្ចនៅមជ្ឈិមបូព៌ា ដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់

    រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកចាប់ផ្តើមទស្សនកិច្ចនៅមជ្ឈិមបូព៌ា ដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់

    សហរដ្ឋអាម៉េរិក៖ ប្រមុខការទូតអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បាននិយាយនៅពេលចាប់ផ្តើមដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា កាលពីថ្ងៃអង្គារ៍នេះថា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកពាណិជ្ជកម្ម និងការទូតទ្វេដង នៅក្នុងសប្តាហ៍ខាងមុខនេះ ដើម្បីដាក់សម្ពាធពិតប្រាកដទៅលើអ៊ីរ៉ង់។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចំពេលដែលមានការយល់ច្រឡំជុំវិញសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក អំពីការដកកងទ័ពអាម៉េរិកចេញពីទឹកដីប្រទេសស៊ីរី។ ក្នុងអំឡុងដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ានេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយសម្ព័ន្ធមិត្តអាម៉េរិកនៅក្នុងតំបន់ រួមទាំងការឈប់សំចតនៅប្រទេសហ្ស៊កដានី អេហ្ស៊ីប និងបណ្តាប្រទេសឈូងសមុទ្រពែក្សជាច្រើនទៀត ដើម្បីសម្របសម្រួលយុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់៕ម.ន  

  • រដ្ឋាភិបាលតួកគីនិយាយថា ការស្នើសុំរបស់សហរដ្ឋអាម៉េរិកឲ្យជួយការពារយុទ្ធជនឃឺដនៅប្រទេសស៊ីរី គឺជារឿងមិនអាចទទួលយកបាន

    រដ្ឋាភិបាលតួកគីនិយាយថា ការស្នើសុំរបស់សហរដ្ឋអាម៉េរិកឲ្យជួយការពារយុទ្ធជនឃឺដនៅប្រទេសស៊ីរី គឺជារឿងមិនអាចទទួលយកបាន

    តួកគី៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ បានបដិសេធដាច់ខាតចំពោះការអំពាវនាវរបស់សហរដ្ឋអាម៉េរិក ដើម្បីឱ្យប្រទេសរបស់លោកការពារក្រុមអ្នកប្រយុទ្ធឃឺដនៅក្នុងប្រទេសស៊ីរី។ប្រធានាធិបតីតួកគីរូបនេះ បានប្រាប់សមាជិកសភាមកពីគណបក្សយុត្តិធម៌ និងការអភិវឌ្ឍរបស់លោក នៅថ្ងៃអង្គារ៍នេះថា លោកមិនអាចទទួលយក និងលេបយកសាររបស់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន បានទេ។ គួរបញ្ជាក់ថា លោក ចន បូលតុន បានស្ថិតនៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី ដើម្បីស្វែងរកការធានាថា កងជីវពលឃឺដដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម នឹងមានសុវត្ថិភាព បន្ទាប់ពីកងទ័ពអាម៉េរិកបានដកចេញពីទឹកដីស៊ីរី ខណៈតួកគីចាត់ទុកអង្គភាពការពារប្រជាជនឃឺដ ជាគឺសត្រូវ និងជាក្រុមភេរវកម្មរបស់ខ្លួន៕ម.ន    

  • មនុស្សស្លាប់១៣នាក់ ដោយសារខ្យល់ព្យុះរដូវរងារវាយប្រហារលើតំបន់អឺរ៉ុប

    មនុស្សស្លាប់១៣នាក់ ដោយសារខ្យល់ព្យុះរដូវរងារវាយប្រហារលើតំបន់អឺរ៉ុប

    អឺរ៉ុប៖ អាកាសធាតុរដូវរងាបានវាយប្រហារទ្វីបអឺរ៉ុប ដោយបានរារាំងមនុស្សរាប់រយនាក់មិនអាចចេញក្រៅបាននៅតំបន់ភ្នំអាល់ ដែលធ្វើឱ្យពន្យារពេលការហោះហើរ និងលុបជើងហោះហើរជាច្រើន ហើយនាំឱ្យមានការណែនាំអំពីការបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យនៃការរលំបាក់ផ្ទាំងទឹកកកដែលបង្កគ្រោះថ្នាក់។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ យ៉ាងហោចណាស់មានមនុស្ស១៣នាក់បានស្លាប់ នៅក្នុងឧបទ្ទវហេតុទាក់ទងនឹងអាកាសធាតុអាក្រក់នៅអឺរ៉ុប ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ភាគច្រើននៃពួកគេបានបាត់បង់ជីវិត ដោយសារការរលំបាក់ផ្ទាំងទឹកកកលើ។ មនុស្សរាប់រយនាក់នៅប្រទេសអូទ្រីស ស្ថិតនៅតែក្នុងផ្ទះរបស់ពួកគេ ដោយសារតែផ្លូវត្រូវបានបិទ និងតំបន់មួយចំនួនគ្មានអគ្គិសនីប្រើ បន្ទាប់ពីដើមឈើបានដួលរលំសង្កត់បាក់បង្គោលភ្លើង ដែលបណ្តាលមកព្រិលទឹកកកធ្លាក់ខ្លាំង រីឯសាលារៀនជាច្រើននៅតំបន់ទាំងនោះក៏ត្រូវបានបិទផងដែរ។ ដោយឡែកមនុស្សមួយចំនួនទៀត បានស្លាប់ដោយសាររលំបាក់ផ្ទាំងទឹកកកសង្កត់លើនៅប្រទេសស្វីស អូទ្រីស និងអាល្លឺម៉ង់ ហើយក្រុមអាជ្ញាធរនៃប្រទេសទាំងនេះ បានព្រមានថា ការធ្លាក់ព្រិលទឹកកនឹងបន្តកើនឡើង ដែលកាន់តែបង្កគ្រោះថ្នាក់ដោយសារការរលំបាក់ផ្ទាំងទឹកកកធំៗ៕ម.ន  

  • លោក ដូណាល់ ត្រាំ គ្រោងធ្វើដំណើរទៅកាន់ព្រំដែនអាម៉េរិក និងម៉ិកស៊ិក ខណៈការអនុម័តថវិកាជាតិសម្រាប់សាងសង់ជញ្ជាំងព្រំដែននៅពុំទាន់មានសង្ឃឹម

    លោក ដូណាល់ ត្រាំ គ្រោងធ្វើដំណើរទៅកាន់ព្រំដែនអាម៉េរិក និងម៉ិកស៊ិក ខណៈការអនុម័តថវិកាជាតិសម្រាប់សាងសង់ជញ្ជាំងព្រំដែននៅពុំទាន់មានសង្ឃឹម

    សហរដ្ឋអាម៉េរិក៖ សេតវិមានសហរដ្ឋអាម៉េរិកបានលើកឡើងថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើទស្សនកិច្ចនៅព្រំដែនអាម៉េរិក និងម៉ិកស៊ិក នៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ទោះបីការតស៊ូមតិតាមការទាមទាររបស់លោក សម្រាប់ការផ្តល់ថវិកាសាងសង់ជញ្ជាំងព្រំដែន បានធ្វើឱ្យរដ្ឋាភិបាលសហព័ន្ធបិទទ្វារអស់រយៈពេលជាងពីរសប្តាហ៍ក្តី។ តាមរយៈបណ្តាញសង្គមធ្វីតធើ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សាន់ឌើមិនបានរៀបរាប់អំពីព័ត៌មានច្បាស់លាស់ សម្រាប់ការធ្វើដំណើរទស្សនកិច្ចលើកនេះទេ ប៉ុន្តែបានត្រឹមបញ្ជាក់ថា លោក ត្រាំ បានត្រៀមខ្លួនក្នុងការធ្វើដំណើរទៅកាន់ព្រំដែនភាគខាងត្បូង ដើម្បីជួបជាមួយនឹងបុគ្គលសំខាន់នៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះហើយ។ ស្របពេលជាមួយគ្នានោះដែរ តាមរយៈបណ្តាញសង្គមដដែលនេះ លោក ដូណាល់ ត្រាំ បានបង្ហោះសារដោយសរសេរថា ខ្ញុំសប្បាយរីករាយណាស់ ដែលបានជូនដំណឹងដល់អ្នកថា ខ្ញុំនឹងនិយាយទៅកាន់ប្រទេសជាតិ ស្តីពីវិបត្តិសន្តិសុខមនុស្សធម៌ និងសន្តិសុខជាតិ នៅព្រំប្រទល់ខាងត្បូងរបស់យើង៕ម.ន  

  • យានតាក់ស៊ី Nexus របស់ក្រុមហ៊ុន Bell នឹងធ្វើប្រតិបត្តិការតាមរយៈសេវាតាក់ស៊ី Uber នៅឆ្នាំ២០២៥

    យានតាក់ស៊ី Nexus របស់ក្រុមហ៊ុន Bell នឹងធ្វើប្រតិបត្តិការតាមរយៈសេវាតាក់ស៊ី Uber នៅឆ្នាំ២០២៥

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនផលិតយន្តហោះ Bell ដែលកំពុងអភិវឌ្ឍន៍យានជំនិះហោះដឹកអ្នកដំណើរហៅថា «Nexus» បានប្រកាសឲ្យដឹងថា យានជំនិះដ៏អស្ចារ្យនេះ នឹងត្រូវដាក់ឲ្យធ្វើប្រតិបត្តិការតាមរយៈសេវាតាក់ស៊ី Uber នៅឆ្នាំ២០២៥ខាងមុខ។ យានជំនិះ Nexus នឹងប្រើកង្ហារចំនួន៦ ដើម្បីហោះឡើង និងចុះត្រង់ដូចឧទ្ធម្ភាគចក្រ ចេញពីដំបូងអគារ ឬក៏ទីតាំង Launch ដែលបានកំណត់ទុក។ ក្រុមហ៊ុន Uber បានបញ្ជាក់ថា មានតែយានជំនិះប្រភេទ VTOL ដែលប្រើថាមពលអគ្គិសនីទាំងស្រុងប៉ុណ្ណោះ នឹងត្រូវបញ្ចូលទៅក្នុងសេវាតាក់ស៊ីផ្លូវអាកាសរបស់ខ្លួន ប៉ុន្តែបានកត់សម្គាល់ថា គំរូយាន Nexus របស់ Bell គឺជំហានដំបូងដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុន Bell បានលើកឡើងថា នេះគឺជាយានជំនិះមួយ ដែលធ្វើឲ្យអ្នកមានអារម្មណ៍សុត្ថិភាព និងមានផាសុខភាពក្នុងពេលធ្វើដំណើរជាមួយក្រុមគ្រួសាររបស់អ្នក ហើយថា យានជំនិះ Nexus នឹងអាចដឹកអ្នកដំណើរបាន៥នាក់ ជាមួយទម្ងន់ប្រហែល២៧២គីឡូក្រាម ហើយវាប្រើម៉ាស៊ីនលក្ខណៈ Hybrid៕ម.ន    

  • ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិក ត្រូវរំពឹងថា នឹងពិភាក្សាជាមួយមេដឹកនាំតួកគី ពាក់ព័ន្ធនឹងបញ្ហានៅស៊ីរី

    ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិក ត្រូវរំពឹងថា នឹងពិភាក្សាជាមួយមេដឹកនាំតួកគី ពាក់ព័ន្ធនឹងបញ្ហានៅស៊ីរី

    សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន និងក្រុមគណៈប្រតិភូរបស់លោកបានធ្វើដំណើរទៅដល់រដ្ឋធានី អង់ការ៉ា ហើយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីពិភាក្សាលើការរៀបចំសន្តិសុខ ខណៈអាម៉េរិកកំពុងរៀបចំដកកងទ័ពចេញពីទឹកដីស៊ីរី។ បើតាមទីភ្នាក់ងារសារព័ត៌មានតួកគីបានបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សារវាងមន្រ្តីអាម៉េរិក និងតួកគី ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារ៍នេះ ត្រូវបានគេរំពឹងថា នឹងផ្តោតសំខាន់ទៅលើបញ្ហាសន្តិសុខក្នុងតំបន់ ស្របពេលទីក្រុងវ៉ាស៊ីនតោនដកកងកម្លំាងចេញពីស៊ីរី ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងក្រុមភេវរកររដ្ឋអ៊ីស្លាម ISIL និងក្រុមភេវករដទៃទៀត។ ដោយឡែកការទិញលក់ប្រព័ន្ធខែលការពារដែនអាកាសរបស់អាម៉េរិក និងការធ្វើបត្យាប័នលោក ហ្វេតធុលឡា ហ្គូលែន ដែលទីក្រុងអង់ការ៉ាចោទថា ជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារមិនបានសម្រេចនៅតួកគី ហើយកំពុងស្នាក់នៅសហរដ្ឋអាម៉េរិក ក៏ស្ថិតក្នុងចំណោមប្រធានបទទាំងនេះដែរ។ សូមរំលឹកថា កាលពីថ្ងៃចន្ទម្សិលមិញ មួយថ្ងៃមុនពេលធ្វើដំណើរមកកាន់ប្រទេស តួកគី លោក បូលតុន បាននិយាយថា សហរដ្ឋអាម៉េរិកនឹងមិនដកកងទ័ពចេញពីទឹកដីស៊ីរីនោះឡើយ រហូតទាល់តែរដ្ឋាភិបាលតួកគីធានាអះអាងថា ទីក្រុងអង់ការ៉ានឹងវាយប្រហារក្រុមសកម្មប្រយុទ្ធឃើដនៅស៊ីរី៕ម.ន

  • លោក ម៉ៃ ប៉ុមប៉េអូ៖ គោលនយោបាយប្រឆាំងនឹងឥទ្ធិពលអ៊ីរ៉ង់ និងក្រុមភេវរករ ISIS នៅតែរក្សាដដែល បើទោះសហរដ្ឋអាម៉េរិកដកទ័ពចេញពីស៊ីរី

    លោក ម៉ៃ ប៉ុមប៉េអូ៖ គោលនយោបាយប្រឆាំងនឹងឥទ្ធិពលអ៊ីរ៉ង់ និងក្រុមភេវរករ ISIS នៅតែរក្សាដដែល បើទោះសហរដ្ឋអាម៉េរិកដកទ័ពចេញពីស៊ីរី

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា គម្រោងដកទ័ពចេញពីស៊ីរី នឹងមិនធ្វើឲ្យមានការប្រែប្រួលដល់បេសកកម្មបោសសម្អាតពួកភេរវកររដ្ឋអ៊ីស្លាម ISIS ឬក៏យុទ្ធសាស្រ្តទប់ស្កាត់មិនឲ្យអ៊ីរ៉ង់ពង្រីកឥទ្ធិពលនៅក្នុងតំបន់នោះឡើយ។ លោក ម៉ៃ ប៉ុមប៉េអូ បានគូសបញ្ជាក់ថា ការដកកងទ័ពចេញពីស៊ីរី គឺជាការផ្លាស់ប្តូរយុទ្ធសាស្រ្តមួយ ហើយនឹងមិនប៉ះពាល់ដល់ការប្តេជ្ញាយ៉ាងមុតមាំរបស់សហរដ្ឋអាម៉េរិក ក្នុងការកម្ទេចពួកភេវរកររដ្ឋអ៊ីស្លាម ISIS នៅទូទាំងពិភពលោកឡើយ ហើយថា ក៏ពុំមានការប្រែប្រួលក្នុងយុទ្ធសាស្រ្តទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ង់នោះដែរ។ ទន្ទឹមគ្នានោះ ប្រមុខការទូតអាម៉េរិករូបនេះ ថែមទាំងបានធានាអះអាងផងដែរថា ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ គឺអាចទុកចិត្តបានថា នឹងមិនធ្វើសកម្មភាពវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធឃើដនៅក្នុងទឹកដីស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ISIS ឡើយ បន្ទាប់ពីកងទ័ពអាម៉េរិកត្រូវបានដកចេញ៕ម.ន  

  • អង្គការ NASA ខកខានចូលរួមសន្និសីទដ៏សំខាន់មួយ ខណៈរដ្ឋាភិបាលអាម៉េរិកបន្តបិទទ្វារ

    អង្គការ NASA ខកខានចូលរួមសន្និសីទដ៏សំខាន់មួយ ខណៈរដ្ឋាភិបាលអាម៉េរិកបន្តបិទទ្វារ

    សហរដ្ឋអាម៉េរិក៖ ការជួបជុំគ្នាធំបំផុតប្រចាំឆ្នាំរបស់សហគមន៍តារាវិទូនៅសហរដ្ឋអាម៉េរិក បានចាប់ផ្តើមប្រព្រឹត្តទៅនៅឯទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោនភាគខាងលិច តែអវត្តមានក្រុមសំខាន់ៗមួយចំនួន ដូចជា ទីភ្នាក់ងារអវកាស NASA ជាដើម ដោយសារតែការបិទទ្វារនៃរដ្ឋាភិបាលអាម៉េរិក។ ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្រ្តដទៃទៀតសរុបជិត៣,២០០នាក់ នឹងត្រូវចូលរួមសន្និសីទ American Astronomical Society ហៅកាត់ថា AAS លើកទី២៣៣ ដែលចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃអាទិត្យដល់ថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ នៅក្នុងមជ្ឈមណ្ឌលសម្រាប់រៀបចំសន្និសីទនៃរដ្ឋវ៉ាស៊ីនតោន។ ក៏ប៉ុន្តែអ្នកដែលបានចុះឈ្មោះពី៣០០នាក់ ទៅ៤៥០នាក់ នឹងមិនអាចចូលរួមព្រឹត្តិការណ៍ជួបជុំគ្នានេះបានឡើយ ដោយសារតែការបិទទ្វាររដ្ឋាភិបាលសហព័ន្ធ ដែលកំពុងឈានចូលដល់សប្តាហ៍ទី៤។ បុគ្គលិករដ្ឋដែលគេចាត់ទុកថា «មិនសំខាន់» ជាង៣៨០,០០០នាក់ ដោយរួមបញ្ចូលទាំង៩៥ភាគរយនៃបុគ្គលិកបម្រើការនៅអង្គការ NASA ត្រូវអវត្តមានពីការងារពីព្រោះតែបញ្ហានេះ។ ដូច្នេះហើយបុគ្គលិក NASA ដែលគ្រោងនឹងទៅចូលរួមសន្និសីទខាងលើ ហើយធ្វើបទបង្ហាញអំពីលទ្ធផលស្រាវជ្រាវរបស់ពួកគេនោះ នឹងត្រូវខកខានមិនអាចចូលរួមបានវិញ៕ម.ន

  • ប្រធានធនាគារពិភពលោក ប្រកាសលាឈប់ពីតំណែង

    ប្រធានធនាគារពិភពលោក ប្រកាសលាឈប់ពីតំណែង

    បរទេស៖ ប្រធានធនាគារពិភពលោក (World Bank) លោក Jim Yong Kim (ជីម យុង គីម) បានប្រកាសកាលពីម្សិលមិញថា លោកនឹងលាឈប់ពីតំណែង នាខែក្រោយ ប៉ុន្តែលោកត្រូវនៅសល់រយៈពេលជាង៣ឆ្នាំទៀត សម្រាប់អាណត្តិជាប្រធាន World Bank  នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia ។ការសម្រេចចិត្តនេះ ទំនងជាផ្តល់ឥទ្ធិពលដល់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ លើការសម្រេចចិត្តជ្រើសរើសប្រធានធនាគារពិភពលោកថ្មី បើទោះបីជាការគ្រប់គ្រងរបស់អាម៉េរិកលើធនាគារផ្តល់កម្ចីអភិវឌ្ឍពិភពលោកដែលមានសមាជិក១៨៩ប្រទេសមួយនេះ កំពុងប្រឈមនឹងការរិះគន់កាន់តែខ្លាំង។ ក្រោមរដ្ឋបាលរបស់លោក គីម ធនាគារពិភពលោកបានបង្កើនការយកចិត្តទុកដាក់លើផ្នែកឯកជន ដែលមានការរិះគន់ថា មិនស្របតាមមគ្គុទេសក៍សង្គម និងបរិស្ថានរបស់ធនាគារ។ លោក គីម ដែលមានវ័យ៥៩ឆ្នាំ បាននិយាយតាមរយៈសេចក្តីថ្លែងការណ៍មួយថា «វាគឺជាមហាកិត្តិយសណាស់ ដែលបានធ្វើជាប្រធានស្ថាប័នអស្ចារ្យមួយនេះ ពោលពេញដោយបុគ្គលមានមហិច្ចតាខ្ពស់ ក្នុងការធ្វើបេសកកម្មបញ្ចប់ភាពស្រែកឃ្លានក្នុងជីវិត»។ ក្រោមការដឹកនាំរបស់លោក គីម ធនាគារពិភពលោកបានកំណត់គោលដៅថា នឹងលុបបំបាត់ភាពអត់ឃ្លានឲ្យបានទាំងស្រុង នៅត្រឹមឆ្នាំ២០៣០ ហើយត្រូវបង្កើនហិរញ្ញវត្ថុឲ្យបានច្រើន។ កាលពីឆ្នាំមុន ធនាគារពិភពលោកបានអនុម័តកញ្ចប់ថវិកា១៣ពាន់លានដុល្លារអាម៉េរិក ក្រោយពេលមានសំណើពីរដ្ឋបាលរបស់លោកដូណាល់ ត្រាំ ក្នុងការកាត់បន្ថយកម្ចីទៅដល់ប្រទេសដែលមានចំណូលខ្ពស់ៗ ដូចជាចិនជាដើមនោះ៕ម.ន …

  • រថភ្លើងអន្តរជាតិចិន-វៀតណាម ទទួលបានអ្នកដំណើរកើនឡើងខ្លាំង

    រថភ្លើងអន្តរជាតិចិន-វៀតណាម ទទួលបានអ្នកដំណើរកើនឡើងខ្លាំង

    ចិន៖ រថភ្លើងអន្តរជាតិភ្ជាប់ពីក្រុងណាននីង នៃតំបន់ក្វាងស៊ី ចាង ជាតំបន់ស្វ័យតនៃប្រទេសចិន ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ទទួលបានអ្នកធ្វើដំណើរជាង៤០ម៉ឺនលើក ក្នុងរយៈពេល១០ឆ្នាំមកនេះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរថ្មីៗនេះ។ ដោយត្រូវបានចាត់ទុកថា ជាវិធានការមួយក្នុងការជំរុញវិស័យពាណិជ្ជកម្មសេរីចិន-អាស៊ាននោះ រថភ្លើងនេះត្រូវបានបើកសម្ពោធកាលពីថ្ងៃទី១ មករា ២០០៩ ពោលជាការផ្លាស់ប្តូររវាងចិន និងអាស៊ាន។ រថភ្លើងនេះត្រូវបានគេមើលឃើញថា មានការកើនឡើងប្រចាំឆ្នាំ២០ភាគរយ សម្រាប់ការធ្វើដំណើរ ក្នុងរយៈពេល១០ឆ្នាំមកនេះ នេះបើតាមក្រុមហ៊ុន China Railway Nanning Group។ រថភ្លើងនេះធ្វើដំណើរក្នុងចម្ងាយផ្លូវ៣៩៦គីឡូម៉ែត្រ ហើយត្រូវចំណាយពេលប្រមាណ១២ម៉ោង។ រថភ្លើងនេះមានបុគ្គលដែលអាចនិយាយភាសាវៀតណាម និងអង់គ្លេស ហើយផ្តល់សេវាកម្មទូលំទូលាយ ទាំងជាភាសា ចិននិងវៀតណាម៕ម.ន