Category: ព័ត៌មានអន្តរជាតិ

  • ប្រធានាធិបតីចិនផ្ញើសាររំលែកទុក្ខដល់សមភាគីឥណ្ឌូណេស៊ី ក្រោយរលកយក្សស៊ូណាមិផ្តាច់ជីវិតមនុស្សកើនដល់៣៧៣នាក់

    ប្រធានាធិបតីចិនផ្ញើសាររំលែកទុក្ខដល់សមភាគីឥណ្ឌូណេស៊ី ក្រោយរលកយក្សស៊ូណាមិផ្តាច់ជីវិតមនុស្សកើនដល់៣៧៣នាក់

    ឥណ្ឌូណេស៊ី៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃច័ន្ទនេះ បានផ្ញើសារមួយដល់សមភាគីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ ដើម្បីសម្តែងការចូលរួមចែករំលែកទុក្ខដ៏ក្រៀមក្រំ ក្រោយរលកយក្សស៊ូណាមិផ្តាច់ជីវិតមនុស្សកើនដល់៣៧៣នាក់ហើយ។ នាឱកាសចុះត្រួតពិនិត្យស្ថានភាពខូចខាត និងសួរសុខទុក្ខប្រជាជន នៅថ្ងៃចន្ទ ដដែលនេះ ក្នុងតំបន់ Pandeglang ខេត្ត Banten ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារតែរលកយក្សស៊ូណាមិកាលពីចុងសប្ដាហ៍កន្លងទៅ លោក វីដូដូ បានបញ្ជាឱ្យទីភ្នាក់ងារជាតិក្នុងនោះរួមមានទាំងអាជ្ញាធរឧតុនិយម និងទីភ្នាក់ងារភូមិសាស្ត្រទិញប្រព័ន្ធប្រកាសអាសន្នបន្ថែម ក្រោយរងគ្រោះដោយសាររលកយក្សស៊ូណាមិ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រព័ន្ធប្រកាសអាសន្នបច្ចុប្បន្នខូចលែងដំណើរការតាំងពីឆ្នាំ២០១២មកម្ល៉េះ ។ បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិខាងលើនេះ បានបន្តកើនឡើងដល់៣៧៣នាក់ហើយ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ស្របពេលដែលមនុស្សប្រមាណជាង១,៤៥៩នាក់ផ្សេងទៀតរងរបួស និង១២៨នាក់បាត់ខ្លួន៕

  • ប្រទេសអ៊ីស្រាអែលនឹងរៀបចំការបោះឆ្នោតសកលមុនអាណត្តិនៅខែមេសា ឆ្នាំ២០១៩ខាងមុខ

    ប្រទេសអ៊ីស្រាអែលនឹងរៀបចំការបោះឆ្នោតសកលមុនអាណត្តិនៅខែមេសា ឆ្នាំ២០១៩ខាងមុខ

    អ៊ីស្រាអែល៖ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានឱ្យដឹងនៅថ្ងៃច័ន្ទនេះថា ប្រទេសរបស់ខ្លួននឹងរៀបចំការបោះឆ្នោតសកលមុនអាណត្តិនៅខែមេសាឆ្នាំ២០១៩ខាងមុខ ហើយការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្រ្តី។ បច្ចុប្បន្ន លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ កំពុងស្ថិតនៅក្នុងអាណត្តិទី៤ របស់លោក ក្នុងនាមជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល ហើយបើតាមច្បាប់ប្រទេសអ៊ីស្រាអែល ការបោះឆ្នោតសកលត្រូវធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៩ឯណោះ។ យ៉ាងណាមិញ តាមរយៈបណ្តាញសង្គមធ្វីតធើ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានសរសេរបង្ហោះថា ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលចម្រុះបានសម្រេចចិត្តជាឯកច្ឆ័ន ក្នុងការរំលាយសភា និងរៀបចំការបោះឆ្នោតសកលមុនអាណត្តិនៅដើមខែមេសា ឆ្នាំ២០១៩ខាងមុខនេះ៕

  • ខ្យល់ព្យុះកំបុតត្បូងដ៏កំណាចមួយ វាយប្រហារលើប្រទេសអូស្ត្រាលី

    ខ្យល់ព្យុះកំបុតត្បូងដ៏កំណាចមួយ វាយប្រហារលើប្រទេសអូស្ត្រាលី

    អូស្ត្រាលី៖ ខ្យល់ព្យុះកំបុតត្បូងដ៏មហិមារមួយបានបង្កការបំផ្លិចបំផ្លាញលំនៅដ្ឋាន និងយានជំនិះអស់ជាច្រើន ហើយថែមទំាងធ្វើឲ្យផ្ទះសម្បែងរាប់ពាន់ខ្នងគ្មានចរន្តអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋ ខ្វីនលែន ។ យោងតាមប្រភពពីសារព័ត៌មាន CGTN បានរាយការណ៍ថា នេះគឺជាការទទួលរងផលប៉ះពាល់ជុំទី០២ហើយនៃឥទ្ធិពលព្យុះកំបុតត្បូង ក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមក ជាមួយនឹងកម្លំាងខ្យល់បក់បោកយ៉ាងខ្លាំងក្លានៅឯតំបន់ឆ្នេរសមុទ្រ។ ប្រភពដដែលបានឱ្យដឹងទៀតថា បើតាមការកត់ត្រានោះ ព្យុះកំបុតត្បូងដ៏កំណាចខាងលើនេះ បានធ្វើដំណើរក្នុងល្បឿន៩៤គីឡូម៉ែត្រក្នុងមួយម៉ោង ៕

  • សហរដ្ឋអាម៉េរិកឈានដល់ការចុះហត្ថលេខាដកកងទ័ពចេញពីប្រទេសស៊ីរីហើយ

    សហរដ្ឋអាម៉េរិកឈានដល់ការចុះហត្ថលេខាដកកងទ័ពចេញពីប្រទេសស៊ីរីហើយ

    សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិកបានសម្រេចអនុម័តលើបទបញ្ជាដកកងទ័ពអាម៉េរិកចេញពីប្រទេសស៊ីរីហើយ ដើម្បីឆ្លើយតបតាមការចង់បានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បើទោះជាសម្ព័ន្ធមិត្តរបស់ខ្លួនបង្ហាញការសោកស្ដាយចំពោះការសម្រេចចិត្តនេះក៏ដោយ។ កាលពីសប្ដាហ៍មុន សេតវិមានរបស់លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងដកទ័ពចេញពីស៊ីរី នៅរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ក្រោមហេតុផលពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIS ត្រូវបានកម្ចាត់ ហើយថា វានឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការយោធារបស់ក្រុមចម្រុះអន្តរជាតិប្រឆាំងនឹង ISIS នោះទេ។ ប៉ុន្តែជាមួយគ្នានោះ សម្ព័ន្ធមិត្តលោកខាងលិចរបស់សហរដ្ឋអាម៉េរិក និងក្រុមអ្នកនយោបាយអាម៉េរិកមួយចំនួនក៏បានសម្ដែងការសោកស្ដាយជាខ្លាំង ព្រោះទង្វើនេះ អាចនឹងបំផ្លាញដល់ផលប្រយោជន៍សន្តិសុខជាតិអាម៉េរិក ហើយទុកឱកាសឱ្យរុស្ស៊ី និងអ៊ីរ៉ង់ពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ គួរបញ្ជាក់ថា កងទ័ពអាម៉េរិកប្រមាណជាង២,០០០នាក់ ត្រូវបានគេរាយការណ៍ថាកំពុងឈរជើងនៅក្នុងប្រទេសស៊ីរី ដើម្បីជួយក្រុមឧទ្ទាមស៊ីរីប្រយុទ្ធប្រឆាំងនឹងក្រុមភេវរកររដ្ឋអ៊ីស្លាម ISIS ក៏ដូចជាកងកម្លាំងរដ្ឋាភិបាលទីក្រុងដាម៉ាស់គាំទ្រដោយរុស្ស៊ី និងអ៊ីរ៉ង់៕

  • ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីអះអាងថា ប្រព័ន្ធប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ខូចលែងដំណើរការចាប់តាំងពីឆ្នាំ២០១២

    ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីអះអាងថា ប្រព័ន្ធប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ខូចលែងដំណើរការចាប់តាំងពីឆ្នាំ២០១២

    ឥណ្ឌូណេស៊ី៖ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីលោក ស៊ូតូប៉ួ ភូវ៉ូ នូក្រូហូ បានគូសបញ្ជាក់ថា ប្រព័ន្ធប្រកាសអាសន្នពីរលកយក្សស៊ូណាមិ បានខូចលែងដំណើរការចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ។ ការអះអាងនេះ ធ្វើឡើងពីរថ្ងៃបន្ទាប់ពីរលកយក្សស៊ូណាមិវាយប្រហារលើតំបន់ឆ្នេរ ជុំវិញច្រកសមុទ្រ សាន់ដា ដែលស្ថិតនៅចន្លោះកោះស៊ូម៉ាត្រា និងកោះជ្វា។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ប្រព័ន្ធប្រកាសអាសន្នពីរលកយក្សស៊ូណាមិ បានខូចលែងដំណើរការចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ហើយថា នឹងអភិវឌ្ឍន៍ប្រព័ន្ធនេះឡើងវិញ ដើម្បីធានាឱ្យបានថា ឥណ្ឌូណេស៊ីមានប្រព័ន្ធប្រកាសអាសន្នពី រលកយក្សស៊ូណាមិទាន់ពេលវេលា។ សូមជម្រាបថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ កាលពីចុងសប្ដាហ៍កន្លងទៅ បានកើនឡើងដល់២៨១នាក់គិតត្រឹមថ្ងៃច័ន្ទនេះ ក្នុងគ្រាដែលមនុស្សច្រើនជាង១,០០០នាក់ផ្សេងទៀតរងរបួស រីឯអាជ្ញាធរកំពុងធ្វើប្រតិបតិ្តការជួយសង្រ្គោះ និងតាមរកអ្នកនៅរស់រានមានជីវិត៕

  • នាយករដ្ឋមន្ត្រីវៀតណាមដាក់គោលការណ៍អាទិភាពចំនួន៥ឲ្យកងទ័ពអនុវត្ត ដើម្បីពង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំ

    នាយករដ្ឋមន្ត្រីវៀតណាមដាក់គោលការណ៍អាទិភាពចំនួន៥ឲ្យកងទ័ពអនុវត្ត ដើម្បីពង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំ

    វៀតណាម៖ នាឱកាសប្រារព្ធខួបនៃការបង្កើតកងទ័ពវៀតណាមលើក៧៤ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួន ហ្វុក នៅថ្ងៃទី២២ ខែធ្នូនេះ បានរម្លឹកពីគុណបំណាច់របស់អតីតមេដឹកនាំកំពូលប្រទេសខ្លួន គឺលោកប្រធានាធិបតី ហូ ជីមីញ ដែលបានបង្កើតចលនារំដោះជាតិ និងជាតួអង្គពីក្រោយនៃភាពរឹងមាំរបស់កងទ័ពវៀតណាមបច្ចុប្បន្ន។ ទន្ទឹមគ្នានោះ នាយករដ្ឋមន្ត្រីវៀតណាមរូបនេះ ក៏បានស្នើឲ្យកងទ័ពផ្តោតសំខាន់លើគោលការណ៍អាទិភាពចំនួន៥ ដើម្បីអនុវត្តកាតព្វកិច្ចប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបតាមសម័យកាលបច្ចុប្បន្ន។ គោលការណ៍ទី១ និងទី៣ ពាក់ព័ន្ធនឹងមន្ត្រី និងកងទ័ពគ្រប់លំដាប់ថ្នាក់ ត្រូវតែជ្រាបច្បាស់ពីគោលគំនិតរបស់បក្ស ហើយអនុវត្តការងារឲ្យស្របតាមសេចក្តីសម្រេចរបស់បក្ស ខណៈគោលការណ៍ទី២ លោកចង់ឃើញកងទ័ពវៀតណាមធានាពីគុណភាពហ្វឹកហ្វឺន និងសមត្ថភាពក្នុងការការប្រយុទ្ធ។ សម្រាប់គោលការណ៍ទី៤ លោកក៏ស្នើឲ្យកងទ័ពប្រតិបត្តិការងារ ធ្វើយ៉ាងណាឲ្យទទួលបានការទុកចិត្ត និងគោរពស្រលាញ់ពីប្រជាជន ខណៈគោលការណ៍ចុងក្រោយ លោកចង់ឲ្យកងទ័ពចេះសម្របខ្លួនជាមួយនឹងសមាហរណកម្មអន្តរជាតិ ដើម្បីលើកមុខមាត់ប្រទេស ជាពិសេសវិស័យការពារក្នុងឆាកអន្តរជាតិ។ សម្រាប់ការទូតលើវិស័យការពារជាតិវិញ លោកនាយករដ្ឋមន្ត្រីបានប្រាប់កងទ័ពឲ្យផ្តោតលើកិច្ចការអាទិភាពខ្ពស់ ជាមួយនឹងប្រទេសដែលមានព្រំដែនជាប់វៀតណាម ពង្រឹងទំនាក់ទំនងជាមួយនឹងមហាអំណាចពិភពលោក និងថែរក្សាទំនាក់ទំនងជាមួយនឹងសមាជិកអាស៊ានឲ្យបានល្អជាដើម ៕

  • SpaceX ទទួលជោគជ័យលើកដំបូង ក្នុងការបាញ់បង្ហោះផ្កាយរណប GPS ជំនាន់ថ្មីរបស់យោធាសហរដ្ឋអាម៉េរិក

    SpaceX ទទួលជោគជ័យលើកដំបូង ក្នុងការបាញ់បង្ហោះផ្កាយរណប GPS ជំនាន់ថ្មីរបស់យោធាសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន CGTN បានចុះផ្សាយថា នៅទីបំផុតក្រុមហ៊ុនអវកាស ស្ពេសអ៊ិច (SpaceX) របស់លោក អ៊ីលុន មឺស បានទទួលជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណប GPS ជំនាន់ថ្មីរបស់យោធាអាម៉េរិកឡើងទៅកាន់ទីអវកាស។ ការបាញ់បង្ហោះផ្កាយរណបនេះ គឺជាជោគជ័យថ្មីមួយដ៏គួរឲ្យកត់សម្គាល់មួយ សម្រាប់ក្រុមហ៊ុនឯកជនរបស់លោក មឺស ដែលបានចំណាយពេលរាប់ឆ្នាំមកហើយ ដើម្បីព្យាយាមជ្រៀតចូលទីផ្សារដែលរកចំណូលបានយ៉ាងច្រើន ក្នុងវិស័យបាញ់បង្ហោះសម្ភារយោធាអាម៉េរិកឡើងទីអវកាស ដែលគ្រប់គ្រងដោយក្រុមហ៊ុន ឡុកឃីន ម៉ាទីន និង ប៊ូអ៊ីង។ ប្រភពបន្តថា ផ្កាយរណបដែលផលិតឡើងដោយក្រុមហ៊ុន ឡុកឃីន ម៉ាទីន និងមានតម្លៃប្រហែល៥០០លានដុល្លារខាងលើនេះ គឺជាផ្កាយរណបប្រភេទ GPS មានសមត្ថភាពខ្លាំងបំផុតរបស់កងទ័ពអាកាសអាម៉េរិក ហើយវាត្រូវបាននាំយកឡើងទៅកាន់ទីអវកាសដោយជោគជ័យ តាមរយៈគ្រាប់រ៉ុក្កែត ហ្វល់ខុន ៩ របស់ ក្រុមហ៊ុនអវកាស ស្ពេសអ៊ិច SpaceX៕

  • របាយការណ៍ថា ឡាវមិនទាន់ទទួលផលចំណេញពេញលេញពីសមាហរណកម្មសេដ្ឋកិច្ចតំបន់នៅឡើយទេ

    របាយការណ៍ថា ឡាវមិនទាន់ទទួលផលចំណេញពេញលេញពីសមាហរណកម្មសេដ្ឋកិច្ចតំបន់នៅឡើយទេ

    ឡាវ៖ ប្រទេសឡាវមិនទាន់ទទួលបានផលចំណេញពេញលេញពីសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ថ្មីៗនេះនៅឡើយទេ ខណៈដែលការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រជាជាតិអាស៊ានរបស់ប្រទេសនេះបានធ្លាក់ចុះ នេះបើយោងតាមវិទ្យាស្ថានជាតិដើម្បីការស្រាវជ្រាវសេដ្ឋកិច្ច ហៅកាត់ថា NIER ចុះផ្សាយនៅសារឹព័ត៌មានស៊ីនហួរ។ ប្រភពថា ទំហំពាណិជ្ជកម្មរបស់ឡាវជាមួយសមាជិកអាស៊ានបានធ្លាក់ចុះពី៧៤ភាគរយ ចន្លោះពីឆ្នាំ២០០៤ដល់២០១០ មកនៅត្រឹម៦៣ភាគរយ នៅចន្លោះពីឆ្នាំ២០១១ដល់ ២០១៧ ខណៈដែលការនាំចូលទៅបណ្តាប្រទេសអាស៊ានរបស់ឡាវវិញបានធ្លាក់ចុះពី៧៣ភាគរយ ចន្លោះពី២០១៤ដល់២០១០ មកនៅត្រឹម៥១ភាគរយ នៅចន្លោះពីឆ្នាំ២០១១ដល់២០១៧ ។ ប្រភពបានបន្ថែមទៀតថា ទំហំវិនិយោគបរទេសពីសមាជិកអាស៊ាន នៅប្រទេសឡាវបានធ្លាក់ចុះពី៤១ភាគរយកាលពីឆ្នាំ២០១០ មកនៅត្រឹម១០ភាគរយ នៅឆ្នា ២០១៧៕

  • តម្លៃប្រេងលើពិភពលោកនឹងមានតុល្យភាពឡើងវិញ នៅដើមឆ្នាំ២០១៩

    តម្លៃប្រេងលើពិភពលោកនឹងមានតុល្យភាពឡើងវិញ នៅដើមឆ្នាំ២០១៩

    បរទេស៖ ក្រុមរដ្ឋមន្ត្រីទទួលបន្ទុកប្រេងរបស់បណ្តាប្រទេសនៃសមាជិកនាំចេញប្រេងពិភពលោក OPEC (អូប៉ិក) បានអះអាងកាលពីម្សិលមិញថា តម្លៃប្រេងនឹងមានតុល្យភាពវិញ នៅដើមឆ្នាំ២០១៩ ពោលគឺនៅពេលដែលកិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយផលិតកម្មថ្មីនឹងមានចូលជាធរមាននោះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia។ តម្លៃប្រេងបានធ្លាក់ចុះច្រើនជាង៣៦ភាគរយ ចាប់តាំងពីដើមខែតុលា ក្នុងនោះតម្លៃលើទីផ្សារ មាន៥៤ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែល ដោយសារតែការផ្គត់ផ្គង់លើសលប់ ហើយតម្រូវការពិភពលោកថយចុះ។ ប៉ុន្តែលោក Suhail al-Mazrouei ប្រធានអូប៉ិក និងរដ្ឋមន្ត្រីថាមពលនៃប្រទេសអេមីរ៉ាត់ អារ៉ាប់រួម បាននិយាយថា ការផ្គត់ផ្គង់ប្រេងនៅសល់លើទីផ្សារមានទំហំតូចនៅឡើយ បើធៀបនឹងឆ្នាំ២០១៧ ហើយរំពឹងថា នឹងលែងសល់ទៀត ក្នុងរយៈពេល១ឬ២ខែទៀត។ លោក Mazrouei បានប្រាប់អ្នកសារព័ត៌មាន នៅក្រុងគុយវ៉ែតថា «ដោយយោងតាមតួលេខអាចជឿទុកចិត្តបាន គឺថា ពួកយើងមាននៅសល់ប្រមាណ២៦លានបារ៉ែល បើធៀបនឹងដើមឆ្នាំ២០១៧ គឺមានរហូតដល់៣៤០លានបារ៉ែលឯណោះ»។ លោកបន្តថា «ខ្ញុំគិតថា ពួកយើងអាចធ្វើវាបានយ៉ាងងាយស្រួល ក្នុងការដោះស្រាយបញ្ហាសល់នេះ ហើយអាចមានតុល្យភាពទីផ្សារឡើងវិញ ក្នុងរយៈពេល១ឬ២ខែទៀត ពោលគឺក្នុងត្រីមាសដំបូងនៃឆ្នាំក្រោយ»៕

  • រោងចក្រដំឡើង iPhone នៅចិនគ្រោងកាត់បន្ថយចំណាយជិត៣ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩

    រោងចក្រដំឡើង iPhone នៅចិនគ្រោងកាត់បន្ថយចំណាយជិត៣ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩

    ចិន៖ រោងចក្រ Foxconn ដែលជាសម្ព័ន្ធដៃគូផលិត iPhone នៅប្រទេសចិននោះ ត្រូវបានគេរាយការណ៍ថា គ្រោងនឹងកាត់បន្ថយការចំណាយប្រមាណ២០ពាន់លានយ័ន ឬ ជាង ២,៣ ប៊ីលានផោន ឬជាង២,៩ពាន់លានដុល្លារអាម៉េរិក នៅដើមឆ្នាំ ២០១៩ និងចំនួនបុគ្គលិកបន្ថែមទៀត ដោយសារតែលក់ចេញមានផលវិបាកខ្លាំង។ សារព័ត៌មាន Bloomberg បានចេញផ្សាយដោយផ្អែកតាមសម្តីរបស់អ្នកនាំពាក្យមកពីរោងចក្រ Foxconn ថា ឆ្នាំ២០១៨នេះគឺជាឆ្នាំដែល Apple មានគូប្រកួតប្រជែងខ្លាំងឡើងៗ។ ចំពោះការលក់ចេញ iPhone នៅចិនហាក់តឹងតែងខ្លាំង បើតាមក្រុមហ៊ុនប្រហែលជាត្រូវកាត់បន្ថយសង្វាក់ផលិតកម្ម iPhone ច្រើនណាស់នៅឆ្នាំក្រោយ។ ក្រៅពីនេះ រោងចក្រក៏កំពុងបន្តតាមដានបុគ្គលិកដែលមានចំណូលលើសពី ១៥០,០០០ ដុល្លារក្នុងមួយឆ្នាំផងដែរ។ ក្រុមហ៊ុនតៃវ៉ាន់ដែលក៏មានផ្គត់ផ្គង់គ្រឿងបន្លាស់នៃក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំផ្សេងៗទៀត ដូចជា Google និង Amazon ផងដែរមួយនេះ រកចំណូលបាន៣,៧ពាន់លានផោន កាលពីឆ្នាំ២០១៧។ គួរបញ្ជាក់ថា ថ្មីៗនេះ ដោយសារតែជាប់ពាក់ព័ន្ធនឹងរឿងក្តីកម្មសិទ្ធិបញ្ញានោះ Apple បានចាញ់ក្តីគេ ដោយក្នុងនោះ…