-
ពលរដ្ឋម៉ិកស៊ិករាប់ពាន់នាក់ បង្ខំចិត្តភៀសខ្លួនជាបន្ទាន់ ខណៈព្យុះសង្ឃរា Willa កំពុងធ្វើដំណើរសំដៅមកកាន់ប្រទេសពួកគេ

ម៉ិកស៊ិក៖ មនុស្សម្នារាប់ពាន់នាក់បានបង្ខំចិត្តភៀសខ្លួនជាបន្ទាន់ ស្របពេលដែលព្យុះសង្ឃរា Willa ដ៏មានអនុភាពខ្លាំងបានធ្វើដំណើរឆ្ពោះទៅមុខសំដៅមករកតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៅដែនដីនៃប្រទេសម៉ិកស៊ិក ក្នុងល្បឿន១៤៥ម៉ាយក្នុង១ម៉ោង ឬស្មើនឹង២៣០គីឡូម៉ែត្រក្នុង១ម៉ោង កាលពីយប់ថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ មន្ត្រីអាជ្ញាធរម៉ិកស៊ិកបាននិយាយថា ព្យុះសង្ឃរាខាងលើ ក៏បានគំរាមកំហែងមកលើតំបន់រម្មនីយដ្ឋានមួយចំនួន តំបន់ឆ្នេរខ្សាច់ និងភូមិអ្នកនេសាទត្រីជាច្រើនទៀតផង។ ក្រោយពីបានបង្កើនឥទ្ធិពលជាព្យុះកម្រិត៥ កម្លាំងខ្យល់បក់របស់ព្យុះសង្ឃរាជាអតិបរិមានៅរក្សាល្បឿនថយចុះវិញបនិ្តច។ ប៉ុន្តែវានៅតែបង្កគ្រោះថ្នាក់ខ្លាំងក្លាបំផុតដដែល និងត្រូវបានគេព្យាករណ៍ថា នឹងគំរាមកំហែងដល់អាយុជីវិតមនុស្ស ដោយសារព្យុះនេះ មានខ្យល់បក់បោក និងមានភ្លៀងធ្លាក់ចុះខ្លាំង នៅផ្នែកខ្លះនៃភាគខាងលិច និងកណ្តាល ព្រមទំាងភាគអាគ្នេយ៍នៃប្រទេសម៉ិកស៊ិក ដែលគេរំពឹងថា នឹងមានគ្រោះបាក់ដីកើតឡើងនៅថ្ងៃអង្គារ៍ម្សិលមិញ នេះបើតាមមជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិសហរដ្ឋអាម៉េរិក៕ម.ន
-
ប្រធានាធិបតីតួកគី៖ ការស្លាប់របស់អ្នកកាសែតអារ៉ាប៊ីសាអូឌីត មិនមែនកើតឡើងដោយចៃដន្យឡើយ តែជាការរៀបចំផែនការទុកមុន

តួកគី៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ បាននិយាយនៅថ្ងៃអង្គារ៍នេះថា កាមេរ៉ាសុវត្ថិភាពនៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ុលត្រូវបានគេដកចេញ មុនការមកដល់របស់អ្នកការសែត ចាម៉ាល់ ខាហ្សូកជី។ ជាមួយគ្នានេះ លោក អឺដូហ្គាន់ បាននិយាយថា យើងមានជំនឿចិត្តខ្លាំងណាស់ថា នេះមិនមែនជារឿងកើតឡើងដោយចៃដន្យនោះទេ តែផ្ទុយទៅវិញ វាត្រូវបានគេរៀបចំផែនការរួចជាស្រេច។ លោកបន្តថា អារ៉ាប៊ីសាអូឌីត បានផ្តល់ការអនុញ្ញាតឲ្យក្រុមសន្តិសុខតួកគីចូលទៅក្នុងស្ថានកុងស៊ុលរបស់ពួកគេ ស្ថិតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ក្រោយការចាប់អារម្មណ៍របស់សារព័ត៌មានតែប៉ុណ្ណោះ។ បន្ថែមលើនេះ លោក អឺដូហ្គាន់ ក៏បានស្នើសុំផងដែរ ឲ្យក្រុមអាជ្ញាធរអារ៉ាប៊ីសាអូឌីត ប្រគល់ជូនតួកគីនូវជនសង្ស័យទាំង១៨ ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់រាជាណាចក្រមួយនេះ ដើម្បីយកមកកាត់ទោសនៅទីក្រុងអ៊ីស្តានប៊ុល ប្រទេសតួកគី។ បញ្ជីឈ្មោះជនសង្ស័យទាំងអស់នោះ រួមទាំងបុរសអារ៉ាប៊ីសាអូឌីត១៥នាក់ ដែលត្រូវបានផ្តល់អត្តសញ្ញាណដោយក្រុមអាជ្ញាធរតួកគីផងដែរ៕ម.ន
-
លោក ង្វៀន ភូទ្រុង ត្រូវបានជ្រើសរើសធ្វើជាប្រធានាធិបតីថ្មីរបស់ប្រទេសវៀតណាម

វៀតណាម៖ លោក ង្វៀន ភូទ្រុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម (CPVCC) ត្រូវបានជ្រើសតាំងជាប្រធានាធិបតីថ្មីនៅក្នុងសម័យប្រជុំលើកទី៦ របស់ប្រទេសវៀតណាម។ យោងតាមទីភ្នាក់ងារព័ត៌មាន CGTN របស់ប្រទេសចិនបានឲ្យដឹងថា លោក ង្វៀន ភូទ្រុង កើតនៅឆ្នាំ ១៩៤៤ ទទួលបានសញ្ញាប័ត្របណ្ឌិតនៅក្នុងវិស័យនយោបាយ។ រូបលោកធ្លាប់ជាសមាជិកការិយាល័យនយោបាយ CPVCC ចាប់តាំងពីឆ្នាំ១៩៩៧ ហើយលោក ង្វៀន ភូទ្រុង ក៏ធ្លាប់ជាប្រធានរដ្ឋសភាចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១១ ។ លោក ភូទ្រុង ក៏ត្រូវបានជាប់ឆ្នោតជាអគ្គលេខាធិការ CPVCC នៅក្នុងឆ្នាំ២០១១ និងត្រូវបានជាប់ឆ្នោតជាអគ្គលេខាធិការនៅឆ្នាំ២០១៦ផងដែរ។ សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែកញ្ញា ពីរថ្ងៃបន្ទាប់ពីអតីតប្រធានាធិបតី វៀតណាមលោក ត្រាន ដាយក្វាង បានទទួលមរណភាព អនុប្រធានាធិបតីវៀតណាមលោកស្រី Dang Thi Ngoc Thinh បានក្លាយជាប្រធានាធិបតីស្តីទី៕ម.ន
-
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិកប្រាប់រុស្ស៊ីថា ការជ្រៀតជ្រែកការបោះឆ្នោតអាម៉េរិកបង្កឲ្យមានការរំខានដ៏ធំ

រុស្ស៊ី៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន បាននិយាយថា ការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងដំណើរបោះឆ្នោតសហរដ្ឋអាម៉េរិក មិនបានធ្វើឲ្យប៉ះពាល់ណាមួយដល់លទ្ធផលទេ ប៉ុន្តែលោកបានប្រាប់មន្ត្រីរុស្ស៊ីថា វាពិតជាបានបង្កឲ្យមានការរំខាតដ៏ធំពីរុស្ស៊ីនៅក្នុងសហរដ្ឋអាម៉េរិក។ បើតាមកាសែត រ៉យទ័រ បានឱ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក បានធ្វើការសន្និដ្ឋានថា រុស្ស៊ីបានធ្វើយុទ្ធនាការវាយប្រហារផ្នែកព័ត៌មានវិទ្យា ឬ Hack និងធ្វើការផ្សព្វផ្សាយឃោសនាវាយប្រហារការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ២០១៦ ក្នុងគោលបំណងបង្កឲ្យមានភាពមិនចុះសម្រុង បង្ខូចបេក្ខភាពគណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន និងជួយដល់លោក ដូណាល់ ត្រាំ។ សូមជម្រាបថា នាពេលបច្ចុប្បន្ននេះ ក្រសួងយុត្តិធម៌ និងរដ្ឋសភាសហរដ្ឋអាម៉េរិក កំពុងតែធ្វើការស៊ើបអង្កេតចំពោះការជ្រៀតជ្រែក និងការឃុបឃិតណាមួយ ដែលអាចកើតមាន ដោយយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ តែលោក ត្រាំ បានបដិសេធជាដដែលៗថា មិនមានការឃុបឃិតណាមួយនោះទេ៕ម.ន
-
នាយករដ្ឋមន្ត្រីជប៉ុនធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាសប្តាហ៍នេះ ដើម្បីស្វែងរកដៃគូសេដ្ឋកិច្ច និងស្តារទំនាក់ទំនងប្រទេសទំាងពីរឡើងវិញ

-
លោក ស៊ី ជិនពីង សម្ពោធដាក់ដំណើរការស្ពានកាត់សមុទ្រវែងបំផុត ដែលភ្ជាប់ទីក្រុងហុងកុងទៅទីក្រុងម៉ាកាវ និងប្រទេសចិនដីគោក

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃអង្គារ៍នេះ បានប្រកាសដាក់ដំណើរការស្ពានកាត់សមុទ្រវែងបំផុតក្នុងពិភពលោក ដែលភ្ជាប់ក្រុងហុងកុង ម៉ាកាវ និងមហាចិនដីគោក ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំងព្យាយាមពង្រឹងការគ្រប់គ្រងលើបណ្តាទឹកដីពាក់កណ្តាលស្វយ័តរបស់ខ្លួន ។ការប្រកាសរបស់ស៊ីត្រូវបានធ្វើឡើងនៅពិធីមួយ ដែលក៏មានការចូលរួមពីមេដឹកនាំហុងកុង និងម៉ាកាវ នៅឯចំណតកំពង់ផែថ្មីមួយនៅទីក្រុងហ្ស៊ូហាយ ខេត្តក្វាងទុងប្រទេសចិន ។
-
ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបជឿជាក់ថា ៩៥ភាគរយឯកភាពថា អង់គ្លេសនឹងចាកចេញពីអឺរ៉ុប

-
ប្រធានាធិបតីរុស្ស៊ីចេញបញ្ជាអោយដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសអ៊ុយក្រែន

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ បញ្ជាឱ្យរដ្ឋាភិបាលចងក្រងបញ្ជីឈ្មោះក្រុមហ៊ុនអ៊ុយក្រែនទាំងឡាយណា ដែលអនុវត្តសកម្មភាពមិនមានភាពរាក់ទាក់ ហើយប្រឆាំងនឹងរុស្ស៊ី ។អនុក្រឹត្យដែលបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការ សម្រាប់ព័ត៌មានផ្នែកច្បាប់ ក៏បានបញ្ជាឱ្យរដ្ឋាភិបាលកំណត់ទណ្ឌកម្មសេដ្ឋកិច្ច ដែលត្រូវអនុវត្តចំពោះបុគ្គលនិងអង្គភាពនានា ដែលមាននៅក្នុងបញ្ជីនោះផងដែរ ។ អនុក្រឹត្យនេះដែរ ត្រូវបានចុះហត្ថលេខា ដើម្បីឆ្លើយតបទៅនឹងសកម្មភាពមិនរាក់ទាក់របស់អ៊ុយក្រែនផ្ទុយនឹងច្បាប់អន្ដរជាតិ និងការដាក់វិធានការរឹតត្បិត ប្រឆាំងនឹងពលរដ្ឋរុស្ស៊ី និងនីតិបុគ្គល ដោយគ្មានការបញ្ជាក់ច្បាស់ពីមូលហេតុ ។ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងគៀវ និងក្រុងម៉ូស្គូបានដុនដាបយ៉ាងខ្លាំង ចាប់តាំងពីដើមឆ្នាំ២០១៤ ជាពិសេសទៅលើបញ្ហានៃតំបន់ឧបទ្វីបគ្រីមៀ និងជម្លោះប្រដាប់អាវុធនៅភាគខាងកើតប្រទេសអ៊ុយក្រែន ។ ចាប់តាំងពីពេលនោះមក ទីក្រុងគៀវបានដាក់ទណ្ឌកម្មប្រឆាំងទីក្រុងម៉ូស្គូជាច្រើនមកហើយ ៕
-
ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាម៉េរិកបញ្ជាក់ថា ព្រះអនុជរាជទាយាទអារ៉ាប៊ីសាអូឌីតបានជួបជាមួយលោក ខាហ្សូកជី មុនពេលអ្នកកាសែតនេះស្លាប់

ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាម៉េរិកបញ្ជាក់ថា ព្រះអនុជរាជទាយាទអារ៉ាប៊ីសាអូឌីតបានជួបជាមួយលោក ខាហ្សូកជី មុនពេលអ្នកកាសែតនេះស្លាប់សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន NBC News របស់សហរដ្ឋអាម៉េរិកបានចុះផ្សាយថា ព្រះអនុជរបស់ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត និង ជាអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងវ៉ាស៊ីនតោន គឺព្រះអង្គម្ចាស់ ខាលីដ ប៊ីន សាល់ម៉ាន់ បានជួបសន្ទនាជាមួយលោក ចាម៉ាល់ ខាហ្សូកជី នៅក្នុងការិយាល័យរបស់ទ្រង់ប៉ុន្មានខែប៉ុណ្ណោះ មុននឹងអ្នកសារព័ត៌មានរូបនេះត្រូវបានគេសម្លាប់ ។
-
លោក ដូណាល់ ត្រាំ ព្រមានពីករណីក្រុមជនល្មើស និងក្រុមភេរវកម្មបន្លំខ្លួនជាមួយជនភៀសខ្លួនឆ្លងកាតព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិចស៊ីកូ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមាននៅថ្ងៃច័ន្ទនេះថា ក្រុមជនល្មើស និងក្រុមភេរវកម្ម អាចនឹងធ្វើការបន្លំខ្លួនជាមួយក្រុមជនភៀសខ្លួន ដែលកំពុងព្យាយាមឆ្លងព្រំដែនចូលក្នុងទឹកដីសហរដ្ឋអាមេរិក ហើយថា ប្រទេសរបស់លោកនឹងចាប់ផ្តើមកាត់ផ្តាច់ជំនួយដល់ប្រទេសអាមេរិកកណ្តាលចំនួន០៣ ក្នុងនោះរួមមាន៖ ហ្គាតេម៉ាឡា ហុងឌូរ៉ាស់ និងអ៊ែល សាល់វ៉ាឌ័រ ដោយសារតែមិនអាចទប់ស្កាត់បញ្ហានេះបាន ។