Category: ព័ត៌មានអន្តរជាតិ

  • ប្រធានាធិបតីអ៊ុយក្រែន សម្រេចចុះហត្ថលេខាលើច្បាប់មួយ ដើម្បីបញ្ចប់សន្ធិសញ្ញាមិត្តភាពជាមួយរុស្ស៊ី

    ប្រធានាធិបតីអ៊ុយក្រែន សម្រេចចុះហត្ថលេខាលើច្បាប់មួយ ដើម្បីបញ្ចប់សន្ធិសញ្ញាមិត្តភាពជាមួយរុស្ស៊ី

    អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក ផេត្រូ ផរ៉ូហ្សេនកូ បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីបញ្ចប់សន្ធិសញ្ញាមិត្តភាពកិច្ចសហប្រតិបតិ្តការ និងភាពជាដៃគូរវាងអ៊ុយក្រែន និងរុស្ស៊ីដែលបានធ្វើឡើងកាលពីឆ្នាំ១៩៩៧។ ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ បានលើកឡើងថា ការសម្រេចចិត្តរបស់អ៊ុយក្រែនក្នុងការមិនបន្តសុពលភាពលើសន្ធិសញ្ញាមិត្តភាពជាមួយរុស្ស៊ី គឺជារឿងគួរឱ្យសោកស្ដាយជាទីបំផុត និងប្រឆាំងផលប្រយោជន៍ ក៏ដូចជាមិនគោរពដល់ប្រជាជនអ៊ុយក្រែន។ សូមបញ្ជាក់ថា ភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីបានផ្ទុះឡើងជាថ្មីក្រោយមានការប៉ះទង្គិចគ្នា និងការរឹបអូសទូកអ៊ុយក្រែនពីសំណាក់ទីក្រុងម៉ូស្គូ នៅឯច្រកសមុទ្រឃើច ប៉ុន្តែភាពតានតឹងរវាងប្រទេសទាំងពីរបានកើតឡើងតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ បន្ទាប់ពីរុស្ស៊ីក្រសោបយកតំបន់ឧបទ្វីប គ្រីមៀ ពីអ៊ុយក្រែន៕ម.ន

  • ជនភៀសខ្លួនស៊ីរីប្រមាណ២៥០,០០០នាក់ អាចនឹងវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញនាឆ្នាំក្រោយនេះ

    ជនភៀសខ្លួនស៊ីរីប្រមាណ២៥០,០០០នាក់ អាចនឹងវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញនាឆ្នាំក្រោយនេះ

    ស្វីស៖ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR បានឱ្យដឹងនៅថ្ងៃអង្គារ៍នេះថា ជនចំណាកស្រុកស៊ីរីប្រមាណ២៥០,០០០នាក់ អាចនឹងវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញនៅក្នុងឆ្នាំ២០១៩ខាងមុខ ខណៈពួកគេភាគច្រើនបានប្រឈមមុខជាមួយបញ្ហាឯកសារ និងទ្រព្យសម្បត្តិ ដោយរដ្ឋាភិបាលស៊ីរីត្រូវតែជួយដោះស្រាយ។ បើតាមទីភ្នាក់ងារ UNHCR នោះ ជនភៀសខ្លួនស៊ីរីប្រមាណជាង៥,៦លាននាក់ នៅតែបន្តជ្រកកោណនៅតាមបណ្តាប្រទេសជិតខាងជាច្រើនរបស់ស៊ីរី ក្នុងនោះរួមមានតួកគី លីបង់ ហ្ស៊កដានី អេហ្ស៊ីប និងអ៊ីរ៉ាក់ ស្របពេលដែលនាយកទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ ទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា និងអាហ៊្វ្រិកខាងជើងលោក អាមីន អាវ៉ាដ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជនភៀសខ្លួនស៊ីរីប្រហែល៣៧,០០០នាក់ហើយ បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញនៅក្នុងឆ្នំា២០១៨នេះ។ លោក អាមីន អាវ៉ាដ បាននិយាយថា យើងកំពុងព្យាករណ៍នៅក្នុងដំណាក់កាលនេះ នឹងមានក្រុមជនភៀសខ្លួនរហូតដល់២៥០,០០០នាក់ ទំនងជាវិលត្រឡប់ទៅកាន់ប្រទេសស៊ីរីវិញនៅក្នុងឆ្នំាំ២០១៩ខាងមុខ ខណៈតួលេខនេះ អាចកើនឡើង ឬថយចុះ គឺអាស្រ័យដោយពួកយើងកំពុងធ្វើការដើម្បីជម្នះឧបសគ្គនានា ក្នុងការនាំយកពួកគេត្រឡប់ទៅវិញ៕ម.ន

  • ប្រធានាធិបតីបារាំងត្រៀមចំណាយប្រាក់ជាង១១ពាន់លានដុល្លារ ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយក្រុមបាតុករអាវកាក់ពណ៌លឿង

    ប្រធានាធិបតីបារាំងត្រៀមចំណាយប្រាក់ជាង១១ពាន់លានដុល្លារ ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយក្រុមបាតុករអាវកាក់ពណ៌លឿង

    បារាំង៖ អនុរដ្ឋមន្រ្តីមុខងារសាធារណៈ និងថវិកាបារាំងលោក អូលីវីយេ ឌុយស៊ុប បានថ្លែងអះអាងថា វិធានការរបស់លោកប្រធានាធិបតី ម៉ាក្រុង ដើម្បីឆ្លើយតបចំពោះក្រុមបាតុករអាវកាក់ពណ៌លឿងនោះ អាចនឹងត្រូវចំណាយប្រាក់ចាប់ពី៨ ទៅ១០ពាន់លានអឺរ៉ូ ឬស្មើនឹង៩,១ ទៅ ១១,៤ពាន់លានដុល្លារអាម៉េរិក ខណៈលោក ម៉ាក្រុង បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នផ្នែកសេដ្ឋកិច្ច និងសង្គម។ លោក អែមម៉ានុយអែល ម៉ាក្រុង បានគូសបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៩ទៅ ប្រាក់ឈ្នួលអប្បបរមានឹងកើន១០០អឺរ៉ូ ឬជាង១១៣ដុល្លារអាម៉េរិកក្នុងមួយខែ ដោយវិធានការដែលស្នើឡើងនេះ ក៏មានចាត់បញ្ចូលនូវប្រាក់ឧបត្ថម្ភដំណាច់ឆ្នាំ មិនជាប់ពន្ធសម្រាប់នយោជិក និងការអនុគ្រោះពន្ធឲ្យនិវត្តជន ដែលមានប្រាក់ចំណូលទាបជាង២,០០០អឺរ៉ូ ឬស្មើនឹង២,២៧៤ដុល្លារអាម៉រិកក្នុងមួយខែ ។ សូមបញ្ជាកផងដែរថា បាតុកម្មទ្រង់ទ្រាយធំបានផ្ទុះឡើង៤សប្តាហ៍ជាប់គ្នាហើយ គិតចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក នៅពេលក្រុមបាតុកម្មអាវពណ៌លឿងបានប្រមូលផ្តុំគ្នាធ្វើសកម្មភាពតវ៉ា ដែលដំបូងឡើយ មានគោលដៅបង្ខំឲ្យលោក ម៉ាក្រុង បោះបង់ចោលគម្រោងដ៏ចម្រូងចម្រាសរបស់លោក ក្នុងការដំឡើងពន្ធប្រេងម៉ាស៊ូត និងប្រេងសាំងប៉ុណ្ណោះ៕ម.ន

  • មន្ទីរបញ្ចកោណគ្រោងនឹងដកកងកម្លាំងរាប់រយនាក់ចេញពីតំបន់ព្រំដែនសហរដ្ឋអាម៉េរិក និងម៉ិកស៊ិក

    មន្ទីរបញ្ចកោណគ្រោងនឹងដកកងកម្លាំងរាប់រយនាក់ចេញពីតំបន់ព្រំដែនសហរដ្ឋអាម៉េរិក និងម៉ិកស៊ិក

    សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ឆូ រ៉ុបមែននីង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រសួងការពារជាតិអាម៉េរិកឆាប់ៗនេះ នឹងធ្វើការដកកងទ័ពបំពេញកាតព្វកិច្ចសកម្មជាច្រើនរយនាក់ មកពីតាមព្រំដែនខាងត្បូងជាប់ប្រទេសម៉ិកស៊ិកវិញ។ សម្រាប់ការសម្រេចចិត្តដកនេះ ទីក្រុងវ៉ាស៊ីនតោនមិនបានបញ្ជាក់មូលហេតុនោះឡើយ ប៉ុន្តែវាបានកើតមានឡើងបន្ទាប់ពីតំបន់ព្រំដែនកាន់តែមានភាពតានតឹង ដោយសារលំហូរនៃជនភៀសខ្លួនកាន់តែខ្លាំងឡើង។ អ្នកនាំពាក្យរូបនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា អង្គភាពខ្លះបានបំពេញការងាររបស់ពួកគេចប់សព្វគ្រប់ហើយ ដូច្នេះពួកគេនឹងត្រូវដកចេញពីព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ិកស៊ិក និងត្រឡប់ទៅផ្ទះវិញក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ មន្ត្រីដដែលបន្ថែមទៀតថា បច្ចុប្បន្នកងទ័ព៥,២០០នាក់កំពុងឈរជើងនៅឯតំបន់ព្រំដែនភាគខាងត្បូងជាប់ម៉ិកស៊ិក ដើម្បីទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍មកពីតំបន់អាម៉េរិកកណ្ដាល៕ ម.ន

  • ឥណ្ឌាបាញ់សាកល្បងមីស៊ីលផ្លោង ដែលអាចបាញ់ដល់ទ្វីបអាស៊ី ទ្វីបអាហ៊្វ្រិក និងអឺរ៉ុបដោយជោគជ័យ

    ឥណ្ឌាបាញ់សាកល្បងមីស៊ីលផ្លោង ដែលអាចបាញ់ដល់ទ្វីបអាស៊ី ទ្វីបអាហ៊្វ្រិក និងអឺរ៉ុបដោយជោគជ័យ

    ឥណ្ឌា៖ ឥណ្ឌាបានធ្វើការបាញ់សាកល្បងដោយជោគជ័យមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ អានី-វី នៅថ្ងៃចន្ទនេះ ចេញពីមូលដ្ឋានសម្រាប់ការធ្វើតេស្តសព្វាវុធ នៅរដ្ឋ អូឌីសា ភាគខាងកើតប្រទេស។ ការធ្វើតេស្តនេះ គឺជាជោគជ័យលើកទី៣ហើយនៃមីស៊ីល អានី-វី ក្នុងឆ្នាំនេះ ដោយមីស៊ីលនេះ មានប្រវែង១៧ម៉ែត្រ និងទំហំ០២ម៉ែត្រ ហើយថែមទាំងអាចផ្ទុកក្បាលគ្រាប់ធម្មតា ឬនុយក្លេអ៊ែរទម្ងន់សរុប១,៥តោន។ ពាក់ព័ន្ធនឹងការអភិវឌ្ឍមីស៊ីលផ្លោងរបស់ឥណ្ឌានេះដែរ កន្លងមកចិនធ្លាប់បានបង្ហាញការមិនពេញចិត្តជាចំហជុំវិញគម្រោងអភិវឌ្ឍន៍មីស៊ីល អានី-វី នៅពេលមីស៊ីលនេះ ត្រូវបានធ្វើតេស្តកាលពីខែធ្នូ ឆ្នាំ២០១៦។ ទីក្រុងប៉េកាំងបានចាត់ទុកការសាកល្បងនេះថា ជាការបំពានលើច្បាប់របស់ក្រុមប្រឹក្សាសន្តិសុខជាតិអង្គការសហប្រជាជាតិ និងបានបង្កការគំរាមកំហែងដល់តុល្យភាពយុទ្ធសាស្រ្តភូមិ សាស្រ្តនយោបាយនៅតំបន់អាស៊ីខាងត្បូង។ យ៉ាងណាមិញ មីស៊ីល អានី-វី ត្រូវគេរំពឹងថា នឹងអាចប្រើប្រាស់បានជាផ្លូវការនាពេលឆាប់ៗខាងមុខ ខណៈមីស៊ីលរយៈចម្ងាយឆ្ងាយនេះទៀតសោត មានសមត្ថភាពវាយប្រហារដល់គ្រប់គោលដៅនៅក្នុងទ្វីបអាស៊ី ព្រមទាំងតំបន់មួយចំនួននៃទ្វីបអាហ៊្វ្រិក និងអឺរ៉ុបផងដែរ៕ម.ន

  • ក្រសួងរតនាគារសហរដ្ឋអាម៉េរិកប្រកាសដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់៣រូបរបស់កូរ៉េខាងជើង

    ក្រសួងរតនាគារសហរដ្ឋអាម៉េរិកប្រកាសដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់៣រូបរបស់កូរ៉េខាងជើង

    សហរដ្ឋអាម៉េរិក៖ ក្រសួងរតនាគារជាតិអាម៉េរិក នៅថ្ងៃចន្ទនេះ បានប្រកាសដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់៣រូបរបស់ប្រទេសកូរ៉េខាងជើង ស្របពេលដែលកិច្ចចរចារវាងប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការលុបបំបាត់អាវុធប្រល័យលោកនៅលើតំបន់ឧបទ្វីបកូរ៉េ ហាក់នៅជាប់គាំងនៅឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងរតនាគារជាតិអាម៉េរិកបានលើកឡើងថា ការដាក់ទណ្ឌកម្មដែលធ្វើឡើងដោយស្របទៅតាមរបាយការណ៍របស់ក្រសួងការបរទេសអាម៉េរិកស្តីពីបញ្ហាកូរ៉េខាងជើងនេះ នឹងបង្កករាល់ទ្រព្យសម្បត្តិទាំងឡាយដែលមន្ត្រីទាំង៣រូបអាចមាននៅសហរដ្ឋអាម៉េរិក និងហាមមិនឲ្យអង្គភាព ឬបុគ្គលជនជាតិអាម៉េរិកណាមួយ មានទំនាក់ទំនងផ្នែកហិរញ្ញវត្ថុជាមួយមន្ត្រីកូរ៉េខាងជើងទាំងនោះឡើយ។ ទណ្ឌកម្មនេះដែរ ស្ថិតក្នុងចំណោមទណ្ឌកម្មដែលត្រូវបានដាក់ចេញដោយទីក្រុងវ៉ាស៊ីនតោនទៅលើអង្គភាព និងបុគ្គលជាប់ទាក់ទិននៅកូរ៉េខាងជើង ខណៈកិច្ចប្រឹងប្រែងកំពុងធ្វើឡើង ដើម្បីឆ្ពោះទៅសម្រេចការរំសាយអាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ។ យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាងបានរិះគន់ជាដដែលៗថា ការបន្តដាក់ទណ្ឌកម្មទាំងនេះពីសំណាក់សហរដ្ឋអាម៉េរិក គឺជាសកម្មភាពកាន់តែធ្វើឲ្យប្រទេសទាំងពីរលែងជឿទុកចិត្តគ្នាខ្លាំងឡើងៗ៕ម.ន

  • នៅទីបំផុតលោក ម៉ាក្រុង បង្ខំចិត្តប្រកាសដាក់ប្រទេសបារំាងក្នុងភាពអាសន្ន ដោយសារតែមហាបាតុកម្មដ៏ហិង្សារបស់បាតុករអាវកាក់ពណ៌លឿង

    នៅទីបំផុតលោក ម៉ាក្រុង បង្ខំចិត្តប្រកាសដាក់ប្រទេសបារំាងក្នុងភាពអាសន្ន ដោយសារតែមហាបាតុកម្មដ៏ហិង្សារបស់បាតុករអាវកាក់ពណ៌លឿង

    បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានសម្រេចបង្ខំចិត្តប្រកាសដាក់ប្រទេសក្នុងភាពអាសន្នហើយនៅថ្ងៃចន្ទនេះ ក្នុងគោលបំណងទប់ទល់នឹងបាតុកម្មដ៏ហិង្សារបស់ក្រុមបាតុករអាវកាក់ពណ៌លឿង ដែលកំពុងធ្វើឱ្យសេដ្ឋកិច្ចបារាំងរងគ្រោះយ៉ាងធ្ងន់អស់រយៈពេលជាង៤សប្ដាហ៍នេះ។ លោក អែមម៉ានុយអែល ម៉ាក្រុង បានថ្លែងនៅក្នុងសន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា ជាដំបូង ខ្ញុំសូមប្រកាសពីភាពអាសន្ន ផ្នែកសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេស ហើយខ្ញុំសូមអំពាវនាវឱ្យមានការរក្សាភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់នៅក្នុងប្រទេស។ ប្រធានាធិបតីបារាំងរូបនេះ ក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរចំពោះអំពើហិង្សាប្រឆាំងនឹងអាជ្ញាធរ ដែលប្រព្រឹត្តឡើងដោយក្រុមបាតុករអាវកាក់ពណ៌លឿងមួយចំនួន។ សូមជម្រាបជូនផងដែរថា ទិន្នន័យចុងក្រោយរបស់ក្រសួងមហាផ្ទៃបារាំងបានឱ្យដឹងថា មនុស្សច្រើនជាង៤,៥០០នាក់ត្រូវបានចាប់ខ្លួន ហើយក្នុងនោះមាន៤,០៩៩នាក់កំពុងជាប់ឃុំនៅឡើយ ខណៈមនុស្ស០៤នាក់ហើយបានស្លាប់ គិតចាប់តាំងពីបាតុកម្មបានផ្ទុះឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកាមក៕ម.ន

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងសមាជិកសភាកំពុងព្យាយាមកុំឲ្យមានការបិទរដ្ឋាភិបាល

    ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងសមាជិកសភាកំពុងព្យាយាមកុំឲ្យមានការបិទរដ្ឋាភិបាល

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងជួបជាមួយមេដឹកនាំខាងគណបក្សប្រជាធិបតេយ្យនៅថ្ងៃអង្គារ៍នេះ សម្រាប់កិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីសង្គ្រោះដល់កញ្ចប់ថវិកាសម្រាប់សាងសង់ជញ្ជាំងនៅព្រំដែន។ ថវិកានេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិការបស់រដ្ឋាភិបាល ដែលត្រូវតែអនុម័តត្រឹមថ្ងៃទី២១ ខែធ្នូ ខាងមុខ ហើយថវិកានេះដែរ គឺជាសកម្មភាពផ្លូវច្បាប់ចុងក្រោយបង្អស់របស់សភាដែលត្រួតត្រាដោយគណបក្សសាធារណរដ្ឋ និងជាច្បាប់ដែលត្រូវតែអនុម័តមួយ ក្នុងគោលបំណងចៀសវាងការបិទរដ្ឋាភិបាលមួយផ្នែក នៅមុនរដូវកាលឈប់សម្រាកមកដល់ក្នុងពេលឆាប់ៗនេះ។ លោក ត្រាំ នឹងជួបជាមួយមេដឹកនាំសំឡេងភាគតិចនៅក្នុងព្រឹទ្ធសភា លោក Chuck Schumer និងមេដឹកនាំសំឡេងភាគតិចនៅក្នុងរដ្ឋសភា លោកស្រី Nancy Pelosi ដើម្បីពិនិត្យមើលថាតើអាចថ្លឹងថ្លែងទៅលើសំណើរបស់លោក ដែលស្នើសុំប្រាក់រហូតដល់៥ពាន់លានដុល្លារសម្រាប់សាងសង់ជញ្ជាំងនៅព្រំប្រទល់នេះ ក្នុងឆ្នាំសារពើពន្ធ២០១៩ដែរឬយ៉ាងណា។ ជំនួបនេះទៀតសោត នឹងក្លាយជាការសាកល្បងដំបូងបង្អស់ទៅលើសមត្ថភាពរបស់លោក ត្រាំ ក្នុងការចរចាទៅលើកិច្ចព្រមព្រៀងលក្ខណៈទ្វេបក្ស ក្រោយពីគណបក្សប្រជាធិបតេយ្យទទួលបានជ័យជម្នះយ៉ាងខ្លាំង នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីខែវិច្ឆិកា កន្លងទៅនេះ៕ម.ន

  • លោក នីកូឡាស់ ម៉ាឌូរ៉ូ៖ សហរដ្ឋអាម៉េរិកទំនងជាមានគម្រោងធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលវេណេស៊ុយអេឡា

    លោក នីកូឡាស់ ម៉ាឌូរ៉ូ៖ សហរដ្ឋអាម៉េរិកទំនងជាមានគម្រោងធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលវេណេស៊ុយអេឡា

    វេណេស៊ុយអេឡា៖ សារព័ត៌មាន Sputnik របស់រុស្ស៊ី បានចេញផ្សាយនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានថ្លែងអះអាងថា មានភ័ស្ដុតាងបញ្ជាក់បានថា សហរដ្ឋអាម៉េរិកពិតជាកំពុងរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោក។ សូមរំលឹកថា កាលពីខែសីហាកន្លងទៅ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ ត្រូវបានគេប៉ុនប៉ងធ្វើឃាត នៅពេលចូលរួមក្នុងពិធីព្យុហយាត្រាយោធាមួយក្នុងទីក្រុងការ៉ាកាស់ ហើយលោកបានចោទប្រកាន់ថា សហរដ្ឋអាម៉េរិកជាអ្នកនៅពីក្រោយការវាយប្រហារដោយយន្ដហោះដ្រូនមកលើរូបលោក។ ប៉ុន្តែលោក ម៉ាឌូរ៉ូ មិនបានបង្ហាញភ័ស្ដុតាងជាក់លាក់ណាមួយឡើយ ខណៈក្រុមបក្សប្រឆាំងក្នុងប្រទេសចោទរូបលោកថា បានប្រើប្រាស់ការប៉ុនប៉ងធ្វើឃាតនេះ ជាលេសបង្ក្រាបអ្នកប្រឆាំង និងពង្រឹងអំណាចរបស់ខ្លួន។ ពាក់ព័ន្ធនឹងការអះអាងរបស់ខ្លួនខាងលើនេះ លោក ម៉ាឌួរ៉ួ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថា ការព្យាយាមបំផ្លាញប្រជាធិបតេយ្យ និងការដឹកនាំការធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់យើង គឺត្រូវបានធ្វើក្រោមការសម្របសម្រួលពីសេតវិមាន។ លោកបន្ថែមទៀតថា នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបង្ហាញពីភ័ស្ដុតាងនៃផែនការធ្វើរដ្ឋប្រហាររបស់ទីក្រុងវ៉ាស៊ីនតោននៅវេណេស៊ុយអេឡា៕ម.ន

  • មេដឹកនាំរុស្ស៊ី និងអាល្លឺម៉ង់ធ្វើកិច្ចពិភាក្សាជុំវិញការប៉ះទង្គិចគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF

    មេដឹកនាំរុស្ស៊ី និងអាល្លឺម៉ង់ធ្វើកិច្ចពិភាក្សាជុំវិញការប៉ះទង្គិចគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF

    រុស្ស៊ី៖ មន្ត្រីផ្នែកសារព័ត៌មានរបស់វិមានក្រឹមឡំាងបានថ្លែងប្រាប់អ្នកកាសែតថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បានធ្វើកិច្ចពិភាក្សាគ្នាតាមទូរសព្ទនៅថ្ងៃច័ន្ទនេះ ពាក់ព័ន្ធនឹងករណីប៉ះទង្គិចគ្នារវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីនៅឯដែនសមុទ្រឃើច នាពេលថ្មីៗនេះ ព្រមទាំងស្ថានភាពជុំវិញសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF ក៏ដូចជាការវិវឌ្ឍនៅប្រទេសស៊ីរី។ មេដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងគ្នាបន្តធ្វើកិច្ចពិភាក្សាទៅលើស្ថានការណ៍ ដែលបានកើតឡើងរហូតក្លាយជាការប្រើអំពើហិង្សាពីសំណាក់កងកម្លាំងការពារព្រំដែនរុស្ស៊ី ទៅលើក្រុមនាវិកអ៊ុយក្រែន និងរឹបអូសយកនាវារបស់ពួកគេចំនួន៣គ្រឿងកាលពីថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅនេះ។ បើតាមសេចក្តីថ្លែងការណ៍របស់មន្ត្រីរុស្ស៊ីខាងលើ លោក ពួទីន និងលោកស្រី មឺហ្គែល បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាមួយ ក្នុងការទប់ស្កាត់ការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ដែនសមុទ្រខ្មៅ-អាហ្ស៊ូវ និងក្នុងការដោះស្រាយបញ្ហាដែលបណ្តាលមកពីសកម្មភាពបង្កហេតុដោយអាជ្ញាធរអ៊ុយក្រែន៕ម.ន