-
អាជ្ញាធរហ្វីលីពីនអះអាងថា ភ្នំភ្លើង Mayon នៅមិនទាន់អាចផ្ទុះធ្ងន់នៅឡើយទេ

ហ្វីលីពីន៖ ភ្នំភ្លើងសកម្មជាងគេនៅហ្វីលីពីន ម៉ាយ៉ុន (Mayon) បានជះកម្អែរផេះឡើងលើផ្ទៃអាកាសកម្ពស់៦០០ម៉ែត្រនាព្រឹកថ្ងៃព្រហស្បតិ៍តនេះ ខណៈមួយរយៈចុងក្រោយគេហាក់ឃើញសកម្មភាពភ្នំភ្លើងនានាលើផែនដី ហាក់មានសកម្មភាពកញ្ជ្រោលខុសពីធម្មតាដូចជានៅអ៊ីតាលី និងឥណ្ឌូណេស៊ី។ ភ្នំភ្លើងនេះ មានកម្ពស់២.៤៦០ម៉ែត្រ ស្ថិតនៅខេត្ត អាល់បេយ (Albay) ដែលមានចម្ងាយប្រហែល៣០០គីឡូម៉ែត្រពីរដ្ឋធានីម៉ានីល នៅលើកោះលូហ្សូន (Luzon) ភាគខាងជើងប្រទេស។ ភ្នំភ្លើង ម៉ាយ៉ុន (Mayon) គឺជាគោលដៅទេសចរណ៍ពេញនិយមមួយនៅភាគខាងជើងហ្វីលីពីន ប៉ុន្តែវាមានប្រវត្តិនៃការផ្ទុះអាក្រក់ៗជាច្រើន ដោយរយៈពេល៤០០ឆ្នាំចុងក្រោយនេះ ភ្នំភ្លើង ម៉ាយ៉ុន (Mayon) បានផ្ទុះឡើងចំនួន៥១ដង ដែលលើកចុងក្រោយបំផុតកើតឡើងកាលពីខែមករា ដើមឆ្នាំនេះ។ បើតាមវិទ្យាស្ថានសិក្សាគ្រោះរញ្ជួយដី និងភ្នំភ្លើងនៃប្រទេសហ្វីលីពីន ហ្វីវូលស៍ (Phivolcs) សកម្មភាពរបស់ភ្នំភ្លើង ម៉ាយ៉ុន (Mayon) កំពុងស្ថិតក្នុងកម្រិតមធ្យម ហើយមិនរំពឹងថា នឹងមានហេតុការណ៍ផ្ទុះធ្ងន់ធ្ងរណាមួយកើតឡើងឡើយ ប៉ុន្តែអាជ្ញាធរបានព្រមានឲ្យប្រជាជនក្នុងតំបន់ ស្ថិតនៅឲ្យឆ្ងាយពីតំបន់គ្រោះថ្នាក់ ដែលមានចម្ងាយ០៦គីឡូម៉ែត្រជុំវិញភ្នំភ្លើង៕ម.ន
-
សៀវភៅសការពារជាតិរបស់កូរ៉េខាងត្បូង លុបចោលការប្រឈមមុខជាមួយកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានឱ្យដឹងថា សៀវភៅសការពារជាតិកូរ៉េខាងត្បូង ដែលនឹងចេញផ្សាយនៅខែមករា ឆ្នាំ២០១៩ បានសម្រេចបោះ បង់ចោលពាក្យពេចន៍ថា កូរ៉េខាងជើងជាសត្រូវ ខណៈការបញ្ចប់ចាត់ទុកកូរ៉េខាងជើងជាសត្រូវ គឺជាសញ្ញាល្អប្រសើរបំផុតឆ្ពោះទៅរកសន្តិភាព និងការផ្សះផ្សាជាតិសាស្ត្រ។ នេះជាសៀវភៅស ការពារជាតិលើកដំបូង ដែលបានចេញផ្សាយក្រោមការដឹកនាំរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ដោយកន្លងមក សៀវភៅស ការពារជាតិដែលបានផ្សាយកាលពីឆ្នាំ២០១៦ បានរិះគន់កូរ៉េខាងជើង ដាក់គំនាបទៅលើសន្តិសុខជាតិកូរ៉េខាងត្បូង និងឌឺដងដោយយោធា ក្នុងនោះមានទាំងការសាកល្បងគ្រាប់បែកបរមាណូ និងកាំជ្រួចមីស៊ីលឆ្លងទ្វីប។ ការដែលសម្រេចបោះបង់ចោលពាក្យថា សត្រូវ ប្រឈមមុខដាក់គ្នា មកជាកិច្ចសហប្រតិបត្តិការជាផ្នែកមួយសំខាន់បំផុត នៅក្នុងការកាត់បន្ថយភាពតានតឹង ដែលមេដឹកនាំកូរ៉េទាំងពីរបានជួបពិភាក្សាគ្នាកាលពីខែឧសភាកន្លងមក។ សកម្មភាពជាច្រើន ដើម្បីធ្វើឲ្យទំនាក់ទំនងបងប្អូនកូរ៉េទាំងពីរកាន់តែប្រសើរឡើង ត្រូវបានអនុវតជាបន្តបន្ទាប់ ក្នុងនោះមានទាំងការតភ្ជាប់ផ្លូវដែកកូរ៉េទាំងពីរ៕ម.ន
-
សហរដ្ឋអាម៉េរិកសន្យាផ្តល់ប្រាក់៤.៥ពាន់លានដុល្លារដល់អ៊ីស្រាអែលក្នុងមួយឆ្នាំ ដើម្បីពង្រឹងសមត្ថភាពក្លាយជាមហាអំណាចមួយក្នុងតំបន់

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហូ កុំឲ្យព្រួយបារម្ភខ្លាចបាត់បង់ឥទ្ធិពលនៅក្នុងតំបន់ បន្ទាប់ពីការដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរី ព្រោះទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំផ្ដល់ប្រាក់ឱ្យអ៊ីស្រាអែល ៤.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំយកទៅពង្រឹងសមត្ថភាព និងសន្តិសុខ។ ការអះអាងរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ធ្វើឡើងអំឡុងពេលបំពេញដំណើរទស្សនកិច្ចដ៏ខ្លីមួយក្នុងប្រទេសអ៊ីរ៉ាក់នៅថ្ងៃពុធសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងសំណួរនានា ពាក់ព័ន្ធផលអវិជ្ជមានលើអ៊ីស្រាអែល បន្ទាប់ពីអាម៉េរិកដកទ័ពចេញពីស៊ីរី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីស្រាអែលបានទទួលជំនួយរាប់ពាន់លានដុល្លារពីសហរដ្ឋអាម៉េរិក យកមកពង្រឹងសមត្ថភាពយោធា រហូតដល់រដ្ឋជី្វបមួយនេះមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារខ្លួន និងក្លាយជាមហាអំណាចមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា៕ម.ន
-
មនុស្ស២៨នាក់របួស និង៦០០នាក់បង្ខំចិត្តភៀសខ្លួន ដោយសារគ្រោះរញ្ជួយកម្រិត៤.៨រ៉ិកទ័រវាយប្រហារប្រទេសអ៊ីតាលី

អ៊ីតាលី៖ ក្រុមមន្ត្រីអ៊ីតាលីបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៤,៨ រ៉ិចទ័របានវាយប្រហារកោះ ស៊ីស៊ីលី នៅជិតភ្នំភ្លើង មោន អ៊ីណា ដ៏សកម្មបំផុតនៅទ្វីបអឺរ៉ុប បណ្តាលអោយរបួសមនុស្សយ៉ាងតិចណាស់ចំនួន២៨នាក់ និង៦០០នាក់ផ្សេងទៀតបង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្ន ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ អគារជាច្រើនត្រូវបានបំផ្លាញដោយការរញ្ជួយដីខ្លាំង និងមានការរញ្ជួយដីតិចៗបន្តបន្ទាប់មកទៀត ចាប់តាំងពីភ្នំភ្លើង មោន អ៊ីណា បានផ្ទុះឡើងចាប់តាំងពីថ្ងៃច័ន្ទដើមសប្តាហ៍នេះមក ។ ផេះភ្នំភ្លើងបានហុយគ្របដណ្តប់ពីលើភូមិជាច្រើននៅជិតនោះ និងលើអាកាសយានដ្ឋានក្រុង កាតានៀ បណ្តាលឱ្យផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននៅអាកាសយានដ្ឋាននេះ ។គ្រោះមហន្តរាយធម្មជាតិនេះដែរ បានកើតឡើងនៅក្នុងថ្ងៃពុធនេះនៅជិតទីក្រុង វៀក្រែន ខណៈបណ្តាញសារព័ត៌មានអ៊ីតាលីបានរាយការណ៍អំពីការភ័យស្លន់ស្លោ ក្នុងចំណោមពួកអ្នកស្រុកដែលបានរត់ចេញពីលំនៅដ្ឋានទៅកាន់ផ្លូវថ្នល់ ហើយមនុស្សនៅជិតភ្នំនេះ ត្រូវបានប្រាប់ឱ្យរត់ទៅឆ្ងាយទៅកាន់កន្លែងសុវត្ថិភាពជាបន្ទាន់៕ម.ន
-
មេបាតុករបារាំងចេញមុខព្រមានពីការផ្ទុះសង្គ្រាមស៊ីវិល ដោយមានការចូលរួមពីយោធា ដើម្បីបង្កើតរដ្ឋាភិបាលអន្តរកាល

បារាំង៖ មេដឹកនាំក្រុមបាតុករអាវកាក់ពណ៌លឿងលោក គ្រីស្តូប ឆាឡិនខុន (Christophe Chalençon) បានព្រមានជាថ្មីម្ដងទៀតថា សង្រ្គាមស៊ីវិលនឹងផ្ទុះឡើងនៅខែមករា ឆ្នាំ២០១៩ ហើយថែមទាំងបានអំពាវនាវឱ្យយោធាបារាំងធ្វើអន្តរាគមន៍ទៀតផង ខណៈក្រុមបាតុករមួយចំនួនធំហាក់ដូចជាបានទទួលយក ការធ្វើសម្បទានរបស់លោកប្រធានាធិបតី អែមម៉ានុយអែល ម៉ាក្រុង។ លោក Christophe Chalençon ធ្វើការកត់សម្គាល់បែបនេះ នៅលើវីដេអូមួយដែលត្រុវបានបង្ហោះលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី២៣ ខែធ្នូ កន្លងទៅ។ លោក Chalençon បានលើកឡើងយ៉ាងដូច្នេះថា «មធ្យោបាយតែមួយគត់ នោះគឺការបង្កើតរដ្ឋាភិបាលអន្តរកាលមួយ ដែលអាចស្ដាប់ និងយល់ពីអ្វីដែលប្រជាជនបារាំងចង់បាន ប៉ុន្តែគួរតែយល់ច្បាស់ថា នៅដើមខែមករា ឆ្នាំ២០១៩ សង្រ្គាមស៊ីវិលអាចនឹងផ្ទុះឡើងដោយចៀសមិនរួច បើសិនជាសមាជិកយើងណាម្នាក់ ត្រូវគេបាញ់ប្រហារដោយគ្រាប់កាំភ្លើង។ លើសពីនេះទៅទៀត ខ្ញុំក៏អំពាវនាវផងដែរឱ្យយោធាចូលរួមក្នុងល្បែងមួយនេះ ដើម្បីបង្កើតរដ្ឋាភិបាលអន្តរកាលមួយឡើង»។
-
ភ្នាក់ងារអវកាសអឺរ៉ុប ESA បង្ហាញទីបឹងទឹកកកនៅលើភពអង្គារ

បរទេស៖ ភ្នាក់ងារអវកាសអឺរ៉ុប ហៅកាត់ថា ESA បានបញ្ចេញរូបភាពថ្មីពីរសន្លឹក ដែលបង្ហាញអំពីបឹងទឹកកកដ៏ធំលើភពអង្គារ។ បឹងដែលកើតចេញពីបំផ្ទុះភ្នំភ្លើង ឬអាចម៍ផ្កាយធ្លាក់នេះ មានអង្កត់ផ្ចិតទំហំ៨២គីឡូម៉ែត្រ និងមានគ្របដណ្ដប់ដោយទឹកកកកម្រាស់១,៨គីឡូម៉ែត្រឯណោះ។ ទន្ទឹមគ្នា ភ្នាក់ងារ ESA បានប៉ាន់ស្មានថា បឹងនេះ មានផ្ទុកនូវទឹកកកប្រមាណ២,២០០គីឡូម៉ែត្រគូប។ សូមបញ្ជាក់ថា រូបភាពនេះ ថតបានដោយកាមេរ៉ា ម៉ាស់ អិចប្រេស ហាយ រីសូលូតសិន ស្ទេរីយ៉ូ កាមឺរ៉ា (Mars Express High Resolution Stereo Camera) ដែលបានហោះលើគន្លងភពអង្គារកាលពីដើមឆ្នាំ៕
-
ជប៉ុនប្រកាសដកខ្លួនពីគណៈកម្មការការពារត្រីបាឡែន IWC ដើម្បីធ្វើការនេសាទត្រីប្រភេទនេះបែបពាណិជ្ជកម្មឡើងវិញ

ជប៉ុន៖ រដ្ឋាភិបាលក្រុងតូក្យូ នៅថ្ងៃពុធនេះ បានប្រកាសជាផ្លូវការនូវការដកខ្លួនចេញពីគណៈកម្មការត្រួតពិនិត្យការប្រមាញ់ត្រីបាឡែនអន្តរជាតិហៅកាត់ថា IWC និងត្រៀមចាប់ផ្តើមការនេសាទត្រីបាឡែន ក្រោមគោលដៅពាណិជ្ជកម្មឡើងវិញនៅខែកក្កដា ឆ្នាំ២០១៩ខាងមុខ។ សូមរំលឹកថា គណៈកម្មការ IWC ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៨ ដើម្បីអភិរក្សាត្រីបាឡែន និងត្រួតពិនិត្យទៅលើការអភិវឌ្ឍនៃឧស្សាហកម្មនេសាទសត្វត្រីនេះ ដោយមានសមាជិកចំនួន៨៩ប្រទេស ខណៈជប៉ុនបានចូលរួមក្នុងគណៈកម្មការនេះកាលពីឆ្នាំ១៩៥៩ ហើយសម្រាប់នីតិវិធីនៃការដកខ្លួនចេញរបស់ជប៉ុន អាចនឹងប្រើរយៈពេលយ៉ាងតិចកន្លះឆ្នាំ។ ការដកខ្លួនចេញនេះដែរ នឹងអនុញ្ញាតឲ្យជប៉ុនអាចបន្តការប្រមាញ់សត្វត្រីបាឡែន ក្រោមគោលដៅពាណិជ្ជកម្មឡើងវិញបាន នៅតាមដែនទឹកជាប់ប្រទេសរបស់ខ្លួន ព្រមទាំងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំកន្លងមក៕
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកប្រកាសឡើងវិញថា រដ្ឋាភិបាលនឹងបន្តបិទរហូតធ្វើតាមសំណើរបស់លោក

សហរដ្ឋអាម៉េរិក៖ ការបិទផ្នែកខ្លះនៃរដ្ឋាភិបាលអាមេរិកមិនមានពន្លឺថា នឹងមានដំណោះស្រាយទេ ដោយសារប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងនៅថ្ងៃអង្គារ៍នេះថា ការបិទរដ្ឋាភិបាលនឹងបន្តរហូតដល់លោកទទួលបានថវិកាដែលនៅសេសសល់ សម្រាប់សាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក។ ប្រធានាធិបតីអាម៉េរិកបាននិយាយថា ខ្ញុំមិនអាចប្រាប់អ្នកបានទេថា តើនៅពេលណារដ្ឋាភិបាលនឹងបើកវិញ ខ្ញុំអាចប្រាប់អ្នកថា រដ្ឋាភិបាលនឹងមិនបើកវិញទេ រហូតដល់យើងមានជញ្ជាំង ឬរបង។ លោក ត្រាំ បានអះអាងថា បុគ្គលិកសហព័ន្ធរាប់រយពាន់នាក់ដែល ត្រូវផ្អាកការងារដោយសារតែការបិទនេះ ក៏ចង់បានជញ្ជាំងដែរ ថ្វីបើខ្វះភ័ស្តុតាងគាំទ្រការអះអាងនេះក៏ដោយ។ សូមរំលឹកថា កាលពីថ្ងៃច័ន្ទដើមសប្តាហ៍ លោក ដូណាល់ ត្រាំ បានអះអាងថា គណបក្សប្រជាធិបតេយ្យត្រូវតែបញ្ចប់ការប្រឈមមុខដាក់គ្នា រីឯមេដឹកនាំប្រជាធិបតេយ្យក្នុងសភាបានស្តីបន្ទោសថា លោក ត្រាំ បានធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភាពវឹកវរ៕
-
កូរ៉េខាងត្បូង និងកូរ៉េខាងជើងប្តេជ្ញាតភ្ជាប់ផ្លូវថ្នល់ និងផ្លូវរថភ្លើងនៅឧបទ្វីបកូរ៉េ

កូរ៉េខាងត្បូង៖ គណៈប្រតិភូកូរ៉េខាងត្បូងបានចាកចេញទៅកាន់កូរ៉េខាងជើង នៅថ្ងៃពុធនេះ ដើម្បីចូលរួមក្នុងពិធីបើកការដ្ឋានសម្រាប់ការតភ្ជាប់ផ្លូវថ្នល់ និងផ្លូវរភ្លើងឆ្លងកាត់ឧបទ្វីបដែលបែងចែកនេះ បើទោះបីជាកិច្ចចរចាអំពីនុយក្លេអ៊ែរបានជាប់គាំងក៏ដោយ។ រថភ្លើងពិសេសមួយដែលដឹកក្រុមកូរ៉េខាងត្បូង១០០នាក់ ដែលរួមមានមន្ត្រី៥រូប និងប្រជាជន៥នាក់ដែលកើតនៅកូរ៉េខាងជើង ត្រូវបានគេឃើញចេញពីស្ថានីយរថភ្លើងក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃពុធនេះ សម្រាប់ការធ្វើដំណើររយៈពេល២ម៉ោងទៅកាន់ទីក្រុង កេសុង ជាក្រុងជាប់ព្រំដែនរបស់កូរ៉េខាងជើង បន្ទាប់ពីកូរ៉េទាំងពីរបានបញ្ចប់ការពិនិត្យមើលផ្លូវ និងផ្លូវរថភ្លើងរួមគ្នាសម្រាប់គម្រោងនេះនៅក្នុងខែធ្នូនេះ ។ សូមបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានយល់ព្រមរៀបចំពិធីនេះ នៅចុងឆ្នាំ២០១៨នេះ នៅពេលដែលពួកគេបានជួបគ្នានៅឯកិច្ចជំនួបកំពូលលើកទី៣របស់ពួកលោក នៅក្នុងទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញា៕ យ៉ាងណាមិញ ការព្រួយបារម្ភបានកើតឡើងថា រថភ្លើង និងវត្ថុធាតុដើមផ្សេងទៀតដែលត្រូវបាននាំចូលប្រទេសកូរ៉េខាងជើងសម្រាប់ពិធីនេះ អាចនឹងរំលោភលើការដាក់ទណ្ឌកម្មនានាដែលដាក់លើទីក្រុងព្យុងយ៉ាង ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានផ្តល់ការលើកលែងទាំងស្ទាក់ស្ទើរចំពោះព្រឹត្តិការណ៍នេះ ៕
-
ប្រមុខការទូតតួកគីអះអាងថា ប្រទេសខ្លួនប្តេជ្ញារក្សាកិច្ចសន្យាទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី

តួកគី៖ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន រដ្ឋមន្រ្តីការបរទេសតួកគីលោក ម៉េវលុត ខាវូសូគ្លូ បានបញ្ជាក់ថា ប្រទេសរបស់លោកគ្មានថ្ងៃបោះចោលកិច្ចសន្យាទិញប្រព័ន្ធមីស៊ីល S-400 ដ៏មានអនុភាពតម្លៃរាប់ពាន់លានដុល្លារ ជាមួយនឹងប្រទេសរុស្ស៊ីនោះឡើយ ហើយក៏គ្មានសំនួរអ្វីត្រូវចោទសួរអំពីការបញ្ជាទិញ ដែលជិតសម្រេចលទ្ធផលចុងក្រោយទៅហើយនោះដែរ ។ ប្រមុខការទូតតួកគីរូបនេះ បានចេញសេចក្តីប្រកាសខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងរដ្ឋធានីអង់ការ៉ា ស្របពេលដែលពាក្យចចាអារ៉ាមជាច្រើននៅតែលេចធ្លាយ ដោយសារតែតួកគីកំពុងព្យាយាមដើរនយោបាយជើងមួយជាន់ទូកពីរ នោះគឺទិញសព្វាវុធពីសហរដ្ឋអាមេរិកផង និងរុស្ស៊ីផង ហើយអ្នកវិភាគមួយចំនួននៅតែយល់ឃើញថា វាមិនអាចទៅរួចឡើយ ដោយចុងក្រោយតួកគីត្រូវតែបោះចោលមួយយ៉ាងដាច់ខាត ។ ពាក់ព័ន្ធនឹងរឿងនេះដែរ រដ្ឋមន្ត្រីការបរទេសតួកគីលោក ម៉េវលុត ខាវូសូគ្លូ និងរដ្ឋមន្ត្រីការពារជាតិតួកគីលោក ហ៊ូលូស៊ី អាខារ បានចេះមុខបកស្រាយជុំវិញរឿងនេះ ដោយមិនត្រឹមតែទៅលើការប្តេជ្ញារក្សាកិច្ចសន្យាទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីប៉ុណ្ណោះទេ តែទីក្រុងអង់ការ៉ាក៏បានទាត់ចោលពាក្យចចាអារ៉ាមួយផ្សេងទៀតដែលបានអះអាងថា តួកគីបានលួចស្នើជាសម្ងាត់ឲ្យមន្ត្រីជំនាញអាមេរិកធ្វើការសិក្សា ឬត្រួតពិនិត្យប្រព័ន្ធបច្ចេកទេសនៃ S-400 ដែលក្បត់នឹងកិច្ចព្រមព្រៀងជាមួយរុស្ស៊ីនោះ ៕