-
សហរដ្ឋអាម៉េរិកស្នើអោយតួកគីឈប់ទិញប្រព័ន្ធខែលការពារមីស៊ីល S-400 របស់រុស្ស៊ី

តួកគី៖ ប្រតិភូរដ្ឋាភិបាលអាម៉េរិកមួយក្រុម បានព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលទីក្រុងអង់ការ៉ាអោយបោះបង់ចោលការទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ហើយងាកមកទិញប្រព័ន្ធមីស៊ីល Patriot របស់ខ្លួនវិញ ប៉ុន្តែតួកគីបានបដិសេធសំណើនេះចោល ។ ប្រព័ន្ធ S-400 គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសចល័តជំនាន់ចុងក្រោយ របស់ប្រទេសរុស្ស៊ី ដែលអាចបំពាក់មីស៊ីលបាន០៣ធុន និងមានសមត្ថភាពកម្ទេចគោលដៅជាច្រើនប្រភេទលើផ្ទៃអាកាស រួមមានដូចជាយន្តហោះឈ្លបការណ៍ និង មីស៊ីលផ្លោងនៅរយៈចម្ងាយខ្លី ឬក៏ឆ្ងាយខ្លាំងក៏បាន ។ បើតាមប្រព័ន្ធផ្សព្វផ្សាយតួកគីនោះ សហរដ្ឋអាមេរិកបានស្នើលក់ប្រព័ន្ធមីស៊ីល Patriot មកឲ្យប្រទេសតួកគី បន្ទាប់ពីក្រសួងការបរទេសអាមេរិកបានអនុញ្ញាតគម្រោងលក់មកឲ្យតួកគីនូវមីស៊ីល GEM-T ចំនួន៨០គ្រាប់ សម្រាប់ប្រព័ន្ធ Patriot MIM-104E និងមីស៊ីល MSE ចំនួន៦០គ្រាប់ សម្រាប់ប្រព័ន្ធ PAC-3 ក្នុងតម្លៃ៣.៥ពាន់លានដុល្លារ ប៉ុន្តែសំណើរបស់ទីក្រុងវ៉ាស៊ីនតោនត្រូវបានតួកគីបដិ សេធចោល ៕
-
ក្រសួងពាណិជ្ជកម្មថៃគ្រោងបញ្ជូនជំនួយជាស្បៀងអាហារ និងសម្ភារៈចាំបាច់ ដល់ជនរងគ្រោះ ដោយសារព្យុះត្រូពិច Pabuk

ថៃ៖ ក្រសួងពាណិជ្ជកម្មថៃកំពុងត្រៀមរៀបចំយានជំនិះដឹកស្បៀងអាហារ ដូចជាអង្ករ ស៊ុត ប្រេង ត្រីខ មីកំប៉ុង និងឧបករណ៍សំខាន់ៗ សម្រាប់ផ្តល់ជូនជនដែលរងគ្រោះ ដោយសារព្យុះត្រូពិច Pabuk នៅតាមតំបន់ភាគត្បូងប្រទេស ។ រដ្ឋមន្រ្តីពាណិជ្ជកម្មថៃលោក សាន់ទីរ៉ាត់ សាន់ទីជីរ៉ាវុង (Sontirat Sontijirawong) បានឲ្យដឹងថា ប្រជាពលរដ្ឋអាចស្វែងរកកញ្ចីបន្ថែម និងកញ្ចីថ្មីពីធនាគារ Government Housing Bank (GHB) បានថែមទៀត ដើម្បីសាងសង់លំនៅឋានថ្មី បើសិនជាផ្ទះរបស់ពួកគេត្រូវបានបំផ្លាញទាំងស្រុងដោយគ្រោះធម្មជាតិ ។ ជាមួយគ្នានេះ ធនាគារ Government Housing Bank (GHB) ដែលបង្កើតឡើងដោយអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ក៏បានផ្តល់កញ្ចប់ឥណទានទំហំ១ពាន់លានបាត ស្មើនឹងជាង៣១លានដុល្លារ សម្រាប់ប្រជាជនដែលលំនៅឋានបានរងការខូចខាតដោយសារព្យុះ Pabuk ផងដែរ ។ សួមបញ្ជាក់ថា ព្យុះត្រូពិច Pabuk ខាងលើនេះ…
-
មនុស្សស្លាប់៦នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុងនៅប្រទេសថៃ

ថៃ៖ សារព័ត៌មាន CGTN បានរាយការណ៍ថា មនុស្ស៦នាក់ រួមមានទារិកាអាយុ៦ខែម្នាក់ផងនោះ បានស្លាប់ និងជិត៥០នាក់ទៀតរងរបួស នៅពេលរថយន្តក្រុងពីរជាន់មួយគ្រឿងបានបាត់បង់ភាពម្ចាស់ការនៅលើផ្លូវរអិលក្នុងខេត្ត ផាធូម ថានី និងបានក្រឡាប់ចូលស្នាមភ្លោះកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ។ ប្រភពបន្តថា ប៉ូលិសថៃបានដឹកនាំកងកម្លាំងចុះពិនិត្យឧបទ្ទវហេតុននេះ នៅម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃអាទិត្យម្សិលមិញនេះ និងបានឃើញអ្នកដំណើរជាប់ក្នុងរថយន្តក្រុង រួមមានទាំងអ្នកបើកបរដែលស្ថិតចំណោមអ្នករងរបួស ។ដោយឡែកអ្នកដំណើរ៥នាក់ រួមមានទារិកាម្នាក់បានស្ថិតចំណោមអ្នកស្លាប់នៅកន្លែងកើតហេតុ និងអ្នករងរបួសម្នាក់ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត នៅឯមន្ទីរពេទ្យ ៕
-
យានមនុស្សយន្ត Jade Rabbit របស់ប្រទេសចិន បើកបរនៅចុងឆ្ងាយបំផុតនៃឋានព្រះចន្ទ

ចិន៖ ទីភ្នាក់ងារអវកាសជាតិចិន នៅថ្ងៃសុក្រនេះ បាននិយាយថា យានមនុស្សយន្តស្រាវជ្រាវឋានព្រះចន្ទរបស់ចិន បានបើកបរនៅចុងឆ្ងាយបំផុតនៃឋានព្រះចន្ទ ដោយសាទរការវិវឌ្ឍនេះថា ជាការបោះជំហានដ៏ធំមួយសម្រាប់ប្រជាជនចិន។ ទីភ្នាក់ងារអវកាសចិនបានបញ្ជាក់ថា យានមនុស្សយន្ត Yutu-2 (Jade Rabbit-2) បានបើកបរលើផ្ទៃឋានព្រះចន្ទនៅម៉ោង១០និង២២នាទីល្ងាចថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ពោលគឺប្រហែល១២ម៉ោង បន្ទាប់ពីការចុះចតរបស់យានអវកាស ឆាងអឺ (Chang’e-4) ។ ជាមួយគ្នានេះ រដ្ឋបាលអវកាសជាតិចិនបានចេញផ្សាយរូបភាពមួយថតដោយយានមនុស្សយន្ត ដោយបង្ហាញដានផ្លូវបន្សល់ដោយយានមនុស្សយន្តនេះ ខណៈដែលវាចាកចេញពីយានអវកាស ប៉ុន្តែរដ្ឋបាលនេះមិនបានបញ្ជាក់ថា តើយាននេះធ្វើដំណើរបានឆ្ងាយប៉ុនណានោះទេ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងចំណាយលុយរាប់ពាន់លានដុល្លារចូលទៅក្នុងកម្មវិធីអវកាសដំណើរការដោយយោធារបស់ខ្លួន ដោយសង្ឃឹមថា នឹងមានស្ថានីយអវកាសមានមនុស្សនៅឆ្នាំ២០២២ខាងមុខ ហើយទីបំផុតនឹងបញ្ជូនមនុស្សទៅលេងនៅភពព្រះចន្ទ៕
-
ទីក្រុងប៉េកាំងអះអាងជាថ្មីអំពីការការពារសិទ្ធិស្របច្បាប់របស់ពលរដ្ឋបរទេស ក្រោយសហរដ្ឋអាម៉េរិកព្រមានប្រជាជនខ្លួនក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិន

ចិន៖ រដ្ឋាភិបាលក្រុងប៉េកាំងតែងតែស្វាគមន៍ជនបរទេសទាំងអស់ជានិច្ច ដោយក្នុងនោះរួមមានពលរដ្ឋអាម៉េរិកផងដែរ សម្រាប់ការធ្វើដំណើរមកកាន់ទឹកដីប្រទេសចិន ហើយក៏តែងតែការពារនូវសុខសុវត្ថិភាព និងសិទ្ធិស្របច្បាប់របស់ពួកគេ ដូចជាសេរីភាពក្នុងការចេញ និងចូល។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លូ កាង បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងថ្ងៃសុក្រម្សិលមិញ នាអំឡុងសន្និសិទសារព័ត៌មានខ្លីមួយ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងប្រទេសចិន ដែលជំរុញឱ្យពលរដ្ឋរបស់ខ្លួនបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំនើរទៅកាន់ប្រទេសចិន។ សូមរំលឹកថា កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ក្រសួងការបរទេសអាម៉េរិក បានចេញការព្រមានជាថ្មីដល់ពលរដ្ឋអាម៉េរិកអំពីការធ្វើដំណើរនៅប្រទេសចិន ដោយជំរុញពលរដ្ឋអាម៉េរិកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយគោរពតាមច្បាប់ក្នុងស្រុក។ ការព្រមានអំពីការធ្វើដំណើរនេះ បានកើតឡើងចំពេលមានភាពតានតឹងផ្នែកការទូតខ្លាំងឡើង ដោយសារការចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននៅប្រទេសកាណាដា ជាហេតុនាំឲ្យអាជ្ញាធរចិនបានចាប់ខ្លួន លោក Michael Kovrig ជនជាតិកាណាដា ជាអតីតអ្នកការទូត និងជាទីប្រឹក្សារបស់ក្រុមអ្នកជំនាញដោះស្រាយវិបត្តិអន្តរជាតិ និងលោក Michael Spavor ជាពាណិជ្ជករកាណាដា ដោយចិននិយាយថា បុរសទាំង២នាក់ត្រូវបានសង្ស័យថា បានគំរាមកំហែងដល់សន្តិសុខជាតិ៕
-
សហរដ្ឋអាម៉េរិកបញ្ជាក់ថា គ្មានកាលកំណត់ឡើយ ទាក់ទិននឹងការដកកងទ័ពចេញពីស៊ីរី ខណៈការប្រយុទ្ធនៅតែបន្តនៅឡើយ

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានលើកឡើងថា គ្មានឡើយកាលបរិច្ឆេទចំពោះការដកកងកម្លំាងអាម៉េរិកចេញពីទឹកដីស៊ីរី ប៉ុន្តែសហរដ្ឋអាម៉េរិកក៏មិនមានគម្រោងបន្តនៅប្រទេសមជ្ឈិមបូព៌ាមួយនេះ ជាដរាបនោះដែរ។ ជុំវិញរឿងនេះដែរ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាម៉េរិកមួយរូប នៅថ្ងៃសុក្រនេះ បាននិយាយដោយសង្កត់ធ្ងន់ថា កងទាហានអាម៉េរិកអាចនឹងបន្តឈរជើងនៅប្រទេសស៊ីរី រហួតទាល់តែការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIL ទទួលបានជោគជ័យទាំងស្រុង។ សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ សហរដ្ឋអាម៉េរិកបានប្រកាសថា ខ្លួននឹងដកទ័ពចេញពីស៊ីរី ក្នុងអំឡុងប៉ុន្មានខែខាងមុខដោយលោក ត្រាំ បានលើកហេតុផលការពារការសម្រេចចិត្តនេះថា កងកម្លាំងយោធាអាម៉េរិកបានសម្រេចជោគជ័យ ក្នុងការកម្ចាត់ក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS នៅស៊ីរី និងអាចត្រឡប់មកផ្ទះវិញបានហើយ។ ទន្ទឹមនឹងនោះ លោក ដូណាល់ ត្រាំ ក៏បានទាត់ចោលសេចក្តីរាយការណ៍ព័ត៌មានរបស់កាសែត New York Times ដែលថា រូបលោកបានទុកពេល០៤ខែឲ្យក្រសួងការពារជាតិរៀបចំការដកទ័ពចេញពីស៊ីរីផងដែរ ហើយថា ការដកកងទ័ពអាម៉េរិកចេញពីស៊ីរី នឹងប្រព្រឹត្តទៅតាមពេលវេលាជាក់ស្តែង ប៉ុន្តែមិនមែន០៤ខែ ដូចការចុះផ្សាយក្នុងបណ្តាញសារព័ត៌មាននោះទេ៕
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកអះអាងថា មានការរីកចម្រើនបន្តិចបន្តួចប៉ុណ្ណោះដែលបានធ្វើឡើងជាមួយរុស្ស៊ីពាក់ព័ន្ធនឹងសន្ធិសញ្ញានុយក្លេអ៊ែរ INF

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានចង្អុលបង្ហាញនៅថ្ងៃសុក្រនេះថា មានការវិវត្តទៅមុខតែបន្តិចបន្តួចប៉ុណ្ណោះ ដែលត្រូវបានធ្វើឡើងសម្រាប់កិច្ចចរចាជាមួយរុស្ស៊ី ទាក់ទិននឹងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF ខណៈកាលបរិច្ឆេទដែលកំណត់ដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីដើរចេញពីសន្ធិសញ្ញានេះ កាន់តែខិតជិតមកដល់។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Newsmax ប្រមុខការទូតអាម៉េរិករូបនេះ បានគូសបញ្ជាក់ថា ឥឡូវនេះ យើងមានចំនួនជិត៣០ថ្ងៃហើយ ពីថ្ងៃផុតកំណត់ដែលយើងបានផ្តល់ឲ្យ ហើយថា ជាអកុសល្យនោះ រុស្ស៊ីមិនបានខិតខំប្រឹងប្រែងអនុវត្តតាមសន្ធិសញ្ញានេះ ច្រើនជាងអ្វីដែលពួកគេបានធ្វើសម្រាប់រយៈពេល៤ ឬ៥ឆ្នាំមុននោះទេ។ លោក ប៉ុមប៉េអូ បានសង្កត់ធ្នង់ថា យើងបាននឹងកំពុងបន្តធ្វើកិច្ចពិភាក្សាជាមួយពួកគេ (រុស្ស៊ី) ដើម្បីព្យាយាម ក៏ដូចជាជំរុញឱ្យពួកគេវិលត្រឡប់ទៅអនុវត្តឲ្យបានពេញលេញតាមសន្ធិសញ្ញានេះវិញ។ សូមរំលឹកឡើងវិញថា កាលពីដើមខែធ្នូកន្លងទៅនេះ មន្រ្តីទូតកំពូលអាម៉េរិកបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននឹងព្យួរកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា INF ក្នុងរយៈពេល៦០ថ្ងៃ លុះត្រាតែប្រទេសរុស្ស៊ីវិលត្រឡប់ទៅអនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែរដ្ឋាភិបាលក្រុងម៉ូស្គូបានប្រកាសច្រានចោលជាច្រើនលើកច្រើនសារថា ខ្លួនមិនបានរំលោភបំពានលើសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF នោះឡើយ៕
-
លោក ដូណាល់ ត្រាំ ព្រមានបិទរដ្ឋាភិបាលរយៈពេលយូរ បើសិនមិនទទួលបានកញ្ចប់ថវិកាសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ បាននិយាយថា រូបលោកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបន្តធ្វើការបិទរដ្ឋាភិបាលក្នុងរយៈពេលដ៏យូរមួយ ដែលប្រហែលជាខែ ឬឆ្នាំក៏ថាបាន ខណៈណាមិនទទួលបានកញ្ចប់ថវិកាសន្តិសុខពីសភា ពាក់ព័ន្ធនឹងការសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក។ ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក៏បានច្រានចោលការគំរាមពីសំណាក់ក្រុមមន្រ្តីបក្សប្រជាធិបតេយ្យ ដែលចង់ទម្លាក់រូបលោកចេញពីតំណែង ដោយលោកនៅតែអះអាងថា ក្រុមយុទ្ធនាការបោះឆ្នោតរបស់លោកមិនបានឃុបឃិតជាមួយរដ្ឋាភិបាលរុស្ស៊ី អំឡុងការបោះឆ្នោតជ្រើសរើសមេដឹកនាំអាម៉េរិកកាលពីឆ្នាំ២០១៦ឡើយ។ សូមរំលឹកថា កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ មន្រ្តីបក្សប្រជាធិបតេយ្យបានចូលគ្រប់គ្រងសភាតំណាងរាស្រ្តអាម៉េរិកជាផ្លូវការ ដោយមានលោកស្រី Nancy Pelosi ជាប្រធានថ្មីនៃសភាជាន់ទាបនេះ។ ជាមួយគ្នានោះ ក្រុមសមាជិកសភាមកពីបក្សប្រជាធិបតេយ្យដែលទើបឡើងកាន់តំណែងថ្មីៗ បានទទូចឲ្យមានចំណាត់ការទម្លាក់លោក ដូណាល់ ត្រាំ ចេញពីសេតវិមាន។ ជុំវិញរឿងនេះដែរ លោកស្រី Pelosi បាននិយាយថា លោកស្រីមិនបោះបង់ចោលនូវជម្រើសទម្លាក់លោក ត្រាំ ឡើយ ប៉ុន្តែបានណែនាំឲ្យគ្រប់គ្នារង់ចាំការបង្ហាញរបាយការណ៍ពីរដ្ឋអាជ្ញាពិសេស លោក Robert Mueller ដែលកំពុងស៊ើបអង្កេតលើរឿងអាស្រូវក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ…
-
សភាតំណាងរាស្រ្តអាម៉េរិកសម្រេចអនុម័តសេចក្តីព្រាងកញ្ចប់ថវិកាមួយ ដើម្បីបើកដំណើរការរដ្ឋាភិបាលឡើងវិញ

សហរដ្ឋអាម៉េរិក៖ សភាតំណាងរាស្រ្តអាម៉េរិក ដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បានអនុម័តសេចក្តីព្រាងថវិកាមួយហើយ សំដៅបញ្ចប់ការបិទទ្វាររបស់រដ្ឋាភិបាល នៅចំពោះមុខការគំរាមពីសំណាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ នៅមុនការអនុម័តនេះ សេតវិមានបានចេញសេចក្តីថ្លែងការណ៍ថា សេចក្តីព្រាងថវិការបស់បក្សប្រជាធិបតេយ្យផ្តល់ហិរញ្ញប្បទានដល់កម្មវិធីមិនចាំបាច់ជាច្រើនលើសកម្រិត រួមមានការផ្តល់ជំនួយហួសហេតុទៅកាន់បរទេស ដូចជាទៅកាន់តំបន់ហ្គាហ្សា (Gaza) ស៊ីរី ប៉ាគីស្ថាន និងកម្មវិធីរបស់អង្គការសហប្រជាជាតិ ។ ជាមួយគ្នានេះ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក៏មានព្រមានទាត់ចោលសេចក្តីព្រាងថវិកានេះផងដែរ ទោះបីវាមានគោលដៅបញ្ចប់ការបិទទ្វាររដ្ឋាភិបាលនាពេលបច្ចុប្បន្នក៏ដោយ ដ្បិតក្រុមមន្រ្តីបក្សប្រជាធិបតេយ្យមិនអើពើពីភាពចាំបាច់ជាបន្ទាន់នៃសន្តិសុខនៅតាមព្រំដែន ។ យ៉ាងណាមិញ ស្ថិតក្រោមសេចក្តីព្រាងថវិកាខាងលើនេះ ស្ថាប័នសំខាន់ៗដូចជា ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម ក្រសួងការងារ ក្រសួងហិរញ្ញវត្ថុ (ក្រសួងរតនាគារ) ព្រមទាំងទីភ្នាក់ងារសហព័ន្ធឯទៀតៗនឹងទទួលបានថវិកាផ្គត់ផ្គង់ឡើងវិញរហូតដល់ថ្ងៃទី៣០ ខែកញ្ញាខាងមុខ ពោលគឺរហួតដល់ដំណាច់ឆ្នាំសារពើពន្ធ២០១៩ ៕
-
សហរដ្ឋអាម៉េរិកចូលរួមការធ្វើសមយុទ្ធយោធាដែនអាកាសជាច្រើនកាលពីឆ្នំា២០១៨ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងឥទ្ធិពលរបស់រុស្ស៊ី និងចិន

សហរដ្ឋអាម៉េរិក៖ អាមេរិកបានបង្កើនសកម្មភាពចូលរួមនៅក្នុងការធ្វើសមយុទ្ធយោធាជាច្រើនក្នុងតំបន់អាម៉េរិកឡាទីន ជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការកើនឡើងឥទ្ធិពលរបស់រុស្ស៊ី និងចិននៅក្នុងតំបន់ ។ ការកើនឡើងនៃសកម្មភាពយោធារបស់សហរដ្ឋអាមេរិក ត្រូវបានគេសង្កេតឃើញ តាមរយៈការធ្វើសមយុទ្ធយោធាដែនអាកាសកាលពីឆ្នាំ២០១៨ នៅក្នុងប្រទេសឈីលី ដោយមានការចូលរួមពីសំណាក់កងយន្ដហោះចម្បាំងបំបំាងកាយអាមេរិក F-35 ។ សូមបញ្ជាក់ថា រុស្ស៊ី និងចិន ក្នុងរយៈពេលប៉ុន្មានឆ្នំាំចុងក្រោយនេះ បានបង្កើនឥទ្ធិពលកាន់តែខ្លាំងទាំងផ្នែកទំនាក់ទំនងសេដ្ឋកិច្ច និងយោធានៅក្នុងតំបន់អាមេរិកឡាទីន ៕