-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកចេញបញ្ជាឲ្យបង្កើតទីបញ្ជាការអវកាស ខណៈអង្គភាពទ័ពអវកាសមិនទាន់ចេញរូបរាង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យមន្ទីរបញ្ចកោណបង្កើតទីបញ្ជាការអវកាស (Space Command) ដើម្បីគ្រប់គ្រងប្រតិបត្តិការយោធានៅទីលំហរ។ ទីបញ្ជាការថ្មីនេះ នឹងប្រមូលយកអង្គភាពយោធាទាំងអស់ដែលទទួលបន្ទុករាល់ប្រតិបត្តិការនៅទីអវកាស និងបង្កើតគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រផ្សេងៗ ដើម្បីការពារសន្តិសុខអាម៉េរិកក្នុងយុគសម័យថ្មី។ ជុំវិញដំណើរការ និងការប្រព្រឹត្តទៅរបស់ទីបញ្ជាការថ្មីនេះដែរ ថ្លែងពីមជ្ឈមណ្ឌលអវកាស Kennedy អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផេន បាននិយាយថា ទីបញ្ជាការអវកាសនឹងរួមបញ្ចូលសមត្ថភាពការពារអវកាសពីគ្រប់អង្គភាពមកពីស្ថាប័នយោធាទាំងអស់។ លោកបន្តថា អង្គភាពថ្មីនេះនឹងអភិវឌ្ឍន៍ទ្រឹស្តីអវកាសកលយុទ្ធ បច្ចេកទេស និងដំណើរការនានា ដែលអនុញ្ញាតអោយយោធាអាម៉េរិកអាចការពារខ្លួនបាន។ គួរបញ្ជាក់ថា ទីបញ្ជាការអវកាសនេះ នឹងក្លាយជាទីបញ្ជាការទី១១ ចំណុះមន្ទីរបញ្ចកោណ ហើយអង្គភាពថ្មីនេះទៀតសោត ខុសពីកងកម្លាំងអវកាសដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចង់បាន៕
-
រដ្ឋអាជ្ញាអាហ៊្វ្រិកខាងត្បូង ចេញដីកាឃាត់ខ្លួនភរិយាអតីតប្រធានាធិបតីហ្ស៊ីមបាវ៉េ ពីបទប្រើហិង្សាលើអតីតតារាម៉ូឌែលស្រីម្នាក់

អាហ៊្វ្រិកខាងត្បូង៖ រដ្ឋអាជ្ញាអាហ៊្វ្រិកខាងត្បូង នៅថ្ងៃពុធនេះ បានចេញដីកាឃាត់ខ្លួនភរិយាអតីតប្រធានាធិបតីហ្ស៊ីមបាវ៉េ លោកស្រី ក្រេស ម៊ូហ្គាបេ ពីបទប្រព្រឹត្តអំពើហិង្សាលើអតីតតារាម៉ូឌែលស្រីម្នាក់កាលពីឆ្នាំ២០១៧។ លោកស្រី ម៊ូហ្គាបេ ត្រូវបានអតីតតារាម៉ូឌែលស្រីម្នាក់ឈ្មោះ ហ្គាព្រីឡា អេជែល ចោទប្រកាន់ថា បានយកដំបងឆក់វាយដុំលើរូបនាងក្នុងបន្ទប់សណ្ឋាគារមួយនៅទីក្រុង ចូហេនណេសស្ប៊ឺគ កាលពីឆ្នាំ២០១៧។ ការចេញដីកាឃាត់ខ្លួនលោកស្រី ក្រេស ម៊ូហ្គាបេ ធ្វើឡើងក្រោយតុលាការអាហ៊្វ្រិកខាងត្បូងលុបចោលអភ័យឯកសិទ្ធិការទូតរបស់លោកស្រី កាលពីខែកក្កដាកន្លងទៅ ប៉ុន្តែជាមួយគ្នានេះ រដ្ឋាភិបាលអាហ៊្វ្រិកខាងត្បូងក៏ទទួលរងការរិះគន់យ៉ាងខ្លាំងផងដែរ សម្រាប់ការបណ្ដោយឱ្យលោកស្រី ម៊ូហ្គាបេ ចាកចេញពីប្រទេស។ ទាក់ទិននឹងការចេញដីការចាប់ខ្លួនភរិយាអតីតប្រធានាធិបតីហ្ស៊ីមបាវ៉េរូបនេះដែរ ប៉ូលិសអាហ៊្វ្រិកខាងត្បូងបានអះអាងថា ពួកគេនឹងស្នើសុំជំនួយពីប៉ូលិសអន្តរជាតិ អាំងទែប៉ូល ផងដែរ៕
-
សហរដ្ឋអាមេរិកសន្យាផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់ប្រទេសអាមេរិកកណ្តាល ខណៈបញ្ហាជនអន្តោប្រវេសន៍នៅតែជាសម្ពាធដ៏ធ្ងន់ធ្ងរ

សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅថ្ងៃអង្គារ៍នេះ បានសន្យាផ្តល់ថវិការាប់ពាន់លានដុល្លារ សម្រាប់ជាបញ្ចប់ជំនួយដល់បណ្តាប្រទេសអាមេរិកកណ្តាល និងម៉ិចស៊ីកូ ស្របពេលដែលជនអន្តោប្រវេសន៍ខុសច្បាប់មកពីតំបន់ព្រំដែនម៉ិចស៊ីកូ នៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិក ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិកបានគួសបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុងរៀបចំការផ្តល់ប្រាក់ប្រមាណ៥.៨ពាន់លានដុល្លារ តាមរយៈការវិនិយោគទុនសាធារណៈ និងឯកជន ឆ្ពោះទៅកាន់បណ្តាប្រទេសត្រីកោណខាងជើង ក្នុងនោះរួមមានប្រទេសអ៊ែល សាល់វ៉ាឌើ ហ្គាតេម៉ាឡា និងហុងដូរ៉ាស់ ។ បើតាមសេចក្តីថ្លែងការណ៍ខាងលើ មូលនិធិនេះដែរ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីគំាទ្រការធ្វើកំណែទម្រង់ស្ថានប័ន ការអភិវឌ្ឍន៍ និងជម្រុញកំណើនសេដ្ឋកិច្ចនៅបណ្តាប្រទេសទំាងនោះ ខណៈសហរដ្ឋអាមេរិកថែមទំាងបានសន្យាថា នឹងពង្រឹងការគាំទ្ររបស់ខ្លួន ចំពោះការអភិវឌ្ឍន៍នៅភាគខាងត្បូងម៉ិចស៊ីកូ ដោយបែងចែកថវិកា២ពាន់លានដុល្លារសម្រាប់គម្រោងនៅក្នុងតំបន់នេះ ៕
-
ក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ថា សហរដ្ឋអាមេរិកអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដើរចេញពីសន្ធិសញ្ញា INF

រុស្ស៊ី៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ រីបាបកូវ បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ ចំពោះសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លំាងនុយក្លេអ៊ែររយៈចំងាយមធ្យម INF បានដល់ទីបញ្ចប់ហើយ ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែតុលាកន្លងទៅ បានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងដកខ្លួនចេញពីសន្ធិសញ្ញា INF ដោយចោទថា រុស្ស៊ីបានរំលោភលើសន្ធិសញ្ញានេះ បើទោះបីជាទីក្រុងម៉ូស្គូបដិសេធក៏ដោយ ហើយថាលោក ត្រាំ ថែមទាំងសន្យាទៀតថា នឹងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររហូតដល់ចិន និងរុស្ស៊ីភ្ញាក់រលឹកខ្លួនឡើងវិញ ។ យ៉ាងណាមិញ លោក ស៊ឺហ្គៃ រីបាបកូវ បានព្រមានថា ប្រទេសរុស្ស៊ីនឹងចាត់វិធានការឆ្លើយតប បើមីស៊ីលអាមេរិកត្រូវបានដំឡើងនៅលើទឹកដីអឺរ៉ុប ហើយសហរដ្ឋអាមេរិកពិតជាដើរតាមគម្រោងរបស់ខ្លួនមែននោះ ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ទីក្រុងម៉ូស្គួមិនដែលគំរាមកំហែងលើប្រទេសណាមួយនោះទេ ប៉ុន្តែរុស្ស៊ីនឹងចាត់វិធានការចាំបាច់នានា ដើម្បីប្រឆាំងនឹងការឈ្លានពានទាំងឡាយ ៕
-
ក្រសួងការពារជាតិសហរដ្ឋអាមេរិកសម្រេចអនុម័តលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot មានតម្លៃជាង៣.៥លានដុល្លារដល់តួកគី

សហរដ្ឋអាមេរិក៖ ក្រសួងការបរទេសអាមេរិកបានសម្រេចអនុម័តលើការលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ផេតត្រូដ មានតម្លៃជាង៣.៥ពាន់លានដុល្លារ អោយប្រទេសតួកគី ។ កាលពីដើមឆ្នាំ២០១៨ ក្រសួងការបរទេសអាមេរិកធ្លាប់បានបញ្ជាក់ថា ខ្លួនកំពុងធ្វើការងារជាមួយទីក្រុងអង់ការ៉ា ពាក់ព័ន្ធនឹងការលក់ប្រព័ន្ធមីស៊ីល ផេតត្រូដ របស់ក្រុមហ៊ុន រ៉េធីអន ខូ ក្នុងគោលបំណងបញ្ចុះបញ្ចូលឱ្យតួកគី លុបចោលគម្រោងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ។ ជុំវិញការទិញលក់ខាងលើនេះ មន្ទីរបញ្ចកោណបានគូសបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកក៏បានយល់ព្រមលក់ប្រភេទមីស៊ីល សម្រាប់បំពាក់ឲ្យប្រព័ន្ធ ផេតត្រូដ ចំនួន៨០គ្រាប់ និងមីស៊ីលប្រភេទផ្សេងទៀត៦០គ្រាប់ផ្សេងទៀតឱ្យតួកគី រួមជាមួយនឹងបរិក្ខាពាក់ព័ន្ធក្នុងនោះរួមមាន ប្រព័ន្ធរ៉ាដា ឧបករណ៍គ្រប់គ្រង និងប្រព័ន្ធបាញ់ចេញផងដែរ ៕
-
បេសកកម្មស្វែងរកភពទី០៩ បែរជារកឃើញវត្ថុអវកាសថ្មីមួយ ដែលស្ថិតនៅចុងប្រព័ន្ធព្រះអាទិត្យ

សហរដ្ឋអាមេរិក៖ ក្រុមតារាវិទូបានប្រកាសដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលធំមួយ នាដើមសប្តាហ៍នេះ ដោយវត្ថុអវកាសថ្មីមួយត្រូវបានដាក់ឈ្មោះថា 2018 VG18 ត្រូវបានរកឃើញនៅក្នុងប្រព័ន្ធព្រះអាទិត្យ ហើយក៏ត្រូវចាត់ទុកជាវត្ថុអវកាសពណ៌ផ្កាឈូក មានរហស្សនាមថា ហ្វារូត «Farout» ។ ជុំវិញលទ្ធផលដែលកំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនេះ លោក Sheppard ជា តារាវិទូមួយរូប ដែលឈានដល់បង្កើតរបកគំហើញថ្មីនេះ បានបញ្ជាក់ថា លោកស្រាប់តែនិយាយចេញនូវពាក្យថា ហ្វារូត «Farout» នៅពេលដែលលោកអង្កេតឃើញវត្ថុនោះដំបូង ពីព្រោះនៅសុខៗស្រាប់តែលោកឃើញវា កំពុងចល័តយឺតនៅទីនោះ… វាជាវត្ថុអវកាស ដែលពិតជាកំពុងគោចរនៅទីនោះពិតមែន។ សម្រាប់ ហ្វារូត «Farout» ដែលទើបត្រូវបានរកឃើញនេះ គឺមានមុខកាត់៥០០គីឡូម៉ែត្រប៉ុណ្ណោះ គឺតូចជាងព្រះច័ន្ទ ឆារ៉ុន “Charon” របស់ភពភ្លុយតូរហូតដល់ទៅជាង២ដង ហើយវាបានក្លាយជាវត្ថុអវកាសឆ្ងាយបំផុតថ្មី ជំនួសឲ្យអ៊ីរីស “Eris” ដែលជាភពបម្រុង និងត្រូវបានចាត់ទុកថា ជាវត្ថុអវកាសឆ្ងាយជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ចាប់ពីពេលនេះតទៅ ។ សូមបញ្ជាក់ថា របកគំហើញនេះដែរ ត្រូវបានប្រកាសចេញដោយសហគមន៍តារាវិទូ និងវិទ្យាសាស្ត្រភព IAUMPC…
-
ចិននិងថៃចុះកិច្ចព្រមព្រៀងបង្កើតកាណូតទេសចរណ៍ តាមទន្លេមេគង្គ-ឡានឆាង

ចិន៖ ក្រុមហ៊ុនចិននិងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣ នៅកំពង់ផែ Chiang Saen ប្រទេសថៃ ដើម្បីរួមគ្នាបង្កើតកញ្ចប់សេវាកម្មកាណូតទេសចណ៍ នៅតាមបណ្តោយទន្លេមេគង្គ ឡានឆាង នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Xinhua កាលពីម្សិលមិញ។ តាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Yunnan Provincial Tourism Investment Co., LTD និង New Chiang Saen Group Co., LTD នឹងបើកប្រតិបត្តិការសេវាកម្មកាណូតពីកំពង់ផែនាភាគខាងជើងរបស់ថៃ ឆ្ពោះទៅខេត្តយុនណាន ប្រទេសចិន ហើយថែមទាំងទៅប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ាទៀតផង។ ការវិនិយោគនេះនឹងមានទំហំទឹកប្រាក់៣៩លានបាត ឬ ១.១៩លានដុល្លារអាមេរិក សម្រាប់ដំណាក់កាលដំបូង ដោយគ្រោងទាក់ទាញទេសចរណ៍ជាង៣លានដុល្លារអាមេរិក។តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ប្រទេសទាំងពីរកំពុងព្យាយាមភ្ជាប់សេវាកម្មទេសចរណ៍និងការទាក់ទាញនៅតាមតំបន់ទន្លេមេគង្គ-ឡានឆាង៕
-
ជប៉ុននឹងចំណាយលុយជាង២០០ពាន់លានដុល្លារអាមេរិក ទិញសព្វាវុធពីអាមេរិក សម្រាប់ពេល៥ឆ្នាំ

ជប៉ុន៖ ប្រទេសជប៉ុនបានអះអាងថា ខ្លួននឹងចំណាយថវិការជាតិប្រមាណ២៧.៥លានលានយ៉េន ឬ ២២៤ពាន់លានដុល្លារអាមេរិក ដើម្បីទិញសម្ភារៈយោធាពីសហរដ្ឋអាមេរិក នៅក្នុងរយៈពេលជាង៥ឆ្នាំទៀត។ ផែនការនេះគឺជាការបង្ហាញច្បាស់លាស់ថា ជប៉ុនហាក់ចង់ក្លាយជាមហាអំណាចយោធាក្នុងតំបន់ ខណៈដែលចិននិងរុស្ស៊ីកំពុងបង្កើនអំណាចយោធាដាក់សំពាធលើអាមេរិក ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ជប៉ុននោះ។ កម្មវិធីយោធា១០ឆ្នាំដែលត្រូវបានអនុម័តឯកភាពដោយរាជរដ្ឋាភិបាលជប៉ុន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្ត្រី ស៊ីនសូ អាបេ នៅថ្ងៃអង្គារ៍ទី១៩ ធ្នូនេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែជាប្រទេសដ៏មានឥទ្ធិលពលបំផុតលើពិភពលោក ប៉ុន្តែដៃគូប្រកួតប្រជែងក៏កំពុងខ្លាំងក្លាដែរ ហើយជប៉ុនទទួលស្គាល់ពីសារៈសំខាន់នៃការប្រកួតប្រជែងយុទ្ធសាស្ត្រ ជាមួយចិននិងរុស្ស៊ី។ សម្រាប់គម្រោងចំណាយដែលកើនឡើងជាង៦ភាគរយនេះ ជប៉ុនក៏នឹងទិញយន្តចម្បាំងពីអាមេរិកប្រភេទ F-35 Stealth ចំនួន៣៥គ្រឿង តម្លៃប្រមាណ៤ពាន់លានដុល្លារអាមេរិក ដើម្បីបន្ថែមលើយន្តប្រភេទនេះដែលមានស្រាប់ចំនួន៤៣គ្រឿង។ ក្រៅពីនេះ ក៏មានការទិញសព្វាវុធពីសហរដ្ឋអាមេរិកផ្សេងៗទៀតផងដែរ៕
-
បណ្តាប្រទេសនៅអាស៊ីកំពុងទទួលបានអត្ថប្រយោជន៍ពីការបន្ធូរបន្ថយពន្ធនាំចូលទៅក្នុងប្រទេសចិន

ចិន៖ កាលពីខែកក្តដា ២០១៨ ប្រទេសចិនបានកាត់បន្ថយពន្ធនាំចូលរថយន្តនិងគ្រឿងបន្លាស់រថយន្ត ជាវិធានការទទួលបានការស្វាគមន៍ពីបណ្តារោងចក្រផលិតរថយន្តជប៉ុន ខណៈដែលចិនគឺជាទីផ្សាររថយន្តដ៏ធំក្នុងពិភពលោក សម្រាប់ប្រទេសជប៉ុន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានចិន CGTN កាលពីម្សិលមិញ។ ប្រភពបានបន្តថា ចិនក៏បានសម្រេចដកចេញពន្ធនាំចូលលើសណ្តែកសៀង និងគ្រាប់ធញ្ញជាតិ ពីប្រទេសបង់ក្លាដេស ឥណ្ឌា ឡាវ កូរ៉េខាងត្បូង និងស្រីលង្កាផងដែរ។ប្រភពបានបន្ថែមទៀតថា ចិនក៏បានកាត់បន្ថយពិន្ធលើថ្នាំពេទ្យ នាំចូលមកពីប្រទេសឥណ្ឌា ដោយគេដឹងថា ឥណ្ឌាគឺជាប្រទេសផលិតថ្នាំពេទ្យច្រើនជាងគេ ហើយ ក៏បានសម្រេចឈប់យកពន្ធលើថ្នាំព្យាបាលមហារីកផងដែរ៕
-
អ៊ីរ៉ង់ តួកគី រុស្ស៊ី និងអង្គការសហប្រជាជាតិព្រមព្រៀងបន្តជំរុញបង្កើតរដ្ឋធម្មនុញ្ញថ្មីសម្រាប់ប្រទេសស៊ីរី

រុស្ស៊ី៖ រដ្ឋាភិបាលរុស្ស៊ី តួកគី អ៊ីរ៉ង់ និងអង្គការសហប្រជាជាតិបានសម្តែងសេចក្តីសង្ឃឹមនៅថ្ងៃអង្គារ៍នេះថា គណៈកម្មាធិការមួយដែលទទួលបន្ទុកក្នុងការសរសេររដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសស៊ីរី នឹងចាប់ផ្តើមការងារនៅដើមឆ្នាំក្រោយនេះ ខណៈរដ្ឋាភិបាលក្រុងដាម៉ាស់ មិនទាន់បានយល់ព្រមចំពោះគណៈកម្មាធិការនេះនៅឡើយទេ ដោយនិយាយថា ខ្លួននឹងគាំទ្រតែដំណើរការមួយដែលកែប្រែរដ្ឋធម្មនុញ្ញដែលមានស្រាប់របស់ស៊ីរីប៉ុណ្ណោះ ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ ដែលនៅក្បែរសមភាគីអ៊ីរ៉ង់លោក ម៉ូហាម៉ាត់ ចាវ៉ាដ ហ្សារីហ្វ និងសមភាគីតួកគីលោក មេវលូត ខាវូសូគ្លូ បានអានសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីបានជួបសន្ទនាជាមួយប្រេសិតស៊ីរីប្រចាំអង្គការសហប្រជាជាតិលោក ស្តាហ្វាន ដឺ មីស្ទូរ៉ា ដោយលោក ឡាវរ៉ូវ បាននិយាយថា រុស្ស៊ី អ៊ីរ៉ង់ និងតួកគីបានព្រមព្រៀងគ្នាប្រឹងប្រែង ដើម្បីកោះប្រជុំលើកដំបូង នៃគណៈកម្មាធិការធម្មនុញ្ញនៅក្នុងទីក្រុងហ្សឺណែវ នៅដើមឆ្នាំក្រោយ ។ គណៈកម្មាធិការនេះ បានក្លាយជាចំណុចស្នូលនៃកិច្ចប្រឹងប្រែង ដើម្បីសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ីរី ហើយមានបំណងរៀបចំការបោះឆ្នោតដែលអាចនឹងបើកទំព័រថ្មីក្នុងសង្គ្រាមដ៏វិនាសរយៈពេល៧ឆ្នាំ ប៉ុន្តែសហរដ្ឋអាមេរិកដែលមានទំនាក់ទំនងតឹងតែងជាមួយរុស្ស៊ី និងអ៊ីរ៉ង់បានរំលឹកឡើងវិញថាគោលដៅដំបូង គឺត្រូវបង្កើតរដ្ឋធម្មនុញ្ញថ្មីឱ្យបាននៅក្នុងឆ្នាំ ២០១៨នេះ ៕