-
វៀតណាមស្នើឲ្យជប៉ុនវិនិយោគបន្ថែមទៀត លើឧស្សាហកម្មរថយន្ត និងថាមពល

វៀតណាម៖ វៀតណាមបានស្នើដល់ជប៉ុនវិនិយោគបន្ថែមទៀត លើវិស័យទេសចរណ៍ ថាមពល និង រថយន្ត នៅប្រទេសវៀតណាម ខណៈដែលមានតម្រូវការខ្ពស់ និងជាតំបន់មានសក្តានុពលក្នុងការអភិវឌ្ឍ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម Trinh Dinh Dung (ទ្រីញ ឌីញ ដុង) បានជំរុញបែបនេះ ក្នុងឱកាសទទួលជួបរដ្ឋមន្ត្រីដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនរបស់ជប៉ុន Keiichi Ishii (គេអ៊ីឈី អ៊ីស៊ីអី) នៅក្រុងកាណូយ នៅថ្ងៃម្សិលមិញ។ លោក ដុង បានប្រាប់រដ្ឋមន្ត្រីជប៉ុនថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០១៨មកនេះ ជប៉ុននៅតែជាអ្នកវិនិយោគបរទេសធំបំផុតនៅវៀតណាម ដោយក្នុងនោះ មានទុនជិត៨ពាន់លានដុល្លារអាម៉េរិក មាន២៦ភាគរយនៃទុនវិនិយោគថ្មីដែលបានចុះបញ្ជីនៅប្រទេសនេះ។ រដ្ឋមន្ត្រីជប៉ុន អ៊ីស៊ីអី បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់វៀតណាម ជាពិសេស លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងការការពារបរិស្ថាន។ លោកជឿជាក់ថា វៀតណាមនឹងអភិវឌ្ឍន៍ឆាប់រហ័ស តាមរយៈការប្រឹងប្រែងរបស់វៀតណាម គ្រប់ផ្នែក។ នាពេលអនាគត ជប៉ុនចាប់អារម្មណ៍លើគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅវៀតណាម ដូចជាចំណតអាកាសយានដ្ឋអន្តរជាតិ ផ្លូវរថភ្លើងល្បឿនលឿន ជាដើម៕…
-
NASA ប្រទះឃើញអាចម៍ផ្កាយរាងចម្លែកមួយហោះកាត់ផែនដីក្នុងចម្ងាយជិត៣លានគីឡូម៉ែត្រ

សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានគូសបញ្ជាក់ថា មានអាចម៍ផ្កាយមួយដុំរាងដូចជាសត្វដំរីទឹក បានហោះមកកាត់ផែនដីនាពេលថ្មីៗនេះ។ អង្គការអវកាសអន្តរជាតិមួយនេះ បានឱ្យដឹងទៀថា ដុំថ្មអវកាសមានឈ្មោះថា 2003 SD220 បានហោះកាត់ផែនដីក្នុងចម្ងាយ២,៩លានគីឡូម៉ែត្រ គឺប្រហែល៧,៥ដងនៃគម្លាតពីភពរបស់យើងទៅកាន់ឋានព្រះចន្ទ។ អាចម៍ផ្កាយ 2003 SD220 មានបណ្តោយប្រវែង១,៦គីឡូម៉ែត្រ ដោយវានឹងត្រឡប់មកក្បែរផែនដីជាថ្មីម្តងទៀតនៅឆ្នាំ២០៧០ ក្នុងរយៈចម្ងាយកៀកជាងលើកនេះបន្តិច។ សូមបញ្ជាក់ថា នេះជារយៈចម្ងាយកៀកផែនដីបំផុតដែលអាចម៍ផ្កាយខាងលើ ធ្លាប់មកក្បែរភពយើងក្នុងអំឡុងពេល៤០០ឆ្នាំកន្លងទៅនេះ៕
-
ក្រុមគ្រួសាររបស់និសិត្សម្នាក់ដែលស្លាប់ក្រោយវិលត្រឡប់ពីកូរ៉េខាងជើង ទាមទារឲ្យទីក្រុងព្យុងយ៉ាងបង់ប្រាក់ជំងឺចិត្តជាង៥០០លានដុលា្លរ

សហរដ្ឋអាម៉េរិក៖ តុលាការក្នុងទីក្រុងវ៉ាស៊ីនតោន បានបង្គាប់កូរ៉េខាងជើងសងប្រាក់ជំងឺចិត្ត៥០១លានដុល្លារ ជាការទទួលខុសត្រូវចំពោះការធ្វើទារុណកម្ម និងការស្លាប់របស់និស្សិតអាម៉េរិក អូដតូ វ៉មបាយអឺ ដែលបានស្លាប់កាលពីឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានទីក្រុងព្យុងយ៉ាងដោះលែងឱ្យមានសេរីភាព ។ សូមរំលឹកថា និស្សិត អូដតូ វ៉មបាយអឺ មកពីសាកលវិទ្យាល័យ វើជីនៀ ត្រូវបានអាជ្ញាធរកូរ៉េខាងជើងផ្ដន្ទាទោសដាក់ពន្ធនាគារ១៥ឆ្នាំ កាលពីខែមករា ឆ្នាំ២០១៦ ពីបទធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ ប៉ុន្តែនិស្សិតវ័យ២២ឆ្នាំរូបនេះ ត្រូវបានដោះលែងឱ្យមានសេរីភាពទៅកាន់សហរដ្ឋអាម៉េរិកវិញ ក្នុងស្ថានភាពសន្លប់ស្ដូកស្ដឹង ហើយបានស្លាប់នៅប៉ុន្មានសប្ដាហ៍ក្រោយមកទៀត ។ ការសម្រេចចិត្តខាងលើរបស់តុលាការអាម៉េរិក ធ្វើឡើងតបទៅតាមពាក្យបណ្ដឹងរបស់គ្រួសារនិស្សិត វ៉មបាយអឺ ប្រឆាំងនឹងកូរ៉េខាងជើងកាលពីខែមេសាកន្លងទៅ៕
-
អភិបាលរដ្ឋ Puebla និងស្វាមីបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅម៉ិកស៊ិក

ម៉ិកស៊ិក៖ អាជ្ញាធរម៉ិកស៊ិកបានរាយការណ៍ថា អភិបាលរដ្ឋ ភើផ្លា លោកស្រី ម៉ាថា អ៊ីរីកា អាលុនសូ និងស្វាមីរបស់លោកស្រី ដែលជាសមាជិកព្រឹទ្ធសភាមួយរូបផងនោះ បានបាត់បង់ជីវិតនៅថ្ងៃច័ន្ទសប្តាហ៍នេះ ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង បន្ទាប់ពីលោកស្រីបានស្បថចូលកាន់តំណែងរួចនាពេលថ្មីៗនេះ។ ភ្លាមៗក្រោយកើតហេតុនៅមិនទាន់មានព័ត៌មានបញ្ជាក់ពីមូលហេតុ នៃគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនេះឡើយទេ ដែលវាបានកើតឡើងនៅក្បែរទីក្រុង សាន់តា ម៉ារៀ ខូរ៉ូណាងហ្គោ ស្របពេលការស៊ើបអង្កេតកំពុងដំណើរការ។ ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ឌ្រែស ម៉ាណូអ៊ែល ឡូប៉េស ក៏បានទទួលស្គាល់ការស្លាប់របស់អ្នកទាំងពីរផងដែរ ហើយព្រឹទ្ធសភាបង្ហាញការសោកស្ដាយជាខ្លាំង៕
-
សហរដ្ឋអាម៉េរិក និងតួកគី ឯកភាពគ្នាសម្របសម្រួលការដកកងទ័ពអាម៉េរិកចេញពីប្រទេសស៊ីរី

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសតួកគី នឹងកម្ចាត់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលសេសសល់នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីសហរដ្ឋអាម៉េរិកដកកងទ័ពរបស់ខ្លួនចេញ។ ជាមួយគ្នានេះ ការិយាល័យរបស់ប្រធានាធិបតីតួកគី បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា លោក អឺដូហហ្គាន់ និងលោក ត្រាំ បានឯកភាពគ្នាធានាឲ្យមាននូវការសម្របសម្រួលរវាងយោធា មន្ត្រីការទូត និងមន្ត្រីផ្សេងៗទៀតរបស់ប្រទេសទាំងពីរ ដើម្បីជៀសវាងមិនឲ្យធ្លាក់ចូលក្នុងស្ថានការណ៍មួយ ដែលរដ្ឋាភិបាលគ្មានអំណាចពិតប្រាកដ ដែលករណីនេះអាចកើតឡើង បន្ទាប់ពីមានការរំលោភបំពានណាមួយលើដំណាក់កាលដកទ័ព និងដំណាក់កាលអន្តរកាលនៅក្នុងប្រទេសស៊ីរី។ សូមរំលឹកថា កាលពីសប្ដាហ៍មុន លោក អឺដូហ្គាន់ បាននិយាយថា ប្រទេសតួកគី ផ្អាកប្រតិបត្តិការប្រឆាំងនឹងកងកម្លាំង ឃឺដ នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីលោក ត្រាំ បានសម្រេចដកកងទ័ពអាម៉េរិកចេញ ខណៈលោក ត្រាំ បានប្រកាសថា ពួកជ្រុលនិយមរដ្ឋអ៊ីស្លាមបានទទួលបរាជ័យហើយ និងបាននិយាយថា វាដល់ពេលដែលប្រទេសជាសមាជិកដទៃទៀត នៃសម្ព័ន្ធភាពប្រឆាំងក្រុមភេរវជនរដ្ឋឥស្លាម ចាត់វិធានការបោសសម្អាតពួកភេរវជនដែលនៅសេសសល់៕
-
អាជ្ញាធរឥណ្ឌូណេស៊ីដង្ហើយរកជំនួយសង្គ្រោះបន្ទាន់ ខណៈមនុស្សស្លាប់កើនដល់៤២៩នាក់ហើយ ដោយសារការប្រហារពីរលកយក្សស៊ូណាមិ

ឥណ្ឌូណេស៊ី៖ ជំនួយចាំបាច់នានាត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ ដោយសាររលកយក្សស៊ូណាមិជាបណ្ដើរៗហើយ នៅថ្ងៃអង្គារ៍នេះ ប៉ុន្តែទន្ទឹមគ្នាក្រុមអ្នកធ្វើការងារផ្នែកមនុស្សធម៌បានព្រមានពីកង្វះខាតទឹកស្អាត និងថ្នាំពេទ្យ ខណៈមនុស្សរាប់ពាន់នាក់កំពុងស្នាក់នៅតាមជំរំបណ្ដោះអាសន្ន ដែលកំពុងដង្ហោយរកជំនួយបន្ទាន់ជាច្រើនទៀត។ ក្រុមភ្នាក់ងារមនុស្សធម៌កំពុងព្រួយបារម្ភខ្លាំង ពាក់ព័ន្ធនឹងវិបត្តិសុខាភិបាលសាធារណៈ ក្នុងគ្រាដែលតួលេខជនរងគ្រោះបាត់បង់ជីវិតបន្តកើនឡើងដល់៤២៩នាក់ គិតត្រឹមរសៀលថ្ងៃអង្គារ៍នេះ និងរាប់ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិ។ ដោយឡែកកុមារជាច្រើននាក់ក៏ត្រូវបានគេរាយការណ៍ថា បានធ្លាក់ខ្លួនឈឺជាបណ្តើរៗដូចជា ក្ដៅខ្លួន និងឈឺក្បាលជាដើម ដោយសារតែពួកគេមិនមានទឹកស្អាតបរិភោគគ្រប់គ្រាន់។ ចំណែកឯក្រុមជំនាញក៏បានព្រមានដែរថា រលកយក្សស៊ូណាមិអាចនឹងកើតឡើងជាថ្មីម្ដងទៀត ស្របពេលប្រជាជនច្រើនជាង៥,០០០នាក់មិនទាន់ហ៊ានត្រឡប់ទៅផ្ទះវិញ៕
-
Alibaba បើកដំណើរការសណ្ឋាគារប្រើប្រាស់មនុស្សយន្តបំពេញសេវាកម្ម

ចិន៖ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៅប្រទេសចិន Alibaba បានបើកដំណើរការសណ្ឋាគារបំពេញសេវាកម្មដោយមនុស្សយន្ត និងបញ្ញាសប្បនិមិ្មត នៅតាមទីតាំងផ្សេងៗ ដោយស្វ័យប្រវត្ថិដូចជា កន្លែង Check in សេវាកម្មបន្ទប់ និងគ្រប់គ្រងភ្លើងបំភ្លឺជាដើម។សណ្ឋាគារ FlyZoo បានបើកដំណើរការនៅ ក្រុង Hangzhou រដ្ឋធានីនៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ជាតំបន់ទីស្នាក់ការរបស់ Alibaba។សណ្ឋាគារ FlyZoo នេះត្រូវបានគេស្គាល់ថាជា សណ្ឋាគារអនាគតដំបូងគេរបស់ក្រុមហ៊ុន Alibaba៕
-
កូរ៉េខាងត្បូងពិន័យក្រុមហ៊ុនរថយន្ត BMW ១០លានដុល្លារអាម៉េរិក ដោយសារតែបញ្ហាឆេះរថយន្ត

កូរ៉េខាងត្បូង៖ ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទម្សិលមិញ បានពិន័យក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ BMW ក្នុងទំហំទឹកប្រាក់១១,២ពាន់លានវុន ឬ ១០លានដុល្លារអាម៉េរិក ដោយរងការចោទប្រកាន់ថា ផលិតគ្រឿងបន្លាស់មានបញ្ហាបច្ចេកទេស សម្រាប់ម៉ូឌែលមួយចំនួន ដែលនាំឲ្យរថយន្តឆេះម៉ាស៊ីនភ្លាមៗ ពេលបើកបរ។ យោងតាមការស៊ើបអង្កេតរួមគ្នាមួយ ដោយក្រសួងពាក់ព័ន្ធរបស់កូរ៉េខាងត្បូង និងក្រុមអ្នកជំនាញបានឲ្យដឹងថា មានរថយន្ត BMW ប្រមាណ៤០គ្រឿងបានឆេះម៉ាស៊ីន ពេលបើកបរ កាលពីដើមឆ្នាំ២០១៨។ លទ្ធផលស៊ើបអង្កេតក៏បានបង្ហាញដែរថា BMW តែងតែប្រកាសប្រមូលរថយន្តទាំងនេះមកវិញ ក្នុងនោះ មាន១០៦០០០គ្រឿងហើយ ដោយខ្លះនៃចំណោមនេះបានឆេះម៉ាស៊ីន កាលពីខែកក្តដា ប៉ុន្តែម៉ូឌែលខ្លះក៏មានប្រព័ន្ធការពារ EGR ដែរ៕
-
ប្រទេសចិននឹងក្លាយជាម្ចាស់ចំណែកធំទីពីរ នៅក្នុងកញ្ចប់ថវិកាទូទៅរបស់អង្គការសហប្រជាជាតិ

ចិន៖ ចិននឹងវ៉ាដាច់ជប៉ុនក្លាយជាប្រទេស ដែលផ្តល់ចំណែកច្រើនជាងគេទីពីរ ទៅក្នុងកញ្ចប់ថវិកាទូទៅរបស់អង្គការសហប្រជាជាតិ (UN) គិតចាប់ពីឆ្នាំ២០១៩ ខណៈសហរដ្ឋអាម៉េរិកនឹងនៅតែជាប្រទេសចូលរួមចំណែកច្រើនគេបង្អស់ដដែល ទាំងក្នុងកញ្ចប់ថវិកាទូទៅ និងកញ្ចប់ថវិកាសម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងរយៈពេល០៣ឆ្នាំខាងមុខ។ ទន្ទឹមនឹងនេះ ចិននឹងបន្តជាប្រទេសចូលរួមចំណែកច្រើនជាងគេទីពីរ ទៅក្នុងកញ្ចប់ថវិកាសម្រាប់បេសកកម្មរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិដដែល សម្រាប់ឆ្នាំ២០១៩-២០២១ ប៉ុន្តែនឹងកើនពី១០,២៤ភាគរយទៅ១៥,២២ភាគរយ។ បើយោងតាមសេចក្តីសម្រេចមួយអនុម័តដោយមហាសន្និបាត នៃអង្គការសហប្រជាជាតិនោះ ការចូលរួមចំណែករបស់ចិនទៅក្នុងកញ្ចប់ថវិកាអង្គការសហប្រជាជាតិ នឹងកើនពី៧,៩២ភាគរយសម្រាប់ឆ្នាំ២០១៦-២០១៨ ដល់១២,០១ភាគរយក្នុងរយៈពេល០៣ឆ្នាំខាងមុខ ស្របពេលដែលជប៉ុននឹងធ្លាក់ចុះពី៩,៦៨ភាគរយមកនៅត្រឹម៨,៥៦ភាគរយវិញ៕
-
ការបិទរដ្ឋាភិបាលសហរដ្ឋអាម៉េរិកទំនងជាអូសបន្លាយពេលយូរ ខណៈលោក ដូណាល់ ត្រាំ រក្សាជំហរដាច់ណាត់ក្នុងការទាមទារថវិកាសង់ជញ្ជាំងព្រំដែន

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលអាម៉េរិកនៅតែបិទទ្វារយ៉ាងហោចណាស់ជាច្រើនថ្ងៃ ឬច្រើនសប្ដាហ៍ក៏ថាបាន ដោយសារតែលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែប្រកាន់ជំហរដាច់ណាត់ ក្នុងការទាមទារថវិកាសម្រាប់សង់ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិកស៊ិក និងដោយសារតែគណបក្សប្រជាធិបតេយ្យនៅតែប្រឆាំងដាច់អហង្ការចំពោះរឿងនេះ។ លោក ដូណាល់ ត្រាំ នៅថ្ងៃច័ន្ទនេះបានអះអាងថា អ្នកប្រជាធិបតេយ្យម្នាក់ៗជាក់ស្តែងគាំទ្រយ៉ាងរឹងមាំចំពោះការធ្វើ «ជញ្ជាំងព្រំដែន ឬរបងព្រំដែន» ប៉ុន្តែពួកគេប្រឆាំងនឹងគំនិតនេះ ហើយថា បន្ទាប់ពីលោកបានធ្វើឱ្យគំនិតនេះ បានក្លាយជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការរបស់លោក សម្រាប់ការឃោសនាបោះឆ្នោតប្រធានាធិបតី។ លោក ត្រាំ បន្តថា លោកតែម្នាក់ឯងគត់នៅសេតវិមាន ដែលរង់ចាំឱ្យក្រុមអ្នកប្រជាធិបតេយ្យត្រឡប់មកវិញ ហើយធ្វើកិច្ចព្រមព្រៀងលើសន្តិសុខតាមព្រំដែនដែលត្រូវការជាចាំបាច់។ ទន្ទឹមគ្នានោះដែរ មេដឹកនាំកំពូលខាងគណបក្សប្រជាធិបតេយ្យនៅសភា បានស្តីបន្ទោសលោក ដូណាល់ ត្រាំ ចំពោះការបិទរដ្ឋាភិបាល ដោយលោកបាននិយាយថា ការសម្រេចចិត្តនាពេលថ្មីៗរបស់លោក ត្រាំ បានធ្វើឱ្យសហរដ្ឋអាម៉េរិកមានភាពវឹកវរ៕