-
រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបិទនៅពាក់កណ្តាលយប់ថ្ងៃសុក្រសប្តាហ៍នេះ ខណៈសភាលើកពេលប្រជុំដោយមិនមានកិច្ចព្រមព្រៀង

សហរដ្ឋអាម៉េរិក៖ សភាអាម៉េរិកបានលើកពេលប្រជុំនៅថ្ងៃសុក្រសប្តាហ៍នេះ ដោយមិនបានអនុម័តកិច្ចព្រមព្រៀងពិសេសមួយ ដែលវានឹងនាំដល់ការបិទរដ្ឋាភិបាលមួយផ្នែកនៅពាក់កណ្តាលយប់ថ្ងៃដដែល ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងក្រុមសមាជិកសភានៅតែខ្វែងគំនិតគ្នា អំពីថវិកាសង់ព្រំដែនអាម៉េរិក-ម៉ិកស៊ិក។ ដំណើរការនៅទីភ្នាក់ងារសំខាន់ៗជាច្រើន នឹងត្រូវបញ្ឈប់នៅប៉ុន្មានម៉ោងដំបូងនាថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ បើទោះជាមានកិច្ចពិភាក្សានៅនាទីចុងក្រោយ ដែលត្រូវបានបន្តនៅវិមានកាពីតូលរបស់សភារវាងមន្ត្រីសេតវិមាន និងក្រុមមេដឹកនាំសភាមកពីគណបក្សទាំងពីរ។ សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ កំពុងស្វះស្វែងរកថវិកា៥ពាន់លានដុល្លារសម្រាប់សាងសង់របងមួយនៅព្រំដែនអាម៉េរិក និងម៉ិកស៊ិក តែក្រុមបក្សប្រជាធិបតេយ្យបានបដិសេធថវិកានេះ និងការមិនមានកិច្ចព្រមព្រៀងមានន័យថា មូលនិធិសហព័ន្ធសំរាប់បណ្តាទីភ្នាក់ងារមួយចំនួន នឹងត្រូវអស់នៅពាក់កណ្តាលយប់ថ្ងៃសុក្រសប្តាហ៍នេះ។ យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ថាតើការបិទនេះ នឹងមានរយៈពេលយូរប៉ុណ្ណាទេ តែស្ថានភាពមើលទៅអាក្រក់ ដោយនិយោជិតសហព័ន្ធរាប់ពាន់នាក់នឹងធ្វើការដោយគ្មានប្រាក់កម្រៃឈ្នួលនៅមុនបុណ្យគ្រីស្តម៉ាស៕ម.ន
-
ចិនប្រកាសច្រានចោលការចោទប្រកាន់បង្កាច់បង្ខូចរបស់សហរដ្ឋអាម៉េរិក និងប្រទេសសម្ព័ន្ធមិត្តអំពីការធ្វើចារកម្មសេដ្ឋកិច្ចតាមប្រព័ន្ធអ៊ីនធើណិត

ចិន៖ ក្រសួងការបរទេសចិន នៅថ្ងៃសុក្រនេះ បានអះអាងថា ខ្លួនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់បង្កាច់បង្ខូចរបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តដទៃទៀត ដែលរិះគន់ចិនចំពោះការធ្វើចារកម្មសេដ្ឋកិច្ច ដោយជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដកចេញការចោទប្រកាន់របស់ខ្លួនភ្លាម ។ ក្រសួងការបរទេសចិនបានបន្ថែមទៀតថា សហរដ្ឋអាម៉េរិកគួរតែដកការចោទប្រកាន់ប្រឆាំងនឹងពលរដ្ឋចិនពីរនាក់ទៀត ហើយថា ចិនមិនដែលបានចូលរួម ឬគាំទ្រចំពោះការលួចព័ត៌មានអាថ៌កំបាំងពាណិជ្ជកម្មនោះឡើយ និងបានដាក់ការតវ៉ាយ៉ាងម៉ឺងម៉ាត់ទៅរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ សូមបញ្ជាក់ថា រដ្ឋអាជ្ញាអាម៉េរិកបានចោទប្រកាន់ជនជាតិចិនពីរនាក់ ពាក់ព័ន្ធនឹងទីភ្នាក់ងារចារកម្មសន្តិសុខរបស់ក្រសួងសន្តិសុខរដ្ឋចិន ពីបទលួចទិន្នន័យសម្ងាត់ពីបណ្តាទីភ្នាក់ងាររដ្ឋាភិបាលអាម៉េរិក និងក្រុមហ៊ុននានានៅជុំវិញពិភពលោក។ ក្រុមរដ្ឋអាជ្ញាអាម៉េរិកបាននិយាយថា បុរសចិនទាំងពីរនាក់នេះ គឺជាសមាជិកនៃក្រុម Hacker ឈ្មោះ APT 10 និងក៏បានធ្វើការឱ្យក្រុមហ៊ុន Huaying Haitai Science and Technology Development Co នៅទីក្រុងធៀនជីង ផងដែរ។ ទន្ទឹមគ្នានេះ អង់គ្លេសអូស្ត្រាលី និងនូវែលសេឡង់បានចូលរួមជាមួយអាម៉េរិក ក្នុងការរិះគន់ប្រទេសចិន អំពីអ្វីដែលពួកគេហៅថា យុទ្ធនាការជាសកលដើម្បីលួចកម្មសិទ្ធិបញ្ញាក្រុមហ៊ុននានា តាមរយៈប្រព័ន្ធអ៊ីនធើណិត ដោយញ៉ាំងឱ្យមានការសហការខ្លាំងឡើងជាសកលប្រឆាំងនឹងការសកម្មភាពបែបនេះ៕
-
មេដឹកនាំកូរ៉េខាងត្បូងអំពាវនាវឲ្យបន្តលើកកម្ពស់សមត្ថភាពការពារជាតិបន្ថែមទៀត

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយថា ប្រទេសរបស់លោកគួរតែបន្តបង្កើនសមត្ថភាពការពារជាតិ ទោះបីជាកន្លងមកនេះ ទំនាក់ទំនងជាមួយកូរ៉េខាងជើងបានចាប់ផ្តើមមានភាពប្រសើរឡើងក៏ដោយ ព្រោះថា សន្តិភាពអាចសម្រេចទៅបានលុះត្រាតែមានកម្លាំងយោធារឹងមាំមួយ។ ការកត់សម្គាល់របស់លោក មូន ធ្វើឡើងស្របពេលដែលនៅក្នុងឆ្នាំ២០១៨នេះ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានបើកកិច្ចប្រជុំជាប្រវត្តិសាស្រ្តដល់ទៅ៣លើក ជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយក្នុងជំនួបទាំងនោះ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាជាច្រើន រួមមានទាំងការសន្យាថា នឹងមិនប្រើប្រាស់កម្លាំងយោធាប្រឆាំងដាក់គ្នានាថ្ងៃអនាគតឡើយ។ លោក មូន ជែអ៊ីន បានលើកឡើងថា ភាពស្ងប់សុខបច្ចុប្បន្នស្ថិតក្នុងលក្ខណៈបណ្តោះអាសន្ននៅឡើយ ខណៈដំណើរការរំសាយអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ និងការស្វែងរកសន្តិភាពពេញលេញកំពុងតែប្រព្រឹត្តទៅមុខ ប៉ុន្តែយើងដាច់ខាតមិនត្រូវភ្លេចខ្លួននោះឡើយ រហូតទាល់អ្វីៗបានបញ្ចប់ជាស្ថាពរទាំងស្រុង ស្របពេលសន្តិភាពអាចគង់វង្សយូរអង្វែងទៅបាន នៅពេលយើងមានយោធាខ្លាំងក្លារឹងមាំ៕
-
ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកលាឈប់ពីមុខតំណែង ដោយសារខ្វែងគំនិតគ្នាជាមួយលោក ដូណាល់ ត្រាំ អំពីគោលនយោបាយក្រៅប្រទេស

សហរដ្ឋអាម៉េរិក៖ លោក ជែម ម៉ាត់ទីស នៅថ្ងៃព្រហស្បតិ៍តនេះ បាននិយាយថា លោកបានលាឈប់ពីមុខតំណែងរដ្ឋមន្ត្រីការពារជាតិអាម៉េរិក បន្ទាប់ពីការប៉ះទង្គិចជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ អំពីគោលនយោបាយការបរទេសរបស់លោក។ ក្រសួងការពារជាតិអាម៉េរិកបានចេញលិខិតលាឈប់របស់លោក ជែម ម៉ាត់ទីស ដែលមានខ្លឹមសារថា ដោយសារលោកមានសិទ្ធិលើរដ្ឋមន្ត្រីការពារជាតិដែលមានទស្សនៈគ្រាន់បើជាងលើបញ្ហានេះ និងដទៃទៀត ខ្ញុំជឿថា វាដល់ពេលខ្ញុំលាឈប់ពីមុខតំណែងរបស់ខ្ញុំ។ លិខិតនោះបង្ហាញថា លោក ម៉ាត់ទីស មិនយល់ស្របនឹងគោលនយោបាយឯកោនិយមរបស់លោក ត្រាំ ហើយថា សហរដ្ឋអាម៉េរិកត្រូវការរក្សាសម្ព័ន្ធភាពរឹងមាំ និងបង្ហាញការគោរពចំពោះសម្ព័ន្ធមិត្ត។ ក្រោយក្រសួងការពារជាតិបញ្ចេញលិខិតនេះ ភ្លាមៗនោះលោក ដូណាល់ ត្រាំបានសរសេរបង្ហោះថា រូបលោកនឹងតែងតាំងមនុស្សចូលជំនួសតំណែងនេះ ក្នុងពេលឆាប់ៗ ហើយថា ឧត្តមសេនីយ៍ ម៉ាត់ទីស នឹងចូលនិវត្តន៍នៅដំណាច់ខែកុម្ភៈក្រោយពីបានបម្រើក្នុងរដ្ឋការរបស់ខ្ញុំ ជារដ្ឋមន្ត្រីការពារជាតិអស់រយៈពេល២ឆ្នាំមកនេះ៕
-
NASA បង្ហាញរបកគំហើញធំមួយអំពីអាចម៍ផ្កាយ Bennu ដែលខ្លួនកំពុងធ្វើការស្រាវជ្រាវ

សហរដ្ឋអាម៉េរិក៖ យានអវកាស OSIRIS-REx របស់ទីភ្នាក់ងារអវកាសអាម៉េរិក NASA ដែលទើបតែទៅដល់អាចម៍ផ្កាយ Bennu នាពេលថ្មីៗនេះ បានបង្កើតរបកគំហើញគួរឲ្យកត់សម្គាល់មួយស្រេចទៅហើយ គឺវាបានរកឃើញវត្តមាននៃរ៉ែមានសំណើម នៅលើដុំថ្មអវកាសប្រភេទកៀកផែនដី (Near-Earth Asteroid) ដែលមានទំហំមុខកាត់៥០០ម៉ែត្រនេះ។ អាចម៍ផ្កាយ Bennu ត្រូវអ្នកវិទ្យាសាស្រ្តជឿថា អាចជាសំណុំនៃកម្ទេចកម្ទីដុំថ្មតូចៗដែលប្រមូលផ្តុំគ្នា នៅក្រោយហេតុការណ៍ប៉ះទង្គិចដ៏កក្រើកមួយ ដែលបានធ្វើឲ្យដុំថ្មអវកាសធំមួយបែកជាចំណែកៗកាលពីរាប់រយលានឆ្នាំមុន។ របកគំហើញខាងលើធ្លាប់បានឲ្យដឹងថា ទឹកធ្លាប់មានវត្តមានយ៉ាងច្រើនសន្ធឹកសន្ធាប់នៅផ្ទៃស្រទាប់ផ្ទៃខាងក្នុងនៃដុំថ្មអវកាសធំមួយទំហំប្រហែល១០០គីឡូម៉ែត្រ ដែលបានបន្សល់ទុកអាចម៍ផ្កាយ Bennu ដោយវាស្ថិតក្នុងតំបន់ខ្សែវាត់អាចម៍ផ្កាយដែលនៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ត (Jupiter)៕
-
លោក ដូណាល់ ត្រាំ បដិសេធចុះហត្ថលេខាលើច្បាប់បញ្ចៀសការបិទទ្វារផ្នែកខ្លះរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ មិនយល់ព្រមចុះហត្ថលេខាលើច្បាប់ ដើម្បីបញ្ចៀសការបិទទ្វារផ្នែកខ្លះរបស់រដ្ឋាភិបាលនៅកណ្តាលយប់ថ្ងៃសុក្រសប្តាហ៍នេះទេ ព្រោះច្បាប់នេះ មិនមានប្រាក់សម្រាប់ធ្វើជញ្ជាំងដែលលោកចង់សាងសង់តាមបណ្តោយព្រំដែនអាម៉េរិក-ម៉ិកស៊ិក សំដៅទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់។ សមាជិកសភាលោក ខេវិន ម៉ាកខាធី ជាមេដឹកនាំសំឡេងភាគច្រើនមកពីគណបក្សសាធារណរដ្ឋ បាននិយាយថា លោក ត្រាំ ជឿជាក់ថា ការចុះហត្ថលេខាលើវិធានការផ្តល់មូលនិធិបណ្ដោះអាសន្ន ដែលបានអនុម័តដោយព្រឹទ្ធសភា ដើម្បីឱ្យរដ្ឋាភិបាលដំណើរការទាំងស្រុងដល់ថ្ងៃទី៨ ខែកុម្ភៈ ប៉ុន្តែមិនរាប់បញ្ចូលថវិកាសម្រាប់ធ្វើរបងព្រំដែននោះ គឺជាការអូសបន្លាយពេលជជែកវែកញែកអំពីឧបសគ្គ។ សមាជិកសភារូបនេះបានបញ្ជាក់ថា ពួកគេនឹងព្យាយាមយល់ព្រមតាមការទាមទាររបស់លោកប្រធានាធិបតី ដោយបន្ថែមការផ្តល់មូលនិធិធ្វើជញ្ជាំងនៅក្នុងកំណែទម្រង់ច្បាប់ថវិការបស់សភាតំណាង។ យ៉ាងណាមិញ គណបក្សប្រជាធិបតេយ្យបានជំទាស់យ៉ាងខ្លាំង ចំពោះការចំណាយប្រាក់៥ពាន់លានដុល្លារដំបូងសម្រាប់សាងសង់ជញ្ជាំងដែលត្រូវចំណាយទឹកប្រាក់២០ពាន់លានដុល្លារ ដែលលោក ត្រាំ អះអាងថា នឹងរារាំងជនអន្តោប្រវេសន៍ខុសច្បាប់ ហើយអ្នកគណបក្សសាធារណរដ្ឋមួយចំនួនក៏បានជំទាស់ផងដែរ៕
-
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីបានបង្កើនសមាជិកដល់៩៣ប្រទេសហើយ

ចិន៖ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីហៅកាត់ថា AIIB បានប្រកាសនៅក្រុងប៉េកាំង កាលពីពេលថ្មីៗនេះថា ចំនួនសមាជិកសរុបរបស់ខ្លួនបានកើនឡើងដល់៩៣។ លោក Danny Alexander អនុប្រធាន និងជាអគ្គលេខាធិការនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីបានថែ្លងថា សមាជិកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីស្ទើរតែគ្របដណ្តប់គ្រប់ទ្វីបទាំងអស់លើពិភពលោក។ លោកបន្តថា នេះអាចបង្ហាញពីប្តេជ្ញាចិត្តរបស់សមាជិកចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការពង្រឹងតួនាទីរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនៅក្នុងសហគមន៍ផែ្នកហិរញ្ញវត្ថុអន្តរជាតិ។ ការកើនឡើងឥតឈប់ឈរនៃសមាជិកធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនៅទ្វីបអឺរ៉ុប និងអាហ៊្វ្រិក ក៏ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការបង្កើនការតភ្ជាប់គ្នាក្នុងតំបន់។ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនឹងបន្តសម្តែងការស្វាគមន៍ចំពោះការចូលរួមជាសមាជិកថ្មី។ សូមរម្លឹកដែរថា រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងបង្កើតធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ជាផ្លូវការ កាលពីឆ្នាំ២០១៦។ ច្បាប់នេះអនុញ្ញាតឲ្យកម្ពុជាក្លាយជាសមាជិកស្ថាបនិកជាផ្លូវការនៃស្ថាប័នហិរញ្ញវត្ថុនេះ ហើយកម្ពុជាក៏រំពឹងទទួលប្រយោជន៍ច្រើនពីធនាគារដែលផ្តួចផ្តើមដោយចិននេះដែរ៕
-
ថៃទទួលទេសចរចិនបានជាង១០លាននាក់នៅឆ្នាំ២០១៨ បានចំណូលជិត២០ពាន់លានដុល្លារអាម៉េរិក

ថៃ៖ ភ្ញៀវទេសចរចិនដែលបានទៅលេងប្រទេសថៃនៅឆ្នាំ២០១៨ មានចំនួនលើសពី១០លាននាក់ នេះបើតាមការឲ្យដឹងរបស់រដ្ឋមន្ត្រីទេសចរណ៍ថៃថ្មីៗនេះ។ លោក Weerasak Kowsurat រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ថៃបានថ្លែងថា ជារៀងរាល់ឆ្នាំ មានភ្ញៀវទេសចរអន្តរជាតិជាង៣០លាននាក់មកលេងប្រទេសថៃ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួន១ភាគ៣។ ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរចិនមកលេងប្រទេសថៃលើសពី១០លាននាក់ជាលើកដំបូង ដូច្នេះ ភ្ញៀវទេសចរចិន គឺសំខាន់ណាស់ចំពោះវិស័យទេសចរណ៍ថៃ។ តាមការប៉ាន់ប្រមាណនៃនាយកដ្ឋានទេសចរណ៍ជាតិថៃឲ្យដឹងថា ភ្ញៀវទេសចរចិននឹងនាំមកចំណូលលើសពី៥សែន៩ម៉ឺនលានបាត ឬជាង១៨ពាន់លានដុល្លារអាម៉េរិក ដល់ប្រទេសថៃ នៅឆ្នាំ២០១៨ កើនឡើងពី១០ភាគរយដល់១២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមុន៕
-
ម៉ូឌែល iPhone មួយចំនួនប្រឈមនឹងលែងបានលក់នៅប្រទេសអាល្លឺម៉ង

អាល្លឺម៉ង៖ តុលាការអាល្លឺម៉ង់បានសម្រេចថា iPhone មួយចំនួនដែលមានបំពាក់នូវ Modem របស់ល្មើសនឹងប៉ាតង់របស់ក្រុមហ៊ុន Qualcomm ជាក្រុមហ៊ុនផលិត Chip នៅសហរដ្ឋអាម៉េរិក ដូច្នេះនាំឲ្យទូរសព្ទ iphone ម៉ូឌែលខ្លះប្រឈមនឹងការលែងបានលក់ នៅប្រទេសអាល្លឺម៉ង។ បន្ទាប់បានឈ្នះក្តីនៅចិន លើបញ្ហាស្រដៀងគ្នានេះដែរ ក្រុមហ៊ុន Qualcomm បានឈ្នះក្ដីលើ Apple ម្ដងទៀតនៅសប្ដាហ៍នេះ ដោយលើកនេះគឺនៅប្រទេសអាល្លឺម៉ង។ តុលាការអាល្លឺម៉ង់បានសម្រេចថា iPhone មួយចំនួនដែលមានបំពាក់នូវ Modem របស់ Intel គឺបានល្មើសនឹងប៉ាតង់របស់ Qualcomm។ តុលាការអាល្លឺម៉ង់បានបញ្ជាក់ថាម៉ូដែល iPhone ដែលបានល្មើសនឹងប៉ាតង់មិនអាចលក់នៅទឹកដីប្រទេសអាល្លឺម៉ង់បន្តទៀតនោះទេ។ យ៉ាងណាក្ដីការសម្រេចនេះនឹងមិនមានប្រសិទ្ធភាពភ្លាមៗនោះទេ ប្រសិនបើ Apple សម្រេចថានឹងប្ដឹងឧទ្ធរណ៍។ គួរដឹងថា Apple បានសម្រេចថានឹងប្ដឹងឧទ្ធរណ៍ ហើយខណៈពេលនេះបានបញ្ឈប់ការលក់ iPhone 7/7 Plus និង iPhone 8/8 Plus ពីហាងលក់របស់ខ្លួននៅប្រទេសអាល្លឺម៉ង់ផងដែរ។ ចំពោះ iPhone…
-
នាយករដ្ឋមន្ត្រីថៃ មិនខ្វល់ពីការទាមទារឲ្យរូបលោកចុះចេញពីតំណែង នៅមុនការបោះឆ្នោត

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងនាថ្ងៃព្រហស្បតិ៍តនេះថា រូបលោកនឹងមិនលាលែងពីមុខតំណែងឡើយ ទោះបីជាកំពុងបន្តរងសម្ពាធខ្លាំងពីក្រុមអ្នករិះគន់ក៏ដោយ នៅមុនការបោះឆ្នោតខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ក្នុងវិមានរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ បានប្រកាសថា លោកនឹងនៅបន្តកាន់អំណាចជាប្រមុខរាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ដដែល ទោះមានការអំពាវនាវយ៉ាងទទូចឲ្យរូបលោកចុះចេញពីតំណែង នៅមុនការបោះឆ្នោតសកល ដែលត្រូវប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ គួរជម្រាបថា លោក ប្រាយុទ្ធ បានឡើងក្តោបអំណាចដឹកនាំប្រទេសថៃ តាមរយៈការធ្វើរដ្ឋប្រហារយោធាឆ្នាំ២០១៤ ដែលកាលនោះរូបលោកនៅជាប្រមុខកងទ័ពថៃ ហើយចាប់ពីពេលនោះមក លោកក៏បានបង្កើតរដ្ឋាភិបាលមួយ ដែលពុំបានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសពីរាស្ត្រឡើយ។ សម្រាប់ការបោះឆ្នោតឆ្នាំក្រោយនេះ លោក ប្រាយុទ្ធ ចាន់អូចា ត្រូវគេរំពឹងថា នឹងអាចក្លាយបេក្ខភាពនាយករដ្ឋមន្រ្តី នៃគណបក្ស Palang Pracharath ដែលបង្កើតឡើងដោយមន្ត្រីមួយចំនួននៅក្នុងជួររដ្ឋាភិបាលរបស់លោកផ្ទាល់៕