-
សេតវិមាន និងសភាសហរដ្ឋអាម៉េរិកបង្ហាញពីការឈានទៅរកការព្រមពៀងលើថវិកាចំណាយ

សហរដ្ឋអាម៉េរិក៖ ទាំងសេតវិមាន និងសភាអាម៉េរិក នៅថ្ងៃពុធនេះ បានបង្ហាញអំពីការឆ្ពោះទៅរកការព្រមព្រៀងគ្នា លើផែនការចំណាយបណ្តោះអាសន្នមួយដើម្បីបញ្ជៀសកុំឲ្យមានការបិទទ្វារផ្នែកខ្លះនៃរដ្ឋាភិបាល នៅត្រឹមពាក់កណ្តាលយប់ថ្ងៃសុក្រសប្តាហ៍នេះ ក៏ប៉ុន្តែមិនបានបញ្ចូលសំណើថវិកាចំនួន៥ពាន់លានដុល្លាររបស់លោក ដូណាល់ ត្រាំ សម្រាប់សង់ជញ្ជាំងព្រំដែនរវាងអាម៉េរិក និងម៉ិកស៊ិកនោះទេ។ មេដឹកនាំព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋលោក មីត ម៉ាកខុនណែល បាននិយាយថា ព្រឹទ្ធសភានឹងបោះឆ្នោតទៅលើការផ្តល់ថវិកា សម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាលអាម៉េរិករយៈពេលបីខែ គឺរហូតដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលពេលនោះ លោក ត្រំា និងសភា អាចប្រឈមនឹងលទ្ធភាពនៃការបិទទ្វាររដ្ឋាភិបាលម្តងទៀត។ មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យលោក ឆាលី ឈូមមឺ បាននិយាយថា គណបក្សប្រជាធិបតេយ្យនឹងគាំទ្រលើផែនការចំណាយបណ្តោះអាសន្ននេះ ស្របពេលដែលផ្នែកខ្លះនៃរដ្ឋាភិបាលមានថវិកា សម្រាប់ចំណាយរហូតដល់ខែកញ្ញា ឆ្នាំក្រោយរួចហើយ។ គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងប្រឈមជាមួយបញ្ហានយោបាយកាន់តែខ្លាំងនៅឆ្នាំក្រោយនេះ នៅពេលដែលគណបក្សប្រជាធិបតេយ្យដែលជាអ្នកប្រឆាំងនឹងការសង់ជញ្ជាំងនេះ ចូលកាន់កាប់សភានៅឆ្នាំក្រោយនេះ៕
-
ចិនព្រមានប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ និងការបំពាក់សព្វាវុធនៅទីអវកាសរបស់សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃពុធនេះ បានសម្ដែងការប្រឆាំងជំទាស់យ៉ាងខ្លាំងទៅនឹងការអភិវឌ្ឍសព្វាវុធអវកាសរបស់សហរដ្ឋអាម៉េរិក ហើយថែមទាំងរិះគន់លោក ដូណាល់ ត្រាំ សម្រាប់ការចេញបញ្ជាឱ្យបង្កើតទីបញ្ជាការថ្មីមួយ ដើម្បីគ្រប់គ្រងប្រតិបត្តិការយោធាអវកាស។ ប្រតិកម្មរបស់ប្រទេសចិន បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ៍សប្ដាហ៍នេះ បានចេញបញ្ជាឱ្យបង្កើតទីបញ្ជាការអវកាសថ្មីមួយ ដើម្បីឱ្យមន្ទីរបញ្ចកោណងាយស្រួល ក្នុងការគ្រប់គ្រងប្រតិបត្តិការយោធាទីអវកាស។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បានគូសបញ្ជាក់ថា ចិនស្នើឱ្យមានការប្រើប្រាស់ទីអវកាសប្រកបដោយសន្តិភាព ហើយប្រឆាំងជាដាច់ខាតចំពោះគម្រោងការអភិវឌ្ឍ និងបំពាក់អាវុធអវកាស ក៏ដូចជាការរត់ប្រណាំងប្រឆាំងផ្នែកសព្វាវុធអវកាស ព្រោះវាអាចនឹងប្រែក្លាយទីអវកាសទៅជាការសមរភូមិប្រយុទ្ធថ្មីមួយ។ យ៉ាងណាមិញ ទីបញ្ជាការថ្មីនេះ មិនទាន់ត្រូវបានបញ្ជាក់ពីទីតាំងយកធ្វើជាទីស្នាក់ការឡើយ ខណៈមានសេចក្ដីរាយការណ៍ខ្លះថា ទីបញ្ជាការកងទ័ពអវកាសអាចនឹងមានលក្ខណៈប្រហាក់ប្រហែល ដូចជាទីបញ្ជាការកងទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា និងទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិកនៅអាស៊ី៕
-
អង្គការ NASA និង ESA រកឃើញផ្កាយ Gaia 17bpi ដែលទើបចាប់កំណើតក្នុងកាឡាក់ស៊ី

សហរដ្ឋអាម៉េរិក៖ យោងតាមគេហទំព័រផ្លូវការរបស់ NASA JPL បានឱ្យដឹងថា ផ្កាយទើបរកឃើញថ្មីហៅថា ហ្គៃអឺ (Gaia 17bpi) កំពុងផ្តល់ឱកាសកម្រមួយសម្រាប់ឲ្យអ្នកវិទ្យាសាស្ត្រធ្វើការអង្កេតមើលផ្កាយវ័យជំទង់ ឆ្លងកាត់ដំណាក់កាលប្រែប្រួលយ៉ាងរហ័ស។ ផ្កាយរណប ហ្គៃអឺ (Gaia 17bpi) កំពុងឆ្លងកាត់ដំណាក់ប្រែប្រួល និងលូតលាស់ក្នុងកម្រិតយ៉ាងឆាប់រហ័ស ដែលជារឿងកម្រមែនទែនសម្រាប់អ្នកវិទ្យាសាស្ត្រអាចអង្កេតឃើញបែបនេះ។ ផ្កាយមួយនេះ ត្រូវគេប៉ាន់ប្រមាណថា មានអាយុកាលត្រឹមតែប៉ុន្មានលានឆ្នាំប៉ុណ្ណោះ ដែលជាវ័យដ៏ក្មេងខ្ចីសម្រាប់ផ្កាយនៅក្នុងកាឡាក់ស៊ីមួយ ប៉ុន្តែវាកំពុងកើនម៉ាស់ក្នុងកម្រិតយ៉ាងឆាប់រហ័សផងដែរ។ សូមបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រអាចអង្កេត និងសិក្សាលើផ្កាយ ហ្គៃអឺ (Gaia 17bpi) គឺដោយសារកិច្ចប្រឹងប្រែងរួម រវាងឧបករណ៍បច្ចេកវិទ្យាខ្លាំងៗចំនួន០២ នោះគឺកែវយឺតអវកាស ហ្គៃអឺ របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដែលជាអ្នកប្រទះឃើញវា ខណៈកែវយឺតអវកាស នីអូវីស (NEOWISE) របស់អង្គការ NASA បានតម្រង់ទិសឆ្លុះចំផ្កាយនោះតែម្តង នៅពេលវាចាប់ផ្តើមបញ្ចេញពន្លឺខ្លាំង។ ក្រោយមកទៀត កម្រងទិន្នន័យបានមកពីកែវយឺតអវកាស ស្ព្រៃហ្ស៊ឺ របស់ NASA ក៏ត្រូវបានត្រួតពិនិត្យដើម្បីរកមើលតម្រុយនៃផ្កាយ…
-
សហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មលើជនជាតិរុស្ស៊ី និងក្រុមហ៊ុនសរុប២២ ដោយចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងការជ្រៀតជ្រែកកិច្ចការបោះឆ្នោតរបស់ខ្លួន

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធនេះ បានសម្រេចដាក់ទណ្ឌ កម្មលើជនជាតិចំនួន១៨នាក់ និងក្រុមហ៊ុនចំនួន៤ទៀតផងដែរ ខណៈការដាក់ទណ្ឌកម្មនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងទង្វើរបស់ទីក្រុងម៉ូស្គូ ដែលនៅតែបន្តមិនគោរពតាមបទដ្ឋានអន្តរជាតិ ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារជាតិអាមេរិក បានឱ្យដឹងថា ជនជាតិរុស្ស៊ីចំនួន១៥នាក់ក្នុងចំនោម១៨នាក់ដែលជាប់ទណ្ឌកម្ម គឺជាសមាជិកអង្គភាពស៊ើបការណ៍សម្ងាត់ដ៏សំខាន់របស់រុស្ស៊ី ហៅកាត់ថា GRU ដែលអាមេរិកចោទប្រកាន់ពាក់ព័ន្ធនឹងការប៉ុនប៉ងចូលជ្រៀតជ្រែកកិច្ចការបោះឆ្នោតជ្រើសរើសសហរដ្ឋអាមេរិកកាលពីឆ្នំា២០១៦ និងការប៉ន់ប៉ងសម្លាប់អតីតចារកម្មរុស្ស៊ីម្នាក់នៅលើទឹកដីចក្រភពអង់គ្លេស ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកថែមទំាងបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនរុស្ស៊ីចំនួន៤ និងបុគ្គលមួយចំនួនទៀត ដែលមានជាប់ទាក់ទិនទៅនឹងកិច្ចប្រឹងប្រែងរបស់រុស្ស៊ី ដើម្បីជ្រៀតជ្រែកជាមួយប្រព័ន្ធនយោ បាយ និងប្រព័ន្ធបោះឆ្នោតនៅទូទំាងពិភពលោក ។សួមបញ្ជាក់ថា រាល់ទ្រព្យសម្បត្តិទំាងអស់របស់បុគ្គល និងក្រុមហ៊ុនរបស់រុស្ស៊ីដែលជាប់ទណ្ឌកម្មខាងលើ នឹងត្រូវបង្កក ហើយថែមទំាងហាមឃាត់ពលរដ្ឋអាមេរិកទូទៅរកស៊ីជួញដូរជាមួយពួកគេផងដែរ ៕
-
តម្លៃជិះឡានក្រុងនៅបាងកក នឹងឡើងថ្លៃនៅឆ្នាំ២០១៩

ថៃ៖ លោក Peraphon Thawornsupacharoen អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវគោករបស់ប្រទេសថៃ បានឲ្យដឹងថ្មីៗនេះថា ថ្លៃសេវាកម្មធ្វើដំណើរថ្មីសម្រាប់រថយន្តក្រុងសាធារណៈ និងឯកជន នឹងចូលជាធរមានចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod។ ប្រភពថា រថយន្តក្រុងឯកជនដែលគ្មានម៉ាស៊ីនត្រជាក់ នឹងឡើងថ្លៃពី៩បាត ទៅ១០បាត ហើយរថយន្តក្រុង Bangkok Mass Transit Authority អាចដំឡើងពី ៦,៥បាត ទៅ ១០បាតផងដែរ។ ជាមួយគ្នានេះដែរ រថយន្តក្រុងដែលមានម៉ាស៊ីនត្រជាក់ នឹងឡើងថ្លៃចន្លោះ ១២បាត និង២៤បាត។ រីឯរថយន្តក្រុង NGV ថ្មី នឹងត្រូវដំឡើងតម្លៃពី ១១បាត និង២៣បាត ដល់ ១៥បាត និង២៥បាតវិញ ក្នុងលក្ខខណ្ឌដែលពួកគេមានបំពាក់ជាមួយឧបករណ៍ GPS កាមេរ៉ាសុវត្ថិភាព និងម៉ាស៊ីនសំបុត្រអេឡិចត្រូនិច។ ការសម្រេចចិត្តឡើងថ្លៃនេះធ្វើឡើង ក្រោយពេលដែលអ្នករកស៊ីឯកជនកាលពីខែមុនបានទាមទារឲ្យមានការដំឡើងថ្លៃលើកដំបូង ចាប់តាំងពីខែកុម្ភៈ ២០១៥មក។ ប៉ុន្តែសម្រាប់សេវាកម្មរដ្ឋវិញ ក៏មិនទាន់មានដំឡើងថ្លៃដែរ ចាប់តាំងពីខែកញ្ញា…
-
អ្នកកាសែត៥៣នាក់ត្រូវបានសម្លាប់ នៅទូទាំងពិភពលោកតាំងពីដើមឆ្នាំ២០១៨មក

បរទេស៖ ចំនួនអ្នកសារព័ត៌មានដែលត្រូវបានសម្លាប់ទូទាំងពិភពលោក ក្នុងពេលធ្វើការមានចំនួន៥៣នាក់ហើយ តាំងពីដើមឆ្នាំ២០១៨មកដល់ពេលនេះ នេះបើតាមរបាយការណ៍របស់គណៈកម្មការការពារអ្នកកាសែត ចេញផ្សាយសារព័ត៌មាន khaosod កាលពីម្សិលមិញ។ ស្ថាប័នមានមូលដ្ឋាននៅអាម៉េរិកមួយនេះបានរកឃើញថា មានអ្នកកាសែត៣៤នាក់ត្រូវបានសម្លាប់ ក្រោមមូលហេតុសងសឹក ដោយសារតែការងារ គិតត្រឹមថ្ងៃទី១៤ ធ្នូ ខណៈដែលយ៉ាងតិច៥៣នាក់ត្រូវបានសម្លាប់ជាទូទៅ។ របាយការណ៍របស់ Committee to Protect Journalists បានចេញផ្សាយកាលពីម្សិលមិញថា ចំនួន៥៣នាក់នេះក៏រួមបញ្ចូលទាំងការស្លាប់អ្នកកាសែត Washington Post លោក Jamal Khashoggi កាលពីខែតុលា នៅប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីតផងដែរ។ ប្រភពថែមទាំងបញ្ជាក់ពីការស្លាប់អ្នកកាសែតស៊ើបអង្កេតម្នាក់នៅប្រទេសស្លូវ៉ាគី ឈ្មោះថា Jan Kuciak វ័យ២៧ឆ្នាំ ដែលត្រូវបានសម្លាប់ ពេលដែលធ្វើរឿងស៊ើបអង្កេតរឿងពុករលួយ ខណៈដែលនៅ Malta ក៏មានអ្នកកាសៃត Caruana Galizia ត្រូវបានសម្លាប់ ក្នុងបេសកកម្មស្រដៀងគ្នា តែស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក។ នៅម៉ិកស៊ិក អ្នកកាសែតយ៉ាងតិច៤នាក់ត្រូវបានបាញ់សម្លាប់។ ក្រៅពីនេះ ក៏មាននៅប្រេស៊ីល ប៉ាឡេស្ទីន អ៊ីស្រាអែល…
-
ទស្សនាវដ្តីអាម៉េរិក Forbes ចុះផ្សាយថា វៀតណាមគឺជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុត នៅអាស៊ី

សហរដ្ឋអាម៉េរិក៖ ជាមួយនឹងទំហំវិនិយោគពីបរទេស១៧,៥ពាន់ដុល្លារអាម៉េរិក កាលពីឆ្នាំមុននោះ វៀតណាមបានក្លាយជាគោលដៅវិនិយោគដ៏ក្តៅគគុកក្នុងតំបន់អាស៊ី នេះបើតាមការការចុះផ្សាយរបស់ទស្សនាវដ្តីនៅអាម៉េរិកឈ្មោះថា Forbes ថ្មីៗនេះ។ ប្រទេសស្ថិតនៅអាស៊ីអាគ្នេយ៍មួយនេះបានឈានដល់ចំណុចកំពូលនៃការទទួលបានការវិនិយោគពីបរទេស ក្នុងទសវត្សរ៍នេះ ក្នុងករណីដែលលំហូរវិនិយោគបរទេសនៅតែរក្សាកំណើន រហូតដល់ចុងឆ្នាំ២០១៨នោះ។ ទីភ្នាក់ងារវិនិយោគបរទេស FIA ចំណុះក្រោមក្រសួងផែនការ និងវិនិយោគរបស់វៀតណាមបានឲ្យដឹងថា វៀតណាមបានផ្តល់អាជ្ញាប័ណ្ណចុះបញ្ជីវិនិយោគសម្រាប់គម្រោងថ្មីចំនួន១៩១៨គម្រោង មានទឹកប្រាក់ ១៣,៤៨ពាន់លានដុល្លារអាម៉េរិក គិតត្រឹមខែសីហា ២០១៨។ កិច្ចព្រមព្រៀងវិនិយោគ២៥៥១ ក៏ត្រូវបានចុះហត្ថលេខា ជាមួយនឹងទុនវិនិយោគ៥,២៨ពាន់លានដុល្លារអាម៉េរិក កើនឡើង៥០,៩ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើតាម FIA។ Forbes បានឲ្យដឹងដែរថា ខណៈដែលវៀតណាមកំពុងទាក់ទាញការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមមានទាំងគម្រោងថាមពល ស្ថាបនាផ្លូវថ្នល់ និងផ្លូវរថភ្លើង ព្រមទាំងថាមពលប្រើប្រាស់ឡើងវិញនោះ ការវិនិយោគបរទេសថ្មីៗកំពុងលេចធ្លោខ្លាំងលើវិស័យបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីផងដែរ។ សន្ធិសញ្ញាអន្តរជាតិ CPTPP និង EVFTA ត្រូវបានគេរំពឹងថា នឹងក្លាយជាកម្លាំងចលកររុញច្រានឲ្យវៀតណាមកាន់តែល្អប្រសើរខាងភាពលូតលាស់សេដ្ឋកិច្ច នៅប៉ុន្មានខែទៀត៕
-
ចិនអនុម័តកញ្ចប់ថវិកាជាង៤៣ពាន់លានដុល្លារអាម៉េរិក ស្ថាបនាផ្លូវរថភ្លើងបន្ថែម នៅសៀងហៃ

ចិន៖ ប្រទេសចិនបានអនុម័តលើគម្រោងស្ថាបនាផ្លូវរថភ្លើងនៅទីក្រុងសៀងហៃ ដែលមានតម្លៃជិត៣០០ពាន់លានយ័នឬ ជាង៤៣ពាន់លានដុល្លារអាម៉េរិក នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអភិវឌ្ឍ និងកែទម្រង់ជាតិ ចេញផ្សាយ កាលពីថ្ងៃពុធម្សិលមិញ ចុះផ្សាយនៅលើសារព័ត៌មាន CGTN។ ប្រភពថា គម្រោងដែលគ្របដណ្តប់លើផ្លូវរថភ្លើងក្នុងក្រុងចំនួន៣ ជាមួយនឹងខ្សែរថចំនួន៦ ត្រូវបានគេប៉ាន់ស្មានថា នឹងមានប្រវែងជាង២៨៦គីឡូម៉ែត្រ ហើយបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០២៣។ថវិកាដែលត្រូវចំណាយលើការសាងសង់នេះ មាន៤៥ភាគរយនឹងត្រូវផ្តល់ដោយមូលនិធិហិរញ្ញវត្ថុរដ្ឋាភិបាល ហើយនៅសល់ប៉ុន្មាននឹងកៀងគរតាមវិធីសាស្ត្រផ្សេងៗ រួមមានទាំងការខ្ចីពីធនាគារក្នុងស្រុកផងដែរ។ ប្រភពបន្ថែមទៀតថា គិតត្រឹមឆ្នាំ២០៣៥ បណ្តាញរថភ្លើងនៅសៀងហៃនឹងមានចម្ងាយ២២០០គីឡូម៉ែត្រ៕
-
សហរដ្ឋអាម៉េរិកប្រកាសដកកងទ័ពទាំងស្រុងចេញពីទឹកដីប្រទេសស៊ីរី បន្ទាប់ពីពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIS បរាជ័យ

សហរដ្ឋអាម៉េរិក៖ ក្រោយពេលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងអះអាងពីជ័យជម្នះលើពួកភេវរកររដ្ឋអ៊ីស្លាមISISនោះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានគម្រោងដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញពីទឹកដីស៊ីរី។ កងទ័ពអាម៉េរិកជាង២,០០០នាក់ កំពុងជួយក្រុមឧទ្ទាមស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេវរកររដ្ឋអ៊ីស្លាម ISIS នៅភាគខាងកើតប្រទេសស៊ីរី ហើយការសម្រេចចិត្តដកកងទ័ពអាមេរិករបស់លោក ត្រាំ ក៏បានបង្កជាក្ដីកង្វល់ដែរ ដ្បិតរុស្ស៊ី និងអ៊ីរ៉ង់កំពុងពង្រីកឥទ្ធិពលកាន់តែខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ រីឯក្រុម ISIS នៅតែបន្តមានវត្តមាននៅតំបន់ព្រំដែនរវាងស៊ីរី និងអ៊ីរ៉ាក់ បើទោះជាពួកភេរវករមួយនេះបាត់បង់ឥទ្ធិពលមួយភាគធំក៏ដោយ។ ទន្ទឹមគ្នានេះ ការសម្រេចចិត្តដកកងទ័ពទាំងស្រុងរបស់លោក ត្រាំ ក៏ត្រូវបានទទួលស្គាល់ដោយក្រុមមន្ត្រីអាម៉េរិកផងដែរ ស្របពេលនិតិវិធីដកកងទ័ពនឹងត្រូវធ្វើឡើងនៅប៉ុន្មានខែខាងមុខទៀតនេះ។ សូមរំលឹកឡើងវិញថា សង្គ្រាមស៊ីរីបានផ្ទុះឡើងកាលពីឆ្នាំ២០១១ ហើយសហរដ្ឋអាម៉េរិកចាប់ផ្ដើមធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងពួកភេវរកររដ្ឋអ៊ីស្លាម ISIS នៅឆ្នាំ២០១៤ ដែលជាលទ្ធផលនោះ មនុស្សរាប់សែននាក់ក្នុងនោះរួមមានទាំងជនស៊ីវិលបានបាត់បង់ជីវិត និងរាប់លាននាក់ផ្សេងទៀតក្លាយជាជនភៀសខ្លួន គ្រាដែលសេដ្ឋកិច្ចជាតិស្ទើរតែធ្លាក់ចុះដល់បាត ដោយសារតែបដិវត្តន៍ពណ៌៕
-
គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់ អនុម័តផែនការពង្រីកទិដ្ឋាការដល់អ្នកស្វែងរកការងារធ្វើ

អាល្លឺម៉ង់៖ គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់បានអនុម័តផែនការមួយ ដើម្បីពង្រីកប្រព័ន្ធទិដ្ឋាការ ដោយអនុញ្ញាតឱ្យប្រជាជនមកពីខាងក្រៅសហភាពអឺរ៉ុបស្វែងរកការងារធ្វើ ស្របពេលទីក្រុងប៊ែរឡំាងកំពុងព្យាយាមដោះស្រាយកង្វះកម្មករជំនាញ។ រដ្ឋមន្ត្រីក្រសួងការងារអាល្លឺម៉ង់លោក ហ៊ូបឺធូស ហៀល បាននិយាយថា គោលបំណងសំខាន់ គឺឲ្យប្រព័ន្ធដែលក្រុមរដ្ឋមន្ត្រីបានព្រមព្រៀងជាគោលការណ៍កាលពីខែតុលា ចូលជាធរមាននៅដើមឆ្នាំ២០២០ខាងមុខ។ លោកបានសង្កត់ធ្ងន់ថា ដូចបណ្តាប្រទេសអឺរ៉ុបដទៃទៀតដែរ អាល្លឺម៉ង់កំពុងព្យាយាមធ្វើឱ្យមានតុល្យភាពរវាងតម្រូវការទីផ្សារការងាររបស់ខ្លួន ដែលសម្បូរមនុស្សចាស់ និងការព្រួយបារម្ភអំពីជនអន្តោប្រវេសន៍។ សូមបញ្ជាក់ថា នៅថ្ងៃពុធនេះ ក្រុមរដ្ឋមន្ត្រីក៏បានអនុម័តនូវផែនការមួយ ដើម្បីដោះស្រាយស្ថានភាពរបស់ជនសុំសិទ្ធិជ្រកកោន ដែលបានស្វែងរកការងាររយៈពេលវែងនៅប្រទេសអាល្លឺម៉ង់ និងត្រូវបានធ្វើសមាហរណកម្មយ៉ាងល្អ។ ទិដ្ឋាការមានរយៈពេលកំណត់ ដែលបច្ចុប្បន្នអាចរកបានសម្រាប់តែនិស្សិតបញ្ចប់ការសិក្សា នឹងត្រូវបានពង្រីកដល់ជនអន្តោប្រវេសន៍ដែលមានជំនាញវិជ្ជាជីវៈ និងចំណេះដឹងផ្នែកភាសាអាល្លឺម៉ង់៕