-
តៃវ៉ាន់ប្រកាសពីការធ្វើសមយុទ្ធយោធាយុទ្ធសាស្ត្រថ្មីមួយ សំដៅដើម្បីទប់ទល់ជាមួយប្រទេសចិន

តៃវ៉ាន់៖ យោធាតៃវ៉ាន់បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះ ពីការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំថ្មីមួយសម្រាប់ឆ្នាំ២០១៩នេះ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងស្វែងយល់ពីវិធីសាស្ត្រទប់ទល់ជាមួយចិន ដែលទើបតែព្រមានប្រើកម្លាំងយោធាវាយយកកោះតៃវ៉ាន់។ ប៉ុន្តែព្រមពេលជាមួយគ្នា យោធាតៃវ៉ាន់មិនទាន់បញ្ជាក់អ្វីលម្អិតបន្ថែមពីសមយុទ្ធយោធានេះនៅឡើយទេ។ គួរបញ្ជាក់ថា ចិនបានចាត់ទុកថា កោះតៃវ៉ាន់គឺជាខេត្តរបស់ខ្លួន ហើយថែមទាំងបានព្រមានជាច្រើនឆ្នាំមកហើយដែរថា នឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់ បើសិនជាទីក្រុងតៃប៉ិហ៊ានប្រកាសឯករាជ្យ។ ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធនេះ យោធាតៃវ៉ាន់បានបញ្ជាក់ថា ការហាត់ហ្វឹកហ្វឺននេះ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ក្នុងគោលបំណងពង្រឹង និងសិក្សា ក៏ដូចជាបង្កើតយុទ្ធសាស្ត្រការពារជាតិថ្មីៗ ក្នុងគោលបំណងប្រឆាំងនឹងការលុកលុយ ឬឈ្លានពានណាមួយពីសំណាក់ប្រទេសចិន៕
-
វិស័យអវកាសរបស់ប្រទេសចិនកំពុងវិវត្តន៍ទៅមុខយ៉ាងលឿន បន្ទាប់ពីបញ្ជាយាន «ឆាងអឺទី៤» ទៅចុះចតនៅលើឋានព្រះចន្ទ

ចិន៖ ចិនបានក្លាយជាប្រទេសទី៣លើពិភពលោក ដែលបានបញ្ជាយានទៅចុះចតនៅលើឋានព្រះចន្ទ ហើយចិនបានក្លាយជាប្រទេសដំបូងគេលើផែនដី ដែលបានធ្វើយ៉ាងដូច្នោះ នៅឯផ្ទៃចំហៀងម្ខាងទៀតនៃព្រះចន្ទ ដែលសូម្បីតែសហរដ្ឋអាម៉េរិក និងរុស្ស៊ី ដែលសុទ្ធតែជាអ្នកនាំមុខខាងវិស័យអវកាសរាប់ទសវត្សរ៍មកនេះ មិនទាន់សម្រេចបាននៅឡើយ។ យានអវកាសខាងលើដែលមានឈ្មោះ «ឆាងអឺទី៤» គឺជានិមិត្តរូបនៃការរីកចម្រើនក្នុងវិស័យអវកាសរបស់ប្រទេសចិន និងជាសមត្ថភាពដែលចិនបានខិតខំកសាងឡើង ហើយភាពជោគជ័យនេះ ក្លាយជាសារសំខាន់ខ្លាំងបំផុតសម្រាប់ចិនខ្លួនឯងផ្ទាល់ និងសម្រាប់ទំនាក់ទំនងរវាងមហាអំណាចនៅលើពិភពលោក។ សូមបញ្ជាក់ថា ស្របពេលដែលការប្រកួតប្រជែងគ្នា អាចនាំទៅរកភាពជឿនលឿននៃបច្ចេកវិទ្យា ដូចបានបង្ហាញក្នុងការរត់ប្រណាំងផ្នែកអវកាសរវាងអាម៉េរិក និងចិននោះ ការសហការគ្នារវាងមហាអំណាចនៃវិស័យអវកាស ក៏អាចផ្តល់អត្ថប្រយោជន៍ដែរ ពោលគឺមិនត្រឹមអាចជួយសង្រ្គោះអវកាសយានប៉ុណ្ណោះទេ តែថែមទាំងអាចបង្កើនចំណេះដឹងកាន់តែទូលំទូលាយ អំពីចក្រវាឡដែលយើងទាំងអស់គ្នាកំពុងរស់នៅថែមទៀត។ ដូច្នេះហើយ ទោះបីវិស័យអវកាសចិនកំពុងលោតឡើងខ្លាំងយ៉ាងណាក៏ដោយ មិនមែនលទ្ធផលទាំងអស់សុទ្ធតែអាក្រក់ ដូចគូប្រជែងរបស់ចិនប្រឹងលើកឡើងនោះទេ៕
-
សហភាពអឺរ៉ុបចាត់បញ្ចូលអង្គភាព និងបុគ្គលិកស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ពីររូបទៅក្នុងបញ្ជីភេរវកម្ម

អឺរ៉ុប៖ ក្រសួងការបរទេសដាណឺម៉ាក និងមន្ត្រីការទូតសហភាពអឺរ៉ុបបានលើកឡើងថា សហភាពអឺរ៉ុបនៅថ្ងៃអង្គារ៍នេះ បានព្រមព្រៀងគ្នាដាក់អង្គភាពមួយរបស់ក្រសួងស៊ើបការណ៍សម្ងាត់ និងបុគ្គលិកអ៊ីរ៉ង់ចំនួន២រូប ចូលក្នុងបញ្ជីភេរវកម្មរបស់សហភាពអឺរ៉ុប សម្រាប់ការរៀបផែនការធ្វើឃាតនានានៅអឺរ៉ុប ។ ការសម្រេចចិត្តដែលបង្កទ្រព្យសម្បត្តិនៅអឺរ៉ុបរបស់អង្គភាព និងបុគ្គលិកទាំងពីររូបនោះ គឺត្រូវបានធ្វើឡើងបន្ទាប់ប្រទេសដាណឺម៉ាកបាននិយាយកាលពីឆ្នាំមុនថា ខ្លួនបានសង្ស័យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់មួយ ពាក់ព័ន្ធនឹងការរៀបចំផែនការធ្វើឃាតនៅលើទឹកដីដាណឺម៉ាក។ ជុំវិញរឿងនេះដែរ បើតាមប្រភព័ត៌មានពីកាសែត រ៉យទ័រ បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់បានធ្វើការបដិសេធថា ខ្លួនមិនបានពាក់ព័ន្ធក្នុងផែនការធ្វើឃាតនោះទេ ហើយថែមទំាងអះអាងថា ការចោទប្រកាន់នេះ គឺមានបំណងបំផ្លាញចំណងមិត្តភាពសហភាពអឺរ៉ុប និងអ៊ីរ៉ង់បុណ្ណោះ៕
-
ចិន វ៉ាដាច់រុស្ស៊ី ក្លាយជាប្រទេសមហាអំណាចយោធាទី២ បន្ទាប់ពីសហរដ្ឋអាម៉េរិកនៅក្នុងឆ្នាំ២០១៨

ចិន៖ កាលពីឆ្នាំ២០១៨ ចិនបាននាំមុខរុស្ស៊ី ក្លាយជាប្រទេសមហាអំណាចយោធាទី២ នៅលើពិភពលោក ដោយទី១ គឺសហរដ្ឋអាម៉េរិកដដែល និងទី៣ គឺរុស្ស៊ី។ ចិនក្លាយជាប្រទេសដែលមានទាហានពេញសិទ្ធិ “ក្របខណ្ឌ” សរុបច្រើនជាងគេបង្អស់លើពិភពលោក ដោយមានកងទាហានដល់ទៅ២,២៨៥,០០០នាក់ ហើយបើគិតទាំងទាហានបម្រុង និងទាហានស៊ីឈ្នួលទៀត ប្រទេសចិនមានដល់ទៅជាង៧លាននាក់។ ចំណែកសហរដ្ឋអាម៉េរិកវិញ មានតែជាង១លាន៧៧ម៉ឺននាក់ប៉ុណ្ណោះ ហើយបើគិតទាំងទាហានបម្រុង និងទាហានស៊ីឈ្នួលមានជាង៣លាន២សែននាក់។ ដោយឡែកឥណ្ឌាឈរលំដាប់ទី៣ មានទាហានពេញសិទ្ធិសរុបជាង១លាន៣២ម៉ឺននាក់ ខណៈរុស្ស៊ីឈរលំដាប់ទី៤ មានទាហានពេញសិទ្ធិសរុបជាង៧៦ម៉ឺននាក់ប៉ុណ្ណោះ។ សូមរំលឹកថា ដោយសារតែមានការប្រឈមមុខបញ្ហាយោធាកាន់តែខ្លាំងនោះ ចិន បានបង្កើនការធ្វើសមយុទ្ធដល់ទៅជាង១៨ពាន់លើក នៅគ្រប់ទិសទីក្នុងប្រទេស កាលពីឆ្នាំ២០១៨ ហើយបើតាមការរំពឹងទុកនោះ នៅឆ្នាំ២០១៩នេះ ចិននឹងបង្កើនការធ្វើសមយុទ្ធយោធារបស់ខ្លួនបន្ថែមទៀត៕
-
ចិនបដិសេធការប្រើទស្សនកិច្ចរបស់មេដឹកនាំកំពូលកូរ៉េខាងជើង ជាការយកប្រៀបក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាំង បានច្រានចោលការចោទប្រកាន់ដែលថា ចិនបានព្យាយាមប្រើទំនាក់ទំនងរឹងមាំជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជាការកេងយកប្រៀបជាង នៅក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនៅទីក្រុងប៉េកាំង។ លោក លូ កាំង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សម្រាប់ជំហររបស់យើងចំពោះភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកនោះ គឺថា វាបើកចំហ និងមានតម្លាភាព។ លោកបន្តថា ចិនតែងតែដើរតួនាទីសំខាន់មួយអំពីបញ្ហាឧបទ្វីបកូរ៉េ និងគាំទ្រការទាក់ទងរវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង ដើម្បីសម្រេចបានលទ្ធផលវិជ្ជមានមួយលើបញ្ហាអាវុធនុយក្លេអ៊ែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានគូសបញ្ជាក់ទៀតថា ចិនតែងតែជាកម្លាំងរុញច្រានដ៏សំខាន់មួយ ដើម្បីសន្តិភាព និងស្ថិរភាពលើឧបទ្វីបកូរ៉េ និងដើម្បីដំណោះស្រាយនយោបាយដោយសន្តិវិធីមួយនៃបញ្ហានេះ ហើយថា មេដឹកនាំនៃប្រទេសទាំងពីរ ចិន-កូរ៉េខាងជើង នឹងធ្វើកិច្ចពិភាក្សាគ្នា ក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាស៊ីជម្រៅអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួម៕
-
លោក ដូណាល់ ត្រាំ ថ្លែងសារតាមកញ្ចក់ទូរទស្សន៍ពីសេតវិមានលើកដំបូង ស្តីពីបញ្ហាព្រំដែនសហរដ្ឋអាម៉េរិក និងម៉ិកស៊ិក

សហរដ្ឋអាម៉េរិក៖ នៅក្នុងការថ្លែងសារតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងចេញពីសេតវិមាន ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា វិបត្តិមនុស្សជាតិកាន់តែរីកធំឡើង នៅព្រំដែនភាគខាងត្បូងជាប់នឹងប្រទេសម៉ិកស៊ិក ដោយលោក ត្រាំ ថែមទាំងបានទាមទារឲ្យសភាអនុម័តថវិកា ដើម្បីសាងសង់ជញ្ជាំងព្រំដែនជាបន្ទាន់។ ដោយសារតែបញ្ហាថវិកាសាងសង់ជញ្ជាំងព្រំដែននេះហើយ ទើបធ្វើឲ្យរដ្ឋាភិបាលអាម៉េរិកបិទទ្វារអស់ប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្រោយសមាជិកសភាបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋមិនឯកភាពគ្នាក្នុងការអនុម័តសេចក្តីព្រាងកញ្ចប់ថវិកាជាតិ ដែលរួមមាននូវទឹកប្រាក់ជាង៥ពាន់លានដុល្លារ សម្រាប់ការសាងសង់ជញ្ជាំងព្រំដែន។ ជុំវិញបញ្ហានេះដែរ លោក ដូណាល់ ត្រាំ បាននិយាយថា ពលរដ្ឋអាម៉េរិកកំពុងរងគ្រោះ ដោយសារការធ្វើអន្តោប្រវេសន៍ខុសច្បាប់យ៉ាងអនាធិបតេយ្យ ហើយថា ជញ្ជាំងព្រំដែន គឺពិតជាចាំបាច់បំផុត សម្រាប់ការរក្សាសន្តិសុខតាមព្រំប្រទល់ ដូច្នេះហើយតើត្រូវចាំយូរដល់ពេលណាទៀត ទើបសភាយល់ព្រមផ្តល់ថវិកាសម្រាប់គម្រោងដ៏សំខាន់នេះ៕
-
វៀតណាមនឹងសាងសង់កំពង់ផែសមុទ្រមួយទៀត តម្លៃជាង៦០០ពាន់លានដុល្លារ

វៀតណាម៖ ខេត្តនៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាមឈ្មោះថា Quang Tri (ក្វាង ទ្រី) គ្រោងនឹងស្ថាបនាកំពង់ផែសមុទ្រមួយ ក្នុងតម្លៃ១៤ទ្រីលានដុង ឬ ៦១៤ពាន់លានដុល្លារអាម៉េរិក នៅតំបន់ឆេ្នរ My Thuy (មី ធុយ) ក្នុងគោលបំណងប៉ុនប៉នបង្កើនការអភិវឌ្ឍ នៃតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តមួយនេះ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews ម្សិលមិញ។ ប្រភពថា ការសម្រេចនេះត្រូវបានឯកភាពពីនាយករដ្ឋមន្ត្រី កាលពីសប្តាហ៍មុន ដោយកំពង់ផែមួយស្ថិតក្នុងស្រុក Hai Lang (ហៃឡាង)។ រីឯប្រភពទុនវិនិយោគវិញ គឺយកចេញពីប្រភពមូលនិធិផ្សេងៗគ្នា ដោយក្រុមហ៊ុន Mỹ Thủy International Port Joint Venture គឺជាអ្នកទទួកបន្ទុកសាងសង់។ ផ្អែកតាមប្រភពដដែល កំពង់ផែនេះនឹងគ្របដណ្តប់លើផ្ទៃដី៦៨៥ហិកតា ដោយអាចចតប្រភេទនាវាផ្ទុកទំនិញបាន១ម៉ឺនតោន គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៥។ Quang Tri (ក្វាង ទ្រី) គឺជាខេត្តចុងក្រោយក្នុងចំណោមខេត្តចំនួន១២ នៃតំបន់កណ្តាលវៀតណាម ដែលមានកំពង់ផែសមុទ្រទឹកជ្រៅ៕ម.ន
-
ថៃនាំចេញអង្ករបានជាង១១លានតោន ទទួលចំណូលជាង៥ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៨

ថៃ៖ ថៃនាំចេញអង្ករបាន១១,៣លានតោន មានតម្លៃ៥,៦២ពាន់លានដុល្លារអាម៉េរិកកាលពីឆ្នាំ២០១៨ ប៉ុន្តែការនាំចេញនឹងធ្លាក់ចុះនៅឆ្នាំ២០១៩។ នេះបើយោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេសចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី៨ មករា ២០១៩។ លោក Adul Chotinisakorn អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសបាននិយាយថា ការនាំចេញអង្ករឆ្នាំមុន មានតម្លៃ១៨០,៤១ពាន់បាត សម្រេចបានគោលដៅកំណត់ ហើយបានជួយបង្កើនតម្លៃស្រូវ និងចំណូលកសិកម្ម។ លោករំពឹងថា ការនាំចេញនឹងធ្លាក់ចុះតិចតួច នៅឆ្នាំ២០១៩នេះ ប៉ុន្តែអគ្គនាយកដ្ឋាននឹងព្យាយាមបង្កើនតម្លៃនាំចេញ ហើយលើកទឹកចិត្តកសិករបង្កើនគុណភាពនិងផលិតកម្មស្រូវ ស្របតាមតម្រូវការខ្ពស់។ នៅឆ្នាំ២០១៨នេះ ប្រទេសអាស៊ីធំៗដែលទិញអង្ករពីថៃ រួមមាន ហុងកុង សិង្ហបុរី ចិន ហ្វីលីពីន និងឥណ្ឌូនេស៊ី៕ម.ន
-
លោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្ត្រីក្លាយជាប្រធានកំពង់ផែអន្តរជាតិមួយនៅប្រទេសចិន

ថៃ៖ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីនៃប្រទេសថៃ ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានកំពង់ផែអន្តរជាតិ Shahtou ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន HPH នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន កាលពីថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។ លោកស្រី យីងឡាក់ ដែលធ្លាប់មានប្រវត្តិជាអ្នកជំនួយធំមួយក្នុងប្រទេសថៃដែរនោះ បាននិងកំពុងរស់នៅនិរទេសខ្លួនក្នុងប្រទេសអង់គ្លេស។ លោកស្រី គឺជាអតីតនាយករដ្ឋមន្ត្រីថៃទី២៨ ដែលបានឡើងកាន់តំណែងកាលពីឆ្នាំ២០១១ និងត្រូវបានយោធាថៃធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច កាលពីខែឧសភា ឆ្នាំ២០១៤។ ក្រុមហ៊ុនកំពង់ផែនេះ គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន HPH និង China Merchants Port Group នៃទីក្រុងសានតូវ ជាមួយនឹងភាគហ៊ុនដាច់ដោយឡែកពីគ្នា។ HPH គឺក្រុមហ៊ុនប្រតិបត្តិករកំពង់ផែធំបំផុតមួយផងដែរនៅលើសកលលោក៕ម.ន
-
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង និងចិន ធ្វើកិច្ចពិភាក្សាទ្វេភាគីដោយផ្តោតសំខាន់លើជំនួបកំពូលរវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង

ចិន៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជួបពិភាក្សាគ្នាស្ដីពីជំនួបកំពូលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង នៅថ្ងៃអង្គារ៍នេះ ក្នុងកិច្ចប្រជុំមួយនៅឯរដ្ឋធានីប៉េកាំង។ បើតាមសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង លោក គីម និងលោក ស៊ី បានចូលរួមក្នុងកិច្ចប្រជុំមួយមានរយៈពេលជាង៤ម៉ោង ហើយមេដឹកនាំទាំងពីរក៏បានជជែកគ្នាផងដែរ ពីជំនួបរវាងលោក គីម និង លោក ត្រាំ ព្រមទាំងការរៀបចំយុទ្ធសាស្ត្រថ្មីៗដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ ប៉ុន្តែមិនបានបញ្ជាក់លម្អិតនៃពិភាក្សានេះទេ។ សូមជម្រាបថា នេះគឺជាដំណើរទស្សនកិច្ចជាលើកទី៤ហើយ របស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងភរិយារបស់លោក គឺលោកស្រី Ri Sol Ju ព្រមទាំងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូបមកកាន់ប្រទេសចិន ហើយវាត្រូវបានធ្វើឡើងនៅមុនជំនួបក្រោមការរំពឹងទុកជាមួយលោក ដូណាល់ ត្រាំ ដែលធ្លាប់និយាយថា វាអាចនឹងកើតមានឡើងនៅចុងខែមករា ឬខែកុម្ភៈក្រោយនេះ៕ម.ន