-
ប្រទេសចិនប្រារព្ធខួបទី៤០ នៃគោលនយោបាយកំណែទម្រង់សេដ្ឋកិច្ច និងការបើកទូលាយ

ចិន៖ នៅថ្ងៃអង្គារ៍នេះ ចិនបានប្រារព្ធខួបលើកទី៤០ នៃគោលនយោបាយ “កំណែទម្រង់ និងការបើកទូលាយ” របស់ខ្លួន ដែលបានប្រែក្លាយប្រទេសមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក ទៅជាមហាយក្សសេដ្ឋកិច្ចមួយ ដែលឥឡូវនេះកំពុងប្រឈមនឹងកំណើនយឺតយ៉ាវ ក៏ដូចជាភាពតានតឹងជាមួយសហរដ្ឋអាម៉េរិក។ ជាគំនិតដំបូងរបស់មេដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតលោក តេង សៀវពីង កម្មវិធីកំណែទម្រង់នេះ ត្រូវបានផ្តល់សច្ចាប័ននៅឯសន្និបាតគណបក្សកុម្មុយនីស្តកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ១៩៧៨ ដោយបានផ្តាច់ចេញពីគោលនយោបាយវឹកវររបស់មេដឹកនាំជំនាន់មុនគឺលោក ម៉ៅ សេទុង។ កំណែទម្រង់នេះ បានលុបបំបាត់ចោលនូវសមូហនីយកម្មតាមបែបម៉ៅនិយម ដែលធ្វើឱ្យប្រទេសជាតិក្រីក្រ និងដើរថយក្រោយ ដោយចាប់ផ្តើមបើកនូវយុគសម័យថ្មីមួយ ដែលនាំឱ្យមានកំណើនប្រចាំឆ្នាំ២ខ្ទង់ ដែលទាញមនុស្សរាប់លាននាក់ចេញពីភាពក្រីក្រ និងប្រែក្លាយចិនឱ្យក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ លើពិភពលោក។ យោងតាមទស្សនាវដ្តី Hurun Report ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបានឱ្យដឹងថា ប្រទេសចិនឥឡូវនេះ មានមហាសេដ្ឋីពាន់លានដុល្លារច្រើននាក់បំផុតនៅលើពិភពលោក គឺរហូតដល់៦២០នាក់៕ម.ន
-
លោកស្រី Theresa May៖ ការបោះឆ្នោតប្រជាមតិជាលើកទី២ស្ដីពីការចាកចេញពីសហភាពអឺរ៉ុប នឹងបំផ្លាញទំនុកចិត្តរបស់ពលរដ្ឋអង់គ្លេស

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ព្រមានសមាជិកសភានៅថ្ងៃច័ន្ទនេះថា ការរៀបចំការបោះឆ្នោតប្រជាមតិជាលើកទី២ ស្ដីពីការចាកចេញពីសហភាពអឺរ៉ុប ឬ Brexit អាចនឹងបំផ្លាញទំនុកចិត្តរបស់ប្រជាជនអង់គ្លេស។ បើតាមការគ្រោងទុកនោះ ចក្រភពអង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ខាងមុខ បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយរវាងទីក្រុងឡុងដ៏ និងសហភាពអឺរ៉ុបនាពេលថ្មីៗនេះ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ និង Brexit អាចចូលជាធរមានបាន ទាល់តែមានការអនុម័តពីសភាជាមុនសិន។ អតីតសមាជិកសភាលោក John Major និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair បានស្ថិតនៅក្នុងចំណោមក្រុមអ្នកនយោបាយដែលកំពុងទាមទារឱ្យមានការបោះឆ្នោតប្រជាមតិជាលើកទី២។ ប៉ុន្តែបើតាមសេចក្ដីព្រាងសុន្ទរកថាមួយដែលត្រូវថ្លែងនៅថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) លោកស្រី May ព្រមានសមាជិកសភាទាំងអស់ថា ការរៀបចំការបោះឆ្នោតប្រជាមតិជាលើកទី២ ស្ដីពីការចាកចេញពីសហភាពអឺរ៉ុប ឬ Brexit អាចនឹងបំផ្លាញទំនុកចិត្តរបស់ប្រជាជនអង់គ្លេស ហើយវាមានតែបន្សល់ទុកនូវបញ្ហាដ៏ស្មុគស្មាញតែប៉ុណ្ណោះ៕ម.ន
-
បទឈប់បាញ់នៅប្រទេសយ៉េម៉ែន នឹងចូលជាធរមានចាប់ពីថ្ងៃទី១៨ ខែធ្នូនេះតទៅ

យ៉េម៉ែន៖ លោក យ៉ាយ៉ា សារៀ ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រុមឧទ្ទាម ហ៊ូធី បាននិយាយក្នុងសន្និសីទកាសែតនៅទីក្រុងសាណា កាលពីចុងសប្តាហ៍មុនថា បទឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងភាគីបង្កសង្គ្រាមនៅយ៉េម៉ែន សម្រាប់ទីក្រុងកំពង់ផែហូដេដាស់ នឹងចូលជាធរមានចាប់ពីថ្ងៃទី១៨ ខែធ្នូនេះតទៅ។ ក្រុមឧទ្ទាម ហ៊ូធី គាំទ្រដោយអ៊ីរ៉ង់ និងរដ្ឋាភិបាលលោកប្រធានាធិបតី អាប់ រ៉ាប៊ូ មែនសួ ហាឌី គាំទ្រដោយអារ៉ាប៊ី សាអូឌីត បានឈានដល់បទឈប់បាញ់កាលថ្ងៃព្រហស្បតិ៍តកន្លងទៅ ក្រោយកិច្ចប្រជុំរយៈពេល១សប្តាហ៍ រៀបចំឡើងដោយអង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ុយអែត ដើម្បីបញ្ឈប់សង្គ្រាមនៅក្នុងទីក្រុងសមុទ្រក្រហមមួយនេះ ហើយនឹងការដកកងកម្លាំងចេញ ។ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង ហូដេដាស់ សង្ឃឹមជឿជាក់ថា បទឈប់បាញ់នេះ នឹងនាំមកនូវសន្តិភាព និងស្ថិរភាព ហើយនឹងធ្វើឲ្យពួកគេអាចវិលត្រឡប់មកធ្វើការឡើងវិញបាន។ សូមបញ្ជាក់ថា ទីក្រុងដែលគ្រប់គ្រងភាគច្រើនដោយក្រុមឧទ្ទាមហ៊ូឌី រួមទាំងទីក្រុងហូដេដាស់ និងរដ្ឋធានីសាណា ជាកន្លែងដែលពួកគេបានផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហាឌី កាលពីឆ្នាំ២០១៤នោះ បានបង្ខំឲ្យមានការជ្រៀតជ្រែកពីកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ខណៈបច្ចុប្បន្នរដ្ឋាភិបាលយ៉េម៉ែន មានមូលដ្ឋាននៅទីក្រុងកំពង់ផែភាគខាងត្បូងអាដែន៕ម.ន
-
បញ្ហារូបថតឯកជនរបស់ម្ចាស់គណនីជិត៧លាន ត្រូវបានគេយកទៅកាន់កាប់បាននោះ ហ្វេសប៊ុកចាប់ផ្តើមដោះស្រាយហើយ

សហរដ្ឋអាម៉េរិក៖ ចាប់ផ្តើមពីសប្តាហ៍ក្រោយតទៅ Facebook នឹងបង្កើត Tool មួយអាចផ្តល់ឲ្យអ្នកអភិវឌ្ឍន៍កម្មវិធីអាចត្រួតពិនិត្យមើលបាន តើពួកគេមានទទួលរងផលប៉ះពាល់បែបណាឬអត់ និងការអនុញ្ញាតឲ្យមានការលុបចោលនូវរូបភាព ដែលពួកគេមិនគួរចូលទៅទាក់ទងនឹងបញ្ហា រូបថតឯកជនរបស់គណនីជិត៧លាននាក់ ដែលត្រូវបានគេលួចយកទៅប្រើប្រាស់បាន ទោះបីជារូបទាំងនោះ ត្រូវបានទុកជាសម្ងាត់ មិនបង្ហាញជាសាធារណៈក៏ដោយ។ ផ្ទុះរឿងអាស្រូវនៃប្រព័ន្ធសុវត្ថិភាពថ្មីមួយទៀត ដោយFacebook បានចេញផ្សាយ កាលពីចុងសប្តាហ៍កន្លងទៅថា កំហុសឆ្គង Photo API បានអនុញ្ញាតឲ្យអ្នកអភិវឌ្ឍន៍កម្មវិធីអាចចូលទៅកាន់រូបថតរបស់អ្នកប្រើប្រាស់ប្រមាណជា៦,៨ លានគណនី ទោះបីប្រភេទរូបទាំងនោះ មិនបានបង្ហោះលើបណ្ដាញសង្គមជាសាធារណៈ (Public) ក៏ដោយ។ ក្រុមហ៊ុនយក្សរបស់អាម៉េរិកមួយនេះបានអះអាងថា ខ្លួនរកឃើញចន្លោះប្រហោងកាលពីថ្ងៃទី ២៥ កញ្ញា និងបានជួសជុលរួចជាស្រេច ប៉ុន្តែគួរឲ្យសោកស្តាយការខុសឆ្គងនេះបានកើតមានតាំងពីថ្ងៃទី១៣ កញ្ញា មកទល់ថ្ងៃទី២៥ កញ្ញា ២០១៨ មកម្ល៉េះ។ Facebook បានសរសេរថា “ផលប៉ះពាល់កើតមានលើអ្នកប្រើប្រាស់ដែល Login គណនី Facebook និងបើកការអនុញ្ញាតឲ្យភាគីទី ៣ មានសិទ្ធិភ្ជាប់ទៅកាន់ទិន្នន័យរូបថតរបស់ពួកគេ”។ បច្ចុប្បន្នភាព Facebook បានប៉ាន់ប្រមាណថា មានប្រហែល១៥០០កម្មវិធីចេញពី Developer ចំនួន ៨៧៦ នាក់ផ្សេងពីគ្នាទទួលផលប៉ះពាល់ជាមួយកំហុសឆ្គងសុវត្ថិភាពនេះ…
-
អង្គការ NASA គ្រោងបញ្ជូនយាន Mars Rover 2020 ទៅចុះចតលើភពព្រះអង្គារ

សហរដ្ឋអាមេរិក៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញរូបភាពថ្មីៗ និងវីដេអូ ដែលបង្ហាញនូវទិដ្ឋភាពមើលពីខាងលើ នៃបឹងបុរាណមួយនៅភពអង្គារ ដែលជាទីតាំងស្រាវជ្រាវសម្រាប់យាន រ៉ូវើ ថ្មីរបស់ខ្លួន នៅក្នុងការរុករកសញ្ញានៃវត្តមានជីវិត ដែលរលត់សាបសូន្យជាយូរលង់ណាស់មកហើយ នៅលើភពក្រហមនេះ ។ បេសសកកម្ម ម៉ាស់ រ៉ូវើ ២០២០ ត្រូវគេកំណត់ថា នឹងចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២០ ហើយការចុះទៅដល់ទីតាំងស្រាវជ្រាវលើភពអង្គារ នឹងកើតឡើងនៅខែកុម្ភៈ ឆ្នាំ២០២១ ។ តួខ្លួនរបស់យានថ្មីនេះ មានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងយាន ឃើរៀសស៊ីតធី របស់ ណាសា ដែលបាននិងកំពុងសិក្សាស្រាវជ្រាវនៅតំបន់រណ្តៅ ហ្គេល ក្រេដធើ ចាប់តាំងពីខែសីហា ឆ្នាំ២០១២មក ។ ហើយកាលពីខែមុនអង្គការ NASA បានប្រកាសថា យាន ម៉ាស់ រ៉ូវើ ឆ្នាំ២០២០ នឹងចុះទៅដល់ក្នុងរណ្តៅឈ្មោះថា ចេហ្សឺរ៉ូ ក្រេដធើ ដែលមានមុខកាត់៤៥គីឡូ ម៉ែត្រ ស្ថិតនៅភាគខាងជើងបន្ទាត់អេក្វាទ័រនៃភពអង្គារ ។ នៅក្នុងរណ្តៅ…
-
កិច្ចព្រមព្រៀងលើបញ្ហាអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ ទទួលរងការរំខានពីសំណាក់ក្រុមបាតុករជាច្រើន

បែលហ្ស៊ិក៖ បាតុកររាប់ពាន់នាក់បានប៉ះទង្គិចគ្នាជាមួយប៉ូលិសបែលហ្ស៊ិក ក្នុងអំឡុងការដង្ហែក្បួនប្រឆាំងតវ៉ានឹងកិច្ចព្រមព្រៀង ស្តីពីបញ្ហាអន្តោប្រវេសន៍ពិភពលោករបស់អង្គការសហប្រជាជាតិ នៅឯទីក្រុងព្រុចសែល ក្នុងថ្ងៃអាទិត្យម្សិលមិញ ខណៈការិយាល័យរដ្ឋអាជ្ញាទីក្រុងព្រុចសែល បានបញ្ជាក់ថា មនុស្សចំនួន១០០នាក់ត្រូវបានចាប់ខ្លួន។ កម្លាំងប៉ូលិសបានបង្ខំចិត្តប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ទប់ទល់នឹងក្រុមបាតុករ ស្របពេលដែលការប៉ះទង្គិចគ្នាបានកើតមានឡើងនៅក្បែរអគារស្នាក់ការរបស់សហភាពអឺរ៉ុប។ ចំនួនក្រុមបាតុករសរុបត្រូវគេរាយការណ៍ថា មានប្រហែល៥,៥០០នាក់ ដោយគិតបញ្ចូលមនុស្សជាង១,០០០នាក់ ដែលបាននាំគ្នាដង្ហែក្បួនដោយសន្តិវីធី ដើម្បីសម្តែងការគាំទ្រដល់កិច្ចព្រមព្រៀងនេះ។ បាតុកម្មនេះ ត្រូវបានធ្វើឡើងក្រោមគោលដៅប្រឆាំងចំពោះកិច្ចព្រមព្រៀងជាសកលសម្រាប់ការធ្វើអន្តោប្រវេសន៍ដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ និងជាប្រចាំរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានចុះហត្ថលេខាអនុម័តនៅឯទីក្រុង Marrakech ប្រទេសម៉ារ៉ុក កាលពីដើមសប្តាហ៍មុន៕
-
ធនាគារពិភពលោកជឿជាក់ថា ម៉ាឡេស៊ីកំពុងស្ថិតលើផ្លូវឆ្ពោះទៅរកកម្រិតប្រាក់ចំណូលខ្ពស់ និងក្លាយជាប្រទេសអភិវឌ្ឍន៍

បរទេស៖ លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានអះអាងថា ប្រទេសម៉ាឡេស៊ី កំពុងស្ថិតលើផ្លូវឆ្ពោះទៅរកកម្រិតប្រាក់ចំណូលខ្ពស់ និងក្លាយជាប្រទេសអភិវឌ្ឍន៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ។ លោកស្រីថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីមានភាពចម្រុះ និងបានឈរលើគ្រឹះដ៏រឹងមាំ ដែលត្រូវបានរៀបចំឡើងដើម្បីនាំប្រទេសទៅកម្រិតបន្ទាប់មួយទៀត ហើយក្រុមធនាគារពិភពលោកត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រប្រទេសម៉ាឡេស៊ីនៅក្នុងដំណើរការផ្លាស់ប្ដូរដ៏សំខាន់នេះ។ ការអះអាងនេះធ្វើឡើង ក្រោយពេលដែលលោកស្រី Kwakwa កាលពីថ្ងៃច័ន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃទៅកាន់ប្រទេសម៉ាឡេស៊ី ដោយបានជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Lim Guan Eng និងអភិបាលធនាគារម៉ាឡេស៊ី លោក Shamsiah Mohd Yunus ផងដែរ៕
-
Apple ត្រូវបានបង្គាប់ឲ្យឈប់លក់ផលិផលខ្លួនចាប់ពីស៊េរី iPhone X ចុះក្រោម នៅចិន ខាតរាប់លានដុល្លារក្នុង១ថ្ងៃ

សហរដ្ឋអាម៉េរិក៖ តុលាការចិនថ្មីៗនេះបានបង្គាប់ឲ្យក្រុមហ៊ុន Apple ឈប់លក់ iPhone ចាប់ពីស៊េរី iPhone X ចុះក្រោម ក្រោមការប្ដឹងផ្ដល់របស់ក្រុមហ៊ុនផលិតឈីប Qualcomm។ Apple បានរៀបរាប់លម្អិតអំពីផលប៉ះពាល់ដែលអាចកើតមានឡើង ប្រសិនបើការហាមឃាត់លក់ iPhone នៅចិនត្រូវបានអនុវត្តន៍មែននោះ។ ការហាមឃាត់នេះអាចនឹងធ្វើឲ្យ Apple បាត់បង់រាប់លានដុល្លារក្នុងមួយថ្ងៃ ហើយរដ្ឋាភិបាលចិននឹងបាត់បង់ប្រាក់ពន្ធជាច្រើន។ ប្រភពបន្តថា Apple ខ្លួនបានបង្កើតការងារ៥លានកន្លែងក្នុងប្រទេសចិន ទាំងលើផ្នែកសង្វាក់ផលិតកម្ម និងការអភិវឌ្ឍ ហើយការហាមឃាត់នេះអាចធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនដំឡើងធំៗផ្សេងៗទៀត។ យ៉ាងណាក៏ដោយ Apple បានបញ្ជាក់ថា ខ្លួនអាចនឹងត្រូវបង្ខំចិត្តសម្រុះសម្រួលជាមួយក្រុមហ៊ុន Qualcomm លើហាមឃាត់លក់ iPhone នេះ៕
-
អតីតប្រធានាធិបតីប្រទេសម៉ាល់ឌីវ ត្រូវបានគេបង្កកទ្រព្យសម្បត្តិ៦,៥លានដុល្លារអាម៉េរិក ក្រោយធ្លាក់ពីអំណាច

ម៉ាល់ឌីវ៖ អតីតប្រធានាធិបតីម៉ាល់ឌីវ លោក Abdulla Yameen កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទប្រព្រឹត្តិអំពើពុករលួយ ក្រោយពេលដែលតុលាការឲ្យបង្កកទ្រព្យសម្បត្តិរបស់លោក៦,៥លានដុល្លាអាម៉េរិក នេះបើតាមការបញ្ជាក់របស់នគរបាលកាលពីម្សិលមិញ។ លោក Yameen ដែលបានចាញ់ការបោះឆ្នោត កាលពីខែកញ្ញានោះ ត្រូវបាននគរបាលសាកសួរ នៅលើប្រជុំកោះរាត្រីក្រេបទឹកឃ្មុំ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅ។ លោកត្រូវបានគេសង្ស័យថា បានទទួលលុយ១,៥លានដុល្លារអាម៉េរិក ក្នុងការទូទាត់ខុសច្បាប់មួយអំឡុងការតវ៉ាឲ្យមានការបោះឆ្នោតជាថ្មីគ្មានប្រសិទ្ធភាព ក្នុងប្រទេសស្ថិតនៅមហាសមុទ្រឥណ្ឌាមួយនេះ។ យ៉ាងណាក៏ដោយ អតីតប្រធានាធិបតីដែលគេស្គាល់ថា ជាបុរសខ្លាំង ប្រើប្រាស់កណ្តាប់ដៃដែកក្នុងការផ្តួលគូប្រកួតរូបនេះបានបដិសេធចំពោះការចោទប្រកាន់ទាំងអស់៕
-
សម្ព័ន្ធអារ៉ាប់ និងប៉ាឡេស្ទីន ថ្កោលទោសអូស្ត្រាលី ជុំវិញការសម្រេចចិត្តទទួលស្គាល់ភាគខាងលិចទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល

អេហ្ស៊ីប៖ ប្រទេសប៉ាឡេស្ទីន និងសម្ព័ន្ធអារ៉ាប់ដែលមានមូលដ្ឋាននៅរដ្ឋធានីកៃរ៉ូ ប្រទេសអេហ្ស៊ីប ហៅកាត់ថា AL បានប្រកាសធ្វើការថ្កោលទោសអូស្ត្រាលី នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួននៅថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ ឆ្លើយតបទៅនឹងការសម្រេចចិត្តនាពេលថ្មីៗរបស់ប្រទេសនេះ ក្នុងការទទួលស្គាល់ភាគខាងលិចទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល។ ការថ្កោលទោសនេះ បានកើតឡើងក្រោយពេលនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន បានធ្វើការប្រកាសនៅថ្ងៃដដែលនោះថា ប្រទេសរបស់លោកបានទទួលស្គាល់ជាផ្លូវការថា ភាគខាងលិចទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល បើទោះបីជាមានការប្រឆាំងទាំងនៅក្នុងស្រុក ក៏ដូចជាការថ្កោលទោសពីសំណាក់ប្រទេសអារ៉ាប់ និងជនជាតិមូស្លីមក៏ដោយ។ យ៉ាងណាមិញ លោក ម៉ូរីសុន ក៏បានប្រកាសបង្ហាញការគំាទ្ររបស់លោកផងដែរ ដល់អនាគតរបស់ពលរដ្ឋប៉ាឡេស្ទីន ជាមួយនឹងការទទួលបានភាគខាងកើតទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប្រទេសខ្លួន ហើយនាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះថែមទាំងអះអាងទៀតថា ស្ថានទូតអូស្ត្រាលីនឹងបន្តតាំងនៅក្នុងទីក្រុង តែល អាវីសហ្វ រហូតទាល់តែស្ថានភាពនៃទីក្រុងហ្សេរុយសាឡឹម ត្រូវបានកំណត់នៅក្រោមកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕ម.ន