-
ធនាគារពិភពលោក៖ ប្រភពទុនឯកជន គឺជាគន្លះសម្រាប់ការអភិវឌ្ឍវិស័យថាមពលរបស់វៀតណាម

វៀតណាម៖ ប្រភពហិរញ្ញវត្ថុថ្មីៗ ជាពិសេស បានពីវិស័យឯកជននោះនឹងជួយដល់វៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មថាមពលរបស់ខ្លួន នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក ស្តីពីការអភិវឌ្ឍថាមពលរបស់វៀតណាម ចេញផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់វៀតណាម កាលពីម្សិលមិញ។ របាយការណ៍របស់ World Bank ថា ការផ្លាស់ប្តូរម៉ាក្រូសេដ្ឋកិច្ច និងបរិបទតាមវិស័យនៅប្រទេសវៀណាម ត្រូវការចាំបាច់នូវធនធានហិរញ្ញវត្ថុថ្មី សម្រាប់សកម្មភាពវិនិយោគឧស្ម័ន និងអគ្គិសនី។ ចាប់ពីពេលនេះ ដល់ឆ្នាំ២០៣០ វិស័យអគ្គិសនីរបស់វៀតណាមត្រូវការការវិនិយោគថ្មី ក្នុងទំហំទឹកប្រាក់១០ពាន់លានដុល្លារអាម៉េរិក ពោលគឺខ្ពស់ជាងទំហំជាមធ្យម៨ពាន់លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០១១ដល់២០១៥។ ជាមួយគ្នានេះដែរ ការអភិវឌ្ឍលើវិស័យឧស្ម័នត្រូវបានប៉ាន់ស្មានថា មានតម្រូវការប្រមាណ២០ពាន់លានដុល្លារអាម៉េរិក នៅចន្លោះពីឆ្នាំ២០១៥ ដល់២០៣៥៕
-
ការលក់រថយន្ត Rolls-Royce នៅឆ្នាំ២០១៨ កើនឡើងយ៉ាងខ្លាំងមិនធ្លាប់មាន

បរទេស៖ យោងតាមការចេញផ្សាយរបស់គេហទំព័រ topgear ថ្មីៗនេះថា ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce មានអាយុកាល១១៥ឆ្នាំហើយ។ នៅឆ្នាំ២០១៨នេះ ក្រុមហ៊ុនបានប្រកាសពីការកើនឡើងនៃចំនួនលក់រថយន្តប្រណីតដល់ទៅ៤១០៧គ្រឿង ជាចំនួនលក់ដ៏ច្រើនបំផុត មិនធ្លាប់មាន។ ប្រភពថា ប្រសិនបើចំនួននេះ ទាបជាងឆ្ងាយបើប្រៀបធៀបនឹងការលក់របស់ក្រុមហ៊ុន Toyota និង Volkswagen ក៏ដោយ ប៉ុន្តែបើមើលតម្លៃជាមធ្យមរបស់ Rolls-Royce ១គ្រឿង ខ្ទង់ ៣០០០០០ដុល្លារជាងនោះ ចំនួននេះពិតជាមិនតិចឡើយ។ Rolls-Royce ជាក្រុមហ៊ុនចំណុះ BMW ដែលមានមូលដ្ឋាននៅ Goodwood ប្រទេសអង់គ្លេសមួយនេះបានបង្ហើបថា ការកើនឡើងនៃការលក់ខ្លាំងនេះគឺមកពីការបញ្ចេញ Phantom ជំនាន់ទី៨ ដែលផ្លាស់ប្ដូររូបរាងច្រើន និងមានបច្ចេកវិទ្យាទំនើបជាងមុន៕
-
កិច្ចប្រជុំកំពូលរវាងមេដឹកនាំសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងលើកទី២ អាចនឹងត្រូវធ្វើឡើងនៅប្រទេសវៀតណាម

សហរដ្ឋអាម៉េរិក៖ សមាជិកសភាអាម៉េរិក លោក Michael McCaul បានលើកឡើងថា កិច្ចប្រជុំកំពូលជាលើកទី២ រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជានឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ។ សមាជិកសភាអាម៉េរិករូបនេះ បានធ្វើការលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា ទីក្រុងហាណូយ របស់ប្រទេសវៀតណាម មានអាទិភាពខ្ពស់ជាងគេ ក្នុងការរៀបចំជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម ខណៈទីក្រុងបាងកក ប្រទេសថៃ និងកោះហាវ៉ៃ ក៏បានស្នើទទួលរៀបចំកិច្ចប្រជុំនេះដែរ។ សូមរំលឹកថា កាលពីសប្ដាហ៍មុន សារព័ត៌មានកូរ៉េខាងត្បូងជាច្រើនក៏បានរាយការណ៍ដែរថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចង់ជួបប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជាលើកទី២ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម នាពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ រីឯទីក្រុងព្យុងយ៉ាងក៏កំពុងពិចារណាលើសំណើនេះផងដែរ៕
-
ផែនការធ្វើឃាតប្រធានធិបតីរុស្ស៊ីរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅប្រទេសស៊ែប៊ី ត្រូវបានទប់ស្កាត់

ស៊ែប៊ី៖ ផែនការរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS ក្នុងការធ្វើឃាតប្រធានធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានទប់ស្កាត់ទាន់ពេលវេលា បន្ទាប់ពីប៉ូលិសបានចាប់ខ្លួនពួកឧទ្ទាមជីហាដប្រដាប់ដោយអាវុធម្នាក់ នៅមុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ពូទីន នៅទីក្រុងបែលក្រាត ប្រទេសស៊ែប៊ី នៅព្រហស្បតិ៍តនេះ។ បើតាមសេចក្តីរាយការណ៍ ជនជីហាដប្រដាប់អាវុធឈ្មោះ អាមីន អាលីបាស៊ីក អាយុ២១ឆ្នាំនេះ ត្រូវបានសង្ស័យជាអ្នកគាំទ្រពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIS និងបានលាក់ទុកអាវុធ ព្រមទាំងគ្រឿងផ្ទុះ នៅពេលត្រូវបានចាប់ខ្លួននៅទីក្រុង Novi Pazar ប្រទេសស៊ែប៊ី។ ក្រុមអ្នកស៊ើបការសម្ងាត់ស៊ែប៊ី បាននិយាយថា លោក វ្ល៉ាឌីមៀរ ពូទីន គឺជាគោលដៅវាយប្រហាររបស់ក្រុមភេរវជន ដោយសារតែសង្គ្រាមដែលប្រទេសរុស្ស៊ីបានប្រឆាំងនឹងក្រុម ISIS ហើយថា កងកម្លាំងរបស់យើង រួមជាមួយកងកម្លាំងរបស់រុស្ស៊ីបានត្រៀមការពារយ៉ាងល្អ និងរក្សាស្ថានភាពស្ថិតក្រោមការគ្រប់គ្រងហើយប្រធានាធិបតីរុស្ស៊ីនឹងមានសុវត្ថិភាពទាំងស្រុង៕
-
អំពើហិង្សានៅប្រទេសកុងហ្គោ បណ្តាលឲ្យមនុស្សជិត៩០០នាក់បាត់បង់ជីវិតកាលពីឆ្នាំ២០១៨

បរទេស៖ អង្គការសហប្រជាជាតិនៅថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា មនុស្សយ៉ាងតិច៨៩០នាក់បានស្លាប់ ដោយសារតែការផ្ទុះអំពើហិង្សារវាងសហគមន៍ជនជាតិដើមភាគតិច នៅឯខាងលិចសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីខែធ្នូកន្លងទៅ។ ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើថា ខ្លួនក៏បានបើកការស៊ើបអង្កេតទៅលើការរីករាលដាលនៃអំពើហិង្សាដ៏អាក្រក់នេះផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិត គឺស្ថិតក្នុងចន្លោះពីថ្ងៃទី១៦ និងទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិចំនួន៤ក្នុងតំបន់ Yumbi ខេត្ត Mai-Ndombe ភាគខាងលិចប្រទេសកុងហ្គោ ដោយសារការផ្ទុះហិង្សាប៉ះទង្គិចគ្នារវាងសហគមន៍ជនជាតិ Banunu និង Batende៕
-
មេដឹកនាំអេស៉្បាញ បង្ហាញជំហរគាំទ្រគំនិតចង់បង្កើតកម្លាំងទ័ពផ្ទាល់ខ្លួនពិតប្រាកដមួយសម្រាប់អឺរ៉ុប

បែលហ្ស៊ិក៖ នាយករដ្ឋមន្រ្តីអេស៉្បាញលោក Pedro Sanchez បានបង្ហាញការគាំទ្រ ចំពោះគំនិតនៃការចង់បង្កើតកម្លាំងយោធាផ្ទាល់ខ្លួនរបស់អឺរ៉ុប ដើម្បីធានាសន្តិសុខ និងអធិបតេយ្យភាពអឺរ៉ុប។ ថ្លែងក្នុងអំឡុងកិច្ចប្រជុំសភាអឺរ៉ុបនៅឯទីក្រុង ត្រាស់ស្បឺគ ប្រទេសបារាំង លោក Sanchez បានគូសបញ្ជាក់ថា ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពនៃប្រជាពលរដ្ឋយើង និងដើម្បីពង្រឹងតួនាទីរបស់យើងនៅលើពិភពលោក ពួកយើងត្រូវតែបង្ហាញពីការតាំងចិត្តអោយមុតមាំហើយបង្កើតយោធាអឺរ៉ុបពិតប្រាកដមួយ។ ការលើកឡើងរបស់នាយករដ្ឋមន្រ្តីអេស្ប៉ាញរូបនេះ ធ្វើឡើងបន្ទាប់ពីកាលពីខែវិច្ឆិកាកន្លងទៅ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានថ្លែងថា សហភាពអឺរ៉ុបគួរតែមានកងទ័ពផ្ទាល់ខ្លួនពិតប្រាកដមួយ ដែលមិនអាស្រ័យទៅលើសហរដ្ឋអាម៉េរិក និងអាចការពារខ្លួនឯងបាន ខណៈអធិការបតីអាល្លឺម៉ង់ក៏បានគាំទ្រគំនិតនេះ ប៉ុន្តែប្រធានាធិបតីអាម៉េរិកបែរជាបានរិះគន់ធ្ងន់ៗទៅវិញ ៕
-
មេទ័ពជើងទឹកសហរដ្ឋអាម៉េរិកស្នើឲ្យលើកកម្ពស់សមត្ថភាពកងនាវា សំដៅទប់ទល់រុស្ស៊ី និងចិននៅលើដែនសមុទ្រ

សហរដ្ឋអាម៉េរិក៖ មេបញ្ជាការកងទ័ពជើងទឹក Naval Surface Forces របស់អាម៉េរិក លោកឧត្តមនាវីឯក Richard Brown បានស្នើឡើងយ៉ាងទទូចថា កងទ័ពជើងទឹកអាម៉េរិកត្រូវតែបំពាក់បំប៉នសមត្ថភាពឲ្យរឹងមាំថែមទៀត ដើម្បីអាចប្រយុទ្ធតតាំងជាមួយចិន និងរុស្ស៊ី សម្រាប់ការគ្រប់គ្រងកាន់កាប់លើដែនសមុទ្រ។ ថ្លែងក្នុងសន្និសីទមួយរបស់កងទ័ពជើងទឹកអាម៉េរិក ដែលប្រព្រឹត្តទៅនៅរដ្ឋ វើជីននៀ នាថ្ងៃពុធម្សិលមិញ មេទ័ពអាម៉េរិករូបនេះ បានហៅចិន និងរុស្ស៊ីថា ជាប្រទេសដែលកំពុងមានឥទ្ធិពលខ្លាំងឡើង និងកំពុងតែបង្កជាបញ្ហាដល់សហរដ្ឋអាម៉េរិកនៅតំបន់អាស៊ីបូព៌ា នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ និងនៅភាគខាងជើងមហាសមុទ្រអាត្លង់ទិក។ ទន្ទឹមគ្នានេះ លោក Richard Brown បានសង្កត់ធ្ងន់ថា កងទ័ពជើងទឹកអាម៉េរិកគួរតែត្រៀមខ្លួន សម្រាប់ការប្រកួតប្រជែងដ៏ធំនៃឥទ្ធិពលយោធានៅលើផ្ទៃសមុទ្រ និងព្រមានថា សហរដ្ឋអាម៉េរិកត្រូវតែខិតខំប្រឹងប្រែងឲ្យខ្លាំងជាងមុន ក្នុងការរក្សាការគ្រប់គ្រងដែនសមុទ្រ និងបន្តអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរថែមទៀត៕
-
មន្ទីរបញ្ចកោណបន្តអូសបន្លាយពេលដាក់ពង្រាយកងទ័ព នៅព្រំដែនសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក រហូតដល់ខែកញ្ញាខាងមុខ

សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិកបានប្រកាសអំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការបន្តអូសបន្លាយពេលដាក់ពង្រាយកងទ័ពជំនាញនៅឯតំបន់ព្រំដែនជាមួយម៉ិកស៊ិក រហូតដល់ថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ។ នាពេលថ្មីៗនេះដែរ មន្ទីរបញ្ចកោណថែមទាំងបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងធ្វើការបញ្ជូនកងកម្លាំងសកម្មថ្មីបន្ថែមទៀត ទៅកាន់តំបន់ព្រំដែនភាគខាងត្បូង ដើម្បីឆ្លើយតបតាមសំណើរបស់មន្រ្តីមកពីក្រសួងសន្តិសុខមាតុភូមិត្ត។ បើតាមសារព័ត៌មាន USA Today ដែលបានដកស្រង់សម្តីមន្រ្តីមន្ទីរបញ្ចកោណ ក្នុងលក្ខខណ្ខមិនបញ្ជាក់អត្តសញ្ញាបានឱ្យដឹងថា កងកម្លាំងទាំងនេះ ក្នុងនោះរួមមាន ក្រុមវិស្វករប្រយុទ្ធដើម្បីពង្រឹងការឆ្លងកាត់ព្រំដែន និងអង្គភាពអាកាសចរណ៍ដើម្បីជួយនាវាចម្លង ព្រមទាំងភ្នាក់ងារល្បាតព្រំដែន ដោយពួកគេក៏នឹងជួយពង្រឹងការឃ្លាំមើលនៅតាមព្រំដែនផងដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កងកម្លំាងសកម្មប្រមាណ២,៣៥០នាក់ និងសមាជិកឆ្មាំជាតិជាង២,២០០នាក់ត្រូវបានដាក់ពង្រាយនៅឯតំបន់ព្រំដែន៕
-
សហរដ្ឋអាម៉េរិកកំពុងសម្លឹងមើលកោះតៃវ៉ាន់ ព្រោះបារម្ភចិនអាចនឹងប្រើកម្លំាងយោធាវាយសង្គ្រប់យកកោះតៃវ៉ាន់ទៅគ្រប់គ្រង

សហរដ្ឋអាម៉េរិក៖ សារព័ត៌មានរ៉យទ័របានចុះផ្សាយថា អាម៉េរិកកំពុងសម្លឹងមើលដោយមិនដាក់ភ្នែកនោះឡើយ ទៅលើចេតនារបស់ចិនចំពោះតៃវ៉ាន់ ជាមួយការព្រួយបារម្ភថា ការកើនឡើងនៃអំណាចយោធារបស់ទីក្រុងប៉េកាំង នៅថ្ងៃណាមួយ ចិននឹងប្រើកម្លាំងយោធាដើម្បីសង្រ្គប់កាន់កាប់ដែនដីកោះនេះ។ ពាក់ព័ន្ធនឹងរឿងនេះដែរ មន្រ្តីយោធាអាម៉េរិកផ្នែកស៊ើបការណ៍សម្ងាត់មួយរូប ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ នៅថ្ងៃអង្គារ៍នេះ បាននិយាយថា ទោះបីជាកងទ័ពរំដោះប្រជាជនចិន PLA ទំនងជានឹងមិនជ្រើសយកជម្រើសខាងលើក៏ដោយ ក៏ប៉ុន្តែលទ្ធភាពដែលថា ចិននឹងសម្រេចធ្វើយ៉ាងដូច្នោះនោះ គឺជាក្តីព្រួយបារម្ភធំមួយ ស្របពេលដែលទីក្រុងប៉េកាំងកំពុងបន្តពង្រីក និងធ្វើទំនើបកម្មសមត្ថភាពយោធារបស់ខ្លួន។ មន្រ្តីរូបនេះ បានសង្កត់ធ្ងន់ទៀតថា បញ្ហាដែលធំបំផុតនោះ គឺយោធាចិនកំពុងឆ្ពោះទៅរកចំណុចមួយដែលបណ្តាថ្នាក់ដឹកនាំកងទ័ពរំដោះប្រជាជនចិន PLA អាចប្រាប់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ថា ពួកគេពិតជាជឿជាក់លើសមត្ថភាពយោធាចិន៕
-
គ្រោះរញ្ជួយដីក្នុងកម្រិត៥.៩រ៉ិកទ័រវាយប្រហារប្រទេសហ្វីលីពីន ប៉ុន្តែមិនបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរឡើយ

ហ្វីលីពីន៖ មន្រ្តីតាមដានគ្រោះរញ្ជួយដីរបស់រដ្ឋាភិបាលហ្វីលីពីន បានបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិតមធ្យម៥.៩រ៉ិកទ័របានធ្វើការវាយប្រហារភាគខាងត្បូងប្រទេស នៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែមិនបង្កការខួចខាតធំធេងដូចការរំពឹងទុកនោះឡើយ ។ បើតាមមន្រ្តីនៃវិទ្យាស្ថានតាមដានគ្រោះរញ្ជួយដី និងបំផ្ទុះភ្នំភ្លើងហ្វីលីពីន បានបន្ថែមថា គ្រោះមហន្តរាយខាងលើនេះ បានមានកើតឡើងនៅម៉ោង៤និង០៣នាទីព្រឹកព្រលឹមថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ក្នុងជម្រៅដីប្រហែល៤៨គីឡូម៉ែត្រ និងមានចម្ងាយប្រមាណ១៤៩គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង ហ្គោវើនណឺ ជេនណឺរ៉ូសូ នៃខេត្តមានសក្តានុពល ដាវ៉ូ ។ សូមរំលឹកផងដែរថា កាលពីខែធ្នូ ឆ្នំាមុន គ្រោះមហន្តរាយរញ្ជួយដីក្នុងកម្រិត៧.២រ៉ិកទ័រក៏បានធ្វើការវាយប្រហារទីក្រុងខាងលើនេះផងដែរ ដោយបង្ខំឱ្យអាជ្ញាធរ សម្រេចចិត្តធ្វើការជម្លៀសខ្លួនប្រជាជនជាច្រើន ចេញពីលំនៅដ្ឋានរបស់ពួកគេ ទៅកាន់ទីទួលមានសុវត្តិភាព ប៉ុន្តែគ្រោះធម្មជាតិនេះ មិនបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនោះឡើយ ៕