-
ទីប្រឹក្សាសន្តិសុខសហរដ្ឋអាម៉េរិកនិយាយថា គ្មានឡើយជំនួបរវាងលោក ត្រាំ និងលោក ពូទីន ប្រសិនបើរុស្ស៊ីមិនយល់ព្រមដោះលែងនាវិក និងទូកអ៊ុយក្រែន

សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន ប៊ូលតុន បានបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍នេះថា នឹងគ្មានឡើយកិច្ចប្រជុំទ្វេភាគីរវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដរាបណាទីក្រុងម៉ូស្គូនៅតែមិនយល់ព្រមដោះលែងនាវិក និងទូករបស់អ៊ុយក្រែនវិញ។ ទន្ទឹមគ្នានោះដែរ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិករូបនេះ បាននិយាយថា លោកមើលមិនឃើញកាលៈទេសៈនាពេលអនាគត ដែលកិច្ចប្រជុំបែបនេះ អាចកើតមានឡើងបាន ទាល់តែទូក និងនាវិកអ៊ុយក្រែនត្រូវបានដោះលែង។ លោក បូលតុន ថែមទាំងបានធ្វើការរិះគន់រុស្ស៊ីផងដែរ ជុំវិញការព្យាយាមរបស់ទីក្រុងម៉ូស្គូ ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ តាមរយៈកិច្ចព្រមព្រៀងសេដ្ឋកិច្ចពុករលួយ។ សូមរំលឹកថា លោក ដូណាល់ ត្រាំ បានប្រកាសលុបចោលផែនការជួបពិភាក្សាជាមួយលោក វ៉្លាឌីមៀ ពូទីន មុនពេលធ្វើដំណើរទៅដល់ទឹកដីប្រទេសអាហ្សង់ទីន ដើម្បីចួលរួមកិច្ចប្រជុំកំពូល G20 ដោយសំអាងលើហេតុផលថា រុស្ស៊ីមិនព្រមដោះលែងក្រុមនាវិក និងទូករបស់ពួកគេទៅឲ្យប្រទេសអ៊ុយក្រែនវិញ៕
-
របបយោធាថៃកំណត់យកថ្ងៃទី២៤ កុម្ភៈ រៀបចំការបោះឆ្នោតជាតិ ក្រោយរដ្ឋប្រហារកាលពីឆ្នាំ២០១៤

ថៃ៖ បណ្តាគណបក្សនយោបាយនៅប្រទេសថៃ ពេលនេះមានលទ្ធភាពចូលរួមការបោះឆ្នោតថ្នាក់ជាតិវិញហើយ ខណៈដែលរដ្ឋាភិបាលកើតចេញពីរដ្ឋប្រហារមួយនេះបានសម្រេចលើកលែងបម្រាមសកម្មភាពនយោបាយវិញ។ រដ្ឋាភិបាលយោធាថៃបានដាក់ចេញបំរាមនេះ តាំងពីខ្លួនបានឡើងកាន់អំណាច តាមរយៈរដ្ឋប្រហារកាលពីឆ្នាំ២០១៤ តែរដ្ឋាភិបាលបានចាប់ផ្តើមបន្ធូរបន្ថយ តាំងពីខែកញ្ញា ដើម្បីអនុញ្ញាតឲ្យគណបក្សនយោបាយទាំងនោះបន្តសកម្មភាពឡើងវិញ ហើយប្រទេសនេះ នឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅខែកុម្ភៈ ២០១៩ខាងមុខនេះ។ តាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលគេស្គាល់ថា ជាមេដឹកនាំរបបសឹកនោះបានសម្រេចលើកលែងបំរាម ដែលផ្តោតលើការជួបជុំក្រុមអ្នកនយោបាយ និងបង្កើតមូលនិធិជាដើម ដោយគេដឹងថា ការរឹតបន្តឹងនេះត្រូវបានធ្វើឡើងក្រោយរដ្ឋប្រហារយោធាឆ្នាំ២០១៤ភ្លាមៗ។ ជាមួយគ្នានេះដែរ គណៈកម្មការជាតិរៀបចំការបោះឆ្នោតថៃបានអះអាងពីការបោះឆ្នោតទូទៅនេះ ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៤ កុម្ភៈ ប៉ុន្តែយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅតែត្រូវបានហាមឃាត់ លុះត្រាណា មានការប្រកាសផ្លូវការអំពីការស្ទង់មតិ នៅខែក្រោយ៕
-
ក្រុមហ៊ុន Nissan ប្រកាសប្រមូលរថយន្តរបស់ខ្លួនមកវិញជិត១៥ម៉ឺនគ្រឿង ដោយសារតែបញ្ហាហ្វ្រាំង និងកុងទ័រល្បឿន

ជប៉ុន៖ សារព័ត៌មានជប៉ុនបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ត ទី១៤ ធ្នូនេះថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំនៅជប៉ុន Nissan បានប្រកាសប្រមូលរថយន្តដែលខ្លួនបានដាក់លក់នៅក្នុងប្រទេសជិត១៥ម៉ឺនគ្រឿងមកវិញ ក្រោយពេលរកឃើញបញ្ហាបច្ចេកទេស លើប្រព័ន្ធហ្វ្រាំង និងកុងទ័រល្បឿន។ ក្រុមហ៊ុន Nissan បានដាក់ពាក្យស្នើទៅក្រសួងដឹកជញ្ជូនជប៉ុន ក្នុងការប្រមូលយករថយន្ត១៤៨៧៨០គ្រឿងមកវិញ មាន១១ម៉ូឌែល ដែលត្រូវបានផលិតលក់ក្នុងស្រុក នៅចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៧ និង ខែតុលា ២០១៨ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Japan times។ ប្រភពថា វាមិនមែនជាលើកទី១ទេ សម្រាប់បញ្ហានេះ ដោយមានរថយន្តច្រើនជាង១,១៤លានគ្រឿងហើយដែល Nissan បានប្រកាសប្រមូលមកវិញ ក្រោមហេតុផលបញ្ហាហ្វ្រាំង និង កុងទ័រល្បឿនដូចគ្នា៕
-
អឺរ៉ុបអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំជាមួយជប៉ុន ដោយមានទំហំសេដ្ឋកិច្ចលំដាប់ទី៣នៃ GDP ពិភពលោក

អឺរ៉ុប៖ សភាអឺរ៉ុបកាលពីថ្ងៃពុធ ទី១៣ ធ្នូ ម្សិលមិញបានអនុម័តលើកិច្ចព្រមព្រៀងជាមួយជប៉ុន ដែលអាចចាត់ទុកបានថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំលើពិភពលោក សេដ្ឋកិច្ចគ្របដណ្តប់ក្នុងលំដាប់ទី៣នៃផលិតផលសរុប ឬ GDP របស់ពិភពលោក នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN ។ កិច្ចព្រមព្រៀងនេះនឹងមានប្រសិទ្ធភាព នៅខែកុម្ភៈ ២០១៩ ហើយត្រូវបានចាត់ទុកថា ជាជោគជ័យសម្រាប់សហគមន៍អឺរ៉ុប ក្នុងយុទ្ធនាការធ្វើពាណិជ្ជកម្មសេរី ខណៈដែលអឺរ៉ុបប្រឈមនឹងរបបការពារនិយមរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ព្រមទាំងប្រឈមនឹងការសម្រេចចិត្តរបស់អង់គ្លេស ក្នុងការចាកចេញពីសហគមអឺរ៉ុបទៀតផង។ ពាក់ព័ន្ធនឹងរឿងនេះ ប្រធានគណៈកម្មការពាណិជ្ជកម្មអឺរ៉ុប លោកស្រី Cecilia Malmstrom បាននិយាយថា «ការធ្វើជាដៃគូរសេដ្ឋកិច្ចជាមួយជប៉ុន ជាតំបន់ពាណិជ្ជកម្មដ៏ធំបំផុតនោះត្រូវបានចរចារួចហើយ ឥឡូវនេះ កាន់តែជិតក្លាយជាការពិតហើយ»កិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប-ជប៉ុនឬ EU-Japan Economic Partnership Agreement ដែលផ្តល់ការងារសម្រាប់មនុស្សច្រើនជាង៦៣០លាននាក់នេះ ត្រូវបានចាប់ផ្តើមបើកការចរចាតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ លោកស្រី Malmstrom បានបញ្ជាក់ថា នៅពេលដែលកិច្ចព្រមព្រៀងនេះចាប់ផ្តើមមានប្រសិទ្ធភាពនោះ វានឹងផ្តល់អត្ថប្រយោជន៍ខ្លាំងជាងគេ ដល់ប្រជាកសិករនៅក្នុងសហគមន៍អឺរ៉ុប ដែលនៅសល់សមាជិក២៧ប្រទេស តាមរយៈការបន្ធូរបន្ថយពន្ធនាំចេញទៅជប៉ុន ជាដើម។…
-
ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកនឹងបោះឆ្នោតអំពីសេចក្តីសម្រេចចិត្ត ស្តីពីយុទ្ធនាការរបស់អារ៉ាប៊ីសាអូឌីតនៅប្រទេសយ៉េម៉ែន

សហរដ្ឋអាម៉េរិក៖ ព្រឹទ្ធសភាអាម៉េរិកនឹងធ្វើការពិចារណាជាថ្មី អំពីសេចក្តីសម្រេចចិត្តមួយ ដើម្បីបញ្ឈប់ការគាំទ្ររបស់អាម៉េរិកដល់ការអន្តរាគមន៍យោធារបស់អារ៉ាប៊ីសាអូឌីត ក្នុងសង្គ្រាមស៊ីវិលនៅយេម៉ែន ជាមួយការបោះឆ្នោតមួយអំពីវិធានការនេះ ដែលគ្រោងធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់) ខណៈគេរំពឹងថា ក្រុមសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមួយចំនួនតូច នឹងចូលរួមជាមួយក្រុមប្រជាធិបតេយ្យ ក្នុងការអនុម័តសេចក្តីសម្រេចចិត្តនេះ។ ព្រឹទ្ធសភាអាម៉េរិកដែលដឹកនាំដោយក្រុមសាធារណរដ្ឋបានបោះឆ្នោត៦០សំឡេង ទល់នឹង៣៩សំឡេងកាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីចាប់ផ្តើមជជែកដេញដោលគ្នាអំពីវិធានការនេះ ដោយរឹងទទឹងនឹងរដ្ឋបាលលោក ត្រាំ ដែលបាននិយាយបង្ហាញហេតុផលយ៉ាងខ្លាំងក្លា ប្រឆាំងនឹងការផ្តាច់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងរីយ៉ាដ ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកជាយូរយារមកហើយ។ សមាជិកព្រឹទ្ធសភាអាម៉េរិក ខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Connecticut លោក Richard Blumenthal បាននិយាយថា គេត្រូវការឱ្យមានការបញ្ចប់ការគាំទ្ររបស់អាម៉េរិក នៅក្នុងការទម្លាក់គ្រាប់បែកលើក្រុមជនស៊ីវិល និងការសម្លាប់ក្រុមកុមារនៅក្នុងប្រទេសយ៉េម៉ែន ដែលជាឧក្រិដ្ឋកម្មសង្គ្រាម។ ដោយឡែកលោក Bernie Sanders ជាសមាជិកព្រឹទ្ធសភាឯករាជ្យប្រចាំរដ្ឋ Vermont ដែលជាសហអ្នកផ្តើមគំនិតនៃវិធនាការនេះបានបញ្ជាក់ថា សេចក្តីសម្រេចចិត្តនេះចែងថា នៅក្នុងសង្គ្រាមដ៏អាក្រក់ និងរន្ធត់នេះ សភាប្រុងប្រៀបធ្វើសកម្មភាព ហើយលោកសង្ឃឹមថា យើងទាំងអស់គ្នានឹងក្តាប់យកឱកាសនេះ៕
-
សហរដ្ឋអាម៉េរិកព្រមានតួកគី ពាក់ព័ន្ធនឹងគម្រោងបើកប្រតិបត្តិការយោធាជាថ្មី ប្រឆាំងក្រុមសកម្មប្រយុទ្ធឃើដនៅប្រទេសស៊ីរី

សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិកបានព្រមានថា រាល់សកម្មភាពយោធាលក្ខណៈឯកតោភាគីណាមួយដែលធ្វើឡើងនៅភាគឦសានស៊ីរី គឺជារឿងមិនអាចទទួលយកបានឡើយ បន្ទាប់ពីតួកគីបានប្រកាសថា នឹងចាប់ផ្តើមធ្វើប្រតិបត្តិការយោធាជាថ្មីម្តងទៀត ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃើដ ដែលគាំទ្រដោយអាម៉េរិកនៅក្នុងប្រទេសស៊ីរី។ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ នៅថ្ងៃពុធនេះ បានប្រកាសអំពីប្រតិបត្តិការយោធាថ្មីមួយផ្សេងទៀត សំដៅប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃើដ (YPG) នៅតំបន់ភាគខាងកើតទន្លេ យូផ្រេត ប៉ែកឦសានប្រទេសស៊ីរី ដែលនឹងត្រូវប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ។ ជុំវិញសេចក្តីប្រកាសនេះ អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិកបានលើកឡើងថា ការធ្វើសកម្មភាពយោធាបែបឯកតោភាគីនៅភាគឦសានស៊ីរី ដោយភាគីណាមួយ ជាពិសេសស្របពេលដែលកងទ័ពអាម៉េរិកអាចមានវត្តមាននៅក្បែរ ឬក្នុងតំបន់ថែមទៀតនោះ គឺជាទង្វើមិនអាចទទួលយកបានឡើយ៕
-
វៀតណាមចង់ធ្វើជាម្ចាស់រៀបចំកិច្ចជំនួបកំពូលជាលើកទី២ រវាងមេដឹកនាំសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង

វៀតណាម៖ សារព័ត៌មាន CNN ផ្អែកលើប្រភពទទួលបានពីកាសែតយ៉ុបហាប់បានឲ្យដឹងថា វៀតណាមបានបង្ហាញចំណាប់អារម្មណ៍ទទួលរៀបចំកិច្ចប្រជុំកំពូលជាលើកទី២ រវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសថា លោកមានបំណងជួបជាមួយលោក គីម ជុងអ៊ុន នៅខែមករា ឬខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ ហើយមិនបានបញ្ជាក់ពីទីតាំងរៀបចំជំនួបនោះទេ ដោយគ្រាន់តែនិយាយថាចង់អញ្ជើញលោក គីម មកកាន់សហរដ្ឋអាម៉េរិក។ សារព័ត៌មាន CNN ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីជាន់ខ្ពស់វៀតណាមជាច្រើនរូប ដែលបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ប្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូង ខណៈម៉ុងហ្គោលី និងឥណ្ឌូណេស៊ី ក៏ចង់រៀបចំកិច្ចប្រជុំកំពូលរវាងលោកត្រាំ និងលោក គីម ផងដែរ។ ប៉ុន្តែបើតាមព័ត៌មានក្រៅផ្លូវការមួយចំនួននោះ វៀតណាមអាចនឹងក្លាយជាម្ចាស់ផ្ទះរៀបចំជំនួបរវាងលោក ត្រាំ និងលោក គីម បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង និងមន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់គឺលោក Mark Lambert បានបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាម កាលពីខែវិច្ឆិកាកន្លងទៅ…
-
កូរ៉េខាងត្បូងដឹកនាំការធ្វើសមយុទ្ធយោធានៅក្បែរប្រជុំកោះដែលមានវិវាទជាមួយជប៉ុន

កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូងបានដឹកនាំការធ្វើសមយុទ្ធយោធាមួយនៅក្បែរតំបន់កោះជម្លោះនៃទីប្រជុំកោះ ដុកដូ ឬហៅជាភាសាជប៉ុនថា តាគិស៊ីម៉ា ដោយមានការចូលរួមពីនាវា និងយន្ដហោះចម្បាំងជាច្រើនគ្រឿង។ ការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូងនៅឯទីប្រជុំកោះ ដុកដូ នេះ តែងតែធ្វើឱ្យជប៉ុនមានការខឹងសម្បារជាខ្លាំងដោយសារតែទីក្រុងតូក្យូចាត់ទុកថា ទីប្រជុំកោះដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រង់របស់កូរ៉េខាងត្បូងមួយនេះជាកម្មសិទ្ធិរបស់ខ្លួន។ បើតាមការអះអាងរបស់យោធាកូរ៉េខាងត្បូងនោះ ការធ្វើសមយុទ្ធយោធាជាទម្លាប់នៅឯទីប្រជុំកោះ ដុកដូ ត្រូវធ្វើឡើងរួមគ្នារវាងកងទ័ពជើងទឹក កងទ័ពអាកាស និងកងឆ្មាំសមុទ្រ សម្រាប់រយៈពេល២ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍តនេះទៅ ខណៈនាវាពិឃាតមួយគ្រឿងមានទម្ងន់៣,២០០តោន និងនាវា៧គ្រឿងផ្សេងទៀត ព្រមទាំងយន្ដហោះស៊ើបការណ៍ដែនសមុទ្រ P-3C និងយន្ដហោះប្រយុទ្ធ៤គ្រឿង ដោយក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង F-15K ក៏បានចូលរួមមានវត្តមានក្នុងសមយុទ្ធយោធានេះដែរ៕
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកអះអាងថា អ៊ីរ៉ងបង្កើនសកម្មភាពផលិតកាំជ្រួចមីស៊ីលផ្លោងឆ្លងទ្វីប រំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះថា សកម្មភាពផលិតកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីបរបស់អ៊ីរ៉ង់បានកើនឡើងកាន់តែខ្លាំង ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥មក បើទោះជាកិច្ចព្រមព្រៀងនេះ បង្កើតឡើងក្នុងគោលបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក៏ដោយ។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខយូអិននៅឯកិច្ចប្រជុំប្រចាំឆមាស ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរថា អ៊ីរ៉ង់បានកែងប្រវ័ញ្ចលើសុច្ឆន្ទៈរបស់ប្រជាជាតិនានា និងបានជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខយូអិន ក្នុងការទប់ស្កាត់មិនឲ្យផលិតកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីប ខណៈអាម៉េរិកនឹងមិនគាំទ្រទង្វើនេះទេ។ លោក ប៉ុមប៉េអូ បានបញ្ជាក់ថា សេចក្តីសម្រេចលេខ២២៣១របស់ក្រុមប្រឹក្សាសន្តិសុខយូអិន ដែលបានដាក់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅក្នុងច្បាប់អន្តរជាតិ ដើម្បីអំពាវនាវឲ្យអ៊ីរ៉ង់បញ្ឈប់សកម្មភាពនានា ដែលជាប់ពាក់ព័ន្ធនឹងការផលិតកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីប ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។ ទន្ទឹមគ្នានោះដែរ លោក ម៉ៃ ប៉ុមប៉េអូ បានសង្កត់ធ្ងន់ថា អាម៉េរិកចង់ធ្វើការជាមួយប្រទេសជាសមាជិកទាំង១៤នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដាក់បម្រាមឲ្យខ្លាំងជាងមុន លើការផលិតកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីបរបស់អ៊ីរ៉ង ដែលមានចែងនៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាកាលពីលើកមុន ដែលបានដាក់បម្រាមមិនឲ្យអ៊ីរ៉ង់ធ្វើសកម្មភាពនានា ពាក់ព័ន្ធនឹងការផលិតកាំជ្រួចម៉ីស៊ីលដែលមានលទ្ធភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន៕
-
ប្រមុខដឹកនំាអង្គការសហប្រជាជាតិអំពាវនាវឲ្យមានការស្រុះស្រួលគ្នា និងការលះបង់សម្រាប់កិច្ចចរចាស្តីពីអាកាសធាតុ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទើរ៉េស បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យបណ្តាប្រទេសនានា ធ្វើការសម្របសម្រួលក្នុងការដោះស្រាយការឡើងកម្តៅផែនដី ស្របពេលមានការព្រួយបារម្ភថា សន្និសីទអង្គការសហប្រជាជាតិអំពីបញ្ហានេះ អាចនឹងបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងសំខាន់។ នៅក្នុងការអំពាវនាវលើកទី២របស់ខ្លួន នៅឯកិច្ចចរចានៅក្នុងប្រទេសប៉ូឡូញ ក្នុងអំឡុងរយៈពេល១០ថ្ងៃ លោក ហ្គូដទើរ៉េស បានប្រាប់ក្រុមរដ្ឋមន្ត្រី និងអ្នកការទូតជាន់ខ្ពស់មកពីជិត២០០ប្រទេសថា ពួកគេគួរតែពិចារណាពីជោគវាសនារបស់មនុស្សជំនាន់ក្រោយ ហើយថា នេះគឺជាពេលវេលាសម្រាប់ការសម្របសម្រួលនយោបាយ ដែលនេះមានន័យថា ការលះបង់ ប៉ុន្តែវានឹងផ្តល់ផលប្រយោជន៍ដល់យើងទាំងអស់គ្នា។ គួរបញ្ជាក់ថា របាយការណ៍វិទ្យាសាស្ត្រថ្មីៗនេះ ដែលចេញផ្សាយដោយគណៈកម្មាធិការមួយគាំទ្រដោយអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការឡើងកម្តៅផែនដីអាចទប់ស្កាត់បានត្រឹមតែ១,៥អង្សារប៉ុណ្ណោះ ប្រសិនបើសកម្មភាពបន្ទាន់ត្រូវបានធ្វើឡើងនៅត្រឹមឆ្នាំ២០៣០ រួមទាំងការកាត់បន្ថយយ៉ាងខ្លាំងនៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ ការអនុម័តរបាយការណ៍ដោយគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ បានក្លាយទៅជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភកាលពីចុងសប្តាហ៍កន្លងទៅ ជាមួយសហរដ្ឋអាម៉េរិក រុស្ស៊ី អារ៉ាប់ប៊ីសាអូឌីត និងកូវ៉ែត ដែលបានប្រឆាំងនឹងចំណាត់ការនេះ ៕