-
ប្រជាជនអាហ្វហ្កានីស្ថានប្រមាណ៩លាននាក់នាំគ្នាទៅបោះឆ្នោតសភានៅថ្ងៃចុងសប្តាហ៍នេះ ស្របពេលមានអំពើហិង្សា និងការរឹតបន្តឹងសន្តិសុខ

-
ទុស្សេខ្សែភ្លើងបណ្ដាលឲ្យឆាបឆេះរោងសិប្បកម្មកែឆ្នៃឈើធ្វើតុទូមួយដង្ហើមចង្រិត ធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្ដាលអាធ្រាត្រ

ភ្នំពេញ៖ មានករណីទុស្សេខ្សែភ្លើងក្នុងរោងសិប្បកម្មកែឆ្នៃឈើធ្វើតុទូមួយកន្លែងក្បែរអធិការដ្ឋាននគរបាលខណ្ឌចំការមន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩៧ ក្នុងសង្កាត់ផ្សារដើមផ្កូវ ខណ្ឌចំការមន ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង១២រំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញមានផ្សែងហុយចេញយ៉ាងខ្លាំងពីក្នុងរោងសិប្បកម្មឈើដែរកែឆ្នៃរួច ដោយឃើញដូច្នេះក៏មានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងបានទំនាក់ទំនងទៅសម្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ផងដែរ ហើយភ្លាមៗបុគ្គលិកជាច្រើននាក់ដែរធ្វើការរោងសិប្បកម្ម បានជួយអន្តរាគមន៍ម្នាក់មួយដៃមួយជើង ដោយមានអ្នកខ្លះតទយោទឹកមកបាញ់ អ្នកខ្លះទៀតយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ មិនយូរប៉ុន្មានក៏បានរលត់ទៅវិញផងដែរ ដោយមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យនោះទេ។ ក្នុងករណីនេះ សមត្ថកិច្ចបានសន្និដ្ធានថា គឺជាករណីឆ្លងចរន្តអគ្គីសនីបណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយក្នុងហេតុការណ៍នេះដែរ មិនបណ្ដាលឲ្យមនុស្សរងរបួសទេ៕ម.ន
-
ប្រធានាធិបតីរុស្ស៊ីអះអាងថា ក្រុមរដ្ឋអ៊ីស្លាមចាប់ចំណាប់ខ្មាំងប្រមាណ៧០០នាក់នៅប្រទេសស៊ីរី

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បត្តិ៍ថា ក្រុមរដ្ឋអ៊ីស្លាមបានចាប់មនុស្ស៧០០នាក់ធ្វើជាចំណាប់ខ្មាំងនៅតំបន់មួយរបស់ស៊ីរី ដែលគ្រប់គ្រងដោយកងកម្លាំងគាំទ្រដោយសហរដ្ឋអាម៉េរិក និងបានប្រហារជីវិតពួកគេអស់មួយចំនួនតូច និងគំរាមថានឹងសម្លាប់មនុស្សបន្ថែមទៀត។ ថ្លែងនៅឯទីក្រុងទេសចរណ៍សូឈី ស្ថិតនៅក្នុងសមុទ្រខ្មៅ លោក ពូទីន បាននិយាយថា ចំណាប់ខ្មាំងទាំងអស់នោះ រួមមានទាំងជនជាតិអាម៉េរិក និងអឺរ៉ុបជាច្រើននាក់ផងដែរ ហើយក្រុមរដ្ឋអ៊ីស្លាមកំពុងតែវាតទីទឹកដីគ្រប់គ្រងរបស់ពួកគេនៅតាមច្រាំងខាងឆ្វេងនៃទន្លេ យូផ្រេត ដែលគ្រប់គ្រងដោយសហរដ្ឋអាម៉េរិក និងកងកម្លាំងគាំទ្រដោយអាម៉េរិក។ ទោះបីយ៉ាងណាក៏ដោយ លោក ពូទីន មិនបានបញ្ជាក់ឲ្យដឹងច្បាស់ពីការទាមទាររបស់ក្រុមរដ្ឋអ៊ីស្លាម ជាថ្នូនឹងការដោះលែងចំណាប់ខ្មាំងទាំងអស់នេះនោះទេ ប៉ុន្តែលោកគ្រាន់តែអះអាងថា ពួកគេបានធ្វើការទាមទារជាក់លាក់ និងដាច់ខាត ហើយព្រមានថា បើសិនជាទាមទារមិនឈានដល់ទេនោះ ពួកគេនឹងប្រហារជីវិតចំណាប់ខ្មាំង១០នាក់ជារៀងរាល់ថ្ងៃ តួយ៉ាងកាលពីថ្ងៃពុធសប្តាហ៍នេះ ពួកគេបានប្រហារជីវិតមនុស្សអស់១០នាក់រួចទៅហើយ៕ម.ន
-
អាជ្ញាធរតួកគីបន្តការរុករកសាកសពអ្នកកាសែតអារ៉ាប៊ីសាអូឌីតនៅក្នុងព្រៃ

តួកគី៖ ក្រុមអាជ្ញាធរនៅប្រទេសតួកគី ដែលកំពុងស៊ើបអង្កេតលើករណីចោទប្រកាន់សម្លាប់អ្នកកាសែតអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខាហ្សូកជី នោះ បានបង្កើនប្រតិបត្តិការរុករករបស់ពួកគេដល់ក្នុងព្រៃ។ ក្រុមមន្រ្តីតួកគី ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា សាកសពរបស់អ្នកកាសែតអារ៉ាប៊ីសាអូឌីតខាងលើ អាចនឹងត្រូវបានគេយកទៅប្លុងចោលនៅក្នុងព្រៃក្បែរនោះ ឬអាចនៅលើវាលកសិដ្ឋាន។ សូមរំលឹកថា លោក ខាហ្សូកជី បានបាត់ខ្លួន ក្រោយចូលទៅកាន់ស្ថានកុងស៊ុល អារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី២ ខែតុលាកន្លងទៅ ជាកន្លែងដែលក្រុមមន្រ្តីតួកគីចោទប្រកាន់ថា លោកត្រូវបានគេធ្វើឃាត។ តែទោះបីជាយ៉ាងណាក៏ដោយ អារ៉ាប៊ីសាអូឌីតបានធ្វើការច្រានចោលទាំងស្រុងថា ពួកគេមិនដឹងរឿងអ្វីនោះទេ។ ចំណែកគំរូធ្វើតេស្តដែលទទួលបានពីស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត និងកន្លែងស្នាក់នៅរបស់អគ្គកុងស៊ុល អំឡុងការឆែកឆេរក្នុងសប្តាហ៍នេះ ត្រូវបានគេយកទៅធ្វើតេស្តដើម្បីផ្គូរផ្គងនឹង DNA របស់លោក ខាហ្សូកជី៕ម.ន
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកទុកពេលឲ្យអារ៉ាប៊ីសាអូឌីតពីរ ឬបីថ្ងៃទៀត ដើម្បីដោះស្រាយករណីបាត់ខ្លួនរបស់លោក ចាម៉ាល់ ខាហ្សូកជី

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានអះអាងនៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះថា អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវបានផ្តល់ឱ្យពេលវេលាប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដើម្បីធ្វើការស៊ើបអង្កេតលើករណីការបាត់ខ្លួនរបស់អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីតលោក ចាម៉ាល់ ខាហ្សូកជី។ ស្របពេលជាមួយគ្នានេះដែរ ប្រធានរតនាគារជាតិអាម៉េរិកលោក ស្ទេវិន ម្ញួឈិន បាននិយាយថា រូបលោកបានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ព្រះរាជាណាចក្រមួយនេះ បន្ទាប់ពីបានជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ។ ថ្លែងទៅកាន់អ្នកយកព័ត៌មាន នៅឯសេតវិមាន លោក ម៉ៃ ប៉ុមប៉េ បាននិយាយថា លោកបានរាយការណ៍ទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ រួចហើយ អំពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងតួកគី។ ប្រមុខការទូតអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោននឹងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតទៅលើករណីបាត់ខ្លួនរបស់លោក ចាម៉ាល់ ខាហ្សូកជី ដោយអារ៉ាប៊ីសាអ៊ូឌីត និងតួកគី មុនពេលសម្រេចការឆ្លើយតបរបស់សហរដ្ឋអាម៉េរិកយ៉ាងណានោះ៕ម.ន
-
ម៉ិកស៊ិកគ្រោងស្នើសុំជំនួយបន្ទាន់ពីអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាជនភៀសខ្លួន

ម៉ិកស៊ិក៖ រដ្ឋាភិបាលម៉ិកស៊ិកគ្រោងស្នើសុំជំនួយពីទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន UNHCR ឱ្យជួយដោះស្រាយបញ្ហាលំហូរជនភៀសខ្លួនមកពីបណ្ដាប្រទេសអាម៉េរិកកណ្ដាល ដែលកំពុងសម្រុកចូលមកកាន់តំបន់ព្រំដែនភាគខាងត្បូងរបស់ម៉ិកស៊ិក។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ ក្រសួងការបរទេសម៉ិកស៊ិកបានគូសបញ្ជាក់ថា ជំនួយពីទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន គឺមានភាពចំាបាច់ណាស់ ក្នុងការគ្រប់គ្រងរាល់កម្មវិធីជនភៀសខ្លួនទាំងអស់ ក៏ដូចជាដើម្បីបញ្ជៀសការបោកបញ្ឆោតរបស់ក្រុមឧក្រិដ្ឋជនអន្តរជាតិ ក្នុងការជួញដូរមនុស្ស។ ក្រសួងការបរទេសម៉ិកស៊ិកបានបន្ថែមទៀតថា ជនភៀសខ្លួន២,០០០នាក់បានធ្វើដំណើរមកពីប្រទេសហុងដូរ៉ាស់ ឆ្ពោះមកកាន់ប្រទេសហ្កាតេម៉ាឡា ដើម្បីចូលមកកាន់ព្រំដែនសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក។ ទន្ទឹមនឹងការព្រួយបារម្ភរបស់ម៉ិកស៊ិកខាងលើ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានព្រមានដែរថា សហរដ្ឋអាម៉េរិកនឹងដាក់ពង្រាយកងទ័ព ហើយបិទច្រកព្រំដែនជាមួយម៉ិកស៊ិក សំដៅបញ្ឈប់លំហូរជនភៀសខ្លួនមកពីប្រទេសហ្កាតេម៉ាឡា ហុងដូរ៉ាស់ និងអែលសាវ៉ាឌ័រ៕ម.ន
-
ប្រេសិតពិសេសអង្គការសហប្រជាជាតិស្នើឲ្យអ៊ីស្រាអែលផ្អាកសកម្មភាពសាងសង់ផ្ទះសម្បែងនៅតំបន់កំពុងមានជម្លោះ

អង្គការសហប្រជាជាតិ៖ អ្នកសម្របសម្រួលសន្ដិភាពនៅតំបន់មជ្ឈិមបូព៌ាសម្រាប់ អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ បានធ្វើការអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពតាំងទីលំនៅ លើដែនដីប៉ាឡេស្ទីនដែលបានកាន់កាប់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រាប់ដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ាលោក នីកូឡៃ ម្ល៉ាដេនូវ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា រូបលោកសូមធ្វើការអំពាវនាវសាជាថ្មីម្តងទៀតឲ្យអ៊ីស្រាអែល បញ្ឈប់ការរុះរើរចនាសម្ព័ន្ធគ្រប់គ្រងដោយប៉ាឡេស្ទីន និងវិធានការផ្សេងទៀត ដែលផ្ទុយនឹងកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្ដរជាតិ។លោក ម្ល៉ាដេនូវ បាននិយាយទៀតថា អគារស្នាក់នៅសរុបចំនួន៣៩ទីតាំង សំណង់ត្រូវបានគេរុះរើ ឬរឹបអូសនៅក្នុងតំបន់ West Bank ដែលរាប់បញ្ចូលទាំងទីក្រុងយ៉េរុយសាឡឹមខាងកើត ដែលបានផ្លាស់ប្តូរទីលំនៅមនុស្ស៣៣នាក់ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាង១០០នាក់កាលពីខែមុន៕ម.ន
-
អតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងលាងលុយកង្វក់

ម៉ាឡេស៊ី៖ អតីតឧបនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោក Ahmad Zahid Hamidi ត្រូវចោទប្រកាន់ជាផ្លូវការនៅថ្ងៃសុក្រនេះ ថាពាក់ព័ន្ធនឹងបទឧក្រិដ្ឋដល់ទី៤៥ករណី រួមមានទាំងការបំពានទំនុកចិត្ត បំពានអំណាច និងលាងលុយកង្វល់ ដែលមានទំហំលុយដល់ទៅ៣៧,៨លានដុល្លារអាម៉េរិក។ យ៉ាងណាក៏ដោយ លោកបានច្រានចោលចំពោះការចោទប្រកាន់នេះ ដោយលោកបានបង់លុយមួយចំនួនដើម្បីនៅក្រៅឃុំនៅថ្ងៃនេះ ហើយនឹងត្រូវបង់បន្ថែមទៀត នៅសប្តាហ៍ក្រោយ។ បុរសវ័យ៦៥ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួន កាលពីល្ងាចម្សិលមិញ នៅទីស្នាក់ការអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីចំណាយពេលឲ្យគេសាកសួរអស់មួយយប់។ លោកគឺជាអតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដំបូង ក្នុងរដ្ឋបាលរបស់ប្រធានាធិបតី Umno ដែលត្រូវបានចោទប្រកាន់នៅតុលាការ៕ម.ន
-
អឺរ៉ុបចង់បានការគាំទ្រពីអាស៊ី ទប់ទល់នឹងការគាំពារនិយមរបស់សហរដ្ឋអាម៉េរិក

អឺរ៉ុប៖ សហគមអឺរ៉ុបព្យាយាមសុំការគាំទ្រពីអាស៊ី សម្រាប់ពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀង នុយក្លេអ៊ែរ និងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រែប្រួលអាកាសធាតុ អំឡុងកិច្ចប្រជុំកំពូលប្រចាំតំបន់ កាលពីថ្ងៃព្រហស្បតិ៍តម្សិលមិញ ក្នុងនោះ ក៏មានការចូលរួមពីបណ្តាមេដឹកនាំចិន ជប៉ុន និងរុស្ស៊ីដែល ដោយគេមើលឃើញថា ជាការទប់ទល់នឹងការគាំពារនិយមកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាម៉េរិក នេះបើតាមការចេញផ្សាយរបស់សារព័តមាន CGTN ។ សូមបញ្ជាក់ថា ប្រទេសជាសមាជិកអឺរ៉ុប២៨ប្រទេសបានចូលរួមក្នុងកចិ្ចប្រជុំកំពូល នៅប្រទេសបែលហ្ស៊ិក ជាមួយនឹងមេដឹកនាំប្រទេសអាស៊ី២០ប្រទេស រួមមានទាំងនាយករដ្ឋមន្ត្រីចិន លី ខឺ ឈាង នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនសូ អាបេ និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីនដែរ។ ក្នុងពេលមានជម្លោះទាក់ទងការដំឡើងពន្ធជាមួយអាម៉េរិកនោះ បណ្តាមេដឹកនាំត្រូវបានគេរំពឹងថា នឹងប្រើរយៈពេល២ថ្ងៃ ក្នុងវេទិកានេះ គាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពិភពលោក ដោយផ្អែកលើអង្គការពាណិជ្ជកម្មពិភពលោក៕ម.ន
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកព្រមានបញ្ជូនទ័ពទៅបិទព្រំដែន បើសិនម៉ិកស៊ិកមិនអាចទប់ស្កាត់បញ្ហាអន្តោប្រវេសន៍

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា រូបលោកនឹងដាក់ពង្រាយកងទ័ព ហើយបិទច្រកព្រំដែនជាមួយម៉ិកស៊ិក ដោយសារតែបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់។ បើតាមសារព័ត៌មានស្ព្រួតនីគរបស់រុស្ស៊ី លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថាលោកត្រូវតែស្នើដោយជំហររឹងមាំឲ្យម៉ិកស៊ិកទប់ស្កាត់លំហូរចូលយ៉ាងភ្លូកទឹកភ្លូកដីនៃជនអន្តោប្រវេស៍ខុសច្បាប់នៅព្រំដែនអាម៉េរិក-ម៉ិកស៊ិក ហើយប្រសិនបើម៉ិកស៊ិកនៅតែពុំអាចធ្វើបានទេនោះ លោកនឹងសម្រេចបញ្ជូនកម្លាំងយោធាឲ្យទៅបិទព្រំដែនភាគខាងត្បូងរបស់អាម៉េរិកជាក់ជាមិនខាន។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កន្លងមក ក៏ធ្លាប់បានព្រមានធ្វើឲ្យរដ្ឋាភិបាលជាប់គាំងផងដែរ ប្រសិនបើសភាមិនយល់ព្រមគាំទ្រដល់ការទាមទាររបស់រដ្ឋាភិបាលលោក ពាក់ព័ន្ធនឹងការពង្រឹងសន្តិសុខតាមព្រំដែន និងការសាងសង់ជញ្ជាំងនៅព្រំដែនរវាងអាម៉េរិក និងម៉ិចស៊ិក៕ម.ន