-
ចិន និងឥណ្ឌារឹតបន្តឹងលើកិច្ចសហប្រតិបត្តិការយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេវរកម្ម

ចិន៖ ការហាត់ហ្វឹកហ្វឺនផ្នែកយោធារួមគ្នាមួយរវាងកងទ័ពចិន និងឥណ្ឌាបានបើកដំណើរការហើយ នៅក្នុងទីក្រុង Chengdu ជាក្រុងធំរបស់ខេត្ត Sichuan ភាគនិរតីប្រទេសចិន ដែលមានរហ័សនាមថា “ Hand in Hand 2018 ” ដោយសមយុទ្ធនេះ មានគោលដៅលើកកម្ពស់សមត្ថភាពការពារជាតិរបស់យោធាប្រទេសទាំងពីរ ក្នុងការឆ្លើយតបទៅនឹងអំពើភេវរកម្ម ។ ថ្លែងប្រាប់អ្នកយកព័ត៌មាន CGTN មេបញ្ជាការកងកម៉្មង់ដូចិន លោក Zhou Jun បានឱ្យដឹងថា ក្នុងអំឡុងពេលហ្វឹកហាត់រយៈពេល២សប្តាហ៍នេះ សិក្ខាកាមទាំងអស់ត្រូវបានកំណត់ឲ្យចូលរួមមុខវិជ្ជាផ្សេងៗជាច្រើន ក្នុងនោះរួមមានការឆ្លងកាត់ស្ពានខ្សែពួរ និងការរំដោះចំណាប់ខ្មាំង ក៏ដូចជាការបាញ់គ្រាប់ពិត បាននៅក្នុងចំណោមការការហ្វឹកហ្វឺនដទៃជាច្រើនទៀត។ ដោយឡែកសិក្ខាកាមម្នាក់មកពីកងទ័ពឥណ្ឌា គឺលោក Atual Yadav បាននិយាយថា បទពិសោធន៍ដែលទទួលបានពីការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនេះ បានផ្តល់នូវឱកាសឲ្យភាគីទាំងពីរលើកកម្ពស់ជំនាញបាញ់គ្រាប់ពិតរបស់ខ្លួន ក៏ដូចជាទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ស្ថិតក្រោមកិច្ចសហការប្រយុទ្ធប្រឆំាងនឹងអំពើភេវរកម្មរួមគ្នា។ បើតាមសិក្ខាកាមម្នាក់ទៀតមកពីកងទ័ពចិនបានអះអាងថា រូបលោកបានសម្រេចស្នាដៃជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពីការបណ្តុះបណ្តាលទ្វេភាគីខាងលើ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី១១ ខែធ្នូមកម្ល៉េះ៕ម.ន
-
ក្រសួងការពារជាតិរុស្ស៊ី៖ មន្ទីរបញ្ចកោណបរាជ័យ ក្នុងការទទួលយកសំណើរបស់រុស្ស៊ី ដើម្បីពិភាក្សាអំពីសន្ធិសញ្ញា INF

រុស្ស៊ី៖ រដ្ឋាភិបាលក្រុងម៉ូស្គូ គិតមកទល់ពេលនេះ មិនបានទទួលការឆ្លើយតបណាមួយពីសំណាក់ទីក្រុងវ៉ាស៊ីនតោននៅឡើយទេ ពាក់ព័ន្ធនឹងការទទួលយកសំណើរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គៃ ស៊យហ្គួ ដែលមានបំណងធ្វើកិច្ចពិភាក្សាអំពីការព្រួយបារម្ភនានា ទាក់ទិននឹងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងនៅក្នុងថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះថា សំណើមួយក្នុងចំណោមពីររបស់លោក ស៊យហ្គួ នាពេលថ្មីៗនេះ ត្រូវបានបញ្ជូនទៅឱ្យប្រមុខការពារជាតិអាម៉េរិកលោក ជែម ម៉ាត់ទីស ខណៈមួយទៀតនោះ គឺទាក់ទិននឹងបញ្ហានៅស៊ីរី។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ ក្រសួងការពារជាតិរុស្ស៊ីនៅមិនទាន់ទទួលបានការឆ្លើយតបជាផ្លូវការណាមួយទៅលើសំណើខាងលើ ពីសំណាក់យោធាអាម៉េរិកនៅឡើយទេ។ គួរបញ្ជាក់ថា ប្រទេសចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួនបានចេញមុខសម្តែងគោលជំហរប្រឆាំងដាច់ខាត ចំពោះគំនិតចង់ប្រែក្លាយសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ INF រវាងអាម៉េរិក និងរុស្ស៊ី ឲ្យទៅជាសន្ធិសញ្ញាពហុភាគី។ ការជំទាស់នេះ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានថ្លែងថា ចិនគួរតែស្ថិតក្នុងផ្នែកនៃសន្ធិសញ្ញា INF ក្រោយមកទៀត ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាម៉េរិកថែមទាំងបានបញ្ជាក់ថា មិនត្រឹមតែចិនទេ សូម្បីតែអង្គការ NATO ជាពិសេសបារាំង និងអង់គ្លេស ក៏គួរតែត្រូវចាត់ចូលក្នុងសន្ធិសញ្ញានេះផងដែរ៕ម.ន
-
មនុស្ស៤២នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះឆេះភោជនីយដ្ឋានជប៉ុន

ជប៉ុន៖ សារព័ត៌មាន NHK របស់ជប៉ុនបានរាយការណ៍ថា មនុស្សច្រើនជាង៤០នាក់បានទទួលរងរបួសធ្ងន់ និងស្រាល នៅក្នុងថ្ងៃអាទិត្យម្យិលមិញនេះ ដោយសារករណីផ្ទុះដ៏កក្រើកមួយ ដែលបង្កជាអគ្គិភ័យឆាបឆេះ បានកើតឡើងនៅទីក្រុងសាបប៉ូរ៉ូ ភាគខាងជើងកោះហុកកៃដូ និងបានធ្វើឱ្យអគារផ្ទះល្វែង ព្រមទាំងផ្ទះនៅជិតនោះរញ្ជួយញ័រ។ បើតាមសេក្តីរាយការណ៍របស់ប៉ូលិសជប៉ុន មនុស្ស៤២នាក់បានទទួលរងរបួស ដោយម្នាក់ក្នុងចំណោមពួកគេនេះ បានរងរបួសធ្ងន់ ហើយថា មូលហេតុនៃការផ្ទុះដែលបានបង្កការឆាបឆេះជាអណ្តាតភ្លើងនៅអគារភោជនីយដ្ឋានជាន់ទី២នេះ កំពុងត្រូវបានស៊ើបអង្កេត ដោយពួកគេមិនផ្តល់សេចក្តីលម្អិតបន្ថែមទៀតទេ។ ប៉ុន្តែអ្នកឃើញហេតុការណ៍ម្នាក់ បាននិយាយប្រាប់សារព័ត៌មាន NHK ថា គាត់បានធុំក្លិនហ្គាស បន្ទាប់ពីមានសំឡេងផ្ទុះ៕ម.ន
-
ចិនសម្រេចផ្អាកការដំឡើងពន្ធលើរថយន្ត និងគ្រឿងបន្លាស់នាំចូលពីសហរដ្ឋអាម៉េរិករយៈពេល៣ខែ ដើម្បីបន្ធួរបន្ធយភាពតានតឹងរវាងប្រទេសទំាងពីរ

ចិន៖ ក្រសួងការបរទេសចិន នៅថ្ងៃសុក្រសប្តាហ៍នេះ បានធ្វើការប្រកាសថា ប្រទេសខ្លួននឹងសម្រេចផ្អាកការដំឡើងពន្ធបន្ថែមលើរថយន្ត និងគ្រឿងបន្លាស់របស់សហរដ្ឋអាមេរិក សម្រាប់រយៈពេល០៣ខែ ពោលគឺគិតចាប់ពីដើមឆ្នំាក្រោយនេះ ។ សេចក្តីប្រកាសនេះ បានកើតឡើង ក្រោយពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង បានព្រមព្រៀងគ្នាបន្ធូរបន្ថយភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ កាលពីអំឡុងជំនួបក្រៅផ្លូវការមួយ នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 ដែលបានប្រព្រឹត្តទៅនៅប្រទេសអាហ្សង់ទីន នាដើមខែធ្នួនេះ ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិននោះ ចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ទីក្រុងប៉េកំាងនឹងផ្អាកការយកពន្ធក្នុងអត្រា២៥ភាគរយលើរថយន្ត ព្រមទាំងគ្រឿងបន្លាស់នាំចូលពីអាមេរិកសរុបចំនួន១៤៤ ហើយទីក្រុងប៉េកាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចពន្លឿនកិច្ចចរចា ដើម្បីលុបចោលទាំងស្រុងនូវរាល់ការដំឡើងពន្ធបន្ថែមលើទំនិញគ្នាទៅវិញទៅមក ៕
-
លោក ត្រាំ និយាយថា សហរដ្ឋអាម៉េរិកមិនប្រញាប់ប្រញាល់ឡើង ពាក់ព័ន្ធនឹងកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្តែងសេចក្តីសង្ឃឹមខ្ពស់នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ចំពោះកិច្ចព្រមព្រៀងក្នុងការបញ្ចុះបញ្ចូលកូរ៉េខាងជើង ឱ្យយល់ព្រមបោះបង់ចោលឃ្លំាងអាវុធនុយក្លេអ៊ែររបស់ខ្លួន។តាមរយៈបណ្តាញសង្គម ធ្វីតធើ ផ្លូវការរបស់ខ្លួន លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះថា មនុស្សជាច្រើនបានសួរនំាលោកអំពីវិធីសាស្រ្តដែលពួកយើងបាននិងកំពុងធ្វើ ដើម្បីចរចាគ្នាជាមួយកូរ៉េខាងជើង ហើយថា លោកតែងតែឆ្លើយតបទៅវិញដោយនិយាយថា ពួកយើងមិនប្រញាប់ប្រញាល់ឡើយចំពោះរឿងនេះ ។ ប៉ុន្តែជាមួយគ្នានោះ លោក ត្រាំ ក៏បានសម្តែងសុទិដិ្ឋនិយមផងដែរថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងនឹងមានសក្តានុពលបំផុត ហើយថា លោកប្រមុខ គីម ជុងអ៊ុន ក៏អាចនឹងល្អប្រសើរជាងមនុស្សរាល់គ្នា តាមរយៈការទាញយកអត្ថប្រយោជន៍ពីកិច្ចចរចានេះ សម្រាប់ប្រជាជនរបស់លោក ។ គួរបញ្ជាក់ថា ជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងលោក ត្រាំ និងលោក គីម បានប្រារព្ធឡើងកាលពីខែមិថុនាកន្លងទៅ ក្នុងគោលបំណងចរចាគ្នាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើតំបន់ឧបទ្វីបកូរ៉េរវាងប្រទេសទំាំងពីរ បន្ទាប់ពីអស់រយៈពេលជាច្រើនខែនៃការគំរាមប្រើកម្លាំងយោធាដាក់គ្នា ។ យ៉ាងណាមិញជំនួបកំពូលលើកទី០២ រវាងមេដឹកនំាទំាងពីរត្រូវបានរំពឹងថា ទំនងជាកើតឡើងនៅដើមឆ្នំាក្រោយនេះ ៕
-
មន្រ្តីសហរដ្ឋអាម៉េរិកអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលបរាជ័យក្នុងការចរចាលើការចំណាយសម្រាប់ការឈរជើងរបស់កងទ័ពអាម៉េរិកនៅកូរ៉េខាងត្បូង

សហរដ្ឋអាម៉េរិក៖ មន្រ្តីអាម៉េរិកមួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃសុក្រសប្តាហ៍នេះ បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានទទួលការបរាជ័យលើកិច្ចព្រមព្រៀងមួយ ដែលទាមទារអោយកូរ៉េខាងត្បូងបង្កើនការចំណាយសម្រាប់ការឈរជើងរបស់កងទ័ពអាមេរិកនៅលើឧបទ្វីបកូរ៉េ។ ក្នុងអំឡុងពេល០៣ថ្ងៃកន្លងមកនេះ អ្នកការទូតនៃសម្ព័ន្ធមិត្តទាំងពីរបានបើកការចរចានៅទីក្រុងសេអ៊ូល ដើម្បីស្វែងរកការឯកភាពគ្នាលើកិច្ចព្រមព្រៀងចំណាត់ការពិសេស SMA ដែលកំណត់ពីការចំណាយរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក សម្រាប់កងកម្លាំងយោធាអាមេរិកប្រចាំនៅកូរ៉េខាងត្បូង (USFK) ។ កិច្ចព្រមព្រៀងរយៈពេល០៥ឆ្នាំនេះ នឹងត្រូវផុតសុពលភាពនៅដំណាច់ឆ្នាំ២០១៨ ខណៈកងទ័ពអាមេរិកប្រហែល២៨.៥០០នាក់កំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង ក្រោយពីសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ទៅតាមរយៈបទឈប់បាញ់ ។ សូមរំលឹកថា កន្លងមក កូរ៉េខាងត្បូងបានចេញថវិកា៩៦០ពាន់លានវ៉ុន ស្មើនឹង ៨៥០លានដុល្លារអាមេរិក សម្រាប់ការឈរជើងរបស់កងកម្លំាងយោធាអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង ប៉ុន្តែអាមេរិកបានទាមទារអោយកូរ៉េខាងត្បូង បង្កើនការចំណាយប្រចាំឆ្នាំរបស់ខ្លួនអោយច្រើនជាងនេះថែមទៀត ពោលគឺរហូតដល់ទៅទ្វេដងនៃចំនួនបច្ចុប្បន្ន ៕
-
យន្ដហោះរ៉ុកកែតទទួលជោគជ័យលើការសាកល្បងហោះហើរទៅដល់ទីអវកាស ក្រោយព្យាយាមអស់ជាច្រើនឆ្នំា

បរទេស៖ យន្ដហោះរ៉ុកកែតរបស់ក្រុមហ៊ុន Virgin Galactic បានធ្វើដំណើរទៅដល់ទីអវកាស បន្ទាប់ពីការធ្វើតេស្តហោះហើរអស់រយៈពេលជាច្រើនឆ្នាំ ដោយយន្ដហោះ VSS Unity នេះ បានក្លាយជាយន្ដហោះដឹកអ្នកដំណើរដំបូងបង្អស់ ដែលហោះផុតបរិយាកាសផែនដីចូលទៅក្នុងលំហអាកាស ។ ការធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេង២,៥ដង បានធ្វើឱ្យយន្តហោះ VSS Unity ហោះដល់រយៈកម្ពស់៨២.៧គីឡូម៉ែត្រពីលើផែនដី ដែលរដ្ឋាភិបាលអាមេរិកទទួលស្គាល់ថា កម្ពស់៨០គីឡូម៉ែត្រពីផែនដី គឺជាចុងបង្អស់នៃបរិយាកាស ។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ មានន័យថា ក្រុមហ៊ុន Virgin Galactic អាចនឹងបញ្ជូនអ្នកដំណើរដែលមានបំណងទៅទស្សនាលំហអាកាសក្នុងពេលឆាប់ៗនេះ ដែលក្រុមហ៊ុនខិតខំប្រឹងប្រែងចាប់តាំងពីការបើកក្រុមហ៊ុននៅឆ្នាំ២០០៤មក ។សូមជម្រាបផងដែរថា កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ យន្តហោះ VSS Unity បានវិលត្រលប់មកផែនដីវិញដោយសុវត្ថិភាព ខណៈសម្រាប់តម្លៃក្នុងការធ្វើដំណើររយៈពេល៩០នាទី អ្នកដំណើរត្រូវចំណាយ២៥០.០០០ដុល្លារក្នុងម្នាក់ ប៉ុន្តែយ៉ាងណាមិញ ការហោះហើរដោយផ្ទុកអ្នកដំណើរលើកដំបូងបង្អស់ អាចនឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយនេះ ៕
-
អឺរ៉ុបបង្ហាញការគាំទ្រអ៊ុយក្រែន ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាជាមួយរុស្ស៊ី

អឺរ៉ុប៖ ក្រោយកិច្ចប្រជុំរយៈពេល២ថ្ងៃនៅទីក្រុងព្រុចសែល សហភាពអឺរ៉ុបបាននឹងកំពុងត្រៀមលក្ខណៈក្នុងការរៀបចំដំណោះស្រាយ ដើម្បីបង្ហាញការគាំទ្រចំពោះអ៊ុយក្រែន ជុំវិញភាពតានតឹងជាមួយរុស្ស៊ីនៅតំបន់ច្រកសមុទ្រឃើច និងដែនសមុទ្រអាហ្សូវ ដែលរុស្ស៊ីបានចាប់ឃាត់ខ្លួននាវិក និងទូករបស់អ៊ុយក្រែន ដោយមិនទាន់ដោះលែងនៅឡើយទេ។ បើតាមសេចក្តីប្រកាសរបស់ខ្លួន សហភាពអឺរ៉ុបដែលមានសមាជិក២៧ប្រទេសបានបញ្ជាក់ថា ខ្លួនគាំទ្រអ៊ុយក្រែន និងចាត់ទុកសកម្មភាពរបស់រុស្ស៊ីកន្លងមក ជាទង្វើបំពានច្បាប់អន្តរជាតិ ហើយថា មិនមានភាពស្របច្បាប់ណាមួយ ដែលរុស្ស៊ីត្រូវប្រើប្រាស់កម្លាំងនោះឡើយ។ សេចក្តីប្រកាសដដែលបានសង្កត់ធ្ងន់ថា រុស្ស៊ីត្រូវបានតែដោះលែងនាវិកទាំងជាង១០នាក់ និងទូកទាំងអស់របស់អ៊ុយក្រែនជាបន្ទាន់ ហើយថា រុស្ស៊ីត្រូវធានាការធ្វើចរាចរដោយសេរីនៅច្រកសមុទ្រឃើច និងក្នុងដែនសមុទ្រ អាហ្សូវ ដែលស្ថិតនៅក្បែរឧបទ្វីបគ្រីមៀ៕
-
ព្រឹទ្ធសភាសហរដ្ឋអាមេរិកអនុម័តជាឯកច្ឆ័ន្ទលើដំណោះស្រាយធំៗចំនួន២ ពាក់ព័ន្ធនឹងឃាតកម្មលើលោក ខាហ្សូកជី និងបញ្ហាសង្គ្រាមនៅយ៉េមែន

សហរដ្ឋអាម៉េរិក៖ ព្រឹទ្ធសភាអាម៉េរិកបានអនុម័តជាឯកច្ឆ័ន្ទលើដំណោះស្រាយមួយ ដោយជំរុញឱ្យព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិនសាល់ម៉ាន់ ទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកសារព័ត៌មានលោក ចាម៉ាល់ ខាហ្សូកជី។ ដំណោះស្រាយនេះ ត្រូវបានអនុម័តឡើងក្រោយសមាជិកព្រឹទ្ធសភាអាម៉េរិក បានអនុម័តលើដំណោះស្រាយដាច់ដោយឡែកមួយទៀត ដោយស្នើឲ្យរដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បញ្ឈប់ការផ្ដល់ជំនួយ និងការគំាទ្រដល់ប្រតិបត្តិការយោធារបស់ក្រុមចម្រុះអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសយ៉េមែន។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោក ចាម៉ាល់ ខាហ្សូកជី ប្រទេសអារ៉ាប៊ីសាអូឌីតបានទាត់ចោលរាល់ការចោទប្រកាន់ ខណៈប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមន្ត្រីកំពូលៗជាច្រើនរូបរបស់លោក សុទ្ធតែអះអាងថា ព្រះអង្គម្ចាស់រាជទាយាទ ប៊ិនសាល់ម៉ាន់ មិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះឡើយ៕
-
អវកាសយានិករុស្ស៊ីរកឃើញប្រហោងនៅលើយានអវកាស Soyuz MS-09 នៅស្ថានីយអវកាសអន្តរជាតិ

រុស្ស៊ី៖ មជ្ឈមណ្ឌលអវកាសរុស្ស៊ី (MCC) បាននិយាយថា អវកាសយានិករុស្ស៊ី លោក Oleg Kononenko និងលោក Sergey Prokopyev បានរកឃើញរន្ធប្រហោងនៅលើយានអវកាស Soyuz MS-09 ដែលបណ្តាលឱ្យមានការលេចធ្លាយនៅឯស្ថានីយ៍អវកាសអន្ដរជាតិ (ISS) កាលពីខែសីហាកន្លងទៅ។ ដំបូងឡើយ លោក Kononenko បានដកផ្នែកមួយនៃអ៊ីសូឡង់កម្តៅជាបណ្តោះអាសន្ន ដែលគ្របដណ្តប់លើការការពារពីផ្កាយព្រះគ្រោះ បន្ទាប់មកគាត់បានកាត់ផ្នែកការពារដោយប្រើកាំបិត ហើយពន្លិចវា ហើយបន្ទាប់មកគាត់បានកាត់ផ្នែកដែលកោងចេញប្រហែល៨អ៊ីង និងដាក់វាចូលក្នុងកុងតឺន័រ ហៅថា “MCC” ។ លោក Kononenko បានយកគំរូត្រួតពិនិត្យចំនួន២នៃតំបន់ប្រហោង ដោយគំរូនេះនឹងត្រូវបញ្ជូនទៅកាន់ភពផែនដី ដើម្បីសិក្សាបន្ថែមទៀត។ សូមរំលឹកផងដែរថា យានអវកាស Soyuz របស់រុស្ស៊ី បច្ចុប្បន្នគឺជាយានតែមួយគត់នៃយានអវកាសបម្រើការនៅស្ថានីយអវកាសអន្ដរជាតិ ISS និងភពផែនដី ដោយកាលពីខែសីហាកន្លងទៅនេះ ក្រុមអវកាសយានិករបស់ស្ថានីយ៍អវកាសអន្ដរជាតិ ISS បានរកឃើញការបំបែកមួយ នៅលើយានអវកាស Soyuz MS-09 ។ ក្រោយមកបំណែកយានអវកាសនៅពីខាងក្នុង ដែលគ្មានអវកាសយានិកបានប៉ើង…